Hay Pisey
កម្មការិនីជាច្រើនបានដួលសន្លប់នៅរោងចក្រស្បែកជើងក្នុងខេត្តកណ្តាល
តំណាងកម្មករ និងមន្ត្រីក្រសួងការងារបានឲ្យដឹងថា កម្មការិនីជាង៦០នាក់បានដួលសន្លប់ពេលកំពុងធ្វើការនៅរោងចក្រស្បែកជើងមួយក្នុងស្រុកអង្គស្នួល ខេត្តកណ្តាលកាលពីព្រឹកម្សិលមិញ។ លោក លៀង ដា តំណាងកម្មករបានមានប្រសាសន៍ថា កម្មការិនី៦២នាក់បានដួលសន្លប់បន្ទាប់ពីឃើញកម្មការិនីមានផ្ទៃពោះម្នាក់ដួលសន្លប់នៅរោងចក្រ Grand East Footwear International ដែលកាន់កាប់ដោយជនជាតិចិនតៃវ៉ាន់។ លោក ដា បានមានប្រសាសន៍ថា "ដំបូងស្ត្រីមានផ្ទៃពោះរូបនេះបានដួលសន្លប់ ហើយបន្ទាប់មកកម្មការិនីផ្សេងទៀតបានដួលសន្លប់ដែរ។ ការដួលសន្លប់នេះបណ្តាលមកពីសីតុណ្ហភាពនៅរោងចក្រក្តៅខ្លាំងដែលមិនមានកង្ហារ និងកង្ហារបឺតក្លិនគ្រប់គ្រាន់ បណ្តាលឲ្យធុំក្លិនសារធាតុគីមីយ៉ាងខ្លាំងនៅក្នុងរោងចក្រ"។ លោក ប៉ុក វណ្ណថាត ប្រធានគណៈកម្មការស្រាវជ្រាវ និងទប់ស្កាត់ការដួលសន្លប់នៅក្រសួងការងារបានមានប្រសាសន៍ថា សីតុណ្ហភាពនៅក្នុងរោងចក្របានឡើងដល់៣៣.២អង្សាសេ កាលពីម្សិលមិញ ហើយថា រដ្ឋាភិបាលបានស្នើឲ្យរោងចក្រនេះបិទរហូតដល់ថ្ងៃពុធ ខណៈដែលកំពុងជួសជុលប្រព័ន្ធខ្យល់ចេញចូលឲ្យបានស្រួល។ កាលពីថ្ងៃសៅរ៍ កម្មករប្រហែល៥០នាក់បានដួលសន្លប់នៅរោងចក្រស្បែកជើងមួយទៀតក្នុងខេត្តកំពង់ឆ្នាំង រីឯកាលពីសប្តាហ៍មុន រោងចក្រមួយក្នុងខេត្តស្វាយរៀង បានបិទបណ្តោះអាសន្ន បន្ទាប់ពីកម្មករជាង១០០នាក់បានដួលសន្លប់ក្នុងចំនួនដ៏ច្រើនពីរលើកផ្សេងគ្នា៕សារុន
អតីតប្រធានសាលាដំបូងរាជធានីឲ្យរថយន្តស៊េរីទំនើបដែលរឹបអូសបានទៅកូនប្រុសរបស់ខ្លួន
នគរបាលជាតិបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីម្សិលមិញថា អតីតប្រធានសាលាដំបូងរាជធានីដែលត្រូវបានដកតំណែងកាលពីសប្ដាហ៍មុន ជុំវិញការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយដ៏ធំបានឲ្យរថយន្តស៊េរីទំនើបមួយគ្រឿងទៅកូនប្រុសរបស់ខ្លួន ដែលជាមន្ត្រីនគរបាលមូលដ្ឋានម្នាក់ បន្ទាប់ពីរថយន្តមួយគ្រឿងនេះត្រូវបានរឹបអូសពីជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់។ យោងតាមសេចក្ដីថ្លែងការណ៍នេះ ដែលបង្ហោះនៅលើគេហទំព័ររបស់នគរបាលជាតិបានលើកឡើងថា នគរបាលប្រឆាំងការជួញដូរគ្រឿងញៀនរាជធានីភ្នំពេញ បានចាប់ខ្លួនលោក ថាវ ថាវី ពីបទសង្ស័យថា ជាប់ពាក់ព័ន្ធនៅក្នុងការជួញដូរគ្រឿងញៀនបន្ទាប់ពីទទួលបានបទបញ្ជាពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញម្នាក់កាលពីខែវិច្ឆិកាឆ្នាំមុន។ សេចក្ដីថ្លែងការណ៍នេះបានលើកឡើងបន្តថា ក្រោយមក លោក ថាវី ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ប៉ុន្តែត្រូវបានចាប់ខ្លួនម្ដងទៀតកាលពីថ្ងៃសុក្រ ពីបទមិនគោរពតាមសេចក្ដីបង្គាប់របស់តុលាការ។ ហើយបន្ទាប់ពីការចាប់ខ្លួនលើកដំបូងនោះរួច លោក អាំង មាលតី ប្រធានសាលាដំបូងរាជធានីភ្នំពេញដែលត្រូវបានដកតំណែង បានឲ្យរថយន្តស៊េរីទំនើបម៉ាកអូឌី...
កម្មករ៥០នាក់ដួលសន្លប់បន្ទាប់ពីឆេះម៉ាស៊ីននៅរោងចក្រស្បែកជើង
មន្ត្រីសហជីពម្នាក់បាននិយាយកាលពីម្សិលមិញថា កម្មការិនីប្រហែល៥០នាក់បានដួលសន្លប់នៅរោងចក្រស្បែកជើងមួយក្នុងខេត្តកំពង់ឆ្នាំងកាលពីថ្ងៃសៅរ៍នៅពេលឆេះម៉ាស៊ីនបណ្តាលឲ្យមានផ្សែងពេញរោងចក្រ។ លោក យិន សុខុម អនុប្រធានសហជីពសេរីកម្មករនៅរោងចក្រ Long Lead ក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យបានមានប្រសាសន៍ថា ម៉ាស៊ីនបានឆេះនៅម៉ោងប្រហែល១រសៀល ថ្ងៃសៅរ៍។ លោក សុខុម បានមានប្រសាសន៍ថា "វាបានបង្កឲ្យមានផ្សែងជាច្រើន... ហើយកម្មករបានឈ្លក់ផ្សែងលាយឡំនឹងក្លិនអាក្រក់នៃក្រណាត់ដែលឆេះ"។ លោកបានបន្ថែមថា កម្មករ២៩នាក់បានដួលសន្លប់បន្ទាប់ពីពន្លត់ភ្លើងរួច ហើយកម្មករប្រហែល២០នាក់ទៀតបានសន្លប់ប្រហែល១៥នាទីក្រោយមក។ មេដឹកនាំសហជីពរូបនេះបានមានប្រសាសន៍ថា កម្មការិនីភាគច្រើនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក ឬគ្លីនិកក្នុងមូលដ្ឋានកាលពីថ្ងៃសៅរ៍ ប៉ុន្តែនឹងត្រឡប់ទៅកន្លែងរបស់ខ្លួនវិញនៅថ្ងៃនេះ។ លោកបានមានប្រសាសន៍ថា "យើងបានប្តូរម៉ាស៊ីនថ្មីហើយ ហើយកម្មករនឹងធ្វើការដូចធម្មតា។ យើងបានសម្អាតរោងចក្ររួចហើយ"។ តំណាងរោងចក្រមិនអាចទាក់ទងបានទេកាលពីម្សិលមិញ។ រោងចក្រកាត់ដេរមួយដែលកាន់កាប់ដោយចិនតៃវ៉ាន់ក្នុងខេត្តស្វាយរៀងបានបិទជាបណ្តោះអាសន្នកាលពីសប្តាហ៍មុន បន្ទាប់ពីកម្មករជាង១០០នាក់បានដួលសន្លប់ក្នុងចំនួនដ៏ច្រើនពីរលើកផ្សេងគ្នាកាលពីចុងសប្តាហ៍មុន៕សារុន
ជនជាប់ចោទជួញដូរគ្រឿងញៀន ច្រានចោលការចោទប្រកាន់អំឡុងសវនាការ
មួយឆ្នាំបន្ទាប់ពីបុរសជនជាតិវៀតណាមម្នាក់ត្រូវបានចាប់ខ្លួនពេលកំពុងព្យាយាមផ្ញើតុក្កតាខ្លាឃ្មុំដែលមានលាក់ស្យូដូហ្វេឌ្រីន (Pseudoephedrine) ជាសារធាតុគីមីម៉្យាងសម្រាប់ផលិតគ្រឿងញៀន ពីភ្នំពេញទៅកាន់ប្រទេសអូស្ត្រាលី បុរសវ័យ៤៧ឆ្នាំរូបនេះកាលពីម្សិលមិញ បានបង្ហាញមុខក្នុងតុលាការពីបទគម្រោងរត់ពន្ធគ្រឿងញៀនមួយទៀត ហើយបានច្រានចោលការចោទប្រកាន់ទាំងនេះ។ បុរសឈ្មោះ វ៉ាន វ៉ៃ ត្រូវបានចាប់ខ្លួនកាលពីខែមករា ឆ្នាំ២០១៤ពេលកំពុងប៉ុនប៉ងផ្ញើតុក្កតាខ្លាឃ្មុំធំៗចំនួនប្រាំ ដែលផ្ទុកទៅដោយស្យូដូហ្វេឌ្រីន ទម្ងន់១២គីឡូក្រាម ជាថ្នាំបន្ធូរតឹងច្រមុះម្យ៉ាងដែលជាទូទៅប្រើសម្រាប់ផលិតថ្នាំញៀនមេតាំហ្វេតាមីន។ មួយខែក្រោយមកកន្សែងពោះគោចំនួន៣៨ ជ្រលក់ត្រាំជាមួយអ្វីដែលនគរបាលបាននិយាយនៅពេលនោះថា កេតាមីន(Ketamine) ត្រូវបានរកឃើញរុំថង់ប្លាស្ទិកក្នុងអាផាតមិនមួយកន្លែងដែលជននេះបានស្នាក់នៅជាមួយបុរសម្នាក់ឈ្មោះ ឡេ វីឡាំ អាយុ៣០ឆ្នាំដែលបច្ចុប្បន្ននគរបាលកំពុងតាមចាប់ខ្លួន។ វរសេនីយ៍ទោ ឈូក គា មកពីនាយកដ្ឋានប្រឆាំងការជួញដូរគ្រឿងញៀននៃក្រសួងមហាផ្ទៃ បានប្រាប់សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញថា “ ទទួលបានព័ត៌មានសម្ងាត់ពីភ្នាក់ងារនគរបាលថា ខណៈជាប់ពន្ធនាគារ វ៉ាន វ៉ៃ បានហៅ ឡេ វីឡាំ ឲ្យទៅជួយយកកន្សែងពោះគោទាំងនោះចេញពីកុនដូក្នុងខណ្ឌទួលគោកខាងលើនេះ ហើយបានសន្យាឲ្យជននេះ៣.០០០ដុល្លារ"។ លោកបានមានប្រសាសន៍ទៀតថា បន្ទាប់ពីនគរបាលដកហូតកន្សែងពោះគោទាំងនេះដែលក្នុងកន្សែងនីមួយៗមានទំហំ១,៨ម៉ែត្រគុណនឹង០,៩១ម៉ែត្រ ពួកគេបានកំណត់ដឹងថា កន្សែងទាំងនោះត្រូវបានជ្រលក់ត្រាំស្យូដូហ្វេឌ្រីន។ "បន្ទាប់ពីពិនិត្យមើលគ្រឿងញៀនរួច យើងបានបញ្ជាក់ថា ម្ស៉ៅផ្សំគ្រឿងញៀនទាំងនោះត្រូវបានជ្រលក់ត្រាំចូលក្នុងកន្សែងទាំងនោះ"។ លោកបានមានប្រសាសន៍បន្ថែមថា គីមីដែលប្រមូលបានមានទម្ងន់ត្រឹមតែជាង១២គីឡូក្រាមប៉ុណ្ណោះ។ ដំបូងឡើយអាជ្ញាធរកម្ពុជាបានចាប់ខ្លួន វ៉ាន វ៉ៃ ក្រោយពីទទួលបានព័ត៌មានសម្ងាត់ពីនគរបាលសហព័ន្ធអូស្ត្រាលីដែលបានជូនដំណឹងពួកគេថា តុក្កតាខ្លាឃ្មុំចំនួនប្រាំមួយប្រអប់មានផ្ទុកពេញទៅដោយស្យូដូហ្វេឌ្រីន បានចូលទៅដល់ប្រទេសនោះកាលពីខែធ្នូឆ្នាំ២០១៤។ ពេលបង្ហាញមុខក្នុងតុលាការកាលពីម្សិលមិញ ពីបទរក្សាទុកនិងរត់ពន្ធគ្រឿងញៀនពាក់ព័ន្ធនឹងកន្សែងពោះគោដែលដកហូតបាន វ៉ាន វ៉ៃ បានបដិសេធថា ខ្លួនមិនបានធ្វើអ្វីខុសទេ ដោយលើកឡើងថា ខ្លួនមិនមែនជាម្ចាស់កន្សែងពោះគោទាំងនោះទេ ហើយខ្លួនក៏មិនមែនជាអ្នកចុះហត្ថលេខាលើកិច្ចសន្យាជួលអាផាតមិននោះដែរ។ វ៉ាន វ៉ៃ និយាយទៀតថា "ខ្ញុំមិនបានប្រព្រឹត្ត ទេ។ ផ្ទះនោះគឺ ឈ្មោះ ឡាំ ជាអ្នកជួលហើយខ្ញុំគឺជាសាក្សីដឹងឮនៅក្នុងកិច្ចសន្យាជួលនេះ"។ ក្រឡាបញ្ជីមួយរូបបានអានចម្លើយបំភ្លឺរបស់ម្ចាស់ផ្ទះជួលដែលបានលើកឡើងថា វ៉ាន វ៉ៃ "កម្រមកលេង" ផ្ទះនេះណាស់។លោក តុបឈុន ហេង ចៅក្រមជំនុំជម្រះ បានមានប្រសាសន៍ថា សាលក្រមផ្តន្ទាទោសនឹងត្រូវប្រកាសនៅថ្ងៃទី១៣ ខែមីនា៕សុខុម
បុរសជនជាតិអង់គ្លេសបដិសេធថាមិនបានរំលោភបំពានក្មេងស្រី
ជនជាតិអង់គ្លេសអាយុ៥៤ឆ្នាំម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទរំលោភបំពានក្មេងស្រីបួននាក់កាលពីម្សិលមិញ បានបដិសេធការចោទប្រកាន់ពីបទទិញពេស្យាចារកុមារ និងប្រព្រឹត្តអំពើអនាចារលើអនីតិជនអំឡុងថ្ងៃទី១នៃសវនាការជំនុំជម្រះនៅសាលាដំបូងរាជធានីភ្នំពេញ។ លោក ម៉ៃឃើល ហ្គ្លីនចូន ត្រូវបានចាប់ខ្លួននៅខាងក្រៅផ្សារអូឡាំពិកកាលពីថ្ងៃទី២៤ ខែមិថុនា បន្ទាប់ពីម្តាយក្មេងស្រីរងគ្រោះទាំងនេះបានដាក់ពាក្យបណ្តឹងពីបទរំលោភបំពាន ហើយនគរបាលប្រឆាំងការជួញដូរមនុស្សរាជធានីបានធ្វើការស៊ើបអង្កេតរួមគ្នាជាមួយអង្គការសកម្មភាពដើម្បីកុមារ ជាអង្គការការពារកុមារ។ លោក លី សុខឡេង ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានមានប្រសាសន៍កាលពីម្សិលមិញថា លោក ចូន ប្រឈមការចោទប្រកាន់ពីបទរួមភេទជាមួយក្មេងស្រីអាយុ១១ឆ្នាំម្នាក់ ហើយបន្ទាប់មកបានឲ្យលុយក្មេងស្រីនោះនិងម្តាយរបស់នាង។ ចៅក្រមរូបនេះបានលើកឡើងថា ជនជាតិអង់គ្លេសរូបនេះក៏ត្រូវបានចោទប្រកាន់ថាបានរំលោភបំពានក្មេងស្រីបីនាក់ទៀតអាយុ៧ឆ្នាំ ដល់៩ឆ្នាំផងដែរ។ ថ្លែងនៅសាលសវនាការ លោក ចូន បានបដិសេធការចោទប្រកាន់មកលើរូបលោក ហើយបានអះអាងថា លោកគ្រាន់តែនាំក្មេងស្រីទាំងនេះ ដែលបានដើរសុំលុយ នៅជិតកាស៊ីណូណាហ្គាវើលទៅញ៉ាំការ៉េម និងបានទៅជាមួយក្មេងស្រីអាយុ១១ឆ្នាំទៅមើលកុននៅផ្សារសូរិយា។ លោកបាននិយាយថា "ខ្ញុំបានឲ្យលុយក្មេងស្រីទាំងនោះ១ទៅ២ដុល្លារនៅពេលពួកគេសុំខ្ញុំ"។ លោកបានបន្ថែមថា "ខ្ញុំបាននាំពួកគេទៅញ៉ាំការ៉េម ហើយបន្ទាប់មកបាននាំពួកគេទៅ" កន្លែងនោះវិញនៅខាងក្រៅកាស៊ីណូ។ លោក ចូន ក៏បានចោទប្រកាន់អង្គការសកម្មភាពដើម្បីកុមារថាបានបង្ខិតបង្ខំឲ្យក្រុមគ្រួសារក្មេងស្រីទាំងនេះដាក់ពាក្យបណ្តឹងប្តឹងរូបគាត់ ហើយបានចោទប្រកាន់ជនរងគ្រោះទាំងនេះថា បាននិយាយកុហក។ លោកបាននិយាយពីមូលហេតុដែលលោកបានឲ្យលុយក្មេងស្រីទាំងនេះថា "ខ្ញុំគ្រាន់តែជាភ្ញៀវទេសចរប៉ុណ្ណោះ។ ខ្ញុំចង់ធ្វើជាមនុស្សល្អ។ ខ្ញុំមានលុយ ពួកគេមិនមានលុយ"។ លោក ឈួន ស៊ីថាន់ មេធាវីតំណាងជនរងគ្រោះទាំងបួននាក់បានមានប្រសាសន៍នៅខាងក្រៅតុលាការថា លោក ចូន បាននាំក្មេងស្រីបីនាក់ទៅកន្លែងមួយក្រោមស្ពានកោះពេជ្រ កន្លែងដែលគាត់បានរំលោភបំពានពួកគេ។ លោក ស៊ីថាន់ បានមានប្រសាសន៍ថា
ក្មេងស្រីអាយុ១១ឆ្នាំត្រូវបានបៀតបៀននៅកន្លែងមើលកុន។ លោក ខឹម វ៉ាន់ដូ អនុប្រធានប្រតិបត្តិការរបស់អង្គការសកម្មភាពដើម្បីកុមារបានបដិសេធការដែលថា អង្គការរបស់លោកបានបញ្ចុះបញ្ចូលក្រុមគ្រួសារជនរងគ្រោះ។ លោកបានមានប្រសាសន៍ថា "លោក ចូន បានចោទប្រកាន់យើង ពីព្រោះគាត់ចង់ឲ្យគេដោះលែងគាត់" ដោយលោកកត់សម្គាល់ថា ជនសង្ស័យមួយចំនួនទៀតបានអះអាងស្រដៀងគ្នានេះប្រឆាំងអង្គការរបស់លោក។ លោកចៅក្រម សុខឡេង បានមានប្រសាសន៍ថា មិនទាន់កំណត់កាលបរិច្ឆេទបើកសវនាការជំនុំជម្រះនៅពេលក្រោយនៅឡើយទេ៕សារុន
កម្មកររោងចក្រកាត់ដេរជាច្រើននាក់ក្នុងក្រុងបាវិតខេត្តស្វាយរៀងបានដួលសន្លប់ ដោយសារក្លិនសារធាតុគីមី
មេដឹកនាំសហជីពម្នាក់បានឲ្យដឹងកាលពីម្សិលមិញថា កម្មករជាង៦០នាក់បានដួលសន្លប់នៅរោងចក្រកាត់ដេរ You Li International ក្នុងក្រុងបាវិត ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃសុក្រ ដោយសារក្លិនសារធាតុគីមី និងក្លិនលូទឹកស្អុយ។ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករបានមានប្រសាសន៍ថា កម្មករ៦១នាក់បានដួលសន្លប់បន្ទាប់ពីកម្មករម្នាក់បានដួលសន្លប់នៅក្នុងរោងចក្រកាត់ដេរ ដែលកាន់កាប់ដោយជនជាតិតៃវ៉ាន់ ដែលនាំចេញសម្លៀកបំពាក់ឈុតក្នុងទៅប្រទេសជប៉ុន។ លោក ប៉ាវ ស៊ីណា បានមានប្រសាសន៍ថា កម្មករបានដួលសន្លប់ភ្លាមៗបន្ទាប់ពីធុំក្លិនសារធាតុគីមីដែលគេបាញ់លើក្រណាត់ដើម្បីការពារនៅក្នុងរោងចក្រ។ លោកបានមានប្រសាសន៍ថា "មានមូលហេតុពីរ គឺទី១បញ្ហាបរិស្ថាន គឺក្លិនអាក្រក់ជះមកពីបង្គន់អនាម័យ។ ទី២ក្លិនអាក្រក់មកពីសារធាតុគីមីដែលគេប្រើដើម្បីការពារក្រណាត់"។ លោក...
តុលាការបញ្ជូនអង្គរក្សទី៥របស់លោក ថោង សារ៉ាត់ ទៅពន្ធនាគារពាក់ព័ន្ធនឹងការធ្វើឃាតលោក អឹុង ម៉េងជឺ
មន្ត្រីនគរបាលបានឲ្យដឹងកាលពីម្សិលមិញថា កាលពីថ្ងៃពុធ សាលារាជធានីភ្នំពេញ បានចោទប្រកាន់អង្គរក្សទី៥ម្នាក់របស់លោក ថោង សារ៉ាត់ មន្ត្រីនៅក្រសួងការពារជាតិដែលកំពុងរត់គេចខ្លួនពីបទជួយនៅក្នុងការអនុវត្តផែនការធ្វើឃាតលោកឧកញ៉ា អឹុង ម៉េងជឺ កាលពីឆ្នាំមុន។ លោកឧកញ៉ា អឹុង ម៉េងជឺ ប្រធានក្រុមហ៊ុន Shimmex Group ត្រូវបានបាញ់សម្លាប់នៅខាងក្រៅហាងលក់ផ្លែឈើមួយកន្លែងក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែវិច្ឆិកា។ សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់អង្គរក្សរបស់ឧត្តមសេនីយ៍ទោ ថោង សារ៉ាត់ ចំនួនបួននាក់ ពីបទអនុវត្តផែនការធ្វើឃាត ហើយចោទប្រកាន់ឧត្តមសេនីយ៍ទោរូបនេះដែលឥឡូវនេះកំពុងរត់គេចខ្លួនពីបទចេញបទបញ្ជាឲ្យមានការធ្វើឃាត។ លោក ជួន ណារិន ស្នងការរងនគរបាលរាជធានីភ្នំពេញបានលើកឡើងថា លោក ឈុន ចិត្រា ដែលជាអង្គរក្សទី៥របស់លោក ថោង សារ៉ាត់ ត្រូវបានចាប់ខ្លួនដោយមន្ត្រីមកពីនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៅក្រសួងមហាផ្ទៃកាលពីថ្ងៃពុធ ហើយត្រូវបានចោទប្រកាន់ដោយចៅក្រមស៊ើុបសួរ លី សុខឡេង តាមក្រោយនៅថ្ងៃដដែលនោះ។ លោក ជូន ណារិន បានលើកឡើងទៀតថា លោក ចិត្រា ដែលកំពុងឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃសជាប់ចោទពីបទឲ្យម៉ូតូម៉ាកហុងដារបស់ខ្លួនទៅ សៀង វាសនា ជាខ្មាន់កាំភ្លើងខ្ចី ប៉ុន្តែថា លោកមិនដឹងថា លោក ចិត្រា ត្រូវគេចោទប្រកាន់ជាផ្លូវការពីបទអ្វីឡើយ។ លោកបានមានប្រសាសន៍ថា "គាត់ត្រូវបានចាប់ខ្លួនដោយមានជាប់ពាក់ព័ន្ធនឹងម៉ូតូដែលគាត់ឲ្យទៅ សៀង វាសនា ហេតុដូច្នេះទើបជននេះអាចបាញ់ប្រហារ ”។ លោក ជួន ណារិន បានលើកឡើងបន្តទៀតថា ក្រោយការធ្វើឃាតរួច លោក ចិត្រា ក៏បានប្តូរតែមម៉ូតូទៅជាម៉ូតូថ្មីមួយទៀតផងដែរ។ គេមិនអាចទាក់ទងចៅក្រមសើុបសួរ លី សុខឡេង បានឡើយ៕ស៊ុយឈាង
អ្នកស្រី ឡាយ ហួង ត្រូវបានសាកសួរពីបទរំលោភសេចក្តីទុុកចិត្ត
អ្នកស្រី ឡាយ ហួង ដែលត្រូវបានបញ្ជូនទៅពន្ធនាគារកាលពីខែមុនពីបទជាប់ពាក់ព័ន្ធនៅក្នុងការរៀបផែនការមួួយដើម្បីរំលោភនិងធ្វើឃាតភរិយានិងកូនស្រីរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ត្រូវបានសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញជុំវិញពាក្យបណ្ដឹងពីបទរំលោភសេចក្ដីទុកចិត្តដាច់ដោយឡែកមួយទៀត។ អ្នកស្រី ឡាយ ហួង អាយុ៤៩ឆ្នាំ ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ មានជម្លោះយ៉ាងខ្លាំងជាមួយអតីតស្វាមីមិនបានរៀបការរបស់អ្នកស្រី គឺលោក ខូវ ផល្លាបុត្រ ដែលរកស៊ីខាងគ្រឿងសំណង់ ត្រូវបានសាកសួរជុំវិញបណ្ដឹងដែលលោក ខូវ ផល្លាបុត្រ បានប្ដឹងទៅកាន់តុលាការ ដោយអះអាងថា អ្នកស្រី បានប្រើប្រាស់សម្ភាររបស់ក្រុមហ៊ុន ខូវ ជឺលី គ្រុប...
អ្នកទោសបដិសេធថា មិនបានជួញដូរថ្នាំញៀននៅក្នុងពន្ធនាគារព្រៃស
បុរសពីរនាក់ក្នុងចំណោមបីនាក់ដែលត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់និងជួញដូរថ្នាំមេតំហ្វេតាមីននៅក្នុងពន្ធនាគារព្រៃសដែលមានការយាមកាមតឹងរ៉ឹងនោះ បានបដិសេធការចោទប្រកាន់ពីបទជួញដូរថ្នាំញៀន អំឡុងសវនាការជំនុំជម្រះនៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ។ អ្នកទោសឈ្មោះ នុត កែវរចនា និង ទូច សុវណ្ណ ដែលមានអាយុ៣២ឆ្នាំដូចគ្នា និង លី ធៀនម៉ម អាយុ៣៩ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់និងជួញដូរថ្នាំញៀន ខណៈពេលជាប់ឃុំក្នុងពន្ធនាគារព្រៃសកាលពីឆ្នាំ២០១៣។ បច្ចុប្បន្ននេះ កែវរចនា កំពុងអនុវត្តទោសរបស់ខ្លួននៅខេត្តពោធិ៍សាត់ ហើយមិនបានចូលរួមក្នុងសវនាការកាលពីម្សិលមិញឡើយ។ សុវណ្ណ និង ធៀនម៉ម បានសារភាពនៅក្នុងតុលាការថា បានប្រើប្រាស់ថ្នាំមេតំហ្វេតាមីនមែន ...
អង្គរក្សរបស់ ថោង សារ៉ាត់ ត្រូវតុលាការសាកសួរជុំវិញករណីឃាតកម្មលើឧកញ៉ា អឹុង ម៉េងជឺ
អង្គរក្សម្នាក់ដែលជាប់ចោទពីបទសម្លាប់ឧកញ៉ា អឹុង ម៉េងជឺ កាលពីឆ្នាំមុនតាមបញ្ជារបស់ ថោង សារ៉ាត់ មន្ត្រីយោធាជាន់ខ្ពស់នៅក្រសួងការពារជាតិដែលជាចៅហ្វាយរបស់ខ្លួន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសាកសួរកាលពីម្សិលមិញ នេះបើតាមការលើកឡើងពីមេធាវីការពារចុងចោទរូបនេះ។ លោក អឹុង ម៉េងជឺ ប្រធានក្រុមហ៊ុន ស៊ីមិុច គ្រុប ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅខាងក្រៅហាងលក់ផ្លែឈើមួយកន្លែងក្នុងខណ្ឌចំការមន កាលពីថ្ងៃទី២២ ខែវិច្ឆិកា។ ឧត្តមសេនីយ៍ទោ ថោង សារ៉ាត់ បានរត់គេចខ្លួនចាប់តាំងពីគេចពីការឡោមព័ទ្ធរបស់នគរបាលនៅភូមិគ្រឹះរបស់ខ្លួនចាប់តាំងពីថ្ងៃទី៣ ខែធ្នូមក។សៀង វាសនា អាយុ៤៥ឆ្នាំដែលជាប់ចោទពីបទមនុស្សឃាតគិតទុកជាមុននៅក្នុងការបាញ់សម្លាប់លោក អឹុង ម៉េងជឺ និងដែលអង្គរក្សបីនាក់ទៀតរបស់ ថោង សារ៉ាត់ ជាបក្ខពួកសមគំនិតនោះ ត្រូវបានចៅក្រមសើុបសួរ លី សុខឡេង សាកសួររយៈពេល២ម៉ោង នេះយោងតាមលោក គា អ៊ាវ មេធាវីការពារចុងចោទ។ ដោយបញ្ជាក់ពីភាពគ្មានទោសរបស់កូនក្តីលោក លោក គា អ៊ាវ បានមានប្រសាសន៍ថា "ចៅក្រមសាកសួរគាត់ម្តងទៀត ពីព្រោះគាត់នៅជាជនសង្ស័យនៅឡើយ។ គាត់មិនបានសារភាពទេ ពីព្រោះនៅថ្ងៃកើតហេតុ គាត់កំពុងធ្វើដំណើរជាមួយគ្រួសារគាត់ពីកំពង់ឆ្នាំងឆ្ពោះមករាជធានីភ្នំពេញ"។ និយាយទៅកាន់អ្នកយកព័ត៌មានម្នាក់មុនពេលចូលទៅក្នុងការិយាល័យចៅក្រមកាលពីម្សិលមិញ សៀង វាសនា បានស្នើសុំឲ្យប្រព័ន្ធផ្សព្វផ្សាយបន្តតាមដានរឿងក្តីរបស់ខ្លួន។ គាត់និយាយថា "យើងមិនបានធ្វើទង្វើស្មោកគ្រោកទេ។ សូមអ្នកកាសែតជួយរកយុត្តិធម៌ឲ្យខ្ញុំផង។ តុលាការមិនយុត្តិធម៌ទេ"។ ពាក់ព័ន្ធនឹងបញ្ហានេះ ចៅក្រម លី សុខឡេង បានបដិសេធមិនឆ្លើយបំភ្លឺទេ៕សុខុម