29.3 C
Phnom Penh

ប្រេសិត​​​ UN ​​​មើល​​​ឃើញ​​​ថា សិទ្ធិ​​​មនុស្ស​ចុះ​​​ដុន​​​ដាប​​​​ពេល​​​គ្មាន​វត្ត​មានរបស់​​​ខ្លួន​​​​៦​​​ខែ​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រេសិត​​​សិទ្ធិ​​​មនុស្ស​​​របស់​​​អង្គការ​​​សហ ប្រជាជាតិ​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​ថា បរិយាកាស​​​នយោបាយ​​​​​ចុះដុនដាប​មែន​ទែន​នៅ​​​ក្នុង​​​រយៈ​​​ពេល​​​៦​​​ខែ​​​ ចាប់​​​តាំង​​​ពី​​​បេសកកម្ម​​​ស្វែង​​​រក​​​ការ​​​ពិត​​​លើក​ដំបូង​របស់​​​លោក​​​ស្រីមក​​​​ ហើយ​​​ថា​ប្រទេស​​​នេះ​​​ស្ថិត​​​ក្នុង​​​ “ដំណាក់​​​កាល​​​ដ៏​​​គ្រោះថ្នាក់​​​” នៅ​មុន​​​ការ​​​បោះ​​​ឆ្នោត​​​ឃុំ-សង្កាត់ និង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​។

ចាប់​​​តាំង​​​ពី​​​ដំណើរ​​​បំពេញទស្សនកិច្ច​​​លើក​​​ដំបូង​​​របស​​​់​​​លោក​​​ស្រី រ៉ូណា ស្មីត  (Rhona Smith) ក្នុង​នាម​ជា​​​អ្នក​​​ធ្វើ​​​របាយការណ៍​​​​​​ពិសេស​​​ នៅ​​​ក្នុង​​​ខែ​​​កញ្ញា​​​មក​​​ លោក​​​ សម រង្ស៊ី មេដឹក​​​នាំ​​​​​​គណ​​​បក្ស​​​ប្រឆាំង​​​ដែល​​​បាន​និរទេស​​​ខ្លួន​​​ឯង​​​ទៅ​​​រស់​នៅ​​​ក្រៅ​​​ប្រទេស​​​នោះ​ ត្រូវ​​​តុលាការ​​​​​​​ចេញ​​​ដីកា​​​ចាប់​​​ខ្លួន​​​ទាក់​​​ទិន​​​ការ​​​ផ្តន្ទាទោស​​​ពី​​​បទ​​​បរិហារកេរ្តិ៍​​​ដែលមាន​រាប់​​​ឆ្នាំ​​​មក​​​ហើយនិង​ដែល​​​គេ​​​ដឹង​​​ជា​​​ទូទៅ​​​ថា មាន​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​រឿង​​​នយោបាយ​​​នោះ​​​។ តំណាង​​​រាស្ត្រ​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ពីរ​​​រូប​​​ត្រូវ​​​បាន​​​វាយ​​​ដំ​​​យ៉ាង​​​ព្រៃ​​​ផ្សៃ​​​នៅ​​​ខាង​​​ក្រៅ​​​រដ្ឋ​​​សភា​​​អំឡុង​​​ការ​​​តវ៉ា​​​មួយ​ប្រឆាំង​​​គណបក្ស​​​នេះ​។

លោក​​​ កឹម ​​​សុខា អនុប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​កំពុង​​​ប្រឈម​​​​​​នឹង​​​ការ​​​សើុប​​​អង្កេត​​​ពី​​​បទ​​​ពុក​​​រលួយ​​​ទាក់​​​ទិន​​​ខ្សែ​​​អាត់​​​សំឡេង​​​​​​​​​បែក​​​ធ្លាយ​​​ដ៏អាថ៌​​​កំបាំង​​​ស្តី​​​ពី​​​ការ​​​សន្ទនា​​​តាម​​​ទូរស័ព្ទ​​​លក្ខណៈ​​​ឯកជន​​​រវាង​​​រូប​​​លោក និង​​​ស្រី​​​កំណាន់​​​យ៉ាង​​​តិច​​​២​​​នាក់​។ ហើយ​​​និស្សិត​​​សាកល​​​វិទ្យាល័យ​​​ម្នាក់​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ញុះញង់​និង​ត្រូវបាន​ផ្តន្ទាទោស​​​ឲ្យជាប់​​​ពន្ធនាគារ​​​១ឆ្នាំ​​​កន្លះ​​​ពាក់ព័ន្ធ​ការ​បង្ហោះ​​​សារ​​​តាម​​​ហ្វេស​​​ប៊ុក​​​អំពាវ​​​​​​នាវ​​​ឲ្យ​​​ធ្វើ​​​ “បដិវត្តន៍​​​ពណ៌​” ជា​​​ពាក្យ​​​ដែល ​​​គេ​​​ដឹង​​​ជា​​​ទូទៅ​​​ថា សំដៅ​​​ដល់​​​ការ​​​ផ្លាស់​​​ប្តូរ​​​របប​​​​​​តា​​​ម​​​រយៈ​​​ការ​​​តវ៉ា​​​ដោយ​​​សន្តិវិធី​​​។

cam-photo-rhona-channaលោក​​​ស្រី រ៉ូណា ស្មីត បាន​​​មានប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​ អំឡុង​​​សន្និសីទ​​​កាសែត​​​មួយ​​​​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដើម្ប​​ី​​​បញ្ចប់​​​បេសកកម្ម​​​រយៈពីរ​​​សប្តាហ៍​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ថា “ខ្ញុំ​​គិត​​​ថា មាន​​​ភាព​​​ខុស​​គ្នា​​​ស្រឡះ​រវាង​​​បេសក​​​កម្ម​​​របស់​​​ខ្ញុំ​​​នៅ​​​ខែ​​​កញ្ញា​​​ និង​​​ពេល​ឥឡូវ​​​”។

លោក​​​ស្រី​​​បាន​​​បន្ថែម​​​ថា “មាន​​​ឧទា​​​ហរណ៍​​​​​​មួយ​​​ចំនួន​​​ ដែលបង្ក​ឲ្យ​មាន​ក្តី​​​កង្វល់ និង​​​ការ​ព្រួយ​​​បារម្ភ​​​។ ហេតុដ​​​ូច្នេះ​​​ខ្ញុំ​​​គិត​​​ថា គ្មាន​​​​​​អ្វី​​​ត្រូវ​​សង្ស័យ​​​​​​ទេ​​​ចំពោះការ​ដែល​ថា មាន​​​ភាព​​​តាន​​​តឹង​​​កាន់​​​តែ​​​ខ្លាំង​​​ និង​​​មាន​​​ការ​​​រំលោភ​​​បំពាន​​​សិទ្ធិ​​​មនុស្ស​​​ពាក់​​​ព័ន្ធ​​​រឿង​​​នយោបាយកាន់​​​តែ​​​ច្រើន​​​​​​ ក្នុង​​​ពេល​​​ឥឡូវ​​​ជាង​​​​នៅក្នុង​​​ខែ​​​កញ្ញា​​​នោះ​ “។

លោកស្រី​បាន​បន្តទៀត​ថា​ “ខ្ញុំ​​​ដឹង​​​អំពី​ករណី​​​មួយ​​​ចំនួន​​​ ដែល​​​​​​​​​គេ​​​បាន​បង្ក​ឲ្យ​កើតមាន​​​​​ឡើង​​​​សាជា​​​ថ្មី​​​ប្រឆាំង​​​មេដឹក​​​នាំ​​​​និង​​​សមាជិក​​​គណបក្ស​​​ប្រឆាំង​​​។ជាក់​​​ស្តែង​​​ តុលាការ​​​កម្ពុជា​​​​​​គួរ​​​​តែ​​​​​អនុវត្ត​​​​​​ច្បាប់​​​ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវ​​​ ហើយ​

អនុលោម​​​​​ស្រប​​​តាម​​​ការ​បក​​​ស្រាយ​​ច្បាប់ឲ្យ​បាន​​​តឹងរ៉ឹង​​​ និង​​​ប្រកប​​​ដោ​​​សង្គតិភាព​​​ដោយ​​​មិនត្រូវ​​​គិតដល់​​​​ការ​ជាប់​ ពាក់ព័ន្ធ​រឿង​នយោ​​​បាយ​របស់​បុគ្គល​​​ណា​​​មួយ​​​ដែល​បង្ហាញ​ខ្លួន​​​​ចំពោះ​មុខ​​​តុលាការ​​​”។

លោក​​​ស្រី​​​ រ៉ូណា ស្មីត ដែល​ជា​សាស្ត្រា​​​ចារ្យ​​​​ផ្នែក​ច្បាប់​​​សិទ្ធិ​​​មនុស្ស​​​អន្តរជាតិ​​​​នៅ​​​​ចក្រ​ភព​​​​អង់​​​គ្លេស​​​ មិន​​​បាន​​​ពិភាក្សា​​​អំពី​​​ករណី​​​​​​​​ដ៏​​​ជាក់​​​​​​លាក់​ទាំង​​​នេះ​​​ទេ​ ប៉ុន្តែ លោក​​​ស្រី​​​បាន​​ពិនិត្យ​​​មើល​​​ករណី​​​មួយ​​​ចំនួន​​​ហើយ​​​។

លោកស្រី​​​បាន​​​លើកឡើងថា​​​​ “អ្វី​​​ដែល​ជា​​​ការ​ព្រួយ​​​បារម្ភ​​​នោះ​​ គឺការ​​​រឹត​​​បន្តឹង​លើ​​​សមា​​​ជិ​​​ក​​​គណបក្ស​​​ប្រឆាំង​​​ដែល​​​បង្កឡើងដោយ​តុលាការ​ ជា​ការ​រឹត​​​​បន្តឹងដែល​បច្ចុប្បន្ន​​​​​​​មិន​​​​បាន​​​អនុវត្ត​​​ឲ្យ​បាន​ដូច​​​គ្នា​​​​លើ​​​សមាជិក​​​នៃ​​​បក្ស​​​នយោបាយ​​​ណាមួយ​ផ្សេង​​​​​​ទៀត​​​នៅ​​​កម្ពុជា​​​។ មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​ខ្លាំង​​​អំពី​​​ការ​​​ប្រើ​​​ប្រាស់​​​ច្បាប់​​​ជា​​​ឧបករណ៍​​​នយោបាយ​​​មិនមែនជា​ឧបករណ៍​​​ផ្លូវ​​ច្បាប់​​​សម្រាប់​​​ផ្តល់​​​យុត្តិធម៌​”។

ប្រេសិត​​​សិទ្ធិ​​​មនុស្ស​​​រូបនេះ​​​បាន​​​លើក​​​ឡើងទៀត​​​​ថា ប្រព័ន្ធ​​​តុលាការ​​​អព្យាក្រឹត​​​ មាន​​​សារៈ​​​សំខាន់​​​ណាស់​​​នៅ​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​ឃុំ​​​-សង្កាត់​​​នា​ឆ្នាំ​​​ក្រោយ និង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិនៅក្នុងឆ្នាំ​២០១៨​ ដែល​​​គណបក្ស​​​ប្រជាជនក​​​ម្ពុជា​​​​​​​​​នឹង​​​ប្រឈមការ​តស៊ូ​​​យ៉ាង​ស្វិត​​​ស្វាញបំផុត​មិនធ្លាប់​មាន​​​​ក្នុង​​​រយៈ​​​ពេល​​​២៥​​​ឆ្នាំ​​​មក​​​នេះ​។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “កម្ពុជា​​​ជិត​​​ដល់​​​ដំណាក់​​​កាល​​​ដ៏​​​គ្រោះ​​​ថ្នាក់​​​​​​ហើយ​​​។ ​​​ច្បាប់​​​ទាំង​​​អស់​​​​​​ដាច់​​​ខាត​​​ត្រូវ​​​តែ​​​អនុវត្ត​​​ឲ្យ​​​បាន​​​ស្មើភាព និង​​​ត្រឹម​​​ត្រូវ​​​ចំពោះ​​​គណបក្ស​​​នយោ​​​បាយ​ទាំង​​​អស់​​​ និង​​​សមាជិក​​​របស់គណបក្ស​នីមួុយ​​ៗដើម្បី​​​ធានា​​​ឲ្យបាន​ថា​ លទ្ធិប្រជា​​​ធិប​​​តេយ្យ​​​ត្រូវ​​​បាន​​​ការ​​​ពារ​​​នៅ​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​​​​មក​​​ដល់​​​។ស្ថានភាព​​​នយោបាយ ​​​ដែល​​​រួម​​​មាន​​​ការ​​​គំរាម​​​សា​​​ជា​​​ថ្មី ​​​នីតិវិធី​​​តុលាការ​​​​និង​​​ការ​​​វាយ​​​ដំ​​​​​​លើ​​​រាង​​​កាយ​​​របស់​​​សមាជិក​​​​​​គណ​​​បក្ស​​​ប្រឆាំងជាដើម​នោះ​​​​​​ គឺ​គួរ​​​ឲ្យ​​​ព្រួយ​​​បារម្ភ​​​”។

កាល​​​ពី​​​ម្សិលមិញ លោកស្រី រ៉ូណា ស្មីត ក៏​​​បាន​​​សង្កត់​​​ធ្ងន់​​​អំពី​​​ភាព​​​ចាំ​​​បាច់​​​ដែល​​​រដ្ឋាភិ​​​បាល​​​​​​​​​​​​ត្រូវ​អនុវត្ត​​​ច្បាប់​​​ទាំ​​​ងអស់​​​ឲ្យ​​​បាន​​​តឹងរ៉ឹង​​​​និ​​​ង​​​ប្រកប​​​ដោយ​​​​​​សង្គតិភាព​​​ផងដែរ​ ក្នុង​នោះ​​​រួម​​​​​​មាន​​​ ដូច​​​ជា​​​ ច្បាប់​ក្នុង​​​ការ​​​ជួួ​​​បជុំ​​​ដោយ​​​សន្តិវិធី ដែល​​​ចែង​​​ថា ការ​​ជូន​​​ដំណឹង​ជា​​​មុន​​​​​​មិន​​​ចាំ​បាច់​​​​តម្រូវ​ ឲ្យ​មាន​​​ទេ​​​សម្រាប់​​​​​​ “សកម្មភាព​​​​​​​ផ្សព្វ​​​ផ្សាយ​​​ទាក់​​​ទង​​​​​​ការ​​​អប់​​​រំ​​​សម្រាប់​​​ប្រយោជន​​​៍​​​សង្គម​​​”​​​ ជាដើម​​​​។

លោក​​​ស្រី​​​បាន​​​ថ្លែង​ថា “ខ្ញុំ​​​បាន​​​ជួប​​​​​​ខ្លួន​​​​​​ឯង​​​ផ្ទាល់​​​ហើយ ​​​​​​​​​នូវ​​​អ្វី​​​ដែល​​​អង​្គការ​​​មិន​​​មែន​​​រដ្ឋា​​​ភិបាល​​​កំពុង​​​ប្រឈម​​​ នោះ​​​គឺ​ពេល​​​ដែល​​​​​​មន្ត្រី​​​នគរ​​​​បាល​​​ឃុំ​​​ម្នាក់​​​​​​ ដែល​មិន​​​ស្ថិត​​​ក្នុង​​​ឯក​​​សណ្ឋាន​​​​​​ការ​​​ងារ​​​ បាន​​​ចេញ​​​មក​​​បញ្ឈប់​​​​​​ការ​​​ប្រជុំ​​​របស់​​​ខ្ញុំ​​​ជាមួយ​​​ក្រុម​​​ជន​​​ជាតិ​​​ដើម​​​ភាគត​ិច​​​កួយ​ក្នុង​​​ខេត្ត​​​ព្រះវិហារ​​​” ។

លោក​​​ស្រី​​​បាន​​​បន្ថែម​ថា ច្បាប់​​​​​​ស្តី​​​ពីការ​​​ជួប​​​​​​ជុំ​​​ ” បញ្ជាក់យ៉ាង​​​ច្បាស់​​​ថា ការ​ប្រជុំ​​​បែបនេះ​​​មិន​​​តម្រូវ​​​ឲ្យ​​​មាន​​​ការ​​​ជូន​​​​​​ដំណឹង​​​ ឬ​​​ការ​​​យល់​​​ព្រម”​​​នោះ​​​ឡើយ​​​។

លោក​​​ស្រី​​​បាន​​​លើក​​​ឡើង​​​ទៀតថា ​​​លោក​​​​​​ស្រី​​​នឹង​​​ចេញ​​​របាយការណ​​​លើក​​​ដំបូង​​​របស់​​​ខ្លួន​ស្តី​​​ពី​​​ប្រទេស​​​កម្ពុជា​​​​​​​​​ក្នុង​នាម​ជាអ្នក​​​ធ្វើ​​​របាយ​​​ការណ៍​​​នៅ​​​ខែ​​​សីហា៕ស៊ុយឈាង​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស