AusAid និង​ ADB ​រង​សម្ពាធ​ខ្លាំង​​ជុំ​វិញ​គម្រោង​ផ្លូវ​ដែក​នៅ​កម្ពុជា

កាល​​ពី​ថ្ងៃ​សុក្រ ​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​មួយ​ក្រុម​​បាន​​ស្នើ​ឲ្យ​​ប្រទេស​អូស្ត្រាលី ​និង​ធ​នាគារ​អភិវឌ្ឍន៍​អាស៊ី​ ហៅ​កាត់​ថា ADB ​ផ្អាក​​ការងារ ​​និង​ការ​ផ្តល់​មូល​និធិ​សម្រាប់​គម្រោង​ជួសជុល​​ប្រ​ព័ន្ធ​ផ្លូវ​ដែកកម្ពុជា ​ដែល​ដឹក​នាំ​ដោយ​រដ្ឋា​ភិ​បាល​ ​​ប្រ​សិន​បើ​អាជ្ញា​ធរ​ក្រុង​ប៉ោយ​ប៉ែត​​​ អនុ​វត្ត​តាម​សេច​ក្តី​ជូនដំណឹង​​អំពី​ផែន​ការ​បណ្តេញប្រ​ជាពល​រដ្ឋ​​ចំនួន​​២២ ​គ្រួសារ​​ កាល​ពី​សប្តាហ៍​មុន​។

សេច​ក្តី​ថ្លែង​ការណ៍មួយ​ចុះ​ហត្ថ​លេខា​​​ដោយ​អង្គ​ការ​ស្ពាន​​ទៅ​កាន់​សន្តិ​ភាពកម្ពុជា​អង្គ​​ការ​ក្រុម​ការ​ងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន​ ​សមា​គម​ធាង​ត្នោត ​និង​អង្គ​ការ​លីកាដូ ​​ក៏បាន​​ជំរុញ​ឲ្យ​ម្ចាស់​ជំនួយ​ទាំង​ពីរ​នេះ ​​ស្នើ​សុំ​ឲ្យ​រដ្ឋា​ភិបាល​​ស៊ើប​អង្កេត​លើ​ករណី​​ប្រើ​អំពើ​ហិង្សា​កាលពី​ថ្ងៃ​សុក្រ ​ទៅ​លើ​​ប្រ​ជា​ពល​រដ្ឋ​ដែល​ត្រូវ​បាន​​បណ្តេញ​ចេញ​​រួច​ហើយ​ដោយ​​សារ​គម្រោង​នេះ ​ហើយ​ពេល​នេះ​កំពុង​​រស់​​នៅ​កន្លែង​តាំង​លំនៅ​ថ្មី​​មួយ​កន្លែង​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ។​ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ  ​ប្រ​ជា​​ពល​រដ្ឋ​នៅ​​កន្លែង​តាំង​លំនៅ​ថ្មី​នោះ ​​​​ក៏​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញា​ធរ​ចាប់​ខ្លួន​អ្នក​​​ទទួល​ខុស​ត្រូវ​ផង​ដែរ។

ធនាគារ​ ADB និង​អង្គ​ការ​ AusAid ដែល​ជា​ដៃ​គូ​​ផ្តល់​ជំនួយ​បរទេស​របស់​រដ្ឋា​ភិបាល​​នៃ​ប្រទេស​អូស្ត្រាលី​​ ​​ផ្តល់​​​​ប្រាក់​ចំនួន​១៤២​លាន​ដុល្លារដល់​គម្រោង​​​នេះ ហើយ​បាន​​រង​ការ​​រិះ​គន់​យ៉ាង​ខ្លាំង​ពីបណ្តា​​អង្គ​ការ​សិទ្ធិ​មនុស្ស។​

អង្គ​ការ​ទាំង​នេះ​បាន​លើក​ឡើង​ថា ​គម្រោង​នេះ​​បា​នធ្វើ​ឲ្យ​ប្រ​ជា​​ពល​រដ្ឋ​ដែល​​ត្រូវ​បាន​បណ្តេញ​ចេញ​​ ​មាន​ស្ថាន​ភាព​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ​ៗ​នៅ​​កន្លែង​តាំង​លំនៅ​ថ្មី​​​ដែល​គ្មាន​ហេដ្ឋា​រច​នា​សម្ព័ន្ធ​​ត្រឹម​ត្រូវហើយ​នេះ​​ជា​ការ​រំលោភ​​​គោលនយោ​បាយ​​គាំ​ពារ​សុវត្ថិ​ភាព​របស់​ម្ចាស់​ជំនួយ​ទាំង​ពីរ​នេះ។

មន្ត្រី​​នៅ​ស្ថាន​ទូត​អូស្ត្រាលី ​និង​ធនា​គារ​ ADB ​​មិន​អាច​ទាក់​ទង​​បាន​ទេ​ កាល​ពី​​ម្សិល​មិញ។ អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល​ទាំង​នេះ​​បាន​និយា​យ​ថា ​​ប្រសិន​បើ​រដ្ឋា​ភិបាល​បណ្តេញ​ប្រ​ជា​ពល​រដ្ឋ​នៅ​ប៉ោ​យប៉ែត​ ​ម្ចាស់​ជំនួយ​ទាំង​ពីរ​នេះ​គួរតែ“ ផ្អាក​ការងារ​នេះ​ជាប​ណ្តោះ​អាសន្ន​និងផ្អាក​​ការ​ផ្ទេរ​មូល​និធិ​​ទៅ​ឲ្យ​​គម្រោង​នេះ​ រហូត​ទាល់​តែ​មាន​កិច្ច​ព្រម​ព្រៀង​​ជា​មួយ​រដ្ឋា​ភិ​បាល​​​ទាក់​ទិន​នឹង​ការ​អនុវត្ត​​តឹង​រ៉ឹង​ចំពោះ​​ការ​គាំ​ពារសុវត្ថិ​ភាព​ដល់​​​អ្នក​តាំង​លំនៅ​​ថ្មី​ និង​​​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋានសិន​​”។

អង្គ​ការ​ទាំង​នេះ​បាន​​ស្នើ​ឲ្យ​មាន​ការ​​លើក​​លែ​ងចំពោះ​តែ​កិច្ច​ការ​ ឬ​​​មូល​និធិ​ណា​ដែល​បាន​ជួយ​ដោយ​ផ្ទាល់​ដល់​​ប្រ​ជា​ពល​រដ្ឋ​ទាំង​ប៉ុន្មាន​គ្រួ​សារ​​នេះ​ប៉ុណ្ណោះ។ប្រ​ជា​ពល​រដ្ឋ​ទាំង​ប៉ុន្មាន​​គ្រួសារ​នេះ​បាន​​និយាយ​ថា ​​ខ្លួន​បាន​ទទួល​​សេច​​ក្តី​ជូន​​ដំណឹង​អំពី​ការ​បណ្តេញ​ចេញនេះ​​មួយ​ថ្ងៃ​​មុន​ឱសាន​វាទថ្ងៃ​សុក្រ​សប្តាហ៍​មុន​​ប៉ុណ្ណោះ ​ហើយ​ថាពាក្យ​បណ្តឹង​របស់​​ខ្លួន​​សុំ​ឲ្យ​មាន​ការ​ផ្តល់​សំណងនោះ​​ មិន​​ទាន់​មាន​ដំណោះ​​ស្រាយ​នៅ​ឡើយ​ទេ។អាជ្ញា​ធរ​មូល​ដ្ឋាន​បាន​ច្រាន​ចោល​ការ​អះអាង​ទាំង​ពីរ​នេះ។

កាល​ពី​ម្សិល​​​មិញ ​លោក ​ង៉ោម៉េង ​ជ្រួន​​អភិ​បាល​ក្រុង​ប៉ោយ​ប៉ែត ​បានប្រកាន់​ជំហរ​តាម​​សេច​ក្តី​ជូន​​ដំណឹង​អំពី​​ការ​បណ្តេញ​ចេញ​នេះ។​​​​​​​  លោក​បាន​មាន​ប្រ​សាស​ន៍​​ថា​ “ប្រ​សិន​បើ​អ្នក​ភូមិ​ទាំង​នេះ​មិន​គោរព​តាម​សេចក្តី​ជូន​​ដំ​ណឹង​នេះ​ទេ ​គណ:​កម្មា​ធិ​ការអន្តរ​ក្រសួង​ទទួល​បន្ទុក​​តាំង​លំនៅថ្មី​​​នឹង​ចាត់​វិធាន​​ការ​តាម​ផ្លូវ​ច្បាប់​​​ដើម្បី​រុះ​រើ​ផ្ទះ​សម្បែង​របស់​ពួកគេ​”។

កាល​ពី​ម្សិល​មិញ​​​​នេះ​​ដែរ ​​​គ្រួសារ​នៅ​កន្លែង​តាំង​លំនៅ​ថ្មី​​ ក្នុង​​ខណ្ឌ​ពោធិ៍សែន​ជ័យ ​​រាជ​ធានី​ភ្នំ​ពេញ​​ ​​បាន​​​និយាយ​ថា ​​ពួកគាត់​នឹង​ធ្វើ​ញត្តិ​ទៅ​ធនាគារ ADB ​នៅ​ថ្ងៃ​នេះ​ ដើម្បី​សុំ​​ឲ្យ​ជួយ​ចេញ​ថ្លៃ​​ព្យា​បាល​​ប្រជា​​ពល​រដ្ឋ​បីនាក់​ ដែល​តាម​ការ​ចោទ​ប្រ​កាន់​ថា ​បាន​រង​ការ​​វាយ​ដំ​ពី​សំណាក់​​អ្នក​ភូមិ​​មួយ​ក្រុម​តាម​​បញ្ជា​ពី​លោកចាន់ស៊ីណារ៉ា ​មេភូមិ​ត្រពាំង​អញ្ចាញ​៤​កាល​​ពី​ថ្ងៃ​សុក្រ។

​ស្ត្រី​ម្នាក់​ឈ្មោះ​ រស់បុប្ផា ​​បាន​និយាយ​ជួស​មុខ​ឲ្យ​ប្រជា​ពល​រដ្ឋ​​ប្រ​ហែល​១៦០​គ្រួសារ​នៅ​​​កន្លែង​តាំង​លំនៅ​ថ្មី​នេះ​​​ថា​

“​យើង​នឹង​ដាក់​ពាក្យ​បណ្តឹង​​ទៅ​ធនាគារ​ ADB ​​​ដើម្បី​ស្នើ​សុំ​ឲ្យ​ធនាគារ​នេះ​ទទួល​ខុស​ត្រូវ​ចំពោះ​​​​គម្រោង​របស់​ខ្លួន​ ដែល​ពួក​គេ​បាន​​អះអាងថា ​នឹង​​ធ្វើ​ឲ្យ​​​​​​​ស្ថាន​ភាព​រស់​​នៅ​របស់​អ្នក​ភូមិ​នៅ​កន្លែង​តាំង​លំនៅ​ថ្មី​នេះ​ប្រ​សើរ​ឡើង​ និង​ដើម្បី​ការ​ពារ​សិទ្ធិ​របស់​យើង​​ ដែល​កំពុង​រង​ការ​គាប​សង្កត់​ពី​អាជ្ញាធរ ​និង​មេ​ភូមិ​រូប​នេះ​​”៕​ប្រែ​សម្រួល​ដោយ​ តែមសុខុម

 

 

© 2012 – 2014, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.