រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាស័ក្ត ភួងកេតកែវ (Sihasak Phuangketkeow) បានព្រមានថា កិច្ចខិតខំស្ដារទំនុកចិត្ត និងទំនាក់ទំនងរវាងថៃ និងកម្ពុជា អាចប្រឈមនឹងការលំបាក ប្រសិនបើកម្ពុជានៅតែបន្តលើកឡើងអំពីទំនាស់ព្រំដែន និងការចោទប្រកាន់ថៃនៅលើវេទិកាអន្តរជាតិ។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពី លោកកែវ ឈា ឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានថ្លែងនៅកិច្ចប្រជុំមួយនៃ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដោយរំលឹកពីផលប៉ះពាល់មនុស្សធម៌ដែលកម្ពុជាអះអាងថាបានកើតឡើងក្នុងអំឡុងជម្លោះព្រំដែនជាមួយថៃកាលពីអតីតកាល។
លោក ស៊ីហាស័ក្ត បាននិយាយថា ការបន្តលើកយកបញ្ហាទាំងនេះទៅផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ អាចធ្វើឱ្យខូចខាតដល់បរិយាកាសនៃការកសាងទំនុកចិត្តរវាងប្រទេសជិតខាងទាំងពីរ។ លោកក៏បានបង្ហាញក្តីបារម្ភថា ជំហរបច្ចុប្បន្នរបស់កម្ពុជា អាចជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងទ្វេភាគី។
នៅក្នុងបទអន្តរាគមន៍របស់ខ្លួននៅអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២២ ខែឧសភា លោក កែវ ឈា បានលើកឡើងពីផលវិបាកមនុស្សធម៌ដែលកម្ពុជាអះអាងថា បានបណ្តាលមកពីការប៉ះទង្គិចតាមព្រំដែន។ លោកបានរាយការណ៍ថា ប្រជាពលរដ្ឋរាប់សែននាក់ត្រូវបានផ្លាស់ទីលំនៅ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរងការខូចខាត ហើយ ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក បានទទួលរងការខូចខាតក្នុងអំឡុងពេលជម្លោះ។
ភាគីថៃបានចាត់ទុកការលើកឡើងទាំងនេះថា ជាការចោទប្រកាន់តែមួយជ្រុង និងមិនស្របទៅនឹងស្មារតីនៃសេចក្តីថ្លែងការណ៍រួមរវាងប្រទេសទាំងពីរ ដែលត្រូវបានចុះហត្ថលេខានៅចុងឆ្នាំ២០២៥ ដើម្បីជំរុញការផ្សះផ្សា និងការកសាងទំនុកចិត្តឡើងវិញ។
ខាងភាគីកម្ពុជា វិញ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានបញ្ជាក់ជាបន្តបន្ទាប់ថា កម្ពុជាបន្តគោរពច្បាប់អន្តរជាតិ បទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងឡាយដែលប្រទេសទាំងពីរបានឯកភាពគ្នា សម្រាប់ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។
សកម្មភាពឈ្លានពានរបស់យោធាថៃមកលើប្រទេសកម្ពុជាកន្លងមក បានបណ្តាលឱ្យមានផលវិបាកផ្នែកមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ក្នុងនោះបានធ្វើឱ្យជនស៊ីវិលជាង៦សែន៤ម៉ឺន ( ៦៤៩,០០០) នាក់ត្រូវផ្លាស់ទីលំនៅ។ មកទល់ពេលនេះ មនុស្សប្រមាណ ៣ម៉ឺន២ពាន់ (៣២,១៦០) នាក់នៅតែបន្តបាត់បង់ទីជម្រក ដោយសារតែផ្ទះសម្បែង និងទ្រព្យសម្បត្តិជាច្រើនរបស់ពលរដ្ឋខ្មែរ ត្រូវបានយោធាថៃ បំផ្លិចបំផ្លាញ។ ក្រៅពីនេះ ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក៏បានទទួលរងការវាយប្រហាររហូតខ្ទេចខ្ទាំផងដែរ៕
© 2026, . All rights reserved.