ព័ត៌មានជាតិ

មន្ត្រី​រដ្ឋាភិបាល​និង​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​ខ្មែរ កើត​ទុក្ខ​មិន​សុខចិត្ត​នឹង​ពាក្យ​គេ​ហៅ Scambodia

By ឌឹ ខេមបូឌា ដេលី

April 24, 2026

ពលរដ្ឋ​ខ្មែរ​តាម​មជ្ឈដ្ឋាន​ផ្សេងៗ បាន​បន្ទរ​តាម​គ្នា​នូវ​ការ​កើត​ទុក្ខ​មិន​សុខចិត្ត​ចំពោះ​ការ​ប្រើ​ពាក្យ​មិន​ផ្លូវការ​កន្ត្រាក់​អារម្មណ៍​ក្នុង​អត្ថបទ​កាសែត​ថា Scambodia សំដៅ​ហៅ​រាជាណាចក្រ​កម្ពុជា ទាក់ទង​នឹង​រាជរដ្ឋាភិបាល​បណ្តែតបណ្តោយ​ឲ្យ​មាន​ប្រតិបត្តិការ​ក្នុង​មណ្ឌល​ឆបោក ក្នុង​បនល្បែង​កាស៊ីណូ​តាម​បច្ចេកវិទ្យា​រាប់​ឆ្នាំ ដែល​ពិភពលោក​បាន​ដឹង​ឮ​គ្រប់​ទិសទី។

ភាសិត​ខ្មែរ​ពោល​ថា ដំរី​ប៉ុន​ដំរី​ងាប់ យក​ចង្អេរ​ទៅ​បាំង។

គណបក្ស​ជំនាន់​ថ្មី ទើប​នឹង​ចេញ​មុខ​ថ្កោលទោស​កាសែត The Wall Street Journal (WSJ) ដែល​បាន​ប្រើប្រាស់​ពាក្យ “Scambodia” ជំនួស​ឱ្យ​ឈ្មោះ​ប្រទេស​កម្ពុជា Cambodia និង​ចាត់ទុក​ការ​ប្រើ​ពាក្យ​បែប​នេះ​ថា​គ្មាន​វិជ្ជាជីវៈ និង​ជា​ការ​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​លើ​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​ដល់​ជាតិ​សាសន៍​ខ្មែរ​ទាំងមូល។

គណបក្ស​ជំនាន់​ថ្មី បាន​ចេញ​ថ្លែងការណ៍​នៅ​ថ្ងៃទី​២២ មេសា នេះ​ថា ទោះបី​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​ឧក្រិដ្ឋកម្ម​អនឡាញ ដែល​ជា​បញ្ហា​សកល​ក៏ដោយ ក៏​ពុំ​មាន​បុគ្គល ឬ​ស្ថាប័ន​ព័ត៌មាន​ណា​មួយ​មាន​សិទ្ធិ​មក​បង្អាប់​បង្អោន​ឈ្មោះ​ប្រទេស​ដែល​ជា​រដ្ឋ​អធិបតេយ្យ​មួយ ទៅ​ជា​ឈ្មោះ​មជ្ឈមណ្ឌល​បោកប្រាស់ គឺ​ពី Cambodia ទៅ​ជា Scambodia ដែល​ខុស​ពី​ឈ្មោះ​ផ្លូវការ​ឡើយ។

ទាក់ទង​នឹង​ឧស្សាហកម្ម​ឆបោក​ចេញពី​ស្រុក​ខ្មែរ កាសែត​កូរ៉េខាងត្បូង ឈ្មោះ The Chosun Daily ផ្សាយ​នៅ​ថ្ងៃទី​១៦ ខែ​កុម្ភៈ ដើម​ឆ្នាំ​២០២៦ នេះ ប្រើ​ពាក្យ​ទាក់ទាញ​អារម្មណ៍​អ្នក​អាន Scambodia នេះ​មុន​គេ។

កាសែត​នោះ​សរសេរ​ថា៖ ប្រទេស​កម្ពុជា ងាក​ទៅ​រក​សហរដ្ឋ​អាមេរិក ខណៈ​មាន​ការ​ដូរ​ទិស​រឿង​សន្តិសុខ និង​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​តាម​បច្ចេកវិទ្យា បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ថៃឡង់ដ៍ និង​ទណ្ឌកម្ម​សហរដ្ឋ​អាមេរិក ជុំវិញ​រឿង​ឧក្រិដ្ឋកម្ម​ឆបោក ដែល​ជំរុញ​ក្រុង​ភ្នំពេញ​ឲ្យ​តម្រង់​គោលនយោបាយ​យុទ្ធសាស្ត្រ​រវាង​ក្រុង​វ៉ាស៊ីនតុន និង​ក្រុង​ប៉េកាំង (Cambodia Turns to U.S. Amid Security Shifts and Cybercrime Crackdown: Border conflict with Thailand and U.S. sanctions over ‘Scambodia’ scams drive Phnom Penh’s strategic realignment between Washington and Beijing)។

