សាលាដំបូង​រាជ​ធានី​ភ្នំ​ពេញ​បញ្ជូន​អ្នក​តវ៉ា​នៅ​សហគមន៍​ បឹង​កក់​១៣​នាក់​ទៅ​​ពន្ធនាគារ

កាល​ពី​ម្សិល​មិញ​ សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​បាន​​ចោទ​ប្រកាន់​ និង​​ផ្តន្ទា​ទោស​​ស្ត្រី​ចំនួន​១៣​នាក់​​ឲ្យ​ជាប់​ពន្ធ​នាគារ​​ចំនួន​ពីរ​ឆ្នាំ​កន្លះ​ ដែល​បាន​​ជាប់​ពាក់​ព័ន្ធ​នឹង​ជម្លោះដី​ធ្លី​ដ៏​យូរ​​ជាមួយ​​ក្រុម​ហ៊ុន​របស់​លោក​ ឡៅ​ ម៉េងឃិន សមាជិក​ព្រឹទ្ធ​សភា មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា។

ស្ត្រី​ជាប់​ចោទ​ទាំង​នោះ​​ ​ដែល​រួម​មាន​​​អ្នក​ស្រី ហេង​ មុំ​ និង​អ្នក​ស្រី ទេព វន្នី ផង​នោះ ​​ស្ថិត​​ក្នុង​ចំណោម​អ្នក​ដឹក​នាំ​​ក្នុង​ជម្លោះ​រយៈពេល​ច្រើន​ឆ្នាំ​របស់​សហគមន៍​បឹង​កក់​ ជាមួយ​ក្រុម​ហ៊ុនស៊ូកាគូអុីនរបស់​លោក​ ឡៅម៉េង​ឃិន​។

នៅ​ខាង​ក្រៅ​តុលាការ​ ដែល​មាន​មនុស្ស​ជាច្រើន​នាក់​ បាន​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​គាំ​ទ្រ​ស្ត្រី​ទាំង​នោះ​ អាជ្ញា​ធរ​ក៏​បាន​ចាប់​ខ្លួន​ស្ត្រី​ពីរ​នាក់​​ទៀត​ ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​ជម្លោះ​ដី​ធ្លី​នេះ​ ព្រម​ទាំង​ព្រះ​សង្ឃ​ជា​សកម្ម​ជន​មួយ​អង្គ​ព្រះ​នាម លួន​ សុវ៉ាត ​ដែល​កំពុង​តែ​ថត​រូប​ក្រុម​អ្នក​តវ៉ា​ នៅខាង​មុខ​តុលាការ​។​​​​

មន្ត្រីនគរបាលបាន​​​រារាំង​​​អ្នក​​​កាសែត​​​​​​​​​​​​មិន​​​ឲ្យ​​​ចូល​​​ទៅក្នុង​​​តុលាការទេហើយ​​​មន្ត្រី​តុលា​​​ការ​​​ ក៏បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយដែរ​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់​​​ពី​​​ការ​​​កាត់​​​ទោសស្ត្រី​ទាំង​នេះ។ ប៉ុន្ដែ​​​លោក អំ សំអាត​​​ អ្នក​​​គ្រប់​​​គ្រង​​​បច្ចេក​​​ទេស​​​អង្គការ​​​សិទ្ធិមនុស្ស​​​លីកាដូ​​​ ដែល​​​បាន​​​ចូលរួម​ស្តាប់​សាល​ក្រម​ក្នុង​​​សាលសវនាការ​​​​​​​មាន​​​ប្រសាសន៍​​​ថា ​ចៅក្រម​​​បាន​​​ផ្តន្ទាទោស​​​​​​​ស្ត្រី​ទាំង​នេះ ​​​​តាម​​​ស្ថាន​ទម្ងន់​ទោស​នៃ​បទ​ប្រឆាំង​នឹង​អ្នក​រាជ​ការ​សាធារណៈតាម​​​មាត្រា​​​​​​​​៥០៤​​​នៃ​​ក្រម​​​ព្រហ្មទណ្ឌ​​​ និង​​​ពី​​​បទ​ចូល​​​​កាន់​​​កាប់​​​ដី​​​ដោយ​​​ខុស​​​ច្បាប់​​​តាម​​​មាត្រា​​​​៣៤​​​នៃ​​​ច្បាប់​​​ភូមិបាល​​​។

