លោក ណុប វី នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (ខេមបូចា) ថ្លែង​នៅ​ក្នុង​ពិធី​រំលឹក​ខួប​នៃ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក នៅ​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០២៦។

ព័ត៌មានជាតិ

សង្គម​ស៊ីវិល​ព្រមាន​ថា កង្វះ​ការ​រាយការណ៍​ដោយ​ឯករាជ្យ កម្ពុជា​ត្រូវ​បាន​គ្របដណ្ដប់​ដោយ​ព័ត៌មាន​មិន​ពិត​និង​ក្លែង​បន្លំ

By ឌឹ ខេមបូឌា ដេលី

May 01, 2026

ស្ថាប័ន​សារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​វិធានការ​ការពារ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។

អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ ព្រមាន​ថា កម្ពុជា​នឹង​ត្រូវ​បាន​គ្របដណ្ដប់​ដោយ​ព័ត៌មាន​មិន​ពិត និង​ក្លែងបន្លំ ដោយសារ​កង្វះ​ការ​ការពារ​សុវត្ថិភាព​អ្នក​សារព័ត៌មាន និង​ការ​រាយការណ៍​ដោយ​ឯករាជ្យ។

ស្ថាប័ន​សារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល​ជាង ១០ រួម​មាន មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) និង​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (ខេមបូចា) ជាដើម បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​នៅ​ថ្ងៃទី​៣០ មេសា នេះ ដោយ​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្ដេជ្ញាចិត្ត​ចំពោះ​គោលការណ៍​គ្រឹះ​នៃ​សេរីភាព​បញ្ចេញមតិ និង​តួនាទី​មិន​អាច​ខ្វះ​បាន​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សេរី ឯករាជ្យ និង​ចម្រុះ ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​តំបន់ និង​នៅ​ទូទាំង​ពិភពលោក។

ប្រភព​ដដែល​លើកឡើង​ថា បរិយាកាស​ដែល​អំណោយផល​ពិតប្រាកដ​មួយ មិន​អាច​កើតមាន​ឡើង​បាន​ឡើយ បើ​គ្មាន​ការ​ធានា​នូវ​សុវត្ថិភាព និង​កិច្ចការពារ​ផ្លូវច្បាប់​សម្រាប់​អ្នក​ដែល​បំពេញ​ការងារ​ដ៏​សំខាន់​នេះ ខណៈ​អ្នក​សារព័ត៌មាន​ដែល​បាន​រាយការណ៍​អំពី​ជម្លោះ​ព្រំដែន​តែងតែ​ប្រឈម​ការ​រឹតត្បិត​សិទ្ធិ និង​ការ​យាយី​តាម​ផ្លូវ​ច្បាប់ ដោយសារតែ​ការ​បំពេញ​វិជ្ជាជីវៈ​របស់​ពួកគេ។

ស្ថាប័ន​សារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា លុបចោល​លក្ខខណ្ឌ​គុណវឌ្ឍ និង​វិជ្ជាជីវៈ​សារព័ត៌មាន និង​លក្ខខណ្ឌ​ក្នុង​ការ​ផ្ដល់​បណ្ណ​សារព័ត៌មាន រួម​ទាំង​បញ្ឈប់​ការ​ប្រើប្រាស់​បទចោទប្រកាន់​ព្រហ្មទណ្ឌ​ទៅ​លើ​អ្នក​សារព័ត៌មាន​ផង​ដែរ។

ជាង​នេះ​ទៀត រដ្ឋាភិបាល​ត្រូវតែ​ទម្លាក់​បទចោទប្រកាន់​ប្រឆាំង​នឹង​អ្នក​សារព័ត៌មាន​ទាំងអស់ និង​ពិនិត្យ​ឡើងវិញ​នូវ​ទោស​ព្រហ្មទណ្ឌ​ទៅ​លើ​ពួកគេ ដើម្បី​ធានា​ថា​អ្នក​សារព័ត៌មាន​អាច​បំពេញ​ការងារ​បាន​ដោយ​គ្មាន​ការ​ភ័យខ្លាច ឬ​ការ​គាបសង្កត់។

ស្ថាប័ន​សារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល​ដដែល​នេះ បញ្ជាក់​ថា ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ ក៏​ត្រូវ​បាន​ឆ្លុះបញ្ចាំង​នៅ​ក្នុង​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០២៦ របស់​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (RSF) ផង​ដែរ ដោយ​ដាក់​ចំណាត់ថ្នាក់​ក្នុង​កម្រិត «ធ្ងន់ធ្ងរ» ដដែល។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​សារព័ត៌មាន​ជាច្រើន នាំគ្នា​ប្រារព្ធ​ពិធី​រំលឹក​ខួប​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ៣ ឧសភា សម្រាប់​ឆ្នាំ​២០២៦ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

នៅ​ថ្ងៃទី​៣០ មេសា នេះ ស្ថាប័ន​សារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល បាន​ប្រារព្ធ​សន្និសីទ​ជាតិ​ស្ដីពី​សេរីភាព​សារព័ត៌មាន​ដើម្បី​រំលឹក​ខួប​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ៣ ឧសភា សម្រាប់​អ្នក​សារព័ត៌មាន សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ ដើម្បី​ពិភាក្សា និង​ស្វែងរក​ដំណោះស្រាយ​រួម ក្នុង​ការ​លើកកម្ពស់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។

អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក ទេព អស្នារិទ្ធ បាន​លើកឡើង​នៅ​សន្និសីទ​ជាតិ​ស្ដីពី​សេរីភាព​សារព័ត៌មាន​នៅ​ថ្ងៃទី​៣០ មេសា នេះ ដោយ​ស្នើ​ឱ្យ​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ចូលរួម​លើកកម្ពស់​សេរីភាព​ដែល​មាន​ទំនួល​ខុសត្រូវ និង​ការ​គោរព​ច្បាប់ ពោល​គឺ​ត្រូវ​លើកតម្កើង​របៀប​ធ្វើការ​ក្នុង​ប្រព័ន្ធ​នីតិរដ្ឋ​សម្រាប់​ជា​មូលដ្ឋានគ្រឹះ​នៃ​សេរីភាព។

អ្នកនាំពាក្យ​រូប​នេះ បញ្ជាក់​ថា ការ​គ្រប់គ្រង​ព័ត៌មាន​សម័យ​ថ្មី​មិនមែន​ជា​ការ​គ្រប់គ្រង​មធ្យោបាយ​ផ្សព្វផ្សាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​ធានា​ទំនុកចិត្ត​សង្គម​មក​លើ​ការ​អនុវត្ត​វិជ្ជាជីវៈ និង​គុណភាព។

យ៉ាងណាក៏ដោយ លោក ណុប វី នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (ខេមបូចា) បាន​លើកឡើង​នៅ​ថ្ងៃទី​៣០ មេសា នេះ​ដែរ​ថា សព្វថ្ងៃ​នេះ នៅតែ​មាន​របាយការណ៍​អំពី​អំពើ​ហិង្សា ការ​ប្ដឹង​ផ្ដល់ ការ​គំរាមកំហែង ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​ដាក់​ពន្ធនាគារ​ជាបន្តបន្ទាប់។

លោក ណុប វី ស្នើ​ឱ្យ​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត ដើម្បី​ធានា​ថា​រូបភាព​គំរាមកំហែង​នានា​នឹង​មិន​បន្ត​កើតមាន​លើ​អ្នក​សារព័ត៌មាន​ក្នុង​ការ​បំពេញ​ការងារ​របស់​ពួកគេ។

ជុំវិញ​បញ្ហា​នេះ របាយការណ៍​សង្គម​ស៊ីវិល បាន​បង្ហាញ​នៅ​ថ្ងៃទី​៣០ មេសា នេះ​ថា ចាប់ពី​ខែ​មករា ដល់​ខែ​មេសា ឆ្នាំ​២០២៦ មាន​ករណី​រំលោភ​បំពាន​សិទ្ធិ​អ្នក​សារព័ត៌មាន​ចំនួន ១៤​ករណី ក្នុង​នោះ​អ្នក​សារព័ត៌មាន ២​នាក់ ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ៦​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន ចំណែក ៥​នាក់​ត្រូវ​បាន​កោះហៅ និង ១​ករណី​ទៀត គឺជា​ការ​គំរាមកំហែង។

ចំណែក​ឆ្នាំ​២០២៥ កន្លង​ទៅ មាន​ការ​រំលោភ​បំពាន​សិទ្ធិ​លើ​អ្នក​សារព័ត៌មាន​ចំនួន ៦១​ករណី ដែល​ប៉ះពាល់​ដល់​អ្នក​សារព័ត៌មាន ៥៧​នាក់ ក្នុង​ចំណោម​នោះ​មាន ៤៥​ករណី ជា​ការ​គំរាមកំហែង​តាម​ផ្លូវ​ច្បាប់ ចំណែក​អ្នក​សារព័ត៌មាន ២​នាក់​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ១៤​ឆ្នាំ ក្រោម​បទចោទប្រកាន់​ពី​បទ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ។

សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០២៦ របស់​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (RSF) បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៣០ មេសា នេះ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ស្ថិត​នៅ​លេខ​រៀង​ទី​១៥១ ក្នុង​ចំណោម ១៨០​ប្រទេស៕

© 2026, . All rights reserved.