35 C
Phnom Penh

អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​បើ​​​ក​ការ​​​សើុប​​​អង្កេត​​​លើ​​​ករណី​​​លោក កឹម សុខា 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីម្សិលមិញ អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ (ACU) បាន​​​ប្រកាស​​​ថា ខ្លួន​​​កំពុង​បើក​​​ការ​​​ស៊ើប​​​អង្កេត​​​ជា​ផ្លូវ​​​ការ​​​លើ​​​ការ​​​ចោទ​​​ប្រកាន់ដែល​ថា លោក កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង​ទិញ​ដី​ និងផ្ទះល្វែង​​​ដោយ​ខុស​ច្បាប់ឲ្យ​​​ស្រី​​​កំណាន់​​​ម្នាក់។

ការ​​​ប្រកាស​​​នេះ​​​ធ្វើ​​​ឡើង​​​បន្ទាប់ពី​​​ខ្សែ​​​អាត់​​​សំឡេង​​​មួយ​​​ចំនួន​​​បាន​​​បែក​​​ធ្លាយ​​​តាម​​​ហ្វេសប៊ុក​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​ស្តីអំពី​​​បុរស​​​ម្នាក់​​​ដែល​​​គេអះអាង​​​ថា ​​​ជាលោក​​​ កឹម​​​ សុខា​​​ កំពុង​និយាយ​​​ទាក់​​​ទិន​​​នឹង​​​បញ្ហា​​​ផ្លូវ​​​ភេទ​​​ផ្សេង​​​ៗ​​​ក៏​​​ដូច​​​ជា​​​ផែន​​​ការ​​​ទិញ​​​ផ្ទះល្វែង​ចំនួន​​​២​​​ និង​​​ដី​​​មួយ​​​កន្លែង​​​ជា​​​មួយ​​​ស្ត្រី​​​ម្នាក់​​​ដែល​​​គេចោទ​​​ថា ជា​​​​​​ស្រី​​​កំណាន់​​​របស់​​​គាត់​​​​​​។

និស្សិត​​​មួយ​​​ក្រុម​​​ដែល​​​តាម​​​លោក កឹម  សុខា គ្រប់​​​ទី​​​កន្លែង​​​ទូទាំង​​​ប្រទេស​​​ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​ឆ្លើយ​​​អំពី​​​រឿង​​​សហាយ​​​ស្មន់​​​របស់​​​គាត់​​​នោះ​ បាន​​​ដាក់​​​ពាក្យ​​​ប្តឹង​​​ទៅ​​​កាន់​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយកាល​ពី​សប្តាហ៍​មុន ​ដោយ​ស្នើ​ឲ្យ​ស្ថាប័ន​នេះ​ត្រួត​ពិនិត្យ​ថា តើ​អចលនទ្រព្យ​ទាំង​នោះ​ទិញ​ដោយ​ខុស​ច្បាប់​​ឬ​យ៉ាង​ណា​។

លោក ឱម យិុនទៀង ប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ថ្លែង​​​អំឡុង​​​កិច្ច​​​ប្រជុំ​​​នៅ​​​​​​ទី​​​ស្នាក់​​​ការ​​​អង្គភាព​​​​​​ក្នុង​​​រាជធានី​​​ភ្នំពេញ កាល​​​ពី​​​ម្សិលមិញ។ លោក​​​បាន​​​ប្រកាស​​​ថា អង្គភាព​​​របស់​​​លោក​​​​​​បាន​​​ចាប់​​​ផ្តើម​​​បើក​​​ការ​​​សើុប​​​អង្កេត​​​លើ​​​លោក​​​ កឹម សុខា​​​។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោក ឱម យិុនទៀង ប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ថ្លែង​​​អំឡុង​​​កិច្ច​​​ប្រជុំ​​​នៅ​​​​​​ទី​​​ស្នាក់​​​ការ​​​អង្គភាព​​​​​​ក្នុង​​​រាជធានី​​​ភ្នំពេញ កាល​​​ពី​​​ម្សិលមិញ។ លោក​​​បាន​​​ប្រកាស​​​ថា អង្គភាព​​​របស់​​​លោក​​​​​​បាន​​​ចាប់​​​ផ្តើម​​​បើក​​​ការ​​​សើុប​​​អង្កេត​​​លើ​​​លោក​​​ កឹម សុខា​​​។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

កាល​ពី​ម្សិលមិញ លោក ឱម​​​ យិុនទៀង​​​ ប្រធាន​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​បាន​​លើក​​ឡើង​ថា ស្ថាប័ន​របស់​លោក​បាន​សម្រេច​បើក​ការ​សើុប​អង្កេត​ បន្ទាប់​ពី​​មាន​ការ​វិភាគ​តាម​លក្ខណៈ​​​បច្ចេកទេស​យ៉ាង​ហ្មត់ចត់​ដែល​​​បង្ហាញយ៉ាង​​​ច្បាស់​​​ថា លោក កឹម សុខា គឺជា​​​បុរស​​​ដែល​​​នៅ​​​ក្នុង​​​ខ្សែអាត់​​​សំឡេង​​​ទាំង​​​នោះ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ពេល​​​ថ្លែង​​​ទៅ​​​កាន់​​​និស្សិត​​​ដែល​​​មក​​​ចូល​​​រួម​​​កិច្ច​​​ប្រជុំ​​​សាធារណៈ​​​​​​មួយ​​​កាល​​​ពី​​​ម្សិលមិញ​​​​ថា “អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ទទួល​​​យក​​​បណ្តឹង​​​នេះ​​​​ដើម្បី​​​ចាត់​​​វិធានការ​​​”។

លោក ជា សំរ័ត្ន ប្រធាន​​​នាយក​​​ដ្ឋាន​ផ្នែក​​​កោសល្យវិច័យ​​​នៃ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​ដែល​បាន​វិភាគ​លើ​ខ្សែ​អាត់​សំឡេង​បែក​ធ្លាយ​​ នោះ​បាន​​លើក​ឡើង​ថា មានការ​ប្រៀប​ធៀប​សំឡេង​របស់​បុរស​ក្នុង​ខ្សែអាត់​ជា​មួយ​នឹង​សំឡេង​មួយ​ចំនួន​របស់​លោក កឹម សុខា នៅ​លើ​អីុនធឺណិត​ ទូរទស្សន៍ និង​វិទ្យុ ដោយ​ប្រើ​ប្រាស់​កម្ម​វិធី​ពិសេស​៤​ដាច់​ដោយ​ឡែក​ពី​គ្នា​។

លោក​បាន​មានប្រសាសន៍​ថា “ហេតុ​ដូច្នេះ​ ខ្សែ​អាត់​សំឡេង​ដែល​បែក​ធ្លាយ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​ និង​សំឡេង​របស់​ឯក​​​ឧត្តម ​​​កឹម សុខា ពិត​​​ជា​​​សំឡេង​​​របស់​​​មនុស្ស​​​តែ​​​ម្នាក់ ​​​វាដ​​​ូច​​​គ្នា​​​ទាំង​​​ស្រុង​​​”។

លោក ឱម យិុន​​ទៀង​​ បាន​​​លើក​​​ឡើង​​​ទៀត​​​​ថា អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​ក៏​នឹង​បង្កើត​គណៈ​​​កម្មការ​​​មួយ​​​ដែល​​​មាន​​​សមាជិក​​​បួន​​​រូប​​​ ដើម្បីត្រួត​​​ពិនិត្យ​​​ឲ្យ​​​បាន​​​ហ្មត់ចត់​​​លើ​​​​​​ការ​​​ប្រកាស​​​ទ្រព្យស​​​ម្បត្តិ​​​​​​ដាក់​​​ក្នុង​​​ស្រោម​​​សំបុត្រ​​​បិទ​​​ជិត  ដែល​​​លោក​​​ កឹម សុខា បាន​ប្រកាស​​​ជូន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​កាល​​​ពី​​​ឆ្នាំ​​​២០១១ ២០១៣ និង​​​២០១៥​​​ដើម្បី​​​ស្វែង​​​រក​​​ឲ្យ​​​ឃើញ​​​ថា តើ​​​ដី​​​ និង​​​ផ្ទះល្វែង​​​​ដែល​​​មានការ​​លើកឡើង​​​នៅ​​​ក្នុង​​​ខ្សែ​​​អាត់​​​សំឡេង​​​​​​​ បាន​​​ចុះ​​​បញ្ជី​​​ត្រឹម​​​ត្រូវ​​​ ឬ​​​​​​អត់។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ក៏​​​ដោយ វា​​​នៅ​​​មិន​​​ទាន់​​​មានការ​​​បង្ហាញ​​​ថា លោក កឹម សុខា ពិត​​​ជា​​​បាន​​​​​​ទិញ​​​អ្វី​​​ៗ​​​ដូច​​​ដែល​​​មាន​​​ការ​​​ពិភាក្សា​​​ក្នុង​​​ខ្សែ​​​អាត់​​​សំឡេង​​​នៅ​​​ឡើយ​​​ទេ​​​ ជា​​​លទ្ធភាព​​​​​​ដែល​​​លោក​​​ ឱម យិុនទៀង ទំនង​​​ជា​​​​​មិន​យកចិត្ត​ទុកដាក់​។

លោក ឱម យិុនទៀង បាន​​​ទទួល​​​ស្គាល់​​​ថា ក្នុង​​​នាម​​​ជា​​​សមាជិក​​​សភា​​​ជាប់​​​ឆ្នោត​​​ លោក ​​​កឹម សុខា មាន​​​អភ័យ​​​ឯកសិទ្ធិ រួច​​​ផុត​​​ពី​​​ការ​​​ផ្តន្ទាទោស​​​ ប៉ុន្តែ លោក​​​បាន​​​បន្ថែម​​​ថា អភ័យ​​​ឯកសិទ្ធិ​​​របស់​​​គាត់​​​អាច​​​ដក​​​ហូត​​​បាន​​​។

លោក​​​បានមាន​​​ប្រសាសន៍​​​ថា “សូម​​​ជ្រាប​​​ឲ្យ​​​ច្បាស់​​​ថា វា​​​មិន​​​អាច​​​ទៅ​​​រួច​​​ទេ​​​ក្នុង​​​ករណី​​​នេះ​​​បើ​​​ចង់​​​ឃាត់ចាប់​​​ខ្លួន ឬ​​​ផ្តន្ទាទោស​​​នោះ ​​​ហេតុ​​​ដូច្នេះ​​​យើង​​មិន​​​អាច​​​បញ្ជូន​​​កង​​​កម្លាំង​​​ទៅ​​​ចាប់​​​ខ្លួន​​​គាត់​​​បាន​​​ឡើយ​​​”។

លោក​​​បាន​​​បន្ត​​​ថា “ហេតុ​​​ដូច្នេះ​​​នៅ​​​ពេល​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយចាប់​ផ្តើម​សើុប​អង្កេត​ និង​ប្រមូល​ឯកសារ…​​​ យើង​​​មិន​​​អាច​​​​​​ចោទ​​​ប្រកាន់​​​លើ​​​ឯកឧត្តម​​​ កឹម សុខា បាន​​​ទេ​​​។ ប៉ុន្តែ អង្គភាព​​​នេះ​​​នឹង​​​ផ្ញើ​​​សំណើជូន​​​ព្រះរាជ​​​អាជ្ញា​​​ដើម្បី​​​ឲ្យ​​​ពិនិត្យ​​​ភ័ស្តុ​​​តាង​​​ដែល​​​យើង​​​ប្រមូល​​​បាន​​​”។

ប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​រូប​​​​​​នេះ​​​បាន​​​​​លើក​​​ឡើង​​​ទៀត​​​ថា ទីបំផុត​ព្រះ​​​រាជ​​​អាជ្ញា​​​អាច​​​ស្នើ​​​ឲ្យ​​​រដ្ឋ​​​សភា​​​តាម​​​រយៈ​​​ក្រសួង​​​យុត្តិធម៌​​​ឲ្យដក​​​អភ័យ​​​ឯកសិទ្ធិ​​​របស់​​​គាត់បាន​​​​​​​។

លោក ឱម​​​ យិុន​​​ទៀង​​​​​​ ក៏​​​បាន​​​ព្រមាន​​​អ្នក​​​ដែល​​​រិះ​​​គន់​ការដោះស្រាយ​​របស់​លោក​នៅ​ក្នុង​ករណី​នេះដែរ​ថា បណ្តឹង​របស់​ពួក​គេ​មាន​តែ​ធ្វើ​ឲ្យ​រឿង​កាន់​​តែ​អាក្រក់​សម្រាប់​រូប​លោក កឹម សុខា ទៅ​វិញ​ទេ​។

លោក​បានថ្លែង​ថា “ប្រសិន​បើ​អស់​លោក​ចង់​ធ្វើ​ឲ្យ​វា​ [ករណី​េនះ]​​​​​​​​​​​​ ឆេះ​រលាយ​សាប​សូន្យ​សូម​​អញ្ជើញ​ដុត​ភ្លើង​បន្ថែម​ទៀត​។​​ អ្នក​​​​​ឯង​​​កាន់​​​តែ​​​ជេរ​​​យើង​​​ វា​​​កាន់​​​តែ​​​ធ្វើ​​​ឲ្យ​​​ម៉ាសីុន​​​របស់​​​យើង​​​ឆេះ​​​កាន់​​​តែ​​​ក្តៅ​​​ ហើយ​​​វា​​​កាន់​​​តែ​​​ប៉ះពាល់​​​ដល់​​​លោក កឹម សុខា”។

ស្រី ចំរើន និស្សិត​​​ដែល​​​ដឹក​​​នាំ​​​យុទ្ធនាការ​​​សាធារណៈ​​​ប្រឆាំង​​​លោក កឹម​​​ សុខា​​​​​​ បាន​​​​​​លើក​​​​​​ឡើង​​​ថា ខ្លួន​​​ស្វាគមន៍​​​ការ​​​សើុប​​​អង្កេត​​​នេះ ​​​ប៉ុន្តែ បាន​​​​​​ប្តេជ្ញា​​​បន្ត​​​ដាក់​​​សម្ពាធ​​​លើ​​​អនុប្រធានគណបក្ស​​​រូប​​​នេះតទៅមុខទៀត​ ដើម្បី​​​ឲ្យ​​​គាត់​​​ពន្យល់​​​ដោយ​​​ខ្លួន​​​ឯង​​​។

និស្សិត​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “យើង​​​នឹង​​​នៅ​​​តែ​​​ទាម​​​ទារ​​​ឲ្យ​​​លោក កឹម សុខា ចេញ​​​មក​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះមុខ​​​ច្បាប់​​​”។

អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ​​​។ គណបក្ស​​​នេះ​​​​​​ប្រកាន់​​​គោល​​​នយោបាយ​​​​​​មិន​​​បង្ក​​​ជម្លោះ​​​ផ្នែក​​​នយោ​​​បាយ​​​ចាប់​​​តាំង​​​ពី​​​រឿង​​​អាស្រូវ​​​នេះ​​​បាន​​​បែក​​​ធ្លាយមក​​​​៕ស៊ុយឈាង​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស