កងកម្លាំងយោធាអាមេរិក កំពុងរៀបចំផែនការបន្ទាន់ដើម្បីវាយប្រហារលើប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ ដែលត្រូវបានដាក់ពង្រាយនៅច្រកសមុទ្រហ័រមូស (Hormuz) ប្រសិនបើការចរចាជាថ្មីម្ដងទៀតបន្តជួបរឿងបរាជ័យ។
មន្ត្រីអាមេរិកកំពុងផ្ដោតលើការរំដោះមីនសមុទ្រ ការទប់ស្កាត់ទូកវាយប្រហារល្បឿនលឿន និងការគំរាមកំហែងតាមឆ្នេរសមុទ្រ ដើម្បីធានាថាផ្លូវដឹកជញ្ជូនប្រេងសំខាន់នេះនៅតែបើកចំហសម្រាប់ពាណិជ្ជកម្មពិភពលោក។
ទោះបីជាមន្ត្រីក្រសួងការពារជាតិអាមេរិក បានបដិសេធមិនបង្ហាញព័ត៌មានលម្អិតអំពីផែនការនាពេលអនាគត ដោយសារហេតុផលនៃការការពារសន្តិសុខប្រតិបត្តិការក៏ដោយ ក៏ពួកគេបានបញ្ជាក់ថា យោធាអាមេរិកនៅតែបន្តគោរពទៅតាមជម្រើសរបស់ប្រធានាធិបតី ហើយជម្រើសទាំងអស់នៅតែត្រូវបានរក្សាទុកសម្រាប់ការសម្រេចចិត្តក្នុងស្ថានភាពដែលអាចកើតមាន។
ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក៏បានលើកឡើងថា សកម្មភាពបិទផ្លូវសមុទ្ររបស់សហរដ្ឋអាមេរិក កំពុងដាក់អ៊ីរ៉ង់ ឱ្យស្ថិតនៅក្រោមសម្ពាធពេលវេលា ដោយបញ្ជាក់ថា ប្រសិនបើអ៊ីរ៉ង់ មិនអាចធ្វើឱ្យប្រេងរបស់ខ្លួនហូរចេញបានទេ ហេដ្ឋារចនាសម្ព័ន្ធប្រេងទាំងមូល អាចនឹងប្រឈមមុខនឹងការខូចខាតធ្ងន់ធ្ងរ ព្រោះវាមិនមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ផ្ទុកប្រេងនោះឡើយ ហើយបើត្រូវបង្ខំឱ្យមានការបញ្ឈប់ផលិតកម្មប្រេងនេះ។ វាអាចបង្កឱ្យមានបញ្ហាខាងក្នុងដែនដីដែលធ្វើឱ្យប្រព័ន្ធក្នុងការផលិតប្រេងស្ថិតក្នុងស្ថានភាពអាក្រក់យ៉ាងខ្លាំង ដែលមិនអាចស្ដារឡើងវិញបានពេញលេញទេ ទោះបីអាចស្ដារឡើងវិញបានត្រឹមប្រហែលពាក់កណ្តាលប៉ុណ្ណោះ។
លោក ត្រាំ ក៏បានព្រមានថា អ៊ីរ៉ង់មានពេលតិចតួចប៉ុណ្ណោះមុនពេលបញ្ហាធ្ងន់ធ្ងរនេះកើតឡើង ហើយបានបញ្ជាក់ថា ខ្លួនមិនស្ថិតក្រោមសម្ពាធណាមួយឡើយក្នុងស្ថានភាពនេះ។
ប្រធានាធិបតី ត្រាំ ក៏បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ មេសា ថា ពេលវេលារបស់អ៊ីរ៉ង់ កំពុងតែអស់ទៅហើយ។ លោកថា កិច្ចព្រមព្រៀងណាមួយនឹងត្រូវបានអនុវត្ត លុះត្រាតែវាបម្រើផលប្រយោជន៍របស់អាមេរិកតែប៉ុណ្ណោះ។
នៅក្នុងការបង្ហោះលើបណ្ដាញសង្គម Truth Social លោក ត្រាំ បានច្រានចោលការអះអាងមួយថា លោកកំពុងប្រញាប់បញ្ចប់សង្គ្រាម តែលោកនិយាយថា សហរដ្ឋអាមេរិកមានពេលវេលាគ្រប់គ្រាន់ ប៉ុន្តែអ៊ីរ៉ង់ វិញមិនមានទេ ព្រោះស្ថានភាពកំពុងរីករាលដាលទៅមុខយ៉ាងលឿនរហ័ស។
លោក ត្រាំ ក៏បានអះអាងថា សមត្ថភាពយោធារបស់អ៊ីរ៉ង់ ត្រូវបានវាយបង្ក្រាបចុះខ្សោយយ៉ាងខ្លាំង ដែលលោកលើកឡើងថា កងទ័ពជើងទឹករបស់អ៊ីរ៉ង់ ត្រូវបានបំផ្លាញ កងទ័ពអាកាស និងប្រព័ន្ធការពារអាកាសត្រូវបានកម្ទេច ហើយការបិទផ្លូវទឹកដឹកជញ្ជូនដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅតែមានភាពតឹងរ៉ឹង ដោយធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អ៊ីរ៉ង់ យ៉ាងខ្លាំង។
ជាមួយគ្នានេះ លោក ត្រាំ បានបញ្ជាក់ថា ការចរចានឹងត្រូវដំណើរការយ៉ាងតឹងរ៉ឹងតាមលក្ខខណ្ឌរបស់អាមេរិក ហើយកិច្ចព្រមព្រៀងណាមួយនឹងត្រូវធ្វើឡើង លុះត្រាតែវាល្អសម្រាប់អាមេរិក សម្ព័ន្ធមិត្ត និងស្ថិរភាពរបស់ពិភពលោក។
ក្រៅតែពីការព្រមានពីហានិភ័យធ្ងន់ធ្ងរនៃគ្រោះថ្នាក់យោធា និងសេដ្ឋកិច្ចដែលអាចកើតមានសម្រាប់អ៊ីរ៉ង់ លោក ត្រាំ ក៏បានអះអាងថា ពេលនេះស្ថានភាពនយោបាយផ្ទៃក្នុងរបស់មេដឹកនាំអ៊ីរ៉ង់ កំពុងរងការបាក់បែកផងដែរ។
ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា មេដឹកនាំនៃប្រទេសអ៊ីរ៉ង់ កំពុងមានជម្លោះផ្ទៃក្នុងយ៉ាងខ្លាំង ដោយលោកបានពិពណ៌នាថា ពួកគេកំពុងប្រយុទ្ធគ្នាដូចឆ្មា និងឆ្កែ ដើម្បីកំណត់ថានរណានឹងកាន់អំណាច ខណៈដែលលោកអះអាងថា សកម្មភាពរបស់សហរដ្ឋអាមេរិកបានបង្កើតស្ថានភាពរញ៉េរញ៉ៃបែបនេះសម្រាប់ពួកគេ។
លោក ត្រាំ ក៏បានបន្ថែមថា អ៊ីរ៉ង់មានបំណងចង់ឈានដល់កិច្ចព្រមព្រៀងមួយ ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ថា ពួកគេមិនច្បាស់ថានរណាជាអ្នកដឹកនាំពិតប្រាកដក្នុងប្រទេសនេះទេ ដែលធ្វើឱ្យស្ថានភាពនៅក្នុងប្រទេសស្ថិតក្នុងភាពចលាចល ហើយដោយហេតុនេះ សហរដ្ឋអាមេរិកគិតថានឹងផ្តល់ពេលវេលាបន្តិចដល់អ៊ីរ៉ង់ ដើម្បីដោះស្រាយបញ្ហាខាងក្នុងរបស់ខ្លួន មុនពេលបន្តដំណើរការទៅរកដំណោះស្រាយ។
ជាការឆ្លើយតបទៅនឹងការអះអាងរបស់លោក ត្រាំ អំពីភាពបែកបាក់ក្នុងជួរថ្នាក់ដឹកនាំនៃអ៊ីរ៉ង់ គេបានដឹងថា គណនីបណ្ដាញសង្គម X ដែលត្រូវបានគេរាយការណ៍ថាជារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ Mojtaba Khamenei បានបង្ហោះដោយព្រមានថា សត្រូវកំពុងព្យាយាមបំផ្លាញឯកភាពជាតិ និងសន្តិសុខរបស់ប្រទេស ហើយបានអំពាវនាវឱ្យប្រជាជនកុំអនុញ្ញាតឱ្យគោលបំណងអាក្រក់នោះទទួលបានជោគជ័យដោយសារតែអ៊ីរ៉ង់ធ្វេសប្រហែស ឬការបាត់បង់ការយកចិត្តទុកដាក់ក្នុងស្ថានភាពដែលកំពុងមានភាពតានតឹង។
ជាមួយគ្នានេះ ជាការឆ្លើយតបទៅនឹងការអះអាងរបស់លោក ដូណាល់ ត្រាំ អំពីភាពច្របូកច្របល់ក្នុងជួរដឹកនាំរបស់រដ្ឋាភិបាលសាធារណរដ្ឋឥស្លាម ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ក៏បានប្រកាសថា មិនមានការបែងចែក ឬបែកបាក់រវាងក្រុម “អ្នករឹងរូស” ឬ “អ្នកកណ្តាលនិយម” នៅក្នុងនយោបាយផ្ទៃក្នុងអ៊ីរ៉ង់ ទេ ប៉ុន្តែប្រជាជនទាំងអស់ត្រូវបានចាត់ទុកថាជា “ជនជាតិអ៊ីរ៉ង់” និង “អ្នកបដិវត្តន៍” តែមួយ។
លោក Pezeshkian បានបន្ថែមថា ដោយផ្អែកលើសាមគ្គីភាពរឹងមាំរវាងប្រទេស និងរដ្ឋ ព្រមទាំងការគោរពយ៉ាងពេញលេញចំពោះមេដឹកនាំកំពូល អ៊ីរ៉ង់នឹងអាចឆ្លើយតបយ៉ាងរឹងមាំចំពោះសត្រូវ និងធ្វើឱ្យអ្នកដែលប្រព្រឹត្តអំពើប្រឆាំងនឹងខ្លួនត្រូវសោកស្តាយ។
សារនេះក៏ត្រូវបានគាំទ្រដោយមន្ត្រីជាន់ខ្ពស់ផ្សេងៗ រួមមានប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf ប្រធានតុលាការ លោក Gholamhossein Mohseni Ejei និងរដ្ឋមន្ត្រីការបរទេសលោក Abbas Araghchi ដែលបង្ហាញពីការសម្របសម្រួលក្នុងស្ថាប័នរដ្ឋ ខណៈដែលអ៊ីរ៉ង់ អះអាងថាការបរាជ័យនៃការវាយប្រហារដោយអ៊ីស្រាអែល ដែលមិនបានបំផ្លាញស្ថិរភាពរបស់ខ្លួនទេ ប៉ុន្តែផ្ទុយទៅវិញបានបង្ហាញពីសាមគ្គីភាព គោលបំណង និងវិន័យរបស់រដ្ឋ ដែលភ្ជាប់ទាំងសមរភូមិ និងការទូតជារណសិរ្សតែមួយក្នុងសង្គ្រាម។
ទោះបែបនេះក្ដី គណៈប្រតិភូជាន់ខ្ពស់អ៊ីរ៉ង់ ដឹកនាំដោយរដ្ឋមន្ត្រីការបរទេស លោក Abbas Araghchi ត្រូវបានរំពឹងថានឹងធ្វើដំណើរទៅដល់ប្រទេសប៉ាគីស្ថាន នៅយប់ថ្ងៃសុក្រ ទី២៤ មេសា ដើម្បីត្រៀមចូលរួមកិច្ចចរចាសន្តិភាពជាមួយសហរដ្ឋអាមេរិក។
យោងតាមប្រភពពីរដ្ឋាភិបាលប៉ាគីស្ថាន កិច្ចចរចាសន្តិភាពជុំទីពីររវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ ត្រូវបានគេរំពឹងថានឹងចាប់ផ្ដើមឡើងបន្ទាប់ពីមានកិច្ចពិភាក្សាសំខាន់ៗជាមួយក្រុមការងារសម្របសម្រួលរបស់ភាគីប៉ាគីស្ថាន។ ការសម្រេចបញ្ជូនប្រតិភូរបស់អ៊ីរ៉ង់ នៅពេលនេះ គឺជាសញ្ញាវិជ្ជមានថ្មីមួយសម្រាប់កិច្ចប្រឹងប្រែងបញ្ចប់សង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ា។
ជាមួយគ្នានេះ ក្រុមការងារផ្នែកភស្តុភារ និងសន្តិសុខរបស់សហរដ្ឋអាមេរិក ក៏បាននិងកំពុងមានវត្តមាននៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ រួចជាស្រេចហើយ ដើម្បីជួយសម្របសម្រួលដល់ដំណើរការនៃកិច្ចចរចាឱ្យប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសុវត្ថិភាពខ្ពស់បំផុតសម្រាប់ភាគីទាំងសងខាង។
កាលពីថ្ងៃទី២៣ មេសា លោក ត្រាំ ដាក់ជំនឿថា ការចរចាអាមេរិក-អ៊ីរ៉ង់ លើកទី២ អាចចាប់ផ្ដើមចុងសប្ដាហ៍នេះ។ លោក ត្រាំ ជឿទៀតថា ភាគីអ៊ីរ៉ង់ នឹងមិនធ្វើឱ្យភាគីអាមេរិក ខកចិត្តទៀតនោះទេ៕
© 2026, . All rights reserved.