មជ្ឈមណ្ឌល​​​សិទ្ធិមនុស្ស​​​កម្ពុជា​​​ ដែល​​​មាន​​​តំណាង​​​​ម្នាក់​​​​នៅក្នុង​​​សាលសវនាការ​ ក៏​​​បាន​​បញ្ជាក់​ពី​​​សាល​ក្រម​​​នេះ​​​ដែរ​​​។ លោក​​​ អំសំអាត​​​ ​​​​​​បន្ថែម​​​ថាស្ត្រីប្រាំ​​​​​​នាក់​​​​​​​​​ក្នុង​​​ចំណោម​​​ស្ត្រី​​​តវ៉ា​​​ទាំង​​​នោះ​​​ទទួល​​​បាន​​​ការ​ព្យួរ​​​ទោស​រយៈ​ពេល​​​​ពីរ​​​ឆ្នាំ​​​ និងស្ត្រី​​​​ម្នាក​់​​​​ទៀតព្យួរ​ទោស​​​​មួយ​​​ឆ្នាំរួច​​​ហើយ​​​ពួក​​​គាត់​​​ទាំង​​អស់​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ព្រៃសភ្លាមៗ​។ មន្ត្រី​​​​​​​​ពន្ធនាគារ​​​​មិនអាច​​​ទាក់​​​ទង​​​បាន​​​ទេ។

ស្ត្រី​​​អ្នក​​​តវ៉ា​​​១៣​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​អំឡុង​​​​ពេល​តវ៉ាកាល​​​​ព្រឹក​​​ថ្ងៃ​​​អង្គារ​​​នៅ​​​ឯ​​​សហ​​​គមន៍​​​បឹង​​​កក់​​​ ដែល​​​មាន​​​ជម្លោះ​​​ដី​​​ធ្លី​​​ដ៏​​​ជូរចត់​​​ជាមួយ​​​នឹង​​​ក្រុម​​​ហ៊ុន​​​អភិវឌ្ឍន៍​​​ស៊ូកាគូអុិន ចាប់​​​តាំង​​​ពី​​​សាលារាជ​​​ធានី​​​ បាន​​​ផ្ដល់​​​សិទ្ធិ​​​ទៅ​​​ឲ្យ​​​ក្រុម​​​ហ៊ុននេះ​​​​សាង​​​សង់​​​នៅ​​​តំបន់​​​នេះ​​​កាល​​​ពី​​​ឆ្នាំ​​​២០០៧​​​។អ្នក​​​ភូមិ​​​​​​បឹង​​​កក់​​​ប្រហែល​​​៥០​​​នាក់​​​បាន​​​ចេញ​មុខ​​​​គាំ​​​ទ្រ​​​​​គ្រួសារ​​​មួយ​ដែល​ប៉ុនប៉ង​សាង​សង់​ឡើង​វិញ​នូវ​​​​ផ្ទះ​​​របស់ខ្លួន​​​​ ដែល​​​ក្រុម​​​​​​ហ៊ុន ស៊ូកាគូអុិន បាន​​​បំផ្លាញ​​​​ចោល​​​កាល​​​ពី​​​ឆ្នាំ​​​២០១០​​​​​​។នគរបាល​​​បាន​​​រឹប​​​អូស​​​សម្ភារៈ​​​សាង​​​សង់​​​ផ្ទះ​​​​​​របស់​​​គ្រួសារ​​​មួយ​​​នេះហើយ​​​​​​ចាប់​​​​​​ខ្លួន​​​ស្ត្រី​​​អ្នក​​​តវ៉ា១៣​​​នាក់​​​​ បន្ទាប់​​​ពី​ពួក​​​គាត់់​​​បាន​​​ចាប់ផ្ដើម​​​ជេរ​​​ដាក់​​​បណ្ដា​​​សានគរបាល​​​ទាំង​​​នោះ​​​។

លោក​​​ អំ សំអាត​​​ បាន​​​លើក​​​ឡើង​​​ថា​​​ “ ​​ការ​​​ចោទ​​​ប្រកាន់​​​ប្រឆាំង​​​នឹង​​​អ្នក​​​ភូមិ​​​បឹង​​​កក់ទាំង​នេះ​​​មិន​​​ត្រឹម​​​ត្រូវ​​​នោះ​​​ទេ​​​ ពី​​​ព្រោះ​​ស្ត្រី​​​ទាំង​​​១៣​​​នាក់​​​នេះ​​​មិន​​​បាន​​​សាង​​​សង់​​​ផ្ទះ​​​ឡើង​​​វិញ​​​នៅ​​​លើ​​​ដី​​​នោះទេ”។

លោក​​​បាន​​​បន្ថែម​​​ទៀត​​​ថា“​​​ ខ្ញុំ​​​គិត​​​ថា ទោះ​​​បី​​​ជា​​​តុលាការ​​​​ផ្តន្ទាទោស​​​​ពួក​​​គាត់​ដាក់​ពន្ធ​​​នា​​​គារ​​​យ៉ាង​​​ណា​​​ក៏ដោយ ក៏​​​ករណី​​​នៅ​​​សហគមន៍​​​បឹង​​​កក់​​​នឹង​​​មិន​​​បញ្ចប់​​​ដែរ​​​ ហើយ​​​អំពើ​​​ហិង្សា​​​នឹង​​​​​​កើតមាន​​​ខ្លាំង​​​ឡើង​​​ៗ​​​ ប្រសិន​​​បើ​​​អាជ្ញាធរ​​​រាជធានីភ្នំពេញ​​​មិនដោះ​​​ស្រាយ​​​ជម្លោះ​​​ដីធ្លី​​​​នេះទេ​​​។

ស្ត្រី​​​អ្នក​​​តវ៉ា​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​កាន់​​​តុលាការ​​​កាល​​​ពី​​​ព្រឹក​ព្រលឹម​​​ម្សិលមិញ​​​។ ក៏​​​ប៉ុន្ដែ​​​មេធាវីអង្គកា​​រលីកាដូ ដែល​​តំណាង​​​ឲ្យ​​​ពួក​​​គាត់​​​បាន​​​ដើរ​​​ចេញ​​​ពី​​​តុលាការ​​​ក្រោយ​ពេល​ថ្ងៃ​ត្រង់​បន្តិច​​​ ដើម្បី​​​តវ៉ា​​​ចំពោះ​​​​​​សេចក្ដី​​​សម្រេច​​​​​​របស់​​​តុលាការ​​​ ក្នុង​ការ​បដិសេធ​​​សំណើ​​​​​សុំ​​​ឲ្យ​​​មាន​​​សាក្សីព្រម​​​ទាំង​​​សុំ​​​ឲ្យ​​​ពន្យារ​​​ពេល​​​រឿង​​​ក្ដី​នេះ​​​។ពួក​​​គាត់​​​បាន​​​និយាយ​​​ថាឥឡូវ​​​នេះ​​​ពួកគាត់​​​កំពុង​​​តែពិភាក្សា​​​ពីលទ្ធភាព​​​ប្ដឹង​​​​​​ឧទ្ធរណ៍​​​។

លោកហ្វីលរ៉ូបឺតសុន (Phil Robertson)អនុប្រធាន​​​​អង្គការ​​​ឃ្លាំមើល​​​សិទ្ធិ​​​មនុស្ស​​​ប្រចាំ​​​​​អាស៊ី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា“​​​ទង្វើ​​​របស់​​​​​​រដ្ឋា​​​ភិ​​​បាល​​​ និង​​​សាលា​រាជ​ធានីភ្នំពេញ​​​មិន​​​អាច​ទទួលយក​​​បាន​​​ទេនិង​គ្មាន​យុត្តិធម៌​ទាល់​តែ​​​សោះ​”។ លោក​​​បាន​​​បន្ដ​​​ថា “ ​​​ការ​​​ចោទ​​​ប្រកាន់​​​ និង​​​ការ​​​កាត់​​​ទោស​​​ស្ត្រី​​​ទាំង​​​នេះ​​​ពី​​​បទ​​​ប្រើ​​​ប្រាស់​​​សិទ្ធិ​​​របស់​​​ពួក​​​គាត់​​​ ដើម្បី​​​បង្ហាញ​​​អំពី​​​ទស្សនៈ​​​របស់​​​ខ្លួន​​​ និង​​​ការ​​​តវ៉ា​​​ដោយ​​​សន្ដិវិធី  ​​​ក្រោយ​​​មក​​​បាន​​​បដិសេធ​​​មិនឲ្យ​​​ពួក​​​គាត់ ​​​មាន​​​ពេល​​​វេលា​​​រៀប​​​ចំរឿង​​​ក្ដី​របស់​ខ្លួន​​​ និង​​​​បដិសេធ​​​មិន​​​អនុញ្ញាត​​​​​​ឲ្យ​​​មាន​​​សាក្សីនោះ ​​​ទាំង​​​នេះ​​​គឺ​​​ជា​​​ទង្វើ​​​របស់​​​តុលាការ​​​អយុត្តិធម៌ដែល​​​ចាំ​​​តែ​​​ស្ដាប់​​​អ្នក​​​នយោបាយ​​​ក្នុង​​​ជួរ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និងរដ្ឋាភិបាល​​​”។​​​​​​

លោកផៃស៊ី​ផាន​ អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រីបាន​បដិសេធ​មិន​ធ្វើអត្ថា​ធិប្បាយ​​​​អំពីការលម្អៀងរបស់​តុលាការ​​ទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា“បើ​សិន​ជា​តុលាការ​លម្អៀង​ ឬ​មិន​លម្អៀង​ក៏​ដោយ​ វា​ក៏​ មិន​មែន​ជា​វិជ្ជា​ជី​វៈ​របស់​ខ្ញុំ​ដើម្បី​ឆ្លើយ​នឹង​សំណួរ​ទាំង​នោះ​ទេ”។ ​លោកបាន​បន្តទៀត​​​ថា​លោក​ក៏មិន​ធ្វើអធិប្បាយ​អំពីសាល​ក្រម​របស់​តុលាការ​ដែរ។

លោក​បាន​បន្ថែម​ទៀត​ថា“បើ​សិន​ជា​តុលាការ​លម្អៀង​ទៅ​រក​ភាគី​ណា​មួយ​ ហើយ​មិន​លម្អៀង​ទៅ​រក​ភាគី​ផ្សេង​ទៀត​ ក៏ខ្ញុំ​​នឹង​មិនធ្វើអត្ថា​ធិប្បាយ​អំពី​បញ្ហា​នោះ​ដែរពី​ព្រោះ​វា​ជា​កិច្ច​ការ​របស់​តុលាការ​”។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ និង​ឧត្តម​​​ស្នង​​​ការ​​​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​កម្ពុជា ​ហៅ​ប្រ​ព័ន្ធ​តុលាការ​នៅ​ក្នុងកម្ពុជាថាជាស្ថា​ប័ន​មួយ​ពុក​រលួយ​​​​បំផុត។

​នៅ​ក្នុង​តុលាការ​ កាល​ពី​ម្សិល​មិញ​ មាន​​​សភាពអ៊ូអរណាស់ទាំង​នៅ​ខាងក្នុង​ និង​នៅ​ខាង​ក្រៅ​តុលាការ​។ ​អ្នក​តវ៉ា​ប្រហែល​៧០​នាក់បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ពី​មុខ​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញដើម្បី​គាំ​ទ្រ​​ស្ត្រី​ ដែល​ត្រូវ​តុលាការ​​​នាំខ្លួន​​​មក​​​​​​ជំនុំជម្រះទោសដោយ​បាន​បិទ​ផ្លូវ​នៅ​​ក្រៅ​​​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញជិតពេញ​​​​​​​មួយ​ថ្ងៃ​តែ​ម្តង។មុន​ម៉ោង​២​រសៀល​​​​បន្តិច​​​​នគរ​បាល​បាន​ឃំុ​ខ្លួន​មនុស្ស​ពីរ​នាក់​ថែម​ទៀត​​​ឈ្មោះលីចាន់ណារីនិង​ សៅសារឿន​​​។ក្រោយ​​​មកនគរ​បាល​មិនអាច​ទាក់​ទង​ ដើម្បី​សំុ​អត្ថាធិប្បាយថាឲតើពួក​គេ​ទាំង​នោះ​នៅ​ទីណាបានទេ។

