Thursday, February 25, 2021
Home Authors Posts by Janelle Retka

Janelle Retka

77 POSTS 0 COMMENTS

អាជ្ញាធរ​​​ផ្តល់​​​លិខិត​​បញ្ជាក់​កម្មសិទ្ធិ​​​​ផ្ទះ​ដល់​​​ពលរដ្ឋ​​​នៅ​​​អគារ​​​ប៊ូឌីងស តែ​​​មិន​​​ទាន់​​​ផ្តល់​​​ប័ណ្ណ​​​កម្មសិទ្ធិ

ប៉ុន្មានសប្ដាហ៍បន្ទាប់ពីមន្ត្រីមកពីក្រសួងរៀបចំដែនដីបានចុះទៅពិនិត្យមើលអគារប៊ូឌីងសក្នុងរាជធានីភ្នំពេញដើម្បីប្រមូលឯកសារ និងវាស់វែងផ្ទះល្វែងនោះ មន្ត្រីមួយចំនួនបានត្រឡប់មកវិញនៅសប្ដាហ៍នេះដើម្បីផ្តល់លិខិតបញ្ជាក់កម្មសិទ្ធិដល់អ្នកដែលប្រឈមនឹងការបណ្ដេញចេញ។ យោងតាមមន្ត្រីក្រសួងម្នាក់បានឱ្យដឹងថា ប៉ុន្តែប័ណ្ណកម្មសិទ្ធិផ្លូវការនឹងមិនទាន់ផ្ដល់ឱ្យទេ លុះណាតែអគារកម្ពស់២១ជាន់ដែលនឹងចំណាយពេលសាងសង់ដល់ទៅ៤ឆ្នាំនោះជំនួសឱ្យអគារលំនៅដ្ឋានដែលសាងសង់ក្នុងទសវត្សរ៍ឆ្នាំ១៩៦០សម្រាប់ពលរដ្ឋដែលមានប្រាក់ចំណូលទាបនោះរួចរាល់។ ដោយសំដៅដល់ក្រុមហ៊ុន Arakawa ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ជប៉ុនដែលគ្រប់គ្រងគម្រោងដែលមានទឹកប្រាក់៨០លានដុល្លារនោះ លោក កើត សារ៉េត អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីបានមានប្រសាសន៍ថា "យើងផ្ដល់លិខិតបញ្ជាក់កម្មសិទ្ធិដល់ពួកគាត់ដើម្បីឱ្យពួកគាត់ងាយស្រួលធ្វើការចរចាជាមួយក្រុមហ៊ុន"។ លោកបានមានប្រសាសន៍ថា "ខ្ញុំគិតថា ប័ណ្ណកម្មសិទ្ធិគួរផ្ដល់ឱ្យនៅពេលអគារថ្មីសាងសង់រួចរាល់"។ អ្នកស្រី ឌី សុផាន់ណារ៉ាម៉ានី តំណាងអ្នកភូមិបាននិយាយថា ម្ចាស់ផ្ទះល្វែងប្រហែល៦០ទៅ៧០ភាគរយទទួលបានលិខិតបញ្ជាក់កម្មសិទ្ធិកាលពីរសៀលម្សិលមិញ គឺរយៈពេលពីរថ្ងៃបន្ទាប់ពីក្រុមមន្ត្រីបានចាប់ផ្ដើមដំណើរការចែកជូន។ អ្នកស្រីបាននិយាយថា "គ្រប់គ្នាសប្បាយរីករាយណាស់។ វាមិនខុសពីទទួលបានប័ណ្ណកម្មសិទ្ធិឡើយ។ អ្វីដែលសំខាន់នោះគឺថា វាជាភ័ស្តុតាងបង្ហាញថា នរណាជាម្ចាស់ផ្ទះ។ ប្រសិនបើយើងទទួលបានលិខិតបញ្ជាក់កម្មសិទ្ធិ នោះយើងអាចលក់ទៅឱ្យពួកគេបាន"។ ទោះយ៉ាងណា មានកង្វល់ក្នុងចំណោមពលរដ្ឋមួយចំនួនខណៈដែលពួកគេបានពិនិត្យក្រដាសស្នាម។ អ្នកស្រី អ៊ុន សុភាព...

ជនជាតិ​ម៉ុងតាញ៉ា​​វិល​ត្រឡប់ទៅ​ប្រទេស​វៀតណាមវិញ ក្រោយ​​​ក្រសួង​​​បញ្ចប់ការសម្ភាស​

អ្នកស្វែងរកសិទ្ធិជ្រកកោនមួយក្រុមមានគ្នា១៣នាក់ ដែលបានភៀសខ្លួនពីវៀតណាមមកប្រទេសកម្ពុជា អំឡុងរយៈពេល២ឆ្នាំមកនេះដើម្បីដាក់ពាក្យស្នើសុំឋានៈជាជនភៀសខ្លួនបានវិលត្រឡប់ទៅតំបន់ខ្ពង់រាបភាគកណ្ដាលនៃប្រទេសកំណើតរបស់ពួកគេវិញហើយកាលពីព្រឹកថ្ងៃអង្គារ បន្ទាប់ពីក្រសួងមហាផ្ទៃបានបញ្ចប់ការសម្ភាសក្រុមទាំងមូលនេះដែលមានគ្នា១៦៧នាក់កាលពីសប្ដាហ៍មុន។ ឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានដឹកជញ្ជូនក្រុមមានគ្នា១៣នាក់នេះកាត់តាមច្រកព្រំដែនអូរយ៉ាដាវ ខេត្តរតនគិរី ហើយមន្ត្រីវៀតណាមបានមកទទួលពួកគេ ហើយបញ្ជូនពួកគេទៅស្រុកកំណើតវិញ នេះបើយោងតាមការឱ្យដឹងពីលោកស្រី វីវៀន តាន អ្នកនាំពាក្យប្រចាំតំបន់នៃទីភ្នាក់ងារជនភៀសខ្លួនមួយនេះ។ លោក តាន់ សុវិជ្ជា ប្រធាននាយកដ្ឋានជនភៀសខ្លួននៃក្រសួងមហាផ្ទៃមានប្រសាសន៍ថា  នាយកដ្ឋានរបស់លោកបានបញ្ចប់ការសម្ភាសជនស្វែងរកសិទ្ធិជ្រកកោនទាំង១៦៧នាក់ដែលមកពីតំបន់ខ្ពង់រាបភាគកណ្ដាលនៃប្រទេសវៀតណាមកាលពីថ្ងៃសុក្រ។ លោកថ្លែងថា "យើងមិនទាន់កំណត់ថា ប៉ុន្មាននាក់ជាប់ និងប៉ុន្មាននាក់ធ្លាក់នៅឡើយទេ។ ពេលនេះយើងកំពុងវាយតម្លៃករណីនីមួយៗដើម្បីកំណត់ឋានៈរបស់ជនស្វែងរកសិទ្ធិជ្រកកោន ហើយបន្ទាប់មកយើងនឹងបញ្ជូនពួកគេមួយករណីម្ដងៗដើម្បីឱ្យក្រសួងមហាផ្ទៃវាយតម្លៃសម្រេចជាចុងក្រោយ"។ លោកបានលើកឡើងទៀតថា លោកមិនដឹងថា ដំណើរការវាយតម្លៃនេះនឹងបញ្ចប់នៅពេលណាទេ ប៉ុន្តែថា សំណើភាគច្រើនរបស់ក្រុមនេះទំនងជាត្រូវបានច្រានចោល។ ការលូកដៃរបស់អង្គការសហប្រជាជាតិពាក់ព័ន្ធដំណើរការនេះបានបង្កឱ្យមានភាពចម្រូងចម្រាស ដោយបណ្ដាអ្នកតស៊ូមតិដើម្បីការពារសិទ្ធិមនុស្សលើកឡើងថា ប្រទេសកម្ពុជាមិនពិចារណាឱ្យបានត្រឹមត្រូវនោះទេចំពោះអ្នកស្វែងរកសិទ្ធិជ្រកកោនទាំងនេះ...

