ព័ត៌មានជាតិ

អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក

By ឌឹ ខេមបូឌា ដេលី

May 29, 2026

ជនសង្ស័យ ឡេង ចាន់ណា និងបក្ខពួក២នាក់ទៀត បានទទួលស្គាល់ថា ពួកគេបានទទួលប្រាក់ចន្លោះពី ៩៣លានដុល្លារ ទៅ ៩៨លានដុល្លារអាមេរិក ពីបុគ្គលម្នាក់ដែលត្រូវបានហៅថា «មេ២៥» ក្នុងសំណុំរឿងឆបោកវិនិយោគដ៏ធំមួយ។ នេះបើតាមលទ្ធផលកិច្ចប្រជុំលើកទី១០ របស់ក្រុមប្រឹក្សាជាតិនៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។

តាមការបញ្ជាក់របស់ ACU ជនសង្ស័យ ឡេង ចាន់ណា រួមជាមួយឈ្មោះ ចាន់ ឃិន និង ផុន សាមាន បានសារភាពថា បន្ទាប់ពីទទួលបានប្រាក់រាប់សិបលានដុល្លារនោះ ពួកគេបានយកទៅទិញដីសម្រាប់អភិវឌ្ឍគម្រោង និងបន្តផ្តល់ការប្រាក់ទៅឱ្យ «មេ២៥» ព្រមទាំងអ្នកដែលបានវិនិយោគប្រាក់ក្នុងគម្រោង។

សំណុំរឿងនេះ ត្រូវបានចាត់ទុកថា មានភាពស្មុគស្មាញខ្លាំង ដោយមានការពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់ និងអ្នកសមគំនិតជាច្រើននាក់ ខណៈជនរងគ្រោះត្រូវបានគេប៉ាន់ប្រមាណថា មានប្រមាណ៥,០០០នាក់។

ជនសង្ស័យ ឡេង ចាន់ណា និងបក្ខពួក ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួន កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងការឆបោកប្រជាពលរដ្ឋឱ្យដាក់ប្រាក់វិនិយោគ ក្រោមការសន្យាផ្តល់ការប្រាក់ប្រចាំខែក្នុងអត្រាខ្ពស់។

មួយថ្ងៃបន្ទាប់ សាលាដំបូងខេត្តសៀមរាប បានសម្រេចចោទប្រកាន់ ឡេង ចាន់ណា ដែលជាអគ្គនាយិកាក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី និងអគ្គនាយករង២នាក់ទៀត ពីបទឆបោកមានស្ថានទម្ងន់ទោស, មិនបំពេញកាតព្វកិច្ចលើឧបករណ៍អាចជួញដូរបាន និងបទសម្អាតប្រាក់។

ក្រោយការស៊ើបអង្កេតជាងមួយខែ សាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាឃុំខ្លួនជនត្រូវចោទ៥នាក់ និងបង្កកគណនីធនាគារចំនួន១៨៣ ព្រមទាំងទ្រព្យសម្បត្តិមួយចំនួនដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ប៊ីលាន ស៊ីធី វើលដ៍ ឯ.ក។

ពាក់ព័ន្ធនឹងសំណុំរឿងនេះដែរ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានបើកការស៊ើបអង្កេតលើមន្ត្រីជាន់ខ្ពស់២នាក់ គឺលោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ និងលោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ កាលពីខែកក្កដា ឆ្នាំ២០២៥។

ករណីឆបោករបស់អតីតឧកញ៉ា ឡេង ចាន់ណា ក៏ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រគល់ភារកិច្ចឱ្យលោក គី តិច ប្រធានក្រុមមេធាវីរដ្ឋាភិបាល ដើម្បីដោះស្រាយ និងការពារផលប្រយោជន៍ជនរងគ្រោះ។

រដ្ឋាភិបាលបានបញ្ជាក់ថា ការស៊ើបអង្កេតបានរកឃើញថា គម្រោងវិនិយោគរបស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី មានលក្ខណៈជាប្រព័ន្ធឆបោកតាមរូបមន្ត Ponzi Scheme ដែលយកប្រាក់ពីអ្នកវិនិយោគថ្មី ទៅបង់ឱ្យអ្នកវិនិយោគចាស់ ដើម្បីបង្កើតភាពជឿជាក់បន្ត៕

© 2026, . All rights reserved.