Hul Reaksmey
អ្នកភូមិស្វែងរកជំនួយពីប្រធានាធិបតី ហ៊ូ ជិនតាវ ឲ្យជួយដោះស្រាយក្នុងជម្លោះដីធ្លីខេត្តកោះកុង
ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីរារាំងគម្រោងទេសចរណ៍ទ្រង់ទ្រាយធំរបស់ក្រុមហ៊ុនចិនមិនឲ្យលេបត្របាក់យកលំនៅដ្ឋានរបស់ខ្លួន អ្នកភូមិនៅខេត្តកោះកុង បាននិយាយថានឹងនាំគ្នាដាក់ញត្តិជូនស្ថានទូតចិននៅថ្ងៃនេះដោយអំពាវនាវសុំឲ្យមានការអន្តរាគមន៍ ពីសំណាក់ប្រធានាធិបតីចិនហ៊ូជិនតាវ។ អ្នកស្រី ទិត្យ ថេន អាយុ៥៤ឆ្នាំ ជាតំណាងអ្នកភូមិមកពីឃុំព្រែកខ្សាច់ ស្រុកគិរីសាគរខេត្តកោះកុង បាននិយាយថា អ្នកភូមិមួយក្រុមមានគ្នា២០នាក់គ្រោងនឹងនាំយកញត្តិ ដែលផ្ដិតមេដៃ ដោយប្រជាពលរដ្ឋចំនួន៣៤៩នាក់ដាក់ជូនស្ថានទូតចិន ក្នុងរាជធានីភ្នំពេញ ខណៈពេលលោក ហ៊ូ ជិនតាវ មកបំពេញទស្សនកិច្ចប្រទេសកម្ពុជាស្របពេលជាមួួយនឹងកិច្ចប្រជុំកំពូលអាស៊ាននៅសប្ដាហ៍ក្រោយនេះ។ ដោយមានការអនុញ្ញាត ពីរដ្ឋាភិបាលតាំងពីឆ្នាំ២០០៨មក គម្រោងទេសចរណ៍ទ្រង់ទ្រាយធំរបស់ចិន ដែលគ្រប់គ្រងដោយ ក្រុមហ៊ុនយូ ឌី ជី (UDG) បាននិងកំពុងកាប់ឆ្ការព្រៃលើផ្ទៃដីទំហំ៣៦.០០០ហិកតា នៅតាមឆ្នេរសមុទ្រខេត្តកោះកុង ដើម្បីសាងសង់តំបន់ទេសចរណ៍មួយ ដែលមានសណ្ឋាគារទីលានវាយកូនហ្គុលហ្វ៍និងអាកាសយានដ្ឋានដែលត្រូវចំណាយអស់ទឹកប្រាក់ចំនួន៣,៨ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ប្រជាពលរដ្ឋចំនួន១.១០០គ្រួសារ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន និងព្រមទទួលសំណងថ្លៃដីជាទឹកប្រាក់រាប់ម៉ឺនដុល្លារ និងផ្ទះឈើថ្មី ព្រមទាំងដីសម្រាប់ធ្វើស្រែចម្ការ ក្នុងមួយគ្រួសារចំនួនពីរហិកតា នៅទីតាំងថ្មីចម្ងាយប្រហែល១៥គីឡូម៉ែត្រពីមាត់សមុទ្រ។ ទោះជាយា៉ងណា អ្នកភូមិខ្លះ បាននិយាយថា ពួកគាត់ត្រូវអាជ្ញាធរបង្ខិតបង្ខំឲ្យចាកចេញពីដីរបស់ខ្លួន។ អ្នកស្រី ទិត្យថេនបានបន្ថែមថាអភិបាលស្រុកគិរីសាគរបានបង្គាប់ឲ្យប្រជាពលរដ្ឋចំនួន១៩៣គ្រួសារ ដែលបន្តរស់ នៅក្នុងសហគមន៍នោះ ឲ្យចាកចេញនៅត្រឹមថ្ងៃអង្គារនេះ បុ៉ន្តែគ្រួសារទាំងនោះ បានទាមទារមិនព្រមចាកចេញឡើយ។ អ្នកស្រីនិយាយថា "យើងចង់ដាក់ញត្តិនិយាយអំពីបញ្ហារបស់អ្នកភូមិដូច្នេះ នៅពេលលោក មកដល់ លោកនឹងដឹងអំពីបញ្ហានេះហើយលោកនឹងរកដំណោះស្រាយសមរម្យសម្រាប់ពួកយើង"។ អ្នកស្រីបាននិយាយថា កាលពីខែមុនស្ថានទូតចិន បានទាត់ចោលញត្តិរបស់ពួកគាត់ម្តងហើយ ប៉ុន្តែពេលនេះ អ្នកភូមិនឹងចាំមើលទាល់តែស្ថានទូតព្រមទទួលញតិ្តនេះ។ អ្នកស្រីបាននិយាយថា “ប្រសិនបើមិនទទួលទេ យើងនឹងបន្តប្ដឹង