40.3 C
Phnom Penh

ការ​គំរាមកំហែង​ ការ​ភ័យ​ខ្លាច និង​ការ​ជ្រៀត​ជ្រែក​រារាំង​​សារព័ត៌មាន​ឯក​រាជ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ការ​​ស្ទង់​មតិ​របស់អ្នក​សារ​​​ព័ត៌​​​មាន​​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ម្សិល​​​មិញ​នៅ​ក្នុង​​របាយ​ការណ៍​របស់​មជ្ឈមណ្ឌល​កម្ពុជា​​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ (CCIM) ​​​បាន​ឲ្យ​ដឹង​ថា ការ​​ភ័យ​ខ្លាច​ពីការ​ជ្រៀតជ្រែក​របស់​​​​រដ្ឋាភិបាល​ ការ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ និង​អំពើ​ហិង្សា ​នៅ​តែ​ជា​ឧបសគ្គ​​ចំពោះ​សារព័ត៌មាន​សេរី និងឯករាជ្យ​នៅ​ក្នុង​ប្រទេស​​​​កម្ពុជា​។

CCIM បាន​ស្ទង់មតិ​អ្នក​សារព័ត៌មាន​​អាជីព​​១០២​នាក់​ទូទាំង​ប្រទេស​កាលពី​ចុង​ឆ្នាំ​​​​មុន​សម្រាប់​របាយការណ៍​ដែល​មាន​ចំណងជើង​ថា “​បញ្ហា​ប្រឈម​សម្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ឆ្នាំ​២០១៥” បង្ហាញ​ថា ៥៨​ភាគរយ​នៃ​អ្នក​ផ្ដល់​បទ​សម្ភាសន៍​​បាន​លើក​ឡើង​ថា ពួក​គាត់​​មិន​មាន​​អារម្មណ៍​ថា មាន​សេរីភាព​ក្នុង​ការធ្វើសេចក្តី​​រាយការណ៍​អំពី​បញ្ហា​ទាំង​អស់​ដោយ​គ្មាន​ការ​ភ័យខ្លាច​ពី​ការ​ជ្រៀតជ្រែក ឬ​ឥទ្ធិពល​ផ្សេងទៀត​ គឺ​កើន​ឡើង​ពី​៤៧,៣ភាគ​រយ​កាលពី​ឆ្នាំ​មុន។

អ្នក​​​សារព័ត៌​​​មាន​​​អាជីព​បាន​​លើក​ឡើង​ពី​ការ​ភ័យ​ខ្លាច​ទាំង​ការ​គំរាម​កំហែង​ផ្លូវ​ច្បាប់ និង​​ការ​គំរាមកំហែង​ផ្សេង​ៗ​​ទៀតជា​ពិសេស​ពី​អាជ្ញាធរ​មូលដ្ឋាន​ថា ជា​ហេតុ​ផល​ចំពោះ​ការ​ចាប់​ពិរុទ្ធ​ខ្លួន​ឯងនូវ​សេចក្តីរាយ​​​ការណ៍​​​របស់ខ្លួន​​ ពាក់​ព័ន្ធ​នយោបាយ អំពើ​ពុក​រលួយ​ និង​សម្បទាន​ដី​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជា​បញ្ហា​ដ៏រសើប​បំផុត​។

លោក មឿន ឈានណារិទ្ធ ​​នាយក​វិទ្យា​​​ស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌​​​មាន​​​​បាន​និយាយ​​ពី​លទ្ធផល​នេះ​ថា “​រដ្ឋាភិបាល​​​​តែង​តែ​អះអាង​ថា ខ្លួន​ឯករាជ្យ ប៉ុន្តែ​ការ​ពិត​​ស្ថាប័ន​ផ្សេង​​​ៗចាត​់ទុក​​សេរីភាព​ទាំងនេះ​ថា ផ្សេង​ទៅវិញ”។

លោក​បាន​បន្ថែម​ថា “​នៅ​ពេល​​សរសេរ​​អំពី​បញ្ហា​រសើប និង​ចម្រូងចម្រាស​​នៅ​ក្នុង​ប្រទេស​កម្ពុជា អ្នក​សារព័ត៌មាន​ភ័យ​ខ្លាច​ការ​គំរាម​កំហែង នៅពេល​រឿង​របស់​ខ្លួន​ត្រូវ​បាន​ ចុះ​ផ្សាយ​ ហេតុ​ដូច្នោះ​ហើយ​ពួកគេ​ចាប់​ពិរុទ្ធ​រឿង​របស់​ខ្លួន​ដើម្បី​ចៀសវាង​ឥទ្ធិពល​នានា​”។

ការ​សិក្សា​បាន​រក​ឃើញ​ថា ២៥,៥​ភាគរយ​​​​នៃ​អ្នក​សារព័ត៌មាន​​​ទាំង​អស់​​រាយការណ៍​ថា ត្រូវ​បាន​វាយ​ដំលើរូបរាងកាយ ឬ​យារយី​នៅពេល​បំពេញ​​ការ​ងារ​របស់​ខ្លួន​ ចំណែក​២៩,៤​ភាគរយ​​​​រាយការណ៍​ថា ត្រូវ​បាន​គំរាម​កំហែង​ចំពោះ​​ការ​ស៊ើបអង្កេត​ពី​ការ​កាប់​ឈើ​ខុស​ច្បាប់​ អំពើ​ពុក​រលួយ និង​វិវាទ​ដីធ្លី​។

របាយការណ៍​ដដែល​នេះ​បន្ត​ថា “​អ្នក​សារព័ត៌មាន​​ម្នាក់​រាយការណ៍​ថា ត្រូវ​បាន​បាញ់​ខណៈ​ពេល​ធ្វើសេចក្តី​រាយ​ការណ៍​​​​អំពី​ការ​កាប់​ឈើ​ខុស​ច្បាប់​។ អ្នក​សារព័ត៌មាន​​ម្នាក់​ទៀត​រាយការណ៍​ថា មាន​គេ​គប់​គ្រាប់​បែក​ចូល​ផ្ទះ​របស់​ខ្លួន​បន្ទាប់ពី​​ធ្វើ​សេចក្ដី​រាយ​​​ការណ៍​អំពី​ការ​ស៊ើបអង្កេត​បទ​ព្រហ្មទណ្ឌ”។

លោក ប៉ិច ពិសី ប្រធាន​កម្មវិធី​នៅ​អង្គការ ​តម្លាភាព​កម្ពុជា​បាន​បន្ថែម​ថា រដ្ឋាភិបាល​​បន្ត​មាន​ការ​គ្រប់គ្រង​និងឥទ្ធិពលយ៉ាង​ខ្លាំង​​ទៅ​លើ​កាសែត​ ទូរទស្សន៍ និង​វិទ្យុ​ក្នុង​ប្រទេស​”។

លោក ពិសី បាន​ថ្លែង​ថា “​នៅ​ក្នុង​ប្រទេស​កម្ពុជា ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មានជាច្រើន​​​គ្រប់គ្រង​​​ដោយ​រដ្ឋ។ ដូច្នេះ​អ្នកសារព័ត៌​មាន​អារម្មណ៍​ភ័យ​ខ្លាច​មិន​ហា៊ន​និយាយ​ប្រឆាំង​ទេ ដោយ​សារ​ការ​បំភិត​បំភ័យ ការ​យារយី ឬ​ការ​ផ្ដន្ទាទោស​​តាម​ផ្លូវ​ច្បាប់​ជា​ដើម​”។

លោក​បាន​បន្ថែម​ថា “​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ត្រូវ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ ហើយ​គួរចៀសវាង​​ការ​មានទំនាក់​ទំនង​ផ្នែក​នយោបាយ​”។

ការ​សិក្សា​របស់ ​CCIM ក៏​បាន​កត់​សម្គាល់​ថា ក្រុម​ហ៊ុន​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​កាន់​កាប់​ ឬ​ឧបត្ថម្ភ​ដោយ​បរទេស​ទទួល​បាន​ចំណាត់​ថ្នាក់​ខ្ពស់​ថា មាន​ភាព​ឯករាជ្យ ដូច​ជា សំឡេងប្រជាធិបតេយ្យ កាសែត​ ខេមបូឌា ដេលី និង​​​ កាសែត​ភ្នំពេញ​​ប៉ុស្តិ៍ ​។ (សំឡេង​ប្រជាធិបតេយ្យ​​​ ​ត្រូវ​បាន​គ្រប់គ្រង​ដោយ CCIM )។

ទោះ​យ៉ាង​ណា ៤៤​ភាគរយ​នៃ​អ្នក​ផ្ដល់​បទ​សម្ភាសន៍​​បាន​លើក​ឡើង​ថា អ្នក​សារព័ត៌​​​មាន​ដូច​គ្នា​​​​ធ្វើ​​​ការ​​​មិនត្រឹមត្រូវ​តាម​​វិជ្ជាជីវៈ​ដោយ​សារ​តែ​ប្រាក់​ខែ​តិច ការ​​បណ្ដុះ​បណ្ដាល និង​អំពើ​ពុក​រលួយ​ជាដើម​។

បើ​ទោះ​ជា​របាយការណ៍​របស់​ CCIM ផ្អែក​ទៅ​លើ​​​គំរូ​​តាងតូច​ក៏ដោយ ក៏​ការ​ស្រាវ​​​ជ្រាវ​របស់​អង្គការ​អន្តរជាតិនានា​​​ទទួល​ស្គាល់​​​ថា​​​ ​មាន​ឧបសគ្គ​ចំពោះប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯក​​​រាជ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជាដែរ​។

ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​១៣៩​​​​ក្នុង​ចំណោម​១៨០​ប្រទេស​ក្នុង​សន្ទស្សន៍​ សេរីភាព​សារព័ត៌មាន​ពិភព​លោក​ថ្មី​បំផុត​របស់​អង្គ​​​ភាព​​​អ្នករាយការណ៍​​គ្មាន​ព្រំដែន​ ដែល​ក៏​បាន​ចាត់​ទុក​ប្រទេស​កម្ពុជា​ថា ជា​កន្លែង​​​​ដ៏គ្រោះ​ថ្នាក់​បំផុត​នៅ​ក្នុង​ពិភព​លោក​សម្រាប់​​​​​ អ្នក​យក​ព័ត៌មាន​ពាក់​ព័ន្ធ​បរិស្ថាន​​​​ដែរ​​​។

លោក មឿន ឈានណារិទ្ធ បានមាន​ប្រសាសន៍ ថា ឥទ្ធិពល​កើន​ឡើង​នៃប្រព័ន្ធ​​​ផ្សព្វ​ផ្សាយ​​សង្គមតាម​ប្រព័ន្ធ​អីុនធឺណិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​គេ​រំពឹង​ថា នឹង​ធ្វើ​ឲ្យ​សេរីភាព​សារព័ត៌មាន​​ប្រសើរ​ឡើងនៅ​​​កម្រិត​​​​បុគ្គល ប៉ុន្តែ​​ចាំបាច់ត្រូវ​សម្រេច​ឲ្យ​បាន​នូវ​ឯករាជភាព​បន្ថែម​​ទៀត​សម្រាប់​ស្ថាប័ន​ផ្សព្វ​ផ្សាយ​​​នៅ​ក្នុង​ប្រទេស​។

លោកបាន​ថ្លែង​ថា “​ឯករាជភាព​ប្រព័ន្ធ​ផ្សព្វ​​ផ្សាយ​មិន​អាច​សម្រេច​បាន​ភ្លាមៗ​ទេ។ ឆន្ទៈ​នយោបាយ​គឺ​សំខាន់ណាស់​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង និង​អប់រំ​មន្ត្រី​សាធារណៈ​អំពី​សិទ្ធិ​ប្រព័ន្ធ​ផ្សព្វផ្សាយ”៕ សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស