កាលពីថ្ងៃទី៧ មេសា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់មានរយៈពេល ១៤ថ្ងៃ។ កិច្ចព្រមព្រៀងនេះ បន្ទាប់ពីទីក្រុងតេហេរ៉ង់ ត្រូវបានគេដឹងថាបានបន្ទន់ជំហរដោយយល់ព្រមលើការបើកសេរីភាពនាវាចរណ៍នៅច្រកសមុទ្រហ័រមូស (Hormuz) ឡើងវិញ។
ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្អាកការវាយប្រហារនេះ ត្រូវបានមើលឃើញថាជាជំហានយុទ្ធសាស្ត្រដើម្បីបន្ថយហានិភ័យនៃការប៉ះទង្គិចដ៏ធំមួយនៅជុំវិញច្រកសមុទ្រហ័រមូស (Hormuz) ដែលជាច្រកសមុទ្រសំខាន់សម្រាប់ដឹកជញ្ជូនប្រេងពិភពលោក។
ការគំរាមកំហែងពីមុនរបស់លោក ដូណាល់ ត្រាំ ដែលព្រមានអំពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើអ៊ីរ៉ង់ មិនបើកច្រកសមុទ្រនេះវិញ បានបង្កើនសម្ពាធយ៉ាងខ្លាំងលើទីក្រុងតេហេរ៉ង់។
អ៊ីរ៉ង់ ត្រូវបានរាយការណ៍មកថា បានយល់ព្រមទទួលយកបទឈប់បាញ់ដោយផ្អែកលើលក្ខខណ្ឌ ១០ចំណុចរបស់ខ្លួន ខណៈទីក្រុងតេហេរ៉ង់ បញ្ជាក់ថាយុទ្ធសន្តិភាព ១៤ថ្ងៃនេះ មិនមែនមានន័យជាការបញ្ចប់សង្គ្រាមនោះទេ ដោយភាគីទាំងសងខាងនៅតែរក្សាទីតាំងយោធា និងយុទ្ធសាស្ត្ររបស់ខ្លួនដដែល។ មានន័យថា បទឈប់បាញ់គ្រាន់តែជាការផ្អាកបណ្ដោះអាសន្ន ដើម្បីបើកផ្លូវសម្រាប់ការចរចា ឬការរៀបចំសកម្មភាពបន្តនៅពេលក្រោយទៀតប៉ុណ្ណោះ។
យ៉ាងណា បើតាមលក្ខខណ្ឌ ១០ចំណុចដែលប្រធានាធិបតីសហរដ្ឋអាមេរិក ព្រមទទួលពីអ៊ីរ៉ង់ ត្រូវបានគេដឹងថា រួមមានការធានាថា អ៊ីរ៉ង់នឹងមិនត្រូវបានវាយប្រហារម្តងទៀតនោះទេ។ ជាមួយគ្នានេះ ខ្លឹមសារនៃលក្ខខណ្ឌក៏បានបញ្ជាក់ថា សង្គ្រាមនេះនឹងត្រូវបញ្ចប់ជាស្ថាពរ មិនមែនត្រឹមបទឈប់បាញ់នោះទេ។
ជាមួយគ្នានេះ ក៏មានការបញ្ជាក់ថាត្រូវបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែល នៅប្រទេសលីបង់ ការលុបចោលរាល់ទណ្ឌកម្មរបស់អាមេរិកលើអ៊ីរ៉ង់ ការបញ្ឈប់ការវាយប្រហារក្នុងតំបន់ប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ ហើយជាការឆ្លើយតប អ៊ីរ៉ង់នឹងបើកច្រកសមុទ្រហ័រមូស (Hormuz) ឡើងវិញ។ បន្ថែមពីនេះ អ៊ីរ៉ង់នឹងកំណត់យកកម្រៃសេវា ២លានដុល្លារក្នុងមួយនាវាដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស (Hormuz) ហើយអ៊ីរ៉ង់ ក៏នឹងបែងចែកប្រាក់ចំណូលទាំងនេះជាមួយប្រទេសអូម៉ង់ ផងដែរ។
