ឧត្ដមស្នងការអង្គការសហប្រជាជាតិ ទាមទារឱ្យតុលាការលុបចោលសាលក្រមផ្ដន្ទាទោសប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងបុគ្គលផ្សេងទៀតទាំងអស់ដោយគ្មានលក្ខខណ្ឌ ដែលកំពុងត្រូវបានឃុំខ្លួនតាមអំពើចិត្តដោយសារតែការអនុវត្តសិទ្ធិរបស់ពួកគេ។
អ្នកនាំពាក្យការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក ជេរ៉េមី ឡូរ៉ង់ស៍ (Jeremy Laurence) បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១ ឧសភា នេះថា ការផ្ដន្ទាទោស និងការកាត់ទោសលើអ្នកទាំងនេះមិនអនុលោមតាមច្បាប់អន្តរជាតិស្ដីពីសិទ្ធិមនុស្សឡើយ ព្រោះច្បាប់ព្រហ្មទណ្ឌដែលចែងបែបទូលំទូលាយ មិនច្បាស់លាស់ កំពុងត្រូវបានអនុវត្តតាមអំពើចិត្តទៅលើសង្គមស៊ីវិល អ្នកសារព័ត៌មាន និងប្រជាជនទូទៅនៅកម្ពុជាសព្វថ្ងៃនេះ។
ប្រភពដដែលអះអាងថា ដោយសារច្បាប់ព្រហ្មទណ្ឌនេះ បានធ្វើឱ្យការជំនុំជម្រះលើករណីរបស់អ្នកទាំងនោះមានការព្រួយបារម្ភអំពីការរំលោភទៅលើសិទ្ធិទទួលបាននីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ និងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌។
ជុំវិញបញ្ហានេះ អាជ្ញាធរគួរតែពិនិត្យឡើងវិញនូវច្បាប់ព្រហ្មទណ្ឌរបស់កម្ពុជា ដើម្បីធានាថាច្បាប់នេះអនុលោមភាពទាំងស្រុងជាមួយច្បាប់ បទដ្ឋាន និងស្តង់ដាអន្តរជាតិស្ដីពីសិទ្ធិមនុស្ស។
លោក ជេរ៉េមី ឡូរ៉ង់ស៍ ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ធានាថាការរិះគន់ និងការបញ្ចេញមតិដែលស្របច្បាប់ ទទួលបាននូវការការពារ ជាជាងត្រូវបានកំណត់ជាបទល្មើស ដើម្បីធានាការពារដល់លំហសង្គមស៊ីវិល ធានាឯករាជភាពរបស់តុលាការ និងលើកកម្ពស់ការធានាដល់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌។
កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នេះ សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញលើសំណុំរឿងលោក កឹម សុខា ឱ្យជាប់ពន្ធនាគារ ២៧ឆ្នាំ និងដកហូតសិទ្ធិនយោបាយ ទុកជាបានការដដែល ប៉ុន្តែសាលាឧទ្ធរណ៍បានបន្ថែមទោសឲ្យលោក កឹម សុខា ដោយហាមមិនឱ្យចាកចេញពីប្រទេសកម្ពុជារយៈពេល ៥ឆ្នាំមួយករណីបន្ថែមទៀត។
អឺរ៉ុប និងក្រសួងការបរទេសបារាំង បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃទី១ ខែឧសភា នេះថា លោក កឹម សុខា គឺជាសកម្មជនការពារសិទ្ធិមនុស្ស និងជាឥស្សរជននយោបាយដ៏ឆ្នើមម្នាក់របស់គណបក្សប្រឆាំង ប៉ុន្តែបារាំង មានការសោកស្តាយបំផុតចំពោះការសម្រេចតម្កល់សាលក្រមផ្ដន្ទាទោសលើលោក កឹម សុខា នៅក្នុងសវនាការជំនុំជម្រះដំណាក់កាលឧទ្ធរណ៍ កាលពីថ្ងៃទី៣០ មេសា។
ប្រទេសបារាំង អំពាវនាវឱ្យអាជ្ញាធរកម្ពុជា គោរពសិទ្ធិមូលដ្ឋានឱ្យស្របទៅតាមការប្ដេជ្ញាចិត្តជាអន្តរជាតិរបស់ខ្លួន និងលើកទឹកចិត្តឱ្យមានការពិចារណាលើវិធានការអនុគ្រោះនានា ចំពោះបុគ្គលទាំងឡាយណាដែលកំពុងជាប់ឃុំឃាំងដោយសារតែការអនុវត្តសិទ្ធិមូលដ្ឋានរបស់ពួកគេ ក៏ដូចជាដើម្បីពង្រឹងនីតិរដ្ឋនៅក្នុងប្រទេសទៅថ្ងៃមុខ។
ជុំវិញបញ្ហានេះ បណ្តាអង្គទូតបរទេសប្រចាំកម្ពុជាជាច្រើន រួមមានសហភាពអឺរ៉ុប អាល្លឺម៉ង់ អូស្ត្រាលី អង់គ្លេស និងកាណាដា ជាដើម បានចេញសេចក្តីថ្លែងការណ៍សម្ដែងនូវការខកចិត្តដូចៗគ្នាចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍នេះ។
សហមេធាវីការពារក្តីឱ្យប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី ម៉េង សុភារី បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី៣០ ខែមេសា ថា យោងតាមសេចក្តីថ្លែងការណ៍ភ្លាមៗរបស់បណ្តាអង្គទូតតំណាងប្រទេសប្រជាធិបតេយ្យសំខាន់ៗ និងអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ ចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញ បានឆ្លុះបញ្ចាំងឲ្យឃើញថា មេបក្សប្រឆាំងរូបនេះមិនបានប្រព្រឹត្តខុស ឬក្បត់ជាតិដូចការចោទប្រកាន់ និងការផ្ដន្ទាទោសរបស់តុលាការឡើយ។
អ្នកស្រី ម៉េង សុភារី បញ្ជាក់ថា សេចក្តីសម្រេចរបស់តុលាការបែបនេះ នឹងនាំឲ្យប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នីតិរដ្ឋ និងសិទ្ធិនយោបាយរបស់ពលរដ្ឋខ្មែររាប់លាននាក់ ជាពិសេសសិទ្ធិនយោបាយរបស់លោក កឹម សុខា ដែលជាមេដឹកនាំនយោបាយដ៏សំខាន់នៅកម្ពុជា ដែលអាចជួយជាប្រយោជន៍ និងមុខមាត់ដល់ប្រទេសកម្ពុជា។
ចំណែកអង្គការប្រជាធិបតេយ្យខ្មែរ (KDO) បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី៣០ មេសា ដោយថ្កោលទោសសាលាឧទ្ធរណ៍ដែលបានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញលើសំណុំរឿងលោក កឹម សុខា នោះ។
អង្គការប្រជាធិបតេយ្យខ្មែរ បញ្ជាក់ថា ការសម្រេចរក្សាទណ្ឌកម្មឱ្យលោក កឹម សុខា ជាប់ពន្ធនាគារ ២៧ឆ្នាំ និងការបន្តរឹតត្បិតសិទ្ធិសេរីភាព រួមទាំងការហាមឃាត់មិនឱ្យចាកចេញពីប្រទេសរយៈពេល ៥ឆ្នាំទៀតនោះ គឺជាការបន្តរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ប្រជាធិបតេយ្យ និងយុត្តិធម៌សង្គម៕
© 2026, . All rights reserved.