លំនៅឋាន​បណ្ដោះអាសន្ន​ចំនួន ២០៣​ខ្នង​សម្រាប់​ពលរដ្ឋ​ភៀស​សឹក ២០៣​គ្រួសារ ស្ថិត​នៅ​ក្រុង​សំរោង និង​ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្ដរមានជ័យ ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ចែកចាយ​ព្រោងព្រាត​កាលពី​ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០២៦។

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ត្រៀម​ដី ៤០០​ហិកតា​សង់​ផ្ទះ​ឱ្យ​ជនភៀសសឹក ក្រោយពី​ថៃ ឈ្លានពាន​យក​ដី​ខ្មែរ

By ឌឹ ខេមបូឌា ដេលី

April 15, 2026

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ប្រកាស​ត្រៀម​ដី ៤០០​ហិកតា​ដើម្បី​សាងសង់​ផ្ទះ​ឱ្យ​ពលរដ្ឋ​ភៀស​សឹក​ដែល​ត្រូវ​យោធា​ថៃ ហ៊ុមព័ទ្ធ​យក​ដីធ្លី ក្រោយ​យោធា​ថៃ បើក​ប្រតិបត្តិការ​ឈ្លានពាន​ទឹកដី​ខ្មែរ​បន្ទាប់ពី​មាន​បទ​ឈប់​បាញ់។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២៦ បញ្ជាក់​ថា អាជ្ញាធរ​បាន​រៀបចំ​ដីធ្លី​ដើម្បី​សង់​ផ្ទះ​សម្រាប់​ពលរដ្ឋ​ដែល​មាន​លំនៅឋាន​អចិន្ត្រៃយ៍​ក្នុង​តំបន់​ដែល​យោធា​ថៃ ហ៊ុមព័ទ្ធ​អាច​មក​រស់នៅ​ជា​បណ្ដោះអាសន្ន​លើ​ផ្ទៃដី​ទំហំ ៤០០​ហិកតា ស្ថិត​នៅ​ភូមិ​ស្លក្រាម ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ។

បើ​តាម​ប្រភព​ដដែល ទីតាំង​ដែល​យោធា​ថៃ ហ៊ុមព័ទ្ធ​បន្លា​លួស ដាក់​ទូ​កុងតឺន័រ​យក​ដីធ្លី ផ្ទះសម្បែង​មាន​ដូចជា នៅ​ក្នុង​ភូមិ​ជោគជ័យ ភូមិ​ព្រៃចាន់ ស្ថិត​នៅ​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ និង​ភូមិ​សាមគ្គី ភូមិ​ត្រពាំងសំរោង ភូមិ​ផ្លូវបំបែក និង​ភូមិ​បន្ទាយមានឫទ្ធិ ស្ថិត​នៅ​ឃុំ​គោករមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ គូស​បញ្ជាក់​ថា បច្ចុប្បន្ន ក្រុម​ការងារ​ខេត្ត​បាន​ចាប់ផ្ដើម​ដំណើរការ​សាងសង់​ផ្ទះ​បាន​មួយ​ចំនួន និង​ផ្តល់​ជូន​សម្រាប់​ជនភៀសសឹក​ដែល​មាន​លំនៅឋាន​អចិន្ត្រៃយ៍​ក្នុង​តំបន់​ហ៊ុមព័ទ្ធ​ចូល​ទៅ​រស់នៅ​ជា​បណ្ដោះអាសន្ន ទៅ​តាម​ជំហានៗ​តាមរយៈ​នៃ​ការ​ចាប់​ឆ្នោត​យក​លេខ​ក្បាល​ដី​ឡូត៍។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត គាំទ្រ​ចំពោះ​វិធានការ​របស់​អាជ្ញាធរ​ខេត្ត​ដែល​គិតគូរ​ផ្តល់​ដី​ឱ្យ​ជនភៀសសឹក ក្រោយពី​ការ​ឈ្លានពាន​របស់​ថៃ តែ​លោក​ចង់​ឃើញ​តំបន់​នោះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ និង​ត្រូវ​បែងចែក​ដីធ្លី​ឱ្យ​មាន​តម្លាភាព គ្មាន​អំពើពុករលួយ បក្សពួក​និយម ដើម្បី​ធានា​ថា​ពលរដ្ឋ​ភៀស​សឹក​អាច​ទទួល​បាន​ផ្ទះ​គ្រប់ៗ​គ្នា។

បន្ថែម​លើ​នេះ អ្នកឃ្លាំមើល​កិច្ចការ​ព្រំដែន​រូប​នេះ​នៅតែ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ប្រញាប់​ប្តឹង​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដើម្បី​ទាមទារ​ទឹកដី​ខ្មែរ​ដែល​យោធា​ថៃ ឈ្លានពាន​យក​មក​វិញ។ បើ​មិន​ពន្លឿន​ប្តឹង​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) យោធា​ថៃ មិន​ព្រម​ប្រគល់​ទឹកដី​ឱ្យ​កម្ពុជា​វិញ​ទេ។

ក្រសួង​ការបរទេស​កម្ពុជា ធ្លាប់​បាន​បញ្ជាក់​ថា ទីតាំង​ដែល​យោធា​ថៃ វាយ​សម្រុក​ចូល​ទន្ទ្រាន​កាន់កាប់ និង​ឈរជើង​គ្រប់គ្រង​ដី​កម្ពុជា ក្នុង​អំឡុង​ពេល​ប្រតិបត្តិការ​យោធា​ទ្រង់ទ្រាយ​ធំ​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ មាន​ចំនួន ១៤​ទីតាំង ស្ថិត​ក្នុង​ខេត្ត​ចំនួន​៤ រួម​មាន ខេត្ត​បន្ទាយមានជ័យ ខេត្ត​ពោធិ៍សាត់ ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្ដរមានជ័យ៕

© 2026, . All rights reserved.