នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) លោក ឆាំង យុ អធិប្បាយដោយសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៨ មេសា នេះ អំពីសេចក្តីថ្លែងការណ៍ពីរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ឧត្ដមសេនីយ៍ឯក អឌុន ប៊ុនថាំចារឿន ពាក់ព័ន្ធនឹងការព្យាកររឿងផ្ទុះអាវុធជុំទីបីជាមួយប្រទេសកម្ពុជា ថាអាចជាកត្តាញុះញង់ឱ្យមានសង្គ្រាមទ្រង់ទ្រាយធំរវាងប្រទេសទាំងពីរនៅពេលខាងមុខ។
លោក ឆាំង យុ ចោទថាជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃឡង់ដ៍ កន្លងមក គឺជាការឈ្លានពានដោយអាវុធដែលបង្កឡើងដោយយោធាថៃ ឬយ៉ាងហោចណាស់ក្នុងកម្រិតប្រតិបត្តិការយោធាដែលឈានទៅដល់ការដាក់ពង្រាយកងទ័ពចូលកាន់កាប់ទឹកដីកម្ពុជា ដែលនេះគឺជាការរំលោភលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងអាស៊ានយ៉ាងធ្ងន់ធ្ងរ។
ពលរដ្ឋខ្មែរ និងពលរដ្ឋថៃ នៅចាំបានថា កងកម្លាំងប្រដាប់អាវុធថៃ បានចាប់ផ្តើមបើកប្រតិបត្តិការបោសសម្អាតកម្ចាត់ទីតាំងមណ្ឌលឆបោកតាមបច្ចេកវិទ្យាពេញទំហឹងនៅខែមីនា ឆ្នាំ២០២៥ នៅតាមតំបន់ព្រំដែនជាប់គ្នា ដោយផ្តាច់ហេដ្ឋារចនាសម្ព័ន្ធឆ្លងដែន ដូចជា ភ្លើងអគ្គិសនី បណ្ដាញអ៊ីនធឺណិត និងទឹក ជាដើម ចេញពីអគារបនល្បែងកាស៊ីណូ ជាពិសេសនៅអូរស្មាច់ ដែលគេមានព័ស្តុតាងអំពីសកម្មភាពបង្ខាំងមនុស្ស រំលោភសិទ្ធិបង្ខំឲ្យធ្វើការឆបោកតាមអនឡាញ (online) ហៅថា online scams។
យោងតាមការផ្សាយដោយព្រឹត្តិបត្រនៃវិទ្យាស្ថានអន្តរជាតិខាងការសិក្សាយុទ្ធសាស្ត្រ (International Institute for Strategic Studies = IISS) នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ គេបានតាមដានកត់ត្រាថ្ងៃខែឃើញថា វិវាទព្រំដែនរហូតដល់បង្កឲ្យមានហេតុការណ៍ប្រយុទ្ធបាញ់ផ្លោងដាក់គ្នា និងទម្លាក់គ្រាប់បែកផងនោះ គឺកើតឡើងប្រមាណជាបីខែក្រោយ គឺនៅខែមិថុនា ឆ្នាំ២០២៥។
តាមអត្ថបទសរសេរនោះ គេរកឃើញថា ដើមទងនៃជម្លោះព្រំដែន គឺរាលដាលពីរឿងផលប្រយោជន៍នៃមេដឹកនាំខ្មែរ លោក ហ៊ុន សែន និងអតីតមេដឹកនាំថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដល់រឿងដណ្តើមទាមទារប្រាសាទ ដល់រឿងយោធាថៃ កាន់កាប់ទឹកដី ដែលថាជាដីខ្មែរ។
គេរកឃើញថា ការបង្ក្រាបបនឆបោកឆ្លងដែន បានប៉ះពាល់ដល់ចំណូលប្រចាំឆ្នាំពីជាង ១២ពាន់លានដុល្លារ (១២៥០០លានដុល្លារ) ដល់ ១៩ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលមានភាគហ៊ុនអ្នកមានអំណាចខ្មែរ។ ចំណុចទាំងនេះ គេមិនទាន់ឃើញមានអ្នកវិភាគខ្មែរណាម្នាក់ព្យាយាមស្រាវជ្រាវ អធិប្បាយ ឬវិភាគនៅឡើយទេ។
