31 C
Phnom Penh

អង្គការ​ក្រៅរដ្ឋាភិបាល​នៃបណ្តាប្រទេស​អាស៊ានអះអាងថា សិទ្ធិរបស់​ខ្លួន​ត្រូវបាន​រំលោភ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិកនៃវេទិកា​ប្រជាពល​រដ្ឋ​អាស៊ានជា​សម្ពន្ធអង្គការ​ក្រៅរដ្ឋាភិបាលដែល​បាន​មកជួបជុំគ្នា​ក្នុង​រាជ​ធានីភ្នំពេញ​កាល​ពីសប្តាហ៍មុននោះ បាន​ប្រកាស​កាល​ពីម្សិលមិញថា សិទ្ធិរបស់​ពួកគាត់​ត្រូវបាន​រំលោភបំពាន​បន្ទាប់ពី​សិក្ខាសាលាចំនួន​បួន​លើក​ស្តីអំពី​បញ្ហារសើប​នោះត្រូវបាន​លុបចោល​ដោយសារតែគ្មាន​ទីកន្លែងប្រជុំ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់តំណាង​ឲ្យគណៈប្រតិភូ​ជាង១.២០០នាក់​មកពីបណ្តា​ប្រទេស​ជា​សមាជិកអាស៊ាន អង្គការ​នេះបាន​លើកឡើងថា រដ្ឋាភិបាល​អាស៊ាន​បានរំលោភសិទ្ធិរបស់​ខ្លួន​ពាក់​ព័ន្ធសេរីភាព​នៃ​ការបញ្ចេញ​​មតិ​​ និង​សេរីភាពនៃការ​ជួប​ជុំ​គ្នា​ ដោយការ​បដិសេធ​មិន​ព្រមអនុញ្ញាត​ឲ្យ​រៀប​ចំ​សិក្ខា​សាលាចំនួន​បួនលើក​ ​ផ្តោត​លើ​បញ្ហា​សិទ្ធិ​មនុស្ស  ការ​បណ្តេញ​ចេញ​ជាទ្រង់​ទ្រាយ​ធំ បញ្ហា​បរិស្ថាន និង​បញ្ហានៅក្នុងប្រទេស​ភូមា​​ ព្រម​ទាំងបាន​រារាំង​គណៈប្រតិភូ​មកពីប្រទេស​​​លាវ​មិន​ឲ្យ​ចូលរួម​វេទិកា​នេះ​ទៀត​ផង។

សេចក្តីថ្លែងការណ៍នេះ​បាន​ឲ្យដឹង​ថា”យើង​កត់សម្គាល់​ឃើញថា មាន​ការ​ខ្វែង​គំនិត​​គ្នា​យ៉ាងខ្លាំង ​ដែល​កើត​ឡើង​អំឡុង​ [វេទិកា]​​​ ប្រជុំតាមរយៈការ​ដាក់​កំហិត​ហួស​ហេតុ​មកលើ​សិទ្ធិ​សេរីភាព​នៃការ​បញ្ចេញ​មតិ ​និង​ការ​ជួបជុំ​របស់​អ្នក​ចូល​រួម​ជាដើម”។ សេចក្តីថ្លែងការណ៍នេះ​បាន​បន្តទៀត​ថា”យើង​ជំរុញឲ្យ​រដ្ឋាភិបាល​នៃ​បណ្តាប្រទេស​ជា​សមាជិក​អាស៊ាន សូម​គោរព​ឯករាជភាព​របស់​អាស៊ាន​ ជាជាង​ព្យាយាម​ប្រើ​អំណាច​ផ្តាច់ការ​មកលើ​ការ​ងារ​ តួនាទី និងអ្នកតំណាង​​​របស់​ខ្លួន”។

