គម្រោងសាងសង់​បណ្ណា​ល័យ​នៅ​តាមពន្ធនាគារជួយ​ឲ្យ​​ អ្នក​ទោស​ចាប់​ផ្តើម​ជីវិត​ថ្មី

បុរស​​ចំនួន​១៥​នាក់​អង្គុយ​ផ្តោត​អារម្មណ៍​អាន​សៀវភៅ​នៅ​ឯ​​តុ​ស្អាតៗ​ក្នុង​បណ្ណាល័យ​ ដោយ​អ្នក​ខ្លះ​អាន​​ស្ងាត់ៗ​ ហើយ​អ្នក​ខ្លះ​ទៀត​គ្រាន់​តែ​អានហើបមាត់​តិចៗប៉ុណ្ណោះ​។

បណ្ណាល័យ​នៅឯ​ពន្ធនាគារ​នេះ ​មាន​លក្ខណៈ​​ដូច​ជា​បណ្ណា​ល័យ​ធម្មតា​ដែរ​ ​ខុស​ប្លែក​ត្រង់​ថា អ្នក​អាន​សៀវ​ភៅ​ម្នាក់ៗ​ ស្លៀក​ពាក់​ឯកសណ្ឋាន​ពន្ធនាគារ​ពណ៌​ខៀវ​ ​មាន​លេខ​បន្ទប់​បោះ​ពុម្ព​នៅ​ក្រោយ​ខ្នង​អាវ។

បណ្ណា​ល័យ​នេះ​គឺ​ជា​ការ​​បន្ថែមថ្មី​មួយ​នៅ​ពន្ធនា​គារ​ព្រៃស​ នៅ​ជាយ​រាជ​ធានី​ភ្នំ​ពេញ​ វា​ជា​ពន្ធនា​គារ​ធំជាង​គេ​បង្អស់​របស់​ប្រទេស​កម្ពុជា​ ហើយ​ក៏​ជាពន្ធនា​គារ​មួយ​ ដែល​ល្បី​ថា​​​មាន​អ្នក​ទោស​ច្រើន​ហួស​កំណត់​ ព្រម​ទាំងអ្នកស្រី​ សុខ​ សុភ័ក្ត្រ បណ្ណារក្ស​មួយ​រូប​​បាន​ឲ្យ​ដឹង​ថា​ ក្នុង​មួយ​ថ្ងៃ​ៗ​ មាន​​អ្នកទោស​ប្រមាណ​​ជា​៦០​ទៅ​៧០​នាក់​ចូល​បណ្ណាល័យ​។ អ្នកស្រី​បាន​និយាយ​ថា ​អ្នក​ទោស​ក្នុង​បន្ទប់​ឃុំ​ឃាំង​របស់​ពួក​គេ​នៅ​តែ​អាច​ទទួល​បាន​សៀវ​ភៅ​​អាន​ពី​​បណ្ណា​ល័យ​ដែរ​​ ខណៈ​ដែល​បុគ្គលិក​ពន្ធនាគារ​កាន់​កេស​ដាក់​សៀវភៅ​ដើរ​​ចែក​តាម​​បន្ទប់​ឃុំ​ឃាំង​របស់​ពួក​គេ។

អ្នកស្រី​ ប៊ីទ្រីស ​ម៉ុងតារីអូល (Beatrice Montariol)ឲ្យ​ដឹង​ថា​​ ខណៈពេល​ដែល​អង្គការ​​​សិទ្ធិ​មនុស្ស​បាន​ត្អូញ​ត្អែរ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​​ថា មាន​អំពើ​ពុក​រលួយ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រព័ន្ធ​​ពន្ធនាគារ​នោះ កម្មវិធី​បណ្ណាល័យ​នេះ​កំពុង​តែ​ខិត​ខំ​បញ្ចៀស​មិនឲ្យ​ពាក់​ព័ន្ធ​នឹង​អំ​ពើ​ពុក​រលួយ​នេះ​ទេ​។ អ្នក​ស្រី​ ម៉ុងតារីអូល បាន​ឲ្យ​ដឹង​ថា “ ​វា​មាន​សារៈ​សំខាន់​ណាស់​ ដែល​អ្នក​យាម​ពន្ធនាគារ​មិន​ទាម​ទារ​ប្រាក់​ពី​អ្នក​ទោស​ចូល​អាន​សៀវ​ភៅ​ក្នុង​បណ្ណាល័យ​។ យើង​កំពុង​ធ្វើការ​យ៉ាង​ជិត​ស្និទ​្ធ​ជាមួយ​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ​ និង​មន្ដ្រី​របស់​យើង​ឲ្យ​ជួយ​ត្រួត​ពិនិត្យ​អំពើ​ពុករលួយ”។

លោក​ សូ ​ឡៃ​ អនុប្រធាន​ពន្ធនាគារ​ខេត្ត​ព្រៃ​វែង​ ដែល​បាន​ចូលរួម​ក្នុង​ដំណើរ​ទស្សន​កិច្ច​បណ្ណាល័យ​ដែរ​នោះ​ បាន​លើក​ឡើង​ថា​ ​លោកចង់​ឲ្យ​មាន​​ការអាន​​សៀវ​ភៅនៅ​​ក្នុង​ចំណោម​​អ្នក​ទោស​​ក្នុង​ពន្ធនាគារ​​របស់​លោក​។

“ខ្ញុំចង់​ឲ្យ​អង្គការ​ស៊ីប៉ា​សាងសង់​បណ្ណា​ល័យ​មួយ​នៅក្នុង​ពន្ធនាគារ​របស់​ខ្ញុំ​។ ការ​អាន​សៀវ​ភៅ​អាច​កែ​ប្រែ​អាកប្បកិរិយា​មិនល្អ​របស់​អ្នកទោស​បាន​”៕ ប្រែសម្រួលដោយ  ហួង កុកទៀន

© 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.