នៅខាង។អ្នកស្រីបានបន្ដថា គ្រួសារទាំងនោះនឹង "ប្រឆាំងរហូតដល់ស្លាប់ ប្រសិនបើពួកគាត់មិនបានរស់នៅកន្លែងចាស់របស់ពួកគាត់ទេនោះ”។ លោកឆេងឆែអភិបាលស្រុកគិរីសាគរបានមានប្រសាសន៍ថា រឿងនេះហួសពីសមត្ថកិច្ចរបស់លោក ក្នុងការសម្រេចចិត្តថា តើគ្រួសារទាំងនោះអាចបន្តរស់នៅក្នុងភូមិចាស់របស់ពួកគាត់ឬអត់នោះ។ លោកបានបន្ថែមថា វាអាស្រ័យលើគណៈកម្មការអន្តរក្រសួង ដែលទទួលបន្ទុករកដំណោះស្រាយចំពោះការផ្លាស់ទីតាំងថ្មីនេះ។ លោកបានមានប្រសាសន៍ថា "ពួកគាត់មិនអនុញ្ញាតឲ្យបន្តរស់នៅក្នុងទីតាំងចាស់នោះទៀតទេ"។ លោកបានបញ្ជាក់ថាប្រជាពលរដ្ឋប្រហែល២០០គ្រួសារកំពុងតែរស់នៅនៅទីនោះនៅឡើយ។"នេះគឺជាគោលការណ៍របស់អន្តរក្រសួង”។ លោកវ៉ាងចាវអ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុនយូឌីជី ថ្លែងថាលោកមិនអាចធ្វើអត្ថាធិប្បាយបានទេ ហើយលោកក៏មិនដឹងអំពីញត្តិផ្ញើជូនលោក ហ៊ូ ជិនតាវ ដែរ៕ (រាយការណ៍បន្ថែមដោយ Simon Lewis ) ប្រែសម្រួលដោយហមសុផាណ្ណា
ក្រុមអង្គការក្រៅរដ្ឋាភិបាល ចាប់ផ្តើមខ្វែងគំនិតគ្នា អំពីរបៀបវារៈ នៅមុនកិច្ចប្រជុំកំពូលអាស៊ាន
មន្ត្រីរដ្ឋាភិបាលនិងសមាជិកអង្គការសង្គមស៊ីវិលជាង១.០០0នាក់បានចូលរួមវេទិកាប្រជាពលរដ្ឋអាស៊ាននៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ដើម្បីពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្សនៅមុនកិច្ចប្រជុំកំពូលអាស៊ាននៅសប្តាហ៍ក្រោយនេះ។ នៅថ្ងៃនេះមនុស្សប្រមាណ៩០០នាក់ ក៏នឹងមកចូលរួមវេទិកាប្រជាពលរដ្ឋអាស៊ាននេះ។អង្គការសង្គមស៊ីវិល មកពីប្រទេសជាសមាជិកអាស៊ានកំពុងរៀបចំវេទិកាមួយមានឈ្មោះដូចគ្នានេះដែរនិងបានលើកឡើងថា រដ្ឋាភិបាលព្រងើយកន្តើយចំពោះទស្សនរបស់ខ្លួន។ លោកស្រី ធីតា ឃិះ នាយិការបស់អង្គការសីលការ ជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកផ្នែកសិទ្ធិមនុស្សនិងជានាយិកាគណៈកម្មាធិការរៀបចំផែនការសម្រាប់វេទិកានៅថ្ងៃនេះបានមានប្រសាសន៍ថាខណៈដែលវេទិកាដំបូងត្រូវបានរៀបចំជាផ្លូវករដោយរដ្ឋាភិបាលនោះវេទិកាលើកទីពីរនេះ មិនត្រូវបានរៀបចំដោយរដ្ឋាភិបាលឡើយហើយផ្តោតលើបញ្ហាខ្វែងគំនិតគ្នានានាដូចជាសិទ្ធិដីធ្លីជាដើម។ លោកស្រីធីតាឃិះបានមានប្រសាសន៍ពីវេទិការៀបចំដោយរដ្ឋាភិបាលនេះថា"មិនមានបញ្ហាធ្ងន់ធ្ងរទ។ពួកគេមិនបានពិភាក្សាអំពីបញ្ហាដីធ្លី ឬបញ្ហាយេនឌ័រឡើយ។ខ្ញុំគិតថា“វាគ្មិនមួយចំនួន” នឹងមិនសូវរិះគន់ទេហើយវាគ្មិនភាគច្រើនមកពីជួរមន្ត្រីរដ្ឋាភិបាល"។ កាលពីឆ្នាំមុនរដ្ឋាភិបាលបានជ្រើសរើសលោកស្រី ហួយ សុជីវណ្ណី