បណ្តាអង្គទូតបរទេស គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល សម្ដែងការខកចិត្តចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ ដែលតម្កល់ការផ្ដន្ទាទោសមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ឱ្យជាប់ពន្ធនាគារជិត ៣០ឆ្នាំ និងបន្ថែមទោសដោយការហាមឃាត់មិនឱ្យចាកចេញពីប្រទេសកម្ពុជា រយៈពេល ៥ឆ្នាំទៀតនោះ។
បណ្តាអង្គទូតបរទេសប្រចាំកម្ពុជាជាច្រើន រួមមានសហភាពអឺរ៉ុប បារាំង អាល្លឺម៉ង់ អូស្ត្រាលី អង់គ្លេស និងកាណាដា ជាដើម បានចេញសេចក្តីថ្លែងការណ៍ប្រហាក់ប្រហែលគ្នា ដោយសម្ដែងនូវការខកចិត្តចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ ដែលបានតម្កល់ការផ្ដន្ទាទោសរបស់តុលាការជាន់ទាបលើលោក កឹម សុខា ទុកជាបានការ និងបន្ថែមទោសហាមឃាត់រូបលោកមិនឱ្យចាកចេញពីកម្ពុជា រយៈពេល ៥ឆ្នាំទៀតនោះ។
ជុំវិញការសម្រេចនេះ ឯកអគ្គរដ្ឋទូតអូស្ត្រាលី លោក Derek Yip បានចេញសេចក្តីថ្លែងការណ៍ថា សេចក្តីសម្រេចតម្កល់ការផ្ដន្ទាទោសលោក កឹម សុខា បានធ្វើឱ្យអូស្ត្រាលី ខកចិត្តយ៉ាងខ្លាំង ហើយក៏ជាការព្រួយបារម្ភចំពោះការប្រើយន្តការច្បាប់ដើម្បីកម្រិតគណបក្សប្រឆាំងដែរ។
អូស្ត្រាលី ជំរុញឱ្យកម្ពុជា ចាត់វិធានការពិតប្រាកដដើម្បីពង្រីកលំហស៊ីវិល និងសេរីភាពនយោបាយ ព្រមទាំងបង្កើតលក្ខខណ្ឌសម្រាប់ការបោះឆ្នោតពិតប្រាកដ និងមានការប្រកួតប្រជែងផងដែរ។
ចំណែកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ លើកឡើងថា ការសម្រេចរបស់តុលាការត្រូវឈរលើភាពត្រឹមត្រូវ មានឯករាជភាព និងការគោរពសេរីភាពជាមូលដ្ឋាន ព្រោះការពង្រឹងគោលការណ៍ទាំងនេះនៅតែជាគន្លឹះសម្រាប់ការអភិវឌ្ឍស្ថាប័ន ការវិនិយោគ និងជំហរអន្តរជាតិរបស់កម្ពុជា។
រីឯស្ថានទូតចក្រភពអង់គ្លេស វិញ ក៏បានចេញសេចក្តីថ្លែងការណ៍ដែរថា អង់គ្លេសចង់ឃើញលោក កឹម សុខា ត្រូវបានដោះលែង និងសេរីភាពនយោបាយរបស់លោកត្រូវបានស្ដារឡើងវិញ ព្រោះអង់គ្លេស ជឿជាក់ថា ការដោះលែងមេដឹកនាំបក្សប្រឆាំងរូបនេះ នឹងជួយពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។
បន្ថែមពីនេះ ឯកអគ្គរាជទូតកាណាដា លោក Christian DesRoches បានជំរុញឱ្យមានការគោរពតួនាទីដ៏ចាំបាច់របស់គណបក្សប្រឆាំង សង្គមស៊ីវិល និងសារព័ត៌មានសេរី ដែលជាកត្តាមិនអាចខ្វះបានសម្រាប់អភិបាលកិច្ចល្អតាមលទ្ធិប្រជាធិបតេយ្យ។
ដោយឡែកសហភាពអឺរ៉ុប បានអះអាងថា នយោបាយពហុបក្ស គឺជាកត្តាដ៏ចាំបាច់ដើម្បីសម្រួលដល់ការបើកលំហនយោបាយ និងលំហសេរីភាពស៊ីវិលនៅក្នុងប្រទេសកម្ពុជា ដោយគោរពតាមការប្ដេជ្ញាចិត្តលើប្រជាធិបតេយ្យរបស់ខ្លួន។
នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នេះ សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញលើសំណុំរឿងលោក កឹម សុខា ឱ្យជាប់ពន្ធនាគារ ២៧ឆ្នាំ និងដកហូតសិទ្ធិនយោបាយ ទុកជាបានការដដែល ប៉ុន្តែសាលាឧទ្ធរណ៍បានបន្ថែមទោសឱ្យលោក កឹម សុខា ដោយហាមមិនឱ្យចាកចេញពីប្រទេសកម្ពុជារយៈពេល ៥ឆ្នាំមួយបន្ថែមទៀត។
កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ២៧ឆ្នាំ ពីបទ សន្ទិដ្ឋភាពជាមួយរដ្ឋបរទេស ដោយតម្រូវឱ្យសមត្ថកិច្ចឃុំខ្លួនលោកនៅក្នុងផ្ទះ និងដកហូតសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយអស់មួយជីវិតផងដែរ។
ជុំវិញបញ្ហានេះ អនុប្រធានប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) អ្នកស្រី Bryony Lau ស្នើឱ្យរដ្ឋាភិបាលកម្ពុជាទម្លាក់បទចោទប្រកាន់លើលោក កឹម សុខា និងដោះលែងលោកជាបន្ទាន់ និងស្ដារសិទ្ធិនយោបាយរបស់លោកឡើងវិញដោយគ្មានលក្ខខណ្ឌ។
អ្នកស្រី Bryony Lau ព្រមានថា ការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០២៧ និងការបោះឆ្នោតជាតិនៅឆ្នាំ២០២៨ នឹងមិនមានភាពត្រឹមត្រូវទេ ដរាបណារដ្ឋាភិបាលកម្ពុជានៅតែប្រើប្រាស់តុលាការដើម្បីដាក់ទណ្ឌកម្មដោយអយុត្តិធម៌លើគូប្រជែងនយោបាយនៅក្នុងប្រទេស។
ចំណែកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៣០ មេសា ដោយសម្ដែងនូវការសោកស្តាយចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍លើសំណុំរឿងលោក កឹម សុខា ដែលសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការ និងបន្ថែមទោសលើរូបលោកដោយហាមឃាត់មិនឱ្យចាកចេញពីប្រទេសកម្ពុជារយៈពេល ៥ឆ្នាំទៀតនោះ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អំពាវនាវឱ្យអាជ្ញាធរកម្ពុជា ធានានូវការគោរពសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយឱ្យបានពេញលេញដូចបានចែងក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា និងកតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលកម្ពុជាបានផ្តល់សច្ចាប័ន និងមានកាតព្វកិច្ចត្រូវលើកកម្ពស់។
ដោយឡែកគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ បានចេញសេចក្តីថ្លែងការណ៍រួមគ្នានៅថ្ងៃទី៣០ មេសា ដោយសម្ដែងការសោកស្ដាយ និងខកចិត្តចំពោះសាលដីការបស់សាលាឧទ្ធរណ៍ ដែលសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញលើសំណុំរឿងលោក កឹម សុខា ទុកជាបានការដដែលនោះ។
គណបក្សទាំងពីរបញ្ជាក់ថា ការរក្សាទោសដ៏ធ្ងន់ធ្ងរនេះគឺជាការបោះបង់ចោលនូវឱកាសដ៏សំខាន់ក្នុងការស្ដារឡើងវិញនូវការឯកភាពជាតិ និងការបង្រួបបង្រួមជាតិ ដែលជាបំណងប្រាថ្នាតែមួយគត់របស់ពលរដ្ឋខ្មែរ។
ជុំវិញបញ្ហានេះ មេធាវីមេបក្សប្រឆាំង លោក ផែង ហេង បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៣០ មេសា ថា លោក កឹម សុខា បានបង្ហាញអារម្មណ៍ខកចិត្តនៅចំពោះមុខបណ្តាអង្គទូតដែលបានចូលរួមស្តាប់ការប្រកាសសាលដីកាលើបណ្តឹងឧទ្ធរណ៍របស់លោក។
អ្នកច្បាប់រូបនេះ បញ្ជាក់ថា លោកនឹងពិភាក្សាជាមួយលោក កឹម សុខា ថាតើនឹងត្រូវប្តឹងសាទុក្ខដែរឬយ៉ាងណា ខណៈតុលាការទុករយៈពេល ១ខែសម្រាប់ការប្តឹងសាទុក្ខចំពោះសេចក្តីសម្រេចនេះ៕
© 2026, . All rights reserved.