សម្រាប់ចំណុចទី៩ និងទី១០ គឺអ៊ីរ៉ង់ នឹងចេញច្បាប់សម្រាប់ការធ្វើដំណើរដោយសុវត្ថិភាពតាមច្រកសមុទ្រហ័រមូស (Hormuz) ក៏ដូចជាការប្រើប្រាស់ប្រាក់ចំណូលពីច្រកសមុទ្រហ័រមូស (Hormuz) សម្រាប់ការស្ដារឡើងវិញជំនួសឲ្យការបង់សំណង។
ភាពផ្ទុយគ្នាពីការអះអាងរបស់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវបានគេមើលឃើញថាជាសញ្ញានៃការពង្រីកភាពតានតឹងជាថ្មី បើទោះបីជាភាគីទាំងសងខាងបានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ក៏ដោយ។
ជាការឆ្លើយតបចំពោះការវាយប្រហារដំបូង អ៊ីរ៉ង់ត្រូវបានគេដឹងថាបានបិទច្រកសមុទ្រហ័រមូស (Hormuz) និងបន្តការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកទៅលើគោលដៅនានានៅតំបន់ឈូងសមុទ្រ។
ក្នុងបរិបទនេះ លោក ដូណាល់ ត្រាំ (Donald Trump) បានកំណត់ថ្ងៃផុតកំណត់នៃឱសានវាទយ៉ាងតឹងរ៉ឹងសម្រាប់អ៊ីរ៉ង់ ដើម្បីបើកច្រកសមុទ្រឡើងវិញ ដោយភ្ជាប់ជាមួយការគំរាមកំហែងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទូទាំងប្រទេស ប្រសិនបើអ៊ីរ៉ង់ មិនគោរពតាម។
រយៈពេល ៩០នាទីមុនដល់ពេលមកដល់នាទីចុងក្រោយនៃការផុតកំណត់នៃឱសានវាទ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបន្តវាយប្រហារលើគោលដៅយុទ្ធសាស្ត្រជាច្រើនទីតាំងលើប្រទេសអ៊ីរ៉ង់ ដែលលោក Benjamin Netanyahu បានបញ្ជាក់ថា មានការវាយប្រហារដោយកងកម្លាំងទ័ពអ៊ីស្រាអែល លើបណ្ដាញផ្លូវដែក និងស្ពានរបស់អ៊ីរ៉ង់។
ទោះជាយ៉ាងណា នៅរយៈពេល ៩០នាទីមុនថ្ងៃផុតកំណត់ឱសានវាទ អាមេរិកបានប្រកាសផ្អាកការវាយប្រហារ ខណៈក្រុងវ៉ាស៊ីនតោន យល់ព្រមលើលក្ខខណ្ឌ ១០ចំណុចរបស់អ៊ីរ៉ង់ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ថា នេះមិនមែនជាការបញ្ចប់សង្គ្រាមនោះទេ។
ចំពេលដែលក្តីមន្ទិលការសង្ស័យ និងការត្រៀមខ្លួននូវកម្លាំងយោធារវាងគូភាគីនៅតែមានខ្លាំងក្លា គឺអនាគតនៃស្ថានភាពច្រកសមុទ្រហ័រមូស (Hormuz) នេះ នៅតែមិនច្បាស់លាស់ ហើយបទឈប់បាញ់រយៈពេលពីរសប្តាហ៍នេះអាចក្លាយជាចំណុចសម្រេចសំខាន់ ថាតើស្ថានភាពនឹងទៅរកការចរចាសន្តិភាពដ៏គួរទុកចិត្ត ឬវិលត្រឡប់ទៅកាន់សង្គ្រាមវិញ។
