ក្មេង​ពីរនាក់​ទៀតស្លាប់ដោយ​សារគ្រុន​ផ្ដាសាយ​បក្សី តួលេខ​អ្នកស្លាប់កើន​ឡើង​ដល់​បួន​នាក់​

មន្ត្រី​សុខា​ភិបាល​បាន​និយាយ​ថា កុមារ​ពីរ​នាក់បាន​ស្លាប់​កាល​ពី​ម្សិលមិញ​ ដោយសារ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី ដែល​បាន​ឆ្លង​រាល​ដាល​ទូ​ទាំង​ខេត្តចំនួន​បួន​ ​ក្នុង​រយៈពេល​ពីរ​សប្ដាហ៍​កន្លង​មក​នេះ ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​នៃ​អ្នក​ស្លាប់​ បាន​កើន​ដល់​បួន​នាក់​ ហើយ​ចំនួន​នៃ​ករណី​ជំងឺ​នេះ​បាន​កើន​ឡើង​ដល់​ប្រាំ​ករណីចាប់​តាំង​ពី​ថ្ងៃ​ទី​២១ខែ​មករាមក។

លោកវេជ្ជបណ្ឌិតដេនីសឡូរ៉ង់ (Denis Laurent) អនុប្រធាន​មន្ទីរ​ពេទ្យ​គន្ធបុប្ផាបាន​មាន​ប្រសាសន៍​ថាកុមារី​ម្នាក់​អាយុ​១​ឆ្នាំមក​ពី​ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ និង​ក្មេង​ស្រី​ម្នាក់​ទៀត​អាយុ​៨​ឆ្នាំ​ មក​ពី​ស្រុក​ទឹក​ឈូ ក្នុង​ខេត​្ត​កំពត បាន​ស្លាប់​ កាល​ពី​ម្សិលមិញខណៈ​ពេល​សម្រាកព្យា បាល​ នៅក្នុង​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផាក្នុង​រាជ​ធានី​ភ្នំពេញ​។

ករណី​ស្លាប់​ទាំង​ពីរ​នេះកើត​មាន​ទើប​តែ​មួយ​សប្ដាហ៍​ប៉ុណ្ណោះ​ បន្ទាប់​ពី​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់​ មក​ពី​ស្រុក​ព្រៃ​កប្បាស​ ខេត្ត​តាកែវនិង​បុរស​អាយុ​៣៥​ឆ្នាំ​ម្នាក់មក​ពី​ស្រុក​គង​ពិសី​ ខេត្ត​កំពង់​ស្ពឺ ក៏​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ ក្នុង​រាជ​ធានី​ភ្នំពេញដោយសារ​មេរោគអេច​ហ្វាយ​អេន​វ័ន​ (H5N1)។ ក្នុង​ចំណោម​ករណី​ ដែល​ត្រូវ​បាន​កត់​ត្រា​ទុក​ទាំង​ប្រាំ​រហូត​មក​ទល់​នឹង​ពេល​នេះក្មេង​ប្រុស​ម្នាក់​អាយុ​ប្រាំបី​ខែ​មក​ពី​សង្កាត់​ចោម​ចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យរាជ​ធានី​ភ្នំពេញ​ ដែល​មាន​អាការជំងឺ​ដូចគ្នានេះកាល​ពី​ថ្ងៃ​ទី​៨ខែ​មករា គឺ​ជា​ជន​រង​គ្រោះ​តែ​ម្នាក់​គត់​ដែល​រួច​ផុត​ពី​សេចក្ដី​ស្លាប់​។

លោកវេជ្ជបណ្ឌិត​ ឡូរ៉ង់ ​មាន​ប្រសាសន៍​ដោយ​មិន​លម្អិត​អំពី​ការ​ផ្ទុះ​ករណី​ជំងឺ​នេះថា“ ​ពេល​នេះយើង​មាន​អ្នកជំងឺ​ស្លាប់​​បី​នាក់​នៅ​ក្នុង [មន្ទីរពេទ្យគន្ធបុប្ផា] ដោយ​ករណី​ទី​១គឺ​ក្មេង​ស្រី​ម្នាក់ [អាយុ​១៥​ឆ្នាំ]។ថ្ងៃ​នេះក្មេងស្រីអាយុ​១៧​ខែ​ម្នាក់និង​ក្មេងស្រី​ម្នាក់​ទៀត​អាយុ​៨​ឆ្នាំ​ បាន​បាត់​បង់​ជីវិត”។

