Thursday, February 25, 2021
Home Authors Posts by Dene-Hern Chen

Dene-Hern Chen

144 POSTS 0 COMMENTS
Associate editor

លោក​ ស ខេង​ សរសើរ​កង​​​កម្លាំង​សន្តិ​សុខចំពោះ​​​ការ​​​​ការ​ពារសុវត្ថិភាព​​អំឡុង​ការ​បោះ​ឆ្នោត​​​​ជាតិ​​​

យោង​តាម​លិខិត​មួយ​ច្បាប់​ដែល​ទទួល​បាន​​​កាលពី​ម្សិលមិញបានឲ្យ​ដឹង​ថា លោក​ ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​សរសើរ​កម្លាំង​សន្តិ​សុខ​ដែល​បាន​ការពារ​សុវត្ថិភាព​ អំឡុង​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា និង​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​រហូត​ដល់​ថ្ងៃ​កោះ​ប្រជុំ​​​​សភា​លើក​ដំបូង​កាលពី​សប្ដាហ៍​មុន។ នៅ​ក្នុង​ “លិខិត​សរសើរ​​” របស់​លោក លោក​ ស ខេង ដែល​ជា​ប្រធាន​គណៈ​បញ្ជា​​​ការ​សន្តិ​សុខ​អចិន្ត្រៃយ៍​សម្រាប់​ការ​បោះ​ឆ្នោត​បាន​មាន​ប្រសាសន៍​ថា កម្លាំង​ប្រដាប់​អាវុធ​បាន​ការពារ​ “សន្តិ​សុខ សុវត្ថិភាព សណ្ដាប់​ធ្នាប់​សាធារណៈ​សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ​​​​ទី៥ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​” និង​ប្រកប​ដោយ​ភាព​ជោគជ័យ។ លោក ស ខេង បាន​សរសេរ​ថា “មតិ​សាធារណៈ​ជាតិ និង​អន្តរជាតិ​បាន​វាយ​តម្លៃ​ថា...

គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​បុណ្យ​បង្សុកូល​​ជូន​អ្នក​ស្លាប់​​ដោយសារ​ការ​វាយ​ប្រហារ​ដោយ​​គ្រាប់​បែក​

​អ្នក​គាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្ស​ប្រឆាំង​ និង​សាច់​ញាតិ​របស់​បុរស​ ស្ត្រី​និង​កុមារ​សរុប​១៦​នា​ក់​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហា​រ​ដោយ​គ្រាប់​បែក អំឡុង​​ការ​តវ៉ា​មួយ​នៅ​ក្នុ​ង​ឆ្នាំ​១៩៩៧​នោះ​ នឹង​រៀប​​ចំពិធី​បុណ្យ​បង្សុកូល​នៅ​ថ្ងៃ​នេះ​ នៅ​ស្ដូប​មុខ​អតីត​មន្ទីរ​​រដ្ឋសភា​​ក្នុង​រាជធានី​ភ្នំ​ពេញ​។   នៅ​ក្នុង​លិខិត​​ផ្ញើ​ជូន​លោក​ ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំ​ពេញ គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹង​​ថា  ពិធី​បុណ្យ​បង្សុកូល​​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ “នឹង​ឧទ្ទិស​កុសល​ដល់​វិញ្ញាណ​ក្ខ័ន្ធ​វីរ​បាតុករដែល​បាន​បាត់​បង់​ជីវិត​ដោយ​អំពើ​ភេរវកម្ម​នៃ​ការ​វាយ​ប្រហារ​​ដោយ​គ្រាប់​បែក​​”​ ដែ​ល​បាន​កើត​ឡើង​កាល​​ពី​ថ្ងៃ​ទី​៣០​ខែ​មី​នា​ឆ្នាំ​១៩៩៧​។ លិខិតដដែល​​នេះ​បាន​ឲ្យ​ដឹង​ថា “​យើ​ង​សូម​​ស្នើ​ឲ្យ​លោក​អភិបាល​ផ្តល់​ការ​អនុញ្ញាត​និង​ជួយ​ការពារ​​សន្តិ​សុខ​និង​សុវត្ថិភាព​” ដោយ​​បា​ន​បន្ថែម​ថា មនុស្ស​ប្រហែល​៥០០​នាក់​ នឹង​​ចូល​រួម​នៅ​ក្នុង​ពិធី​បុណ្យ​បង្សុកូលនេះ​។ ​កាល​ពី​ខែ​កក្កដា លោក សម​ រង្ស៊ី មេដឹក​នាំ​គណបក្ស​ប្រ​ឆាំងបាន​ទៅ​​​​សួនច្បារ​​មុខ​អតីត​មន្ទីរ​រដ្ឋសភា​ ជា​កន្លែង​ដែល​មាន​កា​រ​វាយ​ប្រហារ​ដោយ​គ្រាប់​បែកភ្លាមៗ​ បន្ទាប់​ពី​លោក​វិល​ត្រ​ឡប់​មក​ប្រទេស​កម្ពុជា​វិញ​ ក្រោយ​ពី​បាន​​ចំ​ណាយពេលបួន​ឆ្នាំ​នៅ​​ក្នុង​ការ​និរទេសខ្លួន​ដោយ​ខ្លួន​ឯង​ បន្ទាប់​ពី​លោក​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ផ្សព្វផ្សាយ​ព័ត៌​មាន​មិន​ពិត​និង​បំ​ផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ។​ វា​​​ជា​​​លើក​​​ទី១​​​ ហើយ​​​ ដែល​​​លោក​​​​​​ សម ​រង្ស៊ី បាន​​​វិល​​​ត្រឡប់​​​មក​មើល​​​​ស្ដូប​រំឭក​​​វិញ្ញាណក្ខ័ន្ធ​​​នេះ​​​ចាប់​​​តាំង​​​ពី​​​លោក​​​បាន​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​កាល​​​ពី​​​ឆ្នាំ​​​២០០៩។​ រហូត​មក​ទល់​ពេល​នេះ​គេ​មិន​ទាន់​ចាប់​ខ្លួន​ជន​ដៃដល់​ណា​ម្នាក់​ដែល​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​​វាយ​​​ប្រហារ​​​ដោយ​​​គ្រាប់​​​បែក​​​​នេះ​​នៅ​ឡើយ​ទេ​ ហើយ​ការ​វាយ​ប្រហារ​នេះ​បាន​​​ធ្វើ​​​ឲ្យ​​​មនុស្ស​​​យ៉ាង​ហោច​ណាស់​១០០​​​នាក់​​​ផ្សេង​​​នាក់​​​ទៀត​រង​​​របួស​​​។ អំឡុង​​​ការ​​​​​​វាយ​​​​ប្រហារ​​​នោះ​​​ គ្រាប់​​​បែក​​​បី​​​គ្រាប់​​​ត្រូវ​​​បាន​​​គប់​​​ចូល​​​ទៅ​ក្នុង​ចំណោម​ក្រុម​​​កម្មករ​​​កាត់​​​ដេរ​​​ បាតុករ​​​ និង​​​ក្រុម​​​គ្រួសារ​​​របស់​​​ពួក​​​គេ​​​នៅ​​​សួន​​​ច្បារ​មុខ​​​វត្ត​​​បទុម អំឡុង​​​បាតុកម្ម​​​មួយ​​​ ដែល​​​ដឹក​​​នាំ​​​ដោយ​​​លោក​​​ សម រង្ស៊ី ដែល​​​កាល​​​នោះ​​​ជា​​​ប្រធាន​​​គណបក្ស​​​សម រង្ស៊ី។ លោក​​​ សុន ឆ័យ សមាជិក​​​សភា​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​គិត​​​ថា វា​​​មិន​​​ទំនង​​​ដែល​​​ថា រដ្ឋាភិបាល​​​ដឹកនាំ​​​ដោយ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ នឹង​​​ស្វែង​​​រក​​​ជន​​​ដៃ​​​ដល់​​​នៅ​​​ពី​​​ក្រោយ​​​ការ​​​វាយ​​​ប្រហារ​​​នេះ​​​​ ដោយ​​​សារ​​​មាន​​​ភ័ស្ដុតាង​​​ច្បាស់​លាស់​ បង្ហាញ​ថា មាន​ការ​ជាប់​​​​ពាក់​ព័ន្ធ​​​​នឹង​​​គណបក្ស​​​​​​កាន់​​​អំណាច​​ខ្លួន​​​ឯង​។ លោក​​​ សុន ឆ័យ បាន​​​មានប្រសាសន៍​​​ថា “យើង​​​មាន​​​បទ​​​ឧក្រិដ្ឋ​​​​​​ប្រឆាំង​​​មនុស្ស​​​ជាតិ​​​ធ្ងន់​ធ្ងរ ​ច្រើន​​​ណាស់​​​នៅ​​​ក្នុង​​​ប្រទេស​​​នេះ​​​ ដែល​​​មិន​​​បាន​​​ចាប់​​​​ជន​​​ដៃ​​​ដល់​​​យក​មក​​​កាត់​​​​ទោស​​​។ ខ្ញុំ​​​មិន​​​ជឿថា យើង​​​នឹង​​​មាន​​​សន្ដិភាព​​​ពិត​​​ប្រាកដ​នោះ​​​ទេ​ ​​លុះ​​​ត្រា​​​តែ​​​មាន​​​ការ​​​ប្ដេជ្ញា​​​ចិត្ត​​​ពី​​​ភាគី​​​​រដ្ឋា​ភិបាល​​​ក្នុង​​​ការ​​​ស្វែង​​​រក​​​យុត្តិធម៌​​​ជូន​​​ប្រជា​ពលរដ្ឋ​​​កម្ពុជា​​​”។ លោក​​​ ឡុង ឌីម៉ង់ អ្នក​​​នាំពាក្យ​​​សាលា​​​រាជ​ធានីភ្នំពេញ​​​បាន​​​មានប្រសាសន៍​​​ថា សាលា​​​រាជ​ធានី​​​ នឹង​​​អនុញ្ញាត​​​ឲ្យ​​​រៀប​​​ចំ​​​ពិធី​នេះ​​​ ប៉ុន្តែ​​​ចង់​​ឲ្យ​​​ពិធី​​​បុណ្យ​នេះ​​​ បញ្ចប់ទៅ​​​វិញ​​​ត្រឹម​​​ពេល​​ថ្ងៃ​ត្រង់​។ លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​​ក៏​​​ស្នើ​​​ឲ្យ​​​គណ​បក្ស​​​សង្គ្រោះ​​​ជាតិ​​​កុំ​​​ប្រើ​​​ឧគ្ឃោ​សនស័ព្ទ​​​ផង​​​ដែរ​​​ ពីព្រោះ​​​វា​​​រំខាន​​​ដល់​ព្រះ​​​សង្ឃ​​​ដែល​​​សូត្រ​ធម៌​​​នៅ​​​វត្ត​​​បទុម​​​"។ លោក​​​យាយ លី ណារី អាយុ​​​៧១​​​ឆ្នាំ​​​បាន​​​និយាយ​​​ថា លោក​​​យាយ​​​នៅ​​​តែ​​​សោក​​​សង្រេង​​​​ចំពោះ​​​ការ​​​បាត់​​​បង់​​​កូន​​​ប្រុស​​​ឈ្មោះ​​​ ឌួង ដារ៉ា​វុធ​​​ ជា​​​អង្គរក្ស​​​របស់​​​លោក​​​ សម រង្ស៊ី ដែល​​​បាន​​​ស្លាប់​​​ដោយសារ​​​​ការ​​​វាយ​​​ប្រហារ​​​ដោ​​​យ​គ្រាប់​​​បែក​​​នេះ​​​។ លោក​​​យាយ​​​បាន​​​និយាយ​​​ថា “យើង​​​អាច​​​ទិញ​​​ទ្រព្យ​​​សម្បត្តិ​​​ដែល​​​បាត់​​​បង់​​​មក​​​វិញ​​​បាន​​​ ប៉ុន្តែ​​​យើង​​​មិន​​​អាច​​​ទិញ​​​ជីវិត​​​មនុស្ស​​​បាន​​​ទេ​។ ខ្ញុំ​​​គ្មាន​​​សង្ឃឹម​​​ថា អាជ្ញាធរ​​​នឹង​​​ស្វែង​រក​ចាប់​ខ្លួន​​​​ជន​​​ដៃដល់​​​នោះ​​​ទេ​​​”៕ (រាយការណ៍​​​បន្ថែម​​​ដោយ​​​ គុច ណារ៉េន ) ប្រែសម្រួល​​​ដោយ អ៊ូច សូនី

ការ​កក​ស្ទះ​ច​រា​ចរ​ណ៍​កើត​មាន​សារ​ជា​ថ្មី​ទៀត​ដោយ​សារ​ការ​បិទ​ផ្លូវ​មួយ​ចំនួន​​

អ្នក​ធ្វើ​ដំណើរ​ត្រូវ​ប្រើ​ផ្លូវ​វាង  ​និង​​ចំណាយ​ ពេល​យូរ​ ហើយ​តុលាការ​កំពូល និង សាលា​ឧទ្ធរណ៍ ត្រូវ​បាន​បិទ​ទ្វារ​ផង​ដែរ​កាល​ពី​ម្សិល​មិញ ​​ដោយ​សារ​កងកម្លាំង​សន្តិសុខ​បាន​​ដាក់​របាំង​លួស​បន្លា​បិទ​ផ្លូវ​សំខាន់ៗ និងផ្លូវ​តូចៗ​មួយ​ចំនួន​ បណ្ដាល​ឲ្យ​មាន​ការ​កកស្ទះ​ចរា​​​ចរណ៍​នៅ​កណ្ដាល​រាជ​ធានី​។ របាំង​លួស​បន្លា​​​ត្រូវ​បាន​ដាក់​ភាគ​ច្រើន​នៅ​តាម​បណ្ដោយ​តីរវិថី​ព្រះស៊ីសុវត្ថិ និង មហាវិថី​ព្រះ​នរោត្ដម មិន​ឲ្យ​ធ្វើ​ដំណើរ​ចេញ​​​ចូល​ទៅ​កាន់​ព្រះ​បរម​រាជវាំង​​​ និងរដ្ឋ​សភា​ជាតិ ដែល​នៅ​ទី​នោះ​តំណាង​រាស្ត្រ​មក​ពី​គណ​​​បក្ស​ប្រ​ជា​ជន​កម្ពុជាកំពុង​កាន់​អំ​ណាច​ បាន​ចូល​រួម​ប្រជុំសភា​នៅ​ថ្ងៃ​ដំបូង​ ទោះ​បី​ជា​​មិន​មាន​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​​​​ជាតិ​ចូល​រួម​​ប្រជុំ​ក៏​ដោយ​​។ ផ្លូវ​នានា​ដែលភ្ជាប់​ទៅ​វិមាន​ឯករាជ្យ និង​ផ្លូវ​នានា​​ដែល​ភ្ជាប់​មហា​វិថី​ព្រះ​នរោត្ដម​ទៅ​​​ផ្លូវ​​​​លេខ​៥១​ ក៏​ត្រូវ​បាន​បិទ​ផង​ដែរ។ នគរបាល​បង្ក្រាបកុបកម្ម​ជា​ច្រើន​នាក់​​ត្រូវ​បាន​ដាក់​ពង្រាយ​តាម​បណ្ដោយ​មហា​វិថី​ព្រះ​នរោត្ដម នៅ​ជិត​អគារ​រដ្ឋ​សភាជាតិ​ និង​នៅ​ជុំវិញ​រមណីយដ្ឋាន​វត្តភ្នំ ដែល​នៅ​ទី​​នោះ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​បាន​កើត​ឡើង​កាល​ពី​យប់​ថ្ងៃ​​អាទិត្យ​ នៅ​ពេល​មនុស្ស​មួយ​ក្រុម​​​ភាគ​ច្រើន​ជា​ក្មេង​ទំនើង​​​ស្លៀក​ពាក់​ស៊ីវិល​...

ការ​ស៊ើប​អង្កេត​លើ​ករណី​​បាញ់​ប្រហារ​មិន​ទាន់​​​មានលទ្ធ​ផលនៅឡើយ

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ម្នាក់​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា រយៈពេល​មួយ​សប្តាហ៍​ បន្ទាប់​ពី​បុរស​ម្នាក់​ត្រូវ​បាន​បាញ់​ស្លាប់ និង​​​រង​របួស​ជា​ច្រើន​នាក់​ទៀត​ អំឡុង​ការ​ជាប់​គាំង​រវាង​កង​កម្លាំង​សន្តិសុខ​​និង​ក្រុម​បាតុករ​នោះ ការ​ស៊ើប​អង្កេត​មួយ​​ដែល​ថា តើ​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ករណី​នេះ​​​​ គឺ​មិន​ទាន់​សន្និដ្ឋាន​បញ្ចប់​​ឡើយ​។ លោក​ឧត្ដម​សេនីយ៍​ឯក ខៀវ សុភ័គ​​មាន​ប្រសាសន៍​បន្ត​ថា “ខ្ញុំ​មិន​មាន​​ព័ត៌​មាន​ថ្មី​​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​ទេ​។ ពួក​គេ​កំពុង​ធ្វើ​ការ​របស់​ខ្លួន​ ប៉ុន្តែ ខ្ញុំ​មិន​ទាន់​ទទួល​បាន​​ព័ត៌​មាន​ណា​មួយ​ទេ​”។ កាល​ពី​ថ្ងៃ​ទី​១៥​​​ ខែ​កញ្ញា នៅ​ចុង​បញ្ចប់​​ថ្ងៃ​ទី​១នៃ​ការ​ធ្វើ​បាតុកម្ម​របស់​គណ​បក្ស​សង្គ្រោះ​​​​ជាតិ​ ដែលប្រឆាំង​នឹង​លទ្ធ​ផល​ឆ្នោត​ផ្លូវ​ការ ហើយ​​​កង​កម្លាំង​សន្តិ​សុខ​បាន​បើក​ការ​បាញ់​ប្រហារ​មក​លើ​ក្រុម​បាតុករ​មួយ​ក្រុម​​ និង​អ្នក​ធ្វើ​ដំណើរ​ដែល​មាន​កំហឹង​ដោយ​សារ​ការ​ដាក់​របាំង​លួស​បន្លា​ បិទ​ផ្លូវ​​មិន​​ឲ្យ​ពួក​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន​។ អ្នក​យក​ព័ត៌​មាន​នៅ​កន្លែង​ហេតុ​ការណ៍​នោះ​ បាន​ធ្វើ​ជា​សាក្សី​​​​ថា កង​កម្លាំង​នគរ​បាល​បង្ក្រាប​កុបកម្ម​ និង​កង​រាជ​អាវុធ​ហត្ថ​បំពាក់​ដោយ​​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក គ្រាប់​បែក​ផ្សែង និង​អាវុធ​ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា​ នគរ​បាល​បាន​ច្រាន​ចោល​​​​ម្តង​ហើយ​ម្តង​ទៀត​ថា កង​កម្លាំង​សន្តិ​សុខ​មិន​មាន​អាវុធ​ទេ​ ការ​ប៉ះ​ទង្គិច​គ្នា​នោះ​​ចុង​បញ្ចប់​បណ្តាល​ឲ្យ​ លោក ​ម៉ៅ សុខ​ចាន់​...

ស្ថានីយទូរទស្សន៍​ក្នុង​ស្រុក​មិន​បាន​ចាក់​ផ្សាយ​​ព្រឹត្តិការណ៍​ជុំ​វិញ​ការ​តវ៉ា​របស់​គណបក្ស​ប្រឆាំង​ទេ​

កាល​ពី​ម្សិលមិញ​ អ្នក​ទស្សនា​កម្មវិធី​ទូរ​ទស្សន៍​ក្នុង​ស្រុក​​​​មិន​បាន​ដឹង​​ថា គណបក្ស​សង្គ្រោះ​ជាតិ​​ជា​គណបក្ស​ប្រឆាំង​កំពុង​ធ្វើ​​មហា​បាតុកម្ម​​នោះ​ទេ​ ដែល​អំឡុង​ពេល​នោះ ​​​មាន​​ការ​ប៉ះទង្គិច​ដ៏​ហិង្សា​ជា​មួយ​នគរ​បាល​ ការ​បាញ់​ទឹក​ និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​។ ផ្ទុយ​ទៅ​វិញ​​អ្នក​ ដែល​បាន​បើក​មើល​កម្ម​វិធី​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​ ដែល​គ្រប់​គ្រង​​ដោយ​រដ្ឋ​ ឬ​បណ្ដាញ​ទូរ​ទស្សន៍​​គាំទ្រ​​រដ្ឋាភិ​បាល​​ផ្សេង​ទៀត​ ដូច​ជា​ ទូរទស្សន៍​ស៊ីធីអិន​ ស៊ីអិន​ស៊ីទូរ​ទស្សន៍​រាជធានី​ភ្នំពេញ​ប៉ុស្ដិ៍​លេខ​៣ ​បាយ័ន ហង្សមាស​ និង​ទូរទស្សន៍​អប្សរា​ នឹង​បាន​ទស្សនា​កម្មវិធី​​ពេល​ថ្ងៃ​ជា​ធម្មតា​​មាន​ល្ខោន​ ចម្រៀង​​​ខារ៉ាអូខេ និង​កម្មវិធី​ប្រដាល់​សេរី។ នេះ​មិ​ន​មែន​ជា​លើក​ទី​១​ទេ​ ដែល​បណ្ដាញ​​ទូរទស្សន៍​នៅ​ក្នុង​ប្រទេស​នេះ​​មិន​បាន​ចាក់​ផ្សាយ​ព័ត៌មាន​សំខាន់​បំផុត​​នៅ​ក្នុង​ប្រទេស​នេះ​។​  នៅ​ពេល​លោក​ សម រង្ស៊ី មេដឹកនាំ​គណ​បក្ស​ប្រឆាំង​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​​កាល​ពី​ខែ​កក្កដា​ បន្ទាប់​ពី​ស្ថិត​នៅ​​ក្រៅ​ប្រទេស​ជិត​​បួន​ឆ្នាំ​ ហើយ​ត្រូវ​បាន​​អ្នក​​គាំទ្រ​ជាង​​១០​០.០០០នាក់​ ចេញ​មក​ស្វាគមន៍​នោះ​ ប៉ុន្តែស្ថានីយទូរទស្សន៍​ទាំង​នេះ​មិន​បាន​ផ្សព្វ​ផ្សាយ​ពី​ព្រឹត្តិការណ៍​នេះ​ទេ​។ ទូរ​ទស្សន៍​បាយ័ន​ ដែល​គ្រប់​គ្រង​​ដោយ​កូន​ស្រី​របស់​​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ​បាន​ផ្សាយ​ពាណិជ្ជកម្ម​ជា​ច្រើន​ម៉ោង​ ដែល​​​អួតសរសើ​រ​ពី​ផលិតផ​ល​ខ្មែរ​។ ចំណែក​ឯ​ទូរទស្សន៍​​ស៊ីធីអិន​វិញ​បាន​ផ្ដោត​លើ​ការ​ចាក់​ផ្សាយ​ព័ត៌មាន​ឡើង​វិញ​ និង​​កម្ម​វិធី​ប្រដាល់​។ មាន​តែ​ទូរទស្សន៍​ស៊ីអិនស៊ី​មួយ​ប៉ុណ្ណោះ​បាន​ធ្វើ​សេចក្ដី​រាយ​ការណ៍​ខ្លី​អំពី​ការដាក់​ពង្រាយ​កម្លាំង​ប្រដាប់​អាវុធ​​ជា​ច្រើន​នាក់​នៅ​ក្នុង​ទីក្រុងភ្នំពេញ​​ និង​បង្ហាញ​ពី​រូប​ភាព​របស់​ក្រុម​បាតុករ​ ដើរ​នៅ​តាម​បណ្ដាយ​តីរ​វិថី​​ស៊ីសុវត្ថិ​​ មុន​ពេល​​បន្ត​ទៅ​ព័ត៌មាន​អន្តរជាតិ​។ នៅ​ម៉ោង​ប្រហែល​បួន​រសៀល​ ការ​ប៉ះ​ទង្គិច​​បាន​ផ្ទុះ​ឡើង​នៅ​បណ្ដោយ​តីរវិថី​ស៊ី​សុវត្ថិ​​ក្បែរ​​វត្ត​ឧណ្ណាលោម​ ដោយ​នគរ​បាល​​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​​ទៅ​លើ​ក្រុម​បាតុករ​។​ ភ្លាមៗ​នោះ​​ ទូរទស្សន៍​អប្សរា​​ចាក់​ផ្សាយ​បទ​សម្ភាសន៍​​ជា​មួយ​អ្នក​​​សម្ដែង​សៀក​ព្រួស​ភ្លើង​ម្នាក់​ ហើយ​​ទូរទស្សន៍​ហង្សមាស​វិញ​​ចាក់​​ផ្សាយ​វីដេអូ​ចម្រៀង​​របស់​ក្រុម​ចម្រៀង​​ខ្មែរ​មួយ​ក្រុម​។ លោក​ គឹម​ គុណ​វឌ្ឍ អគ្គ​នាយក​​ទូរ​ទស្សន៍​ជាតិ​កម្ពុជា​ ដែល​ចាក់​ផ្សាយ​​​ព័ត៌មាន​ចាស់ៗ​ និង​​ល្ខោន​​ អំឡុង​ពេល​រសៀល​នោះ​​បាន​ការពារ​​កង្វះ​ព័ត៌មាន​​របស់​ស្ថានីយទូរទស្សន៍​លោក​ ហើយ​បាន​​មាន​​ប្រសាសន៍​ថា លោក​​បាន​ដាក់​ពង្រាយក្រុម​​ការងារ​​​ទូទាំង​​ទី​ក្រុង​ ដើម្បី​រាយ​ការណ៍​ពី​ព្រឹត្តិការណ៍​នេះ​។ លោក​ គឹម​ គុណវឌ្ឍ បាន​មានប្រសាសន៍​ថា “ព្រឹត្តិការណ៍​នេះ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ​ ដូច្នេះ​យើង​មិន​អាចចាក់​ផ្សាយ​​ព័ត៌​មាន​នេះ​ “ភ្លាមៗ​បន្ទាប់​ពី​​​ការ​​ផ្សព្វផ្សាយ​ព័ត៌​មាន​នោះ​ទេ”។​ នៅ​ម៉ោង​ប្រាំបី​យប់​​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ចាក់​ផ្សាយ​បទ​សម្ភាសន៍​ជាមួយ​​លោក ជួន សុវណ្ណ​ ស្នង​ការ​​នគរបាល​រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​មាន​​កា​រប៉ះទង្គិច​។​ ចំណុច​សំខាន់​នៅ​ក្នុង​បទ​សម្ភាសន៍​របស់​លោក​ ជួន សុវណ្ណ ជាមួយ​ទូរទស្សន៍​ជាតិ​កម្ពុជា​គឺ​ថា បាតុករ​​មិន​បាន​ស្ថិត​នៅ​​សួន​សេរី​ភាព​​ដូច​ដែល​អាជ្ញាធរ​បាន​ណែនាំ​ពួក​គេ​នោះ​ទេ​​ ហើយ​បាន​ដើរ​​ចុះ​​តាម​មាត់​ទន្លេ​ ដើម្បី​បង្ក​បញ្ហា​។ លោក​ ជួន សុវណ្ណ បាន​​ថ្លែង​ក្នុង​បទ​សម្ភាសន៍​ជាមួយ​លោក​ គឹម គុណវឌ្ឍ ថា “ភារកិច្ច​របស់​នគរបាល​​គឺ​រក្សា​​សន្ដិសុខ​សម្រាប់​ប្រជាពល​រដ្ឋ​។ ប្រជាពលរ​ដ្ឋ​ នឹង​ឃើញ​ស្ថានភាព​ពិត​​ដោយ​ផ្ទាល់​ភ្នែក​​ចំពោះ​​អ្វី​ដែល​​កំពុង​កើត​ឡើង​នេះ​”៕ ប្រែសម្រួលដោយ​ អ៊ូច សូនី

ធនាគារ​អេស​ប៊ីសីុផ្ដល់​លុយ​ទៅ​ឲ្យ​អ្នក​កាសែត​ក្នុង​ស្រុក​ជា​ថ្នូរ​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ខ្លួន​

ដោយ​មាន​ក្រាល​កម្រាល​ព្រំ​នៅ​ក្នុង​សណ្ឋាគារ​សូហ្វីតែល ភ្នំពេញភូគីត្រា កាលពី​ម្សិលមិញ ស្ត្រី​ស្លៀក​ពាក់​បែប​ប្រពៃណី​ខ្មែរ​បាន​ចាំ​ទទួល​ស្វាគមន៍​បុគ្គល​សំ%

មន្ត្រី​ជាន់​ខ្ពស់​​យល់​ព្រម​ឲ្យ​មាន​ការ​ដោះ​ដូរ​ដី​​

កាល​ពី​ថ្ងៃ​សុក្រ ប្រធាន​ក្រុមហ៊ុន​សំណង់​​មួយ​ ដែល​ជាប់​ពាក់​ព័ន្ធ​​នឹង​ការ​ដោះ​ដូរ​ដី​ដ៏​ធំ​មួយ​កន្លែង​​ជាមួយ​​សាលា​ខេត្ត​សៀម​រាប​​កាល​​ពី​ឆ្នាំ​២០១០នោះ​​​​​  បាន​ការពារ​កិច្ច​ព្រម​ព្រៀង​ដោះ​​​ដូរ​​​ដី​​​​នេះ​ ​ដោយ​អះអាង​ថា  សេចក្តី​​​​​សម្រេច​ឲ្យ​​​សាលាខេត្ត​ និង​​មន្ត្រី​រាជការ​រើ​ចេញ​​​​ ដែល​ឥឡូវ​នេះ​បាន​​​រើ​​​ត្រឡប់​​​មក​​​វិញ​​​​នោះ គឺចេញពី​​​រដ្ឋាភិបាល​​​​​ដោយ​ផ្ទាល់​។ កាល​ពី​សប្ដាហ៍មុន​ មន្ត្រី​មួយចំនួន​​​នៅ​​​សាលា​​​​​​ខេត្ត​សៀម​រាប​​​បាន​ស្ដី​បន្ទោស​​លោក​ ស៊ូ ភិរិន​ អតីត​​អភិ​បាល​ខេត្ត​នេះ  ​​ចំពោះ​កិច្ច​ព្រម​ព្រៀង​​ដោះ​​​ដូរ​​​ដីនេះ​​​​​​​ ដែល​​បណ្តាល​ឲ្យ​​មន្ទីរ​ខេត្ត​​ចំនួន២៦​​ និង​បុគ្គលិក​ជាង​១.០០០​នាក់រើ​ទៅ​ទីតាំង​​​ដាច់​ស្រយាល​មួយ​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​១៦​គីឡូ​ម៉ែត្រ​​ក្រៅ​ក្រុង​សៀ​មរាប​។ ទីតាំង​ដាច់​ស្រយាល​នេះ​​បាន​បង្ក​បញ្ហា​ភស្តុភារចំពោះ​​​សាលា​​ខេត្ត​សៀម​រាប​ និង​ធ្វើឲ្យ​មន្ត្រី​រាជការ​ ដែល​ត្រូវ​ធ្វើដំណើរទៅ​​​ធ្វើ​ការផ្លូវ​ឆ្ងាយ​ទាំងទៅ​​​ទាំង​​​មក​​​​នោះ​មិន​សប្បាយ​ចិត្ត​ ហើយ​​​ការ​​​ចំណាយ​​បន្ថែម​​លើ​ថ្លៃ​សាំង​ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​ប្រាក់​ខែ​រដ្ឋ​ដ៏តិចតួច​​​រ​​​បស់​ពួក​គេ​។​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ លោក​ ម៉ុក សំអូន អធិការ​​​ក្រុង​​​សៀម​រាប​ បាន​ចោទ​ប្រកាន់​លោក​ ស៊ូ ភិរិន​ ថា បានលួច​​​​រៀបចំការប្តូរទីតាំង ដែល​​​ឥឡូវមិន​​បាន​សម្រេច​​​​​ ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​។ លោក​ ម៉ុក សំអូន​ និង​សហសេវិករបស់​​​លោក​រាប់​រយ​នាក់​ទៀត​នៅ​សាលា​ខេត្ត​សៀម​រាប​ ឥឡូវ​នេះ​កំពុង​​រៀប​ចំ​​អីវ៉ាន់​​​នៅ​​​ការិយាល័យ​របស់​ខ្លួន​ ហើយ​​វិល​ត្រឡប់​មក​ក្រុង​សៀម​រាប​វិញ​ បន្ទាប់​ពី​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​ចេញ​បទ​បញ្ជា​ឲ្យ​ត្រឡប់​​មក​វិញ​ កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា​។ ការ​ខាត​បង់​ហិរញ្ញ​វត្ថុ​ ដោយ​សារ​​ការរើទីតាំង​មិន​​បាន​សម្រេច​នេះ​មិន​ទាន់​ដឹង​ថា មាន​​​ចំនួន​​​ប៉ុណ្ណា​នៅ​ឡើយ​ទេ​។ ទោះ​ជា​យ៉ាង​ណា កាល​ពី​ថ្ងៃ​សុក​ លោក​ លុន សុធី  នា​យក​ក្រុមហ៊ុនអាហរ័ណ នីហរ័ណ​និង​​​សំណង់​ J&R ការពារ​​សេចត្តី​​​​សម្រេច​របស់​លោក​​ ស៊ូ ភិរិន​ ក្នុង​ការ​​ដោះ​ដូរ​អាគារនិង​​​ដី​រដ្ឋ​ដ៏​មាន​តម្លៃទាំងនេះ​​នៅ​ក្នុង​ក្រុង​សៀម​រាប​​​ជាមួយ​នឹង​ទីតាំង​​ដាច់​ស្រយាល​​មួយ​កន្លែង​​​ ដោយ​អះអាង​ថា សេចក្តី​​​សម្រេច​​​​​នេះ​​ចេញ​មក​ពី​រដ្ឋាភិបាល​ថ្នាក់​​​កណ្តាល​​​។ លោក​ លុន សុធី បាន​មាន​ប្រសាសន៍​តាម​ទូរ​ស័ព្ទ​ថា “អភិបាល​ខេត្ត​មិន​មែន​ជា​អ្នក​ចេញ​​​សេចក្ដី​សម្រេច​ទេ​ ​ថ្នាក់​លើគឺ​​​ជា​​​អ្នក​​​ចេញ​​​សេចក្តី​​​សម្រេច​”។​ ដោយ​បដិសេធ​មិន​ប្រាប់​ឈ្មោះ​មន្ត្រី​រដ្ឋាភិបាល​ដែល​ជា​អ្នក​សម្រេច​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​ដោះ​ដូរ​ដី​នោះ​ លោក​ លុន សុធី បាន​មាន​ប្រសាសន៍​ថា “ ​ ទទួល​បាន​ទីតាំង​ថ្មី  ហើយ​លោក​គ្រាន់​តែ​បំពេញ​ការងារ​របស់​លោក​​តែ​ប៉ុណ្ណោះ​។ លោក​​ ស៊ូ ភិរិន មិន​​​អាច​​​ទាក់​​​ទង ដើម្បី​សុ​ំ​ការ​អត្ថាធិ​ប្បាយ​បាន​​ទេ​។ សាលា​ខេត្ត​សៀម​រាប​បាន​​រើ​ពី​ទី​ប្រជុំជន​ក្រុង​ ទៅ​កាន់​ដី​​​​មួយ​កន្លែង​​ទំហំ​៤២​ហិក​តា​នៅ​សង្កាត់អំពិល​​ដាច់​​​ស្រយាល​ កាល​ពី​ខែ​មីនា ឆ្នាំ​២០១០​ បន្ទាប់​ពី​ក្រុមហ៊ុន​ J&R ទទួល​បាន​កិច្ច​សន្យា​​សាង​សង់​​អាគារ​​ការ​ិយា​ល័យ​ថ្មី​ប្រហែល​៦០​អាគារនៅ​ទី​នោះ​។​ កិច្ច​ព្រម​ព្រៀង​ដោះ​ដូរ​ដី​នេះ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ J&R គ្រប់​គ្រង​អាគារ​សាលា​ខេត្ត​​មួយ​ចំនួន​ ដែល​ស្ថិត​នៅ​ក្នុង​ទីតាំង​ល្អ​ក្នុងក្រុង​សៀមរាប​ រួម​ទាំង​អគារ​​ដែល​ស្ថិត​នៅ​តាម​តំបន់​​​មាត់​ទឹក​ក្នុង​​ក្រុង​​នេះផងដែរ​។​ កាល​ពី​ថ្ងៃ​សុក្រ លោក​ លុន សុធី បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុ​ន​របស់​លោក​បាន​លក់​ដី​ និង​អាគារសាលាខេត្ត​ទាំង​អស់រួចហើយ​​​​ បន្ទាប់​​​ម​​​ក​​​លោក​​​​បាន​យក​ប្រាក់​​​មក​ប្រើប្រាស់​ដើម្បី​​​សាង​សង់​អាគារ​​ក្នុង​​​សង្កាត់អំពិល​។​ បដិសេធ​មិន​​បញ្ជាក់​​​ពី​​​ចំនួន​​​ទឹក​​​ប្រាក់​​ដែល​​​លោក​​​ទទួល​​​បាន​​​​​ពី​​​​​ការ​លក់​ដី​នោះ​ លោក​ លុន​ សុធី បាន​មា​ន​ប្រសាសន៍​ថា “យើង​ទទួល​បាន​​ដី​នេះ​ ហើយ​ភាគ​ច្រើន ប្រាក់​​​​ដែល​​​​យើង​ទទួល​បាន​ គឺ​សម្រាប់​​​សាង​សង់​អគារ​ថ្មី​។​ យើង​លក់​ដី​ទាំង​នោះ​ ដើម្បី​យក​ប្រាក់​មក​សាង​សង់​អគារ​ថ្មី​”។​ លោក លុន​ សុធី​​ បាន​មាន​​​ប្រសាសន៍​ថា “ ខ្ញុំ​​គិត​ថា នេះ​​មិន​​​មែន​​​ជា​កិច្ច​ការរបស់​​​អ្នក​​​​ទេ​”។ លោក​ លុន សុធី ក៏​បាន​បដិសេធ​មិន​ប្រាប់​​​​ថា ​ ​​​ដី និង​​​អតីតអាគារសាលាខេត្ត​សៀម​រាប​បាន​​​លក់​នៅ​ពេល​ណា​ និង​ទៅ​​ឲ្យ​នរណា​ដែរ​។ លោក​ក៏​មិន​​អាច​ពន្យល់​ពី​មូលហេតុ​ ដែល​ក្រុមហ៊ុន​របស់​​លោក​ទទួល​បាន​កិច្ច​សន្យា​ដោះ​ដូរ​ដី​ដ៏​​​ធំ​​​និង​​​ដោយ​គ្មាន​ដំណើ​រ​ការ​ដេញ​ថ្លៃប្រកបដោយ​​​ការ​​​ប្រកួត​​​ប្រជែង​​​នេះដែរ​។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​មន្ត្រី​សាលា​ខេត្ត​មួយ​ចំនួន​បាន​និយាយ​ថា អតីតអាគារ​ការិយា​ល័យ​របស់ខ្លួន​​​​ត្រូ​វ​បាន​បោះបង់​ចោល​ចាប់​​តាំង​ពី​​មាន​ការ​ដោះ​ដូរ​អចលនទ្រព្យ​ជា​មួយ​ក្រុម​ហ៊ុន​ J&R ក្នុង​ឆ្នាំ​២០១០​នោះ ​​​មក​​។ ក្នុង​​លិខិត​​ចុះ​ថ្ងៃ​ទី​៩ ខែ​សីហា​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​បញ្ជា​ឲ្យ​មន្ត្រី​សាលាខេត្ត​ និង​សាលាក្រុងវិល​​​​​ត្រឡប់​មក​ប្រជុំជន​ក្រុង​វិញ​ ហើយ​ដោះ​​​ដូរ​អគារ​ទាំង​នេះ ​​​​ជា​​មួយ​អាជ្ញាធរ​អប្សរា​ ដែល​​គ្រប់គ្រង​​​ឧទ្យាន​បុរាណ​​អង្គរ​។ ចំណែក​ឯមន្ត្រី​អាជ្ញាធរ​អប្សរា​ជាង​៥០០​នាក់​ ត្រូវ​បាន​បញ្ជា​ឲ្យ​ចាក​ចេញ​ពី​​អគារ​របស់​ខ្លួន​នៅ​ក្នុងក្រុង​សៀម​រាប​ និង​រើ​ទៅ​កាន់​ទីតាំង​ថ្មី​នៅ​សង្កាត់​​អំពិល​ ដែល​ឥឡូវ​ ត្រូវ​បាន​បោះបង់​ចោល​ដោយ​មន្ត្រី​សាលា​ខេត្តនិង​​​សាសាក្រុងសៀមរាប​។ ដោយ​ប្រឈម​មុខ​​នឹង​​ការ​រើចេញ​នា​ពេល​ខាង​មុខ​​ បុគ្គលិក​នៅ​អាជ្ញាធរ​អប្សរា​បាន​ទាម​ទារ​សំណង​​រួចហើយសម្រាប់​​​​ការ​រើចេញ​ទៅ​​កាន់​ទីតាំង​​ដាច់​ស្រយាល​​នេះ​។ លោក​ អ៊ឹម​ សុខរិទ្ធី​ ជា​មន្ត្រី​ទទួល​បន្ទុក​​​​ផ្នែកព័ត៌មាន​នៅ​អាជ្ញាធរ​អប្សរា​​បាន​មាន​​​ប្រសាសន៍ថា អាជ្ញាធរ​អប្សារាបាន​យល់​ព្រម​ផ្ដល់​ប្រេង​​សាំង​​៣០​​លីត្រ​​ក្នុង​មួ​យ​ខែ​ដល់​បុគ្គលិក​ ដែល​នឹង​រើ​ទៅ​​​​កាន់​ទីតាំង​ថ្មី​នេះ​ ព្រម​ទាំង​ប្រាក់​ឧបត្ថម្ភ១៥.០០០​រៀល​សម្រាប់​​​​អាហារប្រចាំថ្ងៃ​។ លោក​ សុខរិទ្ធី បាន​មាន​​​ប្រសាសន៍​ថា “យើង​​បាន​ដោះស្រាយ​បញ្ហា​នេះ​ ហើយ​បុគ្គលិក​បាន​ទទួល​យក​ដំណោះ​​​ស្រាយនេះ​” ដោយ​បន្ថែម​ថា បុគ្គលិក​៥៣៣​នាក់​នៅ​ក្នុង​ចំណោម​បុគ្គ​លិក​ជិត​​៣.០០០​នាក់​របស់​អាជ្ញាធរ​អប្សរា​ នឹង​​រើ​ទៅ​កាន់សង្កាត់អំពិល​។​ ផ្អែក​លើ​​តម្លៃ​បច្ចុប្បន្ន​ អាជ្ញាធរ​អប្សរា​នឹង​​ចំណាយ​​យ៉ាង​ហោច​ណាស់​២០.០០០​ដុល្លារ​ក្នុង​មួយ​ខែ​ ដើម្បី​​​​​ឧបត្ថម្ភ​ថ្លៃ​សាំង​ដល់​បុគ្គលិក​៥៣៣​នាក់​ និង​​ចំណាយ​ប្រហែល​៤០.០០០​ដុល្លារ​​ទៀតក្នុង​មួយ​ខែ ដើម្បី​​​ឧបត្ថម្ភ​អាហារ​ប្រចាំ​ថ្ងៃ​ ដូច្នេះ​​​ការចំណាយ​សរុប​​មាន​​​​ប្រហែល​​៧២០.០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។ លោក​ សុខរិទ្ធី បាន​មានប្រសាសន៍​ថា “អត្ថ​ប្រយោ​ជន៍​បន្ថែម​​ ដែល​យើង​ផ្ដល់​ជូន​​បុគ្គ​លិក​៥៣៣​នាក់​គឺ​បាន​មក​​ពី​ប្រភព​ចំណូល​សំខាន់​ៗ​របស់​យើង​ ដូច​ជា​ ចំណូល​ពី​ការ​លក់​សំបុត្រ​ជា​ដើម​”។ លោក​ ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​បាន​បដិសេធ​មិន​​អត្ថាធិប្បាយ​ជុំ​វិញ​​កិច្ច​ព្រម​ព្រៀង​​ដោះ​ដូរ​ដី​នៅ​ក្រុង​សៀម​​​រាប​នេះ​​ទេ។ លោក​ យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​ប្រឆាំង​បាន​រិះគន់​​ភាព​សម្ងាត់​ និង​កង្វះតម្លា​ភាព​នៅ​ពី​ក្រោយ​កិច្ច​ព្រម​ព្រៀង​​​ដោះដូរ​ដី​នេះ​។ លោក​​ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរថា ​​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ទាំង​នេះ​ ដី​រដ្ឋ​ជា​ទូទៅ​ត្រូវ​បាន​ដោះ​ដូរ​​ក្នុង​​តម្លៃ​ត្រឹម​តែ​១០​ភាគ​រយប៉ុណ្ណោះ​​​​នៃ​តម្លៃ​ពិត​ប្រាកដនៅ​​​លើ​​​ទីផ្សារ​។ លោក​ យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​ថា “ ពួក​គេ​លក់​ដី​​កណ្ដាល​ក្រុង​ ហើយ​បន្ទាប់​មក​ពួក​គេរើ​​ត្រឡប់​មក​វិញ​។ ហេតុ​អ្វី​បាន​ជា​ពួក​គេ​មិន​រក្សា​ទុក​កន្លែង​​ចាស់​​?។ ពួក​គេ​មិន​ដែល​ធ្វើ​ការ​ដោះ​ដូរ​​ប្រកប​ដោយ​តម្លាភាព​ទេ​។ ពួក​គេ​មិន​បាន​​យក​ដី​​ទាំង​អស់​នេះ​មក​ដាក់​ដេញ​ថ្លៃ​ដូច​បណ្ដា​ប្រទេស​​ផ្សេង​ៗ​ទេ​”។ លោក​ យឹម​ សុវណ្ណ បាន​មាន​ប្រសាសន៍​ថា ការ​ដោះ​ដូរ​​ដី​រដ្ឋក្នុងទំហំ​​​ធំ​​ដូច​ដី​ក្នុង​ក្រុង​សៀម​រាប​នេះ​​ តម្រូវ​ឲ្យ​មាន​កា​រអនុម័ត​ពី​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​។ លោក​បាន​មាន​ប្រសាសន៍​ថា ពួក​គេ​មិន​គួរ​ស្ដី​បន្ទោស​តែ​ទៅ​លើ​មនុស្ស​ម្នាក់​នោះ​ទេ​ ប៉ុន្តែ​ពួក​គេ​គួរ​ស្ដី​បន្ទោស​គ្រប់​គ្នា​។​ គឺ​រដ្ឋា​ភិ​បាល​ខ្លួន​ឯង​តែ​ម្ដង”៕ ប្រែសម្រួលដោយ អ៊ូច សូនី

ព្រះ​សង្ឃ​ទទួល​រង​ការ​វាយ​ដំ​ដោយ​សារចូល​រួម​​ក្នុងការ​ជួប​ជុំរបស់​គណបក្សប្រឆាំង​​​

ព្រះ​គ្រូ​សូត្រ​ស្ដាំ​មួយ​អង្គ ដែល​បាន​វាយ​ព្រះ​សង្ឃ​​នៅ​ក្រោម​ឱវាទ​ពីរ​អង្គ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ ដោយសារ​​ព្រះ​សង្ឃ​អង្គ​នោះ​មាន​គម្រោង​​ទៅ​ចូល​រួម​​ក្នុង​មហា​បាតុកម្មរបស់ គណ​​​បក្សសង្គ្រោះ​ជាតិ​នៅ​ទីលានប្រជាធិប​​​តេយ្យ​នោះបាន​ការពារ​សកម្ម​ភាព​របស់​ខ្លួន​កាល​ពី​ម្សិល​មិញ​។ ព្រះសង្ឃ​ទាំង​បី​អង្គ​នោះមាន ភិក្ខុ​ សម ចន  ហែម ភក្ត្រា និង ង៉ែត វីសា ដែល​គង់​នៅ​វត្តសន្សំ​កុសល​ក្នុង​ខណ្ឌ​មាន​ជ័យ បាន​មាន​សង្ឃ​​​​ដី​កាថា ព្រះ​អង្គ ហៀបនឹង​ចាក​ចេញ​ពី​វត្ត​ទៅ​ហើយ​ដើម្បី​ចូល​រួម​​ក្នុង​មហា​បាតុកម្ម ​ស្រាប់​តែនៅ​ពេល​នោះ​ព្រះ​គ្រូ​សូត្រ​ស្ដាំ​​​នាម ​​​យឹម ចំរើន បាន​យក​ទូរស័ព្ទ​ដៃ​វាយ​ព្រះ​កេស និង​លើ​​ផ្ទៃ​មុខ​របស់​ព្រះ​អង្គ​។ ព្រះ​តេជ​គុណ សម ចន និង...

ការ​កាប់​រាន​ព្រៃ​​ហួស​ព្រំដែន​មុន​​ពេល​ទំនប់​​វារី​អគ្គិសនី​​សាង​សង់​

ការ​កាប់​រាន​ព្រៃ​បាន​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ ដើម្បី​ត្រៀម​សម្រាប់​​ការ​សាង​សង់​​ទំនប់​​វារី​អគ្គិសនី​ដ៏​ធំ​មួយ​ ប៉ុន្តែ​អ្នក​ភូមិ​និង​អាជ្ញាធរ​មូលដ្ឋាន​បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​ថា ការ​កាប់​រាន​ព្រៃ​នេះ​​ គឺ​វា​ហួស​ព្រំដែន​នៃ​តំបន់​សម្បទាន​ផ្លូវ​ការ​​សម្រាប់​គម្រោង​នេះ​។ ទំនប់​វារី​អគ្គិសនី​សេសាន​​ក្រោម​២ ត្រូវបាន​រដ្ឋ​សភា​អនុម័ត​កាល​ពី​ខែ​កុម្ភៈ​ ចំពេល​មាន​​ការ​ជំទាស់​យ៉ាង​ខ្លាំង​ពី​​សកម្មជន​​ការពារ​​បរិស្ថាន​ និង​​សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង​ ដែល​បាន​ជំទាស់​ថា ការ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ គឺ​វា​មាន​​​ច្រើន​ជាង​ផល​ចំណេញ​ដែល​បាន​មក​ពី​​ការ​សាង​សង់​ទំនប់​វារី​អគ្គិ​សនី​នេះ ។ ទំនប់​វារីអគ្គិសនី​កម្លាំង​​៤០០​មេហ្កាវ៉ាត់ ជា​គម្រោង​​ដែល​មាន​​​ការ​សហការ​​គ្នា​​រវាង​លោក​ គិត​ ម៉េង​ ពាណិជ្ជករ​កម្ពុជា​ និង​ក្រុម​ហ៊ុនថាមពល​អន្តរជាតិ​​​ Hydrolancang Intre-national Energy Co. Ltd ​របស់​ប្រទេស​ចិន​នេះធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជាង​៥.០០០​នាក់​​​ក្នុង​ស្រុកសេសាន​​បាត់​បង់​លំនៅ​ដ្ឋាន​។​ ហើយ​​ការ​សិក្សា​ពី​គម្រោង​នេះ​បាន​​អះអាង​ថា ការ​បង្កើត​គម្រោង​នេះ​ នឹង​​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ផល​នេសាទ​ ដែល​អាច​នឹង​​ជះ​ឥទ្ធិពល​ដល់​ជីវភាព​រស់​នៅ​​របស់​ប្រជា​ពល​រដ្ឋ​ជាង​១០០.០០០​នាក់​ ដែល​រស់​នៅ​​ខ្សែ​ទឹក​ខាង​ក្រោម​និង​ខាង​លើ​​នៃ​ទំនប់​វារី​អគ្គិ​សនី​នេះ​។ អាជ្ញាធរ​ឃុំ​​ស្រែ​គរ​ បាន​រាយការណ៍​ថា ការ​កាប់ឈើ​នៅ​ក្នុង​តំបន់​​សម្រាប់​​បង្កើត​​អាង​ស្ដុក​ទឹក​ ដែល​មាន​ទំហំ​៣៦.០០០​ហិក​តា​​នេះ​បាន​ចាប់​​ផ្ដើម​កាល​ពី​ខែ​មេសា​ តែ​​មន្ត្រី​​ថ្នាក់​ខេត្ត​​បាន​បដិសេធ​ការ​អះអាង​នេះ​។ លោក​ ទិត វី​ ប្រធាន​រដ្ឋបាល​​ព្រៃ​ឈើ​ ដែល​គ្រប់​គ្រង​ឃុំ​ស្រែ​គរ​ និង​ក្បាល​រមាស​​បាន​លើក​ឡើង​ថា “មាន​តែ​មន្ត្រី​ថ្នាក់​លើ​ទេ​ ដែល​អាច​និយាយ​​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​​បន្ថែមបាន​​អំពី​ការ​​កាប់​រាន​ព្រៃ​សម្រាប់​គម្រោង​​​សាង​សង់​ទំនប់​វារីអគ្គិសនី​នេះ​”។ លោក​ ទិត​ វី បាន​បញ្ជាក់​ថា កម្មករ​របស់​គម្រោង​​សាង​សង់​ទំនប់​វារី​អគ្គិសនី​នេះ​បាន​ចាប់​ផ្ដើម​កាប់​រាន​ព្រៃ​នៅ​ក្នុង​តំបន់​អាង​ស្ដុកទឹក​នេះ​ជា​ផ្លូវ​ការ​​ហើយ​ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​និយាយ​ថា ពេល​ណា​កម្មករ​​ទាំង​នេះ​​បាន​ចាប់​ផ្ដើម​កាប់​​រាន​ព្រៃ​នោះ​ទេ​។ លោក​ សេក​ មេគង្គ មេ​ឃុំ​ស្រែ​គរ​​បាន​អះអាង​ថា ការ​កាប់​​រាន​ព្រៃ​នេះ​ឥឡូវ​វា​បាន​ហួស​ព្រំដែន​នៃ​តំបន់​សម្បទាន​ទៅ​ហើយ​ គឺ​មាន​ចម្ងាយ​​២០​គីឡូម៉ែត្រ​​ពី​ច្រាំង​ទន្លេ​សេសាន​។ លោក​ សេក​ មេគង្គ​ បាន​មាន​ប្រសាសន៍​ថា ឈើ​ដែល​កាប់​​​នៅ​ខាង​ក្រៅ​តំបន់​អាង​ស្ដុក​ទឹក​នេះ​ នឹង​​ត្រូវ​ចាត់​ទុក​ជា​ឈើ​ ដែល​កាប់​​នៅ​ខាង​ក្នុង​តំបន់​សម្បទាន​ ហើយ​វា​អាច​​មាន​តម្លៃ​ពី​១៥០​ដុល្លារ​ទៅ​៥០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​គូប​ អាស្រ័យ​លើ​គុណ​ភាព​ឈើ​។​ លោក​បាន​មា​ន​ប្រសាសន៍​បន្ត​ថា “បន្ទាប់​មក​ឈើ​ដែល​កាប់​នៅ​ខាង​ក្រៅ​តំបន់​អាង​ស្ដុក​ទឹក​ នឹង​ត្រូវ​យក​ទៅ​ស្ដុក​ទុក​នៅ​ខាង​ក្នុង​តំបន់​សម្បទាន​។​ ហើយ​អ្នក​ភូមិ​ភាគ​ច្រើន​​បាន​យល់​ព្រម​កាប់រាន​ព្រៃ​ ដើម្បី​យក​ឈើ​​ទៅ​លក់​គ្រាន់​នឹង​បាន​ប្រាក់​​កាស​​ខ្លះ​”។ អ្នក​ភូមិ​ស្រែ​គរ​ម្នាក់​​ ដែល​ស្នើ​មិន​បញ្ចេញ​​ឈ្មោះ​បាន​និយាយ​ថា គាត់​​និង​​សមាជិក​គ្រួសារ​របស់​គាត់​ផ្សេង​ៗ​ទៀត​​បាន​ចូល​រួម​នៅ​ក្នុង​ការ​កាប់​រាន​ព្រៃ​នេះ​ ដោយ​ដឹង​ថា អាជ្ញា​ប័ណ្ណ​​ដែល​ចេញ​ដើម្បី​ការ​កាប់​រាន​ព្រៃ​​សម្រាប់​គម្រោង​​ទំនប់​វារី​អគ្គិសនី​ នឹង​ការ​ពារ​សកម្មភាព​ខុស​ច្បាប់​របស់​ខ្លួន​។ គាត់​​បាន​និយាយ​ថា “ប្រសិន​បើ​ខ្ញុំ​​បដិ​សេធ​មិន​ធ្វើ​ទេ​នោះ​​ អ្នក​ភូមិ​ផ្សេង​ៗ​ទៀត​​នឹង​នៅ​តែ​​កាប់​ឈើ​នេះ​ដដែល​ ហើយ​​យើង​​ក៏​ត្រូវ​ការ​លុយ​ដែរ​​។ ក្រុម​ហ៊ុន​​បាន​ប្រាប់​ពួក​យើង​​ថា ពួក​គេ​​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិ​បាល​ ដើម្បី​​កាប់​​ឈើ​​ទាំង​អស់​នេះ​ ហេតុ​ដូច្នេះ​ហើយ​អ្នក​ភូមិ​មិន​ចាំបាច់​ព្រួយ​បារម្ភ​អ្វី​ឡើយ​”។ តែ​ទោះ​ជា​យ៉ាង​ណា​គាត់​​មិន​បាន​បញ្ជាក់​ពី​ក្រុមហ៊ុន​ដែល​គាត់​កំពុង​និយាយ​​ទេ​។ ដោយ​ចាត់​ទុក​ថា ការ​បង្កើត​​ទំនប់​វារី​អគ្គិ​សនី​នេះ​ “គឺ​ជា​កំហុស​ឆ្គង​មួយ​ដ៏​ធំ​” លោក​ មៀច​ មាន​ អ្នក​សម្របសម្រួល​​នៅអង្គការ​បណ្ដាញ​​ការ​ពារ​ទន្លេសេសាន ស្រែពក និង​សេកុង​​​ ដែល​បាន​ព្យាយាម​ឲ្យ​មាន​ការ​​បញ្ឈប់​​ការ​សាង​សង់​​នៅ​តំបន់​​នោះ​ កាល​ពី​ម្សិល​មិញ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​​ជួយ​ធ្វើ​អន្តរាគមន៍​​​នៅ​ក្នុង​ការ​កាប់​ឈើ​ហួស​​ព្រំដែន​ និង​​ឲ្យ​ជួយកំណត់​ព្រំដែន​ឲ្យ​បាន​ច្បាស់​លាស់​ ដើម្បីបញ្ជាក់​ពី​ចំណុច​ចាប់​ផ្ដើម​ និង​ចំណុច​បញ្ចប់​​នៃ​តំបន់​សម្បទាន​សម្រាប់​គម្រោង​នេះ​។ លោក​ មៀច មាន​ បាន​លើកឡើង​ថា “គម្រោង​​សាង​សង់​ទំនប់​វារី​អគ្គិសនី​នេះ​​បាន​បង្ក​ឲ្យ​មាន​សកម្មភាព​​កាប់​ឈើ​​ខុសច្បាប់​​យ៉ាង​ខ្លាំង​មួយ​ចំនួន​រួច​ទៅ​ហើយ​ ហើយ​វា​ក៏​បាន​រំលោភ​​លើ​កិច្ច​ព្រម​ព្រៀង​ ”។ យោង​តាម​ច្បាប់​ចម្លង​​នៃ​ឯកសារ​ ពី​ការិយាល័យ​មេធាវី​ Ang & Associates Lawyer Ltd. ​ដែល​ទទួល​បាន​​កាល​ពី​ដើម​ឆ្នាំ​នេះ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​របស់​លោក​ គិត​ ម៉េង និង​ក្រុមហ៊ុន​មួយ​ទៀត​​របស់​លោក​ សុខ វណ្ណា ដែល​ត្រូវ​ជា​បងប្អូន​របស់​លោក​ សុខ គង់​ ស្ថាប​និក​ក្រុមហ៊ុន​​សូគីម៉ិច​គ្រុប​ ជា​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ដ៏​ធំ​មួយ​ បានព្រម​ព្រៀង​ចូល​ហ៊ុន​​ជាមួយ​គ្នា​ ដើម្បី​កាប់​រាន​ព្រៃ​នៅ​តំបន់​សម្រាប់​​​សាងសង់​ទំនប់​វារី​អគ្គិសនី​នេះ​។ យោង​តាម​​ឯកសារ​ដែល​ទទួល​បាន​នេះ​ បាន​ឲ្យ​ដឹង​ថា កិច្ច​សន្យា​របស់​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​បាន​លើក​ឡើង​ថា “គម្រោង​ដែល​នឹង​កាប់​រាន​ព្រៃ​នៅ​ក្នុង​​ដី​ព្រៃ​ទំហំ​ប្រហែល​៣៦.០០០​ ​នឹង​ត្រូវ​​អនុវត្ត​​ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ ពោល​គឺ​ចាប់​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៥”។ កិច្ច​សន្យានេះ​បាន​បន្ថែម​ថា ដី​ព្រៃ​ទំហំ​១០.០០០​ហិក​តា នឹង​​ត្រូវ​កាប​់​រាន​​ក្នុង​ឆ្នាំ​ដំបូង​។ ហើយ​ដី​ព្រៃ​ទំហំ​១៣.០០០​ហិកតា ក្នុង​ឆ្នាំ​ទី​២ រីឯដីព្រៃ​ទំហំ​១៣​.០០០​ហិក​​តា ផ្សេង​ទៀត​សម្រាប់​ឆ្នាំ​ចុង​ក្រោយ​”។ ឯកសារ​​ចុះ​​ថ្ងៃ​ទី​១៥ ខែ​មករា នេះ​សំដៅ​ទៅ​លើ​ “ការ​កាប់​រាន​ព្រៃ​ ការ​ប្រមូល​ និង​ការ​នាំ​ចេញ​ឈើ​អារ​រួច​  ​សម្រាប់​លក់​នឹង​នាំ​ចេញ​ទៅ​ទី​ផ្សារ​ក្នុង​ស្រុក​ និង​អន្តរជាតិ​ ដោយ​​ទទួល​បាន​មក​វិញ​នូវ​ទឹក​ប្រាក់​សុទ្ធ​ចំនួន​បី​លាន​ដុល្លារ​”។ លោក​ ចាន់​ អង្គ​ លេខា​របស់​លោក​​ សុខ វណ្ណា​ បាន​លើក​ឡើង​ថា លោក​ សុខ វណ្ណា សុំ​​មិន​​​ធ្វើ​អត្ថាធិប្បាយទេ​ពាក់​ព័ន្ធ​នឹង​​​រឿង​នេះ​ដោយ​លោក​បាន​លើក​ឡើង​ថា លោក​ គិត​ ម៉េង​ ដឹង​​រឿង​នេះ​ច្រើន​ជាង​។ លោក ចាន់ អង្គ បាន​លើក​ឡើង​បន្ត​ថា “លោក​​គ្មាន​តួនាទី​និយាយ​ជាមួយ​ប្រពន្ធ​ផ្សព្វផ្សាយ​ទេ​ពាក់​ព័ន្ធ​នឹង​រឿង​នេះ​ ពីព្រោះ​បុគ្គល​សំខាន់​នោះ​  គឺ​នៅ​តែ​ជា​អ្នកឧកញ៉ា    គិត ម៉េង”។ លោក​ គិត​ ម៉េង​ បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ឡើយ​៕  ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​

ធនាគារ​ឈាម៖ ត្រូវ​​​មាន​​​​​​​​​​​ឈាម​បន្ថែម​ដើម្បី​ឆ្លើយតប​​តម្រូវ​​​​​​​ការ​

នាយក​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​ឲ្យដឹង​ថា ​មជ្ឈមណ្ឌ​ល​នេះ​នឹង​ដាក់ឲ្យ​​គេហ​ទំព័រ​មួយ​ដំណើរការ​ក្នុង​ខែ​នេះ​ ដើម្បី​​លើក​ទឹក​ចិត្ត​ប្រជា​ពល​រដ្ឋ​​បាន​កាន់តែ​ច្រើនថែម​ទៀត​​ឲ្យផ្តល់​ឈាម​ ដោយ​សារតែ​​បរិមាណ​ឈាម​នៅ​មជ្ឈ​មណ្ឌល​នេះ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង និង​តម្រូវ​ការ​ឈាម​រាប់​រយ​ប្លោក​​ទៀត​។ ​​លោកវេជ្ជ​ប​ណ្ឌិត ​​ហុក ​គឹម​​​ចេង ​​​​នា​​​យក​​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​មា​ន​​ប្រ​សាស​​ន៍​ថា ​ឈា​ម​​​ជា​ង​​៥​០០​ប្លោក​​ ពិត​ជា​​​ចាំ​បាច់​​សម្រាប់​​​មជ្ឈម​ណ្ឌល​​​នេះ​​​​ជួយ​​ឆ្លើយតប​ទៅ​នឹង​តម្រូ​វ​​ការ​​ទូ​ទៅ​ពី​​មន្ទី​រ​​​​ពេទ្យនានា ប៉ុន្តែ​​ធនាគារ​​ឈាម​ បច្ចុ​ប្បន្ន​មាន​តែ​២០០​ប្លោក​ប៉ុណ្ណោះ។ ដើម្បី​ផ្សព្វ​ផ្សាយ​ឲ្យ​មាន​ការ​យល់​ដឹ​ងអំពី​កង្វះ​ខាត​ឈាម មជ្ឈ​មណ្ឌល​នេះ​នឹង​ដាក់​​ឲ្យ​ដំណើរ​ការ​​គេហ​ទំព័រ​មួយ​នៅ​ចុង​ខែ​នេះ​​ក្នុង​គោល​បំណង​អំពាវ​នាវ​ដល់​សា​ធារណ​ជន​ឲ្យ​ចូល​រួម​​ផ្តល់​ឈាម​។ លោក​ គឹម​ចេង ថ្លែង​​​ថា “ យើង​ត្រូវ​​​​ការ​ឈាម​យ៉ាង​តិច​ជាង​៥០០​បោ្លក​​នៅ​ក្នុង​ស្តុក​​នៅ​មជ្ឈ​មណ្ឌល​របស់​យើង ដើម្បី​​ឲ្យ​យើង​មានសមត្ថភាពគ្រប់គ្រាន់​ក្នុង​ដោះ​ស្រាយ​តម្រូវ​ការ​។ យើង​នឹង​ដំណើរ​ការ​គេហ​ទំព័រ​​​​​​​​​​មួយ​ដែល​នឹង​ផ្តល់​ព័ត៌​មាន​ដល់​ប្រ​ជា​ពល​រដ្ឋ​អំពី​ស្ថានភាព​ទាំង​នេះ និង​ទី​កន្លែង​​ដែល​ពួក​គេ​អាច​ផ្តល់​ឈាម​បាន​”។លោក​លើក​ឡើង​​​​​​​កាល​ពី​ម្សិល​មិញ​ថា បើគិត​ពី​ថ្ងៃ​ព្រហស្បតិ៍​​​មក មាន​ប្រជាជន​១០​នាក់ចូល​ទៅ​ផ្តល់​ឈាម​នៅមជ្ឈ​មណ្ឌល​ជាតិ​ផ្តល់ឈាម។ លោក​វេជ្ជ​បណ្ឌិត គឹមចេង បាន​លើក​ឡើង​កាល​ពី​សប្តាហ៍​មុន​ថា ជាធម្មតា​ មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម​ទទួល​បាន​ឈាម​១.០០០​បោ្លក​ក្នុង​មួយ​ខែ​ពី​និស្សិត​សាកល​វិទ្យា​ល័យ​ ក៏​ប៉ុន្តែ អំឡុង​វិស្សម​កាល​នៅ​តាម​សាលា​រៀន សកម្មភាពផ្តល់​ឈាមបានធ្លាក់​​ចុះ​យ៉ាង​ខ្លាំង។​​លោក​បាន​ឲ្យដឹង​បន្ថែម​ទៀត​ថា មិន​សូវ​មាន​អ្នក​ផ្តល់​ឈាមក្នុង​​ក្រុម​ O និង B ទេ។ លោក​វេជ្ជ​បណ្ឌិត ជួន យ៉ៅយ៉េង អនុ​ប្រធាន​​​​​​​​​​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត ថ្លែង​​​ថា នៅ​មន្ទីរ​​​​​​​ពេទ្យ​នេះ ​​ជា​ទូទៅ​​ត្រូវ​ការ​ឈាម​ពី​៥ ទៅ​១០​​​​​​​ប្លោក​ក្នុង​មួយ​ថ្ងៃ​ ដើម្បីផ្គត់ផ្គង់ការ​វះ​កាត់។ លោក​បាន​ថ្លែង​ថា “ ថ្ងៃ​ខ្លះ​ យើង​ត្រូវ​ការ​ឈាម​១០​ប្លោក​។ ឈាម​នេះ​សម្រាប់​ការ​វះ​កាត់​ និង​សម្រាប់​អ្នក​ដែល​មាន​សភាព​ទន់​ខ្សោយ​ដែល​ត្រូវ​ការ​ការ​ចាក់​បញ្ចូល​ឈាម។ ជា​ទូទៅ យើង​ត្រូវ​ការ​ឈាម​ពី​៤ ទៅ​៥​ប្លោក​​នៅ​មន្ទីរ​ពេទ្យ​នេះ”។ លោក​វេជ្ជ​បណ្ឌិត លឹម គ្រុយ ប្រធាន​នាយក​ដ្ឋាន​ឱសថ និង​អប់​រំស្រាវ​ជ្រាវ​នៅ​ឯ​​មន្ទីរ​ពេទ្យ​ព្រះ​សីហនុនៃ​ក្តី​សង្ឃឹម​​ បានលើក​ឡើង​ថា មន្ទីរ​ពេទ្យ​នេះ​មិន​រក្សា​ទុក​ឈាម​​ទេ​ ប៉ុន្តែ​​ពឹង​ផ្អែក​​លើ​ការ​ផ្តល់​ឈាម​ដោយ​ផ្ទាល់​​ពី​​​សមាជិក​គ្រួសារ​អ្នក​ជំងឺ ឬ​ពឹង​លើ​មជ្ឈ​មណ្ឌល​​ជាតិ​ផ្តល់​ឈាម​។ លោកវេជ្ជ​បណ្ឌិត លឹម គ្រុយ ​​មាន​ប្រសា​សន៍​​ថា “  អាស្រ័យ​​ទៅលើ​បញ្ហា​របស់​អ្នក​ជំងឺ​ ដូចជា ជំងឺ​គ្រុន​ចាញ់​​ដែល​តម្រូវ​ការ​ចាក់​បញ្ចូល​ឈាម​ជាដើម”។ លោក​បានបន្ថែម​ថា ករណី​កម្រិតធ្ងន់បំផុត​ត្រូវ​ទៅ​មន្ទីរ​ពេទ្យ​ផ្សេង​ទៀត​ ដែល​មាន​នៅ​ជុំវិញ​​រាជ​ធានី​ភ្នំ​ពេញ ដូច្នេះ​មន្ទីរ​ពេទ្យ​ព្រះ​សីហនុ​នៃ​ក្តី​សង្ឃឹម​ ផ្អែក​លើ​មជ្ឈ​មណ្ឌល​ជាតិ​​ផ្តល់​ឈាម​ក្នុង​ករណី​មួយចំនួន​។លោក​បាន​បន្ថែម​ថា “ នៅ​ពេល​ដែល​យើង​ត្រូវ​ការ​ឈាមជាក់ស្តែង យើង​នឹង​ស្នើ​សំុ​ការ​ចាក់​បញ្ចូល​ឈាម​ជា​បន្ទាន់  ហើយ​ពួក​គេ​នឹង​ផ្តល់​ឈាម​ឲ្យ​យើង​”។ លោក សេក ម៉ាឌី មន្ត្រី​វិជ្ជា​ជីវៈ​ជាតិ​ នៅ​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ ទទួល​បន្ទុក​សុវត្ថិ​​ភាព​ឈាម បាន​លើក​ឡើង​ថា ការ​ធ្លាក់​ចុះ​នៃ​ការ​​ផ្តល់​ឈាម​ ក៏​អាច​ជា​ផល​ប៉ះ​ពាល់​មួយ​ផ្នែក​ ​នៃ​បរិយាកាស​ក្រោយ​ការ​បោះ​ឆ្នោត​ដែរ។ លោក ម៉ាឌី បាន​បន្ត​ថា “ ខ្ញុំ​គិត​ថា យើង​ចាំ​បាច់​ត្រូវតែ​មាន​បរិយាកាស​សន្តិ​ភាព​មួយ​ ដើម្បី​ជ្រើស​រើស​អ្នក​ផ្តល់​ឈាម​ ហើយ​យើង​ត្រូវ​តែ​រង់​ចាំ​ពេល​បន្តិច​ទៀត​ រហូត​ទាល់​តែ​ដល់​ពេល​ស្ថាន​ភាព​ត្រូវ​បាន​ដោះ​ស្រាយរួច ។ ស្ថាន​ភាព  ប៉ះ​ពាល់​ដល់​អ្នក​គ្រប់​គ្នា។​ វា​ប៉ះ​ពាល់​ដល់​អ្នក​ផ្តល់​ឈាម និង​អ្នក​ប្រមូល​ឈាម​”។ ធនាគារ​ឈាមតាម​បណ្តាខេត្ត​នៅ​ទូទាំង​ប្រទេស​កាល​ពី​សប្តាហ៍​មុន​បាន​ឲ្យដឹងថា នៅ​សល់​ឈាម​តែ​៤០​ប្លោក​ប៉ុណ្ណោះ​​​នៅ​ក្នុង​ខេត្ត​​កំពង់​ចាម ប៉ុន្តែ​នៅ​ខេត្ត​នេះ​ ​មាន​តម្រូវ​ការ​ឈាម​២៣០​ប្លោក​ក្នុង​មួ​យ​ខែ​ ហើយ​ខេត្ត​​បន្ទាយ​មាន​ជ័យ​មាន​៦០​ប្លោក ប៉ុន្តែ ជាធម្មតា​ត្រូវ​ការ​១០០​ប្លោក​ក្នុង​មួយ​ខែ៕ ប្រែ​សម្រួល​ដោយ ចេវ ប៊ុននី