ការកំណត់នូវឱសានវាទដ៏តានតឹងរបស់លោក ត្រាំ ដែលទាមទារឱ្យអ៊ីរ៉ង់ បើកច្រកសមុទ្រហ័រមូស (Hormuz) ឡើងវិញ ក៏ដូចជាការបញ្ចេញពាក្យសម្ដីគំរាមកំហែងយ៉ាងគ្រោតគ្រាតថានឹងបំផ្លិចបំផ្លាញទៅលើអរិយធម៌របស់អ៊ីរ៉ង់ ឱ្យអស់កាលពីថ្ងៃអង្គារ ទី៧ មេសា នេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមប្រទេសជាច្រើននៅលើពិភពលោកអំពីអនាគតដ៏គ្រោះថ្នាក់កាន់តែខ្លាំងឡើងនៅតំបន់មជ្ឈិមបូព៌ា បើបទឈប់បាញ់ត្រូវបានរំលោភ។
យ៉ាងណា ប្រហែលមួយម៉ោងមុនថ្ងៃផុតកំណត់នៃឱសានវាទ លោក ដូណាល់ ត្រាំ បានប្រកាសថា ការវាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់ នឹងត្រូវផ្អាករយៈពេលពីរសប្តាហ៍ ដោយផ្អែកលើការយល់ព្រមរបស់អ៊ីរ៉ង់ ក្នុងការបើកច្រកសមុទ្រហ័រមូស (Hormuz) ទាំងស្រុង និងដោយសុវត្ថិភាព។
ការផ្អាកនេះ ត្រូវបានកំណត់ថា «ជាបទឈប់បាញ់ទ្វេភាគី» ប៉ុន្តែលោក ត្រាំ បានបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពរយៈពេលវែងនៅតែមិនត្រូវបានមើលឃើញថានៅជិតបង្កើយឡើយ ទោះជាសហរដ្ឋអាមេរិកបានសម្រេចលើគោលបំណងក្នុងការវាយប្រហារទៅលើគោលដៅយោធាទាំងអស់រួចហើយនៅក្នុងប្រទេសអ៊ីរ៉ង់ ក៏ដោយ។
លោក ត្រាំ បានបន្ថែមថា ចំណុចស្ទើរតែទាំងអស់នៃការឈ្លោះប្រកែកកន្លងមក ត្រូវបានព្រមព្រៀងគ្នា រួមជាមួយការផ្តល់រយៈពេលពីរសប្ដាហ៍សម្រាប់សម្រេចកិច្ចព្រមព្រៀងនេះឱ្យបានពេញលេញ។
ប៉ុន្តែបន្ទាប់ពីការប្រកាសបទឈប់បាញ់ ភាគីអ៊ីស្រាអែល បានរាយការណ៍ថា អ៊ីរ៉ង់បានបាញ់មីស៊ីលពីរគ្រាប់ធ្លាក់ចូលក្នុងទឹកដីអ៊ីស្រាអែល ហើយសំឡេងផ្ទុះត្រូវបានបន្លឺឡើងនៅក្រុងយេរូសាឡឹម និងក្រុងយេរីខូ នៅតំបន់ West Bank ដែលត្រូវបានកាន់កាប់ដោយអ៊ីស្រាអែល។
កិច្ចព្រមព្រៀងនេះបានកំណត់លក្ខខណ្ឌសំខាន់ៗសម្រាប់ការបញ្ចប់សង្គ្រាម ក្នុងនោះរួមបញ្ចូលការដកកងកម្លាំងប្រយុទ្ធរបស់សហរដ្ឋអាមេរិកចេញពីមូលដ្ឋានទ័ពនៅតំបន់មជ្ឈិមបូព៌ា និងចំណុចដាក់ពង្រាយទាំងអស់នៅក្នុងតំបន់ និងការបង្កើតផ្លូវដឹកជញ្ជូនមានសុវត្ថិភាពតាមច្រកសមុទ្រហ័រមូស ដើម្បីធានាថាការធ្វើចរាចរណ៍សម្របសម្រួលត្រូវបានស្របតាមការព្រមព្រៀងរវាងភាគីទាំងពីរអាមេរិក-អ៊ីរ៉ង់។
