លោក ហោ ណាំហុង​ ដាក់​​​ពាក្យ​​​​ប្តឹង​លោក​ សម រង្ស៊ី​ សាជាថ​្មី​នៅក្នុង​ទីក្រុង​ប៉ារីស​

យោង​​​តាម​​​លោក សម រង្ស៊ី​ មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក ​​​ហោ ​​​ណាំហុង រដ្ឋ​​​មន្ត្រីក្រសួង​​​ការបរទេស​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​សាជា​​​ថ​​​្មី​​​នៅក្នុង​​​ប្រទេស​​​បារាំងប្តឹង​រូប​លោក​ទាក់​​​ទិន​​​នឹង​​​ការ​​​បង្ហោះ​​​សារ​​​តាម​​​ទំព័រ​​​ហ្វេសប៊ុក​​​មួយ​​​ដែល​​​​​​លើក​​​ឡើង​​​ម្តង​​​ទៀត​​​អំពី​​​ការ​​​អះ​​​អាង​​​ដែល​​​ថា ​​​លោក ហោ ណាំហុង គ្រប់​​​គ្រង​​​​​​មន្ទីរ​​​ឃុំ​​​ឃាំង​​​មួយ​​​​នៅ​​​សម័យ​​​ខ្មែរ​​​ក្រហម​​​។

បណ្តឹង​​​នេះ​​​ធ្វើ​​​​​​ឡើង​​​ ជាង​​​៧​​​ឆ្នាំ​​​បន្ទាប់​​​ពី​​​លោក ហោ ណាំហុង​​​ បាន​​​ឈ្នះ​​រឿង​​ក្តី​​​មួយ​​​នៅ​​​ក្នុង​​​តុលាការ​​​ក្រុង​​​បារីស​​​ជុំ​​​វិញ​​​ការ​​​អះ​​​អាង​​​ស្ទើរ​​​តែ​​​ដូច​​​គ្នា​​​ តែ​​​សេចក្តី​​​សម្រេច​​​ដាក់​​​បន្ទុក​​​លើ​​​លោក សម រង្ស៊ី​​​ នេះ​​​ ក្រោយ​​​មក​​​ត្រូវ​​​​​​តុលាការ​​​ជាន់​​​ខ្ពស់​​​នៅ​​​ប្រទេស​​​បារាំង​​​ដក​​​​វិញ​​​។

ដីកា​​​កោះ​​​​ច្បាប់​​​ចម្លង​​​មួយ​​​ច្បាប់​​​របស់​​​តុលាការ​​​ដែល​​​ផ្តល់​​​ដោយ​​​លោក ​​​សម​​​​​​ រង្ស៊ី ​​​បាន​​​​​​បង្គាប់​​​ឲ្យ​​​លោក​​​ចូល​​​រួម​​​សវនាការ​​​មួយ​​​នៅ​​​ថ្ងៃ​​​ទី​​​៧ ខែ​​​មីនា ទាក់​​​ទិន​​​នឹង​​​សំណុំ​​​រឿង​​​នេះ​​​។

ដីកា​​​កោះ​​​​ច្បាប់​​​ចម្លង​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា “អ្នក​​​តម្រូវ​​​ឲ្យ​​​រាយការណ៍​​​​​​​​​ទៅ​​​កាន់​​​សាលា​​​ក្តី​​​​ដោយ​​​ផ្ទាល់ ឬ​​​តារមរយៈ​​​​តំណាង​​​ផ​​​្លូវ​​​ច្បាប់។ ប្រសិន​​​បើ​​​អ្នក​​​មិន​​​បាន​​​បង្ហាញ​​​ខ្លួន​​​ទេ​​​នោះ​​​សវនាការ​​​នឹង​​​បន្ត​​​ដោយ​​​គ្មាន​​​វត្ត​​​មាន​​​របស់​​​អ្នក​​​”។

មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា មេធាវី​​​តំណាង​​​រូប​​​លោក​​​ និង​​​មេធាវី​​​តំណាង​​​លោក ហោ ណាំហុង បាន​​​ចូល​​​​​​រួម​​​​សវនាការ​​​នេះ​​​ ហើយ​​​ថា ​​​​សវនាការ​​​មួយ​​​ទៀត​​​គ្រោង​​​នឹង​​​ធ្វើ​​​ឡើង​​​នៅ​​​ខែ​​​ឧសភា​​​។

លោក សម រង្ស៊ី បាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​អីុម៉េល​​​មួយ​​​ថា “បណ្តឹង​​​ថ្មី​​​នេះ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​បង្ហោះ​​​សារ​​​តាម​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​​ខ្ញុំ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២០ ខែ​​​វិច្ឆិកា ឆ្នាំ​​​២០១៥។ ​​​ផ្នែក​​​​​​​ ថ្មី​​​នេះ គឺ​​​សារ​​​ទូរលេខ​​​ពី​​​ស្ថាន​​​ទូត​​​សហរដ្ឋ​​​អាមេរិក​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា”។

លោក ការ​​​ សាវុធ​​​ មេធាវី​​​តំណាង​​​របស់​​​លោក​​​ ហោ ណាំហុង​​​​​​​​​​​​ មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ​​​កាល​​​ពី​​​ម្សិលមិញ។ ចៅ​​​ក្រម​​​បារាំង​​​ដែល​​​ដោះ​​​ស្រាយ​​​សំណុំ​​​រឿង​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​មិន​​​អាច​​​ផ្តល់​​​ព័ត៌មាន​​​លម្អិត​​​បាន​​​ទេ​​​ភ្លាម​​​ៗ​​​នេះ​​​។

សារ​​​​​​ដែល​​​កំពុង​​​មាន​​​បញ្ហា​​​នេះ ​​​បង្ហោះ​បន្ទាប់​​​ពី​​​លោក ហោ ណាំហុង​​​ អំពាវ​​​នាវ​​​ឲ្យ​​​លោក សម រង្ស៊ី ធ្វើ​​​ការ​​​សូម​​​អភ័យ​​​ទោស​​​ចំពោះ​​​ការ​​​អះ​​​អាង​​​ដែល​​​​​​ធ្វើ​​​ឲ្យ​​​លោក ​​​ហោ ​​​ណាំហុង បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​កាលពី​​​ឆ្នាំ​​​២០០៨នៅ​កម្ពុជា​។ សាល​​​ក្រម​​​ផ្តន្ទាទោស​​​​​​នៅ​​​ក្នុង​​​សំណុំ​​​រឿង​​​នោះ​​​មិន​​​មាន​​​ការ​​​អនុវត្ត​​​ទេ​​​ រហូត​​​ដល់​​​ខែ​​​វិច្ឆិកា​​​​​​ឆ្នាំ​​​មុន ជា​ពេលដែល​​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​បាន​​​ចេញ​​​ដីកា​​​ចាប់​​​ខ្លួន​​​លោក សម រង្ស៊ី ​​​ដែល​​​ឥឡូវ​​​កំពុង​​​រស់​​​នៅ​​​ក្នុង​​​លក្ខណៈ​​​និរទេស​​​ខ្លួន​​​ដើម្បី​​​គេច​​​ពី​​​ការ​​​ផ្តន្ទា​​​ទោស​​​ឲ្យ​​​ជាប់ពន្ធនាគារ​​​រយៈ​​​ពេល​​​២​​​ឆ្នាំ។

លោក សម រង្ស៊ី បាន​​​សរសេរ​​​នៅ​​​ក្នុង​​​សារ​​​បង្ហោះ​​​តាម​​​ហ្វេសប៊ុក​​​នោះ​ថា “គឺ​​​លោក ​​​ហោ ណាំហុង​​​ ទេ​​​ដែល​​​ជា​​​អ្នក​​​គួរ​​​សូម​​​អភ័យ​​​ទោស​​​ដល់​​​ព្រលឹង​​​ និង​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​ដែល​​​ខ្មែរ​​​ក្រហម​​​បាន​​​សម្លាប់​​​ចោល​​​នៅ​​​មន្ទីរ​​​ឃុំ​​​ឃាំង​​​បឹង​​​ត្របែក នា​ចុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៧០ ព្រោះ​​​គាត់ជា​មន្ត្រី​មន្ទីរ​ឃុំឃាំង និង​​​ជា​​​អ្នក​​​រាយការណ៍​​​ប្រាប់​​​អ្នក​​​ធ្វើ​​​ទារុណកម្ម និង​​​ពេជ្ឈឃាត​”។

​​​មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​រូប​​​នេះ​​​បាន​​​បន្ត​​​ដក​​​ស្រង់​​​សារ​​​ទូរលេខ​​​ពី​​​ស្ថាន​​​ទូត​​​សហរដ្ឋ​​​អាមេរិក​​​ប្រចាំ​​​រាជធានីភ្នំពេញ​​​ដែល​​​បញ្ចេញ​​​ជា​​​សាធារណៈ​​​ដោយ​​​គេហទំព័រ ​​​វីគីលិក​​​ (Wikileaks) ជា​​​ក្រុម​​​ប្រឆាំង​​​ភាព​​​សម្ងាត់​​​កាល​​​ពី​​​ឆ្នាំ​​​២០១១។

សម្រង់ចេញពី​សារទូរលេខ​​​នេះ​​​មាន​​​ខ្លឹម​​​​​​សារ​​​ដូច្នេះ​​​ថា “លោក ហោ ណាំហុង​​​ បាន​​​វិល​​​​ ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ បន្ទាប់​​​ពី​​​ខ្មែរ​​​ក្រហម​​​បាន​​​វាយ​ដណ្តើមយក​​​​​អំណាច​មក​គ្រប់​គ្រង​​​​ ប៉ុន្តែ គាត់​​​មិន​​​ត្រូវ​​​បាន​​​សម្លាប់​​​ទេ ​​​ព្រោះ​​​គាត់​​​ជា​​​មិត្ត​​​រួម​​​ថ្នាក់​​​របស់​​​​អៀង ​​​សារី ។​​​គាត់​​​បាន​​​ក្លាយ​​​ជា​​​ប្រធាន​​​មន្ទីរ​​​ឃុំ​​​ឃាំង​​​បឹង​​​ត្របែក ហើយ​​​គាត់​​​ និង​​​ភរិយា​​​បាន​​​ចូល​​​ដៃ​​​នៅ​​​ក្នុង​​​ការ​​​សម្លាប់​​​អ្នក​​​ទោស​​​ជា​​​ច្រើន​​​នាក់​​​”។

មិន​​​យូរ​​​ប៉ុន្មាន​​​បន្ទាប់​​​ពី​​​លោក សម ​​​រង្ស៊ី ​​​បាន​​​ដក​​​ស្រង់​​​សារទូរលេខ​​​​​​​​​​​​យក​ទៅ​បង្ហោះ​រួច​​ លោក ហោ ណាំហុង​​​​​​ បាន​​​បង្ហោះ​​​ការ​​​ឆ្លើយ​​​ឆ្លង​​​គ្នា​​​រវាង​លោក​ជាមួយ​​​លោកស្រី ​​​ហុីល​​​ឡារី គ្លីនតុន រដ្ឋ​​​មន្ត្រីក្រសួង​​​ការ​​​បរទេស​​​សហ​​​រដ្ឋ​​​អាមេរិក​​​នៅ​​​ពេល​​​នោះ ដោយ​​​ចោទ​​​សួរ​​​អំពី​​​សុចរិត​​​ភាព​​​នៃ​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​​​នៅ​​​ក្នុង​​​សារ​​​ទូរលេខ​​​នេះ​​​ដែល​​​លោក​​​ចាត់​​​ទុក​​​ថា ជា “​​​ដីកា​​​បញ្ជូន​​​រឿង​​​ទៅ​​​ជំនុំ​​​ជម្រះ​​​ពាក់​​​ព័ន្ធ​​​ការ​​​បរិហារកេរ្តិ៍”៕​​​ស៊ុយឈាង (រាយការណ៍​​​បន្ថែម​​​ដោយ Aisha Down)

© 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.