អ្នកឃ្លាំមើលសួរថា តើខ្មែរគួរខឹងនឹងអ្នកដែលដាក់ឈ្មោះឱ្យប្រទេសរបស់ខ្លួនថាជាទឹកដីនៃអន្ទាក់ឆបោក «Scambodia» ឬគួរពិនិត្យមើលចន្លោះប្រហោងនៃប្រព័ន្ធគ្រប់គ្រងដែលបណ្តោយឱ្យមានឧស្សាហកម្មឆបោកទាំងនេះរីកដុះដាលដូចផ្សិតកន្លងមកនោះ។
អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២១ មេសា នេះថា រវាងអ្នកដែលហៅស្រុកខ្មែរថា «Scambodia» និងអ្នកដែលអនុញ្ញាតឱ្យឧក្រិដ្ឋកម្មបច្ចេកវិទ្យារីកសាយភាយពេញផ្ទៃប្រទេស តើនរណាជាអ្នកខុសពិតប្រាកដចំពោះបញ្ហាទាំងនេះ ព្រោះថាបើយន្តការរដ្ឋរឹងមាំ ឧក្រិដ្ឋជនក៏មិនអាចមកតាំងមូលដ្ឋាននៅកណ្តាលក្រុង ឬតាមព្រំដែនបានយ៉ាងងាយស្រួលដូចផ្សិតបែបនេះដែរ។
អ្នកឃ្លាំមើលរូបនេះអះអាងថា ការខឹងអ្នកដែលដាក់ឈ្មោះឱ្យកម្ពុជាថាជា «Scambodia» មិនខុសពីការខឹង «កញ្ចក់» ដែលបង្ហាញស្នាមប្រឡាក់លើផ្ទៃមុខរបស់ខ្លួនឡើយ ដូច្នេះបើចង់ឱ្យឈ្មោះនេះរលាយបាត់ លុះត្រាតែប្រភពនៃបញ្ហាត្រូវបានលុបបំបាត់ជាមុនសិន ខណៈរដ្ឋាភិបាលគឺជាអ្នកទទួលខុសត្រូវក្នុងការលុបបំបាត់បញ្ហានេះទាំងស្រុង។
លោកសួរថា តើការលុបបំបាត់ឈ្មោះនេះ ត្រូវចាប់ផ្តើមពីការបិទមាត់អ្នកដទៃ ឬចាប់ផ្តើមពីការបោសសម្អាតផ្ទះខ្លួនឯងជាមុន? ដូច្នេះ ពលរដ្ឋខ្មែរត្រូវតែបំប្លែងកំហឹងពីការប្រមាថពីបរទេស ឱ្យទៅជា «សម្ពាធវិជ្ជមាន» ដើម្បីជំរុញឱ្យរដ្ឋាភិបាលធ្វើការបោសសម្អាតបញ្ហានេះឱ្យមានប្រសិទ្ធភាព និងតម្លាភាពពិតប្រាកដ នោះទើបជារឿងល្អសម្រាប់ជាតិទៅថ្ងៃមុខ។
លោក សេង វណ្ណលី បញ្ជាក់ថា ក្នុងស្ថានភាពនេះ នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន ម៉ាណែត មានជម្រើសពីរ គឺទី១ ត្រូវបន្តការពារបុគ្គលពាក់ព័ន្ធនឹងបណ្ដាញឆបោកដើម្បីរក្សាផ្ទៃក្នុង ឬក៏ទី២ គឺត្រូវប្រើវិធានការកម្ចាត់មន្ត្រីខិលខូចដើម្បីស្រោចស្រង់មុខមាត់ប្រទេសជាតិមាតុភូមិ និងការពារទឹកដីពីការឈ្លានពានពីប្រទេសជិតខាង ខណៈការសម្រេចចិត្តនេះ ក៏ជាការវាស់ស្ទង់លើជោគវាសនាប្រទេសកម្ពុជាទាំងមូលទៅថ្ងៃអនាគតដែរ។
នៅឆ្នាំ២០២២ សហរដ្ឋអាមេរិក ប្រទេសចិន ឥណ្ឌូនេស៊ី និងប្រទេសយៀកណាម បានផ្តល់ព័ត៌មានដល់រាជរដ្ឋាភិបាលថា ឧក្រិដ្ឋជនរកស៊ីឆបោកតាមបច្ចេកវិទ្យា (online scammers) បានចូលបោះទីតាំងក្នុងរាជាណាចក្រកម្ពុជា ហើយ។ សហរដ្ឋអាមេរិក ក៏បានដាក់ទណ្ឌកម្មលើអាជីវករចិន និងមន្ត្រីខ្មែរជាច្រើននាក់។
កាលពីថ្ងៃទី១៩ ខែមេសា កាសែតអាមេរិកាំង The Wall Street Journal បានចុះផ្សាយអត្ថបទពីប្រទេសកម្ពុជា ដោយដាក់ចំណងជើងថា «របៀបដែលឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតក្លាយជាឧស្សាហកម្មឈានមុខនៅក្នុងទឹកដីនៃអន្ទាក់ ឬ Scambodia» ដែលកំពុងប្រតិបត្តិការជាច្រើនទីតាំងផ្សេងៗពិបាកនឹងលុបបំបាត់។
ប្រភពដដែល រាយការណ៍ថា ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា បាននាំឱ្យមានអំពើពុករលួយដល់មន្ត្រីរាជការ រហូតមានការលួចលុយរាប់ពាន់លាន និងបានសាងសង់កន្លែងឆបោកគ្រប់ខ្នាតនៅតាមទីក្រុងនានា ដូច្នេះមិនមានអ្វីដែលគួរឱ្យឆ្ងល់ទេដែលគេហៅកម្ពុជា ថាជាទឹកដីនៃអន្ទាក់ ឬ Scambodia នោះ។
កាសែតអន្តរជាតិដដែលនេះ បញ្ជាក់ថា កម្ពុជាបានក្លាយជាគោលដៅសំខាន់មួយសម្រាប់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនៅលើពិភពលោក ដោយមានបណ្ដាញបោកប្រាស់ធំៗដែលដំណើរការដោយក្រុមឧក្រិដ្ឋជនអន្តរជាតិជាច្រើន និងការតភ្ជាប់ជាមួយជនជាតិចិន ដែលប្រើកម្មករជាការជួញដូរដើម្បីបោកប្រាស់ជនរងគ្រោះនៅទូទាំងពិភពលោក។
គួររំឭកថា សារព័ត៌មានបរទេសដែលហៅរាជាណាចក្រកម្ពុជា ថា Scambodia មុនគេ គឺកាសែតកូរ៉េខាងត្បូង ឈ្មោះ The Chosun Daily ផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ដើមឆ្នាំ២០២៦ នេះ ដែលសរសេរថា៖ ប្រទេសកម្ពុជា ងាកទៅរកសហរដ្ឋអាមេរិក ខណៈមានការដូរទិសរឿងសន្តិសុខ និងការបង្ក្រាបឧក្រិដ្ឋកម្មតាមបច្ចេកវិទ្យា បញ្ហាព្រំដែនជាមួយប្រទេសថៃឡង់ដ៍ និងទណ្ឌកម្មសហរដ្ឋអាមេរិក ជុំវិញរឿងឧក្រិដ្ឋកម្មឆបោក ដែលជំរុញក្រុងភ្នំពេញឲ្យតម្រង់គោលនយោបាយយុទ្ធសាស្ត្ររវាងក្រុងវ៉ាស៊ីនតុន និងក្រុងប៉េកាំង (Cambodia Turns to U.S. Amid Security Shifts and Cybercrime Crackdown: Border conflict with Thailand and U.S. sanctions over ‘Scambodia‘ scams drive Phnom Penh’s strategic realignment between Washington and Beijing)។
កាសែត The Chosun Daily សរសេរទៀតថា ចំណូលផលទុនក្នុងស្រុកសរុប GDP ប្រទេសកម្ពុជាប្រមាណពាក់កណ្តាលបានមកពីឧស្សាហកម្មឆបោក។
គេមិនដឹងថា តើពេលនោះ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន មិនបានអានអត្ថបទនោះ ឬក៏មិនហ៊ានឆ្លងឆ្លើយជាមួយប្រទេសវិនិយោគិន និងប្រទេសម្ចាស់បំណុលជិត ៧០០លានដុល្លារ ឬយ៉ាងណានោះទេ។
ដោយឡែកពីនេះទៀត សក្ខីកម្មពីកម្មករដែលត្រូវបានជួយសង្គ្រោះ បានពិពណ៌នាអំពីការបង្ខំឱ្យធ្វើការងារ ការបំពាន និងការឃុំខ្លួនក្នុងបរិវេណបោកប្រាស់ទាំងនេះ ខណៈអង្គការអន្តរជាតិបានចាត់ទុកសកម្មភាពបោកប្រាស់ទាំងនោះថាជាទម្រង់ «ទាសភាពសម័យថ្មី» ដោយសារការអនុវត្តច្បាប់មានសភាពទន់ខ្សោយ។
យ៉ាងណាក៏ដោយ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន កាលពីដើមខែមេសា នេះថា កម្ពុជាគ្មានកន្លែងសុវត្ថិភាពសម្រាប់ពួកឧក្រិដ្ឋជនឡើយ បន្ទាប់ពីក្រសួងបានប្រកាសដាក់ចំណាត់ការកាលពីថ្ងៃទី៥ ខែកុម្ភៈ ក្នុងការបោសសម្អាតបទល្មើសអនឡាញឱ្យអស់ត្រឹមខែមេសា ឆ្នាំ២០២៦ នេះ។
ចំណែកនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ធ្លាប់បានអះអាងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះដែរថា បណ្ដាញបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ឬហៅថាសេដ្ឋកិច្ចខ្មៅ កំពុងបំផ្លាញសេដ្ឋកិច្ចដ៏ស្មោះត្រង់ប្រទេសកម្ពុជា និងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរសព្វថ្ងៃនេះ។
សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ដើម្បីសុំការបំភ្លឺជុំវិញការចុះផ្សាយរបស់កាសែតបរទេសអំពីកម្ពុជា ចំពោះបញ្ហានេះបាននៅឡើយទេ រហូតដល់ម៉ោងផ្សាយនេះ៕
© 2026, . All rights reserved.