របបសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានបង្ហាញសញ្ញាថាខ្លួនមិនមានគម្រោងបញ្ជូនអ្នកចរចាទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ នៃប្រទេសប៉ាគីស្ថាន សម្រាប់កិច្ចចរចាជុំថ្មីជាមួយសហរដ្ឋអាមេរិកទេ ដែលការណ៍នេះបានធ្វើឲ្យផែនការចរចារវាងភាគីជម្លោះប្រឈមនឹងការបរាជ័យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera។
លោក Esmaeil Baghaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ ចោទទីក្រុងវ៉ាស៊ីនតោន ថាបានរំលោភលើបទឈប់បាញ់តាំងពីដើមនៃការអនុវត្តរបស់ខ្លួន ដោយលើកឡើងពីការបិទច្រកសមុទ្រហ័រមូស (Hormuz) ដោយកងទ័ពជើងទឹកអាមេរិក ចាប់តាំងពីថ្ងៃទី១៣ ខែមេសា និងការរឹបអូសកប៉ាល់អ៊ីរ៉ង់ មួយគ្រឿង ដែលត្រូវបានអ៊ីរ៉ង់ ចាត់ទុកថាជាសកម្មភាពរំលោភទាំងបទឈប់បាញ់ និងច្បាប់អន្តរជាតិ។
សារព័ត៌មានអាមេរិកាំង និងអង់គ្លេស ដូចជា The New York Times, NPR, NBC និង BBC ជាដើម ផ្សាយនៅថ្ងៃអង្គារនេះថា ទីក្រុងតេហេរ៉ង់ មិនចង់និយាយជាមួយក្រុងវ៉ាស៊ីនតុន ទៀតទេ ពីព្រោះមិនទុកចិត្ត បន្ទាប់ពីកងកម្លាំងសហរដ្ឋអាមេរិករឹបអូសកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ មួយគ្រឿង ក្នុងរយៈពេលមានបទឈប់បាញ់គ្នា។
ដំណាលពេលគ្នានោះ រុស្ស៊ីបានប្រាប់អ៊ីរ៉ង់ ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល មានបំណងឆ្លៀតឱកាសយកពេលឈប់បាញ់គ្នា វាយលុកលុយទឹកដីប្រទេសអ៊ីរ៉ង់ ដោយសារមានការបង្កើនកម្លាំងទ័ពកាន់តែច្រើន។
លោក Esmaeil Baghaei បានព្រមានបន្ថែមថា ប្រសិនបើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចាប់ផ្តើមវាយប្រហារឡើងវិញ កងកម្លាំងអ៊ីរ៉ង់នឹងឆ្លើយតបវិញភ្លាមៗ ខណៈពេលដែលគេក៏បានបញ្ជាក់ថា សំណើ ១០ចំណុចពីទីក្រុងតេហេរ៉ង់ ដែលបានដាក់ជូនមុនកិច្ចចរចាជុំទីមួយនៅទីក្រុងអ៊ីស្លាម៉ាបាដ នៅតែជាមូលដ្ឋានសម្រាប់ការចរចា។
លោកថា «សហរដ្ឋអាមេរិកមិនបានរៀនមេរៀនរបស់ខ្លួនពីបទពិសោធន៍នោះទេ ហើយរឿងនេះនឹងមិននាំទៅរកលទ្ធផលល្អឡើយ»។
លោកបន្ថែមថា អ៊ីរ៉ង់បានជូនដំណឹងដល់ប្រទេសប៉ាគីស្ថាន ហើយ ដែលជាអ្នកសម្របសម្រួលសំខាន់រវាងភាគីទាំងពីរអំពីការរំលោភបំពានដែលបានកើតឡើង។
ជាមួយគ្នានេះ មន្ត្រីប៉ាគីស្ថាន បានបង្ហាញក្តីសង្ឃឹមយ៉ាងប្រុងប្រយ័ត្នថា ខ្លួនអាចនាំភាគីទាំងពីរត្រឡប់មករកតុចរចាវិញបាន ហើយទីក្រុងអ៊ីស្លាម៉ាបាដ ក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចចរចាជុំទីពីររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលមានគោលបំណងក្នុងការបិទបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍។
មន្ត្រីប៉ាគីស្ថាន បានទទួលស្គាល់ថា ភាពតានតឹងដែលកំពុងកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានបង្កឲ្យមានភាពមិនច្បាស់លាស់ចំពោះអនាគតនៃការចរចា។
ទោះជាយ៉ាងណា មិនដូចការចរចាជុំទីមួយដែលបានធ្វើឡើងនៅទីក្រុងអ៊ីស្លាម៉ាបាដ នៅថ្ងៃទី១១ ខែមេសា នោះទេ ប្រទេសប៉ាគីស្ថាន មានគោលបំណងជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ យល់ព្រមលើការចរចារយៈពេលច្រើនថ្ងៃ រហូតដល់មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយដែលអ្នកសម្របសម្រួលហៅថា អនុស្សរណៈនៃការយោគយល់គ្នា ឬ MoU ដើម្បីឈានទៅបទឈប់បាញ់រយៈពេលវែង និងមានប្រសិទ្ធភាព។
