សមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC) អះអាងថា ករណីរំលោភសេពសន្ថវៈ និងអំពើហិង្សាក្នុងគ្រួសារនៅកម្ពុជាបានថយចុះជិតមួយភាគបីក្នុងឆ្នាំ២០២៥ បើធៀបនឹងឆ្នាំមុន។ ទោះជាយ៉ាងណា អង្គការនេះព្រមានថា ជនរងគ្រោះនៅតែប្រឈមនឹងឧបសគ្គជាច្រើនក្នុងការទទួលបានយុត្តិធម៌ និងការការពារតាមផ្លូវច្បាប់។
របាយការណ៍ស្តីពី «ទិន្នន័យតាមដានករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅប្រទេសកម្ពុជា» ដែលសមាគមការពារសិទ្ធិមនុស្សអាដហុកបានចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បង្ហាញថា ករណីរំលោភសេពសន្ថវៈ និងអំពើហិង្សាក្នុងគ្រួសារដែលអង្គការនេះបានតាមដានក្នុងឆ្នាំ២០២៥ មានការថយចុះ ២៩ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៤។
តាមរបាយការណ៍ ក្នុងឆ្នាំ២០២៥ អាដហុកបានកត់ត្រាករណីរំលោភសេពសន្ថវៈចំនួន ១២២ករណី ថយចុះ ៤៨ករណីពីឆ្នាំមុន។ រីឯករណីអំពើហិង្សាក្នុងគ្រួសារមានចំនួន ៧៥ករណី ថយចុះ ៣២ករណី។
ទោះបីជាតួលេខបង្ហាញពីនិន្នាការធ្លាក់ចុះក៏ដោយ អាដហុកបានលើកឡើងថា ដំណើរការដោះស្រាយករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅតែប្រឈមនឹងបញ្ហាមួយចំនួន ដែលធ្វើឱ្យជនរងគ្រោះពិបាកទទួលបានការការពារ និងយុត្តិធម៌។
របាយការណ៍បានចង្អុលបង្ហាញពីកត្តាប្រឈមសំខាន់ៗ រួមមានការសេពគ្រឿងស្រវឹងហួសប្រមាណ ការខ្វះទំនុកចិត្តលើស្ថាប័នអនុវត្តច្បាប់ និងប្រព័ន្ធយុត្តិធម៌ ការភ័យខ្លាចការសងសឹកពីជនបង្ក ក៏ដូចជាការលំបាកក្នុងការទទួលបានសំណង និងការការពារផ្នែកច្បាប់។
អាដហុកបានអះអាងថា នីតិវិធីទាមទារសំណងរដ្ឋប្បវេណីមានភាពស្មុគស្មាញ និងត្រូវការចំណាយថវិកាខ្ពស់ ដែលជាឧបសគ្គបន្ថែមសម្រាប់ជនរងគ្រោះ ជាពិសេសស្ត្រី និងកុមារដែលងាយរងគ្រោះ។
សមាគមការពារសិទ្ធិមនុស្សអាដហុកបានចាត់ទុកបញ្ហាទាំងនេះថា បានបន្ថែមបន្ទុកផ្នែកផ្លូវចិត្ត និងសេដ្ឋកិច្ចដល់ជនរងគ្រោះ ហើយបានអំពាវនាវឱ្យរដ្ឋាភិបាលពង្រឹងវិធានការទប់ស្កាត់ការសេពគ្រឿងស្រវឹង បង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងប្រព័ន្ធយុត្តិធម៌ ពង្រីកសេវាសុខភាព និងបង្កើនការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃអំពើហិង្សាក្នុងគ្រួសារ។
ជាមួយគ្នានេះ អាដហុកក៏បានស្នើឱ្យអង្គការសង្គមស៊ីវិល និងមេដឹកនាំសហគមន៍ បន្តលើកកម្ពស់ការទប់ស្កាត់អំពើហិង្សា គាំទ្រក្រុមងាយរងគ្រោះ ពង្រឹងបណ្តាញជំនួយនៅតាមសហគមន៍ និងបង្កើនកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន។
ឆ្លើយតបនឹងរបាយការណ៍នេះ អ្នកនាំពាក្យក្រសួងកិច្ចការនារី លោក ស៊ុំ វណ្ណារ័ត្ន បានប្រាប់អ្នកសារព័ត៌មានថា ទិន្នន័យរបស់អាដហុកមិនអាចឆ្លុះបញ្ចាំងពីស្ថានភាពអំពើហិង្សាទាក់ទងនឹងយេនឌ័រទាំងមូលនៅកម្ពុជាបានទេ។
ទោះជាយ៉ាងណា លោកបានយល់ស្របថា ការថយចុះនៃករណីដែលអាដហុកបានកត់ត្រា អាចបង្ហាញពីការខិតខំរួមគ្នារបស់ស្ថាប័នពាក់ព័ន្ធក្នុងការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ៕