លោក កឹម សុខា (រូប​កណ្ដាល) អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

នយោបាយ

មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ

By ឌឹ ខេមបូឌា ដេលី

May 26, 2026

មន្រ្តីបក្សកាន់អំណាចមួយរូប ទម្លាយថា ការងារស្វែងរកការដោះលែងអតីតមេដឹកនាំបក្សប្រឆាំងដ៏មានឥទ្ធិពលនៅកម្ពុជា គឺលោក កឹម សុខា បានធ្វើឡើងអស់រយៈពេលជិត៣ឆ្នាំ ដោយសារលោកកឹម សុខា ទាមទារឲ្យមានការដោះលែងជាកញ្ចប់ដោយរាប់បញ្ចូលទាំង ដោះលែង អ្នកទោសនយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងសកម្មជនសង្គមផ្សេងទៀត។

មន្ត្រីបក្សកាន់អំណាចរូបដែលសូមមិនបញ្ចេញឈ្មោះដើម្បីសុវត្ថិភាព បានឲ្យដឹងថា ក្រោយដោះលែងលោក កឹម សុខា មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ក៏គ្រោងនឹងដោះលែងអ្នកទោសនយោបាយដទៃទៀតដែរ ដូចជា អនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា និងលើកលែងទោសដល់លោក រ៉ុង ឈុន។ ជាងនេះទៀត លោក ហ៊ុន សែន ក៏គ្រោងនឹងដោះលែងសកម្មជនបរិស្ថាន និងសកម្មជនសង្គមផ្សេងទៀត រួមទាំងសកម្មជនសិទ្ធិមនុស្សមួយចំនួន ដូចជា កញ្ញា សេង ចាន់ធារី ជាដើម។

ប្រភពដដែលបានឲ្យដឹងថា អ្នកដែលចូលរួមក្នុងកិច្ចការនេះមាន៥នាក់ គឺ លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ប្រធានសារព័ត៌មានដើមអំពិល លោក សយ សុភាព លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានបក្សកាន់អំណាច។

ប្រភពដដែល អះអាងថា ក្នុងដំណើរការស្វែងរកការដោះលែងលោក កឹម សុខា នេះ លោក មាជ សុវណ្ណារ៉ា និងលោក សយ សុភាព បានដើរតួនាទីជាអន្តរការីយ៉ាងសំខាន់ក្នុងការនាំសារឆ្លើយឆ្លងគ្នារវាងលោក ហ៊ុន សែន និងលោក កឹម សុខា ដើម្បីស្វែងរកការយល់ព្រមរវាងភាគីទាំងពីរទៅរកលក្ខខណ្ឌសមស្របមួយ។

ក្រោយពីចំណាយពេលជិត៣ឆ្នាំ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ប្រមុខរដ្ឋស្តីទីលោក ហ៊ុន សែន បានចុះហត្ថលេខា លើព្រះរាជក្រឹត្យលើកលែងទោសដល់ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា។ យ៉ាងណាក៏ដោយ ក្នុងព្រះរាជក្រឹត្យលើកលែងទោសនេះ គឺត្រាស់បង្គាប់លើកលែងទោសដែលជាមូលទោសប៉ុណ្ណោះ ដែលមានន័យថា លើកលែងទោសការចោទប្រកាន់ពីបទក្បត់ជាតិ ឬបទសន្និដ្ឋិភាពជាមួយរដ្ឋបរទេស។ ប៉ុន្តែ ទោសបន្ថែម ឬ អនុទោស ដូចជា ការដកសិទ្ធិនយោបាយ និងការហាមប្រាមមិនឱ្យចាកចេញពីប្រទេសកម្ពុជា គឺមិនបានលុបចោលឡើយ។

ជុំវិញបញ្ហានេះ សហមេធាវីការពារក្តីលោក កឹម សុខា គឺលោក ផែង ហេង បានចាត់ទុកថា ព្រះរាជក្រឹតលើកលែងទោសនេះ គឺជាព្រះរាជក្រឹត្យនយោបាយ ព្រោះជាធម្មតាព្រះរាជក្រឹតលើកលែងទោសគឺត្រូវលុបចោលនូវរាល់ទោសទាំងអស់។

លោក ផែង ហេង ពន្យល់ថា ជាក់ស្តែង ក្នុងព្រះរាជក្រឹតនេះគឺលុបចោលតែមូលទោសប៉ុណ្ណោះ ប៉ុន្តែ ទោសបន្ថែមលើលោក កឹម សុខា គឺមិនត្រូវបានលុបចោលឡើយ ដូច្នេះ ការលើកលែងទោសបែបនេះ គឺស្ថិតក្នុងរបៀបវារៈនយោបាយច្រើនជាង។

យ៉ាងណាក៏ដោយ មេធាវីរូបនេះ បញ្ជាក់ថា ការដោះលែងនេះ ក៏ដោយសារតែលោក ហ៊ុន សែន មើលឃើញពីចរិតនយោបាយរបស់លោក កឹម សុខា ដែលមិនយកខ្មែរណាជាសត្រូវផងដែរ។

ទាក់ទងទៅនឹងការលើកលែងទោសនេះដែរ អ្នកនាំពាក្យព្រឹទ្ធសភា និងជានាយករងទី១ ខុទ្ទកាល័យ ប្រធានព្រឹទ្ធសភា លោក ជា ធីរិទ្ធ បានប្រាប់អ្នកសារព័ត៌មានថា ការលើកលែងទោសចំពោះលោក គឹម សុខា គឺជារឿងដែលសាទរ ដោយបង្ហាញអំពីគុណធម៌នយោបាយដ៏ជ្រាជ្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសគឺគុណធម៌នយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន មាណែត ដែលលោកជាអ្នកស្នើទៅអង្គព្រះមហាក្សត្រឱ្យមានការលើកលែងទោសចំពោះលោក គឹម សុខា។

