អតិថិជនជាម្ចាស់ទុនបើកគណនីតម្កល់ប្រាក់ក្នុងធនាគារ ហួយវ័ន្ត ផេ (Huione Pay) ក្រោយមកដូរឈ្មោះជា H-Pay Service ដែលភាគច្រើនជាជនជាតិចិន ប្រមាណ ១០០នាក់ បាននាំគ្នាទៅតវ៉ានៅមុខធនាគារជាតិនៃកម្ពុជា បានប៉ះទង្គិចជាមួយអាជ្ញាធរមានសមត្ថកិច្ចខ្មែរកាលពីថ្ងៃចន្ទ ទី២៧ ខែមេសា រហូតដល់មានជនជាតិចិនម្នាក់បែកក្បាលហូរឈាមនៅចិញ្ចើមថ្នល់ក្រុងភ្នំពេញ។
មានស្ត្រីខ្មែរម្នាក់ពីខេត្តព្រះសីហនុ បានឱ្យដឹងតាមបណ្ដាញសង្គម X នៅថ្ងៃទី២៨ មេសា ថា គាត់មានប្រាក់ទុកក្នុងធនាគារនោះ ១លានដុល្លារ។ ជនជាតិចិន ដែលប៉ូលិសវាយបែកក្បាល ប្រាប់កាសែតថា គាត់មានប្រាក់ក្នុងធនាគារជាង ១ម៉ឺនដុល្លារសម្រាប់បើកឱ្យបុគ្គលិកក្រុមហ៊ុនដែលគ្មានប្រាក់ខែអស់រយៈពេលបីខែមកហើយនោះ។ អាជីវករខ្លះតម្កល់ប្រាក់ ៣ម៉ឺនដុល្លារ អ្នកខ្លះទៀត ៥ម៉ឺនដុល្លារ។
អតិថិជនជាជនជាតិចិន ធ្លាប់បានទៅតវ៉ានៅឯស្ថានទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃពុធ ក្រោយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីទាមទារឱ្យធនាគារសងប្រាក់ពួកគេដូចធនាគារ ផេនដា (Panda) និងធនាគារ ព្រីនស៍ (Prince) ដែរ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យអតិថិជនខ្មែរ ១០នាក់ និងចិន ១០នាក់ ចូលក្នុងអគារធនាគារជាតិ ដើម្បីដាក់ពាក្យតវ៉ា។ ធនាគារជាតិ កាលពីពីដំបូងប្រាប់អតិថិជនតាមលិខិតថា រដ្ឋមិនតម្រូវឱ្យធនាគារជាតិលូកដៃធ្វើអន្តរាគមន៍ទេ ហើយឱ្យអតិថិជនប្តឹងតាមផ្លូវច្បាប់ទៅតុលាការ។
អ្នកតវ៉ាប្រាប់សារព័ត៌មាន Mekong Independent ថា ធនាគារជាតិ អះអាងថាក្រុមហ៊ុន Huione Group, Huione Pay, H-Pay Service ជាក្រុមហ៊ុនខុសគ្នា មិនមែនក្រុមហ៊ុនតែមួយទេ ប៉ុន្តែអតិថិជនមិនជឿ ពីព្រោះគេដឹងថាក្រុមហ៊ុនទាំងអស់នេះធ្វើការរកស៊ីដំណើរការជាមួយគ្នា។
ពលរដ្ឋខ្មែរដឹងច្បាស់ថា ស្ថាប័នរដ្ឋផ្នែកហិរញ្ញវត្ថុ ជាអ្នកចេញលិខិតស្នាមអាជ្ញាបណ្ណដល់ក្រុមហ៊ុនទាំងអស់នោះរកស៊ីនៅស្រុកខ្មែរ។ អ្នកគ្រប់គ្រងក្រុមហ៊ុន Huione Group មានឈ្មោះ លី សុង (Li Xiong) និងភរិយា Eva Li កូនចៅ ចេន ហ្ស៊ី (Chen Zhi) ដែលមានឧកញ៉ា ហ៊ុន តូ ជាសមាជិកនាយកគ្រប់គ្រងមួយរូបជាមួយនឹងជនជាតិចិន ឯទៀតមួយចំនួន ដូចជា Daren Li ដែលរត់គេចពីច្បាប់ និង Luo Hong នៃក្រុមហ៊ុន បូឡៃ រកស៊ីខាង cryptocurrency ហើយបង្កើតធនាគារជាសាខាផ្ទេរប្រាក់បិទបាំងមុខរបរឆបោកតាមបច្ចេកវិទ្យា។
រាជរដ្ឋាភិបាលខ្មែរបានចាប់បញ្ជូនលោក ចេន ហ្ស៊ី ឱ្យរដ្ឋអំណាចក្រុងប៉េកាំង កាលពីដើមខែមករា និង លី សុង នៅដើមខែមេសា។
អំពើហិង្សារឿងខ្ទប់ប្រាក់កាសអតិថិជន សារព័ត៌មាន និងបណ្ដាញសង្គមនៅប្រទេសចិន បានផ្សព្វផ្សាយការអធិប្បាយពីពលរដ្ឋចិន ថា៖ «ហេតុអ្វីបានជាជនរងគ្រោះទាមទារបើកប្រាក់របស់គេ បែរជាត្រូវអាជ្ញាធរវាយដំទៅវិញ?»៕
© 2026, . All rights reserved.