កិច្ចព្រមព្រៀងនេះ ក៏បានកំណត់សំណងពេញលេញសម្រាប់អ៊ីរ៉ង់ រួមជាមួយការលុបចោលទណ្ឌកម្មបឋម និងបន្ទាប់បន្សំ ទ្រព្យសម្បត្តិអ៊ីរ៉ង់ទាំងអស់នៅបរទេស និងការអនុម័តសេចក្តីសម្រេចរបស់អង្គការថាមពលអាតតូមិកអន្តរជាតិ និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបង្កើតកិច្ចព្រមព្រៀងទាំងនេះឱ្យក្លាយជាច្បាប់អន្តរជាតិដែលមានកាតព្វកិច្ចការទូតសំខាន់មួយសម្រាប់ប្រជាជាតិអ៊ីរ៉ង់។
នៅនាទីចុងក្រោយ ប្រទេសប៉ាគីស្ថាន ត្រូវបានគេដឹងថាក៏បានចូលអន្តរាគមន៍ក្នុងការសម្របសម្រួលការចរចា និងអំពាវនាវឱ្យអ៊ីរ៉ង់ បើកច្រកសមុទ្រហ័រមូស (Hormuz) ជាកាយវិការសុច្ឆន្ទៈ ហើយទីបំផុត លោក ត្រាំ បានប្រកាសថាកងកម្លាំងសហរដ្ឋអាមេរិកប្រឆាំងអ៊ីរ៉ង់ ត្រូវបានផ្អាកដើម្បីផ្តល់ឱកាសដល់ការចរចាចាប់ពីពេលនេះ គឺការចរចាផ្ទាល់រវាងភាគីអ៊ីរ៉ង់ និងអ៊ីស្រាអែល។
ជុំវិញសង្គ្រាមអ៊ីស្រាអែល វាយប្រហារប្រទេសលីបង់ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif បានប្រកាសថា ការចរចាកំពុង «រីកចម្រើនជាលំដាប់ និងមានឥទ្ធិពល» ហើយបទឈប់បាញ់នេះបានកំពុងពង្រីកឥទ្ធិពលរបស់ខ្លួនទៅលើអ៊ីស្រាអែល និងក្រុមហេបូឡា (Hezbollah) ដើម្បីបញ្ឈប់ការប្រយុទ្ធនៅលីបង់។
ទោះបីជាអ៊ីស្រាអែល គាំទ្រការផ្អាកការវាយប្រហាររបស់សហរដ្ឋអាមេរិក លើអ៊ីរ៉ង់ តែនាយករដ្ឋមន្ត្រី Benjamin Netanyahu បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះមិនគ្របដណ្ដប់ការប្រយុទ្ធនៅលីបង់ ទេ។
ការិយាល័យរបស់លោក Netanyahu បានបញ្ជាក់ថា អ៊ីស្រាអែលគាំទ្រការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការផ្អាកការវាយប្រហារក្រោមលក្ខខណ្ឌអ៊ីរ៉ង់ បើកច្រកសមុទ្រហ័រមូស និងបញ្ឈប់ការវាយប្រហារទាំងអស់លើសហរដ្ឋអាមេរិក អ៊ីស្រាអែល និងប្រទេសផ្សេងៗនៅតំបន់។ ក្នុងស្ថានភាពនេះ អ៊ីរ៉ង់បានកំណត់ថា ការចរចាជាមួយសហរដ្ឋអាមេរិក នឹងចាប់ផ្តើមនៅថ្ងៃសុក្រ ទី១០ មេសា នៅទីក្រុង Islamabad ប្រទេសប៉ាគីស្ថាន។
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា ទោះមានការពិភាក្សាអំពីកិច្ចពិភាក្សាផ្ទាល់ ក៏លទ្ធភាពនៃការចរចាផ្ទាល់មិនទាន់ត្រូវបានបញ្ជាក់ និងគ្មានអ្វីជាការវិវត្តចុងក្រោយទេ ក្រៅតែពីការរង់ចាំការប្រកាសផ្លូវការពីប្រធានាធិបតីសហរដ្ឋអាមេរិក ថាតើភាគីអាចជួបគ្នាដោយផ្ទាល់ឬទេ?៕
© 2026, . All rights reserved.