នាយករដ្ឋមន្ត្រី ប្រទេសកម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនឹងបន្តការពារអធិបតេយ្យជាតិ ទឹកដី និងអភិរក្សប្រាសាទព្រះវិហារ ព្រមទាំងប្រាសាទបុរាណផ្សេងទៀតនៅតាមបណ្តោយព្រំដែនដោយលោកចាត់ទុកការខូចខាតអំឡុងពេលប៉ះទង្គិចគ្នាប្រដាប់អាវុធកាលពីឆ្នាំ២០២៥ ថាជាការបាត់បង់សម្រាប់បេតិកភណ្ឌមនុស្សជាតិទាំងមូល។
ការលើកឡើងនេះធ្វើឡើងនៅក្នុងសារលិខិតចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសខួប
១៨ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងអង្គការយូណេស្កូ។
នៅក្នុងសារលិខិត លោក ហ៊ុន ម៉ាណែត បានឱ្យដឹងថា ការប៉ះទង្គិចប្រដាប់អាវុធកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបណ្តាលឱ្យប្រាសាទព្រះវិហាររងការខូចខាតចំនួន ៥៦២កន្លែង។ លោកបានអះអាងថា ការខូចខាតនេះមិនត្រឹមតែជាការបាត់បង់សម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបាត់បង់សំរាប់បេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិទាំងមូលផងដែរ។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងសហការជាមួយអង្គការយូណេស្កូ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការពារ និងអភិវឌ្ឍរមណីយដ្ឋានប្រាសាទព្រះវិហារ (ICC-Preah Vihear) និងដៃគូជាតិ និងអន្តរជាតិ ដើម្បីវាយតម្លៃការខូចខាត និងអនុវត្តវិធានការសង្គ្រោះបន្ទាន់។ តាមការបញ្ជាក់របស់លោក វិធានការទាំងនោះមាន ការសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការទល់ទ្ររចនាសម្ព័ន្ធប្រាសាទដែលរងការខូចខាត ការប្រមូលបំណែកថ្មចម្លាក់ និងការរៀបចំផែនការអភិរក្សរយៈពេលវែង។
លោក ហ៊ុន ម៉ាណែត បានបន្ថែមថា រាជរដ្ឋាភិបាលនឹងបន្តផ្តល់អាទិភាពដល់ការការពារបូរណភាពទឹកដី និងការអភិរក្សប្រាសាទព្រះវិហារ និងបានអំពាវនាវឱ្យប្រែក្លាយការខូចខាតដែលបានកើតឡើងឲ្យទៅជាកម្លាំងជំរុញសាមគ្គីភាពជាតិ និងការអភិវឌ្ឍន៍ប្រទេសវិញ។
កាលពីពេលកន្លងទៅ អាជ្ញាធរជាតិព្រះវិហារ បានអះអាងថា ប្រាសាទព្រះវិហាររងការខូចខាតប្រមាណ ៨០ភាគរយ ដោយសារការបាញ់ផ្លោងអាវុធធុនធ្ងន់ទៅវិញទៅមករវាងយោធាថៃ និង យោធាខ្មែរ។ តាមការអះអាងដដែល មន្ត្រីជំនាញបានកត់ត្រាការខូចខាតចំនួន ៥៦២ទីតាំង ខណៈមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានរកឃើញយុទ្ធភណ្ឌ និងគ្រាប់មិនទាន់ផ្ទុះជាង ១,៣០០គ្រាប់ក្នុងបរិវេណប្រាសាទ។
ប្រាសាទព្រះវិហារ ត្រូវបានអង្គការយូណេស្កូចុះបញ្ជីជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ដោយទទួលស្គាល់តម្លៃលេចធ្លោជាសកលនៃស្ថាបត្យកម្ម និងបេតិកភណ្ឌវប្បធម៌ខ្មែរ។
នៅក្នុងសប្តាហ៍នេះដែរ យោធា និង ក្រសួង ការបរទេសថៃ បានបដិសេធទាំងស្រុងថាមិនមែនជាការពិត
ការចោទប្រកាន់ពីភាគីខ្មែរ ដែលថា ទាហានថៃ៧នាក់ ល្បាតការពារសន្តិសុខដល់ការដ្ឋានថ្នល់ បានគប់គ្រាប់បែកដាក់ទាហានខ្មែរ បណ្តាលឲ្យរបួស៣នាក់នោះ។ អ្នកនាំពាក្យយោធាថៃ ថាជាការនិយាយប្រតិដ្ឋ ព្រោះគ្មានការប៉ះទង្គិចគ្នានៅក្នុងខេត្តសុរិន្ទដូចការអះអាងនោះឡើយ។ ឧត្តមសេនីយ៍ទោ វិនថៃ សុវារី ប្រាប់ កាសែតថា នៅថ្ងៃអាទិត្យ ទី៥ ខែកក្កដា ថា ឧបទ្ទវហេតុនោះ ទំនងជាបណ្តាលមកពីទាហានខ្មែរមិនសូវមាន ពិសោធន៍ មិនសូវស្គាល់ទីតាំងគ្រោះថ្នាក់តាមព្រំប្រទល់ដែនច្បាស់លាស់ ដើរជាន់មីនដែលមិនបានគូស សម្គាល់លើផែនទី៕