ប្រធានាធិបតីភូមា ឧត្ដមសេនីយ៍ មីន អ៊ុងឡាំង កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ បានបញ្ជាឱ្យផ្ទេរអ្នកស្រី អ៊ុងសាន ស៊ូជី ទៅឃុំខ្លួនក្នុងផ្ទះ គឺ ៥ឆ្នាំបន្ទាប់ពីចាប់ឃុំខ្លួនអ្នកស្រីអំឡុងការធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០២១។
បើតាមការចេញផ្សាយរបស់ព័ត៌មានអង់គ្លេស The Guardian ដំណឹងពីការសម្រាលទោសអ្នកនយោបាយជើងចាស់ភូមា រូបនេះ ត្រូវបានគេមើលឃើញតាមសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយការិយាល័យរបស់ឧត្ដមសេនីយ៍ មីន អ៊ុងឡាំង ។
សេចក្ដីថ្លែងការណ៍បានឱ្យដឹងថា លោក មីន អ៊ុងឡាំង បានបន្ធូរបន្ថយទោសសេសសល់របស់អ្នកស្រី ស៊ូជី ព្រោះតែអ្នកស្រី ស៊ូជី ត្រូវអនុវត្តទោសជាប់ឃុំនេះនៅក្នុងផ្ទះ។
ភ្លាមៗមិនទាន់មានព័ត៌មានថា តើអ្នកស្រី ស៊ូជី នឹងត្រូវបានផ្ទេរទៅឃុំខ្លួននៅទីណានោះទេ តែមន្ត្រីជាន់ខ្ពស់មកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់លោកស្រី ស៊ូជី ដែលត្រូវបានរំលាយចោល បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា អ្នកស្រី ស៊ូជី ទំនងជានឹងត្រូវបានផ្ទេរទៅឃុំខ្លួនក្នុងផ្ទះមួយក្នុងរដ្ឋធានី Naypyidaw។
កាលពីថ្ងៃព្រហស្បតិ៍ អ្នកស្រី អ៊ុងសាន ស៊ូជី ក៏ទទួលបានការបន្ធូរបន្ថយទោសបន្ថែមទៀត ក្រោមក្របខ័ណ្ឌនៃការលើកលែងទោសទូលំទូលាយមួយ។
តាមសមាជិកម្នាក់នៃក្រុមមេធាវីការពារក្តីរបស់អ្នកស្រី ស៊ូជី ឱ្យដឹងថា អ្នកស្រីត្រូវបានបន្ធូរបន្ថយទោសក្នុងកម្រិត ១ភាគ៦ នៃទោសជាប់ពន្ធនាគារសរុបរបស់អ្នកស្រី។ បើតាមក្រុមការពារក្ដីសម្រាប់អ្នកស្រី ស៊ូជី ការបន្ធូរបន្ថយទោសទាំងនេះ មានន័យថាទោសជាប់ពន្ធនាគាររបស់លោកស្រីឥឡូវថយមកនៅត្រឹមប្រហែលជាង ១៨ឆ្នាំ។
អ្នកស្រី ស៊ូជី បច្ចុប្បន្នអាយុ ៨០ឆ្នាំ និងមានទោសត្រូវជាប់ពន្ធនាគាររយៈពេលសរុបដល់ទៅ ៣៣ឆ្នាំ ក្រោមបទចោទប្រកាន់ជាច្រើនបទចោទ តែគេមើលឃើញថា ទោសរបស់អ្នកស្រី និងអ្នកនយោបាយជាច្រើនទៀត ត្រូវបានជំរុញដោយហេតុផលនយោបាយនៅក្រោមរបបសឹក។
ក្រោមការបន្ធូរបន្ថយទោសកាលពីឆ្នាំ២០២៣ ទោសរបស់លោកស្រីបានថយមកនៅ ២៧ឆ្នាំ។ អ្នកស្រី អ៊ុងសាន ស៊ូជី ជារដ្ឋមន្ត្រីការបរទេសនៃរបបប្រជាធិបតេយ្យ ក្រោយពីពួកយោធាកាន់អំណាចជាង ៦០ឆ្នាំ ព្រមឱ្យមានរបបមួយកើតចេញពីការបោះឆ្នោត តែទីបំផុត របបប្រជាធិបតេយ្យនេះមានអាយុបាន ៥ឆ្នាំប៉ុណ្ណោះ ក៏ត្រូវបានពួកយោធាធ្វើរដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ២០២១។ ជារដ្ឋប្រហារសម្លាប់របបប្រជាធិបតេយ្យមួយដ៏ថ្មីសន្លាងនៅតំបន់អាស៊ីអាគ្នេយ៍ដែលអ្នកស្រី ស៊ូជី ជាស្ថាបនិក។
ជីវប្រវត្តិសង្ខេបរបស់អ្នកស្រី អ៊ុងសាន ស៊ូជី
អ្នកស្រី អ៊ុងសាន ស៊ូជី ដែលជាអ្នកដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសភូមា និងជាជ័យលាភីពានរង្វាន់ណូបែលសន្តិភាព បានក្លាយជានិមិត្តរូបនៃការតស៊ូរបស់ប្រជាជនភូមា ដើម្បីសេរីភាព។
អ្នកស្រីបានចំណាយពេលជាង ២០ឆ្នាំស្ថិតនៅក្នុងការឃុំឃាំង ដែលភាគច្រើននៅក្រោមការឃុំឃាំងនៅក្នុងផ្ទះ។ អ្នកស្រីត្រូវបានគេដោះលែងកាលពីថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១០។
តែអំឡុងពេលនោះ គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យរបស់អ្នកស្រី ស៊ូជី កំពុងកាន់អំណាចក្រោយពីឈ្នះឆ្នោតនៅឆ្នាំ២០១៥ ប្រទេសភូមា មានរដ្ឋធម្មនុញ្ញថ្មី។ រដ្ឋធម្មនុញ្ញថ្មីហាមការចាប់ខ្លួន និងកាត់ទោសអ្នកនយោបាយណាមួយ បើអ្នកនយោបាយនោះមានទោសដោយសារតែបំពេញបេសកកម្មរបស់ខ្លួន។
ប៉ុន្តែរបបសឹករបស់ឧត្ដមសេនីយ៍ មីន អ៊ុងឡាំង មិនបានគិតអំពីរដ្ឋធម្មនុញ្ញនោះទេ ដោយទោសរបស់អ្នកស្រី ស៊ូជី និងអ្នកទោសនយោបាយផ្សេងទៀត សុទ្ធតែចោទក្នុងបទឧក្រិដ្ឋដែលធ្វើឱ្យជីវិតនយោបាយរបស់អ្នកស្រី ស៊ូជី និងអ្នកប្រជាធិបតេយ្យដទៃទៀតផុយស្រួយយ៉ាងខ្លាំង។
អ្នកស្រី អ៊ុងសាន ស៊ូជី កើតនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៤៥។ អ្នកស្រីជាកូនស្រីរបស់វីរបុរសឯករាជ្យរបស់ប្រទេសភូមា លោក អ៊ុងសាន ដែលត្រូវបានគេធ្វើឃាតនៅពេលអ្នកស្រីទើបតែមានអាយុ ២ឆ្នាំ។
អ្នកស្រី ស៊ូជី បានទទួលការអប់រំនៅប្រទេសភូមា ប្រទេសឥណ្ឌា និងចក្រភពអង់គ្លេស។ ខណៈពេលដែលអ្នកស្រីបានរៀននៅសាកលវិទ្យាល័យ Oxford ប្រទេសអង់គ្លេស អ្នកស្រី ស៊ូជី បានជួបលោក Michael Aris ដែលជាអ្នកប្រាជ្ញជនជាតិទីបេ ដែលអ្នកស្រីបានរៀបការនៅឆ្នាំ១៩៧២។ ពួកគាត់មានកូនប្រុស ២នាក់ គឺលោក អាឡិចសាន់ឌឺ និងលោក គីម (Alexander and Kim)។
អ្នកស្រី អ៊ុងសាន ស៊ូជី បានទទួលពានរង្វាន់អន្តរជាតិជាច្រើន រួមមានទាំងពានរង្វាន់ណូបែលសន្តិភាពពីប្រទេសន័រវែស ផងដែរ។ អំឡុងអ្នកស្រីចំណាយពេលជាង ២០ឆ្នាំស្ថិតនៅក្នុងការឃុំឃាំង ស្ត្រីអ្នកនយោបាយអាស៊ីដ៏ល្បីនេះ តែងតែអំពាវនាវឲ្យប្រជាជននៅជុំវិញពិភពលោក រួមគ្នាតស៊ូដើម្បីសេរីភាពនៃប្រជាជនភូមា៕
© 2026, . All rights reserved.