នយោបាយ

អ្នកវិភាគនិយាយថា ការទទួលស្គាល់កំហុសនៃមេដឹកនាំ ជាការទទួលខុសត្រូវ

By ឌឹ ខេមបូឌា ដេលី

June 12, 2026

នាយក វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោក គិន ភា បានប្រាប់សារព័ត៌មានថា ការទទួលស្គាល់កំហុសជាសាធារណៈរបស់លោក ហ៊ុន សែន អាចត្រូវបានមើលឃើញថា ជាការបង្ហាញពីការទទួលខុសត្រូវរបស់មេដឹកនាំចំពោះការសម្រេចចិត្តកន្លងមក។

លោកថ្លែងថា ចំណុចសំខាន់សម្រាប់អ្នកដឹកនាំ គឺឆន្ទៈក្នុងការទទួលស្គាល់កំហុស និងរៀនសូត្រពីបទពិ សោធន៍ទាំងនោះ។ ទោះជាយ៉ាងណា លោក គិន ភា បានអះអាងថា ការទទួលស្គាល់កំហុសតែមួយមុខមិនគ្រប់គ្រាន់សម្រាប់ការដោះស្រាយបញ្ហានោះទេ ហើយប្រទេសកម្ពុជានៅតែត្រូវការការពង្រឹងសមត្ថភាពការពារជាតិ និងការត្រៀមខ្លួនឱ្យបានល្អប្រសើរសម្រាប់ស្ថានការណ៍នាពេលអនាគត។

ថ្លែងទៅកាន់ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃអង្គារ ទី៩ ខែមិថុនា ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្ដីទី លោក ហ៊ុន សែន បានទទួលស្គាល់ជាសាធារណៈថា ការមិនបានត្រៀមខ្លួនគ្រប់គ្រាន់ក្នុងជម្លោះព្រំដែនជាមួយប្រទេសថៃនាពេលកន្លងមក គឺជា «កំហុសរបស់លោក» មិនមែនជាការទទួលខុសត្រូវដោយនាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត នោះទេ។

លោក ហ៊ុន សែន បាននិយាយថា ក្នុងអំឡុងពេលដែលលោកកាន់តំណែងជានាយករដ្ឋមន្ត្រី លោកមិនបានរៀបចំការត្រៀមលក្ខណៈពេញលេញសម្រាប់ស្ថានការណ៍ប្រយុទ្ធតាមព្រំដែនឡើយ ដោយសារតែការជឿជាក់លើទំនាក់ទំនងល្អជាមួយអតីតនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា។ ក្នុងពេលជាមួយគ្នា នេះ លោកក៏បានបដិសេធការចោទពីភាគីថៃ ដែលថា ភាគីខ្មែរកំពុងរៀបចំកងកម្លាំងទ័ពត្រៀមធ្វើចម្បាំងនោះផងដែរ។ ខណៈនេះ រដ្ឋមន្រ្តី ក្រសួង ការពារជាតិថៃ អឌុន ប៊ុនធម៌ចៈរើន ប្រាប់កាសែតថ្ងៃពុធ ទី១០នេះ ថា ប្រទេសថៃឡង់ដ៍ កំពុងតាមដានព័ត៌មានដែលថា ប្រទេសកម្ពុជា បានបញ្ជាទិញរថក្រោះប្រភេទ T59D ចំនួន ៩៣ គ្រឿង ហើយ ៣៩គ្រឿង បានមកដល់កំពង់ផែក្រុងព្រះសីហនុនៅថ្ងៃទី៥ ខែមិថុនា កាលពីអា ទិត្យមុន។ រថក្រោះប្រភេទ T59D តម្លៃមួយគ្រឿង ពី១លាន ទៅ២លានដុល្លារ ជារថក្រោះកែច្នៃល្អជាងមុន ដោយដំឡើងទំហំកាណុងកាំភ្លើងវែងពី១០០ ម.ម. ទៅ ១០៥ម.ម. មានកញ្ចក់ឆ្លុះមើលឃើញពេលយប់ងងឹត និង បន្ថែមកម្រាស់សម្បកទប់ទល់នឹងរ៉ុកកែតកំទេចរថក្រោះ។

ក្រៅពីរឿងបាត់ដី មិនទាមទារដីវិញ រឿងជឿទុកចិត្តនេះហើយ លោក ហ៊ុន សែន ថ្លែងថា ក្នុងឋានៈលោកជានាយករដ្ឋមន្ត្រីដែលមានអំណាចពេញលេញ គឺមិនបានត្រៀមរៀបចំពេញលេញណាមួយសម្រាប់ការប្រយុទ្ធទេ។ នេះជាកំហុសរបស់លោក មិនមែនជាកំហុសនាយករដ្ឋមន្ត្រីបច្ចុប្បន្នទេ។ ទាក់ទងនឹងរឿងទំនុកចិត្តក្នុងនយោបាយដឹកនាំ គួររំឭកថា ក្នុងប្រវត្តិសាស្រ្តខ្មែរ កំហុសដ៏ធ្ងន់នៃការដឹកនាំនយោបាយខ្មែរគ្រប់សម័យកាល គឺការប្រមើលមើលមិនបានឆ្ងាយ អំពីការប្រែប្រួលនយោបាយនៃប្រទេសមិនកាន់អំណាចផ្តាច់មុខ ឬ ប្រទេសដែលដូរអ្នកដឹកនាំតាមកាលកំណត់។ ម្យ៉ាងទៀត លោក ហ៊ុន សែន ក៏ធ្លាប់ជាកល្យាណមិត្តនឹងអតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន ឈិនណាវ៉ាត្រ ដែរ ប៉ុន្តែ បែកចិត្តពីគ្នាបន្ទាប់ពីលោក ថាក់ស៊ីន អស់អំណាច អស់ឥទ្ធិពល។ បន្ទាប់មកលោក ហ៊ុន សែន ទម្លាយរឿងសម្ងាត់អំពីកូនស្រីលោក ថាក់ស៊ីន ទៅវិញ ដែលក្លាយទៅជាទ្រុស្តមិត្តនឹងគ្នា៕