Monday, January 20, 2020
Home Authors Posts by Denise Hruby

Denise Hruby

142 POSTS 0 COMMENTS
Associate editor

សហភាព​អឺរ៉ុប​អំពាវ​នាវ​ឲ្យ​ស៊ើប​អង្កេត​ជា​អន្តរជាតិ​លើ​ការ​បោះ​ឆ្នោត​និងការ​សម្លាប់​ក​ម្មករ​

នៅ​ក្នុង​ការ​បញ្ចេញ​ប្រតិកម្ម​ខ្លាំង​បំផុត​របស់​​អន្តរជាតិ​ចំពោះ​លទ្ធផល​ប្រទាញ​ប្រទង់​គ្នា​​នៃការ​បោះ​ឆ្នោត​ជាតិ​កាលពី​ខែ​កក្កដា សភា​អឺរ៉ុប​បាន​អនុម័ត​សេចក្តី​សម្រេច​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ អំពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ ធ្វើការ​ស៊ើប​​អង្កេត​​ឯករាជ្យ​ដឹក​នាំ​ដោយ​អន្តរជាតិ ​លើការ​បោះ​ឆ្នោត​ និង​ការ​សម្លាប់​កម្មករ​រោង​ចក្រកាត់​ដេរចំនួន​​ប្រាំនាក់​កាលពី​ដើមខែ​នេះ។ សេចក្តី​សម្រេច​ដោយ​សភា​របស់​សហ​ភាព​អឺរ៉ុប​ ដែល​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​បំផុត​តែ​មួយ​គត់​របស់​កម្ពុជា ធ្វើ​ឡើង​បន្ទាប់​ពី​សភា​សហរដ្ឋអាមេរិ​ក​ បាន​អនុម័ត​សេចក្តី​ព្រាង​ថវិកា​ចំណាយ​កាលពី​ថ្ងៃ​ពុធ ដែល​នឹង​កាត់​ផ្តាច់​ជំនួយ​មួយ​ចំនួន​ជួយ​ដល់កម្ពុជា ប្រសិន​បើ​កម្ពុជា​ មិន​ធ្វើ​តាម​ការ​ទាមទារ​ស្រដៀង​គ្នា​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ដ៏​​ចម្រូង​ចម្រាស​នេះ​ទេ​នោះ។ សេចក្តី​សម្រេច​​អនុម័ត​ដោយ​សមាជិកប្រមាណ​៧៤០រូប​នៃ​សភា​អឺរ៉ុប​កាលពី​ថ្ងៃព្រហស្បតិ៍នេះ ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ “ ទទួល​ស្គាល់​តួនាទី​ស្រប​ច្បាប់​របស់​គណបក្ស​ប្រឆាំង​ក្នុង​ការ​រួម​ចំណែក​ដល់​ការ​អភិឌ្ឍ​​សេដ្ឋកិច្ច​ និង​នយោបាយ​ទាំង​មូល​របស់កម្ពុជា​” ​ និង​ឲ្យ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ព្រម​ទាំង​ដំណើរការ​បោះ​ឆ្នោត​ផងដែរ​ ជាពិសេស​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ និង​ការ​ទទួល​បាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដោយ​សេរី​។ សេចក្តីសម្រេច​នេះមាន​ខ្លឹមសារ​ដូច្នេះ​​ថា “ សភា​អឺរ៉ុប​សូម​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ កម្ពុជា​ទទួល​យក​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ដែល​មានការ​ជួយ​ជ្រោម​ជ្រែង​ពី​អន្តរ​ជាតិ​លើ​​ការ​ចោទ​ប្រកាន់​អំពី​ការ​លួ​ចបន្លំ​សន្លឹក​ឆ្នោត​ និង​ភាព​មិន​ប្រក្រតី​ផ្សេង​ៗទៀត​ជុំ​វិញ​ការ​បោះ​ឆ្នោត​កាលពីខែ​កក្កដា ​ឆ្នាំ​២០១៣”។ សភា​អឺរ៉ុប​បានលើក​ឡើង​ថា ពាក្យ​បណ្តឹង​ផ្លូវ​ច្បាប់​ប្រឆំាង​លោក សម រង្ស៊ី ប្រធាន​គណ​បក្ស​សង្គ្រោះជាតិ និង​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​នេះ ព្រម​ទាំង​មេដឹក​នាំ​សហ​ជីព​ដែល​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ទៅ​សាក​សួរ​ជុំ​វិញ​តួនាទី​ពាក់​ព័ន្ធ​របស់​ពួក​គាត់​​នៅ​ក្នុង​បាតុកម្ម​របស់កម្មករ​កាត់​ដេរ​ក្នុង​ពេល​ថ្មី​ៗនេះ ​ត្រូវ​តែ​ដកចេញ​។ សភា​អឺរ៉ុប​បាន​ចូល​រួម​រំលែក​ទុក្ខ​ចំពោះ​ក្រុមគ្រួសារ​របស់កម្មករ​កាត់​ដេរ​ដែល​ត្រូវ​បាន​កង​រាជអាវុធ​ហត្ថ​បាញ់​ប្រហារ​បណ្តា​ឲ្យ​បាត់​បង់​ជីវិត​ និង​រង​របួស​នៅលើកំណាត់​ផ្លូវ​វេង​ស្រេង​ក្នុង​ខណ្ឌ​ពោធិ៍សែន​ជ័យ​ ហើយ​បាន​ផ្កោល​ទោស​ ​“ ការ​ប្រើប្រាស់​កម្លាំង​បង្ក្រាប​ហួស​ហេតុ​​​ពី​សំណាក់​កង​កម្លាំង​សន្តិសុខ​”។ សេចក្តី​សម្រេច​នេះ​បានលើក​ឡើង​បន្ត​ទៀត​ថា “ សភា​អឺរ៉ុប​សូម​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់ចត់​ និងចាប់​ខ្លួនអ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​និង​ការ​រង​របួស​ទាំង​នេះ​”។ សភា​អឺរ៉ុបក៏​បាន​ជំរុញ​ឲ្យ​ដោះ​លែង​មនុស្ស​ទាំង​២៣នាក់ដែល​ត្រូវ​បាន​ “ ចាប់​ខ្លួន​ដោយ​អយុត្តិធម៌” អំឡុង​បាតុកម្ម​ និង​ឲ្យ​រដ្ឋាភិបាល​ “ លុប​ចោល​ជាបន្ទាន់​” នូវ​បម្រាមហាមមិន​​​ឲ្យ​មានការ​ប្រមូល​ផ្តុំ​គ្នា​ជា​សាធារណៈ​ផងដែរ។ កាលពី​ថ្ងៃ​សុក្រ លោកស្រី មូរ សុខហួរ​ តំណាង​រាស្រ្ត​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះជាតិ​ បាន​ស្វាគមន៍​សេចក្តី​សម្រេច​នេះ។ លោក​ស្រី​មាន​ប្រសាសន៍​ថា “ សេច​​ក្តី​​សម្រេចនេះ​ទទួល​ស្គាល់​ថា មាន​បញ្ហា​។​សេចក្តី​​​សម្រេច​នេះ​ឆ្លុះ​បញ្ចាំង​ពី​ឫស​គល់​នៃ​វិវាទ​ដែលបានក្លាយ​ជាវិបត្តិ​”។ លោកស្រី​បាន​បន្ត​ថា ការ​ស៊ើបអង្កេត​ឯករាជ្យ​លើ​ការ​បោះ​ឆ្នោត​ដោយ​មាន​ការ​ចូល​រួម​ពី​អន្ត​រជាតិ​ គឺ​ជា​រឿង​សំខាន់​ដើម្បី​បញ្ចប់​ការ​ជាប់​គាំង​ផ្នែក​នយោបាយ​នា​ពេលបច្ចុប្បន្ន។ លោកស្រី​បាន​ចោទ​សួរ​ថា “ ការ​ពិត​​ពាក់​ព័ន្ធ​ការ​បោះ​ឆ្នោត​ត្រូវ​តែ​លាត​ត្រដាង​ ព្រម​ទាំង​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ឃាត​កម្ម​ទាំង​នេះ​ផង​ដែរ។ តើ​ប្រជាពលរ​ដ្ឋ​ត្រូវ​បាត់​បង់​ជីវិត​ប៉ុន្មាន​នាក់ទៀត​ មុន​ពេល​ពួក​យើង​អាច​ប្រើប្រាស់​សិទ្ធិ​សេរីភាព​របស់​ពួកយើង​បាន?”​។ ដោយ​សារ​តែ​ប្រហែល​៥០ភាគ​រយនៃ​ស្បែក​ជើង​ និង​សម្លៀក​បំពាក់​ទាំង​អស់​ផលិត​​នៅ​កម្ពុជា​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​សហ​ភាព​អឺរ៉ុបនោះ​​ សេចក្តី​សម្រេច​នេះ​បាន​ដាក់​គំនាប​​សេដ្ឋកិច្ច​លើ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន​ ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​ឯករាជ្យ​តាម​ការ​ទាម​ទារ​របស់​សភា​អឺរ៉ុប។ លោក ទេព នីថា អគ្គលេខា​ធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ហៅ​កាត់ គ.ជ.ប. បានមាន​ប្រសាសន៍​ថា សភាអឺ​រ៉ុប​មាន​សេរី​ភាព​ក្នុង​ការបញ្ចេញ​មតិ​របស់ខ្លួន​ពាក់​ព័ន្ធ​នឹង​នយោបាយនៅ​​កម្ពុជា​ និង​ដំណើរការ​នៃ​ការ​បោះ​ឆ្នោត​របស់ប្រទេសនេះ​​ ប៉ុន្តែ ភាពមិន​ប្រក្រតី​ទាំង​អស់​ត្រូវ​បាន​ “ដោះ​ស្រាយ​” រួច​ហើយ។​ លោក​បញ្ជាក់​ថា​ “ គ.ជ.ប.​ គ្រាន់តែ​អនុ​វត្ត​ការងារ​របស់​ខ្លួន​ដោយ​ផ្អែក​ទៅ​តាម​ច្បាប់​ប៉ុណ្ណោះ ហើយ​ គ.ជ.ប.​ ​បានដោះ​ស្រាយ​ពាក្យ​បណ្តឹង​ពាក់​ព័ន្ធ​កា​រ​បោះ​ឆ្នោត​រួច​ហើយ​”។ លោក​បានលើកឡើងបន្ថែមទៀត​ថា មាន​តែ​រដ្ឋាភិបាល​ទេ​ដែលអាច​សម្រេចបាន​​ពាក់​ព័ន្ធ​នឹង​​កំណែ​ទម្រង់​នៃការ​បោះ​ឆ្នោត​ ឬការ​ស៊ើប​អង្កេត​ណាមួយលើលទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជាតិ​កាលពីខែកក្កដា។ “ ប្រសិន​បើ​មាន​វិសោធ​នកម្ម​លើ​ច្បាប់ណាមួយ គ.ជ.ប. នឹង​គោរព​តាម​ច្បាប់នោះ​”។ នៅក្នុងញត្តិ​ដោយ​ឡែកពីគ្នា​​ចំនួន​ប្រាំ​ពីរ​ដែល​​ភាគី​នានា​បានដាក់​នៅក្នុង​សភា​អឺរ៉ុប​កាលពី​ថ្ងៃ​អង្គារ​ ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះ​​ស្រាយលើ​​បញ្ហា​នៅ​កម្ពុជា​ ពាក្យ​សម្តី​ធ្ងន់​ៗ​ត្រូវ​បាន​​ប្រើ​ប្រាស់​ដើម្បី​​ពណ៌នា​អំពី​ស្ថាន​ភាព​ក្នុង​ប្រទេស​កម្ពុជា​។ ក្រុម​នយោបាយ​មួយ​នៅ​ក្នុង​សភា​អឺរ៉ុប​ដែល​មាន​ឈ្មោះ​ថា សម្ព័ន្ធ​គាំទ្រ​មតិ​យោ​បល់​អ្នក​សង្គម​និយម និងអ្នក​ប្រជា​ធិបតេយ្យ (​Progressive Alliance of Socialists and Democrats) ដែល​ហៅកាត់​ថា S&D បាន​លើក​ឡើង​ថា ការ​បោះ​ឆ្នោត​កាលពីថ្ងៃទី​២៨ ខែកក្កដា “ មិន​​​មាន​លក្ខណៈសេរី​ទេ ហើយ​ក៏​មិន​យុត្តិធម៌​ដែរ” ពីព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន​ ដែល​បាន​កាន់​អំណាច​ជា​យូរ​មក​ហើយ​នោះ ​​គ្រប់​គ្រង​ “ ស្ថាប័ន​​ពាក់​ព័ន្ធ​ការ​បោះ​ឆ្នោត​ទាំង​អស់​ រួម ទាំង​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ផង​ដែរ ហើយ​ស្ថាប័ន​ទាំង​ពីរនេះទៀត​សោត​មិន​បាន​ដោះ​ស្រាយ​ការ​ចោទ​​ប្រកាន់​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន​ទាំង​អស់អំពីការ​លួចបន្លំ​សន្លឹក​ឆ្នោត​ និង​ពាក្យ​បណ្តឹង​ផ្សេង​ទៀត​ពាក់​ព័ន្ធការ​បោះ​ឆ្នោត​ឲ្យ​បានហ្មត់ចត់​​នោះ​ទេ​”។ ក្រុម​នយោបាយមួយផ្សេង​ទៀត​នៅក្នុង​សភា​អឺរ៉ុបដែល​មាន​ឈ្មោះ​ថា សម្ព័ន្ធ​អ្នក​សេរី​​​និយម​ និង​អ្នក​ប្រជាធិបតេយ្យ​សម្រាប់​ក្រុម​អឺរ៉ុប (Alliance of Liberals and Democrats for Europe Group) ដែល​ហៅកាត់​ថា ALDE បាន​លើក​ឡើង​ថា ខ្លួនជឿថា “ រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ដែលកំពុង​ប្រឈម​នឹង​បញ្ហា​​នៃ​ភាព​ស្រប​ច្បាប់ធ្ងន់​ធ្ងរ​ គួរ​តែ​ទទួល​យក​ការ​ស៊ើប​​អង្កេត​ដោយ​ឯករាជ្យ​លើ​ភាព​មិន​ប្រក្រតី​នៃការ​បោះឆ្នោត​ថ្មីៗនេះ និង​ផល​ប៉ះ​ពាល់​របស់​វាទៅ​លើ​លទ្ធផល​នៃការ​បោះ​ឆ្នោត​ ឬ គួរ​តែ​រៀបចំការ​បោះ​ឆ្នោត​ជា​ថ្មី​ឡើង​វិញ”។ លោក កែម ឡី អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​បាន​មាន​ប្រសាសន៍​ថា វិធានការ​ថ្មីៗនេះ​របស់​សហរដ្ឋអាមេរិក​ និង​សេចក្តី​សម្រេច​របស់​សហភាព​អឺរ៉ុប​ នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅក្នុងការ​ស្វែង​រក​ដំណោះ​ស្រាយ​ដើម្បី​បញ្ចប់​ស្ថានភាពជាប់​គាំង​​នយោ​បាយ​នា​ពេល​​បច្ចុប្បន្ន​។ លោក​បាន​បន្ត​ថា “ ការ​រួប​រួម​គ្នា​ក្រោក​ឈរ​ឡើង​របស់​សហគមន៍​អន្តរជាតិ​ដើម្បី​ដាក់​គំនាបលើ​រដ្ឋាភិបាល​ មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ក្នុងការ​ធ្វើឲ្យ​មាន​ការ​កែប្រែ​ ពីព្រោះ​សំឡេង​របស់​ជន​រង​គ្រោះ​​តែង​តែ​ត្រូវ​គេ​មិន​អើពើ ប៉ុន្តែ សហ​គមន៍​អន្តរ​ជាតិ​ផ្តល់​ជំនួយ​យ៉ាង​ច្រើន​ ហើយ​វា​មានសារៈ​​សំខាន់​ណាស់​សម្រាប់​រដ្ឋា​ភិ​បាល​”៕ សុខុម (រាយការណ៍​បន្ថែមដោយ ឃី សុវុឌ្ឍី)

អាជ្ញាធរ​កំពុង​តែ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហាទឹក​ទន្លេមេ​គង្គ​ដែល​ប្រែ​ក្លាយ​ពីថ្លា​ទៅ​ជា​ល្អក់​

កាល​ពី​ម្សិលមិញ​អាជ្ញាធរ​នៅ​ក្នុង​ខេត្ត​ក្រចេះ​និង​ខេត្ត​ស្ទឹង​ត្រែង​បាន​ឲ្យ​ដឹង​ថា ខ្លួន​កំពុង​តែ​​អង្កេតតាម​ដាន​​ទឹក​ទន្លេ​មេគង្គ​ដែល​ប្រែ​ក្លាយ​ទៅ​ជា​ល្អក់​ខុស​ពី​ធម្មតា​នៅ​ក្នុង​ឆ្នាំ​នេះ​ និង​កំពុង​តែ​ព្រួយ​បារម្ភ​​ខ្លាច​មាន​ផល​ប៉ះ​ពាល់​ដល់​ប្រជា​ពលរដ្ឋ​។ ចាប់​តាំង​ពី​ដើម​ឆ្នាំ​មក ​មន្ទីរ​ធនធាន​ទឹក​​និង​ឧតុនិយម​ខេត្ត​ក្រចេះ​ បាន​ឲ្យ​ដឹង​ថា ភក់​និង​វត្ថុ​កខ្វក់​​កំពុង​តែ​បំពុល​ទឹក​ទន្លេ​មេគង្គ​ ហើយ​បាន​ធ្វើ​ឲ្យ​ទឹក​ទន្លេ​មេគង្គ​ប្រែ​ក្លាយពី​ថ្លា​ទៅ​ជា​ល្អក់​។ លោក​ ហេង​ រ័ត្ន​មុនីដា ប្រធាន​មន្ទីរ​ធន​ធាន​ទឹក​និង​ឧតុ​និយម​ខេត្ត​ក្រចេះ​ បាន​មាន​ប្រ​សាសន៍​ថា “ វា​មិន​ដែល​ល្អក់​បែប​នេះ​ទេ​ពី​មុន​មក​”។​ លោក​បន្ថែម​ថា មន្ទីរ​របស់​លោក​​​បាន​យក​ទឹក​ល្អក់​នេះ​​ទៅ​ពិសោធ​ដើម្បី​កំណត់​ថា តើ​វា​ល្អក់​ដោយ​សារ​ភក់​ ឬ​ក៏​អាច​ដោយ​សារ​ការ​បំពុល​ពីគម្រោង​​អភិវឌ្ឍន៍​នៅ​ខ្សែ​ទឹក​ខាង​លើ​។ លោក​បាន​ប្រសាសន៍​បន្ត​ទៀត​ថា “យើង​​​កំពុង​តែ​អង្កេតតាមដាន​ និង​ព្យាយាម​ស្វែង​​​រក​មូលហេតុ​ថា តើ​ហេតុ​អ្វី​បាន​ជា​ទឹក​ទន្លេ​មេគង្គ​ល្អក់​ខ្លាំង​យ៉ាង​នេះ”។ ប្រហែល​ជា​ពីរ​សប្តាហ៍​កន្លង​ទៅ​ ទឹក​ទន្លេ​មេគង្គ​បាន​ចាប់​ផ្តើម​ល្អក់​ទៅៗ​ ហើយ​បាន​​ “ល្អក់​ខ្លាំង” ​កាល​ពី​សប្តាហ៍​មុន។​ លោក​បាន​បន្ថែម​ថា ប្រជា​ពលរដ្ឋ​កំពុង​តែ​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​ទឹក​ដែល​ល្អក់ខុស​ពី​ធម្ម​តានេះ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​មច្ឆ​ជាតិ​ ក៏ដូច​ជា​ អន្លង់​ផ្សោ​ត​ក្បែរ​នោះ​ដែល​មានសត្វ​ផ្សោត​ប្រភេទ​ អ៊ីរ៉ាវ៉ាឌី​ រស់​នៅ​។ លោក​ ទុយ​ ចាន់​តារា​ អនុ​ប្រ​ធាន​មន្ទីរ​ធន​ធាន​ទឹក​និង​ឧតុ​និយម​ខេត្ត​ស្ទឹង​ត្រែង​ បាន​ឲ្យ​ដឹង​ថា មន្ទីរ​របស់​លោក​ក៏​កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ទឹក​ទន្លេ​មេគង្គ​ដែល​ប្រែ​ក្លាយ​ទៅ​ជា​ល្អក់​នេះ​ផង​ដែរ​។ លោក​ ចាន់​តារា បាន​​ប្រសាសន៍​ថា “ខ្ញុំ​មិន​ដែល​ឃើញ​ទឹក​ល្អក់​បែបនេះ​ទេ​ពី​មុន​មក ​អំឡុង​រដូវ​ប្រាំង​ហើយ​យើង​នៅ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​ដែល​​ធ្វើ​ឲ្យ​ទឹក​ល្អក់​នេះ​នៅ​ឡើយ​ទេ”។​​ មន្ទីរ​ធន​ធានទឹក​និង​ឧតុ​និយម​ខេត្តទាំង​ពីរ​ កំពុង​តែ​​អង្កេតតាម​ដាន​​ពី​មូល​ហេតុ​ដែល​នាំ​ឲ្យ​ទឹក​ល្អក់  ​ហើយ​ថា​ តើ​វា​អាច​មាន​ការ​បំពុល​ដល​់​មច្ឆ​ជាតិ​ឬ​ក៏​អត់​។ លោក​ ចាន់​តារា​ និង​លោក​ រ័ត្ន​មុនី​ដា​ បាន​​លើក​ឡើង​ថា ក្តី​ព្រួយ​​បារម្ភ​ភ្លាម​ៗ​នោះ​គឺ​ អំពី​អនាគត​របស់​​សត្វ​ផ្សោត​ អ៊ីរ៉ាវ៉ាឌី​ ដែល​ជា​​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​។ យោង​តាម​អង្គការ​មូលនិធិ​សត្វ​ព្រៃ​ពិភពលោក​ WWF បាន​ឲ្យ​ដឹង​ថា សត្វ​ផ្សោត​ជិត​ផុត​ពូជ​ដែល​រស់​នៅ​អន្លង់​ទាំងអស់​ចំនួន​ប្រាំបួន​ នៅ​ក្នុង​ខេត្ត​ក្រចេះ​និង​ខេត្ត​ស្ទឹង​ត្រែង​ មាន​មិន​ដល់​១០០​ក្បាល​នោះ​ទេ​។ លោក​ ហន​ ចាន់​ដេត អ្នក​គ្រប់​គ្រង​គម្រោង​​​​​តំបន់​អភិរក្សរបស់​អង្គការ​ WWF ​នៅ​ក្នុងខេត្ត​ក្រចេះ​  ​ក៏បាន​លើក​ឡើង​ដែរ​ថា ក្រុម​ការ​ងារ​របស់​លោក​នឹង​​អង្កេតតាម​ដាន​ទឹក​ទន្លេ​មេគង្គ​ដែល​ប្រែ​ក្លាយ​ទៅ​ជា​ល្អក់​នេះ​ ហើយ​និង​កំណត់​ថា តើ​វា​អាច​មាន​ផល​ប៉ះ​ពាល់​ដល់​សត្វ​ផ្សោត​ដែរ​ឬ​អត់​។ លោក​ ចាន់​ដេត​ បាន​មាន​ប្រសាសន៍​ថា​ “ប្រសិន​បើ​វា ជា​ការ​បំពុល​នោះ​​វា​នឹងមាន​ផល​​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សត្វ​ផ្សោត​​​។ សត្វ​ផ្សោត​ទាំង​នេះ​ងាយ​នឹង​រង​ផល​ប៉ះ​ពាល់​ខ្លាំង​ណាស់​ ​ហើយ​ការ​បំពុល​អាច​សម្លាប់​ពួក​វា​”។ លោក​បាន​បន្ថែម​ថា គេ​បាន​កាត់​យក​សាច់​សត្វ​ផ្សោត​ដែល​ងាប់​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ ដើម្បី​យក​ទៅ​ពិ​សោធន៍​រួច​ហើយ​។ លោកស្រី​​ អាម៉េ ត្រានដេម​ (Ame Trandem) ​​ប្រធាន​កម្មវិធី​​របស់​អង្គការ​តស៊ូ​មតិ​ទន្លេ​អន្តរជាតិ​​ប្រ​ចាំតំបន់​អាស៊ី​អាគ្នេយ៍​ បាន​ឲ្យ​ដឹង​ថា កករ​ដែល​កើត​ចេញ​ពី​ទឹក​ជំនន់​ទន្លេ​មេគង្គ​កាល​ពី​ខែមុន​នៅ​ក្នុង​ប្រទេស​ថៃ​ ប្រទេស​វៀត​ណាម​ និង​ប្រទេស​ចិន ​អា​ច​មក​ដល់​ភាគ​ខាង​ត្បូង​ប្រទេស​កម្ពុជា​ហើយបើ​គិត​មក​ទល់​ពេល​ឥឡូវ​។ យោង​តាម​គណៈកម្មការ​ទន្លេ​មេគង្គបាន​ឲ្យ​ដឹង​ថា មិន​ដល់​មួយ​សប្តាហ៍​ផង​កម្រិត​ទឹក​ទន្លេ​មេគង្គ​បាន​ឡើង​ដល់​ទៅ​ជាង​មួយ​ម៉ែត្រ​កាល​ពី​ពាក់​កណ្តាល​ខែ​ធ្នូ​។ ទី​ភ្នាក់​ងារ​អន្តរ​រដ្ឋាភិបាល​បាន​លើក​ឡើង​​​នៅ​ក្នុង​គេហទំព័រ​របស់​ខ្លួន​ថា “របាយ​​ការណ៍​​ កាល​ពី​មុន​របស់​គណៈកម្មការ​ទន្លេ​មេ​គង្គ​បង្ហាញ​ថា ទឹក​ទន្លេ​មេគង្គមិន​​ដែល​បាន​ឡើង​យ៉ាង​​ខ្លាំងបែប​នេះ​ទេ​អំឡុង​​ខែធ្នូ​ ពោល​​គឺ​មិន​​ដែល​ធ្លាប់​មាន​អស់​រយៈពេល​ប្រហែល​៥០​ឆ្នាំ​មក​ហើយ​”៕ ស៊ុយឈាង​​

កិច្ច​ពិភាក្សា​អំពី​គម្រោង​ទំនប់​វារីអគ្គិសនីនៅ​ក្នុង​​ទន្លេមេគង្គមិន​សម្រេច​បាន​ការ​ឯកភាព​គ្នា​

តំណាង​មកពី​ប្រទេស​កម្ពុជា​ ឡាវ ថៃ និង​ប្រទេស​វៀតណាម បាន​ទទួល​បរាជ័យ​ក្នុង​ការ​សម្រេ​ច​បាន​នៅ​ការ​ឯកភាព​គ្នា​ នៅ​ក្នុង​កិច្ច​ប្រជុំ​ក្នុង​ទីក្រុង​វៀង​ចន្ទន៍ កាលពី​ម្សិល​មិញ ជុំ​វិញ​ការ​អនុញ្ញា​ត​ ឬមិន​អនុញ្ញាត​ឲ្យ​ប្រទេស​ឡាវ សាង​សង់​ទំនប់​វារី​អគ្គិសនី​ ដែល​មាន​ចម្ងាយ​ប្រហែល​ពីរគីឡូម៉ែត្រ​ពី​ព្រំ​ដែន​ប្រទេស​កម្ពុជា និង​ការ​មាន​ ឬមិន​មាន​ផល​ប៉ះ​ពាល់​ទៅ​លើ​ជល​ផល​របស់​បណ្តា​ប្រទេស​ក្នុង​​តំបន់​ទឹក​ទន្លេមេគង្គក្រោម ដែល​មាន​សិទ្ធិ​បដិសេធ​គម្រោង​នេះ​។ រដ្ឋមន្ត្រី​ពាក់ព័ន្ធ​មក​ពី​ប្រទេស​កម្ពុជា​ ថៃ និង​ប្រទេស​វៀតណាម បច្ចុប្បន្ន​នឹង​ពិភាក្សា​គ្នា​ថា​ តើ​ប្រទេស​ឡាវ មាន​ឬមិន​មាន​ភាព​ត្រឹម​​ត្រូវ​ក្នុង​ការ​ជូន​ដំណឹង​​ជា​ទូទៅ​ដល់​ប្រទេស​ទាំង​នេះ​ អំពី​គម្រោង​ទំនប់​វារី​អគ្គិសនី​ ដុន សាហុង​ ដែល​មាន​កម្លាំង​២៥៦មេហ្គាវ៉ាត់​ ដូច​ដែល​ពួកគេ​បាន​ធ្វើ​កាលពី​ខែ​កញ្ញា ឬក៏​ថា តើប្រ ទេស​ឡាវគួរ​តែ​បាន​រៀប​ចំ​ដំណើរការ​ពិគ្រោះ​យោបល់​ជាមុន​ ជាមួយ​ប្រទេស​ជិត​ខាង​របស់​ខ្លួន​ឬយ៉ាង​ណា។ លោក ស៊ូរ៉ាសាក់ ក្លាហាន់ (Surasak Gkahan)​មន្ត្រី​ទំនាក់​ទំនង​គណៈកម្មការ​ទន្លេមេគង្គ​ ដែល​ជា​ស្ថាប័ន​អន្តររដ្ឋាភិបាល​មួយ​បង្កើត​ឡើង​ ដើម្បី​ជួយ​ក្នុង​ដំណើរការ​សម្រេច​ចិត្ត ទាក់​ទង​ទៅ​នឹង​ទន្លេ​ប្រើ​ប្រាស់​រួម​គ្នា​នេះ បាន​មាន​ប្រសាសន៍​ថា “ដោយ​សា​រតែ​ពួកគេ​មិន​អាច​ធ្វើ​សេចក្តី​សម្រេច​រួម​បាន​​ នីតិវិធី​ជំរុញ​ឲ្យ​មាន​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​”។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា កាលបរិច្ឆេទ​នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​លើក​​ក្រោយ មិន​ទាន់​ត្រូវ​បាន​កំណត់​ទេ។ យោង​តាម​កិច្ច​ព្រម​ព្រៀង​ទន្លេមេគង្គ​ឆ្នាំ​​១​៩៩៥ គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​មាន​ចរន្ត​ទឹក​ខ្លាំង​ក្នុង​ទន្លេមេគង្គ​ ត្រូវ​ឆ្លង​កាត់​នីតិវិធី​ពិគ្រោះ​យោបល់​ជាមុន​ និង​ផ្តល់​ឱកាស​ឲ្យ​សមាជិក​ទាំង​បួន​នៃ​គណៈ​កម្ម​ការ​​ទន្លេមេគង្គក្នុង​ការ​ប្រើ​សិទ្ធិ​វេតូ ទៅ​លើ​គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី​ ដែល​អាច​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ក្នុង​ប្រទេស​ទាំង​នេះ។ ទោះ​ជាយ៉ាងណា ប្រទេ​សឡាវ បាន​អះ​អាង​ថា ដោយ​សារ​តែ​​​ទំនប់​វារីអគ្គិសនី​នេះ​នឹង​ត្រូវ​បាន​សាងសង់​​​នៅ​លើ​ផ្លូវ​ទឹកតែ​​មួយ​ក្នុង​ចំណោម​ផ្លូវ​ទឹក​ទាំង​ឡាយ​នៅ​ក្នុង​តំបន់​ចរន្ត​ទឹក​ខ្លាំង​ នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​នេះ​ ប្រទេស​នេះ​បាន​អនុវត្ត​តាម​គោល​ការណ៍​​តម្រូវ​ការ​សារាចរអំពី​សុវត្ថិភាព​ចំណី​អាហារ​ ដោយ​គ្រាន់​តែ​ជូន​ដំណឹង​ដល់​ប្រទេស​ថៃ កម្ពុជា និង​ប្រទេស​ឡាវ អំពី​គម្រោង​របស់​ខ្លួន ប៉ុណ្ណោះ។ នៅ​ក្នុង​កិច្ច​ប្រជុំ​កាលពី​ម្សិលមិញ លោក តែ សាវុធ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​មេគង្គ​ នៃ​ប្រទេស​កម្ពុជា​ ដែល​បាន​ដឹក​នាំ​គណៈប្រតិភូ​នៅ​ទីក្រុង​វៀងចន្ទន៍ បាន​ឲ្យ​ដឹង​ថា ប្រទេស​ឡាវត្រូវ​ផ្តល់​ព័ត៌មាន​បន្ថែម​ទៀត​ទាក់​ទង​ទៅ​នឹង​ផល​ប៉ះពាល់​សំខាន់​ៗ​ នៃ​ទំនប់​វារីអគ្គិសនី​នេះ​​ ទៅ​លើ​ជល​ផល​ បរិស្ថាន និង​សន្តិសុខ​ស្បៀង។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​នាពេល​ក្រោយ​មក​ ដោយ​គណៈ​កម្ម​ការ​​ទន្លេមេគង្គ​ បាន​​បង្ហាញ​ថា លោក សាវុធ  បាន​មាន​ប្រសាសន៍​ថា “ យើង​យល់​ឃើញ​ថា ឯកសារ​គម្រោង​នេះ​មិន​ពេញ​លេញ​នោះ​ទេ​ ហើយ​គម្រោង​សិក្សា​ក៏​មិន​មាន​វិសាល​ភាព​លើបញ្ហា​ឆ្លង​ព្រំដែន​ នៅ​ក្នុង​ប្រទេស​ផ្សេងៗ​ដូចជា ប្រទេស​កម្ពុជា ជាដើម​ទេ”។ តំណាងមក​ពី​ប្រទេស​ថៃ​ និង​ប្រទេស​វៀតណាម ដែល​បាន​បង្ហាញ​ក្តី​កង្វល់​អំពី​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ ទៅ​លើ​ប្រជាជន​ជាច្រើន​លាន​នាក់​ក្នុង​ប្រទេសកម្ពុជា​ និង​នៅ​ភាគ​ខាង​ត្បូង​នៅ​ប្រទេស​វៀតណាម​ដែល​ជា​ផ្លូវ​ទឹក​​ ហ៊ូ សាហុង បាន​ឯកភាពថា ​ទីតាំង​នៃ​​​ទំនប់​វារីអគ្គិសនី​ ដុន សាហុង មាន​សារៈ​សំខាន់​សម្រាប់​សកម្មភាព​ផ្លាស់​ទី​របស់​ត្រីរយៈពេល​ពេល​មួយ​ឆ្នាំ​ នេះ​បើ​យោង​តាម​​សេចក្តី​ប្រកាស​ដដែល​។ ប្រទេសឡាវ​បាន​ច្រាន​ចោល​ក្តី​កង្វល់​នេះ​ ដោយ​លើក​ឡើង​ថា គម្រោង​នេះ​នឹង​ប្រើប្រាស់​ផ្នែក​តូចមួយ​ប៉ុណ្ណោះ​ នៃ​តំបន់​ចរន្ត​ទឹក​ខ្លាំង​ ហើយ​ទោះបី​ជា​​​ទំនប់​វារីអគ្គិសនី​នេះ​ត្រូវ​បានសាងសង់​នៅ​លើ​ផ្លូវ​ទឹក​ ហ៊ូ សាហុង ក៏​ដោយ​ ត្រី​នៅ​តែ​អាច​ប្រើ​ផ្លូវ​ទឹក​ដែល​នៅ​ក្បែរ​នោះ​សម្រាប់​ផ្លាស់​ទី​បាន​។ លោក ដៅវង្ស ផូណេកែវ (Daovong Pho-nekeo) ប្រធាន​គណៈប្រតិភូ​ឡាវ បាន​មាន​ប្រសាសន៍​ថា “លទ្ធផល​សិក្សា​ស្រាវ​ជ្រាវ​បាន​​បង្ហាញ​ថា ផ្លូវ​ទឹក​ផ្សេង​ៗទៀត​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប​់​បង្កើន​ចលនា​ផ្លាស់​ទី​ទៅទិស​ដៅ​ទាំង​ពីរ​ ក្នុង​រយៈពេល​មួយ​ឆ្នាំ​”។ អំឡុង​មាន​ការ​ផ្សព្វផ្សាយ​តាម​សារព័ត៌មាន​កាលពី​ចុង​ឆ្នាំ​មុន​ ក្រុម​ហ៊ុន MegaFirst Berhard ជា​ក្រុម​ហ៊ុន​ម៉ាឡេស៊ី ដែល​ទទួល​បន្ទុក​ការ​​​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ​ បាន​លើក​ឡើង​ថា ខ្លួន​នឹង​ចាប់​ត្រីយក​ទៅ​ធ្វើ​ចល័តភាព​តាម​ផ្លូវ​ទឹក​ដែលត្រូវ​បាន​ប្រើប្រាស់​ជំនួស​ផ្លូវ​ទឹក​ ហ៊ូ សាហុង ។ លោកស្រី អាម៉េ ត្រានដេម (Ame Trandem)​នាយក​អង្គការ​ទន្លេអន្តរជាតិ​ (International Rivers) ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​បាន​ហៅ​សេច​ក្តី​អះអាង​របស់​ប្រទេស​ឡាវ​ថា ជា​សេចក្តី​​អះ​អាង​ “ល្ងីល្ងើ”។ លោកស្រីបាន​មាន​ប្រសាសន៍​ថា “ទំនប់​វារីអគ្គិសនី​ ដុន សាហុង មាន​ទីតាំង​ស្ថិត​នៅ​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​លំបាក​បំផុត​ ដែល​អាច​ស្រមៃ​ទៅ​ឃើញ”​ ។ លោកស្រី ​ត្រានដេម បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “គឺ​ដោយ​សារតែ​ទំនប់​នេះ​​ស្ថិត​នៅ​ចំណុច​ដែល​មាន​ចលនា​ផ្លាស់​ទី​ច្រើន​ណាស់​របស់​ត្រី​ នៅ​ក្នុង​ទន្លេមេគង្គ​”។ ប្រធាន​អង្គការ​តស៊ូ​មតិ​ផ្នែកទន្លេ​រូប​នេះ បាន​លើក​ឡើង​បន្ត​ថា “ដោ​យ​សារ​តែមូល​ហេតុ​នេះ​ហើយ​ ផ្លូវ​សំខាន់​ៗ​សម្រាប់​ត្រី​ផ្លាស់​ទី​ទំនង​ជា​ត្រូវ​បាន​បិទ​។ ដោយ​សារតែ​មិន​មាន​វិធាន​ការ​បញ្ជាក់​ច្បាស់​ទាក់​ទង​ទៅនឹង​ការ​ផ្លាស់​ទី​របស់​ត្រី​ ជល​ផល​នៅកម្ពុជា ​និង​សន្តិ​សុខស្បៀង​របស់​ប្រជាជន​ជា​ច្រើន​លាន​នាក់​នឹង​ស្ថិត​ក្នុង​ស្ថានភាព​មាន​ហានិភ័យ​ ពោល​គឺ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​”៕ សុធា

អ្នក​គាំទ្រ​លោក​ ម៉ម​ សូណង់​ដូ ​​នឹងតវ៉ា​​ទាម​ទារ​ឲ្យ​ក្រសួង​ព័ត៌មាន​ផ្តល់​អាជ្ញាប័ណ្ណ​បង្កើតទូរទស្សន៍

កាល​ពី​ម្សិល​មិញ​ ជំនួយ​ការ​របស់លោក​ ម៉ម​ សូណង់​ដូ  ​បាន​​ឲ្យដឹង​ថា លោក​ ម៉ម​ សូណង់​ដូ ម្ចាស់​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ​ដ៏​មាន​ប្រជា​ប្រិ​យ​ភាព​ និង​អ្នក​គាំ​ទ្រ​របស់​លោក ​នឹង​ប្រឆាំង​ជំទាស់​ចំពោះ​បម្រាម​របស់​រដ្ឋាភិបាល​​​​​ហាម​មិន​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​ជា​សាធារណៈ​​​ហើយ​នឹង​ចាប់​ផ្តើ​ម​ធ្វើ​ការ​តវ៉ា​ជា​រៀង​រាល់​ថ្ងៃ​ប្រឆាំង​នឹង​ក្រសួង​ព័ត៌មាន​ដែល​បាន​ច្រាន​ចោល​​សំណើ​សុំ​ដំឡើង​ស្ថានីយ​ផ្សាយ​បន្ត​និងការ​​បង្កើត​ស្ថានីយ​ទូរទស្សន៍​មួយ​របស់​លោក​ ម៉ម​ សូណង់​ដូ​ ។ កាល​ពី​ម្សិលមិញ​ អ្នកស្រី ហួន​ ផាន់​ណារី​ បាន​មាន​ប្រសាសន៍​ថា “យើង​នឹងនៅ​តែ​​ប្រមូល​ផ្តុំ​គ្នា​ហើយ​តវ៉ា​​នៅ​មុខ​ក្រសួង​ព័ត៌​​មាន​​តាម​ការ​គ្រោង​​​ទុក​របស់​យើង​ បើ​ទោះ​បី​ជា​​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ការ​តវ៉ា​ក៏ដោយ”។ អ្នក​ស្រី​បាន​លើក​ឡើង​ថា ការ​តវ៉ា​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​២៧​ខែ​មករា​។ អ្នក​ស្រី ផាន់​ណារី​ បាន​ឲ្យ​ដឹង​ថា លោក ម៉ម​ សូណង់​ដូ​ ជា​ដំបូង​បាន​ស្នើ​ទៅ​ក្រសួង​ព័ត៌​មាន​​សុំ​ដំឡើង​ស្ថានីយ​ផ្សាយ​បន្ត​នៅ​តាម​បណ្តា​ខេត្ត​និង​សុំ​អាជ្ញា​ប័ណ្ណបង្កើត​​​ស្ថានីយ​​​​ទូរទស្សន៍​មួយ​កាល​ពី​ឆ្នាំ​២០០៥ ប៉ុន្តែ​ក្រសួង​បាន​បដិ​សេធ​មិន​ទទួល​យក​សំណើ​ទាំង​ពីរ​នេះ​ឡើយ​ ហើយ​កាល​ពី​ម្សិល​មិញ​បាន​ច្រាន​ចោល​សំណើ​របស់​លោក​ ម៉ម​ សូណង់​ដូ​ សាជា​ថ្មីម្តង​ទៀត​ ដោយ​លើក​ឡើង​ពី​មូល​​​ហេតុ​ថា  “ហ្វ្រេកង់​ចង្អៀត​ណាស់​”។ អ្នក​ស្រី​ ផាន់ណារី​ បាន​មាន​ប្រសាសន៍​ថា “យើង​មិន​ភ្ញាក់ផ្អើល​ចំពោះ​ការ​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​របស់​ក្រសួង​ព័ត៌មាន​ឡើយ​ ព្រោះ​ពួ​កគេ​ខ្លាច​ថា យើង​នឹង​បង្ហាញ​ការ​ពិត​និង​អ្វី​ដែល​បាន​កើត​នៅ​ក្នុង​សង្គម​”។ អ្នក​ស្រី​បន្ត​ថា មាន​ស្ថានីយ​ទូរទស្សន៍​និង​ស្ថានីយ​វិទ្យុ​ផ្សេង​ៗ​មួយ​ចំនួន​ បាន​ចាប់​ផ្តើម​ផ្សព្វ​ផ្សាយ​ចាប់​តាំង​ពី​សំណើ​របស់​លោក​ ម៉ម​ សូណង់​ដូ​ ត្រូវ​បាន​ច្រាន​ចោល​ជា​លើក​ដំបូង​កាល​ពី​៩ឆ្នាំ​មុនមក​ម៉្លេះ។ លោក​ ម៉ម​ សូណង់​ដូ​ អ្នក​រិះ​គន់​រដ្ឋា​ភិ​បាល​មិន​សំចៃ​មាត់​  ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យជាប់​ពន្ធ​នាគារ​រយៈពេល​២០​ឆ្នាំ​ ពី​បទ​បង្កើត​ចលនា​អបគមន៍កាល​ពី​ឆ្នាំ​២០១២។ អង្គការ​សិទ្ធិ​មនុស្ស​បាន​លើកឡើង​​​​ថា ការ​ចោទ​ប្រកាន់​នេះ​គឺ​ជា​ការ​ចោទ​ប្រកាន់​មួយ​គ្មាន​មូល​ដ្ឋាន​ត្រឹម​ត្រូវ​នោះ​ទេ​ ហើយ​បន្ទាប់​ពី​មាន​ការ​រិះ​គន់​យ៉ា​ង​ខ្លាំង​ពី​អន្តរជាតិ ​ការ​ផ្តន្ទាទោស​​​ចំពោះ​រូប​លោក​ត្រូវ​បាន​ព្យួរ​ ហើយ​លោក​ត្រូវបាន​ដោះ​លែង​កាល​ពី​ឆ្នាំមុន​។ លោក​ មឿន​ ឈាន​ណារិទ្ធ​ ប្រធាន​វិទ្យា​ស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​ឲ្យ​ដឹង​ថា ការ​បដិសេធរបស់​ក្រសួង​ព័ត៌មាន​​​​មិន​ព្រម​​ផ្តល់​អាជ្ញា​ប័ណ្ណ​តាម​សំណើ​របស់​លោក​ ​ម៉ម​ សូណង់​ដូ​ ដោយ​លើក​ឡើង​ពី​មូល​ហេតុ​ថា ហ្វ្រេកង់​ចង្អៀត​នោះ​គឺ​គ្រាន់​តែ​ជា​លេស​ប៉ុណ្ណោះ​។ លោក​ ឈាន​ណារិទ្ធ​ បាន​លើក​ឡើង​ថា​អង្គការ​សង្គម​ស៊ីវិល​និងបុគ្គល​ដែល​គ្មា​ន​ទំនាក់​ទំនង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​​ ធ្លាប់​បាន​ស្នើ​សុំ​អាជ្ញា​ប័ណ្ណ​ជា​ច្រើនលើក​ច្រើន​សា​ ប៉ុន្តែ​ក្រសួង​ព័ត៌មាន​​តែង​តែ​ច្រាន​ចោល​សំណើ​របស់​ពួក​គេ​ រីឯ​​​​អ្នក​គាំ​ទ្រ​គណបក្សប្រជា​ជន​កម្ពុជា​វិញ​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ជា​ហូរ​ហែ។​ លោក​បាន​មាន​ប្រសាសន៍​ថា “រដ្ឋា​ភិ​​បាល​​បាន​លើក​យក​មូលហេតុ​ ‘ហ្វ្រេកង់​ចង្អៀត​’​ ដើម្បី​ឆ្លើយ​តប​នឹង​សំណើ​សុំ​អាជ្ញាប័ណ្ណ​​​បង្កើត​​​​ស្ថានីយ​វិទ្យុ​ ឬទូរទស្សន៍នៅ​ក្នុង​ប្រទេស​កម្ពុជា​។ហ្វ្រេកង់​មិន​ចេះ​ចង្អៀត​ឡើយ ហេតុ​​ដូច្នេះ​ហើយ​ គេ​អាចបើក​ស្ថានីយ ប៉ុន្មាន​ក៏​បាន​ដែរ​តាម​ចិត្ត​ចង់​”។ លោក​ ឡុង​ ឌី​ម៉ង់​ អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា សំណើសុំធ្វើ​ការ​​តវ៉ា​​របស់​លោក​ ម៉ម​ សូណង់​ដូ​​ ដែល​ដាក់​ជូន​សាលា​រាជធានី​ កាល​ពី​ថ្ងៃអង្គារ​នៅ​មិន​ទាន់​បញ្ជូន​បន្ត​ទៅ​​ លោក​ ប៉ា​ សុជាតិ​វង្ស​អភិបាល​រាជធានី​ភ្នំពេញ​នៅ​ឡើយ​ទេ។ លោក​ ខៀវ​ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​​​មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​ធ្វើ​អត្ថា​ធិប្បាយ​ឡើយ​៕ ស៊ុយឈាង​​ http://www.cambodiadailykhmer.com/news/9483/

កម្មករ​រោង​ចក្រ​កាត់​ដេរ​រៀបរាប់​ពី​ការ​ចំណាយ​ប្រចាំខែ​របស់​ខ្លួន​ធៀប​ទៅ​នឹង​ប្រាក់​ខែ

អ្នកស្រី សួស​ សារី​ អាយុ​៣១​ឆ្នាំ​ ជាកម្ម​កា​​ រិនី​​រោង​ចក្រ​កាត់​ ដែល​ធ្វើ​ការ​ថែម​ម៉ោង​ចំនួន​ពីរ​ម៉ោង​ជា​​រៀង​រាល់​ថ្ងៃ​ ដើម្បីរក​​ប្រាក់​ឲ្យ​បាន​គ្រប់​គ្រាន់​សម្រាប់​ចិ​ញ្ចឹ​ម​​ជីវិត​នៅ​ជាយ​ក្រុង​ភ្នំពេញ​​។ សម្រាប់​អាហារ​ធម្មតា​បី​ពេល​ក្នុង​មួយ​ថ្ងៃ​​គាត់​ចំណាយ​អស់​២,៥០​ដុល្លារ​។ ហើយ​នៅ​ថ្ងៃ​ខ្លះ​ប្រសិន​បើ​គាត់​ចង់​បាន​ឆ្ងាញ់​មាត់​បន្តិច​​នោះ​ គាត់​បាន​ចំណាយ​អស់​៥​ដុល្លារ​។ គាត់​បាន​បង់​២០ដុល្លារ​ផ្សេង​ទៀត​សម្រាប់​ថ្លៃ​ឈ្នួលផ្ទះ​ និង​១៥​ដុល្លារ​សម្រាប់​ថ្លៃ​ទឹក​និង​ភ្លើង​។ ផ្ទះ​ជួល​ដែល​គាត់​ស្នាក់​នៅ​សព្វ​ថ្ងៃ​ គឺ​បន្ទប់​ឈើទំហំ​២.៥x ២.៥ ម៉ែត្រដោយ​គ្មាន​បន្ទប់​ទឹក​ឬ​ក៏​ទឹក​ស្អាត ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ អ្នកស្រី សួស​ សារី ​និង​ប្តី​របស់​គាត់​ដែល​ជា​កម្មករ​ធ្វើ​ការ​ក្រៅ​ម៉ោង​មិន​មាន​លទ្ធភាព​ទិញ​ពូក​ឬ​កម្រាល​ពូក​ យក​ដាក់​លើ​គ្រែ​ឈើ​របស់​ពួក​គាត់ទេ​។ អ្នកស្រី សួស សារី​ ដែល​ជា​កម្មការិនី​​ដេរ​ខោ​នៅ​រោង​ចក្រ​កាត់​ដេរ​​ Bright Sky ក្នុង​ខណ្ឌពោធិ៍​សែន​ជ័យ​បាន​និយាយ​ថា ការ​ចំណាយ​ប្រចាំ​ខែ​សម្រាប់ខ្លួន​គាត់​តែ​ម្នាក់​ គឺ​១៣០​ដុល្លារ​ទៅ​ហើយ​ ប៉ុន្តែ​ប្រាក់​ខែ​គោល​នៅ​ក្នុង​វិស័យ​កាត់​ដេរ​​ គឺ​ត្រឹម​តែ​៨០​ដុល្លារ​ប៉ុណ្ណោះ ​ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​គ្មាន​ជម្រើស​ផ្សេងក្រៅ​ពី​ធ្វើ​ការ​ថែម​ម៉ោង​ឡើយ​។ អ្នកស្រី សួស​ សារី​ ក៏​បាន​ទៅ​ចូល​រួម​ធ្វើ​កូដ​កម្ម​ជាមួយ​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​រាប់​ពាន់​នាក់​ផ្សេង​ទៀត​ដែរ​ ដើម្បី​ទាម​ទារ​ឲ្យ​រដ្ឋា​ភិបាល​ដំឡើង​ប្រាក់​ខែ​គោ​ល​ពី​៨០​ដុល្លារ​ដល់​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​។ ម្ចាស់​រោ​ង​ចក្រ​បាន​លើក​ឡើង​ថា ខ្លួន​មិន​អាច​ធ្វើ​តាម​ការ​ទាម​ទារ​របស់​កម្មករបាន​​ឡើយ​ ដោយ​ចាត់​ទុក​ថា ការ​ទាម​ទារ​នេះ​ខ្ពស់​ពេក​ ហើយ​ប្រសិន​ បើ​ខ្លួន​ធ្វើ​តាម​ ខ្លួន​នឹង​ត្រូវ​បិទ​រោង​ចក្រ​។​ រីឯ​រដ្ឋាភិបាល​វិញ​ បាន​ព្យាយាម​សម្រប​​សម្រួល​ដោយ​ព្រម​ដំឡើង​ប្រាក់​ខែ​គោល​ដល់​១០០​ដុល្លារ​ឲ្យ​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​។ ប៉ុន្តែ​សម្រាប់​អ្នកស្រី សួស​ សារី​  វិញ ភាព ​ខុស​គ្នា​រវាង​ការ​ផ្តល់​របស់​រដ្ឋាភិបាល​និង​ការ​ទាម​ទារ​កម្មករ​ គឺ​វា​មិន​មែន​ខុស​គ្នា​ត្រង់​តួ​លេខ​នេះ​ទេ​ គឺ​វា​ខុស​គ្នា​ត្រង់​ចំណុច​ថា គាត់​ចង់​បាន​ សល់​ប្រាក់​ខ្លះ​សម្រាប់​កូន​ប្រុស​អាយុ​៨​ឆ្នាំ​តែម្នាក់​គត់​របស់​គាត់បាន​ចូល​សាលា​រៀន​ និង​បាន​រៀន​នៅ​សាកល​វិទ្យាល័យ​។ ក្តី​ស្រមៃ​របស់​គាត់​ គឺ​ចង់​ឲ្យ​កូន​របស់​គាត់​ក្លាយ​ជា​វេជ្ជបណ្ឌិត​នៅ​ពេលវា​ធំ​ឡើង​ ប៉ុន្តែ​គាត់​ដឹង​យ៉ាង​ច្បាស់​ថា ក្តី​ស្រ​មៃ​នេះ​មិន​អាច​ទៅ​រួច​ទេ​សម្រាប់​កូន​ប្រុស​ដែល​មាន​ម្តាយ​ជា​កម្មការិនី​​រោង​ចក្រ​កាត់​ដេរ​​ ហេតុ​ដូច្នេះ​ហើយ​គាត់បាន​ត្រឹម​តែ​សង្ឃឹម​ថា  កូន​គាត់​ នៅ​​ ថ្ងៃ​មួយ​នឹង​ក្លាយ​ជា​គិលានុបដ្ឋាក​ប៉ុណ្ណោះ។ គាត់​បាន​និយាយ​ថា​ “នៅ​ស្រុក​កំណើត​របស់ខ្ញុំ​ គឺ​ខ្វះ​​គ្រូ​ពេទ្យ​ច្រើន​ណាស់។​ ខ្ញុំ​ចង់​ឲ្យ​កូន​របស់​ខ្ញុំ​ក្លាយ​ជា​គិលានុបដ្ឋាក ព្រោះ​ធ្វើ​ដូច្នេះ​កូន​របស់​ខ្ញុំ​អាច​ជួយ​អ្នក​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ស្រុក​កំណើត​របស់​ខ្ញុំ​បាន​”។ នៅ​ក្នុង​ការ​ស្ទង់​​មតិ​មួយ​លើ​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​ដែល​ធ្វើ​ឡើង​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៣  ដោយ​​ក្រុម​ហ៊ុន​ធន​ធាន​មនុស្ស​ HR Inc.​ បាន​រក​ឃើញ​ថា វា​មាន​ភាព​ខុស​គ្នា​រវាង​កម្មករ​រោង​ចក្រ​កាត់​ដេរ​ដូច​ជា​ អ្នកស្រី សួស​ សារី​ ជាដើម​។ ក្រុម​ហ៊ុន​ HR Inc. បាន​លើក​ឡើង​ថា ប្រាក់​ខែ​​ជាមធ្យម​សម្រាប់​កម្មករ​ផ្នែក​ផលិត​ គឺ​១៧៨​ដុល្លារ​ក្នុង​មួយ​ខែ​ ហើយ​ពួក​គេ​អាច​ផ្ញើ​ប្រាក់​ចំនួន​ ៥៦​ដុល្លារ​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ខ្លួន​ដែល​នៅ​តាម​ខេត្ត​បាន​ ក៏​ដូច​ជា​អាច​សន្សំ​ប្រាក់​ខ្លះ​សម្រាប់​ថ្ងៃ​អនាគតផង​ដែរ។ លោក​ស្រី ជីល ថាក់ឃើ​ (Jill Tucker) ទី​ប្រឹក្សា​ជាន់​ខ្ពស់​សម្រាប់កម្មវិធី​រោងចក្រ​ល្អ​ប្រសើរ​នៅកម្ពុជា​របស់​អង្គការ​ពលកម្ម​អន្តរ​ជាតិ​ (ILO) បាន​រិះគន់​តួលេខទាំង​នេះ​ដោយ​​លើ​កឡើង​ថា កម្មករ​កម្មការិនីរោង​ចក្រ​កាត់ដេរមិន​បានប្រាក់ខែ​ក្បែរ​១៧៨​ដុល្លារ​ទេ​។ លោកស្រី ថាក់​ឃើ បាន​លើក​ឡើង​នៅ​ក្នុង​អ៊ីម៉េល​មួយ​កាល​ពីថ្ងៃអង្គារថា “តាម​បទ​ពិសោធ​រោង​ចក្រ​ល្អ​ប្រសើរ​នៅកម្ពុជា​​តាម​រយៈ​ការ​ពិនិត្យ​ប្រាក់​ខែ​នៅតាម​រោង​ចក្រ​កាត់​ដេរ​ច្រើន​ជាង​៤៧៥​រោង​ចក្រ​​ យើង​មើ​ល​ឃើញថា កម្មករ​ភាគច្រើន​ទទួល​បាន​ប្រាក់ឈ្នួល​ចន្លោះពី​ ១២០​ដុល្លារ​ ទៅ​១៣០​ដុល្លារ​។ ប្រាក់ឈ្នួល​នេះរួមមាន​​ប្រាក់​ខែ​គោល ប្រាក់ធ្វើការ​ថែម​ម៉ោង​យ៉ាង​ហោច​ណាស់​១២ម៉ោង​ក្នុង​មួយ​សប្តាហ៍​ និង​ប្រាក់​លើក​ទឹក​ចិត្ត​ ប្រាក់​រង្វាន់​ និង​ប្រាក់​​ឧបត្ថម្ភ​ផ្សេ​ងៗ​” ។ លោក ដេវ វែល (Dave Welsh)  ប្រធាន​ Solidarity Center  ប្រចាំកម្ពុជា​ជាអង្គការ​តស៊ូ​មតិ​ផ្នែក​ការងារ​របស់​សហរដ្ឋ​អាមេរិក​បាន​មាន​ប្រសាសន៍ថា បើ​គិត​បីស្ថាន​ភាព​ និងស​សារៈសំខាន់​នៃរោង​ចក្រកាត់ដេរ​នៅកម្ពុជា​កម្មករ​សម​នឹង​ទទួល​បាន​​ការដំឡើង​ប្រាក់ខែ​ខ្ពស់ជាងនេះ​ឆ្ងាយ​រួច​ទៅហើយ។លោក​បាន​មាន​ប្រសាសន៍ថា “ដោយ​សារតែកំណើន​ ចំនួន​ប្រាក់​ចំណេញ​​សម្រាប់​យីហោ និង​រោងចក្រ​នានា​នៅក្នុង​វិស័យ​កាត់​ដេរកម្ពុជា និង​ប្រាក់ចំណូល​ក្នុង​ឧស្សា​ហ​កម្ម​នេះ​មួយ​ចំនួន​រាប់​ពាន់​លាន​ដុល្លារ​សម្រាប់​រោង​ចក្រ​ត្រឹមតែ​៥០០​ វាគឺរឿង​​គួរ​ឲ្យ​អស់​សំណើច​ណាស់​ក្នុងការ​ពិភាក្សា​ក្នុង​​រឿង​នេះ​។ នៅក្នុងប្រទេស​ផ្សេង​ៗ​ទៀត​ពួកគេ​សមនឹង​ទទួល​បាន​ប្រាក់ខែ​ច្រើន​ជាង​អ្វី​ដែល​ពួកគេ​ទាម​ទារ​នៅ​ពេល​នេះ​”។ នៅក្នុងរបាយការណ៍​មួយ​ចេញ​កាល​ពី​ឆ្នាំ​មុន​ ក្រុម​បញ្ញវន្ត​មកពីសាកល​វិទ្យាល័យ ស្ទែន​ហ្វដ បាន​រកឃើញថា ប្រាក់ឈ្នួល​ពិត​ប្រាកកដ​របស់​​កម្មករ​បាន​ធ្លាក់​ចុះ​ក្នុង​ពេល​មួយ​​ទសវត្សរ៍​កន្លង​មក​នេះដោយសារ​តែ​អតិផរណា។ របាយការណ៍​ដែល​មាន​ឈ្មោះថា “ការ​ពិនិត្យតាម​ដាន​ក្នុង​ទីងងឹត” នេះបាន​លើក​ឡើង​ថា  “ប្រាក់​ឈ្នួល​នៅតាម​រោង​ចក្រ​កាត់​ដេរ​នៅកម្ពុជា​បានធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​១០ឆ្នាំ​កន្លង​មក​នេះ​ ខណៈដែល​កម្មករកាត់ដេរ​នៅក្នុង​ប្រទេសកម្ពុជា​នាំ​ចេញ​សម្លៀល​បំពាក់​មួយ​ចំនួន​ទៀតនៅ​ក្នុង​តំបន់​បាន​ឡើង​ប្រាក់ឈ្នួល​ រួម​ទាំង​នៅ​ក្នុង​ប្រទេស​ចិន ប្រទេស​ឥណ្ឌូណេស៊ី និង​ប្រទេស​វៀត​ណាម​ផងដែរ”។ អង្គការឃ្លាំមើលសិទ្ធិការងារ​ Worker Rights Consortium (WRC) ដែល​បានសិក្សា​ពី​ជីវភាព​របស់កម្មករ​នៅក្នុង​តំបន់​បាន​លើក​ឡើង​ថា បើ​គិត​ពី​អតិផរ ណា​ប្រាក់​ខែពិត​ប្រាកដ​របស់​កម្មករ​កាត់​ដេរ​បាន​ធ្លាក់​ចុះ​ “ខ្លាំង​” ចន្លោះ​ពីឆ្នាំ​២០០១ ដល់ឆ្នាំ​២០១១​។ WRC បាន​រក​ឃើញថា នៅត្រឹម​ឆ្នាំ​២០១១​ប្រាក់ ឈ្នួល​ពិតប្រាកដ​បាន​ធ្លាក់​ចុះ​២២​ភាគរយ​។ Asia Floor Wage Alliance  ដែលជាសម្ពន្ធ​អន្តរជាតិ​នៃក្រុម​ពាណិជ្ជកម្ម​និង​សកម្មជន​សិទ្ធិការងារ​ បាន​លើកឡើង​ថា ប្រាក់​ខែ​គោល​ដែល​កម្មករ​​គួរតែទ ទួល​បាន​គឺខ្ពស់​ជាង​ឆ្ងាយណាស់​​ បើ​ប្រៀបធៀបទៅ​ប្រាក់​ខែ​ដែល​ពួកគេ​កំពុង​ទាមទារ​។ ពួកគេ​និយាយ​ថា ប្រាក់​ខែ២៨៣​ដុល្លារ​ នឹង​ធ្វើ​ឲ្យកម្មករ​អាចរស់​នៅ​ដោយ​សេចក្តីថ្លៃថ្នូរ​ និង​មាន​លទ្ធ​ភាពអាច​សន្សំប្រាក់​សម្រាប់​ថែទាំ​សុខភាព ចូល​និវត្ត​ ឬ​សម្រាប់​ទំនុក​បម្រុង​ឲ្យកូន​ៗ​របស់​ពួកគេ​បន្ត​ការ​សិក្សា​នៅម ហាវិទ្យាល័យ​។ ប្រាក់ខែគោល​១៦០ដុល្លារ​បូករួម​ប្រាក់​ឧបត្ថម្ភ​ និង​ប្រាក់​ធ្វើការ​បន្ថែម​ម៉ោង​នឹង​ឈាន​ជិត​ដល់​ប្រាក់​ខែ​ដែល​ត្រូ​វស្នើ​ឡើង​​របស់​​​Asia Floor Wage Alliance ។ កម្មករ​ដូចជា​ អ្នកស្រី សារី ដែល​​បាន​រស់​នៅក្នុង​ភាពក្រី​ក្រ​​អស់​រយៈពេលរាប់​ទសវត្សរ៍មក​នោះ​ នឹង​អាច​ធ្វើ​ឲ្យជីវភាព​របស់​ក្រុម​គ្រួសារ​របស់​​ពួក​គាត់​ប្រសើរ​ឡើង​។ អ្នកស្រីនិយាយ​ថា “ប្រសិនបើ​យើង​ទទួលល​បាន​ប្រាក់​ខែ​១៦០​ដុល្លា​រ​ ខ្ញុំ​អាច​បញ្ជូន​កូន​ប្រុស​របស់​ខ្ញុំទៅសិក្សា​នៅ​សាកល​វិទ្យាល័យ​បាន​ហើយ ដូច្នេះ​គេ​អាច​សិក្សា​ធ្វើ​ជា​គិលានុបដ្ឋាកបាន​”៕ ស៊ុយឈាង និង​ សុខុម​

ស្ថានទូត​កូរ៉េខាង​ត្បូង​បដិសេធ​ថា ខ្លួន​មិន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​កូដកម្ម​ឡើយ​

កាល​ពីម្សិលមិញ ស្ថានទូត​កូរ៉េខាង​ត្បូង​​បាន​ច្រាន​ចោល​សេចក្តី​រាយការណ៍​ក្នុង​សារព័ត៌មាន​​​ដែល​ថា ខ្លួន​បាន​ណែនាំ​ឲ្យ​អាជ្ញា​ធរ​យោធា​កម្ពុជា​ “ បង្ក្រាប​ក្រុមអ្នក​តវ៉ា​​” ក្នុង​បំណង​ការ​ពារ​វិនិយោគ​កូរ៉េ​ នៅ​ក្នុង​វិស័យ​​កាត់​ដេរ​ មុន​ពេលកម្លាំង​កង​រាជ​អាវុធ​ហត្ថ​ធ្វើ​ឲ្យ​​អ្នក​តវ៉ា​​ប្រាំ​នាក់​បាត់​បង់​ជីវិត​​ កាល​ពីថ្ងៃ​សុក្រ​សប្តាហ៍​មុន និងអ្នក​តវ៉ា​​ជាង​៤០​នាក់​ផ្សេង​​ទៀត​​​​រង​របួស​។ អត្ថបទ​មួយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពីល្ងាច​ថ្ងៃ​អង្គារ​ ដោយ​​សារព័ត៌មាន​ ក្លូ​ប៊ល​ផុស ( GlobalPost)​ ដែល​មាន​មូលដ្ឋាន​នៅ​សហ​រដ្ឋ​អាមេរិក​ ដោយ​​ដក​ស្រង់​​ខ្លឹម​សារ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ស្ថាន​ទូត​កូរ៉េ​ខាង​ត្បូង​ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​​តាម​ប្រព័ន្ធ​អីុន​ធើណិត​ ជា​ភាសា​កូរ៉េ​។ នៅ​ក្នុង​សេចក្តី​ថ្លែង​​ការណ៍នោះ​ ​ មន្ត្រី​ស្ថាន​ទូត​ តាម​ការ​ចោទ​ប្រកាន់​​ បានលើកឡើង​ថា ខ្លួន​បាន​ស្នើ​ឲ្យ​​យោ​ធា​កម្ពុជា​ “ ដាក់​ចេញ​នូវ​ចំណាត់​ការ​ឲ្យ​បាន​ឆាប់​រហ័ស​”​ ដើម្បី​ការ​ពារ​រោង​ចក្រ​ដែល​ជា​កម្ម​សិទ្ធិ​របស់​ប្រជាពល​រដ្ឋ​ខ្លួន​។ យោ​ងតាម​សារព័ត៌មាន​ ក្លូប៊ល​ផុស បាន​ឲ្យ​ដឹង​ថា នៅក្នុងសេចក្តីថ្លែងការណ៍​ចេញ​ផ្សាយ​កាល​ពីថ្ងៃ​ច័ន្ទ​នោះ​ “ ស្ថានទូត​កូរ៉េ​ខាង​ត្បូង​​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​យល់​អំពី​ស្ថានភាពធ្ងន់​ធ្ងរ​ និង​ចាត់​វិធាន​ការ​ឲ្យ​បាន​លឿន​។ ស្ថាន​ទូត​នេះ​បាន​ចាត់​ទុក​ការ​ជំរុញ​កម្រិត​ខ្ពស់​កាល​ពីពីរ​សប្តាហ៍​មុន​ជា​ការ​ចូល​រួម​ចំណែក​​ក្នុង​ការទទួល​ជោគ​ជ័យ​ក្នុងការ​ការ​ពារ​ផល​ប្រយោជន៍​ពាណិជ្ជកម្ម​”។ សារព័ត៌មាន​ ក្លូប៊លផុស​ បាន​រាយការណ៍​ដោយ​ដក​ស្រង់​ខ្លឹមសារនៅក្នុង​សេចក្តី​ថ្លែង​ការណ៍​ដដែល​ទៀត​ថា “ ជាវិធានការ​ជាក់​ស្តែង​ កម្លាំង​យោធា​ និង​នគរបាល​បាន​សហ​ការ​ជាមួយ​យើង​​ក្នុងការ​ការពារ​ក្រុម​ហ៊ុន​កូរ៉េ​​ តាំង​ពី​ពេល​យើង​បាន​ធ្វើ​ទស្សន​កិច្ច​ទៅ​កាន់​អគ្គ​បញ្ជាការ​ដ្ឋាន​ការពារជាតិ​ក្នុង​រាជធានី​ ជា​មួយ​ពាណិជ្ជករ​កូរ៉េ​ ដើម្បីប្រាប់​មន្ត្រី​ទាំង​នោះ​អំពីស្ថានភាព​​នេះ​”។ សេចក្តី​ថ្លែង​ការណ៍​ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ស្ថាន​​ទូត​កូរ៉េខាង​ត្បូង​មាន​ខ្លឹម​សារ​ថា “ ជា​លទ្ធផល​ក្នុងការ​ការពារ​កំុ​ឲ្យមាន​សកម្ម​ភាព​ប៉ុន​ប៉ង​​ដុត​បំផ្លាញ​​ ឬ​ក៏​លួច​ទ្រព្យសម្បត្តិ​ផ្សេង​ៗ កម្លាំង​យោ​ធា​កំពុង​ការ​ពារ​​ដោយ​ផ្ទាល់​តែ​ក្រុម​ហ៊ុន​កូរ៉េ​ ក្នុង​ចំណោម​ក្រុម​ហ៊ុន​រោង​ចក្រ​ជា​ច្រើន​ក្នុង​បរិវេណ​សួន​ឧស្សាហ​កម្ម​កាណាឌីយ៉ា​”។ សារព័ត៌មាន​ក្លូប៊ល​ផុស​ បាន​រាយការណ៍​បន្ថែម​ទៀត​ថា មន្ត្រី​ស្ថាន​ទូត​កូរ៉េខាង​ត្បូង​បាន​បង្កើន​សេចក្តី​អំពាវ​នាវ​របស់​ខ្លួន​ អំឡុង​កិច្ច​ប្រជុំ​ជាមួយ​លោក ឱម យិុន​ទៀង​ ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​ លោក​ អ៊ូច​ បូរិទ្ធ​ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរ​ជាតិ​ និង​មន្ត្រី​ដទៃ​ទៀត។ កាល​ពីម្សិលមិញ​ មន្ត្រី​ស្ថាន​ទូត​កូរ៉េខាង​ត្បូង​មួយ​រូប​បាន​លើក​ឡើង​ថា មន្ត្រី​​ស្ថាន​ទូត​ទាំង​នោះ​​​គ្រាន់​តែ​ធ្វើការ​ងារ​របស់ខ្លួន​ប៉ុណ្ណោះ​​​ ដោយ​ស្នើ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​​ការពារ​អាជីវ​កម្ម​កូរ៉េខាង​ត្បូង​​ ក៏​ប៉ុន្តែ មិនបាន​​ស្នើ​ឲ្យ​​មាន​ការ​ដាក់​ចេ​ញនូវ​ចំណាត់ការ​យោធា​ ឬ​ក៏​អំពើ​ហិង្សា​ទៅលើ​ក្រុម​អ្នក​តវ៉ា​ទេ​។ លោក លី យុន​ចុង ​(Lee Hyunt-Jong ) ​ ក្រុម​ប្រឹក្សា​រដ្ឋមន្ត្រី​នៅ​ស្ថាន​ទូត​កូរ៉េខាងត្បូង​ បាន​មាន​ប្រសាសន៍​កាល​ពីម្សិលមិញ​ថា “ យើង​បាន​ទទួល​របាយការណ៍​មួយ​ចំនួន​ពី​​សហ​គមន៍​ អាជីវកម្មកូរ៉េ​ ទាក់ទង​​ទៅ​នឹង​ចលា​ចល​ពល​កម្ម​ដែ​ល​អាច​កើតឡើង​ និង​ក្តី​កង្វល់​របស់​ពួក​គេ​។ ដូច្នេះ​ក្នុង​មុខ​ងារ​ការទូត​ធម្មតា​យើង​បាន​បង្ហាញ​ក្តី​បារម្ភ​ទាំង​នេះ​ដល​់​អាជ្ញាធរ​កម្ពុជា​...​”។ លោក លី ​បាន​មាន​ប្រសាសន៍​បន្ត​ថា “ យើង​ស្នើ​ឲ្យ​​រដ្ឋាភិបាល​កម្ពុជា​ ផ្តោ​ត​អារម្មណ៍​ទៅលើ​ស្ថាន​ភាព​លំបាក​ៗ​ដែល​វិនិ​យោគិន​កូរ៉េ​ប្រឈម​ ដោយសារ​តែ​ចលាចល​​​ពល​កម្ម​”។ លោក​បាន​លើកឡើង​បន្ត​ថា កាល​​ពី​ថ្ងៃទី​២៧​ ខែ​ធ្នូ មន្ត្រី​ស្ថាន​ទូត​បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​ ប៉ុន្តែ មិន​មាន​​កិច្ច​ពិភាក្សា​អំពី​ចំណាត់​ការ​ទៅ​លើ​កម្មករ​កម្ម​ការិនី​រោង​ចក្រ​កាត់​ដេរទេ​។ លោក លី​ ក៏​បាន​​ឲ្យដឹង​ផង​ដែរ​ថា មាន​លិខិត​ជាច្រើន​ត្រូវ​បាន​ផ្ញើ​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ក្រសួង​ការបរទេស​ និង​​សហ​ប្រតិបត្តិការ​អន្តរ​ជាតិ​ និ​ងលោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​។ នៅ​ក្នុង​លិខិត​នោះ​ក៏​មាន​សំណើ​ជាទូទៅ​ឲ្យមាន​ការ​ការ​ពារ​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​ផង​ដែរ​​។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ “ យើង​បាន​លើកសំណើ​ជាទូទៅ​ ក៏ប៉ុន្តែ មិន​បាន​ស្នើ​ឲ្យ​​មាន​ចំណាត់​ការ​ជាក់លាក់ណា​មួយ​​​ ឡើយ​។​ដូច្នេ​ះ​ យើង​មិន​បាន​ស្នើ​ឲ្យមាន​បទ​​ អន្តរាគម​ន៍​​​ផ្នែក​យោធា​ទេ​”។ លោក​បាន​បន្ថែម​ថា សេចក្តី​ថ្លែង​ការណ៍​របស់​ស្ថាន​ទូត​កូរ៉េខាង​ត្បូង​ត្រូវ​បាន​បកស្រាយខុស​។ លោក​ បន្ត​ថា “ យើង​​គ្រាន់​តែ​បាន​ទំនាក់​ទំនង​ម្តង   ​  កាល​ពីថ្ងៃ​សៅរ៍ បន្ទាប ់​ ពី​​ការ​បង្ក្រាប​បាន​កើត​ឡើង​​ ពីព្រោះ​យើង​មាន​ក្រុមហ៊ុន​កូរ៉េ​មួយ​ចំនួន​នៅ​សួន​ឧស្សាហ​កម្ម​កាណា​ឌីយ៉ា​ ហើយ​ក្រុម​ហ៊ុន​ទាំង​នោះ​ពិត​ ជា​ព្រួយ​បារម្ភអំពី​ស្ថាន​ភាព​​ពល​កម្ម​មែន​”។ លោក ផៃ សីុផាន អ្នក​នាំពាក្យ​​ទី​ស្តី​ការ​គណៈ​​រដ្ឋ​មន្ត្រី​បាន​​អះ​អាង​ថា រដ្ឋាភិបាល​មិន​បាន​ផ្តល់​​ចំណាត់​ការ​ពិសេស​ដល់​នរណា​ម្នាក់​ទាក់​ទង​ទៅនឹង​ផ្នែក​សន្តិសុខ​ទេ​។ លោកបាន ផៃ សីុផាន  ​មាន​ប្រសាសន៍ថា “ យើង​យល់​​ថា ​សមាជិក​ស្ថាន​ទូត​បរទេស​នៅ​ក្នុង​ប្រទេស​ កម្ពុជា​បានស្នើ​ឲ្យមានការ​ការ​ពារ​វិនិយោគ ​របស​់ខ្លួន​ និង​ទ្រព្យ​សម្បត្តិ​ឯកជន​របស់​វិនិ​យោគិន​​របស់ខ្លួន​។ ច្បាប់​ហាម​មិន​ឲ្យយើង​ធ្វើ​បែ​ប​នោះ​ទេ​”។ លោក​បាន​បន្ថែម​ថា វិនិ​យោគិន​បរទេស​ទាំង​អស់​​មាន​តម្លៃ​ស្មើ​ៗ​គ្នា​។ ក៏​ប៉ុន្តែ រោង​ចក្រ​មួយ​ គឺ​រោងចក្រកាត់​ដេរ​ យ៉ាក់​ជីន (Yakjin) ​ ដែល​ជា​កម្ម​សិទ្ធិ​របស់​វិនិយោគិន​កូរ៉េខាង​ត្បូង​ ពិត​ជា​បាន​ទទួល​ចំណាត់ការ​ពិសេស​កាល​ពីថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​មុន​ នៅ​ពេល​​នាយ​ទាហាន​​ប្រហែល​ ១៥០​នាក់​មក​ពី​កង​ឆត្រ​យោង​លេខ​៩១១​ ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្លោង​ទ្វារ​ចូល​​របស់​រោង​ចក្រ​ដែល​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានីភ្នំពេញ​នេះ​។ កម្មករ​រោង​ចក្រ​កាត់​ដេរ​ មេដឹកនាំ​សហ​ជីព​ និង​សកម្មជន​ដទៃ​ទៀត​ បានកំពុង​​តវ៉ា​នៅ​ខាង​ ក្រៅ​រោង​ចក្រ​ យ៉ាក់​ជីន​ នៅ​ពេល​​កម្លាំង​​ទ័ព​ឆត្រ​យោង​វាយ​ប្រហារ​ដោយ​ដំបង​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ទាំង​នេះ​ បន្ទាប់​ពី ហេតុការណ៍​​គប់​ដំុថ្ម​​បាន​កើត​ឡើង​។ ទាហាន​ដែល​ប​ំពាក់​ដោយ​​ដំបង​ដែក​ ដំបង​ឆក់​​ ចំពាមកៅ​ស៊ូ​​ និង​ខ្សែតី​ភ្ជាប់​ជា​មួយ​បំពង់​ជ័រ បាន​វាយ​យ៉ាង​សាហាវ​ទៅ​លើ​កូដករ​ មេដឹកនាំ​សហ​ជីព​ និង​អ្នក​សារព័ត​៌​មាន​​ និង​បាន​ឃាត់ខ្លួន​ព្រះសង្ឃ​ប្រាំអង្គ​​ និង​​អ្នក​តវ៉ា​១០នាក់​ផ្សេង​ទៀត​។ រូ​ប​ថត​កម្លាំង​ទ័ព្រ​ឆត្រ​យោង​លេខ​៩១១​​មួយ​រូប​នៅកន្លែង​កើត​ហេតុ​នៃ​អំពើ​ហិង្សា​នេះ​ បង្ហាញ​ឲ្យ​ច្បាស់​ថា ទាហាន​ឆត្រ​យោង​រូប​នេះ​ពិត​ជា​ពាក់​ទង់​ជាតិ​កូរ៉េខាង​ត្បូង​ជា​សញ្ញា​កម្លាំង​ប្រដាប់​អាវុធ​​នៅ​លើ​ឯក​សណ្ឋាន ​របស់ខ្លួន​។ សញ្ញា​បែប​នេះ​តែង​តែ​ជា​សញ្ញា​សម្គាល់​នៅ​ពេល​ទាហាន​កម្ពុជា​មួយ​រូប​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​នៅក្រៅ​ប្រទេស​​។ អំពើ​ហិង្សា​បាន​ផ្ទុះឡើង​ដោយសារ​កម្លាំង​ ទ័ព​ឆត្រ​យោង​ទាំង​នេះ​ នៅ​រោង​ចក្រ​ យ៉ាក់​ជីន គឺ​ជា​ហេតុការណ៍​ដំបូង​ដែល​បានកើត​ឡើង​កាល​ពីពីរ​សប្តាហ៍​មុន​នៅពេល​កម្មករ​រោង​ចក្រ​កាត់​ដេរ​កំពុង​ធ្វើ​កូដកម្ម​ និង​ជា​លើក​ដំបូង​ដែល​ទាហាន​សមរភូមិមុខ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅតាម​វិថី​នានា​ក្នុង​រាជ​ធានី​ភ្នំពេញ​ដើម្បី​បង្ក្រាបកូដ​កម្ម​។ មិន​ទាន់​មាន​សេចក្តី​ពន្យល់​ពី​សំណាក់​រដ្ឋា​ភិបាល​ទាក់​ទង​ទៅ​នឹង​មូលហេតុ​ដែល​រោង​ចក្រ​យ៉ាក់​ជីន ទទួល​បាន​កិច្ច​ការពារ​ពិសេស​ពី​អង្គភាព​ទ័ព​ឆត្រ​យោង​នេះ​នៅ​ឡើយ​ទេ​។ លោក ផៃ​ សីុផាន ក៏​បាន​អះអាងកា​ល​ពី​ម្សិល​មិញផង​ដែរថា ​​ទ័ព​ឆត្រ​យោង​បាន​មក​​គាំទ្រ​កម្លាំង​នគរបាល​ ក៏​ប៉ុន្តែ សាក្សី​រួម​ទាំង​អ្នក​សារព័ត៌មាន​កាសែត​ ខេម​បូឌា ដេលី​ បាន ​ឲ្យដឹង​ថា ទ័ព​​ឆត្រ​យោង​លេខ​៩១១​គ្រាន់​តែ​ជាកម្លាំង​ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​រោង​ចក្រ​ យ៉ាក់​ជីន ប៉ុណ្ណោះ​ និង​មិន​មាន​​កម្លាំង ​នគរបាល​នៅក្បែរ​រោង​ចក្រ​នោះ​ទេ​ នៅមុន ឬក៏​ក្រោយ​​ហេតុការណ៍​អំពើ​ហិង្សា​ដែល​បង្ក​ឡើង​ដោយ​កម្លាំង​ទ័ព​ទាំង​នេះ​៕ សុធា​ (រាយការណ៍​បន្ថែ​មដោយ ហ៊ុល រស្មី​)

អង្គការ​​សិទ្ធិមនុស្ស​​នៅ​ទី​​ក្រុង​ប៉ារីស​ថ្កោល​ទោស​ចំពោះការ​បាញ់​សម្លាប់​អ្នក​តវ៉ាពីសំណាក់​​​អាជ្ញាធរ​​​

នៅក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​រួមមួយ​ដែល​បាន​​ចេញ​ផ្សាយ​ក្នុង​ក្រុង​ប៉ារីស​កាល​ពី​ថ្ងៃ​ច័ន្ទ សហព័ន្ធ​​សិទ្ធិមនុស្ស​​អន្តរជាតិ​ (FIDH)​ ព្រម​ទាំង​​អង្គការ​សិទ្ធិមនុស្ស​ក្នុងស្រុក​អាដ​​ហុក ​និង​លីកាដូ កាល​ពី​ថ្ងៃសុក្របាន​ថ្កោល​ទោស​ចំពោះ​​ការ​បាញ់​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​ដែល​បាន​​ធ្វើ​ការ​​តវ៉ាពី​សំណាក់​អាជ្ញាធរ​។ លោក ការីម ឡាហ៊ីធី ប្រធាន​ FIDH បាន​​លើកឡើង​នៅក្នុង​សេចក្តីថ្លែង​ការ​ណ៍​នោះ​ថា “ការ​បាញ់​សម្លាប់​បាតុករ​ពី​សំណាក់​អាជ្ញា​ធរ​​រដ្ឋាភិបាល​មិន​អាច​ទទួល​យក​​បាន​ឡើយ។ រដ្ឋាភិបាល​ត្រូវ​តែ​ប្រើ​ប្រាស់​ការ​ចរចា មិន​មែន​ប្រើ​អាវុធ​ និង​ដំបង​ ដើម្បី​ដោះ​ស្រាយ​ការ​ទាម​ទារ​របស់​កម្មករ​ និង​ដើម្បី​ដោះ​ស្រាយ​ជា​មួយ​​អ្នក​​ប្រឆាំង​ផ្នែក​​នយោបាយ​បែបនេះ​ឡើយ”។ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ កង​រាជ​អាវុធ​ហត្ថ​បាន​បាញ់​ទៅលើ​កម្មករ​រោង​ចក្រកាត់​ដេរ​មួយ​ក្រុម​ដែល​ធ្វើការ​តវ៉ា​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​គោល​។ អ្នក​តវ៉ា​បាន​បិទ​ផ្លូវ​មួយ​ក្នុង​ខណ្ឌ​ពោធិ៍សែន​ជ័យ​ រាជ​ធានី​ភ្នំពេញ​ ហើយ​បាន​គប់​ដុំថ្ម​ដាក់​កង​រាជ​អាវុធ​ហត្ថ​ដែល​បាន​បាញ់​កាំ​ភ្លើង​អាកា-៤៧តប​វិញ​ដោយ​ប្រើ​​គ្រាប់​ពិត​ធ្វើ​ឲ្យ​កម្មករ​ប្រាំ​នាក់​ស្លាប់​ និង​របួស​ជាច្រើន​នាក់​ទៀត។ អង្គការ​អាដហុក​បាន​ទាម​ទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ពី​ការ​បាញ់​សម្លាប់​នេះ។ លោក ធន សារាយ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែងការ​ណ៍​នេះ​ថា “រដ្ឋាភិបាល​ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ឆាប់​ ដោយ​ហ្មត់​ចត់ និង​ដោយ​ឯក​រាជ្យ​ចំពោះ​ការ​បាញ់​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករាកន្លង​មកនេះ ហើយ​​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​​ហេតុការ​ណ៍​នោះ”។ បើ​ទោះ​ណា​មាន​សាក្សី រូបថត​ និង​រូប​ភាព​ វីដេអូ​អំ​ពីការ​បាញ់​នោះ​ក៏ដោយ ក៏​លោក​ឧត្តម​សេនីយ៍ត្រី ខេង ទីតូ អ្នក​នាំពាក្យ​កង​រាជ ​អាវុធ​ហត្ថ​បាន​បដិសេធ​ថា កង​កម្លាំង​របស់​រដ្ឋាភិបាល​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់ នោះឡើយ ហើយ​បាន​លើក​ឡើង​​ថា ក៏មិន​មាន​​ការ​ស៊ើប​អង្កេត​​ពី​ហេតុការ​ណ៍​នោះ​ដែរ។​ ក្រសួង​ការ​បរទេស​បារាំង​ សមាជិក​សភា និង​ជា​ប្រធាន​គណៈកម្មការ​កិច្ច​ការ​បរ​ទេស​អាមេរិក និង​អង្គការ​សហប្រជា​ជាត​ិ​ក៏បាន​ថ្កោល​ទោស​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​របស់​​អាជ្ញាធរ​កាល​ពី​ពេល​ថ្មី​ៗនេះ​ដែរ៕​សារុន

សមាជិក​សភា​សហរដ្ឋអាមេរិក​អំពាវ​នាវ​ឲ្យ​លោក ហ៊ុន​ សែន​ ចុះ​ចេញ​ពី​តំណែង​

ប្រធាន​គណៈ​កម្មការ​កិច្ចការបរ​ទេស​អាមេ​រិក បាន​អំពាវនាវ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​  ចុះ​ចេញ​ពី​តំណែង និង​បាន​ថ្កោល​​ទោស​​ការ​ប្រើ​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​សុក្រ​ក្នុង​ប្រទេស​កម្ពុជា​​ នៅ​ពេល​កង​រាជ​អាវុធ​ហត្ថ​បាន​បាញ់​សម្លាប់​អ្នក​តវ៉ា​ចំនួន​ប្រាំនាក់។ លោក​ អេដ​ រ៉យស៍ (Ed Royce) សមាជិក​សភា​​​​​​និង​ជា​ប្រធាន​គណៈកម្មការ​ការ​បរ​ទេស​​​​អាមេរិក​បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍មួយ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​គេហ​ទំព័រ​របស់​គណៈកម្មការ​ការ​បរទេស​អាមេរិក​កាល​ពី​​ថ្ងៃ​អាទិត្យ​ថា “ហ៊ុន​ សែន បាន​ដឹក​នាំ​​ប្រ​ទេស​​​​​​កម្ពុជា​ដល់​មាត់​រណ្តៅ​ហើយ​”។ លោក​បាន​សរសេរ​ថា “ដោយ​លែង​មាន​​​​​ហេតុ​ផលដើម្បី​រក​រឿង​​គណបក្ស​ប្រឆាំង​តទៅ​​មុខ​ទៀត​ គណបក្ស​ប្រជា​ជន​កម្ពុជា​ឥឡូវ​នេះ​​​កំពុង​សម្លាប់​អ្នក​តវ៉ា​ដែល​នាំ​គ្នា​តវ៉ា​ដោយ​​​សន្តិវិធី​ ហើយ​បាន​ចេញ​ដីកា​កោះ​ហៅលោក​ សម​​ សង្ស៊ី​ និង​លោក​ កឹម​ សុខា ដែល​បាន​លាក់​ខ្លួន​ដោយ​សារ​ការ​បង្ក្រាប​​របស់​គណបក្ស​​ប្រជា​ជន​កម្ពុជា​នោះ​”។ លោក​ អេដ រ៉យស៍​ ដែល​មណ្ឌល​របស់​គាត់​មាន​មួយ​ផ្នែកស្ថិត​នៅ​ក្នុង​ទី​ក្រុង​ ឡង​ ប៊ិច​ រដ្ឋកាលី​ហ័្វរញ៉ាជា​ទី​​​​​​​ដែល​​​​​​​​ពលរដ្ឋ​​​ខ្មែរ​រស់​នៅ​ទី​នោះ​ច្រើន​បំផុត​ បាន​មាន​ប្រសាសន៍​ថា “វា​ដល់​ពេល​ ហ៊ុន​ សែន​ ចុះ​ចេញ​ពី​តំណែង​​​និង​បញ្ចប់​ការ​ក្តោប​ក្តាប់​អំណាច​ដែល​មាន​​រយៈ​ពេល​បី​ទសវត្សរ៍ហើយ។ រីឯពលរដ្ឋ​ខ្មែរ​វិញ​ក៏​ដល់​ពេល​ទទួល​បាន​ការ​រីក​ចម្រើន​​ហើយដែរ​”។ ខណៈ​លោក​ សម​ រង្ស៊ី​ និង​លោក​ កឹម​ សុខា ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​​ខ្លួន​នៅ​តុលា​ការ​នៅ​ថ្ងៃ​ទី​១៤​ខែ​មករា​ ដោយសារ​មាន​ជាប់​ពាក់​ព័ន្ធនៅ​ក្នុង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​អ្នក​តវ៉ា​នោះ​ ដីកាចាប់​ខ្លួន​លោក​ទាំង​​ពីរ​នៅ​មិន​ទាន់​ត្រូវ​បាន​ចេញ​នៅ​ឡើយ​ទេ​ ដោយ​ផ្ទុយ​ទៅ​នឹង​ការ​អះ​អាង​របស់​សមាជិក​សភា​អាមេរិក​។ ការ​តវ៉ា​កាល​ពី​ថ្ងៃ​សុក្រ​នៅ​តាម​ផ្លូវ ​វ៉េង​ស្រេង ​មិន​មែន​ធ្វើ​ឡើង​ដោយ​សន្តិវិធី​ទេ​ហើយ​មាន​យុវជន​រាប់​សិប​នាក់​​បាន​គប់​ដុំ​ថ្ម​និង​ដបសាំង​ដាក់​កង​រាជ​អាវុធ​ហត្ថ​ ហើយ​ជា​ការ​ឆ្លើយ​តប​កង​រាជ​អាវុធ​ហត្ថ​បាន​បាញ់​គ្រាប់​កាំភ្លើង​ពិត​ដាក់​ក្រុម​យុវ​ជន​ទាំង​នេះ​វិញ ​ដោយ​បណ្តាល​ឲ្យ​បាតុករ​ប្រាំ​នាក់​បាន​ស្លាប់​។ វា​មិន​មែន​ជា​លើក​ទី​១​ទេ​ ដែល​លោក អេដ​ រ៉យស៍​ បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​គណ​បក្ស​សង្គ្រោះ​ជាតិ។ ​នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ការ​រៃ​អង្គាស​ប្រាក់​នៅ​សហ​រដ្ឋ​អាមេរិក​កាល​ពី​ខែធ្នូ​ ដែល​មាន​ការ​ចូលរួម​ពី​លោក​ កឹម​ សុខា​ អនុ​ប្រធាន​បក្ស​ផង​នោះ​ លោក​ អេដ រ៉យស៍ ក៏​បាន​អំពាវ​នាវ​ឲ្យ​លោក​ ហ៊ុន​ សែន​ ចុះ​ចេញ​ពី​តំណែង​ផង​ដែរ​​​ ដោយ​លើក​ឡើង​ពី​មូល​ហេតុ​ចាប់​យក​ដី​ធ្លី​ដោយ​ខុស​ច្បាប់​ ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ និង​ការ​បន្លំ​សន្លឹក​ឆ្នោត​នៅ​ក្នុង​ការ​បោះ​​ឆ្នោត​​​ជាតិ​កាល​ពីថ្ងៃ​ទី​ ២៨​ ខែ​កក្កដា ។ កាល​ពី​ម្សិល​មិញ​ ក្រសួង​ការ​បរទេស​បារាំង​ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការ​ណ៍​មួយ​ផង​ដែរ​ ដោយ​លើក​ឡើង​ថា​ ប្រទេស​បារាំង​បាន​តាម​ដាន​ស្ថាន​ភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​។ ក្រសួង​ការបរទេស​បារាំង​បាន​លើក​ឡើង​​​ថា “ បាន​ជំទាស់​នឹង​ការ​ប្រើ​អំពើ​ហិង្សា​ដែល​បណ្តាល​ឲ្យ​មនុស្ស​មួយ​ចំនួន​បាត់​បង់​ជីវិត​ ហើយ​បាន​លើក​ឡើង​ម្តង​ទៀត​ពី​ការ​ប្តេជ្ញា​របស់​ខ្លួន​ចំពោះ​សេរី​ភាព​នៃ​ការ​ធ្វើ​បាតុកម្ម​អហិង្សា”។ ក្រសួង​ការ​បរទេស​បារាំង​បាន​បន្ថែម​ថា “វា​ជា​រឿង​ចាំបាច់​ដែល​ការ​ចរចា​ផ្នែក​នយោ​​​​បាយ​អាចបន្ត​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ​​​ ដើម្បី​ជួយ​ឲ្យ​ភាគី​​ដែល​ខ្វែង​គំនិត​អាច​ធ្វើ​ការ​ជា​មួយ​​​គ្នា​បាន​ ដោយ​ស្មារតី​អត់​ធ្មត់​ក្នុងគោល​បំណង​​ធ្វើ​ឲ្យ​​ស្ថាប័ន​នីមួយៗ​ដំណើរ​ការ​បាន​ល្អ​ប្រសើរ​”។ លោក​ ស៊ាន​ ម៉ាកឃិនតុស (Sean McIntosh) អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​អាមេរិក​ក៏​បាន​ថ្កោល​ទោសដែរ​ចំពោះ​រឿង​មេ​ដឹក​នាំ​គណ​បក្ស​​ប្រឆាំង​ទទួល​បាន​ដីកាកោះពី​តុលា​ការ​។ លោក​បាន​លើក​ឡើង​នៅ​ក្នុង​អ៊ីម៉េល​មួយ​ថា “ដោយ​មាន​ជាប់​ព័ន្ធ​ទៅ​នឹង​ការ​សាក​​សួរ​របស់​តុលា​ការ​លើ​មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​ សហ​រដ្ឋ​អាមេរិក​សុំ​ថ្កោល​ទោស​ចំពោះ​ការ​ប្រើ​តុលា​ការ​ដើម្បី​ធ្វើ​ជា​មធ្យោ​បាយ​បំភិត​បំភ័យ​គូ​ប្រជែងនៅ​ក្នុង​ឆាក​នយោបាយ​​​ ហើយ​យើង​សូម​អំពាវនាវឲ្យ​មាន​ការ​គោរព​ច្បាប់​និង​មាន​តម្លាភាព​នៅ​ក្នុងប្រព័ន្ធ​តុលាការ​”៕ ស៊ុយ​ឈាង

ចោរ​លួច​កោដ្ឋ​មាស​តម្កល់​ព្រះ​សារី​រិកធាតុ​ព្រះ​ពុទ្ធ​ពី​ព្រះសក្យមុនី​ចេតិយនៅ​ភ្នំព្រះរាជទ្រព្យ

ក្រុម​មន្ត្រី​បាន​និយាយ​កាលពីម្សិលមិញ​ថា សារីរិកធាតុ​ព្រះពុទ្ធ​ដែល​មានព្រះ​កេសា ព្រះទន្ត និង​ព្រះ​អដ្ឋិធាតុដែល​បាន​ដង្ហែ​យក​ទៅ​តម្កល់​នៅ​អតីត​រាជធានីឧត្តុង្គ​ក្នុង​ខេត្ត​កណ្តាល កាលពីឆ្នាំ២០០២​នោះ ត្រូវ​បាន​ចោ​​រ​ចូល​លួច​បាត់​ហើយ​។ នគ​រ​បាល​និយាយ​ថា ឆ្មាំ​ប្រាំមួយ​​​នាក់​ដែលយាមនៅ​​ភ្នំព្រះរាជទ្រព្យត្រូវ​បាន​នាំខ្លួនទៅសាក​សួរ​នៅឯស្នងការខេត្តកណ្តាល។ លោក សុខ អឿន ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​កណ្ដាល បាន​មាន​ប្រសាសន៍​ថា ​កោដ្ឋមាសតម្កល់ព្រះ​សារីរិកធាតុ​​​​នៅ​ព្រះ​សក្យមុនីចេតិយ​ដែល​ត្រូវ​បាន​សាង​សង់​អស់​​ថវិកា​រាប់​លាន​ដុល្លារ​នៅ​លើ​កំពូល​ភ្នំ​កម្ពស់​៤២​ម៉ែត្រ​នេះ ត្រូវ​បាន​ចោរចូល​លួច​កាលពីយប់​ថ្ងៃ​ច័ន្ទ ឬ​ឈាន​ចូល​ព្រឹក​ថ្ងៃ​អង្គារ​។ លោក​មាន​ប្រសាសន៍​ថា “កោដ្ឋ​មាស​តម្កល់​សារីរិកធាតុ​ព្រះពុទ្ធនេះ​ត្រូវ​បាន​ចោរ​ចូល​លួចយក​ទៅ​បាត់​ហើយ​​ ហើយ​អាជ្ញាធរ​របស់​យើ​ង​កំពុង​ស៊ើប​អង្កេត​ករណីនេះ​”។ នៅ​ម៉ោង​ប្រហែល​២​រំលង​អធ្រាត្រ​ឈាន​​​ចូល​ថ្ងៃអង្គារ​ ឆ្មាំ​ម្នាក់​នៅ​​ភ្នំ​ឧត្តុង្គ​បាន​ទូរស័ព្ទ​ប្រាប់​លោក​ថា ​មាន​គេគាស់​​សោ​​​ព្រះ​សក្យមុនីចេតិយ​នៅ​កន្លែង​តម្កល់​ព្រះ​សារី​រិកធាតុ​​។ លោក​បាន​មាន​ប្រសាសន៍​ថា “ឆ្មាំនោះនិយាយ​ថា សោទ្វារ​​របើក ​ដូច្នេះ​ច្បាស់​ជា​មានគេ​គាស់​ទ្វារ​នោះ​ហើយ​” ។ ​លោក​បាន​​មាន​ប្រសាសន៍​ថា “ខ្ញុំ​ស្ទើ​រតែ​គាំង​បេះ​ដូង​នៅ​ពេល​ខ្ញុំ​បាន​ឮព័ត៌មាន​នេះ”។ លោក​បានបន្ថែម​ថា លោក​បាន​ជូន​ដំណឹង​ភ្លាមៗ​ទៅអភិបាល​ខេត្ត​ ស្នង​ការ​នគរ​បាល​ខេត្ត​ និង​អាជ្ញាធរ​ផ្សេង​ៗទៀត​។ លោក​បាន​មាន​ប្រសាសន៍​ថា សារីរិក​ធាតុ​​នោះ​ គឺ​ជា​សារីរិកធាតុ​ព្រះពុទ្ធ​នៅ​កម្ពុជា​ និង​មាន​សារៈសំខាន់​ផ្នែក​វប្បធម៌​ខ្លាំង​ណាស់​​។ លោក អឿន បាន​មាន​ប្រសាសន៍​ថា “សារី​​រិកធាតុ​ទាំង​នេះ​ គឺ​ជា​និមិត្តរូប​នៃ​សាសនា​ និង​​​ជាតិ​របស់​យើង​ ហើយ​សារី​រិក​ធាតុ​នេះ​​តំណាងឲ្យ​វប្ប​ធម៌​ជាតិ​របស់​យើង​”។ លោក​ ផៃ ប៊ុន​ឈឿន អភិបាល​ខេត្ត​កណ្ដាល បាន​បញ្ជាក់​អំពី​ការ​លួច​នេះ​ ហើយ​មាន​ប្រសាសន៍​ថា ឆ្មាំទាំងប្រាំ​មួយ​នាក់​ក្នុង​ចំណោម​ឆ្្មាំទាំងប្រាំ​បួន​នាក់​នៅ​កន្លែង​នោះ​កំពុង​ត្រូវ​បាន​សាក​សួរ​។ លោក ប៊ុន​ឈឿន បាន​មាន​ប្រសាសន៍​ថា “នគរ​បាល​បាន​ហៅ​ឆ្មាំទាំង​ប្រាំ​មួយ​នាក់​មក​សាក​សួរ​។ ប្រសិន​បើ​ពួកគេ​មិន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​បទ​ល្មើស​នេះទេ ពួកគេ​នឹង​ត្រូវ​ដោះ​​​លែង​​”។ កាលពី​ប្រហែល​៦០​ឆ្នាំ​មុន សារីរិកធាតុ​ទាំង​នេះ​ត្រូវ​បាន​​ដង្ហែ​​ពី​ប្រទេស​ស្រីលង្កា មក​កាន់​រាជធានីភ្នំពេញ ដើម្បី​ប្រារព្ធ​ខួប​ទី​២.៥០០​ឆ្នាំ នៃ​កំណើត​ព្រះពុទ្ធ​។ កាលពី​ឆ្នាំ​១៩៨៩​សារីរិកធាតុ​ទាំង​នេះ​ត្រូវ​បាន​តម្កល់​នៅ​ក្នុង​ព្រះ​សក្យមុនីចេតិយ​នៅ​មុខ​ស្ថានីយ៍​រថភ្លើង រហូត​ដល់​ព្រះ​​បរមរតនកោដ្ឋ នរោត្តម សីហនុ សម្រេច​ដង្ហែ​ព្រះ​សារីរិកធាតុ​ទាំង​​​នោះ​ទៅ​តម្កល់​នៅ​អតីត​រាជធានីឧត្តុង្គ​​។ កា​រ​សាង​សង់ព្រះ​សក្យមុនីចេតិយ​​អស់​ទឹក​ប្រាក់​៤,​៥​លាន​ដុល្លារនេះ​​បាន​ចាប់​ផ្ដើម​កាល​ពីឆ្នាំ​១៩៩៥​ ហើយ​ព្រះ​មហាក្សត្រ​ នរោត្តម សីហនុ បាន​ដង្ហែ​ព្រះសារីរិកធាតុ​ដោយ​ផ្ទាល់​ទៅកាន់​កំពូលភ្នំព្រះរាជទ្រព្យ កាលពីឆ្នាំ​២០០២​ និង​មាន​ការ​​ចូលរួម​ពីលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ផង​ដែរ​។ លោក អាស្លី ថម​សុន អ្នកប្រាជ្ញម្នាក់បាន​សរសេរ​ថា ការ​​​ដង្ហែ​ព្រះសារីរិកធាតុ​នោះ គឺ​ជា​ព្រឹត្តិការណ៍​ព្រះពុទ្ធ​សាសនា​ដ៏សំខាន់​បំផុត​ដែល​ត្រូវ​បាន​​ប្រារព្ធ​ធ្វើ​នៅ​កម្ពុជា​ នៅ​ក្នុង​សម័យ​ក្រោយ​របប​ខ្មែរ​ក្រហម​។ ព្រះ​សារីរិក​ធាតុ​ព្រះពុទ្ធ​ត្រូវ​បាន​បែង​ចែក​នៅ​ទូទាំង​អាស៊ី​ ហើយមិនទាន់​មាន​ការ​បញ្ជាក់​​ថា តើ​​ព្រះសារី​រិកធាតុ​នៅ​ភ្នំឧត្តុង្គ​នេះ ពិត​ឬ​មិនពិត​នោះទេ។ លោក ហ្វីលីព ដេឡាហ្គី ប្រធាន​ផ្នែក​វ​ប្ប​ធម៌​នៃ​អង្គការ​យូណេ​ស្កូ​ បាន​មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​ពីការ​លួច​នេះ​ទេ ប៉ុន្តែ​ការ​លួច​វត្ថុបុរាណ​បែប​េនះ​​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កេរ​ដំណែល​វប្បធម៌​របស់​កម្ពុជា​។ លោក ដេឡាហ្គី បាន​មាន​ប្រសាសន៍​ថា “អ្វី​ដែល​​បាត់​ចេញពី​កន្លែង​នេះ​ត្រូវ​ចាត់​ទុក​ថា ជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​កេរ​ដំណែល​ខ្មែរ ដូច្នេះ​ខ្ញុំគិត​ថា វា​អាស្រ័យ​លើ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ចាត់​វិធានការ​ចាំ​បាច់​ដែល​មាន​នៅ​ក្នុង​ច្បាប់​​ និង​ចាត់​វិធាន​ការ​​​ចាប់​ខ្លួន​អ្នក​លួច​”។ លោក​បាន​មាន​ប្រសាសន៍​ថា ព្រះ​សារីរិក​ធាតុ​​ដែល​ត្រូវបាន​ចោរលួច​នេះ​ ទំ​នង​ជា​មាន​គោល​ដៅ​សម្រាប់​ទី​ផ្សារ​ងងឹត​។ លោក​ ដេឡាហ្គី បាន​មាន​ប្រសាសន៍​ថា “មាន​ទីផ្សារ​ងងឹត​សម្រាប់​វត្ថុវប្បធម៌​ ដូច្នេះ​ខ្ញុំ​គិត​ថា ប្រសិន​បើ​នរណា​ម្នាក់​លួច​វត្ថុបែប​នេះ​ ខ្ញុំគិត​ថា គេ​លួច​យ​កទៅ​លក់​។ នៅ​​​ក្នុង​ករណី​ខ្លះ ពួក​គេ​អាច​រក្សា​ទុក​វត្ថុបុរាណ​សម្រាប់​​​​​​​ខ្លួន​ឯង​ ប៉ុន្តែ​​គួរ​តែ​ស៊ើប​អង្កេត​ទៅ​លើ​​ទីផ្សារ​ងងឹត​”។ ឧត្តុង្គ​​ដែលជា​អតីត​រាជធានីខ្មែរ​ពី​សត​​​វត្សរ៍ទី​១៦​ដល់​សតវត្សរ៍ទី​១៩​ និ​ង​នៅ​ចម្ងាយ​ប្រហែល​​៤០​គីឡូម៉ែត្រ​ពី​រាជ​ធានី​​​ភ្នំពេញ​​ មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​​បេតិក​ភណ្ឌ​ពិភពលោក​បណ្ដោះ​អាសន្ន​របស់​អង្គការ​​យូណេស្កូ រួមជាមួយ​តំបន់​ប្រវត្តិសាស្ត្រ​ចំនួន​ប្រាំបីទៀត​នៅ​កម្ពុជា​។ លោក ដេឡាហ្គី បាន​មាន​ប្រសាសន៍​ថា ការ​លួច​វ​ត្ថុ​បែប​នេះ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​ចុះ​បញ្ជី​​កន្លែង​នេះ​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​​អង្គ​ការ​យូណេស្កូ។ ព្រះតេជគុណ ឃឹម សន ព្រះមេគណ​​​រាជ​ធានី​បាន​មាន​សង្ឃដីកា​ថា ជ​ន​ល្មើស​លួច​ព្រះ​សារីរិកធាតុ​នេះ​នឹង​ត្រូវ​ទទួ​ល​កម្ម​។ ព្រះតេជគុណ​ ឃឹម សន​ បាន​មាន​សង្ឃ​ដីកា​ថា ប្រសិន​បើ​ពួកគេ​ធ្វើ​បែប​នេះ​ ពួកគេ​កំពុង​ធ្វើ​បាប​ខ្លួន​ឯង​។ អាត្មា​សូម​ស្នើ​ឲ្យ​អ្នក​​លួច​ យក​ព្រះ​សារីរិក​ធាតុ​​នោះ​មក​វិញ។ ព្រះ​សារីរិកធាតុ​នេះ​​មាន​សារៈ​សំខាន់​​​ណាស់​សម្រាប់​​ព្រះ​ពុទ្ធ​សាសនា​​​របស់​យើង និង​សម្រាប់​ជាតិ​​យើ​ង​”៕គឹមហឿន​

សត្វទោច​​​មួយគូ​​​ក្លាយ​​​ជា​សត្វព្រៃ​​​ដំបូង​​​ដែល​​​ត្រូវ​​​បាន​​ផ្ដល់​​​ជម្រក​​​នៅ​​​ឧទ្យាន​​​បុរាណ​​​អង្គរវិញ

ជំនាញការ​​​​​​សត្វព្រៃ​​​បាន​​​ឲ្យ​​​ដឹង​​​ថា សត្វ​​​ទោច​​​ជិត​​​​​​ផុត​​​ពូជ​​​មួយ​​​គូ​​​ត្រូវ​​​បាន​​​ព្រលែង​​​ក្នុង​​​ព្រៃ​​​នៅ​​​ឧទ្យាន​​​បុរាណ​​​អង្គរ​​​នា​​​ថ្ងៃ​​​នេះជា​ផ្នែក​​​​​​​​​នៃ​​​ការ​​​ចាប់​​​ផ្ដើម​​​គម្រោង​​​មួយ​​​ដែល​​​នឹង​​​​​​មាន​​​ការ​​​​​​ផ្ដល់​​​ជម្រកជា​​​ថ្មី​​​ដល់​​​​​​សត្វ​​​ព្រៃ​​​ជា​​​ច្រើន​​​ផ្សេង​​​ទៀត​​​ដែល​​​បាន​​​បាត់​​​ពី​​​តំបន់​​​នេះ។ លោក​​​ នីក ម៉ាកស៍ (Nick Marx) ប្រធាន​​​កម្មវិធី​​​សង្គ្រោះ​​​ និង​​​អភិរក្ស​​​​​​របស់​​​អង្គការ​​​សម្ពន្ធ​​​មិត្ត​​​សត្វព្រៃ​​​ ដែល​​​ដឹក​​​នាំ​​​គម្រោង​​​ផ្ដល់​​​ជម្រក​​​​​​ថ្មី​​​នេះរួម​​​​​​​​ជាមួយរដ្ឋបា​​​ល​​​ព្រៃឈើ​​​​​​​​​​​​និង​​​អាជ្ញាធរ​​​អប្សរា​​​ ដែល​​​ទទួល​​​បន្ទុក​​​គ្រប់​​​គ្រង​​​​​​​​ទីតាំ​​​ង​​​​​​បេតិកភណ្ឌ​​​ពិភពលោក​​​​​​​​​​​​​​​នេះ ​​​បាន​​​​​​មាន​​​ប្រសាសន៍​​​​​​ថា “យើង​​​សង្ឃឹម​​​ថា ប្រសិន​​​បើ​​​ទោច​​​ទាំង​​​នេះ​​​​​​រស់​​​នៅ​​​ក្នុង​​​ព្រៃ​​​នេះ​​​បាន​​​សុខ​​​​​​​​​សាន្ត​​​ វា​​​អាចទាក់​​​ទាញ​​​​​​សត្វ​​​ព្រៃ​​​ផ្សេង​​​ទៀត​​​ ​​​ដែលធ្លាប់​​​រស់​​​នៅទីនេះ​​​​​​ឲ្យ​​​មក​​​រស់​​​នៅ​​​ទីនេះ​​​វិញ​​​។ នេះ​​​ជា​​​ជំហាន​​​ដំបូង​​​តូច​​​មួយ​​​ឆ្ពោះ​​​ទៅ​​​​​​​​​រក​​​គម្រោង​​​ពាក់ព័ន្ធ​​​គ្នា​​​មួយ​​​ទៀត​​​នៅ​​​តំបន់​​​ដ៏​​​សំខាន់​​​ក្នុង​​​ប្រទេស​​​នេះ​​​”​​​​​​ ដោយ​​​លោក​​​បាន​​​បន្ថែម​​​ថា ទោច​​ធំៗ​​​​គូទី២​​​អាច​​​ត្រូវ​​​​​​បាន​​​ព្រលែង​​​​​​​​​​​​ក្នុង​​​រយៈពេល​​​ប៉ុន្មាន​​​ខែ​​​ខាង​​​មុខ​​​នេះ​​​”។ ប្រភេទ​​​សត្វ​​​ផ្សេង​​​ៗ​​​ទៀត​​​​​​ដូចជា ស្វា សត្វ​​​ស៊ីសាច់​​​ជា​​​អាហារ​​​តូចៗ និង​​​សូម្បី​​​តែ​​​ខ្លាឃ្មុំ​​​ក៏​​​អាច​​​​​​ត្រូវ​​​បាន​​​ព្រលែង​​​តាម​​​ក្រោយ​​​ដែរ​​​។​​​ ទោច​​​ទាំង​​​ពីរ​​​ក្បាល​​​ដែលបាន​​​​​​ឈាន​​​ចូល​​​វ័យ​​​បង្កាត់​​​ពូជ​​​ទៅហើយ​​​នេះ​​​​​​បាន​​​កើត​​​នៅ​​​ក្នុង​​​​​​​​​សួន​​​សត្វ​​​ភ្នំតាម៉ៅ​​​ និង​​​មណ្ឌល​​​សង្គ្រោះ​​​​​​​​​សត្វ​​​ព្រៃ​​​​​​ (Wildlife...