35 C
Phnom Penh

​​ចារនារី​ថៃ និងទណ្ឌិត​​៤១២​នាក់​ នឹង​ត្រូវ​ដោះ​លែងនៅ​ថ្ងៃ​ច័ន្ទ​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ស្រី រ៉ាទ្រី ពីប៉ា​តាណាប៉ៃប៊ូន​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ​ជា​ចារនារី ​និង​ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​តាំង​ពី​ឆ្នាំ​២០១០​នោះ សប្បាយ​ចិត្ត​រហូត​ស្រក់​ទឹក​ភ្នែក​នៅ​ពេល​បាន​ឮថា​ ទោស​ជាប់​ពន្ធ​នាគារ​រយៈពេល​ប្រាំ​មួយ​ឆ្នាំរបស់​ខ្លួន​បាន​បញ្ចប់​យ៉ាង​រហ័ស​កាល​ពី​ថ្ងៃ​សុក្រ​ ដោយ​សារតែ​ការ​ព្រះ​រាជទាន​លើក​លែង​ទោស​ពី​សំណាក់​ព្រះ​មហា​ក្សត្រ​ នរោត្តម​ សីហមុនី ដែល​ទ្រង់​បាន​កាត់​បន្ថយ​រយៈ​ពេល​ជាប់​ពន្ធ​នាគារ ព្រម​ទាំង ​និង​បាន​ដោះ​លែង​ទណ្ឌិត​កម្ពុជា​រាប់រយ​នាក់​ទៀត អំឡុង​ពេល​ប្រារព្ធ​ពិធី​ថ្វាយ​ភ្លើង​ដល់​ព្រះ​បរម​សព​សម្ដេច​ឪ​ នរោត្តម​ សីហនុ។​

នៅ​ចំពោះ​មុខ​​អ្នក​យក​ព័ត៌មាន​ថៃ​ដែល​បាន​មក​ជួប​ជុំ​គ្នា​នៅ​ឯ​ពន្ធ​នាគារ​ព្រៃ​សក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​ត្រួត​ពិនិត្យ​មើល​ការ​ដោះ​លែង​នេះ អ្នក​ស្រី រ៉ាទ្រី បាន​រៀប​រាប់អំពី​ទោស​ជាប់​ពន្ធ​នាគារ​​រយៈពេល​ពីរ​ឆ្នាំ​កន្លះ​របស់​អ្នក​ស្រី ដែល​​អ្នក​ស្រីបាន​ឆ្លង​ព្រំ​ដែន​ចូល​មក​ក្នុង​ទឹក​ដី​ប្រទេសកម្ពុជា​ខុសច្បាប់ ហើយ​បន្ទាប់​មក​បាន​ចូល​ក្នុង​តំបន់យោ​ធា​ហាម​ឃាត់​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ជា​ផ្នែក​មួយ​នៃ​ការ​តវ៉ា​របស់ពួកជាតិ​និយម​ជ្រុល​”ពួកអាវ​លឿង​ថៃ”​។

អ្នក​ស្រីត្រូវបាន​ចាប់​ខ្លួន ចោទ​ប្រកាន់ និង​ផ្ដន្ទា​ទោស​ជាមួយ​នឹង​ចៅ​ហ្វាយរបស់​ខ្លួន​ឈ្មោះ​ វីរ៉ា សុំក្វាមឃីដ សកម្មជន​ជាន់​ខ្ពស់​របស់​ពួក​អាវ​លឿង​ដែល​ទោស​ជាប់​ពន្ធ​នាគារ​រយៈពេល​ប្រាំ​បី​ឆ្នាំ​របស់​គាត់​ត្រូវ​បាន​បន្ថយ​មក​នៅ​ត្រឹម​រយៈពេល​ប្រាំមួយ​ខែ​ប៉ុណ្ណោះ​ កាល​ពីថ្ងៃ​សុក្រ។

លោក នុត សាអាន រដ្ឋ​លេខា​ធិការ​ក្រសួង​មហា​ផ្ទៃ​បាន​មានប្រសាសន៍ថា អ្នក​ស្រី រ៉ាទ្រី ត្រូវ​បាន​​លើក​លែង​ទោស​ ហើយ​លោក វីរ៉ា ត្រូវ​បាន​កាត់​បន្ថយ​ទោសដែរ​ បន្ទាប់​ពី​លោក នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សុំ​ឲ្យ​ក្រសួង​យុត្តិ​ធម៌ដោះ​លែង​ពួកគេ​កាល​ពី​ដើម​ខែ​នេះ ប៉ុន្ដែ​ការ​​លើក​លែង​ទោស​នេះ​មិនបាន​ពាក់​ព័ន្ធ​នឹង​ការ​ព្រះ​រាជ​ទាន​ទោស​ទ្រង់​ទ្រាយ​ធំ​អំឡុង​ពេល​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​ដល់​សម្ដេច​ឪ​នោះទេ។

លោក សាអាន បាន​មានប្រសាសន៍​នៅ​ឯ​ពន្ធ​នាគារ​ថា “នេះ​គឺ​ជា​បញ្ហា​ការ​ទូទ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ គ្មាន​អ្វី​ពាក់​ព័ន្ធ​ជា​មួយ​នឹង​ពិធី​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​នោះទេ…។​ សម្ដេច​ ហ៊ុន សែន…បាននិយាយ​ជាមួយ​លោក​ស្រី យីងឡាក់ [ស៊ីណាវ៉ាត្រា]​នាយក​រដ្ឋ​មន្ត្រី[ថៃ] ហើយ​លោក​ស្រី​បាន​ស្នើសុំ​ឲ្យ​គាត់លើក​លែង​ទោស​និង​កាត់​បន្ថយ​ទោស​ជាប់​ពន្ធ​នាគារ​របស់​ពួកគេ​ទាំងពីរ​​”។

ដោយ​ឆ្លៀត​ឱកាស​កេង​ចំណេញ​ខាង​នយោ​បាយ​ លោក សាអាន បាន​បន្ថែម​ថា ការ​ដោះ​លែង​ទណ្ឌិត​នេះ​គឺ​ជា​ភ័ស្តុតាង​បង្ហាញ​ពី​ទំនាក់​ទំនង​ដ៏​រឹង​មាំ​រវាង​ទី​ក្រុង​បាង​កក និង​រាជធានី​ភ្នំពេញ ហើយ​ថា មេ​ដឹក​នាំ​ប្រទេស​ទាំង​ពី​មិន​គិត​អំពី​ផល​ប្រយោជន៍​បុគ្គល​នោះទេ ប៉ុន្ដែ​គឺ​ជា​ផល​ប្រយោជន៍​នៃ​ប្រជា​ជាតិ​ទាំង​មូល​។

អ្នក​​ស្រី រ៉ា​ទ្រី មិន​បាន​លម្អិត​អំពី​ឱកាស​នេះទេ។​

អ្នក​ស្រី​បាន​មានប្រសាសន៍​ជា​ភាសា​ថៃ​មុន​ពេល​ចូល​ក្នុង​រថ​យន្ដ​ផ្ដល់​ដោយស្ថាន​ទូត​ថៃ​ថា “ខ្ញុំ​សប្បាយ​ចិត្ត​ណាស់”។

មន្ត្រី​ពន្ធ​នាគារ​បាន​ឲ្យ​ដឹង​ថា ទណ្ឌិត​ចំនួន​៤១២​នាក់​ផ្សេង​ទៀត​នឹង​ទទួល​បាន​ការ​ព្រះ​រាជទាន​ទោស​ និង​មាន​សិទ្ធិ​ដើ​ហើរ​ទូទាំងប្រទេស​ បន្ទាប់​ពី​ពួកគេ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​ សម្ដេច​ឪ​ ចប់​រួច​រាល់​នៅ​ថ្ងៃ​ច័ន្ទ។

កាល​ពី​សប្ដាហ៍​មុន ព្រះ​មហាក្សត្រ នរោត្តម សីហមុនី បាន​ឡាយ​ព្រហស្ថលើ​ព្រះ​រាជ​ក្រិត​ដោះ​លែង​ទណ្ឌិត​ទាំង​៤១២​នាក់​នេះ ហើ​យ​ការ​ដោះលែង​ពួកគេ​ពី​ពន្ធ​នាគារ​នឹង​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ច័ន្ទ។​រយៈពេល​ជាប់​ពន្ធ​នាគារ​របស់​ទណ្ឌិត​ចំនួន​៨៤​នាក់​ក៏​នឹង​ត្រូវ​កាត់​បន្ថយ​​មក​ត្រឹមចន្លោះ​ពីប្រាំមួយ​ខែ​ទៅ​មួយ​ឆ្នាំប៉ុណ្ណោះ៕

ប្រែ​សម្រួល​ដោយ ហម សុផាណ្ណា​​​​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស