សាវតារ​

ខេមបូឌា​ ដេលី​ គឺ​ជា​កាសែត​ឯករាជ្យ​មិន​ស្វែងរក​ប្រាក់​ចំណេញ​​មួយ​ ដែល​ចេញផ្សាយ​រយៈពេល​ប្រាំមួយ​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ ក្នុង​រាជធានី​ភ្នំពេញ​។ កាសែត​នេះ​ត្រូវ​បាន​​បង្កើត​ឡើង​ក្នុង​គោលបំណង​​ផ្តល់​មូលដ្ឋាន​គ្រឹះ​សម្រាប់​សារព័ត៌មាន​សេរី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ដើម្បី​បណ្តុះបណ្តាល​អ្នក​សារព័ត៌មាន​ជំនាន់​ថ្មី​។​ ស្ថាបនិក​និងជា​បណ្ណាធិការ​​របស់​កាសែត​នេះ​គឺ​ជា​អ្នក​កាសែត​​សញ្ជាតិ​​អាមេរិក​​ជើងចាស់​មួយ​រូប​ ដែល​បាន​ធ្វើ​សេចក្តី​រាយការណ៍​ព័ត៌មាន​អំពី​ប្រទេស​កម្ពុជា ​​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​ ឲ្យ​ទស្សនាវដី្ត​ ញូវស៍​វីក​ (Newsweek)​ ហើយ​បាន​សម្លឹង​ឃើញ​​ឱកាស​ក្នុង​ការ​ជួយ​ប្រទេស​ប្រជាធិបតេយ្យ​ដ៏​ក្មេងខ្ចី​នេះ ​​តាម​រយៈ​ការ​បង្កើត​កាសែត​មួយ​នៅ​ទីនេះ​ក្រោយ​ការ​បោះឆ្នោត​ ដែល​រៀបចំ​​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ឆ្នាំ​​​១៩៩៣​។​

ប្រទេស​កម្ពុជា​ ដែល​បាន​ទទួលរង​ការ​ឈឺចាប់​​ខ្លោចផ្សា​និង​​សោកនាដកម្ម​​ដោយសារ​របប​ប្រល័យ​ ពូជសាសន៍​ ប៉ុល​ ពត​ ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩​ ដែល​បាន​សម្លាប់​​មនុស្ស​អស់​ជាង​១​លាន​នាក់​​នោះ​ គឺ​នៅតែ​ស្ថិត​នៅក្នុង​ចំណោម​ប្រទេស​ក្រីក្រ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​ នេះ​។​ ប្រទេស​នេះ​​ត្រូវ​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ ក្នុង​នោះ​រួមមាន​ទាំង​មេរោគ​ហ៊ីវ​/អេដស៍​ មីន​កប់​ក្នុង​ដី​រាប់​លាន​គ្រាប់​ ការ​ឆ្លង​ជំងឺ​គ្រុនចាញ់​ក្នុង​កម្រិត​ខ្ពស់​នៅ​តាម​តំបន់​ជនបទ​ និង​កង្វះ​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ជា​ទូទៅ​ផង​ដែរ​។​ បទ​ឧក្រិដ្ឋ​ អំពើ​ពុករលួយ​ និង​ការ​កាប់​បំផ្លាញ​​​ព្រៃឈើ​ខុសច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​បន្ត​បន្ទុច​បង្អាក់​ការ​អភិវឌ្ឍរបស់​ប្រទេស​នេះ​​​។​

សម្រាប់​ ចំណុច​វិជ្ជមាន​វិញ​ ប្រជាជន​កម្ពុជា​វ័យក្មេង​ជំនាន់​ថ្មី​ដែល​មាន​ការ​តាំងចិត្ត​មោះមុត​ កំពុង​ខំ​សង្វាត​បោះជំហាន​ចេញពី​សម័យ​​អន្ធកាល។ ពលរដ្ឋ​​កម្ពុជា​ប្រកបដោយ​មហិច្ឆតា​​​ទាំងនេះ​កំពុង​នាំគ្នា​​ពពាក់ពពូន​ ក្រេប​យក​ចំណេះ​ដឹង​ផ្នែក​វេជ្ជសាស្ត្រ​ ច្បាប់​ រដ្ឋបាល​​ពាណិជ្ជកម្ម​ រួម​ជាមួយ​នឹង​ជំនាញ​ផ្នែក​ភាសា​អង់គ្លេស​និង​កុំព្យូទ័រ​។​ ពួកគេ​បាន​ចូល​សិក្សា​នៅ​តាម​សាកល​វិទ្យាល័យ​ សាលា​បច្ចេកទេស​និង​បណ្ដុះ​​បណ្ដាល​​វិជ្ជា​ជីវៈ ​ដើម្បី​ទទួល​បាន​ការ​អប់រំ​ដែល​នឹង​ជួយ​ពួកគេ​ក្នុង​ការ​បង្កើត​បរិយាកាស​​ ​កាន់តែ​រីករាយ​មួយ​សម្រាប់​ខ្លួនឯង​និង​សម្រាប់​ប្រទេស​ជាតិ​របស់​ខ្លួន​។​

តាមរយៈ ​ការ​ផ្តល់​សេចក្តី​រាយការណ៍​​ព័ត៌មាន​​ឥត​លម្អៀង​អំពី​ប្រទេស​កម្ពុជា ​និង​ប្រទេស​ផ្សេងៗទៀត​ជុំវិញ​​ពិភពលោក​ ដល់​មិត្ត​អ្នកអាន​ទាំង​​ជា​ភាសា​ខ្មែរ​និង​ភាសា​​អង់គ្លេស​ កាសែត​នេះ​សង្ឃឹម​ថា​ នឹង​អាច​រួមចំណែក​ដល់​ការ​​ស្តារ​ប្រទេស​កម្ពុជា​ឡើងវិញ​។ យើង​មាន​គោល​បំណង​​​​បញ្ជ្រាប​ព័ត៌មាន​​និង​ចំណេះ​ដឹង​ក្នុង​ចំណោម​សាធារណជន ​ ដែល​នឹង​មាន​លទ្ធភាព​ពេញលេញ​​ក្នុង​ការ​ជ្រើសរើស​ថ្នាក់​ដឹកនាំ​​ស័ក្តិសម​​ បំផុត​ដែល​អាច​​សម្រេច​បំណង​ប្រាថ្នា​របស់​ប្រជាជន​កម្ពុជា​​គ្រប់ៗ​រូប​ តាមរយៈ​ការ​បោះឆ្នោត​​។

គេហទំព័រ​នេះ​គឺ​​មាន​តែ​អត្ថបទ​ពណ៌នា​សំខាន់ ​ៗ​ អត្ថបទ​ព័ត៌មាន​​​​ស៊ើប​អង្កេត​ និង​អត្ថបទ​បន្ថែម​ពិសេស​​ដែល​បោះពុម្ព​ផ្សាយ​ដោយ​កាសែត​ ខេមបូឌា​ ដេលី​ ប៉ុណ្ណោះ​។ កាសែត​នេះ​ផ្ទាល់​គឺ​មាន​ចេញផ្សាយ​ប្រចាំថ្ងៃ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ (៥.០០០ច្បាប់)  និង​មាន​អត្ថបទ​​ប្រចាំ​សប្ដាហ៍​សម្រាប់​មិត្ត​អ្នកអាន​នៅ​បរទេស​ (ក្នុង​តម្លៃ​២៥០​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយឆ្នាំ​)​​។ អត្ថបទ​ប្រចាំ​សប្ដាហ៍ (Weekly Review) ​នេះ​ មាន​អត្ថបទ​ព័ត៌មាន​​សរុប​អំពី​ប្រទេស​កម្ពុជា​​ពី​កាសែត​ប្រចាំថ្ងៃ​​​​ដែល ​ចេញផ្សាយ​មួយ​​​សប្ដាហ៍​មុន​៕​

បណ្ណា​ធិការ​​

ប៊ើណាត​ គ្រីស័រ​​​​​​​​​​​​​​​​​​​​​​