ថ្វី​បើ​មាន​ករណី​ថ្មី​ៗ​ ផ្ទុះឡើងភ្លាម​ៗ​​ជា​ច្រើនករណី​​​​ក្ដីក៏​មាន​មនុស្ស​តែ​បី​នាក់​ប​៉ុណ្ណោះ​ ដែល​ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ ហើយរក​ឃើញ​មាន​រោគ​សញ្ញា​គ្រុន​​​ផ្ដា​​​សាយ​​​​បក្សី​ពេញ​មួយ​ឆ្នាំ​២០១២​ក៏ដោយក៏មន្ត្រី​អង្គការ​សុខភាព​ពិភព​លោក​ បាន​និ​យាយ​​​កាល​ពី​ម្សិលមិញ​ថាភ្លាម​ៗ​វា​គ្មាន​គ្រោះ​ថ្នាក់​ទេ​ ឲ្យ​តែ​ប្រជាពល​រដ្ឋ​យកចិត្ត​ទុក​ដាក់ពី​របៀប​​​ធ្វើអនាម័យ​។

លោកសូនីគ្រីសនែន (Sonny Krishnan) មន្ត្រី​ផ្នែកទំនាក់​ទំនង​សាធា​រណៈ​របស់អង្គកា​រ​សុខភាព​ពិភព​លោក​បាន​មាន​ប្រសាសន៍​ថា “​វា​មិន​​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ណា​ទេ​ មិន​ទាន់​មាន​ភ័ស្ដុតាង​​ណា​បង្ហាញ​ថាប្រជា​​​ពលរដ្ឋ​​​​ដែល​លក់​បក្សី​រស់​នៅតាមផ្សារអាច​ឆ្លងជំងឺ​នេះ​ទេ។ប៉ុន្ដែនៅ​ក្នុង​ឆ្នាំ​២០០៥យើង​ក៏​មាន​​​​​​ករណី​មួយចំនួន​ដែរ​ ក្នុង​​រយៈ​ពេល​ពីរ​ ឬបី​សប្ដាហ៍​ ហើយ​ខ្ញុំ​គិត​ថាយើង​មិនទាន់​អាច​​សន្និដ្ឋាន​​បែបណាមួយ​បាន​នៅ​ឡើយ​ទេ”។

យោង​តាម​លោក​ គ្រីស​នែន ​ឲ្យ​ដឹង​ថាការ​កើន​ឡើង​នៃចំនួន​បក្សី​ត្រូវ​លក់ដូរនៅ​មុន​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ ដែល​នឹង​ប្រពឹត្តទៅ​នៅ​ថ្ងៃ​ទី​៨ខែ​កុម្ភៈព្រម​ទាំង​នាពេល​បច្ចុប្បន្ន​មាន​អាកាស​ធាតុ​ត្រជាក់ដែលធ្វើ​ឲ្យ​ប្រព័ន្ធ​ការ​​​ពាររបស់​មនុស្ស​ចុះ​ខ្សោយ​ផង​នោះ​ ជា​មូល​​​ហេតុ​​​​មួយ ​ក្នុង​ចំណោមមូល​ហេតុ ​ដែល​អាច​បង្ក​​​ឲ្យមាន​ករណីឆ្លង​ជំងឺ​នេះ។ លោក​បាន​មាន​ប្រសាសន៍​ថា“ប្រសិន​បើ​តម្រូវ​ការ​ [បក្សី] កើន​ឡើង​ ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​នេះ​មាន​កាន់​តែ​ខ្ពស់​”។លោក​បាន​ពន្យល់​ថាមេរោគ​ដែល​បាន​សម្លាប់​មនុស្ស​អស់​ជាង​៣៣០​នាក់​នៅទូ​ទាំង​ពិភព​លោក​នេះគឺឆ្លង​ពី​សត្វ​មាន់​ទៅ​សត្វ​មាន់​ផ្សេង​ទៀត​​​​មុន​ពេល​ឆ្លង​មក​មនុស្ស​។

លោកសូនី គ្រីសនែន ​មាន​ប្រសាសន៍​ថាកិច្ច​ប្រជុំ​បន្ទាន់​មួយ​ជាមួយ​មន្ត្រី​ក្រសួង​សុខា​​​ភិបាល​​នឹង​ធ្វើ​​ឡើង​នៅ​ថ្ងៃ​នេះដើម្បី​ជំរុញ​​​ការផ្សព្វផ្សាយតាម​ទូរទស្សន៍​ និង​តាម​​វិទ្យុ​ ដើម្បីអប់​រំ​អំពីគ្រោះថ្នាក់ដោយ​សារជំងឺ​គ្រុន​​​​ផ្ដាសាយ​បក្សី​។លោកម៉មប៊ុនហេងរដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ បាន​បដិសេធ​មិន​បំភ្លឺ​ជុំវិញ​ការ​ផ្ទុះ​ជំងឺ​គ្រុន​ផ្ដាសាយបក្សី​នេះ​ទេ។

