សហរដ្ឋ​អាមេរិក​ និង​​​ប្រទេស​កម្ពុជា​វាយ​តម្លៃ​សាជាថ្មីលើ​កិច្ច​ព្រម​ព្រៀងនាំ​វត្ថុបុរាណ​មក​វិញ​

ក្រុម​មន្ត្រី​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា គណៈកម្មាធិការមួយ​របស់​​​ក្រសួង​ការ​បរទេសសហរដ្ឋ​អាមេរិក​​​មាន​គម្រោង​ ​បើក​កិច្ច​​​ប្រជុំ​មួយ​​នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា​ ដើម្បី​ពិនិត្យ​ឡើង​វិញ​​លើ​កិច្ច​ព្រម​ព្រៀង ដែល​ខ្លួន​បាន​ចុះ​ហត្ថ​លេខា​ជាមួយ​​កម្ពុជា កាល​ពី​ឆ្នាំ​១៩៩៩ស្តី​ពី​ការ​​បញ្ជូន​វត្ថុ​បុរាណ​ខ្មែរ​​មក​វិញ។

អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​ដែល​ត្រូវ​គណៈកម្មា​ធិការ​ប្រឹក្សា​យោបល់​អំពី​សម្បត្តិ​វប្បធម៌​​​​ធ្វើ​បច្ចុប្បន្ន​ភាព​រៀង​​​​រាល់​ប្រាំ​ឆ្នាំ​ម្ដងនោះ​ ដាក់​ចេញ​នូវ​​បទ​បញ្ជា​តឹង​រុឹង​ក្នុង​ការ​​បញ្ជូន​​​មក​វិញ​នូវ​វត្ថុ​បុរាណ​ ដែល​មាន​តាំង​ពី​​ យុគសំរឹទិ្ធ​ រហូត​ដល់​ចុង​បញ្ចប់​នៃ​សម័យ​មហាអង្គរ​។

លោក ​ហាប់ ទូច អគ្គ​នាយក​នៃ​​អគ្គ​នាយក​ដ្ឋាន​ បេតិកភណ្ឌ​វប្បធម៌​នៅ​ក្រសួង​វប្បធម៌​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កំពុង​រៀប​ចំ​របាយ​ការណ៍​មួយ​ ដើម្បី​ធ្វើ​បទ​បង្ហាញ​​នៅ​​ក្នុង​កិច្ច​ប្រ​ជុំ​​នៅ​ទី​ក្រុង​វ៉ាស៊ីនតោន។ អនុស្ស​រណៈ​នោះ​នឹង​ត្រូវ​​ធ្វើ​បច្ចុប្បន្នភាព​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​ក្រោយនេះ​​។ លោកមាន​ប្រសាសន៍​បន្ដ​ថា “ ​យើង​នឹង​ផ្ដល់​អានុសាសន៍​ខ្លះ​ៗ​​ដើម្បី​ធ្វើ​ឲ្យ​អនុស្ស​រណៈនេះ​កាន់​តែ​ប្រសើ​រឡើង​។

លោក​មាន​ប្រសាសន៍​បន្ថែម​​ដោយ​មិន​​ប្រាប់​ពី​ចំណុច​ដែល​ត្រូវ​កែ​ប្រែ​​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​​មាន​ស្រាប់​នេះថា​​ “ យើង​សង្ឃឹម​ថា នឹង​ចូល​រួម​ឲ្យ​បាន​សកម្ម​ថែម​ទៀត​ក្នុង​ការ​ប្រ​យុទ្ធ​​ប្រឆាំង​​ការ​ជួញ​ដូរ​សម្បត្តិ​វប្បធម៌​”។

លោកមាន​ប្រសាសន៍​ទៀត​ថា ការ​ពិនិត្យ​ឡើង​វិញ​នូវ​កិច្ច​ព្រម​ព្រៀង​នេះ​ នឹង​ម​ិន​ពាក់​ព័ន្ធ​នឹង​ពាក្យ​បណ្ដឹង​របស់​​កម្ពុជា​ដែល​បាន​ប្ដឹង​ក្រុមហ៊ុន​​លក់​ដេញ​ថ្លៃសុថេប៊ី ​សាខា​នៅ​បុរី​ញូវយ៉ក​អំពី​​រូប​ចម្លាក់បុរាណ​ខ្មែរ​មួយ​​តាំង​ពី​សតវត្សរ៍​ទី​១០​ ដែល​​កម្ពុជា​អះអាង​ថា ត្រូវ​បាន​គេ​លួច​ក្នុង​ទសវត្សរ៍ឆ្នាំ​១៩៧០។

លោក​ថ្លែង​ទៀត​ថា “ យើង​ពិចារណា​ជា​ទូទៅ​​សម្រាប់​​ការការពារ​កេរដំណែលវប្បធម៌​​ខ្មែរ​។ អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​​នេះ​​មាន​សារៈសំខាន់​ណាស់​​ ហើយ​យើង​កំពុង​រង់​ចាំ​ការ​ពិនិត្យ​ឡើង​វិញ​នៅ​ឆ្នាំ​២០១៣​”។

កាល​ពី​ខែ​មេសា រដ្ឋាភិបាល​អាមេរិក​ តាម​​សំ​ណើ​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​រឹប​អូស​យក​ចម្លាក់​បុរាណ​ខ្មែរ​សតវត្សរ៍​ទី​១០​​ពី​​ហាង​​ដាក់​លក់​ដេញ​ថ្លៃ​នៅ​បុរី​ញូវយ៉ក​នេះ​​។ កម្ពុជា​និង​ក្រុមហ៊ុន សុថេប៊ី ឥឡូវ​នេះ​កំពុង​តស៊ូ​​តាម​​ផ្លូវ​ច្បាប់​អំពី​រូប​ចម្លាក់​អ្នក​ចម្បាំង​ធ្វើ​ពី​ថ្ម​ភក់ ដែល​កម្ពុជា​​អះ​អាង​ថា ត្រូវ​បាន​គេ​លួច​ពី​ប្រាសាទ​កោះ​កេរ នៅ​ខេត្ត​ព្រះវិហារ​។

យោង​តាម​គេ​ហទំព័រ​ក្រ​សួង​ការ​បរទេស​សហ​រដ្ឋ​អា​មេរិក​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​កិច្ច​ព្រម​ព្រៀង​​ទ្វេភាគី​រវាង​​កម្ពុជា​ និង​សហរដ្ឋ​អាមេរិក​​ចែង​ថា “ វត្ថុបុរាណ​អាច​នាំ​ចូល​ទៅ​កាន់​សហរដ្ឋ​អាមេរិក​បាន​លុះ​ត្រា​តែ​មាន​ច្បាប់​​អនុញ្ញាត​​ឲ្យ​នាំ​ចេញ​​ពី​អាជ្ញាធរ​កម្ពុជា​ ឬ​មាន​ឯកសារ​ដែល​បញ្ជាក់​ថា បាន​​នាំ​ចេញ​ពី​​កម្ពុជា​នៅ​មុន​កាល​បរិច្ឆេទ​នៃ​​កិច្ច​ព្រម​ព្រៀង​នេះ”៕

ប្រែស្រួល​ដោយ ឃិន ណៃ

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.