ព្រឹទ្ធសភាកម្ពុជា បានអនុម័តទាំងស្រុងសេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» ដោយចំនួន៥៨សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល នៅក្នុងសម័យប្រជុំលើកទី៥ ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី២០ ខែឧសភានេះ។
យោងតាមហ្វេសប៊ុករបស់ព្រឹទ្ធសភាបានសរសេរ ថា មុនការឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់នេះ លោក នាង ផាត ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា បានឡើងរាយការណ៍អំពីលទ្ធផល នៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ និងការមានឡើងយោបល់របស់សមាជិកព្រឹទ្ធសភាចំនួន៥រូប ព្រមទាំងការឆ្លើយបំភ្លឺពីនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរ។
សេចក្តីព្រាងច្បាប់ស្ដីពី កាតព្វកិច្ចយោធា មាន៨ជំពូក និង២០មាត្រា ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងខឿន ការពារជាតិ ការពារបូរណភាពទឹកដី និងបណ្តុះស្មារតីស្នេហាជាតិដល់យុវជនខ្មែរ។ សេចក្តីព្រាងច្បាប់នេះ បានកំណត់ថាប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុ ចាប់ពី១៨ឆ្នាំ ដល់២៥ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា។ ចំពោះការបំពេញកាតព្វកិច្ច យោធារបស់ពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។
នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកហ៊ុន ម៉ាណែត បានថ្លែងកន្លងមកថា ការអនុវត្តកាតព្វកិច្ចយោធាមិនមែនជាបន្ទុកនោះទេ ប៉ុន្តែវាគឺជាការវិនិយោគដ៏ធំបំផុតក្នុងការបណ្ដុះគំនិតស្នេហាជាតិ និងជាមោទនភាពជាតិសម្រាប់យុវជនខ្មែរគ្រប់រូប។ លោកថា ឱកាសនេះ ជាការបំពេញតួនាទីដ៏ឧត្តុង្គឧត្តមក្នុងនាមជាកូនប្រុសម្នាក់សម្រាប់មាតុភូមិ។
ទាក់ទងទៅនឹងបញ្ហានេះប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានឲ្យដឹងថា ការអនុវត្តច្បាប់ «កាតព្វកិច្ចយោធា» ទាមទារឱ្យមានការរៀបចំប្រព័ន្ធគ្រប់គ្រងមួយច្បាស់លាស់ តម្លាភាព និងយុត្តិធម៌បំផុត។ ប្រសិនបើខ្វះប្រព័ន្ធត្រួតពិនិត្យ និងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងល្អ ការអនុវត្តច្បាប់នេះអាចបង្កជាវិបត្តិធ្ងន់ធ្ងរ អាចធ្វើឱ្យកូនអ្នកក្រីក្រ ឬអ្នកគ្មានខ្សែបណ្តាញត្រូវធ្លាក់ខ្លួនចូលបម្រើកាតព្វកិច្ច ខណៈដែលកូនអ្នកមាន ឬអ្នកមានអំណាចអាចគេចវេសបាន។
លោក ស៊ឹង សែនករុណា បានបន្ថែមទៀតថា ប្រព័ន្ធគ្រប់គ្រងដែលកង្វះតម្លាភាពអាចបើកដៃឱ្យមានការរត់ការ ពុករលួយ ឬការគាបសង្កត់ផ្នែកហិរញ្ញវត្ថុលើប្រជាពលរដ្ឋ ដើម្បីគេចវេសពីកាតព្វកិច្ចនេះ។
រដ្ឋសភាធ្លាប់បានបង្ហាញថា បុគ្គលដែលគេចវេសពីកាតព្វកិច្ចយោធា អាចប្រឈមនឹងការផាកពិន័យជាប្រាក់ និងទោសដាក់ពន្ធនាគារចាប់ពី ៦ខែ រហូតដល់ ៥ឆ្នាំ អាស្រ័យលើស្ថានទម្ងន់ទោស និងកាលៈទេសៈជាក់ស្តែង៕
© 2026, . All rights reserved.