នាយិកាអង្គការបម្លាស់ប្តូរជាវិជ្ជមាននៅកម្ពុជានិងលោក សុខ ធាវុធ ប្រធានសមាគមយុវជនកម្ពុជា-អាស៊ានជាអង្គការនិងសមាគមដែលគេមិនសូវស្គាល់ឲ្យតំណាងសង្គមស៊ីវិលនៅកិច្ចប្រជុំកំពូលអាស៊ាន។ អង្គការក្រៅរដ្ឋាភិបាលដែលធ្វើការរិះគន់ចំពោះការជ្រើសរើសនេះលើកឡើងថាអ្នកតំណាងទាំងពីរនាក់នេះនឹងមិនលើកឡើងពីបញ្ហានានាដែលគេចាត់ទុកថាអវិជ្ជមាននោះទេ។ មានវត្តមាននិងថ្លែងសុន្ទរកថាទៅកាន់អ្នកចូលរួមនៅឯវេទិកាដែលរៀបចំដោយរដ្ឋាភិបាលកាលពីម្សិលមិញនោះរួមមានលោកឧបនាយករដ្ឋមន្ត្រីសុខអានលោកឱមយ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោកស្រី ឡុងសុផល្លីនាយិការងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងកិច្ចការនារីនិង លោកសេងសក្កដាអគ្គនាយកនៃអគ្គនាយដ្ឋានការងារនៃក្រសួងការងារ។ អំឡុងពេលថ្លែងសុន្ទរកថា លោក សុខអាន បានមានប្រសាសន៍ថាអ្នកតំណាងទាំងពីររូប ដែលរដ្ឋាភិបាលបានជ្រើសរើសនោះត្រូវបាន"បោះឆ្នោត" ជ្រើសរើសអំឡុងកិច្ចប្រជុំមួយកាលពីថ្ងៃទី១៥ខែមីនាគឺផ្ទុយពីលិខិតមួយច្បាប់របស់ទីស្តីការគណៈរដ្ឋមន្ត្រីដែលលើកឡើងថារដ្ឋាភិបាលបានជ្រើសរើសលោកស្រីសុជីវណ្ណីនិងលោកធាវុធរួចហើយកាលពីឆ្នាំមុន។ លោកសុខអានបានមានប្រសាសន៍ថា"គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺដើម្បីបង្កើតភាពស្របច្បាប់និងជ្រើសរើសអ្នកតំណាង តាមរយៈការបោះឆ្នោតជ្រើសរើសអ្នកតំណាងម្នាក់មកពីសមាគមយុវជននិងអ្នកតំណាងម្នាក់ទៀតមកពីអង្គការសង្គមស៊ីវិល"។លោកស្រីហួយសុជីវណ្ណីនាយិកាអង្គការបម្លាស់ប្តូរជាវិជ្ជមាននៅកម្ពុជានិងជាតំណាងម្នាក់របស់អង្គការក្រៅរដ្ឋាភិបាលដែលជ្រើសរើសដោយរដ្ឋាភិបាលនោះ បានមានប្រសាសសន៍ថាដំបូងពួកគេបានអញ្ជើញអង្គការក្រៅរដ្ឋាភិបាលទាំងអស់ឲ្យមកចូលរួមវេទិកា ប៉ុន្តែពួកគេមិនបានមកចូលរួមទេ៕ ប្រែសម្រួលដោយសោមសារុន
អ្នកប្រើបាស់អុីនធើណិត និងទូរស័ព្ទសាធារណៈត្រូវថតរូបទុក
ហ៊ុលរស្មីនិង Kate Bartlettរដ្ឋាភិបាលបានណែនាំឲ្យម្ចាស់អាជីវកម្មទាំងអស់ ដែលបម្រើសេវាកម្មអីុនធើណិត និងទូរសព្ទ័សាធារណៈ ឲ្យដំឡើងកាមេរ៉ាសុវត្ថិភាពនៅបរិវេណធ្វើអាជីវកម្មរបស់ខ្លួន ដើម្បីថតអត្តសញ្ញាណអ្នកប្រើប្រាស់ នៅក្នុងកិច្ចខំប្រឹងប្រែងមួយ ដើម្បីបង្ក្រាបអំពើភេរវកម្ម និងបទឧក្រិដ្ឋតាមអុីនធើណិត នេះបើយោងតាមសារាចរមួយរបស់រដ្ឋាភិបាលដែលទទួលបានកាលពីម្សិលមិញ។ យោងតាមសារាចរណែនាំចុះថ្ងៃទី២៨ខែកុម្ភៈ របស់ក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នេះ បានឲ្យដឹងថា ក្រុមហុ៊នទូរគមនាគមន៍ សាខាលក់និងចែកចាយបន្តទាំងអស់ ត្រូវចុះបញ្ជីអាសយដ្ឋានអាជីវកម្មរបស់ខ្លួន។ យោងតាមសារាចរណែនាំចុះហត្ថលេខាដោយលោក សូរ ឃុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះ បានឲ្យដឹងថាទីតាំងទាំងអស់ដែលបម្រើសេវាអុីនធើណិតនិងទូរសព្ទ័សាធារណៈ ដូចជាហាងអីុនធើណិតនិងផ្ទះសំណាក់ជាដើមនោះ ត្រូវតែដំឡើងកាមេរ៉ាដើម្បីថតរូបអតិថិជននីមួយៗ និងរក្សាទុករូបភាពទាំងនោះយ៉ាងហោចណាស់រយៈពេលបីខែ។ យោងតាមសារាចរដដែលនេះបានឲ្យដឹងទៀតថា អាជីវកម្មតូចតាចតាមចិញ្ចើមផ្លូវទាំងអស់ ក៏ត្រូវកត់ត្រាអត្តសញ្ញាណអ្នកប្រើប្រាស់ និងថតរូបអ្នកប្រើប្រាស់នោះទុកដែរ។ចាំបាច់ត្រូវតែអនុវត្តតាមវិធានការថ្មីនេះជាបន្ទាន់។ សារាចរណែនាំនេះមានខ្លឹមសារទៀតថា “ បទពិសោធន៍នៃការស៊ើបអង្កេត និងការបង្ក្រាបលើបទល្មើសផ្សេងៗក្នុងពេលកន្លងមក បានបង្ហាញថា ឧក្រិដ្ឋជនជារឿយៗប្រើប្រាស់សេវាទូរគមនាគមន៍ដូចជា ទូរស័ព្ទដៃ ការទូរស័ព្ទតាមអីុនធើណិត និងអីុនធើណិត ជា មធ្យោបាយប្រព្រឹត្តអំពើភេរវកម្ម បទឧក្រិដ្ឋឆ្លងដែន អំពើប្លន់ចាប់ជំរិតឃាតកម្មគ្រឿងញៀនការជួញដូរមនុស្សបទល្មើសសេដ្ឋកិច្ច និងការបញ្ជូនរូបភាពអាសអាភាស និងទង្វើអនាចារផ្សេងៗទៀត ដែលធ្វើឲ្យប៉ះពាល់ដល់ប្រពៃណីជាតិ និងសីលធម៌ក្នុងសង្គម”។ សារាចរនេះក៏បានលើកឡើងដែរថា អ្នកបម្រើសេវាកម្មអីុនធើណិត និងទូរស័ព្ទទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្នក្នុងការប្រមូលព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់អតិថិជន និងមានពេលមួយខែសម្រាប់ពិនិត្យមើលឯកសារសម្គាល់ខ្លួនចាស់ៗរបស់អតិថិជន ដើម្បីធ្វើឲ្យប្រាកដថា អតិថិជននីមួយៗត្រូវបានចុះឈ្មោះត្រឹមត្រូវ។ លោកស្រី សុខ ចាន់ដា ប្រធាននិងជានាយិកាប្រតិបត្តិនៃក្រុមហ៊ុន មេគង្គ ណិត (Mekong Net) បានលើកឡើងថា លោកស្រីមិនជឿថា បទបញ្ជាថ្មីនេះនឹងធ្វើឲ្យប៉ះពាល់ដល់អ្នកផ្តល់សេវាអីុនធើណិត ដោយសារច្បាប់តម្រូវឲ្យកត់ត្រាអត្តសញ្ញាណអតិថិជនរបស់ខ្លួននោះទេ ប៉ុន្តែនឹងប៉ះពាល់ដល់អាជីវកម្មតូចៗដូចជាហាងអីុនធើណិតជាដើម។ លោកស្រីបានលើកឡើងបន្ថែមទៀតថា “ ពួកគេនឹងត្រូវចំណាយប្រាក់ទិញកាមេរ៉ា និងដំឡើងសឺវើ (server) និងហាតដ្រាយ (hard drive) ធំ។ទោះបីជាពួកគេថតរូបអ្នកប្រើប្រាស់សេវាកម្មរបស់ខ្លួនបានច្បាស់ក្តី តើធ្វើម៉េចយើងដឹងថា ពួកគេនៅទីណា។មានមនុស្សរាប់លាននាក់ប្រើប្រាស់អីុនធើណិត។ វាពិបាកនឹងគ្រប់គ្រងឲ្យបានគ្រប់ជ្រុងជ្រោយណាស់”។ លោក ជួ ឧត្តម នាយកគ្រប់គ្រងនៅក្រុមហ៊ុន Friends Travel...
