មកទល់ពេលនេះ ពលរដ្ឋខ្មែរច្រើនណាស់ហើយ ដែលបានដឹង ឮ ឃើញទិដ្ឋភាព កាយវិការអ្នកដឹកនាំខ្មែរនៃបក្ស ប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ បែបណាៗនោះ ពីព្រោះសារព័ត៌មានសេរី បានផ្សាយឯកសារពិតៗពី ការស្រាវជ្រាវឲ្យពលរដ្ឋខ្មែរជ្រាប។ ម្យ៉ាងទៀត សមាជិកបក្ស និង មន្រ្តីរាជរដ្ឋាភិបាលពីបក្សកាន់អំណាច ក៏បានបង្ហាញធាតុពិតរបស់ខ្លួន តាមរយៈការប្រើវោហារកោសល្ល កាយវិការ អំពើ និង ទង្វើចំពោះជនជាតិខ្មែរជាម្ចាស់ទឹកដីដែរ។ មិនថាក្រុម បក្ខប្រឆាំងតែមួយទេ ដែលរិះគន់របៀបគ្រប់គ្រងនៃបក្ស ប្រជាជនកម្ពុជា ពលរដ្ឋខ្មែរមិនចូលបក្សណាក៏ពោលរិះគន់ដូចគ្នាដែរ គឺការយកចិត្តទុកដាក់លើជនជាតិយៀកណាម
តាមផ្លូវច្បាប់ក្តី តាមផ្លូវមនុស្សធម៌ក្តី វាខុសពីការយកចិត្តទុកដាក់លើជនជាតិខ្មែរ។ បក្ស ប្រជាជនកម្ពុជា ជាបក្សដឹងគុណ ជំពាក់គុណ និង ចងចាំសងគុណប្រទេសយៀកណាម តម្រូវចិត្តរដ្ឋការក្រុងហាណូយមិនឲ្យក្នក់ឃ្នើសឡើយ ជាពិសេសសម្រាប់ខ្មែរជំនាន់ក្រោយៗ។ ក្នុងពេលជាមួយនេះ គេអត់ឃើញមានរូបសំ ណាកចារឹករំឭកវិញ្ញាណក្ខន្ធវីរបុរស វីរនារីខ្មែរពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិខ្មែរម្នាក់ណាស្រស់ល្អដូចស្តូបមិត្តភាពយៀកណាម−កម្ពុជាឡើយ ក្រៅពីរូបលោក ហ៊ុន សែន។ លោក សុខ សុគន្ធ អ្នកតាមដាន ស្ថានការណ៍ប្រទេសកម្ពុជា បានពណ៌នាក្នុងកម្មវិធី វេទិកាសំណួរ−ចម្លើយ ក្នុងបណ្តាញសង្គម TalkShows ថា លោក ហ៊ុន សែន បើវៀតណាមចង់ដកចេញ គឺតែមួយនាទីប៉ុណ្ណោះ។
រដ្ឋាភិបាលក្រុងភ្នំពេញនៃបក្សប្រជាជនកម្ពុជា បានសុខចិត្ត ព្រមព្រៀងស្ថាបនាសំណង់ស្តូប សំណាកមិត្ត ភាពយៀកណាម−កម្ពុជាគ្រប់ខេត្តទូទាំងប្រទេស។ កាលពីថ្ងៃទី១១ ខែមិថុនាកន្លងទៅ សារព័ត៌មានបក្សកុម្មុយនិស្តយៀកណាម ញ៉ឹនហ្ស៊ឹន (Nhan Dan) បានផ្សាយអំពីពិធីសម្ពោធ កាត់ខ្សែរបូនៅខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពអ្នកស្រី ម៉ែន សំអន អនុប្រធានបក្ស ប្រជាជនកម្ពុជា និង ឧត្តមសេនីយ៍ឯក ង្វៀង វ៉ាន់ ហ្គាវ (Nguyen Van Gau) ភូឈួយ រដ្ឋមន្រ្តី ក្រសួង ការជាតិ នៃសាធារណរដ្ឋ សង្គមនិយម យៀកណាម។ រូប សំណាកនៅខេត្តពោធិ៍សាត់ ជាស្តូបនិមិត្តរូបសាមគ្គីភាព មិត្តភាព និង ភាតរភាពច្រើនឆ្នាំអសង្ឃេយ្យរវាង ជនជាតិទាំងពីរ។ តាមការផ្សាយក្នុង សារព័ត៌មាន ញ៉ឹន ហ្ស៊ឹន អ្នកស្រី ម៉ែន សំអន ថ្លែង៖ សម្តែងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅដល់ប្រជាជននិងបក្សពលករយៀកណាម ដែលបានជួយរំលំរបបខ្មែរក្រហម ប៉ុល ពត។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ង្វៀង វ៉ាន់ ហ្គាវ (Nguyen Van Gau) ថ្លែងថា ស្តូបសំណាកទាំងឡាយជានិមិត្តអាសយដ្ឋាន (red address) ជាទីតាំងបដិវត្តន៍ដ៏សំខាន់ ដើម្បីអប់រំយុវជនជំនាន់ក្រោយអំពី ការស្នេហាជាតិមាតុភូមិ សាមគ្គីភាពអន្តរជាតិ ជួយឲ្យគេយល់ដឹងអំពី តម្លៃសន្តិភាព ឯករាជ្យភាព សេរីភាព សហប្រ តិបត្តិការរវាងប្រទេសយៀកណាម និង ប្រទេសកម្ពុជា។ ស្តូបមិត្តភាពនៅខេត្តពោធិ៍សាត់ ជានិមិត្តរូបសំ ណាកទី១៩ ក្នុងគម្រោងសរុបចំនួន២៤ សង់លើផ្ទៃដីទំហំ ១ម៉ឺន ៥ពាន់ម៉ែត្រការ៉េ ប្រកបដោយសួនឱទ្យានកន្លែងបាញ់ទឹក និង ពន្លឺភ្លើងព្រោងព្រាត។ គេផ្តើមសង់ពីខែ កុម្ភៈ ដល់ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមកិច្ចគ្រប់ គ្រង កិច្ចចាត់ចែងដោយ ញ៉ែម វ៉ាលី ។ ខេត្តនៅសល់មិនទាន់មានរូបសំណាកដូចគ្នានេះ មានខេត្តឧត្តរមានជ័យ ព្រៃវែង សៀមរាប ប៉ៃលិន និង ត្បូងឃ្មុំ៕