អតីត​ព្រះភិក្ខ ជា វុទ្ធី និង​ម្ដាយ​របស់​លោក​ឈ្មោះ ចាន់ ម៉ៅ

ព័ត៌មានជាតិ

ម្តាយ​ភិក្ខុ​ដែល​ត្រូវ​ចាប់​ផ្សឹក​ដោយសារ​រិះគន់​រដ្ឋាភិបាល អង្វរ​រដ្ឋអំណាច​ដោះលែង​កូន​ឱ្យ​មាន​សេរីភាព

By ឌឹ ខេមបូឌា ដេលី

April 08, 2026

ម្តាយ​អតីត​ព្រះសង្ឃ ជា វុទ្ធី អំពាវនាវ​សុំ​ឱ្យ​តុលាការ​ដោះលែង​កូន​គាត់​ឱ្យ​មាន​សេរីភាព​ឡើងវិញ ដោយ​ចាត់ទុក​ការ​សម្រេច​ចោទប្រកាន់​អំពី​បទ «ញុះញង់» លើ​កូន​គាត់ ថា​ជា​រឿង​អយុត្តិធម៌ ខណៈ​អតីត​ភិក្ខុ ជា វុទ្ធី តែងតែ​ឈឺឆ្អាល​រឿង​សង្គម​ជាតិ និង​បញ្ហា​ព្រំដែន។

ម្តាយ​លោក ជា វុទ្ធី ឈ្មោះ ចាន់ ម៉ៅ រៀបរាប់​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា បច្ចុប្បន្ន គាត់​បារម្ភ​អំពី​កូន​ដែល​កំពុង​ជាប់​ឃុំ​ទាំង​អយុត្តិធម៌​ក្នុង​ពន្ធនាគារ។ រូប​គាត់​ចាត់ទុក​ការ​សម្រេច​ចោទប្រកាន់​អំពី​បទ «ញុះញង់» លើ​កូន​គាត់ ជា​រឿង​អយុត្តិធម៌​ដែល​មិន​អាច​ទទួល​យក​បាន។

ស្ត្រី ចាន់ ម៉ៅ ធ្វើការ​ជា​កម្មករ​ស៊ីឈ្នួល​ដាំ​ត្រាវ នៅ​ខេត្ត​កំពង់ឆ្នាំង ដោយ​ទទួល​បាន​ប្រាក់ ៣​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ទុក​គ្រាន់​ចិញ្ចឹម​ជីវិត និង​មួយ​ផ្នែក​ទុក​សន្សំ​ទិញ​ម្ហូបអាហារ​ផ្ញើ​កូន​នៅ​ពន្ធនាគារ​ឯ​រាជធានី​ភ្នំពេញ។

សមត្ថកិច្ច​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០២៦ បាន​ចាប់​ផ្សឹក​ព្រះតេជព្រះគុណ ជា វុទ្ធី គង់​នៅ​វត្ត​ធម្មនិមិត្តរាជបុប្ផារាម ហៅ​វត្ត​ប៉ាឆា ក្នុង​ក្រុង​បាត់ដំបង ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ ខណៈ​ព្រះអង្គ​តែង​សកម្ម​បញ្ចេញមតិ​តាម​បណ្ដាញ​សង្គម រិះគន់​ភាព​អសកម្ម​របស់​រដ្ឋាភិបាល រួម​ទាំង​បញ្ហា​ព្រំដែន។

ពីរ​ថ្ងៃ​ក្រោយ​មក ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​បំភ្លឺ​ជុំវិញ​ការ​ចាប់​ផ្សឹក​អតីត​ព្រះភិក្ខុ ជា វុទ្ធី តាម​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​ចុះ​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២៦ ដោយ​សំអាង​ថា​បាន​ប្រព្រឹត្ត​ខុស​វិន័យ​បព្វជិត និង​ជាប់​ចោទ​ពី​បទ «ញុះញង់»។

បច្ចុប្បន្ន អតីត​ព្រះសង្ឃ ជា វុទ្ធី ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​តុលាការ និង​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ​រាជធានី​ភ្នំពេញ។

រដ្ឋធម្មនុញ្ញ មាត្រា​៣៥ បាន​កំណត់​ដែរ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។ សេចក្ដី​ស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ៕

© 2026, . All rights reserved.