ជំរឿនសហគ្រាសបង្ហាញថា កម្ពុជាមានសហគ្រាសកន្លះលាន
យោងតាមជំរឿនសហគ្រាសថ្នាក់ជាតិមួយ ដែលក្រសួងផែនការបានចេញកាលពីម្សិលមិញបានឲ្យដឹងថា ប្រទេសកម្ពុជាមានសហគ្រាសសរុបចំនួន៥០៥.១៣៤ ដែលទ្រទ្រង់ដោយកម្លាំងពលកម្មចំនួន១.៦៧៦.២៦៣នាក់ គឺស្មើនឹង១១,៥៦ភាគរយប៉ុណ្ណោះនៃចំនួនប្រជាជនសរុប។ ជំរឿនសហគ្រាសឆ្នាំ២០១១កន្លងទៅនេះបានរកឃើញថា ក្នុងចំណោមចំនួនមនុស្សសរុបមានការងារធ្វើនៅក្នុងប្រទេសចំនួន១.០២៦.០៨៤នាក់ឬស្មើនឹង៦១,២ភាគរយ គឺជាស្ត្រី ដែលភាគច្រើនបម្រើការងារផ្នែកសេវាកម្មចំណីអាហារ ផ្នែកលក់រាយ និងវិស័យកាត់ដេរដែលទទួលបានប្រាក់ខែទាប។ យោងតាមជំរឿននេះបង្ហាញថា ៩៧,៧ភាគរយនៃសហគ្រាសទាំងអស់ក្នុងប្រទេសកម្ពុជា ត្រូវបានបែងចែកជាសហគ្រាសខ្នាតតូច ដែលមានកម្មករតិចជាង១០នាក់ រីឯ៧៩ភាគរយ នៃសហគ្រាសទាំងអស់មានកម្មករតិចជាងបីនាក់។ចំណែកឯសហគ្រាសខ្នាតធំ ដែលត្រូវបានចាត់ថាមានកម្មករលើសពី១០០នាក់នោះ មានតែ០,២ភាគរយប៉ុណ្ណោះ នៃចំនួនសហគ្រាសទាំងអស់ ឬស្មើនឹង៧៨៧សហគ្រាស។ ទោះជាយ៉ាងណា បើនិយាយពីសកម្មភាព ធ្វើអាជីវកម្មវិញសហគ្រាសខ្នាតធំទាំងនេះ មានចំណែកជិតពាក់កណ្តាលនៃសកម្មភាពធ្វើអាជីវកម្មដែលមានទឹកប្រាក់ចំនួន១២០ពាន់លានដុល្លារប្រចាំឆ្នាំរបស់កម្ពុជា គឺស្មើនឹង៥៨,៥ពាន់លានដុល្លារក្នុងមួយឆ្នាំ រីឯសហគ្រាសដែលមានកម្មករតិចជាងបីនាក់ មានចំណែកត្រឹមតែ៣,៩ពាន់លានដុល្លារប៉ុណ្ណោះនៅក្នុងការធ្វើអាជីវកម្ម។ ដោយត្រូវបានធ្វើឡើងក្នុងខែមីនា ឆ្នាំ២០១១ ជំរឿនដែលចុះធ្វើពីសហគ្រាសមួយទៅសហគ្រាសមួយ និងដែលចំណាយអស់ទឹកប្រាក់ចំនួន៣,២៦លានដុល្លារនេះទទួលបានមូលនិធិភាគច្រើនពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA ហើយមានភារកិច្ចប្រមូលតួលេខសហគ្រាសក្នុងប្រទេសកម្ពុជា ព្រមទាំងប្រមូលទិន្នន័យសេដ្ឋកិច្ចស្តីពីសហគ្រាសទាំងនោះផង។ លោកឆាយថនរដ្ឋមន្ត្រីក្រសួងផែនការ បានមានប្រសាសន៍កាលពីព្រឹកម្សិលមិញនៅពេលប្រកាសពីជំរឿននេះថា “ជំរឿនសហគ្រាសឆ្នាំ២០១១ នេះត្រូវបានធ្វើឡើងនៅតាមភូមិ ឬកន្លែងធ្វើជំរឿននីមួយៗ និងតាមទីផ្សារក្នុងស្រុក ខណ្ឌឃុំ និងសង្កាត់ទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា”។ ជំរឿននេះក៏បង្ហាញដែរថា សហគ្រាសលក់ដុំ លក់រាយ និងជួសជុលយានយន្តមាន៥៧,២ភាគរយនៃសហគ្រាសទាំងអស់ក្នុងប្រទេសកម្ពុជា គឺស្មើនឹង២៨៩.១៣០សហគ្រាស រីឯសហគ្រាសផលិតកម្មមាន១៤,៩ភាគរយ ហើយសេវាកម្មសណ្ឋាគារផ្ទះសំណាក់និងចំណីអាហារមាន១៣,៨ភាគរយនៃតួលេខសរុប។ យោងតាមលទ្ធផលនៃជំរឿនេនះ សេវាផលិតកម្ម សេវាកម្មសណ្ឋាគារ ផ្ទះសំណាក់ និងចំណីអាហារមាន៨៦,៧ភាគរយនៃសហគ្រាសថ្មីចំនួន១៨១.០៣៥ ដែលត្រូវបានបង្កើតឡើងក្នុងប្រទេសកម្ពុជា ចាប់តាំងពីដើមឆ្នាំ២០០៩មក។ ក្នុងរយៈពេលដូចគ្នានេះសហគ្រាសនានា ដែលផ្តោតលើសេវាព័ត៌មាននិងទំនាក់ទំនង ដូចជាទូរស័ព្ទចល័តនិងអីុនធើណិតជាដើមនោះ បានកើនឡើង៥២,៤ភាគរយ មកដល់៤.៧០៨សហគ្រាស។ ខណៈដែលជំរឿននេះបានរកឃើញថាស្ត្រីដែលធ្វើការនៅតាមសហគ្រាសនានាមានចំនួនច្រើនជាងបុរសនោះជំរឿននេះក៏បានរកឃើញដែរថា សហគ្រាសគ្រប់គ្រងដោយស្ត្រីមានច្រើនជាង ដោយស្ត្រីគ្រប់គ្រងចំនួន៦៥ភាគរយ ឬស្មើនឹង ៣២៦.០០៦នៃសហគ្រាសទាំងអស់។ជាង៦៤ភាគរយ នៃសហគ្រាសទាំងអស់ ត្រូវបានគ្រប់គ្រងនៅតាមលំនៅដ្ឋានតែម្តង។ លោក ចាន់ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា បានមានប្រសាសន៍ថាដោយសារតែសហគ្រាសខ្នាតតូចមានចំនួនច្រើននៅក្នុងប្រទេសកម្ពុជានោះ រាជរដ្ឋាភិបាលគួរតែផ្តោតលើការអភិវឌ្ឍសហគ្រាសខ្នាតតូចទាំងនោះ។ទោះជាយ៉ាងណា យោងតាមជំរឿននេះមានសហគ្រាសតែ១៧.៣៦៩ឬស្មើនឹង៣,៤ភាគរយនៃសហគ្រាសទាំងអស់ប៉ុណ្ណោះដែលបានចុះបញ្ជីជាមួយរដ្ឋាភិបាលនាពេលបច្ចុប្បន្ន៕ ប្រែសម្រួលដោយ តែមសុខុម
ក្រុមហ៊ុនជីករ៉ែជាង២៥០ទទួលបានអាជ្ញាប័ណ្ណជីករ៉ែនៅក្នុងប្រទេសកម្ពុជា
យោងតាមរបាយការណ៍ របស់ក្រសួងឧស្សាហកម្ម រ៉ែនិងថាមពល ចេញផ្សាយកាលពីម្សិលមិញ បានឲ្យដឹងថា ក្រុមហ៊ុនជីករ៉ែ ជិត២០០ បច្ចុប្បន្ននេះទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាល ក្នុងការជីកយករ៉ែ សម្រាប់ប្រើប្រាស់ជាសម្ភារសំណង់ ដូចជាថ្មក្រានីត ឬរ៉ែមានតម្លៃជាដើមចំណែកឯក្រុមហ៊ុនចំនួន៥៣ផ្សេងទៀត បានទទួលអាជ្ញាប័ណ្ណសម្រាប់រុករកធនធានរ៉ែ។ របាយការណ៍ប្រចាំឆ្នាំ របស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានឲ្យដឹងថា ក្នុងចំណោមក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែទាំងនេះ មានក្រុមហ៊ុនចំនួន៤២ទើបតែទទួលអាជ្ញាប័ណ្ណ កាលពីឆ្នាំទៅ ដើម្បីចាប់ផ្តើមជីកយករ៉ែចំណែកឯក្រុមហ៊ុនចំនួន២៤ទើបបានទទួលអាជ្ញាប័ណ្ណសម្រាប់រុករករ៉ែ។ របាយការណ៍នេះបង្ហាញថា ចំនួនក្រុមហ៊ុនសរុប ដែលកំពុងធ្វើសកម្មភាពក្នុងការជីកយករ៉ែនៅពេលនេះ មានរហូតដល់១៩៧...
ជប៉ុន ស្នើឲ្យកម្ពុជា កាត់បន្ថយពន្ធនិងកែលម្អការគ្រប់គ្រងនៅកំពង់ផែ
កាលពីថ្ងៃអង្គារស្ថានទូតជប៉ុនប្រចាំរាជធានីភ្នំពេញ បានអំពាវនាវសុំឲ្យរដ្ឋាភិបាលកម្ពុជា ជួយលើកទឹកចិត្តដល់ការវិនិយោគរបស់ជប៉ុននៅក្នុងប្រទេសនេះ តាមរយៈការកាត់បន្ថយពន្ធលើប្រាក់ចំណេញរបស់ក្រុមហ៊ុននិងការកាត់បន្ថយពន្ធគយខ្ពស់ខ្លាំងដោយការអនុវត្តគោលនយោបាយមានតម្លាភាព និងមានប្រសិទ្ធភាពជាងនេះ។ យោងតាមសំណើមួយចំនួនដែលស្ថានទូតជប៉ុន បានត្រៀមសម្រាប់លើកឡើងនៅកិច្ចប្រជុំវិស័យរដ្ឋនិងឯកជនលើកទី៦រវាងកម្ពុជានិងជប៉ុននៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានឲ្យដឹងថាប្រទេសជប៉ុនចង់ឲ្យរដ្ឋាភិបាលគោរពតាមការសន្យាមួយដែលបានធ្វើឡើងកាលពីឆ្នាំមុន ដើម្បីកាត់បន្ថយពន្ធលើប្រាក់ចំណេញចំនួន២០ភាគរយរបស់កម្ពុជា សម្រាប់ក្រុមហ៊ុន ដែលចូលមករកស៊ីក្នុងទីផ្សារកម្ពុជា។ ប៉ុន្តែលោកសុខចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍អំឡុងកិច្ចប្រជុំនេះថា លោកនឹងផ្តល់ការកាត់បន្ថយពន្ធលើប្រាក់ចំណេញដល់ក្រុមហ៊ុននានាតាមការជាក់ស្តែង ខណៈ ពេលដែលក្រុមអ្នកជំនាញបន្តលើកឡើងថាកម្ពុជាគួរតែបង្កើនប្រាក់ចំណូលរបស់ខ្លួនតាមរយៈការដំឡើងពន្ធ។ លោកថ្លែងថា“ខ្ញុំមិនគាំទ្រឲ្យក្រុមហ៊ុនទាមទារកាត់បន្ថយអត្រាពន្ធលើប្រាក់ចំណេញ ឬស្នើសុំពន្យារពេលបង់ពន្ធនោះឡើយ”។លោកបានថ្លែងបន្ថែមថា ទោះជាយ៉ាងណាក្រុមហ៊ុនមួយចំនួនទទួលបានការកាត់បន្ថយពន្ធលើប្រាក់ចំណេញរហូតដល់ទៅប្រាំមួយឆ្នាំឯណោះ។ លោក ចន ប្រ៊ីនស្តេន អនុប្រធានសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា បានមានប្រសាសន៍កាលពីម្សិលមិញថា ការកាត់បន្ថយពន្ធលើប្រាក់ចំណេញសម្រាប់ក្រុមហ៊ុនថ្មីៗនឹងផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចក្នុងស្រុក។ លោក ចន ប្រ៊ីនស្តេន បានមានប្រសាសន៍ថា “ ការកាត់បន្ថយពន្ធនេះនឹងបង្កលក្ខណ:កាន់តែងាយស្រួលសម្រាប់ក្រុមហ៊ុនធំៗ ដែលចង់ធ្វើការវិនិយោគរយ:ពេលវែង ដើម្បីនាំចូលនូវបច្ចេកវិទ្យាទំនើបៗ ក៏ដូចជាបង្កើនតម្លៃដល់កម្លាំងការងារផងដែរ។វាជាទង្វើដ៏ឆ្លាតវៃមួយ”។ អំឡុងកិច្ចប្រជុំកាលពីថ្ងៃអង្គារនេះក្រុមមន្ត្រីជប៉ុនក៏បានបង្ហាញវិធីមួយចំនួនសម្រាប់ដោះស្រាយដំណើរការដែលគ្មានប្រសិទ្ធភាព និងចំណាយអស់ប្រាក់ច្រើននៅកំពង់ផែធំៗចំនួនពីររបស់កម្ពុជា ដែលស្ថិតក្នុងរាជធានីភ្នំពេញ...
ឯកអគ្គរាជទូតជប៉ុន លើកឡើងពីកង្វល់ជុំវិញការបាញ់ប្រហារនៅតំបន់សេដ្ឋកិច្ចពិសេស
ឯកអគ្គរាជទូតជប៉ុន លោក ម៉ាសា ហ្វូ៊មីគូរូគី (Masafumi Kuroki) បានមានប្រសាសន៍កាលពីម្សិលមិញថា លោករំពឹងថា រដ្ឋានឹងចាប់ខ្លួនខ្មាន់កាំភ្លើងនៅពីក្រោយការបាញ់ប្រហារកាលពីថ្ងៃទី២០ ខែកុម្ភៈ ទៅលើកម្មករតវ៉ានៅក្នុងខេត្តស្វាយរៀង ហើយត្រូវធានាសុវត្ថិភាពដល់វិនិយោគិននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (SEZ) នោះ។ មិនទាន់មានការចាប់ខ្លួននៅឡើយទេចាប់តាំងពីបុរសស្លៀកពាក់ឯកសណ្ឋានម្នាក់បានបាញ់ប្រហារទៅលើកម្មករតវ៉ា នៅឯតំបន់សេដ្ឋកិច្ចពិសេសម៉ាន់ហាតតាន់ ដែលបានធ្វើឲ្យរបួសកម្មការិនីបីនាក់។ លោក ឈូក បណ្ឌិត អភិបាលក្រុងបាវិត ត្រូវបានអះអាងថាជាជនសង្ស័យ ប៉ុន្តែសាលាដំបូងខេត្ត បានត្រឹមតែសុំឲ្យលោក បង្ហាញខ្លួន ដើម្បីសាកសួរនៅចុងខែនេះប៉ុណ្ណោះ។ នៅឯកិច្ចប្រជំុរវាងវិស័យសាធារណៈនិងឯកជនលើកទីប្រាំមួយរបស់កម្ពុជា និងជប៉ុន នៅឯក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោកឯកអគ្គរាជទូត ម៉ាសាហ្វូ៊មី គូរ៉ូគី បានលើកឡើងដោយផ្ទាល់ អំពីបញ្ហាមិនទាន់ដោះស្រាយករណីបាញ់ប្រហារ ដែលបានធ្វើឲ្យមានការគិតគូរឡើងវិញ ចំពោះតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសនេះ និងបញ្ហានិទណ្ឌភាពពាក់ព័ន្ធនឹងនយោបាយ។ លោកឯកអគ្គរាជទូតបានថ្លែងថា"ខ្ញុំសូមលើកឡើងពីបញ្ហា ដែលបានកើតឡើងនៅឯតំបន់សេដ្ឋកិច្ចពិសេសម៉ាន់ហាតតាន់ កាលពីខែមុន"។ លោកបានថ្លែងថា "ខ្ញុំគិតថាកម្ពុជា គឺជាប្រទេសមាននីតិរដ្ឋ...ដូច្នេះខ្ញុំសង្ឃឹមថា ដូច្នេះ នឹងវែកមុខជនសង្ស័យហើយនាំខ្លួនជននេះទៅឲ្យតុលាការកាត់ទោស ទៅតាមច្បាប់"។ លោកបន្ថែមថា ពីព្រោះក្រុមហ៊ុនជប៉ុនប្រតិបត្តិការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះដែរ ហើយជនជាតិជប៉ុនផ្សេងទៀតមានការព្រួយបារម្ភដោយសារតែព្រឹត្តិការណ៍នេះ។ លោកឯកអគ្គរាជទូត បានថ្លែងថា "ត្រូវតែធានាសុវត្ថិភាពដល់វិនិយោគិនទាំងនៅក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេស ដូច្នេះកំុឲ្យព្រឹត្តិការណ៍នេះកើតឡើងម្តងទៀត"។លោកបានបន្ថែមថា "ខ្ញុំនិយាយដូច្នេះពីព្រោះខ្ញុំនាំភ្ញៀវជប៉ុនមកទីនេះគ្រប់ពេលពីព្រោះកម្ពុជាមានសុវត្ថិភាពណាស់ ក៏ប៉ុន្តែវាក៏លំបាកណាស់ដែរនៅពេលមានព្រឹត្តិការណ៍អ៊ីចឹងកើតឡើង"។ ឆ្លើយតបទៅនឹងលោកឯកអគ្គរាជទូត លោក សុខ ចិន្តាសុភា អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រាប់គណៈប្រតិភូជប៉ុនវិញថាការបាញ់ប្រហារនេះ "គឺជាព្រឹត្តិការណ៍គួរឲ្យសោកស្តាយណាស់"។ លោកចិន្តាសុភាបានថ្លែងថារដ្ឋាភិបាលបានប្រជំុពីរលើក កាលពីថ្ងៃទី២៧ខែកុម្ភៈនិងថ្ងៃទី២ ខែមីនា ដើម្បីពិភាក្សាអំពីការបាញ់ប្រហារនេះ ក៏ប៉ុន្តែលោកមិនបានបរិយាយឲ្យបានល្អិតល្អន់ទេ។ លោក ចិន្តាសុភា បានថ្លែងថា "ខ្ញុំសូមទោសដោយសារខ្ញុំមិនបានជូនដំណឹងប្រាប់លោកអំពីវិធានការត្រូវអនុវត្តយ៉ាងម៉េចនោះ។គ្រប់ស្ថាប័នរដ្ឋាភិបាលទាំងអស់ នឹងព្យាយាមដោះស្រាយវិវាទការងារ"។ យោងតាមទិន្នន័យពីក្រុមប្រឹក្សាវិនិយោគកម្ពុជា បានឲ្យដឹងថា គម្រោងវិនិយោគពីប្រទេសជប៉ុន មានទឹកប្រាក់ជាង១២០លានដុល្លារ ហើយនៅតែជាវិនិយោគិនមួយ ក្នុងចំណោមវិនិយោគិនដ៏ធំបំផុត របស់កម្ពុជារៀងរាល់ឆ្នាំ។ ពេលទាក់ទងបន្ទាប់ពីកិច្ចប្រជំុនេះលោក ចិន្តាសុភា បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីកិច្ចប្រជំុនេះឡើយ។ លោកបានមានប្រសាសន៍ថា "កំុសួរពីព្រោះខ្ញុំមិនឆ្លើយទេ។ កំុសរសេរថា ខ្ញុំមិនឆ្លើយសំនួរ"។ ស្ថានទូតជប៉ុនក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយស្តីពីជំនួបនេះដែរ។ ស្ថានទូតបានលើកឡើងថា"ដោយសារកិច្ចប្រជំុថ្ងៃនេះ...