សហរដ្ឋអាមេរិក ប្រកាសផ្តល់រង្វាន់ជាទឹកប្រាក់ចំនួន ៤លានដុល្លារអាមេរិក ដើម្បីលើកទឹកចិត្តសម្រាប់ការផ្តល់ព័ត៌មានដែលអាចនាំឱ្យមានការចាប់ខ្លួនឧក្រិដ្ឋជនឈ្មោះ Daren Li ពាក់ព័ន្ធនឹងការជួយសម្រួលការលាងលុយកខ្វក់ពីមជ្ឈមណ្ឌលបោកប្រាស់ជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍។
ការិយាល័យកិច្ចការបង្ក្រាបគ្រឿងញៀន និងអនុវត្តច្បាប់អន្តរជាតិនៃក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ មេសា បានប្រកាសផ្តល់រង្វាន់ក្រោមកម្មវិធីផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់ប្រឆាំងបទឧក្រិដ្ឋឆ្លងដែនដោយមានអង្គការចាត់តាំង (TOCRP) ចំនួន ៤លានដុល្លារអាមេរិក សម្រាប់ការផ្តល់ព័ត៌មានដែលអាចនាំឱ្យមានការចាប់ខ្លួនឧក្រិដ្ឋជនឈ្មោះ Daren Li។
ប្រភពដដែល អះអាងថា ការប្រកាសចាប់ខ្លួនឧក្រិដ្ឋជនរូបនេះ គឺពាក់ព័ន្ធនឹងការជួយសម្រួលការលាងលុយកខ្វក់ពីមជ្ឈមណ្ឌលបោកប្រាស់ជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បញ្ជាក់ថា ជនជាប់ចោទឈ្មោះ Daren Li ត្រូវបានកាត់ទោស និងផ្ដន្ទាទោសពីបទលាងលុយកខ្វក់ ដែលចោទប្រកាន់ដោយតុលាការអាមេរិករដ្ឋកាលីហ្វ័រញ៉ា កាលពីពេលកន្លងទៅ ប៉ុន្តែបច្ចុប្បន្ន ឧក្រិដ្ឋជននេះកំពុងគេចខ្លួននៅឡើយ។
កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងយុត្តិធម៌អាមេរិក បានចេញសេចក្តីប្រកាសព័ត៌មានថា តុលាការអាមេរិកបានកាត់ទោសកំបាំងមុខជនជាតិចិន ឈ្មោះ Daren Li ដែលមានសញ្ជាតិសាំងគីត និងនេវីស ឱ្យជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ ពីបទប្រតិបត្តិការក្លែងបន្លំរូបិយប័ណ្ណឌីជីថលអន្តរជាតិប្រមាណជាង ៧៣លានដុល្លារនៅក្នុងមជ្ឈមណ្ឌលឆបោកអនឡាញមួយដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា។
ប្រភពដដែលអះអាងថា ក្រោយការអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ២០ឆ្នាំរួចហើយ ជនជាប់ចោទឈ្មោះ Daren Li នឹងត្រូវដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការរយៈពេល ៣ឆ្នាំបន្ថែមទៀត ប៉ុន្តែជនជាប់ចោទរូបនេះបានរត់គេចខ្លួនពីការតាមចាប់របស់អាជ្ញាធរអាមេរិក បន្ទាប់ពីរូបគេបានកាត់ផ្ដាច់ប្រព័ន្ធតាមដានអេឡិចត្រូនិកដែលដាក់ជាប់ជើងកាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។
ក្រសួងយុត្តិធម៌អាមេរិក បញ្ជាក់ថា ខ្លួននឹងធ្វើការជាមួយអ្នកអនុវត្តច្បាប់នៅជុំវិញពិភពលោក ដើម្បីប្រាកដថាជនជាប់ចោទរូបនេះនឹងត្រូវអនុវត្តទោសនៅក្នុងពន្ធនាគារលើទឹកដីអាមេរិក ដ្បិតរូបគេបានសារភាពទោសកាលពីចុងឆ្នាំ២០២៤ កន្លងទៅ ដោយប្រាប់តុលាការរដ្ឋកាលីហ្វ័រញ៉ា ពីការគប់គិតជាមួយអ្នកពាក់ព័ន្ធផ្សេងទៀតពីការលាងលុយដែលបោកប្រាស់តាមរយៈក្រុមហ៊ុនក្លែងក្លាយ និងគណនីធនាគារនៅសហរដ្ឋអាមេរិក។
ជុំវិញបញ្ហានេះ ជំនួយការរបស់មេធាវីនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងយុត្តិធម៌អាមេរិក លោក Tysen Duva បានឱ្យដឹងថា ជនជាប់ចោទឈ្មោះ Daren Li និងបក្ខពួក បានឆបោកប្រាក់របស់ពលរដ្ឋអាមេរិកប្រមាណជាង ៧៣លានដុល្លារ ដោយការបោកបញ្ឆោតតាមរយៈវិនិយោគក្លែងបន្លំក្នុងរូបិយប័ណ្ណឌីជីថល «គ្រីបតូ»។
ជនល្មើសដែលជាជនជាតិចិន ឈ្មោះ Daren Li ត្រូវបានអាជ្ញាធរអាមេរិកចាប់ខ្លួនកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ និងត្រូវបានបញ្ជូនទៅកាន់រដ្ឋកាលីហ្វ័រញ៉ា ក្នុងទឹកដីសហរដ្ឋអាមេរិកភ្លាមៗ៕
© 2026, . All rights reserved.