Thursday, September 19, 2019
Home Authors Posts by Denise Hruby

Denise Hruby

142 POSTS 0 COMMENTS
Associate editor

សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ផ្តន្ទាទោស​ជា​លើក​ដំបូង​ចំពោះ​អ្នក​សរសេរ​សារ​មិន​សមរម្យ​តាម​ហ្វេសប៊ុក

កាល​ពី​ម្សិលមិញ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ បាន​ផាក​ពិន័យ​ម្ចាស់​ហាង​ផាត់មុខ​ធ្វើ​សក់​អាយុ​២៩​ឆ្នាំ​ម្នាក់ឲ្យ​បង់​ប្រាក់​ចំនួន​ពីរ​លាន​រៀល​ ឬ​ប្រហែល​៥០០ដុល្លារ​ ហើយ​បាន​ចេញ​​​​​​សេចក្តីបង្គាប់​ឲ្យ​នាង​បង់​ប្រាក់​សំណង​ជំងឺ​ចិត្ត​ចំនួន​ប្រាំលាន​រៀល​ ឬ​ប្រហែល​១.២៥០ដុល្លារ​ទៅ​ឲ្យ​ម្ចាស់​ហាង​កែ​សម្ផស្ស​​ម្នាក់ផ្សេង​ទៀត​​ជា​គូ​ប្រជែង​ក្នុង​ជំនួញ​ដែល​នាង​បានបរិហា​រកេរ្តិ៍​​តាម​ហ្វេសប៊ុក​​។ ការ​ផ្តន្ទាទោស​នេះ​គឺ​ជាការ​ផ្តនា្ទទោស​ជា​លើក​ដំបូង​មិន​ដែល​ធ្លាប់​មាន​ចំពោះ​អ្នក​​ដែល​សរសេរ​សារ​មិន​សមរម្យ​​​នៅលើ​បណ្តាញ​​ទំនាក់​ទំនង​សង្គម​ ទោះ​បី​ជា​ច្បាប់​ប្រឆាំង​​បទល្មើស​តាម​អ៊ីនធើណិត ដែល​ជា​ច្បាប់​បង្កើត​ឡើង​ដើម្បី​គ្រប់​គ្រងការ​​ផ្សព្វ​ផ្សាយ​​ព័ត៌មាន​មិន​ពិតតាម​អ៊ីនធើណិត​ កំពុង​ស្ថិត​​ក្រោម​សេចក្តី​ព្រាងនៅ​ឡើយ​ក្តី​។ លោក​ ស៊ិន​ វិសាល​ ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​មានប្រសាសន៍​នៅក្នុង​តុលាការ​ថា “ តុលាការ​បាន​ផាកពិន័យ​​ ​ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​បរិហារ​​កេរ្តិ៍​ជា​សាធារណៈ​ដែល​ទាក់ទិន​នឹង​​សារ​ មួយនៅ​លើ​បណ្តាញ​ទំនាក់ទំនង​​​សង្គម​ហ្វេស​ប៊ុក​កាល​ពី​ឆ្នាំ​២០១២​”។​ យោង​តាម​សាល​ក្រម​របស់​តុលាការ​បាន​ឲ្យ​ដឹង​ថា​ កញ្ញា​ ឌួង​ ហ្សូរីដា​ បាន​ប្រើ​ទំព័រ​ហ្វេស​​ប៊ុក​របស់​នាង​ដែល​ដាក់​ឈ្មោះថា​ “ Amazon Duong” មក​​សរសេរ​សារ​មួយ​ដែល​និ​យា​យ​ថា​ គូ​ប្រជែង​របស់​នាង​ឈ្មោះ​ តាន់​ ធារ៉ា​ បាន​​ទាក់​ទាញ​យក​បុគ្គលិក​របស់​នាង​។ កញ្ញា​ ឌួង​ ហ្សូរីដា​ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​នាង​បន្ទាប់​ពី​បុគ្គ​លិក​មួយ​ចំនួន​របស់​នាង​បាន​ទៅ​ធ្វើ​ការ​ឲ្យ​លោក ​ធារ៉ា​ថា​ “អ្ន​កឯង​ជា​មនុស្ស​អាក្រក់​ព្រោះ​បាន​លួច​បុគ្គលិក​ពី​ហាង​របស់ខ្ញុំ​ អ្នក​ឯង​ធ្លាប់​ធ្វើ​ការ​នៅ​ក្នុង​របស់​ខ្ញុំ​ អ្នក​ឯង​មិន​មែន​ជា​មនុស្ស​ល្អ​នោះ​ទេ”។ លោក​ចៅ​ក្រម​ វិសាល​ បាន​ឲ្យ​ដឹង​ថា កញ្ញា​ ​​ឌួង​ ហ្សូរីដា​ ត្រូវ​បាន​ផ្តន្ទាទោស​ដោយ​យោង​​​តាម​មាត្រា​៣០៥​ នៃ​ក្រម​ព្រហ្មទណ្ឌ​ប៉ុន្តែ​លោក​​មិន​បាន​ពន្យល់ថា តើ​ការ​សរ​សេរ​​សារ​នៅលើ​ហ្វេសប៊ុ​ក​នេះ​បាន​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​ ឬក៏​ការ​រក​ស៊ី​របស់​លោក ធារ៉ា​ដោយ​របៀប​ណា​នោះ​ទេ​។ លោក​ មឿន​ ឈានណារិទ្ធ ប្រធាន​វិទ្យា​ស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​រិះ​គន់​ចំពោះ​ការ​ផ្តន្ទាទោស​កាល​ពី​ម្សិលមិញ​នេះ​។ លោក​ ណារិទ្ធ​ បានមាន​ប្រសាសន៍​ថា​  “យើង​នៅ​មិន​ទាន់​មាន​ច្បាប់​ប្រឆាំង​បទ​ល្មើស​​តាម​អ៊ីនធើណិ ត​នៅ​ឡើយ​ទេ​ ហើយ​ការ​ចោទ​ប្រកាន់​ទាំង​អស់​តាម​ហេ្វសប៊ុក​គួរ​តែ​ស្ថិត​នៅ​ក្រោម​ច្បាប់នេះ​ ហេតុ​ដូច្នេះ​វា​​​មិន​ត្រឹម​ត្រូវ​ចំពោះ​ការ​ផ្តន្ទាទោស​​ ឬក៏​ការ​ផាក​ពិន័យ​នរណា​ម្នាក់​ទាក់​ទិន​នឹង​ការ​បង្ហោះ​សារ​តាម​ហ្វេសប៊ុក​នោះ​​​​”។ លោក​ ណារិទ្ធ​ បាន​លើក​ឡើង​ថា នៅ​ពេល​​ច្បាប់​ប្រឆាំង​បទ​ល្មើស​តាម​អ៊ីន​ធើ​ណិត​​នៅ​មិន​ទាន់​មាន​នៅ​ឡើយ​នោះ​ ច្បាប់​សារ​ព័ត៌មាន​គួរ​តែ​ត្រូវ​បាន​យក​មក​ប្រើ​ដើម្បី​ដោះ​ស្រាយ​​​​​បញ្ហា​ទាក់​ទិន​នឹង​ការ​សរសេរ​សារ​ជា​​​សាធា​រណៈ​នៅ​តាម​ហ្វេសប៊ុក​ គឺ​មិន​មែន​ក្រម​ព្រហ្ម​​ទណ្ឌ​ទេ​។ លោក​បានមាន​ប្រសាសន៍​ថា “រាល់​ការ​សរសេរ​សារនីមួយៗ​តាម​ហ្វេសប៊ុក​ ​ឬ​បណ្តាញ​​ទំនាក់​ទំនង​សង្គម​ផ្សេងៗ​ គឺ​វា​មាន​ការ​បើក​ចំហ​​ជា​សាធារណៈ​ និង​យ៉ាង​ទូលំ​ទូលាយ​ដូច​ទៅ​នឹង​ព័ត៌មាន​នៅ​ក្នុង​កាសែត​ដែរ​ ហេតុ​ដូច្នេះ​រាល់​ការ​ចោទ​ប្រកាន់​គួរ​តែ​ស្ថិត​នៅ​ក្រោម​ច្បាប់​សារព័ត៌មាន​”៕ ស៊ុយឈាង

កម្មករ​​​ប្រមូល​​​សំរាម​​​ត្រឡប់​​​ចូល​​​ធ្វើ​​​ការ​​​វិញ​​​​​​ ក្រោយ​​​ពីដំឡើង​​​ប្រាក់​​​ខែ​​​

កូដកម្ម​​​របស់​​​កម្មករ​​​ក្រុមហ៊ុន​​​ប្រមូល​​​សំរាម​​​​​​ស៊ីនទ្រី នៅ​​​ក្នុង​​​រាជធានីភ្នំពេញ​​​​​​បាន​​​បញ្ចប់​​​ហើយ​​​កាល​​​ពី​​​ម្សិលមិញ បន្ទាប់ពី​​​ក្រុម​​​ហ៊ុន​​​នេះ​​​ បាន​​​យល់​​​ព្រម​​​​​​តាម​​​ការ​​​ទាមទា​​​រ​​​របស់​​​កម្មករ​​​សុំ​​​ដំឡើង​​​ប្រាក់​​​ខែ​​​និង​​​លក្ខខណ្ឌ​​​ការងារ​​​ល្អ។ មិន​​​យូរ​​​ប៉ុន្មាន​​​ បន្ទាប់​​​ពី​​​មាន​​​ការ​​​​​​ព្រម​​​ព្រៀង​​​​​​គ្នា​​​​​​ រថយន្ត​​​ប្រមូល​​​សំរាម​​​ពណ៌បៃតង​​​និង​​​កម្ម​​​ករ​​​​​​ស្លៀក​​​ពាក់​​​ឯកសណ្ឋាន​​​​​​ពណ៌​​​បៃតង​​​​​​របស់​​​ក្រុមហ៊ុន​​​ស៊ីនទ្រី​​​ បាន​​​ចាប់​​​​​​ផ្ដើម​​​មមាញឹក​​​ដុត​​​ដៃ​​​ដុត​​​ជើង​​​ប្រមូល​​​​​​សំរាម​​​ ដែល​​​មាន​​​ក្លិន​​​​​​ស្អុយ​​​អាក្រក់​​​នៅ​​​តាម​​​ផ្លូវ​​​នានា​​​​​​ក្នុង​​​រាជធានីភ្នំពេញ​​​​​​ដែល​​​បាន​​​គរ​​​ជា​​​គំនរ​​​ខ្ពស់​​​ៗ​​​ ចាប់​​​តាំង​​​ពី​​​កូដកម្ម​​​បាន​​​ចាប់​​​ផ្ដើម​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​មក​​​។ លោក​​​ ងួន​ ស៊ីផេង​​​ នាយក​​​ប្រតិបត្តិការ​​​​​​ក្រុម​​​ហ៊ុន​​​ស៊ី​​​នទ្រី​​​ ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​​​​បាន​​​ព្រម​​​ព្រៀង​​​​​​គ្នា​​​គ្រប់​​​ចំណុច​​​​​​នៅ​​​​​​ថ្ងៃ​​​នេះ ហើយ​​​កម្មករ​​​​​​ក៏​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ការ​​​វិញ​​​”។ ការ​​​ព្រម​​​ព្រៀង​​​ដំឡើង​​​ប្រាក់​​​ខែ​​​​​​និងការ​​​ផ្ដល់​​​​​​​​​លក្ខ​​​ខណ្ឌ​​​ការងារ​​​​​​ល្អ​​​ប្រសើ​​​រ​​​នេះ​​​​​​សម្រេច​​​​​​​​​បាន​​​​​​នៅ​​​ម៉ោង​​​២​​​រសៀ​​​ល​​​​​​ បន្ទាប់ពី​​​​​​ការ​​​ចរចា​​​អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ម៉ោង​​​ ហើយ​​​​​​កម្មករ​​​​​​ក៏​​​បាន​​​យល់​​​ព្រម​​​​​​ទទួល​​យក​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ពី​​​២០​​​ដុល្លារ​​​ទៅ​​​២៥​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​អាស្រ័យ​​​លើ​​​​​​ការងារ​​​របស់​​​ពួក​​​គេ​​​។ ជាមួយ​​​នឹ​​​ង​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​​​​ចន្លោះ​​​ពី​​​២០​​​ដុល្លារ​​​​​​ទៅ២៥​​​ដុល្លារ​​​នេះ​​​ កម្មករ​​​ប្រមូល​​​សំរាម​​​​​​ដែល​​​ទទួល​​​បាន​​​ប្រាក់ខែ​​​៦៥​​​ដុល្លារ​​​ដែល​​​ជា​​​ប្រាក់ខែ​​​​​​ទាប​​​ជាង​​​គេ​​​​​​បំផុត​​​នៅ​​​ក្រុម​​​ហ៊ុន​​​ស៊ីនទ្រី​​​ នឹង​​​​​​ទទួល​​​បាន​​​​​​៩០​​​ដុល្លារ​​​​​​​​​នៅ​​​ដំណាច់​​​​​​ខែ​​​នេះ​​​។​ អ្នកបើក​​​រថយន្ត​​​ប្រមូល​​​សំរាម​​​ដែល​​​​​​ធ្វើ​​​ការ​​​​​​វេន​​​​​​យប់​​​នឹង​​​ទទួល​​​បាន​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​​​​​​​ពី​​​១២០​​​ដុល្លារ​​​ដល់​​​១៤០​​​ដុល្លារ​​​។ ការ​​​ទាម​​​ទារ​​​ផ្សេង​​​ៗទៀត​​​​​​ក៏​​​មាន​​​ការ​​​ព្រម​​​ព្រៀង​​​គ្នា​​​ដែរ​​​ ក្នុង​​​នោះ​​​​​​រួម​​​មាន​​​ប្រាក់​​​បន្ថែម​​​ម៉ោង​​​សម្រាប់​​​ការ​​​ធ្វើការ​​​ថ្ងៃ​​​អាទិត្យ​​​និង​​​ទទួល​​​បាន​​​ឯកសណ្ឋាន​​​ឥត​​​គិត​​​ថ្លៃ​​​។ កាល​​​ពី​​​ដើម​​​សប្ដាហ៍​​​នេះ​​​ ក្រុមហ៊ុន​​​ស៊ីន​​​ទ្រី ដែល​​​ទទួល​​​បាន​​​​​​សិទ្ធិ​​​ផ្ដាច់​​​មុខ​​​ប្រមូល​​និង​​​កម្ចាត់​​​​​​សំរាម​​​​​​ក្នុង​​​រាជធានីភ្នំពេញ​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០០២​​​មក​​​ បាន​​​លើក​​​ឡើង​​​ថា...

ក្មេងប្រុស​អាយុ៥ឆ្នាំ​នៅ​ខេត្ត​កំពង់​ធំជាមនុស្ស​ដំបូង​ដែល​​ឆ្លង​មេរោគ​គ្រុន​ផ្តាសាយ​បក្សី​​ក្នុង​ឆ្នាំ​២០១៤

ក្រសួង​សុខា​ភិបាល​បាន​​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញថា ក្មេង​ប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់​មក​ពី​ស្រុក​​សន្ទុក​ ខេត្ត​កំពង់​ធំ​ ត្រូវ​បានបញ្ជាក់​​ថា បាន​ឆ្លង​មេរោគគ្រុន​ផ្តាសាយ​បក្សីលើ​ក​ដំបូង​នៅឆ្នាំ​នេះ​ បន្ទាប់​ពីមាន​ការឆ្លង​​មេ​រោគ​នេះ​ខ្លាំង​​បំផុត​មិន​ធ្លាប់​មាននៅ​​ក្នុង​ប្រទេស​កម្ពុជាក្នុង​ឆ្នាំ​២០១៣ ពេល​មនុស្ស​១២នាក់​ស្លាប់​ដោយ​សារវា​។ ក្រសួង​សុខា​ភិបាល​ និង​អង្គការ​សុខ​ភាព​ពិភពលោក​​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ រួមមួយថា “ករណី​ដំបូង​នៅ​ឆ្នាំ​នេះ​ គឺក្មេង​ប្រុស​អាយុ​៥ឆ្នាំ​ម្នាក់​ម​កពីភូមិ  ​ចុង​ដា ឃុំ​ត្បូង​ក្រពើ​...ដែល​ត្រូវ​បានវិទ្យា​ស្ថាន​​​ប៉ាស្ទ័រ​បញ្ជាក់​​ថា មាន​ផ្ទុក​មេរោគ​គ្រុន ​ផ្តា​សាយ​​បក្សី H5N1នៅថ្ងៃ​ទី​១​ ខែកុម្ភៈ​ឆ្នាំ​២០១៤​ ​”។ ដំបូង​ក្មេង​ប្រុស​នេះ​ចេញ​រោគ​សញ្ញា​ដែល​ស្រដៀង​គ្នា​នឹងអាការៈ​គ្រុន​ផ្តាសាយ​ធម្មតា​ កាល​ពីថ្ងៃ​ទី​២៤​ខែ​មករា​ ហើយត្រូ​វ​បាន​​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​រហូត ទាល់តែ​ស្ថានភាព​ជំងឺ​កាន់​តែ​ធ្ងន់​ទៅ​ៗ។ លោក​ ដេនីស ឡូរ៉ង់ អនុ​ប្រធាន​មន្ទីរ​ពេទ្យ​ គន្ធបុប្ផា​បាន​ឲ្យដឹង​ថា កាល​ពីថ្ងៃ​ព្រហ​ស្បតិ៍​ ក្មេង​ប្រុស​រូប​នេះ​ត្រូ​វ​បាន​បញ្ជូន​​មក​ព្យាបាល​នៅមន្ទីរ​ពេទ្យ​ជ័យ​វរ្ម័ន​ទី​៧​ ដែល​ជា​ផ្នែក​មួយ​នៃ​​មន្ទីរ​ពេទ្យ​​គន្ធ​បុប្ផា នៅក្នុង​ខេត្ត​សៀម​​រាប​ ដែល​នៅ​ទី​នោះ​គេ​បាន​​ប្រើ​ថ្នាំ​ តាមីហ៊្លូដែល​ជា​ថ្នាំ​សម្លាប់​​មេរោគ​​​គ្រុន​ផ្តាសាយ​បក្សី​ក្នុង​ខ្លួន​មនុស្ស​។ លោកវេជ្ជបណ្ឌិត ឡូរ៉ង់ បាន​ឲ្យ​ដឹង​​កាល​ពីម្សិលមិញ​ថា “ក្មេង​ប្រុស​នេះ​នៅ​រស់​នៅ​ឡើយ​ទេ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​រពេទ្យ​ជ័យ​វរ្ម័​ន​ទី​៧។ យើង​សង្ឃឹម​ថា ក្មេង​ប្រុស​នេះ​នឹង​ជា​សះ​ស្បើយ​ ហើយ​យើង​​កំពុង​ព្យាយាម​”។ ​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ករណី​ដំបូង​នៃ​ជំងឺ​គ្រុន​ផ្តា​សាយ​បក្សី​​ត្រូវ​បាន​​រ​ក​ឃើញ​​ក្នុង​​ប្រទេស​កម្ពុជា​កាល​ពីឆ្នាំ​២០០៥​​មក មនុស្ស​សរុប​៤៨​នាក់​បាន​ឆ្លង​មេរោគ H5N1 នេះភាគ​ច្រើន​​ជា​កុមារ​ដែល​បាន​​ប៉ះពាល់​​មាន់​ទា​ឈឺ​។ មាន​អ្នក​ជំងឺ​១៦​នាក់​ប៉ុណ្ណោះ​ដែល​រួច​ផុត​ពី​សេចក្តី​ស្លាប់​។ តាម​រយៈ​ការ​ផ្សព្វផ្សាយ​​របស់មន្ទីរ​ពេទ្យ​គន្ធបុប្ផាក្នុង​​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាល​ពីម្សិលមិញ លោក Beat​ Richner ស្ថាបនិក ​មន្ទីរ​ពេទ្យ​គន្ធបុប្ផាបាន​អះ​អាង​ថា កុមារទាំង​​ប្រាំ​បីនាក់​ដែលបាន​មក​​ព្យាបាល​​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​​នៅ​មន្ទីរ​ពេទ្យ​របស់លោក​កាល​ពីឆ្នាំមុន គឺ​​ មិន​ត្រូវ​បាន​​ព្យាបាល​ដោយ ​ប្រើ​ថ្នាំ​ តាមីហ៊្លូ ដែល​ប្រសិទ្ធ​ភាព​​បំផុត​ប្រសិនបើ​អ្នក​ជំងឺ​ប្រើ​វា​ពេល​ធ្លាក់​ខ្លួន​ឈឺ​អំឡុង​រយៈ​ពេល​៤៨​ម៉ោង​ដំបូង​ឡើយ​។ លិខិត​ផ្សព្វ​ផ្សាយនេះ​មាន​ខ្លឹម​សារ​ថា“កាល​ពីឆ្នាំ​២០១៣​​ យើង​អាច​សង្គ្រោះ​កុមារ​​ ដែល​ឆ្លង​មេរោគ​គ្រុន​ផ្តាសាយ​បក្សី​បាន​​ប្រាំបីនាក់​ ប៉ុន្តែ មិន​មែន​ដោយ​សារ​តែ​ថ្នាំ តាមីហ៊្លូ ដូច​ការ​លើកឡើង​របស់​អង្គការ​សុខភាព​ពិភពលោកទេ។ការ​ប្រើ​ថ្នាំ តាមីហ៊្លូ ក្នុង​ករណី​​ ឈឺ​ធ្ងន់​ គឺមិន​ទាន់​ពេល​ឡើយ​”​៕សារុន

មេដឹក​នាំ​ការ​តវ៉ា​ថៃ​ម្នាក់​បន្ទោសខ្មែរ​ថា បាន​បាញ់​សម្លាប់​មេដឹក​នាំ​ការ​ត​វ៉ាប្រឆាំង​រដ្ឋាភិបាលថៃ

លោក ស៊ូថេប ថងស៊ូបាន មេដឹកនាំ​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ថៃ​បាន​អះ​អាង​ថា ខ្មាន់​​​​កាំភ្លើង​ម្នាក់​ដែល​បាន​សម្លាប់​សហ​សេវិក​ម្នាក់​នៅក្នុង​ក្រុង​បាង​កក​កាលពី​យប់​ថ្ងៃ​អាទិត្យ​​​​​​នោះ​គឺ​ជា​ជន​ជាតិ​ខ្មែរ។ កាល​ពី​ថ្ងៃ​អាទិត្យ ខ្មាន់​កាំ​ភ្លើង​ម្នាក់​បាន​​បាញ់​សម្លាប់​លោក ស៊ូទីន ថារ៉ាទីន មេ​ដឹក​នាំ​ម្នាក់​ក្នុង​ចំណោម​មេ​ដឹក​នាំ​សំខាន់​ៗ​នៃ​ការ​តវ៉ាប្រឆាំង​លោកស្រី យីងឡាក់ ស៊ីណា​​​វ៉ាត្រា ​​​នាយក​រដ្ឋ​មន្ត្រី​ថៃ​ ខណៈ​លោក​បាន​ថ្លែង​សុន្ទរ​​​​​​​​​កថាពី​ផ្នែក​ខាង​ក្រោយ​រថយន្ត​​ធំ​មួយ​គ្រឿង​​នៅ​ក្នុង​ក្រុង​បាង​កក​។ ភ្លាម​ៗ​បន្ទាប់​ពី​ការ​បាញ់​​សម្លាប់​​​នេះ​ លោក ស៊ូថេប មេ​ដឹក​នាំ​គណៈកម្មាធិការ​កំណែ​ទម្រង់​​​​​​​ប្រជា​ធិបតេយ្យ​ប្រជា​ជន​បាន​និយាយ​ថា លោក​ជឿថា ខ្មាន់​កាំ​ភ្លើង​នោះ​ជា​ជន​ជាតិ​ខ្មែរ ហើយ​ថា កម្ពុជា​បាន​រំលោភ​អធិបតេយ្យ​របស់​ថៃ។ លោក ស៊ូថេប បាន​និយាយ​នៅក្នុង​​សុន្ទរ​កថារបស់​លោក​ថា “ ខ្ញុំ​សូម​យក​ឱកាស​នេះ​ប្រាប់​ទៅ​មេ​បញ្ជាការ​កង​ទ័ព​ថៃ..​. ឲ្យ​ពិចារ​​​ណា ​ខ្លាច​មានខ្មាន់កាំភ្លើង​​មក​ពីប្រទេស​កម្ពុជា ដែល​មាន​ន័យ​ថា នេះគឺ​ជា​​ការ​រំលោភ​អធិ​​​ប​​​តេយ្យ​ភាព​របស់​ថៃ​​”។ កាសែត​បាង​កក​ប៉ុស្តិ៍​បាន​រាយការណ៍​កាល​​​​​​​​​​ពីម្សិលមិញ​ថា លោក...

ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ ជា វិជ្ជា ត្រូវ​បាន​លុប​ចោល​បន្ទាប់​ពី​រដ្ឋាភិបាល​គំរាម​ដាក់​គុក​

គម្រោងចាក់បញ្ចាំង​ខ្សែ​ភាព​យន្ត​ឯកសារ​​រឿង​ “ នរណា​សម្លាប់​ ជា វិជ្ជា?” ដែល​ទទួល​​បាន​ពានរង្វាន់​ និង​ដែល​ស៊ើប​អង្កេត​ពីការ​សម្លាប់​មេដឹក​នាំ​សហជីព​ដ៏​ល្បី​ឈ្មោះ​បំផុត​នៅ​ក្នុង​ប្រទេសកម្ពុជា​​រូប​នេះ កាលពី​១០ឆ្នាំ​មុន​នោះ ត្រូវ​បាន​លុប​ចោល​កាលពីថ្ងៃ​សុក្រ សប្តាហ៍​នេះ បន្ទាប់​ពី​រដ្ឋាភិបាលបាន​​គំរាម​កំហែង ​​នេះ​បើ​យោងតាម​ការ​លើក​ឡើង​របស់​អ្នក​រៀប​ចំ​កម្ម​វិធី​ចាក់​បញ្ចាំង​ខ្សែភាព​យន្ត​នេះ។ ​ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ​ដែល​ទទួលបាន​ការ​ស្ងើច​សរសើរ​យ៉ាង​ខ្លាំង​នេះ គឺ​ជា​ការ​ចាក់​បញ្ចាំង​លើក​ដំបូង​ ដែល​ក្នុង​នោះ​មាន​ការ​​សន្និដ្ឋាន​ថា មន្ត្រីរដ្ឋាភិបាល​ជាន់​ខ្ពស់​បាន​ពាក់​ព័ន្ធ​នឹ​ង ការ​ធ្វើឃាត​លោក ជា វិជ្ជា កាលពី​ឆ្នាំ​២០០៤។ កញ្ញា សន រ៉ាម៉ាណា អ្នក​សម្រប​សម្រួល​គម្រោង​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​ប្រចាំ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ​បាន​លើក​ឡើងនៅ​ក្នុង​អីុម៉េលមួយ​កាលពី​ថ្ងៃ​សុក្រថា “ យើង​បាន​សម្រេច​លុប​ចោល​ការ​ចាក់​បញ្ចាំង​ភាពយន្ត​ឯកសារ​នេះ​នៅ​យប់​នេះ​​” ។ ការ​សម្រេច​លុប​ចោល​ការ​ចាក់​បញ្ចាំង​ភាពយន្ត​នេះ ត្រូវ​បាន​ប្រកាស​បន្ទាប់​ពី​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា ភាពយន្ត​នេះ​ត្រូវ​បាន​ហាម​ឃាត់​ ហើយ​អ្នក​ដែល​​បំពាន​បម្រាម​​បែប​នេះ​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ ឬត្រូវ​និរទេស​​ចេញ​ពី​កម្ពុជា​។ កញ្ញា សន រ៉ាម៉ាណា បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយពី​មូលហេតុ​នាំឲ្យ​មានការ​លុប​ចោល​ការ​ចាក់​បញ្ចាំង​ភាពយន្ត​នេះ​ទេ​ ហើយ​​​បាន​បង្វែរ​សំណួរ​ទៅ​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈ​​មណ្ឌលសិទ្ធិមនុស្ស​​កម្ពុជា ​ដែល​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​។ លោក រីច ហ្គារេឡា (Rich Garella) អ្នក​ផលិត​ខ្សែ​ភាព​យន្ត​ឯកសារ​នេះ​បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាលពី​ថ្ងៃ​សុក្រ​ថា លោកគោរពតាម​​សេចក្តី​សម្រេច​​​​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ដែល​លុប​ចោល​ការ​ចាក់​បញ្ចាំង​នេះ​ចំពេល​រដ្ឋា​ភិបាល​កំពុង​ដាក់​សម្ពាធ។ លោក​បានសរសេរ​ថា “ ​ការ​អនុញ្ញាត​​​​ឲ្យ​​​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​នេះឬក៏​អត់​​​ វា​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈរបស់រដ្ឋាភិបាល​​ក្នុង​ការ​​​គោរព​សិទ្ធិ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​ សិទ្ធិ​ជួប​ជុំ​គ្នា​និងនីតិរដ្ឋ។​រហូត​មក​ទល់​ថ្ងៃ​នេះ​ រដ្ឋា​ភិ​បាល​​មិនបាន​​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​​​ទាំង​នេះ​ឡើយ​​ព្រោះ​សារ​ជាតិ​របស់​រដ្ឋា​ភិបាល​មាន​អារម្មណ៍​​ភ័យ​ខ្លាច​ចំពោះ​​សេរី​ភាព​ទាំង​នេះ​​”។ លោក​មានប្រសាសន៍​ថា ការ​គំរាម​កំហែង​​របស់​លោក ផៃ ស៊ីផាន ថា អ្នក​ដែល​ហ៊ាន​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​នេះនឹង​ត្រូវ​ជាប់​ពន្ធនាគារ​ ឬ​និរទេស​ចេញ​ពី​ប្រទេស​​​កម្ពុជា​នោះ​ គឺស្មើ​​នឹង​ភេរវកម្ម​។ លោក​បាន​មាន​ប្រសាសន៍​ថា “ ដោយ​សារ​តែ​គ្មាន​មូលដ្ឋាន​ច្បាប់​សម្រាប់​បម្រាម​បែប​នេះ​ ការ​គំរាម​កំហែង​ទាំង​នេះ​គឺ​ជា​ទម្រង់​ភេរវកម្ម​ថ្នាក់​ទាប​។  គឺ​គ្រាន់​តែ​ជា​ការ​ប្រឌិត​ឡើងប៉ុណ្ណោះ​​។ មន្ត្រី​មួយ​រូប​និយាយថា ភាពយន្តនេះ​ត្រូវ​បាន​ហាម​ប្រាម​ មិន​មែន​ជា​ការ​ប្រឌិត​បម្រាម​​ទេ​”។ ទោះ​ជាយ៉ាង​ណា លោក ផៃ ស៊ីផាន បាន​គូស​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​កាលពី​ថ្ងៃសុក្រថា មន្ត្រី​រដ្ឋាភិបាលគណបក្ស​ប្រជាជន​​ពិត​ជា​មាន​​អំណាច​បែប​នេះ​មែន​។ លោក​បានមាន​ប្រសាសន៍​ថា “ វា​ជាការ​សម្រេច​របស់​អាជ្ញាធរ​។ រដ្ឋាភិបាល​យល់​ថា វា​មិន​មែន​ជា​ខ្សែ​ភាពយន្ត​សមរម្យ​ទេ ដូច្នេះ​រដ្ឋាភិបាល​មាន​សិទ្ធិ​ធ្វើ​សេចក្តី​សម្រេច​ នោះ​ជាអំណាច​របស់ពួកគាត់។ ពួកគាត់​មាន​សិទ្ធិ​ហាម​ប្រាម​អ្វី​ៗ លទ្ធិប្រជាធិបតេយ្យ​នៅ​ទី​នេះ​ខុស​គ្នា​”៕សុខុម

ប្រជាពលរដ្ឋ​នៅ​សហគមន៍​បឹងកក់​អរគុណ​សហរដ្ឋអាមេរិក​ ចំពោះ​ការ​អនុម័ត​សេចក្តី​ព្រាងច្បាប់​

