ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ បានយល់ព្រមឱ្យប្រធានអតីតបក្សប្រឆាំង លោកកឹម សុខា ចាកចេញពីផ្ទះដែលជាទីឃុំខ្លួន ទៅជួបសួរសុខទុក្ខម្ដាយកំពុងឈឺ ធ្ងន់រយៈពេល១ម៉ោង តាមការស្នើសុំរបស់លោក។
យោងតាមហ្វេសប៊ុក អ្នកស្រី ម៉េង សុភារី ដែលមេធាវីការពារក្ដីឱ្យ លោក កឹម សុខា បានសរសេរថា លោក កឹម សុខា ទៅជួបសួរសុខទុក្ខម្ដាយកំពុងឈឺធ្ងន់ រយៈពេល១ម៉ោង ក្នុងបុរីមួយកន្លែង នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែឧសភា។ លោក ត្រូវបានបញ្ជូនទៅកាន់ផ្ទះវិញ នៅខណ្ឌទួលគោក ក្រោយសួរសុខទុក្ខម្ដាយបានរយៈពេល៦០នាទី ក្រោមការឃ្លាំមើលពីសមត្ថកិច្ចក្រសួងមហាផ្ទៃ។
ចំណែកសហមេធាវីការពារក្តីលោក កឹម សុខា គឺលោក ផែង ហេង បានបង្ហោះវីដេអូ លើហ្វេសប៊ុករបស់លោកដែលមាន រយៈពេល២៩វិនាទី គេឃើញលោកកឹម សុខា ចុះពីឡានរបស់នគរបាល ហើយដើរចូលក្នុងផ្ទះទៅមើលម្ដាយ។ លោក កឹម សុខា បានឱបម្ដាយជរាហើយស្រែកហៅម្ដាយ ដែលម្ដាយរបស់គាត់កាន់តែខ្សោយទៅ។ លោក កឹម សុខា និយាយថា ម៉ែ ម៉ែដឹងហើយថា កូនមិនដែលធ្លាប់បៀតបៀនអ្នកណាឡើយ រួចបើអ្នកណាបៀតបៀនកូន ទៅតាមកម្មរបស់គេចុះ យើងអត់មានធ្វើអីគេទេណាម៉ែ។
កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ កន្លងទៅសាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល និងហាមលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ មិនឱ្យចាកចេញទៅក្រៅប្រទេស ៥ឆ្នាំ បន្ថែមទៀត។
លោក កឹម សុខា ត្រូវសាលាដំបូងរាជធានីភ្នំពេញប្រកាសផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ដោយត្រូវឃុំខ្លួននៅក្នុងផ្ទះ ព្រមទាំងដកហូតសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយជាស្ថាពរ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៣៕
© 2026, . All rights reserved.