សិក្ខាទាំងបួន​នេះ​ត្រូវ​បាន​លុបចោល​កាលពីថ្ងៃសុក្រ​បន្ទាប់ពី​ម្ចាស់​សណ្ឋាគារ​ ឡាក់​គី ស្តារ​ស្ថិត​ក្នុង​ខណ្ឌទួលគោក បាន​ប្រាប់​អ្នករៀប​ចំ​សិក្ខាសាលាថាបញ្ហាដែល​គ្រោង​នឹង​លើក​យកពិភាក្សានោះ​ គឺ​ជា​បញ្ហា​រសើប​ពាក់​ព័ន្ធនឹង​នយោបាយ។

បុគ្គលិក​នៅសណ្ឋាគារ​នេះ​ក៏បាន​ប្រាប់​វេទិកា​ប្រជាពលរដ្ឋ​អាស៊ាន​ឲ្យដឹង​ផងដែរ​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​គាប​សង្កត់​ពួកគេ​កុំអនុញ្ញាត​ឲ្យ​រៀប​ចំ​វេទិកា​នេះ​ឲ្យ​សោះ។

វេទិកានេះ​មិនត្រូវបាន​រៀប​ចំដោយ​រដ្ឋា​ភិបាល​កម្ពុជាទេ​ ដែល​ផ្ទុយទៅវិញ​បាន​រៀបចំឡើង​ស្ទើរតែដូចគ្នាបេះបិទ​ឈ្មោះ ”វេទិកា​ប្រជាពលរដ្ឋអាស៊ាន” នៅ​សាល​សន្និសីទ​ចតុមុខ ដែល​ត្រូវបាន​ឧបត្ថម្ភ និង​ចូល​រួម​ដោយ​មន្ត្រី​រដ្ឋាភិបាល​នៅ​មុន​កិច្ច​ប្រជុំ​​កំពូ​ល​អាស៊ាន​នៅ​សប្តាហ៍​ក្រោយនេះ។

រដ្ឋាភិបាល​លាវ​បាន​រារាំង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​នានា​មិន​ឲ្យ​ចូលរួម​វេទិកា​ឯករាជ្យសម្រាប់ពលរដ្ឋអាស៊ាន​​ ដោយបាន​បង្ខំ​ពួក​គេ​​ឲ្យ​ទៅ​ចូល​រួម​វេទិកា​ ដែល​ឧបត្ថម្ភដោយ​រដ្ឋាភិបាល​វិញ។

មាន​តែ​អ្នកតំណាង​មកពី​វេទិកាដែល​រៀប​ចំដោយ​រដ្ឋាភិបាល​ប៉ុណ្ណោះ​ នឹង​ត្រូវ​អញ្ជើញ​ឲ្យទៅចូលរួមកិច្ច​ប្រជុំ​ប្រចាំឆ្នាំ​រវាង​ថ្នាក់​ដឹកនាំ​អាស៊ាននិង​អង្គការ​សង្គមស៊ីវិល​ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃអង្គារ។

លោកស្រីធីតាឃិះនាយិកា​អង្គការក្រៅ​​រដ្ឋាភិបាល​ក្នុង​ស្រុកឈ្មោះ​ សីលការ​ និង​ជា​នាយិកា​នៃ​គណៈកម្មាធិការ​រៀប​ច​ផែនការ​សម្រាប់​​វេទិកានេះ​បាន​មាន​ប្រសាសន៍ថា”រដ្ឋា​ភិបាល​នៃ​បណ្តាប្រទេស​អាស៊ាន​ទាំងនេះ​​គួរទទួល​ខុស​ត្រូវ​ចំពោះ [ការ​រំលោភ​បំពាន​ទាំងនេះ​]​ ដោយការ​ជ្រើស​តាំង​អ្នកតំណាង​ពីរនាក់​ ហើយ​លូកដៃ​ក្នុង​ដំណើរ​ការ​របស់​សង្គម​ស៊ីវិលទៀត។ នេះឆ្លុះបញ្ចាំង​ឲ្យឃើញ​ពី​ភាព​គ្មាន​ហេតុផល​ និង​អសន្តិសុខ​ វាជា​ការ​​ជួបជុំ​គ្នា​ដ៏ធំ ហើយ​ព័ត៌មាន​​ត្រូវ​ផ្សាយ​ចេញ​ពីវេទិកា គឺ​ជាបញ្ហាដែល​ថ្នាក់​ដឹកនាំ​អាស៊ាន​អាច​ត្រូវ​ប្រឈម”។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​ កាលពីម្សិលមិញ​បាន​បដិ​សេធ​ជាថ្មីម្តងទៀត​ចំពោះការ​លើកឡើងថា រដ្ឋា​ភិបាល​ជាអ្នកទទួលខុសត្រូវក្នុង​ការ​បិទ​សិក្ខា​សាលាទាំងនេះ ហើយ​បាន​បន្ទោស​លោក​ស្រី ​ធីតាឃិះ​ ថា​ជា ​”អ្នកបង្កបញ្ហា”ដែល​បាន​ប្រមូល​អង្គការ​សង្គមស៊ីវិល​ក្នុង​តំបន់​​ឲ្យ​មានការប្រឆាំង​គ្នាទៅវិញទៅមក។

លោកផៃស៊ីផានបានមាន​ប្រសាសន៍ថា”ប្រសិនបើ​ពួកគេ​គិត​ថារដ្ឋា​ភិបាល​ជាសត្រូវរបស់​ពួកគេ​នោះអ៊ីចឹង​ពួកគេ​មិនគួរ​រស់​នៅទីនេះទេ។ពួគគេ​គ្មាន​សិទ្ធិ​ធ្វើពហិការអ្វីទាំងអស់​ ​ពួកគេ​មិនគួរ​ធ្វើដើម្បី​តែ​ផល​ប្រយោជន៍​សង្គម​ស៊ីវិល​សោះឡើយ”។

លោកស្រីពង្សឈីវហ្គិចនាយិកា​អង្គការ​សិទ្ធិមនុស្ស​លីកាដូដែល​បាន​ចូលរួម​វេទិកា​របស់​លោកស្រីធីតាឃិះដែរនោះបាន​មាន​ប្រសាសន៍ថាការ​បដិសេធមិន​ព្រម​ចូលរួម​របស់​រដ្ឋាភិបាល​ក្នុង​បំណង​បង្អាក់​វេទិកានេះគឺ​ “ជាការគិត​ដោយគ្មានសម​ហេតុ​សមផលឡើយ”។

លោកស្រីធីតាឃិះបាន​មាន​ប្រសា​សន៍ថាលោកស្រីនឹង​បញ្ជូន​អនុ​សាសន៍​របស់​ក្រុម​អង្គ​ការ​ក្រៅរដ្ឋាភិបាល​របស់​លោក​ស្រីព្រមទាំងខិតខំ​ជំរុញឲ្យ​បាន​ខ្លាំង​ក្លា​ជាង​នេះ​ថែមទៀត​ ដើម្បី​ការ​ពារ​សិទ្ធិ​ពលករ​​ចំណាកស្រុកលុបបំបាត់ការ​ទន្ទ្រាន​យកដីធ្លីនិង​ការ​បណ្តេញចេញ​ដោយបង្ខំហើយ​​បើក​ដំណើរ​ការ​ព្រាង​សេចក្តី​ថ្លែងការ​ណ៍ស្តីពីសិទ្ធិសមនុស្សនៅក្នុងសមាគមន៍អាស៊ានផ្ញើទៅ​លេខា​ធិការ​ដ្ឋាន​អាស៊ាននិង​ស្ថានទូត​នានា​ក្នុង​រាជ​ធានីភ្នំពេញនៅថ្ងៃនេះ។   “ខ្ញុំមិនយល់​ថាតើ​នឹង​មាន​បញ្ហាឬទេ។យើង​នឹង​ចាំមើល​ថា​ តើនឹងមាន​អ្វីកើតឡើង”៕                  ប្រែសម្រួលដោយសោមសារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស