ក្រុម​អនុព័ន្ធ​យោធា​បរទេស (MACPP) កំពុង​សង្កេតការណ៍ និង​ត្រួតពិនិត្យ​នៅ​ទីតាំង​ជាក់ស្តែង​នៅ​ច្រក​អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ កាលពី​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០២៦។

ព័ត៌មានជាតិ

ស្នូរ​អាវុធ​ផ្ទុះ​នៅ​ម្តុំ​ច្រក​អូរស្មាច់ ខណៈ​ភាគី​ខ្មែរ​នាំ​ប្រតិភូ​សង្កេតការណ៍​អន្តរជាតិ​មើល​ព្រំដែន

By ឌឹ ខេមបូឌា ដេលី

May 01, 2026

ក្រសួង​ការពារ​ជាតិ​ប្រទេស​កម្ពុជា សម្ដែង​ការ​ខកចិត្ត​ចំពោះ​ករណី​ផ្ទុះ​អាវុធ ៩​គ្រាប់ ដែល​បង្ក​ឡើង​ដោយ​កម្លាំង​យោធា​ថៃ ចំនួន ៥​លើក នៅ​ច្រក​អូរស្មាច់ ខេត្ត​ឧត្ដរមានជ័យ។

ក្រសួង​ការពារ​ជាតិ​ប្រទេស​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​សម្ដែង​ការ​ខកចិត្ត​អំពី​ករណី​បង្ក​ស្នូរ​ផ្ទុះ​អាវុធ​ដោយ​កងទ័ព​ថៃ ខណៈ​ក្រុម​សេនានុព័ន្ធ​យោធា​បរទេស (MACPP) ចុះ​ត្រួតពិនិត្យ​នៅ​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០២៦ ចន្លោះ​ពី​ម៉ោង ១០:៣៥​នាទី​ព្រឹក ដល់​ម៉ោង ១១:០៩​នាទី ចំនួន ៥​លើក ដោយ​បញ្ជាក់​ថា​បាន​បាញ់​កាំភ្លើង​ប្រភេទ M79 និង​ប្រភេទ M16 សរុប​ចំនួន ៩​គ្រាប់។

ក្រសួង​ការពារ​ជាតិ បញ្ជាក់​ថា មុន​ចេញ​ដំណើរ​ទស្សនកិច្ច​នៃ​ក្រុម​សេនានុព័ន្ធ​យោធា​បរទេស (MACPP) លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ភូមិភាគ (RBC) នៃ​យោធភូមិភាគ​ទី​៤ ប្រទេស​កម្ពុជា បាន​ចេញ​លិខិត​ជូនដំណឹង​ជា​ផ្លូវការ​ទៅ​កាន់​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ភូមិភាគ (RBC) នៃ​យោធភូមិភាគ​ទី​២ ថៃ រួចរាល់​ហើយ។

ចំណុច​នេះ អ្នកនាំពាក្យ​កងទ័ព​ថៃ ឧត្ដមសេនីយ៍ទោ វិនថៃ ស៊ុវ៉ារី បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​តាម​បណ្ដាញ​សង្គម X នៅ​ថ្ងៃទី​២៩ ខែ​មេសា ថា ភាគី​ថៃ បាន​ទទួល​ព័ត៌មាន​ផ្លូវការ​ពី​ភាគី​ខ្មែរ អំពី​ដំណើរ​ទស្សនកិច្ច​នៃ​អ្នក​សង្កេតការណ៍​អន្តរជាតិ​នោះ​មែន ហើយ​ក៏បាន​សហការ​តាមដាន​ស្ថានការណ៍​តាម​ព្រំដែន​យ៉ាង​ដិតដល់ ដើម្បី​រក្សា​សន្តិសុខ និង​សុវត្ថិភាព​អនុលោម​តាម​បទបញ្ជា​យោធា បញ្ញត្តិ​ច្បាប់​អន្តរជាតិ និង​សេចក្តី​ប្រកាស​រួម​ព្រមព្រៀង​គ្នា​កន្លង​ទៅ។

អ្នកនាំពាក្យ​យោធា​ថៃ ដដែល បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា នៅ​ពេល​ក្រុម​សេនានុព័ន្ធ​យោធា​បរទេស​ទៅ​សង្កេតការណ៍​តាម​ព្រំដែន​នៅ​តំបន់​អូរស្មាច់​ខាង​ទឹកដី​ខ្មែរ និង​ឆុងចម​ខាង​ទឹកដី​ថៃ មាន​យោធា​ខ្មែរ​ព្យាយាម​ចូល​ទៅ​ជិត​រនាំង​លួស​បន្លា ដែល​យោធា​ថៃ បាន​រាយ​ឃាំង​ពី​គ្រា​មុន។ យោធា​ថៃ នៃ​យោធភូមិភាគ​ទី​២ បាន​បាញ់​គ្រាប់​កាំជ្រួច​ភ្លើង​ហៅ​ជា​ភាសា​អង់គ្លេស​ថា shellcracker ឬ pyrotechnics ដែល​ជា​គ្រាប់​បង្ក​ស្នូរ​ផ្ទុះ​បង្អើល ដើម្បី​ព្រមាន​បន្ទច់​ដំណើរ​ទាហាន​ខ្មែរ​កុំ​ឱ្យ​ចូល​ជិត​ទៅ​លួស​បន្លា​តាម​ព្រំដែន​នោះ​តទៅទៀត។

យោធា​ថៃ និយាយ​ថា សកម្មភាព​យោធា​ខ្មែរ​ធ្វើ​ដូច្នោះ គឺ​ដូចជា​ចង់​ជន្ល​ឱ្យ​យោធា​ថៃ ត​ដៃ ហើយ​ចោទ​ថា​ថៃ ប្រើ​អំពើ​ហិង្សា​រំលោភ​កិច្ចព្រមព្រៀង។