កាល​ពីកក្កដា​ឆ្នាំ​មុន​ នៅ​ក្នុង​ប្រទេ​ស​​​វៀត​​​​ណាម​ ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​ថ្មី​មួយ​ប្រភេទ​បានផ្ទុះឡើង​នៅ​ក្នុង​ប្រទេស​នេះប៉ុន្ដែគេ​មិន​ដែល​រក​ឃើញ​ជំងឺ​ថ្មី​នេះនៅ​ក្នុង​ខ្លួន​មនុស្ស​ទេ។យោង​តាម​អង្គការ​សុខភាព​ពិភព​លោក​បាន​ឲ្យ​ដឹង​ថាមនុស្ស​ពីរនាក់​បាន​ស្លាប់ហើយ​ករណី​ជំងឺ​ H5N1 បួន​ករណី​ទៀតត្រូវ​បាន​កត់​ត្រា​ទុក​ក្នុង​ប្រទេស​វៀតណាមពេញ​មួយ​ឆ្នាំ​២០១២។

លោកវេជ្ជបណ្ឌិតហ្វីលីបប៊ូឈី (Philippe Buchy) ប្រធាន​ផ្នែក​វិសាណូសាស្ត្រ​ នៅ​វិទ្យា​ស្ថាន​ប៉ាស្ទ័រក្នុង​រាជ​ធានី​ភ្នំពេញ​ ដែល​បាន​​ធ្វើ​តេស្ដ​ ដើម្បី​ពិនិត្យ​ករណី​ថ្មី​ៗ​​ទាំង​នេះបាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ស្ថិតនៅ​​ឆ្ងាយ​ពី​បក្សី​រស់​ និង​ទិញ​មាន់​ ឬទាណា ​ដែល​ទទួល​បាន​ការ​ត្រួត​​ពិនិត្យ​ត្រឹម​ត្រូវ។

លោកវេជ្ជបណ្ឌិតហ្វីលីបប៊ូឈី ​បាន​មាន​ប្រសាសន៍​បន្ថែម​​​ថា“នេះ​ជា​អនុសាសន៍​ដ៏​សំខាន់​មួយ​ សូម​បង​ប្អូន​កុំ​ទិញ​បក្សី​រស់​ ពីព្រោះ​វា​គ្មាន​សុវត្ថិភា​ព​ទេនៅ​ក្នុង​ប្រទេស​ ដែល​មេរោគ​នេះកំពុង​រីក​រាល​ដាល”។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ប្រជា​​​ពលរដ្ឋ​ខ្មែរភាគ​ច្រើន​សម្លាប់​ និង​បោច​រោម​មាន់​ដោយ​ខ្លួន​ឯង​ ហើយ​​ទំនង​ជា​មិន​បាន​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​នោះ​ទេ​។

លោក​វេជ្ជ​បណ្ឌិត​រូប​នេះ​ក៏​​មាន​ប្រសាសន៍​ដែរ​ថា ពិត​ជា​គ្មាន​វិធី​ណា​អាច​ព្យាករ​ដឹង​ថាតើ​មាន​ករណី​បន្ថែម​ទៀតនៅ​ក្នុង​ប្រទេស​កម្ពុជាឬ​យ៉ាង​ណា​នោះ​ទេ​។

លោកម៉ាសាវ៉ាតអភិបាល​​ស្រុក​គង​ពិសី​ ដែល​រហូត​មក​ទល់​ពេល​នេះមាន​អ្នក​​​ជំងឺ​​​ចំនួន​ពីរ​ករណី​នោះបាន​មាន​ប្រសាសន៍​ថាមិន​​​​ទាន់​រក​ឃើញ​ប្រភព​ឆ្លង​ជំងឺ​នេះ​នៅ​​​ឡើយ​ទេហើយ​មន្ត្រី​កំពុង​តែ​ព្យាយាម​​​ស្រាវ​​​ជ្រាង​ស្វែង​រកប្រភព​បង្កឲ្យ​កើតមាន​​​ជំងឺ​​​ទាំង​​​ប្រាំ​ករណី​នេះ។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “មន្ត្រី​មក​ពី​ក្រសួង​សុខាភិបាល​ និង​មន្ទីរ​សុខាភិបាល​ខេត្ត​ មិន​ទាន់​បាន​រក​ឃើញ​ប្រភព​​នៃ​ការ​​ឆ្លង​ជំងឺ​នេះ​ទេ”៕ ប្រែសម្រួល​ដោយតែម​ សុខុម

 

© 2013 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.