ស៊ន សៀវម៉ី ទទួល​បាន​​​សិទ្ធិ​​​​​​ប្រកួត​​​​អូឡាំពិក​ហ្គេម​​​​​​ជា​​​ប្រវត្តិសាស្ត្រ​​​

កញ្ញា ស៊ន សៀវម៉ី ជើង​​​ឯក​​​តេក្វាន់ដូ​​​កម្ពុជា បាន​​​សាង​​​ប្រវត្តិសាស្ត្រ​​​ជា​​​ថ្មី​​​ម្តង​​​ទៀត កាលពី​​​ថ្ងៃ​​​សៅរ៍ បន្ទាប់ពី​​​ឈ្នះ​​​មេដាយ​​​មាស​ក្នុង​​​ការ​ប្រកួត​ជម្រុះ​​ជើង​ឯក​តេក្វាន់​ដូ​ទ្វីប​អាស៊ី​និង​​​បាន​​​ក្លាយ​​​ជា​​​កីឡា​​​ការិនី​​​ទី​​​១​​​មិន​​​ធ្លាប់​​​មាន​​​ពីមុន​​​មក​​​ដែល​​​មាន​​​លក្ខណៈ​​​សម្បត្តិ​​​គ្រប់​​គ្រាន់​​​​សម្រាប់​​​ការ​​​ចូល​​​រួម​​​ប្រកួត​​​អូឡាំពិក​​​ហ្គេម។

ជ័យ​ជម្នះ ផ្នែក​​​កីឡា​​​ការិនី​​​ទម្ងន់​​​ជាង​​​៦៧​​​គីឡូក្រាម​​​ក្នុង​​​ការ​​​ប្រកួត​​​ជម្រុះ​​​នៅ​​​ប្រទេស​​​ហ្វីលីពីន បាន​​​ផ្តល់​​​សិទ្ធិ​​​ជា​​​ស្វ័យប្រវត្តិ​​​ដល់​​​កីឡា​​​ការិនី​​​វ័យ​​​២០​​​ឆ្នាំ​​​រូប​​​នេះ ដើម្បី​​​ចូលរួម​​​ប្រកួត​​​នៅ​​​អូឡាំពិក​​​ហ្គេម ដែល​​​នឹង​​​ចាប់​​​ផ្តើម​​​​នៅ​ទី​​​ក្រុង រីយូ៉ ដឺ ហ្សាណេរ៉ូ នៅ​​​ខែ​​​សីហា។

កញ្ញា ស៊ន សៀវម៉ី បាន​​​និយាយ​​​ក្នុង​​​វីដេអូ​​​ មួយ​​​បង្ហោះ​​​តាម​​​ហ្វេសប៊ុក​​​ថា “ឆ្នាំ​​​នេះ ខ្ញុំ​​​មិន​​​បាន​​​ចូល​​​រួម​​​សប្បាយ​​​ចូល​​​ឆ្នាំ​​​ថ្មី​​​ទេ ប៉ុន្តែ​​​ខ្ញុំ​​​មាន​​​អារម្មណ៍​​​សប្បាយ​​​ជាង​​​នោះ និង​​​ជាង​​​ការ​​​ឈ្នះ​​​​ឆ្នោត​​​៦​​​ខ្ទង់​​​ទៅ​​​ទៀត”។

យោង​​​តាម​​​លោក វ៉ាត់ ចំរើន ​អគ្គលេខា​ធិការ​នៃ​​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​​​ឲ្យ​​​ដឹង​​​ថា ថ្វីបើ​​​ប្រទេស​​​កម្ពុជា​​​បាន​​​ចូល​​​រួម​​​ការ​​​ប្រកួត​​​កីឡា​​​អូឡាំពិក​​​ហ្គេម​​​រដូវ​​​ក្តៅ​​​៨​​​លើក​​​មក​​​ហើយ​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​១៩៥៦​​​មក រួម​​​ទាំង​​​ការ​​​ប្រកួត​​​កីឡា​​អូឡាំពិក​​​ក្រុង​​​ឡុងដ៍​ឆ្នាំ​​​២០១២​​​​​ផង​​​ក្តី ក៏​​​អ្នក​​​ចូល​​​រួម​ប្រកួត​​​មុនៗ​​​​​​សុទ្ធតែ​​​ប្រកួត​​​ក្នុង​​​នាម​​​ជា​​​អ្នក​​​ទទួល​​​បាន​​​សិទ្ធិ​​​អនុគ្រោះ​ មិន​​​មែន​តាម​​​រយៈ​​​ការ​​​ឈ្នះ​​​ការ​​​ប្រកួត​​​ជម្រុះ​​​មុន​​​ការ​​​ប្រកួត​​​នោះ​​​ទេ។

ដោយ​​​បាន​​​បង្កើត​​​ប្រវត្តិសាស្ត្រ​​​រួច​​​ហើយ​​​ជា​​​អ្នក​​​ទទួល​​​មេដាយ​​​មាស​​​ទី​​​១​​​របស់​​​ប្រទេស​​​កម្ពុជា​​​នៅ​​​អាស៊ី​​​ហ្គេម​​​ជាមួយ​​​ជ័យ​​​ជម្នះ​​​របស់​​​ខ្លួន​​​នៅ​​​ឆ្នាំ​​​២០១៤​​​នោះ កញ្ញា ស៊ន ​សៀវម៉ី ​បាន​​​និយាយ​​​ថា កញ្ញា​​​មិន​​​មាន​​​ផែនការ​​​ផ្សព្វ​ផ្សាយ​​​វីដេអូ​​​អំពី​​​ជ័យ​​​ជម្នះ​​​ចុងក្រោយ​​​របស់​​​កញ្ញា​​​ទេ ព្រោះ​​​ខ្លាច​​​គូ​​​ប្រជែង​​​នា​​​ពេល​​​អនាគត​​​​​មើល​​​ដឹង​​​បច្ចេកទេស​​​របស់​​​កញ្ញា។

កញ្ញា​​​បាន​​​និយាយ​​​ក្នុង​​​វីដេអូ​​​បង្ហោះ​​​តាម​​​ហ្វេសប៊ុក​​​ថា ”ខ្ញុំ​​​មាន​​​វីដេអូ​​​អំពី​​​ការ​​​ប្រកួត​​​របស់​​​​​ខ្ញុំ ប៉ុន្តែ ខ្ញុំ​​​មិន​​​បាន​​​បង្ហោះ​​​វា​​​ទេ ពីព្រោះ​​ ខ្ញុំ​​​​​​មិន​​​ចង់​​​​ឲ្យ​​​គូ​​​ប្រកួត​​​របស់​​​ខ្ញុំ​​​មើល ហើយ​​​ឃើញ​​​ចំណុច​​​ខ្សោយ​​​របស់​​​ខ្ញុំ។ ប៉ុន្តែ​​​ប្រសិន​​​បើខ្ញុំ​​​មាន​​​​​​​​ឱកាស ​​​ខ្ញុំ​​​នឹង​​​បង្ហោះ​​​វា​​​ឲ្យ​​​អ្នក​​​ទាំង​​​អស់​​​គ្នា​​​មើល”។

លោក ចំរើន បាន​​​និយាយ​​​កាលពី​​​ម្សិល​មិញ​​​​​​ថា បន្ទាប់ពី​​​ការ​​​ប្រកួត​​​វគ្គ​​​ផ្តាច់​ព្រ័ត្រ​​​កាល​​ពី​​​ថ្ងៃ​​​​​សៅរ៍ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​​​​​​​បាន​​​សម្រេច​​ឲ្យ កញ្ញា សៀវម៉ី ​​​ធ្វើ​​​ជា​​​អ្នក​​​តំណាង​​​​​របស់​​​ប្រទេស​​​កម្ពុជា​​​ទៅ​​​ចូល​​​រួម​​ការ​​​ប្រកួត​​​នៅ​​​​​អូឡាំពិក​​​ក្រុង​​​រីយ៉ូ។

លោក​​​បាន​​​និយាយ​​​ថា ”គណៈកម្មាធិការ​​​អូឡាំពិក​​​មាន​​​ផែនការ​​​រួច​ហើយ​​​នៅ​​​ឆ្នាំ​​​២០១២​​​​​ខិតខំ​​​រក​​​ឲ្យ​​​បាន​​​កីឡាករ​​​មាន​​​លក្ខណៈ​​​សម្បត្តិ​គ្រប់គ្រាន់ ដើម្បី​​​ឲ្យ​​​សុបិន​​​របស់​​​យើង​ក្លាយ​​​ជា​​​ការ​​​ពិត”។

លោក ចំរើន ​​​និយាយ​​​ថា ប្រទេស​​​កម្ពុជា​​​នៅ​​​មាន​​​ឱកាស​​​មាន​​​កីឡាករ​​​ពីរ​​រូប​​​ដែល​​​​​​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​​​ដើម្បី​​​តំណាង​​​ប្រទេស​​​​​​​​នៅ​​​ក្រុង​​​រីយ៉ូ ប្រសិនបើ​​​កីឡាករ​បោក​​​​ចំបាប់​​​ដែល​​​ត្រូវ​​​ប្រកួត​​ក្នុង​​​វគ្គ​​​ជម្រុះ​​​បោក​​​ចំបាប់​​​​​អូឡាំពិក​​​អាស៊ី​​​នៅ​​​ក្រុង​​​អីុស្ថានប៊ុល​​​នា​​​ខែ​​​ឧសភា ​​​​ទទួល​​​បាន​​​ជ័យ​​​ជម្នះ៕ និត

© 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.