ការ​ចម្អិន​អាហារ​ក្លាយជា​​កម្មវិធី​សិក្សា​​ដំបូងគេ​បង្អស់​នៅ​​កម្ពុជា​

សាន ស្រីល័ក្ខណ៍ បានរៀនចម្អិនអាហារពីម្ដាយរបស់ខ្លួននៅក្នុងផ្ទះបាយតូចចង្អៀតដោយទឹកកំពុងពុះលើចង្ក្រានកែច្នៃក្នុងភូមិរបស់នាងនៅខេត្តពោធិ៍សាត់។ នាងចេះឆាគុយទាវបែបថៃ (ផាត់ថៃ) ឬឆាសាច់គោឡុកឡាក់យ៉ាងងាយស្រួល ហើយថ្មីៗនេះនាងធ្លាប់ជាអ្នកលក់មី គុយទាវ តាមចិញ្ចើមផ្លូវរយៈពេល១ឆ្នាំនៅក្នុងប្រទេសថៃ។ ប៉ុន្តែចុងភៅដែលមានមហិច្ឆតារូបនេះមានក្ដីសុបិនចង់រៀនចម្អិនអាហារអន្តរជាតិជាមួយនឹងឧបករណ៍ផ្ទះបាយទំនើបៗនៅក្នុងផ្ទះបាយអាជីព ហើយចុងក្រោយនឹងបើកភោជនីយដ្ឋានដ៏តូចមួយផ្ទាល់ខ្លួន។ ស្ត្រីរូបនេះនិយាយថា "អាហារមួយចំនួនខ្ញុំមិនចេះចម្អិនទេ ប៉ុន្តែអនាគតរបស់ខ្ញុំគឺចម្អិនអាហារ"។ សាន ស្រីល័ក្ខណ៍ គឺជាសិស្សដំបូងដែលបានចុះឈ្មោះសិក្សានៅសាលាបណ្ដុះបណ្ដាលពីវិធីធ្វើម្ហូបដំបូងគេបង្អស់នៅក្នុងប្រទេសមានឈ្មោះថា វិទ្យាស្ថានម្ហូបអាហារកម្ពុជា (Academy of Culinary Arts Cambodia) ឬហៅកាត់ថា ACAC ដែលបានបើកទទួលចុះឈ្មោះសិស្សជំនាន់ទី១របស់ខ្លួនកាលពីដើមខែនេះសម្រាប់កម្មវិធីសិក្សារយៈពេល២ឆ្នាំ។ នៅខែមីនា សាន ស្រីល័ក្ខណ៍ និងមិត្តរួមថ្នាក់របស់នាងនឹងចាប់ផ្ដើមចូលសិក្សាវគ្គចម្អិនអាហារនៅក្នុងផ្ទះបាយដែលមានអនាម័យ និងធំទូលាយនៅក្នុងរាជធានីភ្នំពេញ  ដែលពេញទៅដោយឧបករណ៍ផ្ទះបាយនាំចូលពីប្រទេសស្វ៊ីស។ លោក...

រឿងរ៉ាវជូរចត់អំពី​​​ការ​​​បណ្តេញ​​​ចេញ​​​ពី​​​លំនៅ​​​ដ្ឋាន និង​​​ការ​​​អភិវឌ្ឍ​​​លាត​​​ត្រដាង​​​ឲ្យ​​​ឃើញ​​​ក្នុង​​​ការ​​​សិក្សា

ពីរឆ្នាំបន្ទាប់ពីអគារប៊ូឌីញក្នុងក្រុងភ្នំពេញត្រូវគេចាត់ទុកថាគ្មានសុវត្ថិភាពក្នុងខែសីហា ឆ្នាំ២០១៤ ពលរដ្ឋនិងម្ចាស់អាជីវកម្មតូចៗរាប់រយនាក់ដែលរស់នៅក្នុងអគារមានប្រាក់ចំណូលទាបបានទទួលព័ត៌មានតិចតួចអំពីវាសនារបស់ទីតាំងនោះ។ តាមការសិក្សាមួយដែលចេញនៅថ្ងៃអង្គារដោយក្រុមសិទ្ធិលំនៅដ្ឋានសមាគមធាងត្នោតឲ្យដឹងថា ប៉ុន្តែនៅពេលដែលគម្រោងអភិវឌ្ឍរយៈពេល៤ឆ្នាំមានទឹកប្រាក់៨០លានដុល្លារបានប្រកាសកាលពីខែកញ្ញានេះ រដ្ឋាភិបាលបានបង្ហាញកម្រិតនៃការប្រាស្រ័យទាក់ទងដែលមិនមានពីមុន គឺមានអ្នកដែលនឹងត្រូវបណ្តេញចេញ។ អ្នករស់នៅអគារប៊ូឌីញបានទទួលដំណឹងភ្លាមៗអំពីអគារ៥ជាន់ដែលនឹងប្រើសម្រាប់ធ្វើកន្លែងស្នាក់នៅទំនើបរបស់គេ នឹងក្លាយជាអគារកម្ពស់២១ជាន់វិញ។ ពួកគេបានទទួលដំណឹងពីការស្នាក់នៅបណ្តោះអាសន្នដែលមានទីតាំងនៅខាងក្រោយមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។ ការប្រជុំជាសាធារណៈបានធ្វើឡើងរវាងអ្នកភូមិ ក្រសួងរៀបចំដែនដី និងក្រុមហ៊ុនអភិវឌ្ឍជប៉ុន។ នៅដើមខែនេះ មន្ត្រីក្រសួងបានចុះតាមផ្ទះនីមួយៗដោយវាស់វែង រៀបចំឯកសារ និងសន្យាផ្តល់ប្លង់កម្មសិទ្ធិនៅពេលអនាគត។ ការសិក្សារបស់សមាគមធាងត្នោតនិយាយថា ទោះជាយ៉ាងនេះក្តី នៅឯទីតាំងបណ្តេញចេញនានាទូទាំងរាជធានីតាំងពីឆ្នាំ១៩៩០ នេះគឺមិនមែនជាករណីប៉ុណ្ណឹងទេ។ អ្នកវាស់ដីបានចុះទៅទីតាំងក្នុងក្រុងភ្នំពេញចំនួន៧៧កន្លែង ដើម្បីស្ទង់មើលការអភិវឌ្ឍនិងការប្រើនាពេលបច្ចុប្បន្ន ហើយបានប៉ុនប៉ងនិយាយជាមួយសមាជិកសហគមន៍ដែលរងការប៉ះពាល់ម្នាក់នៅកន្លែងនីមួយៗ។ មានមនុស្ស៤៦នាក់បានចូលរួម។ ក្នុងចំណោមនោះ មាន៥៧ភាគរយបាននិយាយថា ពួកគេបានទទួលដំណឹងពីគម្រោងអភិវឌ្ឍទាំងនោះ។ ទោះជាយ៉ាងនេះក្តី របាយការណ៍និយាយថា សូម្បីតែ "នៅពេលដែលអ្នកភូមិត្រូវព្រមានជាមុនអំពីការបណ្តេញចេញ និងការគ្រោងប្រើទីតាំងក៏ដោយ ក៏ទំនងជាមានព័ត៌មានតិចតួចណាស់ ឬគ្មានព័ត៌មានទាល់តែសោះ ដែលគេចែករំលែកជាសាធារណៈឲ្យលើសពីការជូនដំណឹងបែបហ្នឹងនោះទេ"។ របាយការណ៍និយាយថា ស្ទើរតែពាក់កណ្តាលនៃអ្នកឆ្លើយតប គឺមិនបានដឹងថាមានអ្វីសាងសង់នៅលើដីដែលពួកគេបានរស់នៅក្បែរ ឬនៅលើទេ ហើយស្ទើរតែមួយភាគបីក៏មិនបានដឹងថានរណាទទួលខុសត្រូវលើការអភិវឌ្ឍដែរ។ ទោះបីជាមានគម្រោងពិស្តារក៏ដោយ ក៏អ្នកដែលត្រូវគេបណ្តេញចេញត្រូវខកចិត្តដែរ។ អគារស្នាក់នៅ១០កន្លែងថ្មីដែលសន្យាដល់សហគមន៍បូរីកីឡាកាលពី១០ឆ្នាំមុនបានកើតឡើងបានតែ៨កន្លែងប៉ុណ្ណោះ ដោយក្រុមហ៊ុនអភិវឌ្ឍកាលពីខែមិថុនា អះអាងថាក្ស័យធន ហើយអ្នកភូមិរាប់រយនាក់ក៏គ្មានផ្ទះសំបែង។ លោក សៅ កុសល ប្រធានគ្រប់គ្រងកម្មវិធីបច្ចេកទេសសមាគមធាងត្នោតបាននិយាយនៅខាងក្រៅការបញ្ចេញរបាយការណ៍នៅក្រុងភ្នំពេញកាលពីថ្ងៃអង្គារថា តាមការអះអាង "ហេតុផលដែលពួកគេបណ្តេញសហគមន៍នានាឲ្យចេញពីដីរបស់ពួកគេ ឬផ្ទះពួកគេ គឺដោយសារតែការអភិវឌ្ឍ និងដើម្បីបរិស្ថានក្រុងភ្នំពេញ"។ លោកបាននិយាយថា "ប៉ុន្តែតាមការពិតមិនមែនដូច្នេះទេ។ ការពិតគឺខុសគ្នា។ គេប្រើពាក្យថា'អភិវឌ្ឍ'គ្រាន់តែបោកប្រាស់សហគមន៍ប៉ុណ្ណោះ ហើយសហគមន៍ក៏មិនបានទទួលផលប្រយោជន៍ពីគម្រោងអភិវឌ្ឍទេ"។ ការសិក្សានិយាយថា នៅពេលដែលអ្នកត្រូវគេបណ្តេញចេញប៉ុនប៉ងដាក់ពាក្យបណ្តឹង មិនមានភ្នាក់ងាររដ្ឋាភិបាលណាមួយទទួលខុសត្រូវទេ ហើយតុលាការម្តងហើយម្តងទៀតក៏មិនយកចិត្តទុកដាក់ដែរ។ អ្នកដែលត្រូវគេបណ្តេញចេញក៏បានរាយការណ៍អំពីការធ្លាក់ចុះគុណភាពជីវិត ពីការខ្វះទឹកប្រើប្រាស់និងសាលារៀនរហូតដល់បាត់បង់ប្រាក់ចំណូលដោយសារតែការផ្លាស់ប្តូរទីលំនៅថ្មី។ ការសិក្សាបានរកឃើញថា ច្រើនជាងនេះទៀត ការសន្យាដែលគម្រោងផ្តល់ឲ្យថាមានកំណើនតាមរយៈទំនើបភាវូបនីយកម្ម គឺមិនត្រូវបានគេដឹងទេ ដោយមាន៦៥ភាគរយនៃការអភិវឌ្ឍថ្មីនៅមិនទាន់ចប់នៅឡើយ។ គម្រោងខ្លះក៏មិនដែលចាប់ផ្តើមទេ។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលាក្រុងភ្នំពេញបានជំរុញឲ្យអត់ធ្មត់។ លោកបាននិយាយថា "វិស័យឯកជនបានអភិវឌ្ឍ ផ្អែកលើគម្រោងរបស់គេ។ យើងមិនអាចនិយាយថា អភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ យើងត្រូវតែឃើញលទ្ធផលភ្លាមៗបានទេ"។ លោកបាននិយាយបន្ថែមដោយបដិសេធមិនអត្ថាធិប្បាយបន្តទៀតថា "យើងអនុវត្តស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលសម្រាប់អភិវឌ្ឍ ហើយសហការជាមួយដៃគូឯកជន"។ លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដីមិនអាចទាក់ទងសុំការបំភ្លឺបានទេ។ ប្រវត្តិលំបាករបស់សាលាក្រុងជាមួយការអភិវឌ្ឍរឹតតែធ្វើឲ្យសហគមន៍នៅអគារប៊ូឌីញមិនជឿលើគម្រោងជួសជុលទេ ទោះបីជាមានការពិភាក្សាជាមួយក្រុមហ៊ុនអភិវឌ្ឍរបស់ខ្លួនគឺ អារ៉ាកាវ៉ា និងក្រសួងរៀបចំដែនដីក៏ដោយ។ តាមតំណាងអ្នកភូមិ មាន៩០ភាគរយនៃគ្រួសារទាំងអស់គ្រោងលក់ផ្ទះរបស់គេជាជាងរង់ចាំផ្ទះថ្មីដែលនឹងសង់រួច។ អ្នកស្រី មាស ស្រីមុំ វ័យ៤៨ឆ្នាំ ដែលកំពុងប្រឈមមុខនឹងការបណ្តេញចេញ ដោយសារតែគម្រោងជួសជុលផ្លូវរថភ្លើងនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោកបាននិយាយថា ការមើលឃើញអាក្រក់បែបនេះពិតជាត្រឹមត្រូវ។ អ្នកស្រីបាននិយាយថា "រដ្ឋាភិបាលអភិវឌ្ឍលើទឹកភ្នែកប្រជាពលរដ្ឋ"៕

លោក​​​ ហ៊ុន សែន លើក​​​ឡើង​​​ថា ​​​ទីលាន​​​​​​ប្រជា​​​ធិបតេយ្យ​​​ប្រហែល​​​ជា​​​ត្រូវ​​​រើ​​​​​​ទៅ​​​ភាគ​​​ខាង​​​ជើង​​​រាជ​​​ធានី​​​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងកាលពីម្សិលមិញថា ទីលានប្រជាធិបតេយ្យ ជាទីតាំងមួយនៅកណ្តាលរាជធានីភ្នំពេញដែលគេទុកសម្រាប់ការតវ៉ាសាធារណៈនោះ ប្រហែលជាត្រូវរើទីតាំងទៅកាន់តំបន់ជាយក្រុងភាគខាងជើងរាជធានី។ លោកបានបន្ថែមថា ជម្រើសនៃទីតាំងបច្ចុប្បន្នខុសតាំងពីដំបូងទីមកម្លេ៉ះ។ ទីតាំងថ្មីទៅថ្ងៃមុខ ដែលជាសួននៅតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវនោះ គឺព័ទ្ធជុំវិញដោយឃ្លាំងនៅភាគខាងជើង និងភាគខាងត្បូង និងទន្លេសាបនៅភាគខាងកើត។ លោក ហ៊ុន សែន បានមានប្រសាសន៍អំឡុងពេលថ្លែងសុន្ទរកថានៅក្នុងសាលពិព័រណ៍កោះពេជ្រដើម្បីប្រារព្ធពិធីអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៨ថា "ថ្ងៃមុន ខ្ញុំបានហៅទូរស័ព្ទទៅ ប៉ា សុជាតិវង្ស ដោយ សារឥឡូវហ្នឹងយើងប្រហែលជាមិនទុកទីលានប្រជាធិបតេយ្យនៅកណ្តាលក្រុងបង្កើតភាពរញ៉េរញ៉ៃនៅក្នុងហ្នឹងបានទៀតនោះទេ"។ លោកបានមានប្រសាសន៍ទាក់ទិននឹងទីតាំងបច្ចុប្បន្នដែលស្ថិតនៅចន្លោះវត្តភ្នំនិងអគារវឌ្ឍនៈថា "តំបន់នោះយើងធ្វើខុសហើយ។ តំបន់នេះទាក់ទងនឹងតំបន់ប្រវត្តិសាស្ត្រវត្តភ្នំ អ៊ីចឹងតែមានស្អីកន្លែងហ្នឹង អ្នកណាមកទេសចរវត្តភ្នំ"។ ដោយលើកឡើងថា ការប្រគំតន្ត្រីតាមផ្លូវនឹងទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកកន្លែងនេះនោះ លោក ហ៊ុន សែន  ានថ្លែងថា "យើងយកកន្លែងនេះធ្វើជាសួនច្បារ ហើយអាចយកផ្នែកមួយឲ្យយុទ្ធជនពិការរបស់យើង ឲ្យជនពិការរបស់យើងសំដែងសិល្បៈនៅកន្លែងហ្នឹង”។...

ក្រុម​​​មន្ត្រី​​​រៀបចំដែន​​​ដី​​​ច្រើន​​​កុះ​​​ករ​​​ចូល​​​មើល​​​អគារ​​​ស​​​

អគារប៊ូលឌីងនៅក្រុងភ្នំពេញត្រូវក្រុមមន្ត្រីរៀបចំដែនដីក្នុងឯកសណ្ឋានប្រផេះប្រហែល៦០០នាក់ចូលមើលកាលពីព្រឹកថ្ងៃសៅរ៍ មានមន្ត្រីខ្លះផ្ទៀងមើលប្រឡោះជណ្តើរយ៉ាងផ្ចិតផ្ចង់ ឯខ្លះទៀតចូលមើលអគារ ដើម្បីវាស់ទំហំម៉ែត្រការ៉េ។ ប្រតិបត្តិការនេះគឺជាកិច្ចប្រឹងប្រែងថ្មីបំផុតឆ្ពោះទៅកែប្រែទីតាំង ដែលបានសាងសង់ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ហើយបានរិះគន់ថាគ្មានសុវត្ថិភាពក្នុងចុងឆ្នាំ២០០៤។ ពេលនេះ អគារនឹងត្រូវវាយចោល ដើម្បីសាងសង់អគារកម្ពស់២១ជាន់។ ការពិនិត្យកាលពីថ្ងៃសៅរ៍មានបំណងរៀបចំមូលដ្ឋានសម្រាប់កិច្ចព្រមព្រៀង ដើម្បីឲ្យអ្នកស្នាក់នៅចាកចេញ ដែលនឹងទទួលបានឯកសារកម្មសិទ្ធិដែលអាចដូរយកផ្ទះធំជាងបន្តិចនៅក្នុងអគារថ្មី នៅពេលដែលសាងសង់ចប់ក្នុងរយៈពេលប្រហែល៤ឆ្នាំ ឬត្រូវលក់យកប្រាក់។ មន្ត្រីមួយរូបដែលសុំមិនបញ្ចេញឈ្មោះ ព្រោះលោកមិនមានការអនុញ្ញាតឲ្យនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា ប្រជាពលរដ្ឋក៏អាចលក់បណ្ណកម្មសិទ្ធិឲ្យក្រុមហ៊ុន អារ៉ាកាវ៉ា ជាក្រុមហ៊ុនអភិវឌ្ឍជប៉ុនដែលមើលការខុសត្រូវចំពោះគម្រោងមានទឹកប្រាក់៨០លានដុល្លារ ប៉ុន្តែបាននិយាយថា "បើគេលក់ក្នុងតម្លៃខ្ពស់ពេក ហើយក្រុមហ៊ុនមិនអាចទិញបាន អ៊ីចឹងមិនអាចទៅរួចទេ"។ ក្រុមមន្ត្រីបានគោះទ្វារអ្នកស្រី ឈិត សាវឿន វ័យ៤៥ឆ្នាំនៅម៉ោង៨ព្រឹក។ អ្នកស្រីបាននិយាយថា ផ្ទះអ្នកស្រីមានទំហំ៣៥,៥ម៉ែត្រការ៉េ។ អ្នកស្រីបាននិយាយថា "គេនិយាយថា នៅថ្ងៃច័ន្ទគេនឹងយកបណ្ណកម្មសិទ្ធិមកឲ្យយើង"។ នៅពេលគេប្រគល់បណ្ណកម្មសិទ្ធិឲ្យ អ្នកស្រីមានគម្រោងលក់ផ្ទះដែលកូនស្រីបីនាក់ ប្តីនិងបងស្រីម្នាក់កំពុងស្នាក់នៅក្នុងតម្លៃ៧០.០០០ដុល្លារ។ អ្នកស្រី សាវឿនបាននិយាយអំពីក្រុមមន្ត្រីក្រសួងថា "គេសួរថា តើយើងចង់បានអី? គេនឹងសង់ផ្ទះឲ្យយើង។ ហេតុអីក៏យើងមិនយក? ខ្ញុំបាននិយាយថា ខ្ញុំមិនអាចយកបានទេ ខ្ញុំមិនអាចរង់ចាំបានទេ"។ អ្នកស្រីបាននិយាយថា គ្មានជម្រើសណាមួយល្អប្រសើរទេ។ ប្រសិនបើអ្នកស្រីរង់ចាំផ្ទះថ្មី ដោយទទួលយកការស្នាក់នៅបណ្តោះអាសន្ននៅខាងក្រោយមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញនោះ វាអាចមានការចំណាយមិនបានគិតទុកដូចជាសន្តិសុខនិងការថែរទាំ។ បើលក់វិញ អ្នកស្រីព្រួយថាតើសំណងសមរម្យឬយ៉ាងណា។ តាមមេភូមិ ហ៊ុន សារ៉ាត់ អ្នកស្រី សារឿនគឺជាផ្នែកនៃមនុស្សភាគច្រើននៅក្នុងអគារ ដោយមាន៩០ភាគរយនៃពលរដ្ឋប្រហែល៤៥០គ្រួសារ ដែលមានគម្រោងលក់។ អ្នកខ្លះបាននិយាយថា ពួកគេមានគម្រោងសុំលក់ក្នុងតម្លៃ១០០.០០០ដុល្លារ។ លោក ខេង ងន់ នាយករងចាត់ចែងនៃក្រុមហ៊ុនអារ៉ាកាវ៉ាបាននិយាយថា ក្រុមហ៊ុនគ្មានគម្រោងទិញផ្ទះទេ។ លោកបាននិយាយថា "តាមខ្ញុំដឹង យើងមិនមានគម្រោងទិញទេ។ យើងចង់សាងសង់សម្រាប់ពួកគេ។ នោះជាបំណងទីមួយ"។ លោកបាននិយាយបន្ថែមថា "វាជាទីផ្សារសេរី អ៊ីចឹងគេអាចលក់ឲ្យនរណាក៏ដោយឲ្យតែគេចង់ទិញ។ អ្នកទិញថ្មីនឹងរង់ចាំទទួលផ្ទះអគារថ្មី"។ លោកបាននិយាយថា អ្វីដែលកើតឡើងបន្ទាប់មកទៀតក្នុងការអភិវឌ្ឍ គឺស្រេចលើរដ្ឋាភិបាល។ អ្នកនាំពាក្យក្រសួងរៀបចំដែនដីមិនអាចទាក់ទងបានទេ។ អ្នកស្រី សាវឿនបាននិយាយថា ជម្រើសតែមួយគត់គឺសំណង។ អ្នកស្រីបាននិយាយអំពីអគារសថា "បើគេមិនឲ្យលុយខ្ញុំទេ ខ្ញុំនឹងរង់ចាំរហូតដល់វាបាក់ធ្លាក់សង្កត់ខ្ញុំស្លាប់ថ្ងៃណាមួយ។ខ្ញុំនឹងមិនរើចេញទេ ហើយខ្ញុំក៏នឹងមិនយកផ្ទះថ្មីដែរ"៕

ការ​​​វះ​​​កាត់​​​​​​ពង្រីក​​​​​​​​​សុដន់​​​រហូតដល់​​​​​​​​​ស្លាប់​​​​​​នាំ​​​ឲ្យ​​​បិទ​​​គ្លីនិក​​​

តាមក្រុមមន្ត្រី គ្លីនិកវះកាត់កែសម្ផស្សនៅក្នុងក្រុងភ្នំពេញត្រូវបិទទ្វារកាលពីថ្ងៃច័ន្ទ ដោយរង់ចាំការស៊ើបអង្កេតការវះកាត់កែសុដន់សិន ដែលបណ្តាលឲ្យស្លាប់ស្ត្រីវ័យ៣៦ឆ្នាំម្នាក់។ លោក ផៃ វាសនា អាយុ៣៦ឆ្នាំ ជាប្តីបាននិយាយកាលពីថ្ងៃច័ន្ទថា ប្រពន្ធរបស់លោកគឺអ្នកស្រី រស់ សុខនី អ្នកលក់ទូរទស្សន៍ពីខេត្តក្រចេះបានឃើញការផ្សាយពណិជ្ជកម្មសម្រាប់វះកាត់ពង្រីកសុដន់នៅឯមន្ទីរសម្រាកព្យាបាល ដឺបូតេ ក្នុងខណ្ឌឫស្សីកែវតាមហ្វេសប៊ុកយូរមកហើយ ហើយមានគម្រោងវះកាត់ផ្ទាល់ខ្លួនតាំងពីពេលនោះមក។ លោកបាននិយាយថា កាលពីថ្ងៃព្រហស្បតិ៍ អ្នកស្រីបានចូលទៅវះកាត់ដែលទន្ទឹងរង់ចាំដ៏យូរហើយ ដោយបង់លុយឲ្យគ្លីនិក៣០០០ដុល្លារ។ កាលពីថ្ងៃសៅរ៍ ក្នុងពេលដែលអ្នកស្រីចេញពីមន្ទីរពេទ្យ លោក វាសនាត្រូវគេប្រាប់ឲ្យយកប្រពន្ធទៅមន្ទីរពេទ្យដើម្បីព្យាបាលបន្តទៀត។ លោកបាននិយាយថា "វេជ្ជបណ្ឌិតបានដឹងថា ស្ថានភាពប្រពន្ធខ្ញុំកាន់តែធ្ងន់ធ្ងរ។ វេជ្ជបណ្ឌិតបានប្រាប់ខ្ញុំឲ្យរកកន្លែងព្យាបាលនៅកន្លែងផ្សេង ព្រោះគាត់មិនមានឧបករណ៍ព្យាបាលប្រពន្ធខ្ញុំទេ"។ លោក វាសនា បាននិយាយថា ពេទ្យវះកាត់ម្នាក់ក្នុងបណ្តាពេទ្យវះកាត់ផ្សេងទៀតដែលបានវះកាត់ពង្រីកសុដន់របស់អ្នកស្រី ដែលលោកមិនបានចាំឈ្មោះ បានឲ្យបញ្ជូនអ្នកជំងឺទៅគ្លីនិកសង្គ្រោះបន្ទាន់ដែលនៅជិតគ្នា ជាការអនុវត្តផ្នែកឯកជន។ នៅម៉ោង៤និង១៥នាទីព្រឹក ប្រពន្ធរបស់លោកបានស្លាប់ដោយបន្សល់ទុកកូនបួននាក់។ លោក នង សុវណ្ណារ័ត្ន គ្រូពេទ្យតុលាការក្រុងភ្នំពេញបាននិយាយថា គ្លីនិកសង្គ្រោះបន្ទាន់បានប្រាប់លោកថា អ្នកស្រី រស់ សុខនី បានស្លាប់ដោយសារតែមានខ្ទុះ ដែលបណ្តាលឲ្យមានការប្រែប្រួលមុខងារសរីរាង្គ។ នៅព្រឹកថ្ងៃច័ន្ទ លោក វាសនាបាននិយាយថា លោកបានដាក់ពាក្យបណ្តឹងទៅនគរបាលសង្កាត់ "ដើម្បីរកយុត្តិធម៌ឲ្យគ្រួសារខ្ញុំ"។ លោក អ៊ី រិន្ទ អ្នកនាំពាក្យតុលាការបាននិយាយថា នៅពេលរសៀលលោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងបានបញ្ជាឲ្យបិទទ្វារគ្លីនិកបណ្តោះអាសន្ន"ដោយសារតែខ្វះបច្ចេកទេស"។ លោកបាននិយាយថា គ្លីនិកអាចបើកឡើងវិញ ប្រសិនបើការស៊ើបអង្កេតរបស់តុលាការបានរកឃើញថា គ្លីនិកនោះបានអនុវត្តតាមនីតិវិធីត្រឹមត្រូវ។ លោកបាននិយាយបន្ថែមថា លោកមិនបានដឹងថាតើម្ចាស់គ្លីនិក លោក ផែ ថុង ឬបុគ្គលិកនឹងត្រូវផ្តន្ទាទោសទេ។ វេជ្ជបណ្ឌិត ថុង មិនអាចទាក់ទងសុំការបំភ្លឺបានទេ។ តាមអាជ្ញាបណ្ណដែលផ្តល់ឲ្យគ្លីនិកកាលពីខែមីនា ឆ្នាំមុនដោយក្រសួងសុខាភិបាល មន្ទីរនេះត្រូវបានចុះឈ្មោះថាជា "គ្លីនិកឯកជន"។ អ្នកស្រី សុខ កញ្ញា អនុប្រធាននាយកដ្ឋានផែនការនិងព័ត៌មានសុខភាពបាននិយាយថា កម្ពុជាមិនមាន"ច្បាប់ ឬនិយតកម្ម"ក្នុងការផ្តល់អាជ្ញាបណ្ណជាក់លាក់សម្រាប់វះកាត់កែសម្ផស្សទេ។ អ្នកស្រីបាននិយាយមុននឹងបង្វែរឲ្យសួរសំណួរទៅនាយកដ្ឋានមន្ទីរពេទ្យរបស់ក្រសួងសុខាភិបាលថា " តាមខ្ញុំដឹង យើងមិនផ្តល់អាជ្ញាបណ្ណសម្រាប់គ្លីនិកវះកាត់កែសម្ផស្សទេ។ មានតែមន្ទីរពេទ្យ គ្លីនិកពហុព្យាបាលនិងគ្លីនិកឯកជនប៉ុណ្ណោះ"។ មន្ត្រីនាយកដ្ឋានមិនអាចទាក់ទងបានទេ។ អ្នកស្រី ធីតា ឃឹះ អ្នកតស៊ូមតិសិទ្ធិស្ត្រីដ៏លេចធ្លោបាននិយាយថា កង្វះនិយតកម្មបានធ្វើឲ្យគ្លីនិកវះកាត់កែសម្ផស្ស "កើតឡើងគ្រប់កន្លែងនៅក្នុងប្រទេស"ដោយមានដំណើរការស្ថិតក្រោមអាជ្ញាបណ្ណទូទៅ ក្នុងពេលដែលកំពុងអនុវត្តនីតិវិធីឯកទេសយ៉ាងស្រួល។ អ្នកស្រីបាននិយាយដោយលើកឡើងពីការពង្រីកសុដន់ ការចាក់ថ្នាំបូតុក និងកែភ្នែក ជានីតិវិធីធម្មតាដែលអាចរកបាននៅកម្ពុជាថា "គេចាប់អារម្មណ៍តិចតួច ព្រោះវាគ្រាន់តែជាការវះកាត់សើៗប៉ុណ្ណោះ"។ អ្នកស្រីបាននិយាយថា "ពីមុន ខ្ញុំបានឃើញត្រឹមតែគ្លីនិកពីរប៉ុណ្ណោះកាលពី១៥ឆ្នាំមុន។ ឥឡូវនេះ ខ្ញុំរាប់មិនអស់ទេ ព្រោះមានច្រើនណាស់។ ហើយក៏គ្មាននិយតកម្មដែរ"។ អ្នកស្រីបាននិយាយថា ការត្រួតពិនិត្យមើលថាតើពេទ្យវះកាត់ត្រូវបណ្តុះបណ្តាលយ៉ាងណានោះ គឺមានភាពធូររលុង។ អ្នកស្រី ឃឹះ បាននិយាយថា "មិនមានការបណ្តុះបណ្តាលដែលមានការទទួលស្គាល់ទេ ព្រោះមិនមាននិយតកម្ម។ អ៊ីចឹង បើអ្នកចេះអានភាសាខ្មែរ អ្នកអាចបើកឡានចុះឡើង ឃើញកន្លែងផ្តល់ការបណ្តុះបណ្តាលជាច្រើន" ក្នុងលក្ខណៈជាការកែសម្ផស្ស"។ អ្នកស្រីបាននិយាយថា " ពួកគេរៀនធ្វើបែបនេះ ហើយបន្ទាប់មក គេចេញទៅសាកល្បងផ្ទាល់៕

ព្រះរាជពិធី​សម្រក់ទៀន​​ក្នុង​ព្រះ​​​បរមរាជវាំង​​ព្យាករ​ថា នឹង​មាន​ភ្លៀង​ធ្លាក់ច្រើននៅ​​ឆ្នាំ​២០១៧

នៅពេល "ព្រះចន្ទពេញវង់" រះចំពីលើបរមរាជវាំងកាលពីយប់ថ្ងៃច័ន្ទ  ទៀនចំនួន២៥ដើមដែលដោតតម្រៀបជាជួរលើជើងទម្រមួយត្រូវបានលើកចូលក្នុងសាលដ៏ធំ។ បន្ទាប់ពីព្រះមហាក្សត្រ នរោត្តម សីហមុនី បញ្ចប់ការបួងសួង ទៀននីមួយៗដែលតំណាងឱ្យខេត្តនីមួយៗទូទាំងប្រទេសកម្ពុជាត្រូវបានបង្វិលក្បាលចុះក្រោមឱ្យស្រក់ក្រមួនលើស្លឹកចេក។ តាមរយៈក្រមួនដែលស្រក់ពូនផ្ដុំព្យាករពីជោគវាសនារបស់ប្រជាកសិករទូទាំងប្រទេសថា ឆ្នាំ២០១៧គឺជាឆ្នាំដែលនឹងសម្បូរទឹកភ្លៀង និងផ្ដល់ទិន្នផលកសិកម្មខ្ពស់។ លោក កង កេន ប្រធានអាចារ្យព្រាហ្មបុរោហិតប្រចាំនៅព្រះបរមរាជវាំងដែលបានបកស្រាយទៅតាមក្រមួនដែលស្រក់ពូនផ្ដុំថ្វាយព្រះមហាក្សត្រ បានមានប្រសាសន៍ថា "យើងពិនិត្យមើលគ្រប់ខេត្ត និងរាជធានី។ ពេលក្រមួនស្រក់ពីទៀនច្រើនឬតិច យើងត្រូវវិភាគដោយផ្អែកលើនេះ។ ខ្ញុំអាចប្រាប់បានថា ភ្លៀងអាចធ្លាក់ជាងឆ្នាំមុនច្រើនស្ទើរតែគ្រប់ខេត្ត"។ លោកបានគូសបញ្ជាក់ថា ពិធីប្រពៃណីនេះមានអាយុកាលរាប់សតវត្សរ៍មកហើយ ដោយធ្វើឡើងភ្ជាប់ជាមួយព្រះរាជពិធីបុណ្យអុំទូក។ យោងតាមពិធីនេះ ក្រមួនដែលស្រក់ពូនផ្ដុំធំមានន័យថា អាចមានភ្លៀងធ្លាក់ច្រើននៅក្នុងខេត្តនោះ។ "មានកន្លែងខ្លះភ្លៀងនឹងធ្លាក់តិចតួច កន្លែងខ្លះភ្លៀងធ្លាក់មធ្យម...

មន្ត្រី​រក្សា​សន្តិភាព​​​បី​រូប​​បាត់​បង់​​ជីវិត​ ក្រោយ​ករណី​ឃាតកម្ម​ និង​អត្តឃាត​ដោយ​សារ​រឿង​ស្នេហា

មន្ត្រីបានឲ្យដឹងថា ផ្ទុះកំហឹងដោយសារការបដិសេធស្នេហ៍ និងភ្លើងប្រច័ណ្ឌ មន្ត្រីជាន់ខ្ពស់មួយរូបក្នុងជួរកងកម្លាំងរក្សាសន្តិភាពអន្តរជាតិ នៃកងរាជអាវុធហត្ថបានបាញ់សម្លាប់មន្ត្រីពីររូបនៅមជ្ឈមណ្ឌលដែលស្ថិតក្នុងរាជធានីភ្នំពេញ ខាងលើនេះមុនពេលធ្វើអត្តឃាត។ វរសេនីយ៍ឯក សែម រដ្ឋា អាយុ៣២ឆ្នាំ ប្រធានកងការពារមន្ត្រីនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងរងកងកម្លាំងរក្សាសន្តិភាពដែលប្រដាប់ដោយកាំភ្លើង បានចូលទៅក្នុងអគារការិយាល័យក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក នៅពេលព្រឹក ហើយបានឡើងទៅជាន់ទី២ភ្លាមៗ នេះបើយោងតាមការលើកឡើងរបស់លោក ផល សាម៉ន អនុប្រធានមជ្ឈមណ្ឌលនេះ។ លោក ផល សាម៉ន មានប្រសាសន៍ថា សែម រដ្ឋា បានតាមរកឧត្តមសេនីយ៍ទោ អ៊ុំ សុភា អាយុ៣៥ឆ្នាំ ប្រធាននាយកដ្ឋានជំនាញគ្រប់គ្រងធនធានមនុស្សដែលខ្លួនចង់សងសឹកដោយសារជនរងគ្រោះមាន "ទំនាក់ទំនងស្និទ្ធស្នាល" ជាមួយនារីម្នាក់ដែលខ្លួនស្រឡាញ់។ លោកបានរៀបរាប់ថា...

អ្នករស់​​​នៅ​​​អគារ​​​ប៊ុល​​​ឌីញ​​​​​​ចង់​​​បាន​​​ប្រាក់ គឺ​​​មិន​​​មែន​​​ផ្ទះ​​​ថ្មី​​​ទេ

ជាលើកដំបូងចាប់តាំងពីអគាររបស់ពួកគេត្រូវរងការរិះគន់កាលពីជាងពីរឆ្នាំមុន អ្នករស់នៅអគារប៊ុលឌីញក្នុងក្រុងភ្នំពេញបានជួបជាមួយតំណាងអ្នកភូមិកាលពីថ្ងៃអាទិត្យ ដើម្បីស្តាប់សេចក្តីពិស្តារនៃគម្រោងអភិវឌ្ឍន៍ដែលនាំឲ្យមានការវាយកម្ទេចចោលអគារនេះ។ អគារស្នាក់នៅសម្រាប់អ្នកមានចំណូលទាបដែលបានសាងសង់ក្នុងឆ្នាំ១៩៦៣ ស្ថិតក្រោមព្រះអង្គម្ចាស់ នរោត្តម សីហនុ គឺជាកន្លែងស្នាក់នៅរបស់ពលរដ្ឋរាប់រយគ្រួសារនិងជំនួញខ្នាតតូច។ កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលបានបញ្ចេញផែនការរបស់ខ្លួនសម្រាប់ទីតាំងនេះ ដែលលោក ប៉ា សុជាតិវង្ស អភិបាលក្រុងភ្នំពេញប្រកាសថាមិនមានសុវត្ថិភាពកាលពីខែកញ្ញា ឆ្នាំ២០១៤។ សេចក្តីថ្លែងការណ៍មួយពីក្រសួងរៀបចំដែនដីនិងគនរូបនីយកម្មបាននិយាយថា ក្រុមហ៊ុនជប៉ុនឈ្មោះអារ៉ាកាវ៉ា បានទទួលកុងត្រា ដើម្បីសាងសង់អគារកម្ពស់២១ជាន់ក្នុងទឹកប្រាក់៨០លានដុល្លារ ជាគម្រោងដែលគេរំពឹងគិតថា ប្រើពេលបួនឆ្នាំ។ តាមគម្រោង ជាន់ចំនួនប្រាំនឹងទុកសម្រាប់ពលរដ្ឋប្រហែល៤៥០គ្រួសារដែលនៅពេលនេះកំពុងរស់នៅក្នុងអគារប៊ុលឌិញ។ រដ្ឋាភិបាលបាននិយាយថា ការតាំងទីលំនៅថ្មីបណ្តោះអាសន្ននឹងផ្តល់ឲ្យនៅក្បែរមន្ទីរពេទ្យរ៉ូយាល់ភ្នំពេញ។ តំណាងអ្នកភូមិ អ្នកស្រី ឌី សុផាន់ណារាមានី វ័យ៧២ឆ្នាំ បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រោយពីកិច្ចប្រជុំក្រៅផ្លូវការនាពេលរសៀលជាមួយប្រជាពលរដ្ឋនៅលើដំបូលអគារចាស់ទ្រុឌទ្រោមនេះថា "យើងជូនដំណឹងដល់ពួកគេអំពីគម្រោង។ យើងពន្យល់អំពីគម្រោងអគារស្នាក់នៅដល់ពួកគេ ហើយសុំគោលជំហររបស់ពួកគេ"។ អ្នកស្រីបាននិយាយថា មានអ្នកភូមិប្រហែល២២០នាក់ចូលរួម ហើយទទួលបានការណែនាំឲ្យបំពេញក្រដាសបំពេញដែលរៀបរាប់ពិស្តារអំពីស្ថានភាពរស់នៅបច្ចុប្បន្នរបស់គេ ហើយគូសបញ្ជាក់ថាតើពួកគេនឹងទទួលយកផ្ទះមួយខ្នងនៅក្នុងអគារថ្មី ឬសុំជាប្រាក់។ អ្នកស្រីបាននិយាយថា ទម្រង់បំពេញនឹងប្រមូលនៅថ្ងៃព្រហស្បតិ៍ ហើយនឹងបង្ហាញជូនក្រសួងរៀបចំដែនដី ក្នុងកិច្ចប្រជុំនៅថ្ងៃទី៨ ខែវិច្ឆិកា។ អ្នកស្រីបាននិយាយថា ពួកគេ៩៩ចុច៥ភាគរយចង់បានប្រាក់ជាទម្រង់លក់ផ្ទះល្វែងនិងហាងរបស់គេ។ គេមិនត្រូវការដោះដូរទេ"។ អ្នកស្រីបាននិយាយថា អ្នកស្រីក៏មានគំនិតដូចអ្នកផ្សេងទៀតដែរ។ អ្នកស្រីបាននិយាយបន្ថែមថា "ពួកគេចង់បានលុយឧបត្ថម្ភគ្រួសារពួកគេ ហើយរកទីកន្លែងផ្សេងដែលពួកគេអាចរស់នៅ និងសាងជីវិតថ្មីរបស់គេ"។ មន្ត្រីក្រសួងរៀបចំដែនដីមិនអាចទាក់ទងបានទេ។ អ្នកស្រីបាននិយាយថា អ្នកភូមិបានយល់ព្រមជាទូទៅថា គេគួរតែទទួលបានប្រាក់ប្រហែល៧០ ០០០ដុល្លារសម្រាប់លំនៅបច្ចុប្បន្នរបស់ខ្លួន ប៉ុន្តែស្ទាក់ស្ទើរមិនហ៊ានចាកចេញពីអគារដែលមានអនុស្សារីយ៍យូរឆ្នាំមកហើយ។ ចូលមករស់នៅក្នុងឆ្នាំ១៩៨០ អ្នកស្រីបាននិយាយថា អ្នកស្រីបានឃើញអគារប៊ុលឌីញជាកន្លែងមួយ ដើម្បីកសាងសហគមន៍ ក្រោយពីរបបខ្មែរក្រហមបានដួលរលំ។ អ្នកស្រីបាននិយាយថា "យើងមករស់នៅទីនេះដោយបាតដៃទទេមុនគេ ហើយបោសសម្អាតរួមគ្នា។ ជីវិតរបស់យើងដិតជាប់នឹងអគារនេះច្រើនណាស់"។ អ្នកស្រី រ៉េន សុវណ្ណថង វ័យ៥៤ឆ្នាំក៏មានយោបល់ដូចអ្នកតំណាងភូមិដែរ។ នៅពេលអ្នកស្រីនិងប្តីបានចូលមករស់នៅក្នុងអគារនេះក្នុងឆ្នាំ១៩៨៦ វាជាឱកាសមួយកសាងជីវិតពួកគេឡើងវិញ។ អ្នកស្រីបាននិយាយថា "ខ្ញុំនឹកស្តាយស្រណោះអគារនេះ ពីព្រោះវាមានប្រវត្តិរបស់ខ្ញុំនិងប្តីខ្ញុំ។ ប្តីខ្ញុំលីស្រូវអង្ករពីស្វាយរលំមកដល់ទីនេះ។ គាត់តស៊ូណាស់"។ ដោយវាសនានៃអគារមានកិច្ចព្រមព្រៀងហើយនោះ អ្នកស្រីបាននិយាយថា អ្នកស្រីចង់លក់ផ្ទះអ្នកស្រី ហើយចាប់ផ្តើមជីវិតជាថ្មី ជាជាងរង់ចាំអគារថ្មីសាងសង់រួច។ លោក អៀង សុធារ៉ា នាយកគ្រប់គ្រងក្រុមហ៊ុនអារ៉ាកាវ៉ា បាននិយាយដោយទទូចលាកពីថ្ងៃអាទិត្យថា ផ្ទះល្វែងថ្មីផ្តល់នូវវិធីប្រសើរបំផុតសម្រាប់អ្នកភូមិ។ លោកបាននិយាយថា ផ្ទះនីមួយៗនឹងមានទំហំ១០ភាគរយ ធំជាងកន្លែងស្នាក់នៅរបស់ពួកគេសព្វថ្ងៃនេះ ហើយបំពាក់ទៅដោយហេដ្ឋារចនាសម្្ព័ន្ធទំនើប សន្តិសុខនិងការជួសជុល។ លោកបាននិយាយបន្ថែមថា តម្លៃអចលនទ្រព្យនឹងកើនឡើងខ្លាំង បន្ទាប់ពីគម្រោងបួនឆ្នាំបញ្ចប់។ លោកបាននិយាយថា "យើងយកចិត្តទុកដាក់ចំពោះអ្នកទាំងនោះ។ យើងចង់ឲ្យប្រាកដថា អ្វីគ្រប់យ៉ាងល្អ និងគ្រប់គ្នាសប្បាយចិត្ត។ យើងចង់ក្លាយជាគំរូល្អសម្រាប់គ្រប់ក្រុមហ៊ុនអភិវឌ្ឍន៍ទាំងអស់នៅពេលអនាគត"។ លោកបាននិយាយថា "បន្ទាប់ពីកិច្ចប្រជុំនាថ្ងៃទី៨ ខែវិច្ឆិកា ពេលវេលាសម្រាប់គម្រោងនឹងជាក់លាក់ថែមទៀត។ អ្នកស្រី សុផាន់ណារាមានី បាននិយាយថា ផលចំណេញរយៈពេលវែងមិនគ្រប់គ្រាន់ ដើម្បីបញ្ចុះបញ្ចូលអ្នកភូមិជាច្រើនឲ្យទទួលយកគម្រោងផ្តល់ផ្ទះជាជាងសុំជាប្រាក់នោះទេ។ អ្នកស្រីបាននិយាយថា "មនុស្សភាគច្រើនបាននិយាយថា ពួកគេសុខចិត្តយកពងមាន់ថ្ងៃនេះ។ គេមិនចង់បានមាន់មេទាំងមូលនៅថ្ងៃស្អែកទេ"៕