ទិន្នន័យតាមដានការដឹកជញ្ជូនផ្លូវសមុទ្រនៃប្រទេសអង់គ្លេស បានឱ្យដឹងថា កប៉ាល់ដឹកប្រេងអ៊ីរ៉ង់ ចំនួន ៦គ្រឿង ត្រូវបានបង្ខំឱ្យត្រឡប់ចូលកំពង់ផែអ៊ីរ៉ង់ វិញ ដោយការរុញច្រានពីកងទ័ពជើងទឹកសហរដ្ឋអាមេរិក។
ការឡោមព័ទ្ធច្រកសមុទ្រ Hormuz ដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានបង្កផលប៉ះពាល់ដល់នាវាចរណ៍តាមច្រកសមុទ្រ Hormuz ដែលជាផ្លូវនាំចេញប្រេងដ៏សំខាន់ពីមជ្ឈិមបូព៌ាទៅកាន់ពិភពលោក។
យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៨ ខែមេសា ជាធម្មតាក្នុងរយៈពេលមួយខែ កប៉ាល់ចន្លោះពី ១២៥គ្រឿងទៅ ១៤០គ្រឿងបានចេញ-ចូលឆ្លងកាត់ច្រកសមុទ្រ Hormuz ប៉ុន្តែក្រោយអាមេរិក-អ៊ីស្រាអែល ចាប់ផ្តើមធ្វើសង្គ្រាមវាយប្រហារអ៊ីរ៉ង់ នាថ្ងៃទី២៨ ខែកុម្ភៈ មានតែកប៉ាល់ ៧គ្រឿងប៉ុណ្ណោះដែលបានឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាព។
ផ្កាយរណបរបស់ក្រុមហ៊ុនដឹកជញ្ជូនផ្លូវទឹក TankerTrackers បានបង្ហាញថាកប៉ាល់ដឹកប្រេង ៦គ្រឿងត្រូវបានបង្ខំឱ្យត្រឡប់ទៅកំពង់ផែអ៊ីរ៉ង់ វិញក្នុងរយៈពេល ៣ថ្ងៃមកនេះ ដែលដឹកប្រេងប្រមាណជាង ១០លានបារ៉ែល។
កងកម្លាំងអាមេរិកាំងដែលកំពុងស្ថិតនៅតំបន់ឈូងសមុទ្រអូម៉ង់ បានប្រាប់ឱ្យកប៉ាល់ទាំងនោះត្រូវបកក្រោយវិញ តែកប៉ាល់ផ្សេងទៀតត្រូវបានអនុញ្ញាតឱ្យបន្តដំណើរទៅមុខ ព្រោះតែកប៉ាល់ទាំងនោះមិនប្រើទង់ជាតិអ៊ីរ៉ង់។ តែភាគតិចដែលកប៉ាល់ទាំងនោះបានឆ្លងកាត់រួចច្រកសមុទ្រ Hormuz។
ជាទូទៅ កងកម្លាំងទ័ពជើងទឹកសហរដ្ឋអាមេរិកបញ្ចេញនាវាចម្បាំងទៅបញ្ជាឱ្យកប៉ាល់ទាំងនោះបង្វែរទិសទៅកំពង់ផែពួកគេវិញ បើកប៉ាល់ទាំងនោះមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ឬដោតទង់ជាតិអ៊ីរ៉ង់។ ពេលខ្លះ កងនាវាចម្បាំងអាមេរិកតាមរឹបអូសកប៉ាល់ទាំងនោះ រហូតដល់ភាគខាងកើតនៃច្រកសមុទ្រម៉ាឡាកា តំបន់សមុទ្រអារ៉ាប់ មហាសមុទ្រឥណ្ឌា ដែលយ៉ាងតិចកប៉ាល់ដោតទង់ជាតិអ៊ីរ៉ង់ ចំនួន ៥គ្រឿងត្រូវបានរឹបអូស។
សហរដ្ឋអាមេរិក បានដាក់ពង្រាយនាវាចម្បាំងឡោមព័ទ្ធច្រកសមុទ្រ Hormuz មានការកើនឡើងជាលំដាប់ ដែលមកដល់ថ្ងៃទី២៨ មេសា នេះ មាន ១៦គ្រឿង និងនាវាផ្ទុកយន្តហោះចំនួន ៣គ្រឿង បូកនឹងនាវាផ្ទុកឧទ្ធម្ភាគចក្រមួយគ្រឿង រួមនឹងយន្តហោះចម្បាំង ១០០គ្រឿង និងមានកងទ័ពសរុប ៣០០០០នាក់។ គោលដៅដែលត្រូវដាក់ពង្រាយនាវាចម្បាំង គឺនៅតំបន់ឈូងសមុទ្រអូម៉ង់ សមុទ្រក្រហម និងឈូងសមុទ្រពែក្ស។
ក្នុងស្ថានភាពដ៏តានតឹងនេះ ត្រូវបានរាយការណ៍ថាលោកប្រធានាធិបតី ដូណាល់ ត្រាំ អាចមិនទទួលយកសំណើបើកផ្លូវចរចាពីភាគីអ៊ីរ៉ង់ នោះទេ។
មន្ត្រីអាមេរិកម្នាក់បាននិយាយកាលពីថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ មិនពេញចិត្តចំពោះសំណើថ្មីមួយរបស់អ៊ីរ៉ង់ ក៏ព្រោះតែសំណើនោះមិនបានដោះស្រាយបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
បណ្ដាញផ្សាយព័ត៌មានអាមេរិក Axios កាលពីថ្ងៃអាទិត្យ ទី២៦ ខែមេសា បានឱ្យដឹងថា សំណើថ្មីរបស់អ៊ីរ៉ង់ ដូចនេះ ត្រូវបានបញ្ជូនទៅឱ្យសហរដ្ឋអាមេរិកតាមរយៈប្រទេសប៉ាគីស្ថាន គឺផ្ដោតជាសំខាន់ទៅលើការដោះស្រាយវិបត្តិច្រកសមុទ្រ Hormuz និងការបិទខ្ទប់របស់សហរដ្ឋអាមេរិកជាមុនសិន ទើបអ៊ីរ៉ង់ ព្រមចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប៉ុន្តែក្នុងនោះ ទីក្រុងតេហេរ៉ង់ បញ្ជាក់ថា ការចរចាអំពីការបញ្ចប់សង្គ្រាមក៏ត្រូវធ្វើឡើងជាមួយគ្នានឹងករណីបើកឡើងវិញច្រកសមុទ្រដែរ។
តាមប្រភពព័ត៌មាន Axios សំណើថ្មីរបស់អ៊ីរ៉ង់ អំពីបទឈប់បាញ់ នឹងត្រូវពន្យារបន្ថែមរយៈពេលវែង ឬមួយភាគីទាំងពីរត្រូវយល់ព្រមលើការបិទបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍។ ចំណែកកិច្ចចរចានុយក្លេអ៊ែរអាចធ្វើបាន បន្ទាប់ពីច្រកសមុទ្រ Hormuz ត្រូវបានបើកឡើងវិញ ហើយនាវាចម្បាំងអាមេរិកក៏បញ្ឈប់ការដាក់ពង្រាយនៅតំបន់សមុទ្រមជ្ឈិមបូព៌ាដែរ។
តាមមន្ត្រីអាមេរិក លោក ត្រាំ បានពិភាក្សាលើសំណើថ្មីរបស់អ៊ីរ៉ង់ ជាមួយក្រុមមន្ត្រីសន្តិសុខកំពូលៗរបស់លោក។ លោក ត្រាំ នៅតែបន្តទាមទារថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរជាដាច់ខាត ទោះជាកាលៈទេសៈណាក៏ដោយ។
ចាប់តាំងពីផ្ទុះសង្គ្រាម នៅថ្ងៃទី២៨ កុម្ភៈ មកនេះ របបសាធារណរដ្ឋឥស្លាមិកអ៊ីរ៉ង់ ខាតបង់ទ្រព្យសម្បត្តិប្រមាណជា ៣០០ពាន់លានដុល្លារ ដោយសារអគារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរងការបំផ្លាញដោយគ្រាប់បែកទម្លាក់ពីយន្តហោះសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
យ៉ាងណាមិញ ព័ត៌មានចេញដោយសេតវិមាន ដោយអ្នកកាសែតស៊ើបអង្កេត និងអ្នកវិភាគអាមេរិកាំងមួយចំនួន ដូចជា លោក David Rhode ជាដើម បង្ហាញថាមន្ត្រីនៃក្រសួងការពារជាតិអាមេរិកាំង ហាក់ដូចជាមិននិយាយការពិតទាំងស្រុងក្នុងការផ្តល់ព័ត៌មានដល់ប្រធានាធិបតី ហើយមានករណីខ្លះផ្ទុយគ្នាផង។
លោក David Rhode ប្រាប់ទូរទស្សន៍ MS NOW នៅថ្ងៃទី២៨ មេសា ថា សេចក្តីថ្លែងអះអាងពីរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth បានធ្វើឱ្យអនុប្រធានាធិបតី JD Vance មានចម្ងល់អំពីបរិមាណអាវុធយុទ្ធភណ្ឌមីស៊ីលក្នុងឃ្លាំង ថាតើមានគ្រប់គ្រាន់ ឬស្រកស្រុត។ រីឯសេចក្តីរាយការណ៍ថារដ្ឋអំណាចអ៊ីរ៉ង់ នឹងរលំឆាប់ៗនោះ ក៏ដូចជាប៉ាន់ប្រមាណមិនប្រាកដដែរ ព្រោះថា អ៊ីរ៉ង់នៅតែមានសមត្ថភាពរស់រានដល់ម៉ោងនេះ នៅតែប្រកាន់ជំហររឹងមិនព្រមចុះញ៉មសហរដ្ឋអាមេរិកដដែល ថ្វីបើទីបញ្ជាការដ្ឋានកណ្ដាលប៉ង់តាហ្គោន អះអាងថាក្នុងរយៈពេលដែលច្រកសមុទ្រ Hormuz ធ្លាក់ក្នុងការឡោមព័ទ្ធដោយកងនាវាចម្បាំងសហរដ្ឋអាមេរិក ក្រុងតេហេរ៉ង់ ប្រឈមមុខនឹងការបាត់បង់ចំណូលពីការបញ្ចេញប្រេង និងឧស្ម័ន រួមទាំងផលិតផលឧស្សាហកម្មផ្សេងៗទៀត គឺមួយថ្ងៃពី ៤៣០លានដុល្លារទៅ ៥០០លានដុល្លារអាមេរិកយ៉ាងណាក្ដី៕
© 2026, . All rights reserved.