លោក ជា ធីរិទ្ធ បន្ថែមថា «ព្រះរាជទានលើកលែងទោសកើតឡើងនៅក្នុងពេលលោក កឹម សុខា កំពុងមានទុក្ខដោយសារម្ដាយរបស់លោកស្ថិតក្នុងស្ថានភាពចាស់ជរា ក្នុងដំណាក់កាលចុងក្រោយដែលតម្រូវឱ្យលោក កឹម សុខា មានពេលវេលា មានឱកាសក្នុងការថែទាំម្ដាយរបស់ខ្លួនក្នុងដំណាក់កាលចុងក្រោយ។ រឿងច្បាប់វាជារឿងមួយ ក៏ប៉ុន្តែគុណធម៌នយោបាយ គុណធម៌នៅក្នុងស្ថានភាពដែលម្ដាយស្ថិតនៅក្នុងដំណាក់កាលចុងក្រោយហើយកូនមានទោសទៀតនោះ គឺជារឿងដែលសម្ដេចមហាបវរធិបតីមិនចង់ឃើញ។ ហេតុនេះហើយ ទើបសម្តេចស្នើឱ្យមានការលើកលែងនេះ»។

កាលពីថ្ងៃទី២០ ខែឧសភា លោក កឹម សុខា បានត្អូញត្អែរ ក្នុងពេលពេលទៅជួបលោកយាយ សៅ ង៉ែត ដែលជាត្រូវម្តាយរបស់គាត់ថា លោកនឹងទៅសាងភ្នួសដើម្បបីសងគុណម្តាយ ពេល មានសេរីភាពឡើងវិញ។ លោកមិនចង់បានតំណែងតួនាទី បុណ្យស័ក្ក លាភសក្ការ:នោះទេ ដោយសារតែ របស់ទាំងអស់នេះគ្រាន់តែជារបស់ក្រៅខ្លួនប៉ុណ្ណោះ។

មេដឹកនាំបក្សប្រឆាំងរូបនេះ រៀបរាប់ប្រាប់ម្តាយដែលកំពុងមានជំងឺសម្រាក់នៅលើគ្រែថា លោកមិនដែលបៀតបៀននរណាទេ កុំថាឡើយមនុស្ស សូម្បីសត្វក៏លោកមិនដែលបៀតបៀនម្តងណាដែរ ព្រោះលោកតែងតែស្តាប់ម្តាយទូន្មានប្រដៅ និងស្តាប់ឱវាប្រៀនប្រដៅរបស់ព្រះពុទ្ធជាប់ជានិច្ច។

ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចឆ្មក់ចូលចាប់ខ្លួនទាំងកណ្តាលយប់ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ តាមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលចោទថា មេបក្សប្រឆាំងរូបនេះបានគប់គិតជាមួយសហរដ្ឋអាមេរិកប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។ ក្រោយចាប់ខ្លួន លោក កឹម សុខា ត្រូវបានបញ្ជូនទៅពន្ធនាគារត្រពាំងផ្លុងភ្លាមៗ ប៉ុន្តែ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ លោក កឹម សុខា ត្រូវបានតុលាការផ្ទេរការឃុំខ្លួនពីពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ មកឃុំឃាំងនៅគេហដ្ឋានរបស់លោកវិញក្រោមហេតុផលសុខភាពមិនប្រក្រតី។

ចាប់តាំងពីត្រូវបានចាប់ខ្លួនមក លោក កឹម សុខា បានតស៊ូតាមផ្លូវច្បាប់នៅក្នុងសវនាការរបស់សាលាដំបូងចំនួន៦៦លើក ប៉ុន្តែ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ សាលាដំបូងរាជធានីភ្នំពេញ ក៏បានប្រកាសសាលក្រម ផ្តន្ទាទោសឲ្យលោកជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំពីបទសន្និដ្ឋិភាពជាមួយរដ្ឋបរទេស និងដកហូតសិទ្ធិមិនឲ្យធ្វើនយោបាយអស់មួយជីវិត តែម្តង។

យ៉ាងណាក៏ដោយ លោក កឹម សុខា បានបន្តប្តឹងជំទាស់សាលក្រមសាលាដំបូងទៅកាន់សាលាឧទ្ធហរណ៍បន្តទៀត ក្នុងនោះ លោកត្រូវបានសាលាបើកសវនាការជំនុំជម្រះចំនួនលើក៩លើក ផងដែរ។ ប៉ុន្តែ ក្នុងសវនាការនៅសាលាឧទ្ធហរណ៍លើកចុងក្រោយ គឺនៅថ្ងៃទី៣០ ខែមេសា តុលាការ បានសម្រេច បន្ថែមទោសឲ្យលោក កឹម សុខា ដោយហាមមិនចាកចេញពីប្រទេសកម្ពុជារយៈពេល ៥ឆ្នាំមួយបន្ថែមទៀត។

បើគិតជាសរុបចំនួនសវនាការតាំងពីសាលាដំបូង រហូតដល់សាលាឧទ្ធហរណ៍ លោក កឹម សុខា បានតស៊ូ តាមផ្លូវដើម្បីយុត្តិធម៌ ចំនួន៧៥លើក មកហើយ៕

© 2026, . All rights reserved.