ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី២៨ មេសា បានអះអាងថា ប្រទេសអ៊ីរ៉ង់ កំពុងស្ថិតក្នុង «សភាពដួលរលំ» ទើបទីក្រុងតេហេរ៉ង់ ស្វះស្វែងស្នើទីក្រុងវ៉ាស៊ីនតោន បើកដំណើរការច្រកសមុទ្រហ័រមូស (Hormuz) ឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
តាមរយៈការបង្ហោះសារនៅលើបណ្ដាញសង្គម Truth Social លោក ត្រាំ បានបញ្ជាក់ថា អ៊ីរ៉ង់បានផ្តល់ដំណឹងមកលោកថា ពួកគេកំពុងស្ថិតក្នុងស្ថានភាពដួលរលំ និងចង់ឱ្យសហរដ្ឋអាមេរិកបើកច្រកសមុទ្រដ៏សំខាន់នេះឡើងវិញ ខណៈដែលពួកគេកំពុងព្យាយាមដោះស្រាយបញ្ហានៅក្នុងជួរថ្នាក់ដឹកនាំរបស់ខ្លួន។
ការលើកឡើងនេះ ធ្វើឡើងចំពេលមានសេចក្តីរាយការណ៍ថា លោក ត្រាំ មិនពេញចិត្តនឹងសំណើពីអ៊ីរ៉ង់ ដែលទាមទារឱ្យសហរដ្ឋអាមេរិកបញ្ចប់ការបិទខ្ទប់កំពង់ផែជាមុន ទើបចាប់ផ្តើមការចរចារឿងនុយក្លេអ៊ែរនៅពេលក្រោយ ខណៈដែលសំណើនេះមិនបានលើកឡើងពីការលុបចោលកម្មវិធីនុយក្លេអ៊ែរទៅតាមការទាមទារពីសហរដ្ឋអាមេរិកនោះទេ។
ទោះបីជាបច្ចុប្បន្នមានបទឈប់បាញ់គ្នា ដែលត្រូវបានប្រកាសពន្យារពេលដោយលោក ត្រាំ តាមការស្នើសុំពីមេដឹកនាំប្រទេសប៉ាគីស្ថាន ក៏ដោយ ប៉ុន្តែភាពតានតឹងនៅតែបន្តកើតមាន ខណៈដែលការរាំងខ្ទប់ផ្លូវទឹកបានធ្វើឱ្យសេដ្ឋកិច្ចអ៊ីរ៉ង់ រងគ្រោះយ៉ាងធ្ងន់ធ្ងរ។ ក្នុងពេលជាមួយគ្នានេះ ពលរដ្ឋអាមេរិកាំងក៏រងកម្មដែរ ពីព្រោះប្រេងឥន្ធនៈឡើងថ្លៃ ដែលនាំឱ្យទំនិញសព្វសារពើឡើងថ្លៃតាមគ្នាជាបន្តបន្ទាប់។
កាសែត Wall Street Journal បានរាយការណ៍កាលពីយប់ថ្ងៃអង្គារ ដោយដកស្រង់សម្ដីមន្ត្រីអាមេរិកាំងថា ប្រធានាធិបតី ដូណាល់ ត្រាំ បានណែនាំក្រុមជំនួយការឱ្យត្រៀមរៀបចំសម្រាប់ការបិទផ្លូវអ៊ីរ៉ង់ ថែមទៀត ហើយថាលោកនឹងជ្រើសយកវិធីសាស្ត្របន្តរឹតត្បិតសេដ្ឋកិច្ចតាមរយៈការរារាំងផ្លូវដឹកជញ្ជូនទៅមកកំពង់ផែអ៊ីរ៉ង់។
នៅព្រឹកថ្ងៃពុធ ទី២៩ ខែមេសា រដ្ឋសភាអាមេរិកាំង បើកសវនាការសួរនាំរដ្ឋមន្ត្រីក្រសួងការពារជាតិ Pete Hegseth អំពីការវិវឌ្ឍក្នុងដំណើរចម្បាំងជាមួយអ៊ីរ៉ង់ នៅពេលដែលប្រតិបត្តិការយោធានេះត្រូវការបន្ថែមថវិកាទៀតនោះ។ មានចំណុចខ្លះ លោកព្យាយាមគេចមិនឆ្លើយចំនឹងសំណួរពីតំណាងរាស្ត្រ។
ក្នុងស្ថានភាពដែលច្រកសមុទ្រ Hormuz នៅតែបន្តរាំងខ្ទប់ នៅថ្ងៃពុធនេះ តម្លៃប្រេងបានបន្តកើនឡើង ដោយសារមានសេចក្តីរាយការណ៍ថា សហរដ្ឋអាមេរិកនឹងពង្រីកការបិទផ្លូវកំពង់ផែអ៊ីរ៉ង់ ដែលធ្វើឱ្យបញ្ហារំខានចំពោះការផ្គត់ផ្គង់ប្រេងពីតំបន់ផលិតដ៏សំខាន់នៅមជ្ឈិមបូព៌ា។
យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៩ ខែមេសា នេះ តម្លៃប្រេងឆៅ Brent កើនឡើងដល់ទៅជិត ១១២ដុល្លារ (១១១,៧៨ដុល្លារ) ក្នុងមួយបារ៉ែល ឬស្មើនឹង ១៥៩លីត្រ រីឯតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើងដល់ជិតតម្លៃ ១០១ដុល្លារ (១០០,៥០ដុល្លារ) ក្នុងមួយបារ៉ែល។
ខណៈពិភពលោកជួបវិបត្តិប្រេង ប្រទេសអារ៉ាប់រួម បានប្រកាសសម្រេចចិត្តដកខ្លួនចេញពីក្រុមប្រទេសផលិត និងនាំចេញប្រេង ហៅកាត់ថា OPEC ដែលជាសកម្មភាពបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមប្រទេសនាំចេញប្រេង និងមេដឹកនាំ OPEC គឺប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលពីប្រទេសផលិតប្រេងធំទី៣ នៅតំបន់មជ្ឈិមបូព៌ានេះ ធ្វើឡើងចំពេលដែលសង្គ្រាមនៅអ៊ីរ៉ង់ កំពុងបង្កឱ្យមានវិបត្តិថាមពលជាប្រវត្តិសាស្ត្រ និងការប្រែប្រួលសេដ្ឋកិច្ចពិភពលោក។
លោក Ajay Parmar នាយកផ្នែកថាមពលនៅស្ថាប័ន ICIS យល់ថា ទោះបីជាការចាកចេញនេះក្តី វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទាំងស្រុងទេ ដោយសារប្រទេសអារ៉ាប់រួម ធ្លាប់មានភាពខ្វែងគំនិតលើគោលនយោបាយរបស់ OPEC កាលពីពេលមុន។ តែអ្នកស្រាវជ្រាវរូបនេះចាត់ទុកជាការឆ្លុះបញ្ចាំងពីការប្រេះឆានៃទំនាក់ទំនងសម្ព័ន្ធភាពរវាងអារ៉ាប់រួម និងអារ៉ាប៊ីសាអ៊ូឌីត ដែលធ្លាប់តែមានភាពរឹងមាំជាមួយគ្នាជាប្រវត្តិសាស្ត្រ។
ក្រុមអ្នកវិភាគឯករាជ្យនៅមជ្ឈិមបូព៌ាខ្លះ មើលឃើញថា សង្គ្រាមរវាងមហាអំណាចសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក៏ជាការពិសោធចិត្តគំនិតប្រទេសក្នុងពិភពអារ៉ាប់ដែរ ថាតើពួកគេរក្សាសាមគ្គីភាព និងឯកភាពជាបងប្អូនរួមសាសន៍បានយូរដល់ណា។
ទោះជាយ៉ាងណាក្ដី រដ្ឋមន្ត្រីក្រសួងថាមពល និងហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសអារ៉ាប់រួម លោក Suhail Al Mazrouei បាននិយាយថា ការសម្រេចចិត្តនេះមិនប៉ះពាល់ខ្លាំងដល់ទីផ្សារប្រេងសកលទេ ព្រោះទីផ្សារកំពុងជួបប្រទះការខ្វះខាតចំពោះការផ្គត់ផ្គង់រួចទៅហើយ៕
© 2026, . All rights reserved.