នគរបាល​ឯក​សណ្ឋាន​ និង​នគរបាល​​​ស្លៀក​​​​​​ពាក់​​​​ស៊ី​វិល​ជា​ច្រើន​នាក់​ បាន​ចាប់​​សកម្ម​ជន​​ជាព្រះ​សង្ឃ​​​មួយអង្គព្រះនាមលួន​​​សុវ៉ាតនៅ​ពេល​ព្រះ​អង្គ​និមន្តមកដល់​ ដើម្បី​ថត​វីដេអូ​ អំពីក្រុម​អ្នក​តវ៉ាទាំងនោះ​ ដោយ​ប្រើ​កាមេរ៉ា​ទូរ​ស័ព្ទ​ នៅ​មុន​ម៉ោង​១០​ព្រឹក​បន្តិច​​​​ ហើយ​ព្រះ​អង្គ​ត្រូវ​បាន​គេបញ្ជូន​តាម​រថយន្ត​មួយ​ ដែល​គេ​មិន​ស្គាល់។ព្រះ​តេជគុណលួនសុវ៉ាតបាន​ធ្វើ​ឲ្យប៉ះ​​​ពាល់​​​ដល់​ព្រះ​ពុទ្ធ​សាសនា​ ដោយ​​​សារ​​​​ការ​គាំ​ទ្រ​របស់​ព្រះ​អង្គ​ជា​សាធារណៈ​ទៅលើ​ក្រុម​អ្នក​តវ៉ា​ ដែលបាន​អះ​អាង​ថា​​​កំពុង​​​ទទួល​​​រង​​​ការ​​​រំលោភបំពានពី​រដ្ឋាភិបាល​​​​ មានដូចជា​អ្នក​តវ៉ា​​​​នៅ​បឹង​កក់​ជាដើមហើយ​កាល​ពី​ឆ្នាំ​កន្លង​ទៅព្រះ​អង្គ​ត្រូវ​បាន​ហាម​ប្រាម​មិន​ឲ្យ​គង់​​​នៅតាម​វត្ត​នានាក្នុង​រាជ​ធានី​ភ្នំ​ពេញ​ ។ព្រះ​តេជគុណ​បាន​ស្រែកមុន​ពេល​ត្រូវ​បាន​បង្ខំ​ឲ្យ​ចូល​ក្នុង​រថយន្ត​មួយគ្រឿងដែល​កំពុង​រង់​ចាំ​ថា“អាត្មា​មិន​មាន​អាវុធ​ទេ។អាត្មា​​​​មិន​ទៅ​ទេពី​ព្រោះ​អាត្មគ្មាន​ធ្វើ​អ្វី​ខុស​​​​ទេ”។

ទោះ​ជា​យ៉ាង​ក៏​ដោយក៏ព្រះ​តេជគុណ​ លួនសុវ៉ាតមិន​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នង​ការដ្ឋាន​នគរ​បាលរាជធានីភ្នំេពញ​ទេប៉ុន្តែ​បាន​បញ្ជូន​ព្រះ​អង្គ​ទៅ​កាន់​វត្ត​បទុមវត្តី​ ដើម្បី​ជួប​សវនា​ការ​ជាមួយ​នឹងសម្តេច​ព្រះ​សង្ឃ​​នាយក​​​នៃ​​​​​​គណៈ​​​មហា​និកាយ​​ ដែល​បណ្តាល​​​​ឲ្យ​មាន​ពាក្យ​ចចាម​អារ៉ាម​ថាព្រះ​អង្គ​ត្រូវ​បាន​គេ​ផ្សឹក​។

ព្រះ​អង្គ​បាន​មានសង្ឃដីកាទៅ​កាន់​អ្នក​យក​ព័ត៌មាន​នៅ​ឯ​វត្ត​នេះកាល​ពី​ល្ងាច​ម្សិល​មិញ​​​ថាព្រះ​អង្គ​មិន​ត្រូវ​បាន​គេ​ផ្សឹក​នោះ​ទេហើយព្រះ​អង្គ​បាន​បដិសេធ​សំណើ​​​ពី​សម្តេច​​​​ព្រះសង្ឃ​នាយកដែល​សុំ​ឲ្យ​ព្រះ​អង្គ​ឈប់​គាំ​​​​ទ្រ​សកម្ម​ភាព​អ្នក​តវ៉ា។ព្រះ​អង្គ​បាន​មាន​សង្ឃ​​​ដីកា​ទៀត​ថា“អាត្មា​​​​មិន​​​​​​​​​​​​​​​​ទទួល​​​​​​​​​​ឡើយ​ ពី​ព្រោ​​​ះវា​អយុត្តិ​ធម៌​សម្រាប់​​​​អាត្មានិង​​​​អ្នក​ផ្សេង​​​​ទៀត​ នៅ​ពេល​សិទ្ធិ​សេរី​ភាព​របស់​ខ្លួន​ត្រូវ​បាន​រដ្ឋា​ភិបាល​​​បំពាន​”៕

(រាយការណ៍​បន្ថែម​ដោយហៃស៊ីណានិង Zsombor Peter)

ប្រែ​សម្រួល​ដោយស៊ាស៊ុយឈាង

និងឃិនណៃ​​

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.