តាមប្រភពដែលជិតស្និទ្ធនឹងកិច្ចខិតខំប្រឹងប្រែងនេះ បានប្រាប់សារព័ត៌មាន AlJazeera ថា ប្រសិនបើអនុស្សរណៈនេះអាចសម្រេចបាន វានឹងផ្តល់ពេលវេលាបន្ថែមដល់អ្នកចរចា សូម្បីតែអាចរហូតដល់ ៦០ថ្ងៃ ដើម្បីធានាបាននូវកិច្ចព្រមព្រៀងសន្តិភាពរយៈពេលវែងជាងមុន។
ជាមួយគ្នានេះ អ៊ីរ៉ង់ក៏បានបង្ហាញការតបតយ៉ាងខ្លាំងចំពោះសារជាច្រើនរបស់លោក ដូណាល់ ត្រាំ (Donald Trump) នៅលើបណ្ដាញសង្គមកាលពីថ្ងៃអាទិត្យផងដែរ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA បានបញ្ជាក់ថា របាយការណ៍អំពីកិច្ចចរចាជុំទីពីរនៅទីក្រុងអ៊ីស្លាម៉ាបាដ គឺ «មិនត្រឹមត្រូវ» ហើយបានស្ដីបន្ទោសការខ្វះវឌ្ឍនភាពទៅលើអ្វីដែលខ្លួនហៅថា «ភាពលោភលន់» ខាងសហរដ្ឋអាមេរិក រួមទាំងការទាមទារមិនសមហេតុផល ការផ្លាស់ប្ដូរជំហរ និងភាពផ្ទុយគ្នាជាបន្តបន្ទាប់។
បើតាម IRNA ការបិទផ្លូវកងទ័ពជើងទឹកក្រោមការបញ្ជារបស់លោក ត្រាំ តាំងពីថ្ងៃទី១៣ ខែមេសា បន្ទាប់ពីការចរចាជុំទីមួយបានរំលោភលើការយោគយល់គ្នាអំពីបទឈប់បាញ់ និងបានរារាំងវឌ្ឍនភាពនៃការចរចារហូតមកដល់ពេលនេះ។
ក្នុងពេលដូចគ្នា លោកប្រធានរដ្ឋសភាអ៊ីរ៉ង់ Mohammad Bagher Ghalibaf បានព្រមានថា ការចរចាជាមួយសហរដ្ឋអាមេរិក ក្រោមស្ថានភាពនៃការគំរាមកំហែង ការវាយប្រហារ និងការរំលោភបទឈប់បាញ់ មិនត្រឹមតែគ្មានន័យប៉ុណ្ណោះទេ ប៉ុន្តែអាចបង្កគ្រោះថ្នាក់ និងលើកទឹកចិត្តឲ្យមានការទាមទារកាន់តែខ្លាំងពីទីក្រុងវ៉ាស៊ីនតោន ថែមទៀត។
ឆ្លើយតបទៅនឹងសំណើដែលសហរដ្ឋអាមេរិក ទាមទារឱ្យអ៊ីរ៉ង់ កាត់បន្ថយការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងប្រគល់ទៅឱ្យអន្តរជាតិ សមាជិកសភាអ៊ីរ៉ង់ម្នាក់នៃគណៈកម្មាធិការសន្តិសុខជាតិ គឺអ្នកស្រី Sara Fallahi បានថ្លែងកាលពីថ្ងៃចន្ទថា ឃ្លាំងស្តុកអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ ដែលបានចម្រាញ់រួច មិនត្រូវអនុញ្ញាតឱ្យចាកចេញពីប្រទេសឡើយ ដោយសារតែវាជាបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ជាតិ។
អ្នកស្រីបានបញ្ជាក់ថា អ៊ីរ៉ង់ជំទាស់យ៉ាងម៉ឺងម៉ាត់ចំពោះអ្វីដែលអ្នកស្រីពណ៌នាថាជាការទាមទារហួសហេតុពីសហរដ្ឋអាមេរិក ក្នុងដំណើរការចរចា ហើយបានសង្កត់ធ្ងន់ថា សារធាតុអ៊ុយរ៉ាញ៉ូមដែលបានចម្រាញ់រួច គួរត្រូវបានរក្សាទុកនៅក្នុងប្រទេស មិនមែនផ្ទេរចេញទៅក្រៅនោះទេ។
កាលពីថ្ងៃចន្ទ ទី២០ មេសា ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា អនុប្រធានាធិបតីអាមេរិក លោក JD Vance ត្រៀមចាកចេញទៅប្រទេសប៉ាគីស្ថាន។ ថ្ងៃពុធ ទី២២ ខែមេសា ជាថ្ងៃឱសានវាទនៃបទឈប់បាញ់គ្នាពីរសប្តាហ៍ ដែលទីក្រុងវ៉ាស៊ីនតុន និងទីក្រុងតេហេរ៉ង់ បានព្រមព្រៀងគ្នាក្នុងជំនួបចរចាលើកទី១។
លក្ខខណ្ឌនៃកិច្ចព្រមព្រៀង គឺទីក្រុងវ៉ាស៊ីនតុន ទាមទារឲ្យទីក្រុងតេហេរ៉ង់ បើកច្រកហ័រមូស ឡើងវិញទាំងស្រុង រីឯទីក្រុងតេហេរ៉ង់ ទាមទារថាច្រកសមុទ្រហ័រមូស នឹងបើកឲ្យធ្វើនាវាចរណ៍រយៈពេលពីរអាទិត្យតាមបទឈប់ប្រយុទ្ធគ្នា ប៉ុន្តែត្រូវស្ថិតក្រោមកិច្ចសហការពីកងទ័ពអ៊ីរ៉ង់។
ទោះបីមិនទាន់ច្បាស់ថា កិច្ចចរចាសហរដ្ឋអាមេរិក-អ៊ីរ៉ង់ នឹងកើតមានឡើងជុំទី២ ក៏ដោយ តែប្រទេសប៉ាគីស្ថាន បានត្រៀមរៀបចំទទួលធ្វើជាអ្នកផ្សះផ្សាម្តងទៀត ដោយរាយកងកម្លាំងសន្តិសុខជិត ២ម៉ឺននាក់ (២០០០០នាក់) ពាសពេញរដ្ឋធានីអ៊ីស្លាម៉ាបាដ៕
© 2026, . All rights reserved.