កាសែត The Chosun Daily សរសេរ​ទៀត​ថា ចំណូល​ផលទុន​ក្នុង​ស្រុក​សរុប GDP ប្រទេស​កម្ពុជា​ប្រមាណ​ពាក់កណ្តាល​បាន​មកពី​ឧស្សាហកម្ម​ឆបោក។

គេ​មិន​ដឹង​ថា តើ​ពេល​នោះ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន មិន​បាន​អាន​អត្ថបទ​នោះ ឬ​ក៏​មិន​ហ៊ាន​ឆ្លងឆ្លើយ​ជាមួយ​ប្រទេស​វិនិយោគិន និង​ប្រទេស​ម្ចាស់បំណុល​ជិត ៧០០​លាន​ដុល្លារ ឬ​យ៉ាងណា​នោះ​ទេ។

ក្រៅពី​កាសែត​អាមេរិកាំង The Wall Street Journal (WSJ) ព័ត៌មាន​ពី​ប្រភព​ផ្សេងៗ​ទៀត​ក៏​មាន​ផ្សាយ​អត្ថបទ​ស្រាវជ្រាវ​យ៉ាង​ស៊ីជម្រៅ រហូត​ដល់​ភ្ជាប់​មុខរបរ​ឧក្រិដ្ឋ​នេះ​ទៅ​នឹង​សមាជិក​ក្រុម​គ្រួសារ​មេដឹកនាំ មន្ត្រី​រាជរដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ឧកញ៉ា​ខ្លះ​ទៀត​ផង។

វិទ្យាស្ថាន​ស្រាវជ្រាវ​អាមេរិកាំង​មួយ​ឈ្មោះ AICPA-SOC ផ្សាយ​អត្ថបទ​នៅ​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០២៦ នេះ ដោយ​ហៅ​ឧកញ៉ា ភូ កុកអាន ដែល​ជិតស្និទ្ធ​នឹង​លោក ហ៊ុន សែន ថា​សមាជិក​ព្រឹទ្ធសភា​កាស៊ីណូ​ប្រទេស​កម្ពុជា។

អត្ថបទ​នោះ​សរសេរ​ទៀត​ថា សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​សាធារណរដ្ឋ​កូរ៉េខាងត្បូង បាន​បង្កើន​សកម្មភាព​បង្ក្រាប​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​បច្ចេកវិទ្យា ពីព្រោះ​ឧក្រិដ្ឋជន​បាន​បោកប្រាស់​ពី​ពលរដ្ឋ​ប្រទេស​គេ​មាន​ទឹកប្រាក់​ចំនួន ៦០​ពាន់​លាន​ដុល្លារ​តាំងពី​ឆ្នាំ​២០២០ មក។

គណបក្ស​ក្រៅ​រដ្ឋាភិបាល​ដដែល​នេះ ប្រកាស​គាំទ្រ​ពេញ​ទំហឹង​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​បំផុត ដើម្បី​បង្ក្រាប និង​លុបបំបាត់​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ឱ្យ​អស់​ពី​ទឹកដី​កម្ពុជា និង​កម្ចាត់​ចោល​នូវ​រាល់​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ទាំងអស់ រួម​ទាំង​ផ្ដន្ទាទោស​ដល់​មន្ត្រី​ពាក់ព័ន្ធ​ដែល​ផ្តល់​ជម្រក​ដល់​បទល្មើស​ទាំងនេះ​ផង​ដែរ។

គណបក្ស​ជំនាន់​ថ្មី អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​ដោយ​ជៀសវាង​ការ​ប្រើប្រាស់​ភាសា​បំបែក​បំបាក់ និង​ការ​មាក់ងាយ​ជាតិ​សាសន៍​ខ្មែរ ព្រោះ​កម្ពុជា​គឺជា​រដ្ឋ​ឯករាជ្យ​មួយ ដែល​មាន​កិត្តិយស សេចក្តី​ថ្លៃថ្នូរ ស្មើ​មុខ​មាត់​នៅ​លើ​ឆាក​អន្តរជាតិ និង​មិនមែន​ជា​ទឹកដី​នៃ​អន្ទាក់​ឆបោក ឬ Scambodia ដូច​ការ​ចុះផ្សាយ​នៅ​ក្នុង​កាសែត The Wall Street Journal ឡើយ។

