សហរដ្ឋអាមេរិក និងសាធារណរដ្ឋអ៊ីស្លាមិកអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ ទី៧ ខែមេសា បានយល់ព្រមទទួលយកបទឈប់បាញ់រយៈពេល ២សប្ដាហ៍ នៅមុន ៩០នាទីនៃឱសានវាទថានឹងកម្ទេចប្រទេសអ៊ីរ៉ង់ ថ្លែងដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ បានផុតកំណត់។
ភ្លាមៗនោះ របបនៅទីក្រុងតេហេរ៉ង់ បានអះអាងពីជ័យជម្នះដោយនិយាយថា ខ្លួនបានបង្ខំឱ្យសហរដ្ឋអាមេរិកទទួលយកលក្ខខណ្ឌ ១០ចំណុចរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៨ មេសា។
លោក ត្រាំ បាននិយាយថា លោកបានពិភាក្សាជាមួយមេដឹកនាំប៉ាគីស្ថាន ដែលជាអ្នកជួយសម្របសម្រួលរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ និងដែលបានស្នើឡើងនូវបទឈប់បាញ់រយៈពេល ២សប្ដាហ៍។
លោក ត្រាំ បានបញ្ជាក់តាមបណ្ដាញទំនាក់ទំនងសង្គម X ថា លោកបានសម្រេចចិត្តផ្អាកការទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់ ដោយឈរលើមូលដ្ឋានកិច្ចសន្ទនាជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif និងសេនាប្រមុខកងទ័ពជាតិប៉ាគីស្ថាន ឧត្ដមសេនីយ៍ Asim Munir។
ជាមួយគ្នានេះ ក្រុមប្រឹក្សាសន្តិសុខកំពូលអ៊ីរ៉ង់ ក៏បានទទួលស្គាល់ពីការឈានដល់បទឈប់បាញ់គ្នា ដែលថាក្រុមប្រឹក្សាមានការយល់ព្រមពីមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei ហើយបានបញ្ជាក់ថាកិច្ចចរចារវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ នឹងចាប់ផ្ដើមនៅថ្ងៃសុក្រសប្ដាហ៍នេះក្នុងទីក្រុងអ៊ីស្លាម៉ាបាដ។
ជាមួយគ្នានេះ របបសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បាននិយាយថា ខ្លួននឹងធានាសុវត្ថិភាពការធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រហ័រមូស (Hormuz) ក្នុងរយៈពេល ២សប្ដាហ៍ ប្រសិនបើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បញ្ឈប់ការវាយប្រហារលើអ៊ីរ៉ង់។
ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានសរសេរថា៖ «សម្រាប់រយៈពេល ២សប្ដាហ៍ សុវត្ថិភាពសម្រាប់ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz អាចនឹងធ្វើឡើងតាមរយៈការសម្របសម្រួលជាមួយកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ និងជាមួយការពិចារណាលើការដាក់កំហិតផ្នែកបច្ចេកទេសមួយចំនួន។»
អ្នកដឹកនាំប្រទេសអ៊ីរ៉ង់ ពីមេដឹកនាំកំពូល សង្គ្រាជសាសនា Mojtaba Khamenei ប្រធានាធិបតី Masoud Pezeshkian រដ្ឋមន្ត្រីការបរទេស Sayyed Abbas Araghchi និងមេទ័ពនៃអង្គភាពឆ្មាំសាធារណរដ្ឋ IRGC ប្រកាន់ជំហរប្រឈមមុខនឹងមហាអំណាចសហរដ្ឋអាមេរិកដូចៗគ្នា។
ចម្លើយតបពីក្រុមអ្នកដឹកនាំធម្មាធិបតេយ្យក្រុងតេហេរ៉ង់ ប្រាប់បណ្ដាញសារព័ត៌មានបរទេសមួយចំនួននៅដើមសប្តាហ៍នេះ ដោយប្រើសុទ្ធតែសម្ដីការទូតថា ប្រទេសអ៊ីរ៉ង់ មិនញញើតនឹងពាក្យសម្ដីគំរាមសម្លុតនោះទេ ព្រោះថាអរិយធម៌ជាតិសាសន៍មួយមិនរលាយដោយសារមនុស្សម្នាក់ឡើយ ហើយថាពួកគេសុខចិត្តស្លាប់ដោយកិត្តិយសក្នុងកិច្ចការពារទឹកដីប្រទេសជាតិ ជាជាងស្លាប់ដោយលុតជង្គង់សុំរស់ជាមួយសត្រូវឈ្លានពានទឹកដី។
តែលោក ដូណាល់ ត្រាំ ជឿថាចិន បានជួយបញ្ចុះបញ្ចូលឱ្យអ៊ីរ៉ង់ ត្រឡប់ទៅរកតុចរចា និងទទួលយកបទឈប់បាញ់គ្នារយៈពេល ២សប្ដាហ៍។
នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន AFP លោក ត្រាំ បានឆ្លើយថា តាមខ្ញុំដឹង ចិនបញ្ចុះបញ្ចូលឱ្យអ៊ីរ៉ង់ ត្រឡប់ទៅរកតុចរចា។ លោក ត្រាំ ថាចិន ក៏ជាចំណែកមួយនៃការស្ថាបនាបទឈប់បាញ់នេះដែរ។
លោក ត្រាំ គ្រោងនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង នៅខែឧសភា ខាងមុខ ដើម្បីជួបលោកប្រធានាធិបតីចិន ស៊ី ជីនពីង។
ភ្លាមៗក្រោយពីបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក Antonio Guterres បានចូលរួមស្វាគមន៍បទឈប់បាញ់រយៈពេល ២សប្តាហ៍រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយទទូចឱ្យភាគីទាំងអស់ធ្វើការរួមគ្នាឆ្ពោះទៅរកសន្តិភាព។
លោក Stephane Dujarric អ្នកនាំពាក្យរបស់លោក Antonio Guterres បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា លោកអគ្គលេខាធិការស្វាគមន៍សេចក្តីប្រកាសអំពីបទឈប់បាញ់ ២សប្តាហ៍ ដោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងជាមួយគ្នា។
តាមលោក Stephane Dujarric លោក Antonio Guterres អំពាវនាវឱ្យភាគីទាំងអស់នៃជម្លោះមជ្ឈិមបូព៌ា ប្រកាន់ខ្ជាប់កាតព្វកិច្ចរបស់ពួកគេនៅក្រោមច្បាប់អន្តរជាតិ និងគោរពតាមលក្ខខណ្ឌនៃបទឈប់បាញ់ ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅរកសន្តិភាពមួយយូរអង្វែងនៅក្នុងតំបន់មជ្ឈិមបូព៌ា៕
© 2026, . All rights reserved.