ក្នុងពេលជាមួយគ្នានេះ គេសង្កេតឃើញពលរដ្ឋអ្នកជាតិនិយមខ្មែរនិយាយតែអំពីបរទេសសៀម ឈ្លានពាន និងរំលោភអធិបតេយ្យ បូរណភាពទឹកដីនៃរាជាណាចក្រកម្ពុជា ប៉ុន្តែមកទល់ពេលនេះ ប្រទេសតិចតួចប៉ុណ្ណោះដែលកាន់ជើងខ្មែរ ហើយថ្កោលទោសថៃ។
ទោះជាយ៉ាងណាក្ដី នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា រូបនេះអះអាងថា ប្រទេសកម្ពុជានៅតែអនុវត្តភាពស្របច្បាប់តាមលំអាននៃច្បាប់អន្តរជាតិ ដើម្បីការពារប្រជាពលរដ្ឋ អធិបតេយ្យជាតិ និងបូរណភាពទឹកដីរបស់ខ្លួន ទោះបីជាមានការលើកឡើងពីសំណាក់រដ្ឋាភិបាលថៃ ថាយ៉ាងណាក៏ដោយ។
កាលពីថ្ងៃទី០៧ ខែមេសា កាសែតថៃ The Nation បានស្រង់សម្ដីរដ្ឋមន្ត្រីការពារជាតិថៃ លោក អឌុន ប៊ុនថាំចារឿន ដែលនិយាយថាប្រទេសកម្ពុជាត្រូវពិចារណាឲ្យបានច្បាស់លាស់ មុននឹងប្រយុទ្ធគ្នាលើកទី៣ ជាមួយប្រទេសថៃឡង់ដ៍ ព្រោះថាប្រសិនបើមានការប៉ះទង្គិចគ្នាជាថ្មី នោះវាអាចនឹងក្លាយជាការប្រយុទ្ធធំមួយ។
រដ្ឋមន្ត្រីការពារជាតិថៃ រូបនេះបញ្ជាក់ថា ឱកាសកើតសង្គ្រាមឡើងវិញ គឺមានតិចតួចទេ ប៉ុន្តែបើផ្ទុះសង្គ្រាមជុំទីបីមែន ក៏ថៃ មានផែនការបម្រុងរួចហើយដែរ ដែលមានន័យថា វានឹងមិនមានការប្រយុទ្ធនៅតំបន់ដែលពលរដ្ឋថៃ មិនត្រូវបានជម្លៀសចេញនោះឡើយ។
ជុំវិញបញ្ហានេះ អ្នករាយការណ៍វិទ្យុផ្សាយសំឡេងសហរដ្ឋអាមេរិក (VOA) លោក ម៉ែន គឹមសេង សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៨ មេសា នេះថា ការអះអាងរបស់រដ្ឋមន្ត្រីការពារជាតិថៃ គឺជារឿងល្អ ព្រោះប្រទេសកម្ពុជាទើបតែស្នើឲ្យថៃ ចូលចរចាដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីកាលពីថ្ងៃទី៧ មេសា នេះ។ ដូច្នេះ ពេលនេះ គណៈកម្មការ JBC ភាគីកម្ពុជា បានស្នើសាជាថ្មីទៅគណៈកម្មការ JBC ភាគីថៃ បន្ថែមទៀត ដើម្បីរៀបចំកិច្ចប្រជុំពិសេសបន្ទាន់ JBC និងជំរុញឱ្យបន្តអនុវត្តការងារនៅលើដីជាក់ស្តែងដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។
ទោះជាយ៉ាងណា រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅតែអះអាងថានឹងប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការដោយចោទថា យោធាថៃ កាន់កាប់ទឹកដីខ្មែរដោយខុសច្បាប់ និងការបន្តធ្វើសកម្មភាពរំលោភបំពានលើបូរណភាពទឹកដី និងអធិបតេយ្យប្រទេសកម្ពុជា៕
© 2026, . All rights reserved.