កាលពី​សប្តាហ៍​មុន កាសែត​បាងកក​ប៉ុស្តិ៍ ផ្សាយ​កាលពី​ថ្ងៃ​អង្គារ ទី​២១ ខែ​មេសា ស្រង់​សេចក្តី​រាយការណ៍​ពី​យោធា​ថៃ ថា​ភាគី​ខ្មែរ​បាន​ពង្រាយ​ទាហាន​ប៉ុន្មាន​ថ្ងៃ​មុន​នៅ​តំបន់​ទល់​មុខ​ភូមិ​បានណងចាន់ និង​ឃុំ​ណងម៉ាក់មឿន ស្រុក​គោកស៊ូង តាម​បណ្តោយ​ផ្លូវ​ក៥ ដោយ​មាន​ជីក​លេណដ្ឋាន​ផង។

តាម​កាសែត​ដដែល យោធា​ថៃ បាន​សង្កេត​ឃើញ​មាន​សកម្មភាព​ចល័ត​ទ័ព​នៅ​ភូមិ​ទល់​មុខ​បានណងចាន់ និង​បានណងយ៉ាកែវ ដែល​គេ​ថា​យោធា​បាន​ដណ្តើម​យក​ទៅ​កាន់កាប់​វិញ​ក្នុង​រយៈពេល​មាន​ជម្លោះ​ព្រំដែន​ប្រដាប់​អាវុធ​កន្លង​ទៅ​នោះ។

ទោះជា​យ៉ាងណាក្ដី ទាក់ទង​នឹង​ករណី​ចោទ​គ្នា​ទៅវិញ​ទៅមក​នេះ ក្រសួង​ការពារ​ជាតិ​ប្រទេស​កម្ពុជា គូស​បញ្ជាក់​ថា ហេតុការណ៍​ថ្មី​នេះ គឺ​ផ្ទុយ​ទៅ​នឹង​ស្មារតី​នៃ​បទ​ឈប់​បាញ់​គ្នា និង​កិច្ចព្រមព្រៀង​ទាំងឡាយ​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង និង​លើកកម្ពស់​សន្តិភាព សន្តិសុខ និង​ភាព​ស្ងប់ស្ងាត់​នៅ​តាម​បណ្តោយ​ព្រំដែន​យ៉ាង​ធ្ងន់ធ្ងរ។

ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា អ្នកស្រី ម៉ាលី សុជាតា អះអាង​នៅ​ថ្ងៃទី​២៩ មេសា ថា ភាគី​កម្ពុជា​ប្ដេជ្ញា​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​គោរព និង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​សេចក្តី​ប្រកាស​រួម​ពី​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) សេចក្តី​ថ្លែងការណ៍​រួម​ស្ដីពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា និង​ថៃ រួម​ទាំង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេង​ទៀត ស្រប​តាម​ច្បាប់​អន្តរជាតិ ក៏ដូចជា​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ។

អ្នកនាំពាក្យ​រូប​នេះ​បញ្ជាក់​ថា ក្នុង​នាម​ជា​រដ្ឋ​ដែល​គោរព​ច្បាប់ និង​មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់ ប្រទេស​កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ហើយ​ការ​សម្រេច​បាន​នូវ​សន្តិភាព​យូរអង្វែង​រវាង​ប្រទេស​ទាំង​ពីរ ដែល​រួម​ចំណែក​ដល់​សន្តិភាព ស្ថិរភាព និង​ឯកភាព​ក្នុង​អាស៊ាន គឺ​ទាមទារ​ការ​ប្ដេជ្ញាចិត្ត​ពិតប្រាកដ និង​ការ​គោរព​ពេញលេញ​ចំពោះ​ច្បាប់​អន្តរជាតិ ធម្មនុញ្ញ​អាស៊ាន ក៏ដូចជា​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​ទាំងអស់។

ទាក់ទង​នឹង​តំបន់​អូរស្មាច់ ដែល​បង្ក​ឱ្យ​មាន​ការ​ចោទ​គ្នា​ទៅវិញ​ទៅមក​នោះ យោធា​ថៃ បាន​ឃាត់​ខ្លួន​ជនជាតិ​យៀកណាម ជាង ១០​នាក់ ហើយ​បញ្ជូន​ទៅ​ឱ្យ​ប៉ូលិស​នៅ​ក្បែរ​ច្រក​ឆងសាង៉ាំ ខេត្ត​ស៊ីសាកេត ខាង​ថៃ ជាប់​ខេត្ត​ឧត្ដរមានជ័យ ខាង​ខ្មែរ បន្ទាប់ពី​ពួកគេ​រត់​គេច​ខ្លួន​ពី​មណ្ឌល​ឆបោក​អូរស្មាច់ ចម្ងាយ​ប្រមាណ ៣០០​ម៉ែត្រ​ពី​ច្រក​ឆងចម ខាង​ថៃ។

តាម​ការ​បញ្ជាក់​ពី​តម្រួត​ថៃ ជនជាតិ​យៀកណាម ទាំងនោះ មាន​ជំនាញ​ខាង​ព័ត៌មានវិទ្យា (IT) ហើយ​ត្រូវ​បាន​ក្រុម​មេ​ឆបោក​ល្បួង​ឱ្យ​ទៅ​ធ្វើការ​ក្នុង​មណ្ឌល​ឆបោក​ស្រុក​ខ្មែរ ដោយ​សន្យា​ថា​ឱ្យ​បៀវត្ស​មួយ​ខែ ៤០​លាន​ដុង ឬ ៥០០០០​បាត ឬ​ជាង ១៥០០​ដុល្លារ៕

© 2026, . All rights reserved.