កាលពី​ថ្ងៃទី​១៩ ខែ​មេសា កាសែត​អាមេរិកាំង The Wall Street Journal បាន​ចុះផ្សាយ​អត្ថបទ​ពី​ប្រទេស​កម្ពុជា ដោយ​ដាក់​ចំណងជើង​ថា របៀប​ដែល​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​ក្លាយ​ជា​ឧស្សាហកម្ម​ឈានមុខ​នៅ​ក្នុង​ទឹកដី​នៃ​អន្ទាក់ ឬ Scambodia។

កាសែត​អន្តរជាតិ​ដដែល​នេះ បញ្ជាក់​ថា ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​នាំ​ឱ្យ​មាន​អំពើពុករលួយ​ដល់​មន្ត្រី​រាជការ រហូត​មាន​ការ​លួច​លុយ​រាប់​ពាន់​លាន​ដុល្លារ និង​បាន​សាងសង់​កន្លែង​ឆបោក​គ្រប់​ខ្នាត​នៅ​តាម​ទីក្រុង​នានា ដូច្នេះ​មិន​មាន​អ្វី​ដែល​គួរ​ឱ្យ​ឆ្ងល់​ទេ ដែល​គេ​ហៅ​កម្ពុជា​ថា​ជា​ទឹកដី​នៃ​អន្ទាក់ ឬ Scambodia នោះ។

ជុំវិញ​បញ្ហា​នេះ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​ចាត់ទុក​ការ​ហៅ​ឈ្មោះ​ប្រទេស​កម្ពុជា ដោយ​ប្រើ​ពាក្យ «Scambodia» ថា​ជា​ការ​កង្វះ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​សារព័ត៌មាន ដែល​អាច​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ ការ​រើសអើង ព្រមទាំង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ សេចក្តី​ថ្លៃថ្នូរ និង​កិត្តិយស​ប្រទេស និង​ប្រជាជន​កម្ពុជា ជិត ១៨​លាន​នាក់។

លោក កែវ រ៉េមី ទាមទារ​ឱ្យ​កាសែត​នេះ​លុប​ពាក្យ «Scambodia» ចេញពី​អត្ថបទ​របស់​ខ្លួន​ជាបន្ទាន់ និង​ចេញ​ការ​កែតម្រូវ ឬ​បំភ្លឺ ព្រមទាំង​ធ្វើការ​សុំទោស​ជា​ផ្លូវការ និង​ត្រូវ​កែសម្រួល​ចំណងជើង​ឡើងវិញ​ថែមទៀត។

ក្រៅពី​ចំណូល​បាន​ពី​ឧក្រិដ្ឋកម្ម​ឆបោក ព័ត៌មាន​ទាក់ទង​នឹង​ពាណិជ្ជកម្ម​អាហរ័ណ-នីហរ័ណ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ក្នុង​សហគមន៍ ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ដែល​មាន ១៥​ប្រទេស (RCEP) ក្រសួង​ពាណិជ្ជកម្ម ផ្សាយ​សេចក្តី​រាយការណ៍​នៅ​ថ្ងៃ​ពុធ ទី​២២ ខែ​មេសា នេះ​ថា ចំណុះ​ទំនិញ​នាំចេញ​ពី​ប្រទេស​កម្ពុជា ទៅ​ប្រទេស​ក្នុង​ក្រុម​ដៃគូ​មួយ​ចំនួន ជាពិសេស​ប្រទេស​ចិន និង​យៀកណាម មាន​ទឹកប្រាក់​ចំណូល​ជិត ៣​ពាន់​លាន​ដុល្លារ ពី​ខែ​មករា ដល់​ខែ​មីនា ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៦ រីឯ​ការ​នាំ​ទំនិញ​ចូល​ពី​ប្រទេស​ដៃគូ​មក​វិញ មាន​ទឹកប្រាក់​ជាង ៨​ពាន់​លាន​ដុល្លារ​ក្នុង​ត្រីមាស​ដដែល។ សរុប​ទឹកប្រាក់​ក្នុង​ជំនួញ​ជាមួយ​គ្នា មាន​ចំនួន​ជាង ១១​ពាន់​លាន​ដុល្លារ៕

© 2026, . All rights reserved.