កាលពីថ្ងៃសុក្រ ប្រជាពលរដ្ឋ​ប្រហែល​៧០នាក់មកពី​សហគមន៍​បឹងកក់​បាន​ដាក់​លិខិត​មួយ​ច្បាប់​ជូន​ស្ថានទូត​សហរដ្ឋអាមេរិក​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ថ្លែង​អំណរគុណ​រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន​ ចំពោះ​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​មួយដែល​​ណែនាំ​ឲ្យ​ធនាគារ​ពិភពលោក​រាយការណ៍​ពី​ការ​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ក្នុង​ការ​ជួយ​គ្រួសារ​ដែល​ត្រូវ​បាន​បណ្តេញ​ពី​តំបន់​បឹងកក់​។ ការ​ស៊ើប​អង្កេតឯករាជ្យ​មួយ​ធ្វើ​ឡើង​កាលពី​ឆ្នាំ​២០១១​បានរក​ឃើញ​ថា គម្រោង​មួយ​របស់​ធនាគារ​ពិភពលោក​ ដែល​ដើម​ឡើយ​មាន​បំណង​ជួយ​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ដល់​ប្រជា​ពលរដ្ឋកម្ពុជានោះ​ តាម​ពិត​ទៅ​បាន​ជួយ​សម្រួល​ការបណ្តេញ​ប្រជាពលរដ្ឋ​៣.០០០គ្រួសារ​ចេញ​ពី​តំបន់​ជុំ​វិញ​បឹងកក់​ដែល​មិន​យូរ​ប៉ុន្មាន​ត្រូវ​បាន​បូម​ខ្សាច់ចាក់​​បំពេញ​សម្រាប់​គម្រោង​អចលន​​ទ្រព្យ​មួយ​របស់​ភរិយា​លោក ឡៅ ម៉េងឃិន សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​។ អ្នក​ភូមិសហគមន៍​សរុប៥២នាក់​បាន​តម្រង់​ជួរគ្នា​នៅ​ខាង​មុខស្ថានទូតសហរដ្ឋ​អាមេរិក​​​កាលពីថ្ងៃសុក្រ ដោយ​ម្នាក់​ៗកាន់​ទង់ជាតិ​​ធំ​ៗរបស់​សហរដ្ឋអាមេរិក មុន​ពេល​លិខិត​នោះ​និង​បាច់​ផ្កាត្រូវ​បាន​ប្រគល់​ជូន​មន្ត្រី​​ស្ថានទូត​​។ អ្នកស្រី​ ទេព​ វន្នី តំណាង​សហគមន៍​បឹង​កក់​និយាយថា “ យើង​សង្ឃឹម​យ៉ាង​មុត​មាំ​ថា សហរដ្ឋអាមេរិក​នឹង​បន្ត​អន្តរាគមន៍​ជាមួយ​នឹង​ធនាគារ​ពិភពលោក ក្រោយ​ពី​អនុម័ត  ហើយ​សូម​ជំរុញ​ឲ្យ​ធនាគារ​ពិភព​លោក​ស្វែងរក​ដំណោះ​ស្រាយ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​”។ អ្នកស្រី​​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា អ្នកស្រី​ជឿថា ​ការ​ដាក់​សម្ពាធ​របស់​រដ្ឋា​ភិ​បាល​ក្រុង​វ៉ាស៊ីនតោន ​អាច​កែប្រែ​បញ្ហា​នានា​ឲ្យ​ប្រសើរ​ឡើង។អ្នក​ស្រីនិយាយថា “ ពេល​​​​នេះ​ជា​ពេល​ដែល​ត្រូវ​ដោះស្រាយ​បញ្ហា​របស់​យើង​ហើយ​”៕ សុខុម

អ្នក​​​ចាក់បញ្ចាំង​​​​​​ភាព​​​យន្ត​​ឯកសារ​​​ស្ដីពី​​​លោក​​​​ ជា វិជ្ជា ប្រឈម​​​កា​​​រ​​​និរទេស​​​​​​និ​​​ងការ​​​ជាប់​​​ពន្ធនាគារ​​​

ការ​​​ចាក់​​​បញ្ចាំង​​​​​​ជា​​​​​​សាធារណៈ​​​​​​នៅ​​​ថ្ងៃ​​​នេះ​​​​​​នូវ​​​ខ្សែ​​​ភាព​​​យន្ត​​​​​​ឯកសារ​​​ហាម​​​ឃាត់​​​មួយ​​​​​​ ដែល​​​​​​​​​បង្ហាញ​​​ថា រដ្ឋាភិបាល​​​​​​ពាក់ព័ន្ធ​​​​​​នៅ​​​ក្នុង​​​ការ​​​ធ្វើ​​​ឃាត​​​លោក​​​ ជា វិជ្ជា មេដឹកនាំ​​​សហ​​​ជីព​​​ដ៏​​​ល្បីឈ្មោះ​​​កាលពី​​​ឆ្នាំ​​​២០០៤ ត្រូវ​​​​​​ប្ដូរ​​​ទីកន្លែង​​​​​​ ដោយ​​​សារ​លោក​​​​​​ នីកូឡូស មេស្ទើ​​​ហាម​​​ (Nicolaus Mesterharm) នាយក​​​របស់​​​ Meta House ដែល​​​ជា​​​អ្នក​​​ជួល​​​ទីតាំង​​​ចាស់ឲ្យ​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​ចាក់​​​បញ្ចាំង​​​​​​។ ជម្លោះ​​​ជុំវិញ​​​ការ​​​ចាក់​​​បញ្ចាំង​​​ខ្សែ​​​ភាព​​​យន្ត​​​​​​ឯកសារ​​​ដែល​​​ទទួល​​​បាន​​​ពាន​​រង្វាន់​​​ និង​​​​​​ដែល​​​ទទួល​​​បាន​​​ការ​​​កោត​​​សរសើរ​​​យ៉ាង​​​ខ្លាំង​​​នេះ​​​​​​កើត​​​មាន​​​​​​ចំពេល​​​​​​​​​អ្នក​​​នាំពាក្យ​​​រដ្ឋាភិបាល​​​​​​គំរាម​​​កាលពីម្សិលមិញ​​​ថា អ្នក​​​ដែល​​​​​​​​​ព្យាយាម​​​ចាក់​​​​​​បញ្ចាំង​​​​​​ខ្សែ​​​ភាព​​​យន្ត​​​នេះ​​​នឹង​​​ប្រឈម​​​​​​ការ​​​និរទេស​​​ភ្លាមៗ​​​​​​សម្រាប់​​​ជន​​​បរទេស​​​ ហើយ​​​​​​បើ​​​ប្រជាជន​​​ខ្មែរ​​​​​​វិញ​​​ប្រឈម​​​​​​នឹង​​​ការ​​​ជាប់​​​ពន្ធនាគារ​​​​​​។ លោក ផៃ ស៊ីផាន​​​ អ្នកនាំពាក្យ​​​ទីស្ដីការ​​​គណៈរដ្ឋ​​​មន្ត្រី​​​បាន​​​មានប្រសាសន៍​​​ថា “ប្រសិន​​​បើ​​​​​​អ្នក​​​ឯង​​​​​​បំពាន​​​​​​បម្រាមនេះ​​​ យើង​​​នឹង​​​​​​បណ្ដេញ​​​អ្នក​​​ឯង​​​​​​ចេញ​​​។​​​ ប្រសិន​​​បើ​​​អ្នក​​​​​​ឯង​​​ជា​​​ខ្មែរ​​​យើង​​​​​​នឹង​​​​​​បញ្ជូន​​​អ្នក​​​ឯង​​​ចូល​​​ពន្ធនាគារ​​​”។ មជ្ឈមណ្ឌល​​​សិទ្ធិមនុស្ស​​​កម្ពុជា​​​​​​មាន​​​គម្រោង​​​​​​ចាក់​​​បញ្ចាំង​​​ខ្សែ​​​ភាពយន្ត​​​ឯកសារ​​​ដែល​​​​​​មាន​​​ចំណង​​​ជើង​​​ថា “តើ​​​នរណា​​​សម្លាប់​​​ជា...

អគ្គិភ័យ​ឆាប​ឆេះ​កន្លែង​ដាក់​ឧបករណ៍​​​រាវមីននិង​រថយន្ត​របស់​មជ្ឈមណ្ឌល​សកម្ម​ភាព​កំចាត់​មីន​កម្ពុជា​

លោក​ ហេង រតនា អគ្គនាយក​មជ្ឈ​មណ្ឌល​​ សកម្ម​ភាព​កំចាត់​មីន​កម្ពុជា (ស៊ីម៉ាក់​) បាន​មាន​ប្រសាសន៍​ថា អគ្គិភ័យ​បាន​ឆាប​ឆេះ​កន្លែង​ដាក់​ឧបករណ៍​ដោះ​មីន​នៃ​​អង្គភាព​ដោះ​មីន​លេខ​​២​របស់​ស៊ីម៉ាក់ នៅក្នុង​​ក្រុង​​បាត់​ដំបង​កាល​ពី​ព្រឹក​ម្សិលមិញ​ ធ្វើ​ឲ្យខូច​ឧបករណ៍​ដោះ​មីន​និង​រថយន្ត​​ដែល​មាន​តម្លៃ​ប្រមាណ​៤០០​​.០០០​ដុល្លារ​។ លោក ហេង​ រតនា បានមាន​ប្រសាសន៍​ថា គ្មាន​នរណាម្នាក់​រង​របួស​នៅក្នុង​អគ្គិភ័យ​​ដែល​បាន​ចាប់​ផ្តើម​ឆេះ​នៅម៉ោង​ប្រហែល​៦​ព្រឹក​នេះ​ទេ​ ប៉ុន្តែ ឧបករណ៍​ដោះ​មីន​ និង​រថយន្ត​ដែល​ដាក់​ក្នុង​អគារនេះបាន​រង​ការ​ខូច​ខាត​ជាច្រើន​។លោក​បានមាន​ប្រសាសន៍ថា ម៉ាស៊ី​នរាវ​មីន​ដែល​ទុក​សម្រាប់​ជួស​ជុលបួនគ្រឿង​​​ពេល​នេះ​ត្រូវ​​ចំណាយ​ពេល​ជាច្រើន​សប្តាហ៍​​​​​ ទៀត​ទើប​អាច​យក​មក​ប្រើ​វិញ​បាន​។ លោក​បានមាន​ប្រសាសន៍ថា “ យើង​នឹង​ព្យាយាម​​បំពេញ​ការ​ងារ​ដូចធម្មតា​​ ប៉ុន្តែ មិន​មាន​​ផល​ប៉ះពាល់​ណាមួយ​ទេ ពីព្រោះ​យើង​​អាច​ជួស​ជុល​​ឧបករណ៍ទាំង​នោះ​បាន​បន្តិច​បន្តួច​ដែរ​នៅពេល​នេះ​​”។ លោក​មាន​ប្រសាសន៍ថា “ អ្នក​ដោះ​មីននៅតែ​អាច​ធ្វើ​ការ​បាន​​ទោះជា​គ្មាន​ម៉ាស៊ីន​​​រាវ​​​មីន​​ក៏​ដោយ​ ប៉ុន្តែ ការ​ដោះ​មីន​បែប​​នេះ​​មាន​ការ​យឺត​យ៉ាវ​​ ហើយ​​ការដោះ​មីន​​នឹង​មិន​ដំណើរ​ការ​បា​ន​ល្អមួយ​រយៈ​”។ លោក​បាន​បន្ថែម​ថា ការ​ដោះមីន​នៅក្នុង​ស្រុក​រតនៈ​​​មណ្ឌល​ និង​ស្រុក​បវេល​ ខេត្ត​បាត់​ដំបង​ និង​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ក្នុងខេត្ត​ព្រះ​​​វិហារ​​​​នឹង​រង​ផល​ប៉ះពាល់​។ លោក ហេង រតនា និង​ក្រុម​ពន្លត់​អគ្គិ​ភ័យ​​​ខេត្ត​បា​ននិយាយ​ថា អគ្គិ​ភ័យ​នេះ​ទំនង​ជា​បង្ក​ឡើង​ដោយសារ​ទុស្សេ​ខ្សែភ្លើង​​។ លោក​វរសេនីយ៍​ទោ​ គឹម​ ប៊ុនធឿន ប្រធាន​ការិ​យាល័យ​ពន្លត់​អគ្គិភ័យ​ខេត្ត​បាន​មាន​ប្រសាសន៍ថា​  “ ​យើង​បាន​បញ្ជូន​រថយន្ត​ពន្លត់​អគ្គិភ័យ​បី គ្រឿង​​ទៅ​ពន្លត់​អគ្គិភ័យ​នេះ​ ហើយ​យើង​បាន​ចំណាយ​ពេល​ប្រហែល​ពីរ​ម៉ោង​។ លោក​បាន​បន្ថែម​ថា ស៊ីម៉ាក់ និង​ក្រុម​ពន្លត់​អគ្គិភ័យ​បាន​កំណត់​ការ​ខូច​ខាត​មាន​ចំនួន​ប្រហែល​៤០០.០០០ដុល្លារ​៕ គឹមហឿន​

ភាពយន្តឯកសារ​ទាក់ទងនឹង​ការបាញ់សម្លាប់​លោក​ ជា វិជ្ជា នឹងត្រូវ​បាន​បញ្ចាំង​ជូនសាធារណជ​នទស្សនា

លោក រីជ ហ្គារ៉េឡា (Rich Garella) ផលិត​ភាពយន្ត​ឯកសារ​ដែលមានចំណងជើងថា “នរណាសម្លាប់​ ជា វិជ្ជា?” បាន​ឲ្យដឹង​ថា ខ្សែ​ភាពយន្ត​ដ៏ចម្រូង​ចម្រាស​ ដែល​បង្ហាញ​ការ​ស៊ើបអង្កេត​សកម្មភាព​ក្រោយ​សោក​នាដ​កម្មលើលោក ជា​ វិជ្ជា ​អតីត​មេដឹកនាំ​សហ​ជីពសេរី​កម្មករ​​ដ៏​លេចធ្លោ​មួយរូប ​និង​ករណី​ចាប់ខ្លួន​លោក ប៊ន សំណាង ​និងលោក សុខ សំអឿន នឹង​ត្រូវបាន​បញ្ចាំង​នៅល្ងាច​ថ្ងៃ សុក្រ នៅ​ឯមជ្ឈម​ណ្ឌល ​ជួបជុំ ស៊ីធី ហាប់ (Sithi Hub)​ ដែលស្ថិត​នៅ​ក្បែរ​វត្តបទុម​​ក្នុង​រាជ​ធានីភ្នំពេញ​។ លោក រ៉េឡា បាន​ឲ្យដឹងបន្ថែមទៀតថា ភាពយន្ត​ឯកសារ​ទទួលពានរង្វាន់​នេះ ត្រូវ​បានបង្ហាញ​លើកដំបូង​កាលពីឆ្នាំ២០០៧និងមានការសន្និដ្ឋានថា លោក សំណាង និង​លោក សំអឿន ដែលត្រូវបាន​ដោះលែងពីពន្ធនាគា​រ កាលពីពេលថ្មីៗនេះ ត្រូវបាន​ទម្លាក់កំហុស។ លោក រ៉េឡា ដែលនឹង​សម្របសម្រួល​វគ្គ​សំណួរ-ចម្លើយ បន្ទាប់ពី​កម្មវិធីបញ្ចាំងខ្សែភាព​យន្តរួច បាន​មានប្រសាសន៍ថា “ យើង​សន្និដ្ឋាន​ថា យើង​នឹង​មិនស្វែង​រក​ជនពិត​ដែល​បាន​សម្លាប់គាត់ទេ​ ក៏ប៉ុន្តែ នេះមិនមែនជា​ចំណុច​សំខាន់​ទេ ពីព្រោះរបបគឺជា​អ្នកសម្លាប់។ បញ្ជា​នេះ​ចេញពីថ្នាក់ខ្ពស់​ណាស់ ឬក៏អាច​នឹង​ខ្ពស់​បំផុត​ទៀត​ផង​”។ ទោះបីជា​ភាពយន្តឯកសារ​នេះ​មិនអាចត្រូវបានបញ្ចាំងជាភាសាខ្មែរក៏ដោយ មិនទាន់​មានការ​បញ្ចាំងភាពយន្តនេះ​ជា​សា​ធារណៈ នៅក្នុងប្រទេស​កម្ពុជា​ទេ​។ បន្ទាប់​ការ​ប៉ុនប៉ង​បញ្ចាំង​ភាពយន្តនេះ​នៅ​ទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១០​មិន​ទទួលជោគជ័យ រដ្ឋាភិបាលបាន​ឲ្យដឹងថា សកម្ម​ភាព​បញ្ចាំង​ភាពយន្តឯកសារនេះត្រូវបានហាម​ឃាត់។ ទោះបីជាយ៉ាងណា លោក ហ្គារ៉េឡា បានលើកឡើងថា លោក​មិនដឹងថា បម្រាម​នេះ​ផ្អែកលើច្បាប់ណាមួយទេ​។ លោកបានមានប្រសាសន៍ថា “ដូចដែល​យើង​បាន​ឃើញហើយ កម្ពុជា​ជាប្រទេស​មាន​​សេរីភាព​បញ្ចេញមតិដែលជាផ្នែកមួយនៃ​ច្បាប់ ដូច្នេះ យើង​មិនជឿថា  ភាពយន្ត​ឯកសារ​នេះ​ត្រូវបានហាម​មិន​ឲ្យ​បញ្ចាំង​នៅ​ប្រទេស   កម្ពុជា​ទេ​”៕ សុធា

ក្រុម​​​គ្រួសារ មិត្តភក្តិ​ និង​ក្រុម​​​អ្នកគាំ​ទ្រ​​​ហែ​ក្បួន​​ដាក់​កម្រង​ផ្កា​រំឭកវិញ្ញាណ​ក្ខន្ធ​របស់​លោក ជា​ វិជ្ជា

កាល​ពី​១០​ឆ្នាំ​មុន​​គឺ​នៅ​ថ្ងៃ​ទី​២២​ខែ​មករា ឆ្នាំ២០០៤ លោក​ ជា វិជ្ជា​ ប្រធា​ន​សហជីព​​សេរី​កម្មករ​ បាន​ដើរ​ទៅ​អាន​កាសែត​នៅ​​តូប​លក់​កាសែត​​មួយ​នៅ​​ជិត​វត្ត​លង្កា  ហើយ​កាសែត​ដែល​គាត់​​អាន​នៅ​ថ្ងៃ​នោះ​មាន​ចំណង​​​​​​​ជើង​ថា លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​​កាត់​​បន្ថយ​ការ​​ចំណាយ​ មន្ត្រី​សុខា​ភិបាល​​ព្យាយាម​ដោះស្រាយ​ការ​ផ្ទុះឡើង​ជា​លើក​ដំបូង​នៃ​ជំងឺ​គ្រុន​ផ្តាសាយ​បក្សីនៅ​អាស៊ី​អាគ្នេយ៍​ និង​ការ​ត្រៀម​លក្ខណៈ​​សម្រាប់​ពិធី​បុណ្យ​ចូល​ឆ្នាំចិន​។ មួយថ្ងៃ​ក្រោយ​មក ​លោក ជា វិជ្ជា ​ត្រូវ​បាន​ចុះ​ផ្សាយ​​នៅ​ក្នុង​កាសែត​ចេញ​ថ្ងៃ​នោះ​ដែល​មាន​ចំណង​ជើង​ថា​ “ ឃាត​ករ​បាញ់​សម្លាប់​ លោក  ជា វិជ្ជា ប្រធាន​សហជីព​សេរីកម្មករ​”។ប្រធាន​​សហជីព​សេរីកម្មករ​ដ៏​មាន​ប្រជា​ប្រិយ​ភាព និង​ជាអ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​​ជា​យូ​រមក​ហើយ​នោះ ត្រូវ​បាន​​​​​ឃាតករ​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​នៅ​ម៉ោង​ប្រហែល​​៩ព្រឹក​ថ្ងៃ​ទី​២២​ ខែ​មករា ឆ្នាំ​២០០៤​។ លោក ជា វិជ្ជា ត្រូវ​បាន​​ឃាត​ករ​បាញ់​ចំនួ​ន​ពីរ​គ្រាប់​។ គ្រាប់​កាំភ្លើង​ទាំង​ពីរ​ត្រូវ​បាន​បុរស​ម្នាក់​ដែល​មិន​មានពាក់​ម៉ាស់​មុខ​បាញ់​យ៉ាង​កៀក​ គឺ​មួយ​គ្រាប់​ត្រូវ​ចំទ្រូង និង​មួយ​​គ្រាប់​ទៀត​ត្រូ​វចំក្បាល​​​។ អ្នកកាន់​ទុក្ខ​ជាង​១០.០០០នាក់​បាន​​ចូល​រួម​ហែ​សព​ប្រធាន​សហជីព​រូប​នេះ​។ដើម្បីប្រារព្ធ​ខួប​១០​ឆ្នាំ​នៃការ​ធ្វើ​ឃាត​លោក​ ជា​ វិជ្ជា លោក​ ជា មុនី ប្អូន​ប្រុស​របស់​លោក​ ជា វិជ្ជា និង​ជា​ប្រធាន​សហជីព​សេរី​កម្មករ​បច្ចុប្បន្ន​ រួម​ជាមួយ​មិត្ត​ភក្តិ សហ​ការី​ និង​អ្នក​គាំទ្រ​ប្រហែល​១០០នាក់​បាន​ហែ​ក្បួន​ពី​ការិយាល័យ​សហជីព​សេរីកម្មករ​នៅ​​ផ្លូវ​លេខ​៣៦០​ ទៅកាន់​ផ្លូវ​លេខ​៥១​កាត់​តាម​តូប​លក់កាសែត​ កន្លែង​ដែល​ឃាត​ករ​​បាញ់​សម្លាប់​លោក​នៅ​ជិត​វត្ត​លង្កា  ហើយ​បាន​បញ្ចប់​នៅ​​កន្លែង​តម្កល់​រូប​សំណាក​លោក ជា វិជ្ជា នៅទល់​មុខ​វត្ត​នេះ​។ ទោះបីជា​សាលារាជធានី​បាន​ហាម​ឃាត់​មិន​ឲ្យ​ហែក្បួន​ក៏ដោយ​ ក៏គេមិន​សូវ​ឃើញ​វត្ត​មាន​របស់​នគរបាល​ដែរ​នៅក្នុង​ពិធី​កាល​ពី​ម្សិលមិញ​នេះ ហើយ​អ្នក​ហែក្បួន​ក៏​មិន​ត្រូវ​បាន​រារាំង​នៅ​តាម​ផ្លូវ​ដែរ​។ ក្រោ​យ​ពីបាន​ទៅដល់​រូប​សំណាក​​លោក​ជា វិជ្ជា​ មនុស្ស​ប្រហែល​៣០០នាក់​បាន​ចូល​រួម​នៅ​កន្លែង​​នោះ​ជាមួយ​សមាជិក​គ្រួសារ​ មេដឹកនាំសហជីព មិត្ត​ភក្តិ​ និង​អ្នក​នយោបាយ​​ដែល​បាន​និយាយ​តាម​ឧគ្ឃោស​នសព្ទ​អំ​ពី​ប្រធាន​សហជីព​ដ៏ល្បីឈ្មោះ​រូប​នេះ​ និង​ប្រៀបធៀបការ​បាញ់​សម្លាប់​គាត់​ទៅនឹង​ការ​បាញ់សម្លាប់​មនុស្ស​ផ្សេងទៀត​នៅពេល​​ថ្មី​ៗ​នេះពីសំណាក់​កង​កម្លាំង​សន្តិសុខរដ្ឋាភិបាល​។ លោក ជា​ មុនី បាន​មាន​ប្រសាសន៍​អំពី​ការ​តវ៉ា​ដោយ​ឡែក​ពីគ្នា​ចំនួន​ពីរលើក​កាល​ពីខែ​កញ្ញា និង​ខែមករា​ ដែលពេល​នោះ​​នគរបាល​ និង​កង​រាជអាវុធ​ហត្ថ​បាន​បាញ់​សម្លាប់​អ្នក​ឈរ​មើល​ និង​អ្នក​តវ៉ា​ដែល​គប់​ដុំ​ថ្ម​ថា “ យើង​គោរព​វិញ្ញាណក្ខន្ធលោក​ ជា វិជ្ជា និង​វិញ្ញាណ​ក្ខន្ធ​ជន​រងគ្រោះ​ផ្សេងទៀត​ដែល​ត្រូវ​បាន​​បាញ់​សម្លាប់​​នៅ​ស្ពាន​ក្បាល​ថ្នល់​ ព្រម​ទាំង​កម្មករ​​រោង​​ចក្រ​កាត់​ដេរ​ ដោយ​សារតែ​ពួកគេ​តវ៉ា​ទាម​ទារ​ដំឡើង​ប្រាក់​ខែឲ្យដល់​​​១៦០​ដុល្លារ។ អ្នក​នយោបាយ​មួយ​ចំនួន​មក​ពី​គណបក្ស​ប្រឆាំង​ ​មានដូចជា​​លោក​ សម រង្ស៊ី ប្រធាន​គណ​បក្ស​សង្គ្រោះជាតិ និងលោក កឹម​ សុខា អនុ​ប្រធាន​គណបក្ស ​ក៏បាន​ប្រើ​ប្រាស់ពិធី​នេះ​និយាយ​អំពីការ​បង្ក្រាប​បាតុកម្ម​នាពេល​ថ្មី​ៗ​នេះដែរ​ និង​បាន​លើកឡើង​សាជា​ថ្មី​អំពី​ការ​គាំទ្រ​របស់ខ្លួន​ចំពោះការ​ទាមទារ​ប្រាក់​ខែ​គោល​១៦០​ដុល្លារ​របស់​កម្មករ​។ លោក​ កឹម សុខា​  បាន​ថ្លែង​ថា “ ​នៅ​ថ្ងៃ​នេះ​ខ្ញុំ​សូម​អំពាវ​នាវ​ដល់កម្មករ​ និង​មេដឹកនាំ​សហ​ជីព​ឲ្យ​រួប​រួម​គ្នា​ដើម្បី​​តស៊ូ​។ សូមកុំ​ព្រួយបារម្ភ​ ឬ​ភ័យ​ខ្លាច​ យើង​ជិត​បានដល់​គោល​ដៅ​  របស់​យើង​ហើយ​”។​ យិន​ សុខាន់​ ជាកម្មករ​អាយុ​២៩​ឆ្នាំ​បាន​និយាយ​ថា លោក ជា វិជ្ជា នៅ​​តែ​មាន​តួនាទី​​ជា​គំរូនៃការ​តស៊ូ​ដដែល​។ កញ្ញា សុខាន់​ បាននិយាយ​បន្ទាប់​ពី​ពិធី​​​នេះ​​​​ថា “ ខ្ញុំ​ស្រឡាញ់​​លោក​ ជា វិជ្ជា ពីព្រោះ​គាត់​គឺ​ជា​វីរ​បុរស​របស់​កម្មករ​យើង​ ហើយ​គាត់​គឺជា​មនុស្ស​ម្នាក់​ដែល​បានជួយ​ទាម​ទារ​ឲ្យ​យើង​បាន​ប្រាក់​ខែ​សម​រម្យ​”។កញ្ញា សុខាន់​ និង​កម្មករ​រួមការងារ​របស់​នាង​នៅ​រោង​ចក្រ​សាំង​វូ (Sangwoo)​ ដែល​​យក​​គំរូ​​តាម​​លោក ជា វិជ្ជា បាន​និយាយថា ពួក​គេ​មិន​​អាច​រស់​ជាមួយ​ប្រាក់ខែគោល​​១០០​ដុល្លារ ដែល​រដ្ឋាភិបាល​ផ្តល់​ឲ្យ​នេះ​បានទេ​។ គាត់​បាន​និយាយ​ថា “ ១០០ដុល្លារ​មិន​គ្រប់​គ្រាន់​សម្រាប់​ការ​ចំណាយ​របស់​យើង​ទេ​។តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សា​រកំពុងកើន​ឡើង​ ហើយ​យើង​កំពុង​ទាម​ទារ​ប្រាក់​ខែ​គោល​១៦០​ដុល្លារ​ពីរដ្ឋាភិបាល​”។ អ្នកស្រី​ នួន​ គឹម​ស៊្រី ម្តាយ​ ប៊ន សំណាង ដែល​ត្រូវ​បាន​ចាប់ខ្លួន​ជាមួយ​ សុខ​ សំអឿន ពីបទ​សម្លាប់​លោក​ ជា វិជ្ជា និង​ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​២០​ឆ្នាំ​​នោះ​ ក៏​បាន​​ចូល​រួម​ហែក្បួន​ និង​គោរពវិញ្ញាណក្ខន្ធ​​​នេះ​​ដែរ​។បុរស​ទាំង​ពីរនាក់​ត្រូវ​បាន​គេចាត់​ទុក​ជា​យូរ​មក​ហើយ​ថា ជា​​មនុស្ស​​ដែល​ត្រូវ​បាន​គេ​ទម្លាក់​កំហុស​​ និង​ត្រូ​វបាន​ដោះលែង​​កាល​ពីឆ្នាំមុន​ ប៉ុន្តែ ពួកគេ​ទាំង​ពី​បានជាប់​ពន្ធ​នា​​​គារ​ប្រាំឆ្នាំ​​រួច​ហើយ​ដោយ​សារ​បទ​ឧក្រិដ្ឋ​ដែល​ពួក​គេ​មិន​បាន​​ប្រព្រឹត្ត​។ រហូតមក​ទល់​ពេល​​នេះ​មាន​រយៈ​ពេល​១០ឆ្នាំ​ហើយ​​បន្ទាប់ពីការ​ធ្វើឃាត​នេះ​ ហើយ​​គ្មាន​នរណា​ម្នាក់​ត្រូវ​បានចាប់​ខ្លួន​​ឲ្យទទួល​ខុស​ត្រូវ​ ឬ​រកឃើញ​​មូល​ហេតុ​ចំពោះការ​ធ្វើឃាត​មេដឹក​នាំ​ សហជីពដ៏​ឆ្នើម​​រូប​នេះ​ឡើយ​។ លោក ជា​ មុនី រិះគន់​ចំពោះ​ការ​មិន​ចូល​រួមស​ហការ​​ឲ្យ​បាន​ពេញ​លេញ​របស់​រដ្ឋាភិបាល​នៅក្នុងការ​ស៊ើប​អង្កេត​លើការ​ធ្វើ​ឃាត​បង​ប្រុស​របស់​​លោក​។ លោក អាត់​ ធន់​ ប្រធាន​សម្ព័ន្ធ​សហ​ជីព​ប្រជា​ធិបតេយ្យកម្មករ​កាត់​ដេរ​កម្ពុជា បាន​​មាន​ប្រសាសន៍ថា “ ខ្ញុំ​មិន​យល់​ថា ហេតុ​អ្វី​​បានជារក​ឃាត​ករ​មិន​ឃើញ​”។ ប៉ុន្តែ លោក​បាន​មាន​ប្រសាសន៍ថា ការ​សម្លាប់​លោក ជា វិជ្ជា​ មិន​ធ្វើ​ឲ្យ​សហជីព​រួញ​រា​មិន​ហ៊ានន​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​​ និងលក្ខខណ្ឌ​​​ការងារ​​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើយ​។លោក​បានមាន​ប្រសាសន៍​នៅពិធីនេះ​ថា “ ការ​សម្លាប់​ លោក ជា វិជ្ជា​​ មិន​អាច​បំបាក់​ទឹក​ចិត្ត​កម្មករ​យើង​បានទេ​ ប៉ុន្តែ​និង​ធ្វើ​ឲ្យ​មាន​ការ​តវ៉ា​រក​យុត្តិធម៌កាន់តែ​ខ្លាំង​ឡើង​”។ លោក រ៉ុង​ ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​​កម្ពុជាឯករាជ្យ​ បាន​មាន​ប្រសាសន៍​ថា ព្រលឹង​លោក ជា វិជ្ជា​ នៅ​រស់​នៅ​ឡើយ​។ លោក​បាន​មាន​ប្រសាសន៍ថា ទោះ​បី​ជា​ឃាតករបាន​បាញ់សម្លាប់​គាត់​១០ឆ្នាំ​ហើយ​​ក៏​ដោយ​ ក៏យើងនៅ​តែ​ជា​មិត្ត​ភក្តិ​របស់​គាត់​ និង​នៅ​តែ​ចាត់ទុក​គាត់​ជាវីរ​បុរស​ដដែល​”៕​គឹម​ហឿន​