Friday, June 5, 2020
Home Authors Posts by George Wright

George Wright

203 POSTS 0 COMMENTS

ផ្ទះ​​​ដែល​​​លោក​​​ កែម ឡី ធ្លាប់​​​រស់​​​នៅកាល​​​ពី​​​ក្មេង​​​ក្លាយជា​​​កន្លែង​​​ពល​​​រដ្ឋ​​​ទៅ​​​​​​អុជ​​​ធូប 

ស្រុកត្រាំកក់, ខេត្តតាកែវ-ដោយឈរកាលពីរសៀលថ្ងៃអាទិត្យក្នុងផ្ទះនៅស្រុកកំណើតរបស់លោក កែម ឡី អ្នករិះគន់រដ្ឋាភិ បាលដែលត្រូវគេធ្វើឃាតនោះ អ្នកលក់កាហ្វេ ម្នាក់ឈ្មោះ ជា សុផា បានពន្យល់ពីមូលហេតុដែលគាត់ធ្វើដំណើរជាង១០០គីឡូម៉ែត្រពីខេត្តកំពង់ស្ពឺទៅកាន់ស្រុកកំណើតរបស់វីរបុរសរបស់គាត់។ លោក ជា សុផា បាននិយាយថា "គាត់អត់មានបញ្ចេញបញ្ចូលដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទេ គាត់មានគុណធំធេងណាស់។ ខ្ញុំស្រឡាញ់ពេញចិត្តគាត់ មិនមែនតែខ្ញុំទេ កូនខ្មែរជាច្រើនទៀតក៏អ៊ីចឹងដែរ"។ បន្ទាប់មកលោក ជា សុផា បានយំសោកសង្រេង។ គាត់បាននិយាយបន្តថា "គាត់គឺជាមនុស្សសាមញ្ញណាស់ ទោះជាគាត់មានការអប់រំខ្ពង់ខ្ពស់ក៏ដោយ"។ បុរសអាយុ៥៣ឆ្នាំរូបនេះគឺជាពលរដ្ឋខ្មែរមួយរូបក្នុងចំណោមពលរដ្ឋខ្មែរជាច្រើនទៀតដែលបានចេញចូលផ្ទះរបស់អ្នកវិភាគនយោបាយរូបនេះមិនដាច់អំឡុងពេលបុណ្យចូលឆ្នាំខ្មែរ។ មានអ្នកខ្លះបានថតរូបនៅខាងមុខរូបសំណាករបស់លោក កែម ឡី ដែលមានទំហំប៉ុនរូបពិត។ អ្នកខ្លះទៀតបានអុជធូបនៅខាងមុខផ្នូររបស់គាត់ ឬក៏សំដែងអារម្មណ៍អាណិតអាសូរ និងផ្តល់ប្រាក់ខ្លះៗដល់អ្នកស្រី ភោគ សេ អាយុ៧៨ឆ្នាំដែលត្រូវជាម្តាយរបស់លោក កែម ឡី និងដែលសម្រាន្តនៅលើគ្រែរាល់ថ្ងៃដោយមានព័ទ្ធជុំវិញទៅដោយរូបថត និងពាក្យពេចន៍របស់កូនប្រុសជាទីស្រឡាញ់របស់អ្នកស្រី ដែលត្រូវឃាតករ បាញ់សម្លាប់ក្នុងរាជធានីភ្នំពេញកាលពីខែកក្កដានៅក្នុងអ្វីដែលមជ្ឈដ្ឋានជាច្រើនគិតថា ជារឿងមានជាប់ពាក់ព័ន្ធនយោបាយ។ ដោយមានប្រសាសន៍តិចៗ អ្នកស្រី ភោគ សេ ដែលបានកោរសក់កាន់ទុក្ខនោះ បានលើកឡើងថា មានមនុស្សជាង៤០នាក់បានមកអុជធូបគោរពនៅផ្ទះរបស់គាត់ក្នុងមួយថ្ងៃៗអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ។ ទោះបីជាមានគេមកយ៉ាងនេះក៏ដោយ តែអ្នកស្រីបានលើកឡើងថា វាជួយឲ្យអ្នកស្រីរសាយទុក្ខកង្វល់បានតែបន្តិចបន្តួចប៉ុណ្ណោះ។ អ្នកស្រីបានមានប្រសាសន៍ថា "មុនពេលកូនខ្ញុំស្លាប់ យើងសប្បាយរីករាយណាស់អំឡុងបុណ្យចូលឆ្នាំខ្មែរ។ ឥឡូវអត់មានអីសប្បាយទេ។...

ជនជាតិ​​ភាគតិច​​​ម៉ុងតាញ៉ា​ចំនួន​​​២៥នាក់​​នឹងត្រូវបញ្ជូន​​​ពី​​​កម្ពុជា​​​ត្រឡប់ទៅ​​វៀតណាមវិញ

ថ្វីបើអះអាងថាខ្លួនបានរត់គេចពីការធ្វើទុក្ខបុកម្នេញយ៉ាងរាលដាលយ៉ាងណាក្ដី ក៏ជនជាតិភាគតិចម៉ុងតាញ៉ា ដែលស្វែងរកសិទ្ធិជ្រកកោនចំនួន២៥នាក់នឹងត្រូវបញ្ជូនត្រឡប់ទៅប្រទេសវៀតណាម វិញនៅថ្ងៃច័ន្ទតាមការស្ម័គ្រចិត្ត ដោយគេគិតថា លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាអ្នកអនុម័តចំណាត់ការនេះ នេះបើយោងតាមមន្ត្រីក្រសួងមួយរូបបានលើកឡើងកាលពីម្សិលមិញ។ លោក ហ៊ុល សារិទ្ធ ប្រធានការិយាល័យចុះបញ្ជីជនស្វែងរកសិទ្ធិជ្រកកោននៃនាយកដ្ឋានជនភៀសខ្លួនក្រសួងមហាផ្ទៃ មានប្រសាសន៍ថា UNHCR ដែលជាទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិនឹងជួយក្រុមនេះឆ្លងដែន បន្ទាប់ពីពួកគេសុខចិត្តវិលត្រឡប់ទៅវិញ ក្រោយពួកគេបានធ្លាក់ការវាយតម្លៃដើម្បីទទួលបានឋានៈជាជនភៀសខ្លួន។ លោកលើកឡើងថា "អ្នកទាំងនោះមិនត្រូវបានបង្ខំឱ្យចាកចេញពីប្រទេសកម្ពុជាទេ ពោលគឺពួកគេស្ម័គ្រចិត្តវិលត្រឡប់ទៅស្រុកវិញ។ UNHCR បានធ្វើសំណើទៅនាយកដ្ឋានជនភៀសខ្លួនសុំបញ្ជូនជនជាតិម៉ុងតាញ៉ា២៥នាក់ត្រឡប់ទៅប្រទេសវៀតណាមវិញក្នុងពេលឆាប់ៗ ហើយយើងបានដាក់សំណើនេះជូនសម្ដេចក្រឡាហោម ស ខេង រួចហើយ"។ លោកបានបន្ថែមថា...

អ្នក​​​បើក​​​រថយន្ត​​​បុក​​​រះ​​​​បណ្ដាល​ឱ្យ​មនុស្ស​​​ស្លាប់​​​ស្ថិត​​​ក្នុង​​​ស្ថាន​​​ភាព​​​ធ្ងន់​​​ធ្ងរ

អ្នកបើកបរម្នាក់ដែលបានបើករថយន្តបុកមនុស្សបីនាក់ស្លាប់កាលពីថ្ងៃច័ន្ទដោយបុករះអ្នកជិះម៉ូតូបន្ទាប់ពីព្យាយាមបើកគេចពីហេតុការណ៍បុកមួយផ្សេងទៀតនោះ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំងកាលពីម្សិលមិញ ក្រោយពីត្រូវមហាជនព្រួតវាយ ចំណែកជនរងគ្រោះផ្សេងទៀតបានធូរស្រាលបន្ទាប់ពីបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យពីរក្នុងរាជធានីភ្នំពេញ។ ស្ត្រីពីរនាក់ និងបុរសម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីអ្នកបើករថយន្តរូបនេះ ដែលបានបើកគេចពីគ្រោះថ្នាក់ចរាចរណ៍មួយផ្សេងទៀតហើយបានបុករះបណ្ដាលឱ្យសាកសពមនុស្សហោះប៉ើងនៅលើមហាវិថីព្រះមុនីវង្ស ខណៈបើកបញ្ច្រាសទិស។ មហាជនជាច្រើនានទាញជននេះចេញពីក្នុងរថយន្ត ហើយវាយស្ទើរស្លាប់។ ដោយដេកលើគ្រែក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីម្សិលមិញ អ្នកបើកបររូបនេះដែលនគរបាល និងបុគ្គលិកមន្ទីរពេទ្យប្រាប់ថា ឈ្មោះ មាស សុខហេង អាយុ៣០ឆ្នាំ ជាអ្នកលក់ទូរស័ព្ទរស់នៅក្នុងខណ្ឌមានជ័យនោះ ស្ថិតក្នុង "ស្ថានភាពធ្ងន់ធ្ងរខ្លាំង" ក្រោយពីត្រូវមហាជនព្រួតវាយយ៉ាងដំណំ។ មាស សុខហេង ដែលកាលពីថ្ងៃច័ន្ទនគរបាលប្រាប់ខុសថាឈ្មោះ ណៃ ប៊ុនថន នោះស្ទើរតែមិនកម្រើកសោះ រីឯផ្ទៃមុខមានស្នាមជាំ ហើយឡើងហើមស្ទើរមើលមិនឃើញភ្នែក។ លោក ឆឹង យ៉ាវយ៉េន អនុប្រធានមន្ទីរពេទ្យនេះបានមានប្រសាសន៍ថា "ជននេះរងរបួសស្ទើរសព្វកន្លែង រួមទាំងក្បាល និងដងខ្លួនផង...

មនុស្ស​បីនាក់​​ស្លាប់​​ដោយ​សារ​​​បុរស​​​ម្នាក់​​​​បើក​រថយន្ត​​បុក​រះ​អ្នក​ជិះម៉ូតូ​​​យ៉ាង​​​​​​​​​​​​រន្ធត់​នៅ​ភ្នំពេញ

បុរសម្នាក់ដែលព្យាយាមបើករថយន្តរត់គេចបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍បុកគ្នា បានបុករះម៉ូតូជាជួរលើកំណាត់ផ្លូវដ៏អ៊ូអរមួយនៅរាជធានីភ្នំពេញកាលពីម្សិលមិញ បណ្ដាលឱ្យមនុស្សយ៉ាងតិចបីនាក់បាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស នេះបើយោងតាមការលើកឡើងរបស់អ្នកឃើញហេតុការណ៍ និងនគរបាល។ បន្ទាប់ពីត្រូវបានក្រុមអ្នកឈរក្បែរនោះទាញចេញពីរថយន្ត ហើយវាយដំបែកឈាមជោកខ្លួន បុរសអ្នកបើកបររថយន្តត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ យោងតាមសាក្សីជាច្រើននៅកន្លែងកើតហេតុនិយាយថា អ្នកបើកបររថយន្តបានបើកបរបញ្ច្រាសទិសក្នុងល្បឿនយ៉ាងលឿនតាមបណ្ដោយមហាវិថីព្រះមុនីវង្ស  នៅម៉ោងប្រហែល៦ល្ងាច បន្ទាប់ពីបុកគ្នាជាមួយរថយន្តមួយគ្រឿងនៅជិតស្ថានីយប្រេងឥន្ធនៈស្តុបបូកគោ ហើយបានបុករះបណ្ដាលឱ្យសាកសពមនុស្សហោះប៉ើង មុនពេលរថយន្តបើកទៅមុខលែងរួច។ អ្នកឃើញហេតុការណ៍និយាយថា ពេលនោះមហាជនដែលផ្ទុះកំហឹងបានវាយដំអ្នកបើកបររថយន្តយ៉ាងដំណំ ហើយទំនងជាវាយបុរសរូបនេះរហូតទាល់តែស្លាប់ ប្រសិនបើគ្មាននគរបាលអន្តរាគមន៍ទាន់ពេលទេនោះ។ មនុស្សរាប់រយនាក់បានផ្អើលចោមរោមសាកសពជនរងគ្រោះទាំងបីនាក់ និងម៉ូតូដែលរងការខូចខាតយ៉ាងដំណំលើកំណាត់ផ្លូវនេះពេលកើតហេតុបាន១ម៉ោង។ បុរសម្នាក់ឈ្មោះ នឿន សាមឿន ដែលជាយន្តការី (ជាងម៉ាស៊ីន) នៅក្រុមហ៊ុនម៉ូតូហុងដាមួយកន្លែងតាមបណ្ដោយមហាវិថីព្រះមនុវង្សនិយាយថា គាត់បានស្ទុះរត់ចេញពីក្រុមហ៊ុនបន្ទាប់ពីឮសំឡេងបុកគ្នានៅម្ខាងផ្លូវ។ គាត់និយាយទៀតថា "ខ្ញុំឃើញមនុស្សហោះប៉ើងពីទិសម្ខាងទៀត។ វាលាន់សូរដូចគ្រាប់បែកផ្ទុះមួយហើយមួយទៀត"។ អ្នកស្រី មាស ចាន់ណា  ក៏បានស្ទុះរត់ចេញពីផ្ទះរបស់គាត់ដែរ នៅពេលឮសំឡេងលាន់យ៉ាងសន្ធឹកនេះ ហើយឃើញមហាជនវាយដំបុរសបើកបររថយន្តយ៉ាងសាហាវ។ គាត់និយាយទៀតថា "ខ្ញុំមានអារម្មណ៍តក់ស្លុត ហើយចង់ខ្យល់ចាប់។ ពីមុនខ្ញុំក៏ធ្លាប់ឃើញគ្រោះថ្នាក់ចរាចរណ៍ដែរ ប៉ុន្តែមិនដែលឃើញបែបនេះទេ"។ ឈរនៅកន្លែងអ្នកបើកបរត្រូវមហាជនវាយដំ សិស្សម្នាក់ឈ្មោះ ខេង ភារ៉ា និយាយថា គាត់ជឿថា មហាជនមានបំណងសម្លាប់បុរសរូបនេះ។ យុវជនរូបនេះនិយាយទៀតថា "ខ្ញុំឃើញមនុស្សជាច្រើនវ៉ៃអ្នកបើកបរ។ ពួកគេស្រែកថា 'វ៉ៃវាឱ្យងាប់!' ព្រោះវាសម្លាប់មនុស្សច្រើនណាស់ ប៉ុន្តែពួុកគេត្រូវនគរបាលរុញចេញ។ ពួកគេវ៉ៃគាត់រហូតដល់សន្លប់ ហើយពេលគាត់ចាប់ផ្តើមដឹងខ្លួនវិញ គេក៏ចាប់ផ្ដើមវ៉ៃគាត់ទៀត"។ ការផ្សាយបន្តផ្ទាល់តាមទំព័រហ្វេសប៊ុករបស់គេហទំព័រព័ត៌មាន...

​ឃាតករ​សម្លាប់​លោក កែម ឡី ត្រូវ​ជាប់ពន្ធនាគារ​​មួយ​ជីវិត ខណៈ​ការ​ស៊ើបអង្កេត​កំពុង​បន្ត​

អតីតទាហានម្នាក់ត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារមួយជីវិតកាលពីម្សិលមិញ ពីបទបាញ់សម្លាប់លោក កែម ឡី ខណៈអ្នករិះគន់រដ្ឋាភិបាលរូបនេះកំពុងអង្គុយអានកាសែតពេលព្រឹកនៅហាងកាហ្វេក្នុងស្តាម៉ាតដែលគាត់ចូលចិត្តទៅកាលពីខែកក្កដា។ មជ្ឈដ្ឋានទូទៅជឿថា រដ្ឋាភិបាលជាអ្នកនៅពីក្រោយឃាតកម្មនេះ ហើយដំណឹងកាន់តែគួរឱ្យភ្ញាក់ផ្អើលជាងនេះទៀតគឺថា តុលាការមិនទាន់បិទសំណុំរឿងនេះទេ ហើយកំពុងបន្តស៊ើបអង្កេតលើជនសង្ស័យពីរនាក់ ម្នាក់ឈ្មោះ "ពូ លីស" និងជនជួញដូរកាំភ្លើងម្នាក់ទៀតឈ្មោះ ចក់ ។ ដើរចូលទៅក្នុងសាលសវនាការនៅម៉ោង៨ព្រឹកលើសបន្តិច អឿត អាង បានសម្លឹងមើលទៅមុខដោយស្ងាត់ស្ងៀម ហើយអង្គុយចុះប្រហែល៣០នាទី រង់ចាំចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះ លាង សំណាត ដែលបានជំនុំជម្រះក្នុងសំណុំរឿងដ៏ធំបំផុតនៅក្នុងប្រទេសក្នុងរយៈពេលយ៉ាងតិចមួយទសវត្សរ៍មកនេះ។ អង្គុយចុះលើកៅអី ចៅក្រម លាង សំណាត...

មិនមានអ្វី​​​ថ្មីឡើយ​​​ ខណៈ​​​ការ​​​ងារ​​​​​​ទាំងអស់​​​របស់​​​លោក ​​​សុខ ​​​អាន ​​​​​​​​​ត្រូវបាន​​​ប្រគល់​​​ឱ្យលោក​​​ ប៊ិន​​​ ឈិន

ការសន្និដ្ឋានដែលថា មរណភាពរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ប្រហែលជាអនុញ្ញាតឲ្យគណបក្សប្រជាជនកម្ពុជាបែងចែកការងាររបស់លោកទៅឲ្យមន្ត្រីថ្មីៗមួយចំនួននោះ ទំនងជាបញ្ចប់កាលពីម្សិលមិញ ដោយមានការប្រកាសថា អ្នកកាន់ការបន្តអាយុ៦៧ឆ្នាំតែមួយរូបគត់នឹងបន្តការងាររបស់លោកទាំងអស់។ មិនដល់មួយសប្តាហ៍ផងបន្ទាប់ពីមរណភាពរបស់លោក សុខ អាន ដែលបានគ្រប់គ្រងការងារស្ទើរតែទាំងស្រុងលើបណ្តាញគាំទ្ររបស់គណបក្សកាន់អំណាច លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍កាលពីម្សិលមិញថា លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ត្រូវបានចាត់តាំងរួចហើយឲ្យជំនួសតំណែងរបស់លោកជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងកាន់ការងារដទៃទៀតរបស់លោកទាំងអស់ផងដែរ។លោក ផៃ ស៊ីផាន បានថ្លែងថា "វាជាអ្វីដែលយើងហៅថា និរន្តរភាព"។ ប្រសិនបើពិតមែន លោក ប៊ិន ឈិន ដែលជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទ   ដីធ្លី នឹងក្លាយជាប្រធានក្រុមការងារពិសេសរបស់រដ្ឋាភិបាលទទួលបន្ទុកសាលាក្តីខ្មែរក្រហម ប្រធានអាជ្ញាធរអប្សរា ប្រធានអាជ្ញាធរគ្រប់គ្រងប្រាសាទព្រះវិហារ ប្រធានសមា គមជាតិកាយឫទ្ធិកម្ពុជា ប្រធានគណៈកម្មការជាតិអង្គការយូណេស្កូ និងជាប្រធានបណ្ឌិតសភាចារ្យនៅរាជបណ្ឌិត្យសភាកម្ពុជា...

ឧបនាយករដ្ឋមន្ត្រី​ដែលជំនួស​តំណែង​​លោក​ សុខ អាន​ នាំ​មក​នូវ​​ក្តី​​សង្ឃឹម​​នៃ​ការ​ធ្វើ​កំណែទម្រង់​

អំឡុងរយៈពេលពីរទសវត្សរ៍ក្នុងនាមជាមន្ត្រីដ៏ស្និទ្ធបំផុតជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកឧបនាយកនាយករដ្ឋមន្ត្រី សុខ អាន បានកាន់តំណែងយ៉ាងច្រើនដ៏គួរឱ្យភ្ញាក់ផ្អើលដោយធ្វើឱ្យលោកជាបុគ្គលដែលមានអំណាចគ្មាននរណាប្រដូចបាននៅក្នុងរចនាសម្ព័ន្ធដ៏ចាក់ស្រេះរបស់គណបក្សប្រជាជនកម្ពុជា។ ទោះបីជាការគ្រប់គ្រងមួយចំនួនបានបាត់បង់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ តែនៅមានស្ថាប័នរដ្ឋ តំណែងក្នុងជួររដ្ឋាភិបាល និងតំណែងជាថ្នាក់ដឹកនាំជាច្រើនទៀតសម្រាប់អ្នកជំនាន់ក្រោយប្រកួតប្រជែងយក បន្ទាប់ពីលោក សុខ អាន បានទទួលមរណភាពកាលពីថ្ងៃពុធក្នុងអាយុ ៦៦ឆ្នាំ។ តំណែងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាតំណែងសំខាន់ជាងគេក្នុងចំណោមតំណែងសំខាន់ៗទាំងនោះ ត្រូវបានប្រគល់ភ្លាមៗកាលពីម្សិលមិញទៅឱ្យលោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន អាយុ ៦៧ឆ្នាំ ដែលក៏កំពុងរៀបចំពិធីបុណ្យសពលោក សុខ អាន ផងដែរនោះ។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងកាលពីម្សិលមិញថា លោក ប៊ិន ឈិន ដែលមានតួនាទីជាប្រធានក្រុមចរចាសម្រាប់គណបក្សកាន់អំណាច ដូចលោក សុខ អាន ដែរនោះត្រូវបានជ្រើសរើស ព្រោះលោកជាបុគ្គលដែលទទួលបានការគោរពពីរដ្ឋមន្ត្រីផ្សេងៗទៀត ហើយថា លោក ប៊ិន ឈិន នឹងកាន់តំណែងនេះជាអចិន្ត្រៃយ៍ នៅពេលសភាបោះឆ្នោតផ្តល់ការគាំទ្រ។ លោក សុខ ឥសាន បានលើឡើងបន្ទាប់ពីរដ្ឋាភិបាលចេញសេចក្តីថ្លែងការណ៍មួយស្តីអំពីការតែងតាំងនេះនៅអំឡុងពេលព្រឹកថា "ខ្ញុំគិតថា តំណែងនេះនឹងត្រូវបោះឆ្នោតផ្តល់ការគំាទ្រនៅខែមេសា។ គាត់មានឥទ្ធិពលស្រាប់ហើយនៅក្នុងទីស្តីការគណៈរដ្ឋមន្ត្រី ហេតុដូច្នេះគេរាល់គ្នាគោរពគាត់"។ តំណែងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីត្រូវបានបង្កើតឡើងជាពិសេសសម្រាប់លោក សុខ អាន នៅក្នុងឆ្នាំ២០០៤ ហើយក្រៅពីលោក ហ៊ុន សែន គ្មាននរណាមានឥទ្ធិពលខ្លាំងដូចនេះឡើយនៅក្នុងរចនាសម្ព័ន្ធរបស់គណបក្សប្រជាជនកម្ពុជា។ ទោះបីជា លោក ប៊ិិន ឈិន មិនសូវជាទទួលបានការចាប់អារម្មណ៍ពីសាធារណជនក៏ដោយ ប៉ុន្តែលោកក៏ជាបុគ្គលដែលលោក ហ៊ុន សែន ជឿទុកចិត្តបំផុតផងដែរ។ ជាសមាជិកនៃគណៈកម្មាធិការកណ្តាលនិងអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជានិងជាតំណាងរាស្ត្រមណ្ឌលព្រៃវែងនោះ តួនាទីរបស់លោក ប៊ិន ឈិន ក្នុងនាមជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លីគឺស្ថិតក្នុងចំណោមតំណែងដ៏រសើបបំផុតក្នុងជួររដ្ឋាភិបាល ដោយសារតែវាមានជាប់ពាក់ព័ន្ធនឹងកំហឹងយ៉ាងខ្លាំងដែលផ្ទុះឡើងក្នុងចំណោមពលរដ្ឋខ្មែរជាច្រើន ដែលបាត់បង់ដីធ្លីរបស់ខ្លួនក្រោមកណ្តាប់ដៃរបស់ក្រុមហ៊ុនឯកជន  ដែលជារឿយៗតែងតែទទួលបានជំនួយពីមន្ត្រីរដ្ឋាភិបាលនោះ។ ខណៈការបោះឆ្នោតកាន់តែខិតជិតមកដល់ លោក ប៊ិន ឈិន បានលើកឡើងត្រង់ៗចំៗនៅពេលនិយាយដល់សារៈសំខាន់នៃការធ្វើកំណែទម្រង់ដ៏សំខាន់ ជាពិសេសនៅក្នុងការដោះស្រាយបញ្ហាដីធ្លី ដែលស្ថិតក្នុងដែនសមត្ថកិច្ចមួយផ្នែករបស់ក្រសួងបរិស្ថាន។ លោកបានថ្លែងទៅកាន់មន្ត្រីអំឡុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំនៅទីស្តីការក្រសួងកាលពីខែធ្នូថា "ពេលក្រសួងបរិស្ថានបរាជ័យ ខ្ញុំក៏បរាជ័យដែរ"។ លោកបានអំពាវនាវឱ្យរដ្ឋមន្ត្រីផ្សេងៗទៀតសហការជាមួយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅក្នុងការគ្រប់គ្រងតំបន់ព្រៃការពារ និងដីសម្បទានសេដ្ឋកិច្ច។ លោកបានព្រមានមន្ត្រីទាំងនោះថា "ពេលអស់លោកចាញ់ការបោះឆ្នោត ឃុំ សង្កាត់និងការបោះឆ្នោតជាតិ អស់លោកក៏នឹងបាត់បង់ការងារដែរ"។ លោក ប៊ិន ឈិន ក៏ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញចន្លោះឆ្នាំ២០០១ដល់ឆ្នាំ២០០៧ ផងដែរ និងបានដឹកនាំការពិភាក្សាចរចាជាមួយគណបក្សសង្គ្រោះជាតិអំឡុងវិបត្តិនយោបាយក្រោយការបោះឆ្នោតជាតិចុងក្រោយដ៏ចម្រូងចម្រាស។ លោក ឆាំ ប៊ុនថេត អ្នកវិភាគនយោបាយបានលើកឡើងថា ការតែងតាំងមន្ត្រីជើងចាស់របស់គណបក្សប្រជាជនកម្ពុជារូបនេះដែលមិនជាប់ឈ្មោះថា ជាអ្នកការបង្កើតបណ្តាញបក្ខពួកចាក់ស្រេះដូចលោក សុខ អាន នោះ អាចជាចំណាត់ការវិជ្ជមានរបស់គណបក្សកាន់អំណាច។ លោកបានមានប្រសាសន៍ថា "ខ្ញុំស្គាល់គាត់យូរមកហើយ ហើយគាត់ក៏ចាស់ហើយណាស់ដែរ តែគាត់ជាមនុស្សមានហេតុផល ហើយកេរ្តិ៍ឈ្មោះរបស់គាត់នៅក្នុងគណបក្សគឺល្អក្នុងចំណោមសមាជិក និងថ្នាក់ដឹកនាំបក្ស។ ប៉ុន្តែសម្រាប់ខ្ញុំ រឿងដែលល្អនោះនៅត្រង់ថា គាត់ជាមនុស្សដែលមិនសូវគិតពីខ្លួនឯង"។ លោកបានបន្ថែមទៀតថា "គាត់មិនមែនជាប្រភេទមនុស្សដែលចង់បានអំណាច  ឬលុយកាក់ខ្លាំងនោះទេ គាត់ជាមនុស្សមានចិត្តទូលាយ ហើយអ្វីដែលខ្ញុំបានដឹងពីគាត់នោះគឺថា សមាជិកក្មេងៗនៅក្នុងបក្សគោរពគាត់ខ្លាំងណាស់ ហេតុដូច្នេះខ្ញុំគិតថា ការតែងតាំងនេះត្រឹមត្រូវ"។ លោក ឆាំ ប៊ុនថេត បានលើកឡើងទៀតថា ការតែងតាំងអ្នកថ្មី ឲ្យកាន់ស្ថាប័នជាច្រើន ដែលលោក សុខ អាន ធ្លាប់កាន់ពីមុនមក ក៏អាចនាំមកនូវការធ្វើកំណែទម្រង់ផងដែរ។ លោកថ្លែងថា " កាន់តំណែងមួយនេះ ហើយតំណែង១៩ផ្សេងទៀតនឹងត្រូវធ្លាក់ទៅលើសមាជិកក្មេងៗរបស់គណបក្សប្រជាជនកម្ពុជា ដែលមានចិត្តចង់បានតំណែងដ៏សំខាន់ៗទាំងនោះដើម្បីបង្ហាញថា ពួកគេមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានតំណែងដ៏ប្រសើរមួយ"។ ដោយតំណែងរបស់លោក សុខ អាន ក្នុងជួររដ្ឋាភិបាលបានបាត់បង់ខ្លះៗស្រាប់ទៅហើយដោយសារសុខភាពមិនល្អនោះ  ការទទួលមរណភាពរបស់លោកទំនងជាមិនបង្កផលប៉ះពាល់ដល់គណបក្សកាន់អំណាចនេះឡើយ នេះបើយោងតាមលោក សេបាស្ទៀន ស្ទ្រែងហ្គីអូ (Sebastian Strangio) ដែលជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា " Hun Sen's Cambodia" (កម្ពុជារបស់ ហ៊ុន សែន)។ លោកបានលើកឡើងនៅក្នុងអីុម៉េលមួយថា "បន្ទាប់ពីការបោះឆ្នោតចុងក្រោយ លោក ហ៊ុន សែន បានទទួលស្គាល់ថា  អំណាចប្រមូលផ្តុំនិងទ្រព្យសម្បត្តិយ៉ាងច្រើនដែលស្ថិតក្នុងកណ្តាប់ដៃរបស់លោកលោក សុខ អាន ធ្វើឲ្យគណបក្សធ្លាក់ប្រជាប្រិយភាព ហេតុដូច្នេះជំនួសឱ្យការជ្រើសរើសមន្ត្រីកំពូលមួយរូបផ្សេងទៀតដើម្បីជួយឲ្យលោក ហ៊ុន សែន នៅតែអាចបន្តគ្រប់គ្រងអំណាចនោះ គណបក្សប្រជាជនកម្ពុជាទំនងជានឹងស្វែងរកមន្ត្រីដែលស្មោះត្រង់ និងមានសមត្ថភាពដើម្បីធ្វើឲ្យរដ្ឋាភិបាលនៅតែមានដំណើរការទៅមុខដោយរលូន"។ លោកបានមានប្រសាសន៍ទៀតថា "នៅក្នុងករណីហ្នឹង កូនប្រុសរបស់លោក សុខ អាន សុទ្ធតែត្រូវបានដាក់ឱ្យកាន់តំណែងសំខាន់ៗទាំងអស់នៅក្នុងប្រព័ន្ធបក្ខពួកនិយម សម្រាប់គ្រួសាររបស់ពួកគេជាច្រើនឆ្នាំទៅមុខទៀត"។ លោក សុខ ពុទ្ធិវុធ ដែលរៀបការជាមួយកូនស្រីរបស់លោក ហ៊ុន សែន គឺលោកស្រី ហ៊ុន ម៉ាលី នោះគឺជាប្រធានក្រុមហ៊ុនសោមា និងជាប្រធានសហព័ន្ធស្រូវ អង្ករកម្ពុជា លោក សុខ សុកាន បានក្លាយជាសមាជិកសភាដ៏ក្មេងបំផុតពេលលោកទទួលបានអាសនៈទំនេរក្នុងឆ្នាំ២០១៥។ លោក សុខ សុកេន គឺជាអនុរដ្ឋលេខាធិការក្រសួងការបរទេស រីឯលោក សុខ សង្វារ គឺជាមន្ត្រីជាន់ខ្ពស់មួយរូបនៅអាជ្ញាធរអប្សរាដែលគ្រប់គ្រងឧទ្យានបុរាណអង្គរ៕ស៊ុយឈាង

លោក សុខ អាន រដ្ឋមន្ត្រី​​ “ដៃច្រើន” ទទួល​មរណភាព​​ក្នុងវ័យ​​៦៦​ឆ្នាំ​

ឧបនាយករដ្ឋមន្ត្រី សុខ អាន ជាមន្ត្រីដ៏ស្មោះត្រង់របស់គណបក្សកាន់អំណាចដែលត្រូវបានគេប្រៀបប្រដូចទៅនឹង "អាទិទេពមួយដែលមានដៃ៤៨នៅក្នុងសាសនាហិណ្ឌូ" ដោយសារតែលោកគ្រប់គ្រងស្ថាប័នយ៉ាងច្រើនរបស់រដ្ឋាភិបាល រួមទាំងទីស្ដីការគណៈរដ្ឋមន្ត្រីផងនោះ បានទទួលមរណភាពក្នុងជន្មាយុ៦៦ឆ្នាំ កាលពីល្ងាចម្សិលមិញនៅទីក្រុងប៉េកាំង ប្រទេសចិន។ មរណភាពរបស់លោកកើតមានឡើងក្រោយពីមានការប៉ាន់ស្មានយូរមកហើយអំពីសុខភាពរបស់លោក រួមទាំងសេចក្ដីរាយការណ៍ក្លែងក្លាយថាលោកទទួលមរណភាពផងដែរ ហើយត្រូវបានប្រកាសតាមរយៈសេចក្ដីជូនដំណឹងផ្លូវការភ្លាមៗបន្ទាប់ពីលោកទទួលមរណភាពនៅវេលាម៉ោង៦និង៣២នាទីល្ងាច។ សូមបញ្ជាក់ថា លោកបានសម្រាកទទួលការព្យាបាលនៅមន្ទីរពេទ្យជាច្រើនខែមកហើយ។ សេចក្ដីជូនដំណឹងនោះមានខ្លឹមសារដូច្នេះថា "រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានសេចក្ដីសោកស្ដាយ សូមជូនដំណឹងដល់មន្ត្រីរាជការ  កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងសាធារណជនឱ្យបានជ្រាបថា សម្ដេចវិបុលបញ្ញា សុខ អាន សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានទទួលមរណភាពដោយរោគាពាធ"។ យោងតាមគេហទំព័រព័ត៌មាន Fresh News ដែលជាអ្នកពាំនាំសាររបស់រដ្ឋាភិបាលបានឱ្យដឹងថា សពរបស់លោកគ្រោងនឹងបញ្ជូនមកប្រទេសកម្ពុជានៅព្រឹកនេះ...

វីដេអូ​​​​​​ទើប​​​តែ​​​បញ្ចេញ​​​ស្តី​​​ពី​​​ការ​ធ្វើ​​​ឃាត​​​លោក ​​​កែម ឡី ធ្វើ​​​ឲ្យ​​​មាន​​​មន្ទិល​​​កាន់​​​តែ​​​ច្រើនឡើង​​​ៗ​​​

ចាប់ពីពេលលោក កែម ឡី អ្នកវិភាគនយោបាយដ៏លេចធ្លោត្រូវបានឃាតករបាញ់សម្លាប់យ៉ាងសាហាវ ពេលកំពុងពិសាកាហ្វេពេលព្រឹកនៅក្នុងស្តារម៉ាតមួយកន្លែងកាលពីខែកក្កដាមក មិត្តភក្តិ ក្រុមគ្រួសារ និងអ្នកគាំទ្រលោកបានអំពាវនាវទាមទារឲ្យបង្ហាញវីដេអូកាមេរ៉ាសុវត្ថិភាពស្តីពីការបាញ់ប្រហារនេះជាសាធារណៈ។ កាលពីថ្ងៃពុធ ដោយមានការបើកសវនាការ ជំនុំជម្រះរឿងក្តីរបស់ឃាតករដែលគេអះអាងថា សម្លាប់អ្នករិះគន់រដ្ឋាភិបាលរូបនេះនោះ ការរង់ចាំនេះត្រូវបានបញ្ចប់ ប៉ុន្តែ វីដេអូមានច្រើនភាគដែលត្រូវបានបញ្ចេញបែរជាធ្វើឲ្យមានការចោទជាសំណួរកាន់តែច្រើនឡើងៗលើការរៀបរាប់ជាផ្លូវការដែលថា អឿត អាង ដែលគេអះអាងថាជាឃាតករនោះ ធ្វើរឿងនេះតែម្នាក់ឯង។ សាលាដំបូងរាជធានីភ្នំពេញបានចាក់វីដេអូព្រិលៗស្តីអំពីបុរសម្នាក់ដែលគេអះអាងថា ជា អឿត អាង ដើរចូលទៅក្នុងស្តារម៉ាតនេះហើយដកកាំភ្លើងរួចបាញ់ប្រហារបុរសម្នាក់ដែលគេអះអាងថា ជាលោក កែម ឡី។ បន្ទាប់ពីវីដេអូនេះ មានវីដេអូមួយចំនួនទៀតដែលច្បាស់ជាងនេះឆ្ងាយ ដោយថតបានសកម្មភាពខ្មាន់កាំភ្លើងរត់គេចខ្លួន ហើយត្រូវគេចាប់បាន។ ប៉ុន្មានម៉ោង បន្ទាប់ពីសវនាការ ដែលមានរយៈពេលត្រឹមតែ៤ម៉ោង និងធ្វើឡើងដើម្បីគាំទ្រការអះអាងដែលថា អឿត អាង បានសម្លាប់លោក កែម ឡី ដោយសាររឿងប្រាក់ចំនួន៣.០០០ដុល្លារបានបញ្ចប់នោះ ីដេអូដដែលនេះត្រូវបានបង្ហោះតាមអីុនធឺណិតដោយគេហទំព័រ Fresh News ជាគេហទំព័រដែលភាគច្រើនចុះផ្សាយអត្ថបទពាក់ព័ន្ធរដ្ឋាភិបាល។ មន្ទិលសង្ស័យដំបូង ហើយប្រហែលជាមានច្រើនបំផុតនោះ គឺការងឿងឆ្ងល់ថា ហេតុអ្វីបានជាវីដេអូស្តីពីការបាញ់ប្រហារនេះមិនច្បាស់អ៊ីចឹង។ គេមើលឃេើញតែខ្នងរបស់បុរសម្នាក់ពាក់អាវយឺតពណ៌ក្រហមដែលស្រដៀងនឹងពណ៌អាវដែលលោក កែម ឡី...

អំឡុង​​​សវនាការ​​​តក់​​​ក្រហល់​​​ ជួប​​​ សម្លាប់​​​ សារភាពថា ខ្លួន​​​ពិតជា​​​​​​បាន​​​​​​បាញ់​​​សម្លាប់​​​លោក កែម ឡី

សវនាការមួយក្នុងចំណោមសវនាការលេចធ្លោបំផុតនៅកម្ពុជា ដែលដិតដាមក្នុងអារម្មណ៍ពលរដ្ឋនាពេលថ្មីៗបានបញ្ចប់ក្នុងរយៈពេលត្រឹមតែ៤ម៉ោងប៉ុណ្ណោះកាលពីម្សិលមិញ ខណៈបុរសដែលត្រូវបានចោទប្រកាន់ថា បានធ្វើឃាតលោក កែម ឡី អ្នករិះគន់រដ្ឋាភិបាលដ៏លេចធ្លោនោះ បានអះអាងថា ខ្លួនបានបាញ់សម្លាប់អ្នកវិភាគរូបនេះបន្ទាប់ពីមិនទទួលបានអ្វីសោះសម្រាប់លុយចំនួន៣.០០០ដុល្លារដែលខ្លួនបានឲ្យទៅអ្នកវិភាគរូបនេះជាថ្នូរនឹងការសន្យាសាងសង់ផ្ទះមួយខ្នងឲ្យនិងការផ្តល់ការងារឲ្យធ្វើ។ ទោះបីជាមានការបង្ហាញវីដេអូកាមេរ៉ាសុវត្ថិភាពជាសាធារណៈលើកដំបូងស្តីពីការបាញ់ប្រហារនេះក៏ដោយ តែសវនាការដ៏ឆាប់រហ័សនេះបានធ្វើឲ្យអ្នកសង្កេតការណ៍មានចម្ងល់ច្រើនជាងចម្លើយ ខណៈជនជាប់ចោទដែលគ្រួសារនៅខេត្តសៀមរាបប្រាប់ថា ជាអតីតទាហានឈ្មោះ អឿតអាង នៅតែលើកឡើងថាខ្លួនឈ្មោះ "ជួប សម្លាប់" ។ អឿត អាង មើលទៅស្គមជាងពេលដែលមុខពោរពេញទៅដោយឈាមរបស់ខ្លួនបានល្បីទូទាំងប្រទេសកាលពីថ្ងៃទី១០ ខែកក្កដា ជាពេលដែលជននេះបានអះអាងថា ខ្លួនបានបាញ់សម្លាប់អ្នកវិភាគដ៏មានប្រជាប្រិយភាពរូបនេះនៅក្នុងស្តារម៉ាតមួយកន្លែងដោយសាររឿងជំពាក់លុយ៣.០០០ដុល្លារមិនព្រមសង ជាការរៀបរាប់ដែលគ្រួសាររបស់បុរសទាំងពីរចាត់ទុកថា ពិបាកជឿ។ ពេលត្រូវបានសាកសួរដោយចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះ លាង សំណាត អឿត អាង បានប្តូរសាច់រឿងរបស់ខ្លួន ដោយអះអាងថា ខ្លួនបានលក់ដីក្នុងខេត្តបន្ទាយមានជ័យ ហើយយកលុយទៅឲ្យលោក កែម ឡី បន្ទាប់ពីបុរសម្នាក់ដែលគេប្រាប់ឈ្មោះត្រឹមតែថា "លីស" បានណែនាំខ្លួន ឲ្យស្គាល់អ្នកវិភាគរូបនេះ។...