29 C
Phnom Penh

អ្នករកស៊ី​ដឹកជញ្ជូន អ្នករត់ម៉ូូតូឌុប អ្នក​​​រត់រ៉ឺម៉កម៉ូតូ និង​​​អា​​​ជីវករ តវ៉ា​តម្លៃ​ប្រេង​ឡើង​ថ្លៃ​ខ្ពស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ អ្នក​រត់រឺុម៉កម៉ូតូ អ្នករត់ម៉ូតូឌុបអាជីវករ​ ​និងអ្នក​រក​ស៊ី​ដឹក​ជញ្ជូនឯកជន​ផ្សេង​ទៀត​ប្រមាណ​១០០​នាក់ បាននាំគ្នា​ធ្វើការ​តវ៉ា​ប្រឆាំង​ចំពោះតម្លៃ​ប្រេង​ខ្ពស់ នៅឯ​រដ្ឋ​សភា ដោយ​អះអាង​ថា​ តម្លៃ​ប្រេង​ខ្ពស់បែបនេះ កំពុង​ធ្វើ​ឲ្យ​​ប្រាក់​ចំណេញ​​​បន្តិចបន្តួច​របស់​ខ្លួន​ធ្លាក់​ចុះ។

លោក វ៉ន ពៅ ប្រធាន សមាគម​ប្រជាធិ​បតេយ្យឯករាជ្យនៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (IDEA) ដែល​តំណាងឲ្យអ្នក​ប្រកប​របរ​​ផ្នែក​ដឹក​ជញ្ជូន​ឯកជន​ជាង​៤.០០០​នាក់ បាន​លើក​ឡើង​ថា លោក​បាន​ដាក់​ញត្តិ​មួយទៅ​រដ្ឋ​សភា​ស្នើ​សុំ​​ឲ្យ​រដ្ឋា​ភិបាល​បញ្ជុះ​តម្លៃ​ប្រេងឲ្យ​​​​មក​នៅ​ត្រឹម​៤.០០០​រៀល។

លោក វ៉ន ពៅ បាន​បន្ត​ថា “រដ្ឋា​ភិបាល​ចំបាច់​ត្រូវតែ​ បញ្ចុះ​តម្លៃ​ប្រេង ពីព្រោះ​អ្នក​ប្រកប​របរដឹក​ជញ្ជូន​របស់​យើង​មិន​អាច​រក​ប្រាក់​ចំណេញ​បាន​​ទេ ពីព្រោះ​ពួកគេ​បាន​ចំណាយ​ប្រាក់​​ចំណេញ​ទៅលើ​ប្រេង​សាំង​អស់​ហើយ”។ លោក​បាន​លើក​ឡើង​ទៀត​ថា សមាគម​របស់​លោក​នឹង​ធ្វើ​ការ​តវ៉ា​ដ៏​ធំ​មួយ​នៅ​ថ្ងៃ​ទី​១​ ខែឧសភា ប្រសិន​បើ​រដ្ឋា​ភិបាល​មិនព្រម​បញ្ចុះតម្លៃ​ប្រេងទេ​នោះ។

យោងតាមទិន្ន័យ​ពី​វិទ្យាស្ថានជាតិ​ស្ថិតិ​បានឲ្យដឹងថា កាលពី​ម្សិល​មិញ តម្លៃ​ប្រេង​សាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ៥.៦៥០​​រៀលឬស្មើនឹង១,៤១ដុល្លារ នៅស្ថានីយ៍​ប្រេងឥន្ធនៈ​ គឺកើន​ឡើង​១០​ភាគ​រយ​ពី​តម្លៃ​ប្រេង​ក្នុងខែ​មេសា​​ឆ្នាំមុន។កាល​ពី​ខែមុន​តម្លៃ​ប្រេង​បាន​ឡើងខ្ពស់​ជាង​ពេល​ណាៗ​ទាំងអស់ដល់​៥.៩៥០​រៀលឬស្មើនឹង១,៤៨ដុល្លារ។

តម្លៃ​ប្រេង​សព្វថ្ងៃ​នៅក្នុង​ប្រទេស​កម្ពុជា​ ក៏ខ្ពស់​ជាង តម្លៃ​ប្រេង​នៅ​ប្រទេស​វៀត​ណាមនិងប្រទេស​ថៃ​ដែរ ដោយ​តម្លៃប្រេងនៅ​វៀត​ណាម១,១០ដុល្លារ​ក្នុង​មួយ​លីត្រ និងនៅ​ថៃ១,៣៩ដុល្លារ។កាលពីខែមុន ប្រជាពល​រដ្ឋ​ឥណ្ឌូ​ណេស៊ី​ រាបពាន់នាក់បាននំាគ្នា​ធ្វើ​បាតុកម្ម​ដ៏ធំចំពោះ​គម្រោង​ដំឡើង​ថ្លៃ​ប្រេង​របស់​រដ្ឋាភិបាល​នៅ​ទីនោះ ដោយ​បច្ចុប្បន្ន​នេះ​​មាន​តម្លៃប្រហែល១,០៨​ដុល្លារ។

លោកអោកសំអឿន ​អ្នករត់រឺុម៉ក​ម៉ូតូ​​ ម្នាក់បាន​និយាយ​នៅ​កន្លែង​តវ៉ា​ថា“ពីមុនខ្ញុំ​អាច​ផ្គត់ផ្គង់​ជីវ​ភាព​ក្នុង​គ្រួសារ​ខ្ញុំ​បាន​ ប៉ុន្តែ​ឥឡូវ​នេះ​មិន​អាចទេដោយ​សារ​​តម្លៃ​ប្រេង​ឡើង​ខ្ពស់​។ យើង​រក​ប្រាក់​​បាន​តិចណាស់​ ពីព្រោះសូម្បី​តែ​តម្លៃ​ប្រេង​ឡើង​ខ្ពស់​ហើយក្តី​ ក៏​អតិថិជន​នៅតែ​ទាមទារ​ឲ្យមាន​តម្លៃដូចដើម”។

លោក​​ ភុង សុវណ្ណ ប្រធាន សមា​គម​មន្រ្តី​រាជការឯក​រាជ្យ​ជាតិកម្ពុជា (CICA) បាន​មាន​ប្រសាសន៍​ថា​ លោក ក៏​តវ៉ាចំពោះ​ប្រាក់​ឧបត្ថម្ភ​ប្រេងដល់​មន្រ្តី​រដ្ឋា​ភិបាល​ជាន់​ខ្ពស់ដែរ ខណៈ​ដែល​មន្រ្តី​រាជ​ការ​ថ្នាក់​ទាប​ត្រូវ​ចំណាយ​​ថ្លៃ​ប្រេង​​ខ្លួន​ឯង។

លោកសុវណ្ណបានបន្តថា“វា​អយុត្តិ​ធម៌​ណាស់ ដែល​មន្ត្រី​ជាន់​​ខ្ពស់​ទទួល​បាន​ប្រេង​យ៉ាង​ហោចណាស់៥០​លីត្រ​រាល់​ខែ​ ប៉ុន្តែមន្រ្តីថ្នាក់ទាប ដែលមាន​​ប្រាក់ខែ​ត្រឹម តែ​២៥​ដុល្លារក្នុង​មួយ​ខែ​នោះ គ្មាន​ទទួល​បាន​អ្វីសោះ”។នេះ​គឺជា​អំពើ​ពុក​រលួយ​”។​

លោកឯកថាអ្នកនាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ថាមន្រ្តី​រាជការ​ទាំង​អស់ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រេង​​​សាំង​ជាបុងប្រចាំខែ​ ក៏ប៉ុន្តែ​​មន្ត្រី​ជាន់​​ខ្ពស់​ទទួល​បាន​២៤លីត្រនិងមន្រ្តី​ថ្នាក់​ទាប​ទទួល​​​​​​​បាន​តិច​ជាង​។

លោក ឯក ថា  បានមា​ន​ប្រ​សាសន៍បន្តទៀតថា “ខ្ញុំគិតថា វា​ជា​ការ​ត្រឹម​ត្រូវ​ហើយ​ ពីព្រោះ​មន្ត្រី​រដ្ឋាភិបាល​ដែល​មាន​ឋានៈ​​កាន់តែខ្ពស់ មាន​ការងារនិង​កា​​​រ​​​ទទួល​ខុស ត្រូវ​​​កាន់តែ​ច្រើន​។នេះ​គឺជា​ខ្ទង់ចំណាយរបស់​រដ្ឋាភិបាល ហើយ​ការ​ចំណាយ​ទាំង​អស់​​​ធ្វើ​ឡើង​ដោយ​​ស្របច្បាប់”។

លោក ឯក ថា បានមា​ន​ប្រ​សាសន៍ថា តម្លៃ​ប្រេង​ឡើង​ខ្ពស់​នៅ​ប្រទេស​កម្ពុជា​គឺ​ដោយ​សារតែ​ប្រទេស​កម្ពុជា​បាន​នំាចូល​ប្រេង​ទំាង​ស្រុង។ លោកបានមា​ន​ប្រ​សាសន៍​​បន្ត​ទៀត​ថា​“ខ្ញុំដឹងថា ប្រជា​ពលរដ្ឋកំពុង​រអ៊ូរទាំ ក៏ប៉ុន្តែ​កម្ពុជា​មិន​ទាន់​ផលិត​ប្រេង​បាន​មួយ​ដំណក់​ឡើយ​ហើយ​តម្លៃ​ប្រេង​ឡើងថ្លៃនេះ គឺ​ដោយ​សារ​តែ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា”៕

ប្រែសម្រួលដោយស៊ាស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស