Olesia Plokhii
ស្ថានីយព្យាករអាកាសធាតុ តេជោ សែន ថ្មីដាក់ឲ្យធ្វើការសាកល្បង ដើម្បីបញ្ជាក់ពីភាពច្បាស់
មន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹង កាលពីម្សិលមិញថា ការសាងសង់នៃស្ថានីយព្យាករអាកាសធាតុ លើកដំបូង នៅក្នុងប្រទេសកម្ពុជា ត្រូវបានសាងសង់រួចរាល់ ហើយឥឡូវនេះកំពុងតែដាក់ឲ្យដំណើរការសាកល្បង មុនពេលបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅខែក្រោយ។ លោក អ៊ុំរីណា ប្រធានស្តីទីនាយកដ្ឋានឧតុនិយម បានឲ្យដឹងថា ស្ថានីយព្យាករអាកាសធាតុកម្ពស់៦០ម៉ែត្រ និងចំណាយប្រាក់អស់ប្រាំពីរលានដុល្លារ ក្នុងការសាងសង់ ដែលស្ថិតនៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញគឺត្រូវបានបំពាក់ទៅដោយ ប្រព័ន្ធរា៉ដា មានសមត្ថភាពខ្ពស់ ដែលអាចជួយឲ្យអ្នកឧតុនិយមអាចព្យាករព្យុះភ្លៀង នឹងទឹកជំនន់បានយ៉ាងល្អប្រសើរ។ លោក រីណា បានបន្តថា “យើងនឹងអាចព្យាករពពកភ្លៀង និងកម្រិតទឹកភ្លៀង ហើយនឹងអាចព្យាករល្បឿន និងទិសដៅរបស់ខ្យល់។ ប្រព័ន្ធរ៉ាដានេះ នឹងអាចព្យាករព្យុះផ្គរក្នុងស្រុកបាន”។លោកបានលើកឡើងថា អគារនៅពីក្រោមប្រព័ន្ធរ៉ាដា អាចនឹងត្រូវបានយកមកប្រើប្រាស់សម្រាប់វិភាគទិន្នន័យ។ លោក រីណា បានបន្ថែមថា ប្រព័ន្ធរ៉ាដានេះកំពុងតែត្រូវបានធ្វើការសាកល្បង ដើម្បីបញ្ជាក់ពីភាពច្បាស់របស់វា។លោក រីណា បានមានប្រសាសន៍បន្ថែមថា “ យើងត្រូវតែប្រៀបធ្រៀបកម្រិតនៃទិន្នន័យ ដែលប្រព័ន្ធរ៉ាដាព្យាករ ទៅនឹងការអង្កេតទៅលើស្ថានភាពជាក់ស្តែង។ លោក រីណា បានលើកឡើងថា ស្ថានីយនេះ ដែលត្រូវបានគេហៅថា ស្ថានីយរ៉ាដាតេជោ សែន នឹងត្រូវដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃណាមួយក្នុងខែឧសភា បន្ទាប់ពីគេហទំព័រសម្រាប់ជួយផ្តល់ដំណឹងអំពីព្យុះ ត្រូវបានរៀបចំរួចរាល់៕ ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង
អ្នកភូមិសហគមន៍បុរីកីឡាបានរុញច្រាននគរបាលឲ្យដកថយ
អ្នកភូមិ និងអង្គការសិទ្ធិមនុស្សបាននិយាយកាលពីម្សិលមិញថា អ្នកភូមិសហគមន៍បុរីកីឡា បានរុញច្រាននគរបាលខណ្ឌ និងនគរបាលរាជធានីភ្នំពេញប្រមាណជា១០០នាក់ ដែលបានគំរាមបំផ្លាញចោលជម្រកបណ្ដោះអាសន្នរបស់ពួកគាត់ទាំង១៦គ្រួសារ ដែលតវ៉ាមិនព្រមចាកចេញពីដីរបស់ខ្លួន។ អ្នកស្រី ឆាយ គឹមហន បាននិយាយថានគរបាលខណ្ឌប្រាំពីរមករា បំពាក់ដោយខែលការពារ កងរាជអាវុធហត្ថ និងតំណាងក្រុមហ៊ុនផានអុីមិុច ប្រដាប់ដោយពូថៅ និងញញួរ បាននាំគ្នាដើរសំដៅទៅសហគមន៍បុរីកីឡា និងបានបញ្ជាឲ្យអ្នកភូមិរុះរើខ្ទមរបស់ខ្លួន បើមិនដូច្នោះទេ នឹងត្រូវនគរបាលកម្ទេចចោលតែម្ដង។ អ្នកស្រីបានបន្ដថា “ ពួកសន្តិសុខ និងនគរបាលប្រដាប់ដោយខែល ញញួរ និងពូថៅបានព្យាយាមវាយកម្ទេចខ្ទមរបស់ពួកយើង”។អ្នកស្រីបានបន្ថែមថា បន្ទាប់ពីមានការរុញច្រានគ្នានោះមក នគរបាលក៏បានដកថយចេញពីសហគមន៍។ គ្មាននរណាម្នាក់ បានរងរបួសទេ។អ្នកស្រីអះអាងថា “ នគរបាលបានបរាជ័យ ហើយពួកយើងនឹងនៅទីនេះរហូតដល់អាជ្ញាធររកដំណោះស្រាយសមរម្យមួយសម្រាប់ពួកយើង”។ អ្នកភូមិទាំងនោះ គឺស្ថិតក្នុងចំណោមអ្នកភូមិទាំង១២០គ្រួសារ ដែលត្រូវបានបណ្ដេញឲ្យចេញពីបុរីកីឡា ដោយហិង្សាកាលពីថ្ងៃទី៣ ខែមករា ដោយក្រុមហ៊ុនផានអុីមិុច។ ខណៈពេលដែលគ្រួសារជាច្រើនស្ទាក់ស្ទើរមិនព្រមទៅរស់នៅក្នុងទីតាំងថ្មីទាំងពីរនោះ ប្រជាពលរដ្ឋ១៦គ្រួសារនេះ បានទាមទារឲ្យក្រុមហ៊ុនផានអុីមិុចសាងសង់អគារទី១០ សម្រាប់សងអ្នក ភូមិស្របតាមកិច្ចសន្យា។ តែមកដល់ថ្ងៃនេះ មានប្រាំបីអគារប៉ុណ្ណោះបានសាងសង់រួចរាល់។ លោក លឹម សុភា អភិបាលរងខណ្ឌប្រាំពីរមករា ដែលបានដឹកនាំនគរបាលទៅបំផ្លាញខ្ទមទាំងនោះ បានប្រាប់អ្នកភូមិថា នគរបាលគ្រាន់តែធ្វើតាមបញ្ជាពីថ្នាក់លើប៉ុណ្ណោះ។ លោកបានប្រាប់អ្នកភូមិបន្ថែមថា “ យើងធ្វើតាមបទបញ្ជាតាមទូរស័ព្ទពីរដ្ឋបាលទេពីព្រោះខ្ទមទាំងនេះ ធ្វើឲ្យបាត់សណ្ដាប់ធ្នាប់ និងប៉ះពាល់ដល់បរិស្ថានសង្គម”។ លោក សៀ ភារម្យ នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន បានថ្លែងថា ការប៉ះទង្គិចគ្នារវាងអាជ្ញាធរនិងអ្នកភូមិ នេះ គឺជាការឆ្លុះបញ្ចាំងអំពីការអសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងជម្លោះដីធ្លី៕ ប្រែសម្រួលដោយ ហម សុផាណ្ណា
អ្នករកស៊ីដឹកជញ្ជូន អ្នករត់ម៉ូូតូឌុប អ្នករត់រ៉ឺម៉កម៉ូតូ និងអាជីវករ តវ៉ាតម្លៃប្រេងឡើងថ្លៃខ្ពស់
កាលពីម្សិលមិញ អ្នករត់រឺុម៉កម៉ូតូ អ្នករត់ម៉ូតូឌុបអាជីវករ និងអ្នករកស៊ីដឹកជញ្ជូនឯកជនផ្សេងទៀតប្រមាណ១០០នាក់ បាននាំគ្នាធ្វើការតវ៉ាប្រឆាំងចំពោះតម្លៃប្រេងខ្ពស់ នៅឯរដ្ឋសភា ដោយអះអាងថា តម្លៃប្រេងខ្ពស់បែបនេះ កំពុងធ្វើឲ្យប្រាក់ចំណេញបន្តិចបន្តួចរបស់ខ្លួនធ្លាក់ចុះ។ លោក វ៉ន ពៅ ប្រធាន សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ដែលតំណាងឲ្យអ្នកប្រកបរបរផ្នែកដឹកជញ្ជូនឯកជនជាង៤.០០០នាក់ បានលើកឡើងថា លោកបានដាក់ញត្តិមួយទៅរដ្ឋសភាស្នើសុំឲ្យរដ្ឋាភិបាលបញ្ជុះតម្លៃប្រេងឲ្យមកនៅត្រឹម៤.០០០រៀល។ លោក វ៉ន ពៅ បានបន្តថា “រដ្ឋាភិបាលចំបាច់ត្រូវតែ បញ្ចុះតម្លៃប្រេង ពីព្រោះអ្នកប្រកបរបរដឹកជញ្ជូនរបស់យើងមិនអាចរកប្រាក់ចំណេញបានទេ ពីព្រោះពួកគេបានចំណាយប្រាក់ចំណេញទៅលើប្រេងសាំងអស់ហើយ”។ លោកបានលើកឡើងទៀតថា សមាគមរបស់លោកនឹងធ្វើការតវ៉ាដ៏ធំមួយនៅថ្ងៃទី១ ខែឧសភា ប្រសិនបើរដ្ឋាភិបាលមិនព្រមបញ្ចុះតម្លៃប្រេងទេនោះ។ យោងតាមទិន្ន័យពីវិទ្យាស្ថានជាតិស្ថិតិបានឲ្យដឹងថា កាលពីម្សិលមិញ តម្លៃប្រេងសាំងនៅក្នុងរាជធានីភ្នំពេញ៥.៦៥០រៀលឬស្មើនឹង១,៤១ដុល្លារ នៅស្ថានីយ៍ប្រេងឥន្ធនៈ គឺកើនឡើង១០ភាគរយពីតម្លៃប្រេងក្នុងខែមេសាឆ្នាំមុន។កាលពីខែមុនតម្លៃប្រេងបានឡើងខ្ពស់ជាងពេលណាៗទាំងអស់ដល់៥.៩៥០រៀលឬស្មើនឹង១,៤៨ដុល្លារ។ តម្លៃប្រេងសព្វថ្ងៃនៅក្នុងប្រទេសកម្ពុជា ក៏ខ្ពស់ជាង តម្លៃប្រេងនៅប្រទេសវៀតណាមនិងប្រទេសថៃដែរ ដោយតម្លៃប្រេងនៅវៀតណាម១,១០ដុល្លារក្នុងមួយលីត្រ និងនៅថៃ១,៣៩ដុល្លារ។កាលពីខែមុន ប្រជាពលរដ្ឋឥណ្ឌូណេស៊ី រាបពាន់នាក់បាននំាគ្នាធ្វើបាតុកម្មដ៏ធំចំពោះគម្រោងដំឡើងថ្លៃប្រេងរបស់រដ្ឋាភិបាលនៅទីនោះ ដោយបច្ចុប្បន្ននេះមានតម្លៃប្រហែល១,០៨ដុល្លារ។ លោកអោកសំអឿន អ្នករត់រឺុម៉កម៉ូតូ ម្នាក់បាននិយាយនៅកន្លែងតវ៉ាថា“ពីមុនខ្ញុំអាចផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារខ្ញុំបាន ប៉ុន្តែឥឡូវនេះមិនអាចទេដោយសារតម្លៃប្រេងឡើងខ្ពស់។ យើងរកប្រាក់បានតិចណាស់ ពីព្រោះសូម្បីតែតម្លៃប្រេងឡើងខ្ពស់ហើយក្តី ក៏អតិថិជននៅតែទាមទារឲ្យមានតម្លៃដូចដើម”។ លោក ភុង សុវណ្ណ ប្រធាន សមាគមមន្រ្តីរាជការឯករាជ្យជាតិកម្ពុជា (CICA) បានមានប្រសាសន៍ថា លោក ក៏តវ៉ាចំពោះប្រាក់ឧបត្ថម្ភប្រេងដល់មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ដែរ ខណៈដែលមន្រ្តីរាជការថ្នាក់ទាបត្រូវចំណាយថ្លៃប្រេងខ្លួនឯង។ លោកសុវណ្ណបានបន្តថា“វាអយុត្តិធម៌ណាស់ ដែលមន្ត្រីជាន់ខ្ពស់ទទួលបានប្រេងយ៉ាងហោចណាស់៥០លីត្ររាល់ខែ ប៉ុន្តែមន្រ្តីថ្នាក់ទាប ដែលមានប្រាក់ខែត្រឹម តែ២៥ដុល្លារក្នុងមួយខែនោះ គ្មានទទួលបានអ្វីសោះ”។នេះគឺជាអំពើពុករលួយ"។ លោកឯកថាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថាមន្រ្តីរាជការទាំងអស់ទទួលបានប្រាក់ឧបត្ថម្ភប្រេងសាំងជាបុងប្រចាំខែ ក៏ប៉ុន្តែមន្ត្រីជាន់ខ្ពស់ទទួលបាន២៤លីត្រនិងមន្រ្តីថ្នាក់ទាបទទួលបានតិចជាង។ លោក ឯក ថា បានមានប្រសាសន៍បន្តទៀតថា “ខ្ញុំគិតថា វាជាការត្រឹមត្រូវហើយ ពីព្រោះមន្ត្រីរដ្ឋាភិបាលដែលមានឋានៈកាន់តែខ្ពស់ មានការងារនិងការទទួលខុស ត្រូវកាន់តែច្រើន។នេះគឺជាខ្ទង់ចំណាយរបស់រដ្ឋាភិបាល ហើយការចំណាយទាំងអស់ធ្វើឡើងដោយស្របច្បាប់”។ លោក ឯក ថា បានមានប្រសាសន៍ថា តម្លៃប្រេងឡើងខ្ពស់នៅប្រទេសកម្ពុជាគឺដោយសារតែប្រទេសកម្ពុជាបាននំាចូលប្រេងទំាងស្រុង។ លោកបានមានប្រសាសន៍បន្តទៀតថា“ខ្ញុំដឹងថា ប្រជាពលរដ្ឋកំពុងរអ៊ូរទាំ ក៏ប៉ុន្តែកម្ពុជាមិនទាន់ផលិតប្រេងបានមួយដំណក់ឡើយហើយតម្លៃប្រេងឡើងថ្លៃនេះ គឺដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា”៕ ប្រែសម្រួលដោយស៊ាស៊ុយឈាង
កម្ពុជា ថៃនឹងពិភាក្សាគ្នាអំពីការបាញ់ពលរដ្ឋកម្ពុជា នៅព្រំដែន
មន្ត្រីកម្ពុជា បាននិយាយកាលពីម្សិលមិញថា ប្រទេសថៃ បានអញ្ជើញគណ:ប្រតិភូអន្តរក្រសួងកម្ពុជា ឲ្យចូលរួមក្នុងកិច្ចពិភាក្សានៅសប្តាហ៍ក្រោយជុំវិញការបាញ់ប្រហារដែលចេះតែបន្តកើតមានមកលើប្រជាជនកម្ពុជា ដែលឆ្លងដែនចូលទៅ កាប់ឈើប្រណីតដោយខុសច្បាប់នៅក្នុងប្រទេសថៃ។ លោកឧត្តមសេនីយ៍ឯកខៀវសុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្រសួងរបស់លោកនិងក្រសួងការបរទេសកំពុងត្រៀមគណ:ប្រតិភូឲ្យចូលរួមក្នុងកិច្ចពិភាក្សានេះ។ លោកបានមានប្រសាសន៍ថា “ ក្រសួងមហាផ្ទៃនឹងបញ្ជូនមន្ត្រីជាន់ខ្ពស់មួយចំនួនពីខេត្តជាប់ព្រំដែនឲ្យចូលរួមជាមួយគណ:ប្រតិភូនេះដើម្បីពិភាក្សាអំពីបញ្ហានៃការបាញ់ប្រហារមកលើប្រជាពលរដ្ឋកម្ពុជា ដែលឆ្លងដែនខុសច្បាប់”។លោកបានមានប្រសាសន៍ទៀតថា លោក ឡុង វីសាលោ រដ្ឋលេខាធិការក្រសួងការបរទេស នឹងដឹកនាំគណ:ប្រតិភូនេះទៅជួបពិភាក្សាជាមួយមន្ត្រីថៃ។ រហូតមកទល់ពេលនេះក្នុងឆ្នាំនេះ ទាហានថៃ បានបាញ់សម្លាប់ប្រជាជនកម្ពុជា ចំនួន១២នាក់ ដែលបានឆ្លងដែនចូលក្នុងប្រទេសថៃ ដោយខុសច្បាប់ ដើម្បីទៅកាប់ឈើគ្រញូងជាឈើមានតម្លៃថ្លៃអាចលក់បានរាប់ពាន់ដុល្លារក្នុងមួយម៉ែត្រគូប។ លោក ប៊ិច រតនា អនុប្រធានរដ្ឋបាលសាលាខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា ក្រសួងការបរទេសបានផ្ញើលិខិតមួយច្បាប់ទៅលោក បិុចសុខិន អភិបាលខេត្ត ដោយកំណត់កាលបរិច្ឆេទសម្រាប់កិច្ចពិភាក្សានេះនៅថ្ងៃទី១០ខែមេសាក្នុងទីក្រុងបាងកក។លោកបានមានប្រសាសន៍ទៀតថា “លិខិតនេះបានស្នើឲ្យយើងបញ្ជូនមន្ត្រីមួយចំនួន ចូលរួមក្នុងកិច្ចពិភាក្សានេះ ដូច្នេះយើងនឹងបញ្ជូនលោកអភិបាលរងខេត្ត និងលោកស្នងការនគរបាលខេត្តឲ្យចូលរួម”។ កាលពីខែកុម្ភ: មន្ត្រីព្រំដែនកម្ពុជា បានជួបជាមួយសមភាគីថៃរបស់ខ្លួន ដើម្បីជំរុញឲ្យពួកគេឈប់បាញ់ប្រហារអ្នកកាប់ឈើជាជនជាតិកម្ពុជា នៅក្នុងទឹកដីថៃទៀត និងបានលើកឡើងថា ជនល្មើសទាំងនោះគួរតែត្រូវចាប់ខ្លួនបញ្ជូនមកឲ្យមន្ត្រីការពារព្រំដែនវិញ។ លោក អ៊ុក កែវរតន: អ្នកនាំពាក្យខុទ្ទកាល័យខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ខេត្តរបស់លោកក៏ទទួលបានសំណើឲ្យបញ្ជូនអ្នកតំណាងទៅចូលរួមក្នុងកិច្ចពិភាក្សានេះផងដែរ។ លោក កែវរតនៈ បានមានប្រសាសន៍ថា“លោកអភិបាលខេត្ត មេបញ្ជាការកងយោធពលខេមរភូមិន្ទខេត្ត ស្នងការនគរបាលខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ត្រូវបានចុះឈ្មោះឲ្យចូលរួមក្នុងកិច្ចពិភាក្សាដ៏សំខាន់នេះ ដែលផ្តោតលើការបាញ់ប្រហារមកលើប្រជាជនកម្ពុជាឆ្លងដែនខុសច្បាប់”៕ ប្រែសម្រួលដោយតែមសុខុម
គ្រួសាររងគ្រោះដោយគម្រោងស្តារផ្លូវដែក ដាក់ញត្តិដល់ធនាគារអភិវឌ្ឍន៍អាស៊ី
អ្នកភូមិជាង១៥០នាក់ ដែលត្រូវបានបណ្តេញពីខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដើម្បីទុកផ្លូវឲ្យគម្រោងស្តារផ្លូវរថភ្លើងឡើងវិញ បានធ្វើពាក្យបណ្តឹងមួយកាលពីម្សិលមិញ ដាក់ជូនទៅធនាគារអភិវឌ្ឍន៍អាស៊ី ដែលជាស្ថាប័នហិរញ្ញវត្ថុមួយ ក្នុងចំណោមស្ថាប័នបានផ្តល់ហិរញ្ញវត្ថុច្រើនជាងគេចំនួនពីរសម្រាប់គម្រោងនេះ ដោយលើកឡើងថា ទីតាំងលំនៅថ្មីរបស់ពួកគេ មិនសមរម្យទេហើយនាំឲ្យពួកគេជំពាក់បំណុលទៀតផង។ អ្នកស្រីអឿនសារ៉នជាអ្នកភូមិមា្នក់ក្នុងចំណោមអ្នកភូមិ១៦៦នាក់ ដែលបានប្តឹងទៅធនាគារនេះបានលើកឡើងថា សំណងជាប្រាក់ចំនួន៤០០ដុល្លារ ដែលអ្នកស្រីបានទទួលសម្រាប់ការរើទៅនៅកន្លែងថ្មី ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មិនគ្រប់គ្រាន់សម្រាប់ចំណាយលើការសាងសង់ផ្ទះថ្មីមួយខ្នងឡើយ តែថែមទាំងបានធ្វើឲ្យអ្នកស្រីពិបាកសងបំណុល ដែលចេះតែកើនឡើងមិនឈប់ឈរ។ អ្នកស្រី សារ៉ន អាយុ៣០ឆ្នាំ ដែលបានទៅរស់នៅលើទីតាំងថ្មីកាលពីខែកញ្ញាឆ្នាំ២០១១ បានជំពាក់បំណុលអ្នកចងការប្រាក់ចំនួន៤៥០ដុល្លារ រួចទៅហើយនោះបានមានប្រសាសន៍ថា “ យើងចង់បានសំណង៣.០០០ដុល្លារសម្រាប់គ្រួសារនីមួយៗ ពីព្រោះយើងគ្មានប្រាក់គ្រប់គ្រាន់ ដើម្បីសងការប្រាក់ទេហើយយើងបារម្ភថា អ្នកចងការប្រាក់នឹងរឹបអូសយកដីរបស់យើង”។ កាលពីសប្តាហ៍មុន ធនាគារអភិវឌ្ឍន៍អាស៊ីបានចេញផ្សាយលទ្ធផល នៃការសិក្សាមួយ ដែលបង្ហាញថា អត្រាសំណងត្រូវផ្តល់ឲ្យប្រជាពលរដ្ឋបាត់បង់ទីជម្រក ដោយគម្រោងស្តារផ្លូវដែក ដែលផ្តល់មូលនិធិដោយធនាគារអភិវឌ្ឍន៍អាស៊ី សហការជាមួយទីភ្នាក់ងារអូស្ត្រាលី សម្រាប់ការអភិវឌ្ឍអន្តរជាតិ គឺផ្អែកទាំងស្រុងលើតម្លៃក្នុងឆ្នាំ២០០៦ ហើយវាមិនស្របជាមួយតម្លៃអតិផរណាឡើយ។ យោងតាមអង្គការស្ពានទៅកាន់សន្តិភាព ដែលបានរិះគន់ចំពោះកញ្ចប់ថវិកាសម្រាប់ ចំណាយលើសំណងនោះ បានឲ្យដឹងថាសំណងផ្តល់ឲ្យគ្រួសារទាំងនោះ ជាមធ្យមគឺត្រឹម៧៥៦ដុល្លារ ប៉ុន្តែតម្លៃសាងសង់ផ្ទះឈើទំហំ៤គុណ៤ម៉ែត្រ នាពេលបច្ចុប្បន្ននេះ គឺកើនឡើងដល់ចំនួន១.៩២៥ដុល្លារ។លោក អៀង វុទ្ធី ប្រធានកម្មវីធីត្រួតពិនិត្យការអភិវឌ្ឍ របស់អង្គការស្ពានទៅកាន់សន្តិភាព បានមានប្រសាសន៍ថា “ផែនការនេះមិនស្របតាមតម្លៃទីផ្សារបច្ចុប្បន្ន ទេ ហើយពេលនេះ អ្នកគ្មានការងារធ្វើ និងអ្នកគ្មានប្រាក់ចំណូល ត្រូវខ្ចីប្រាក់គេដើម្បីសង់ផ្ទះរបស់ខ្លួនឡើងវិញ។ រដ្ឋាភិបាល និងធនាគារអភិវឌ្ឍន៍អាស៊ីធ្លាប់បានធានាថា នៅទីនោះ មានឱកាសការងារគ្រប់គ្រាន់ ក៏ប៉ុន្តែតាមពិត វាមិនដូចការសន្យានោះទេ”។ នៅក្នុងសេចក្តីប្រកាសមួយ ធនាគារអភិវឌ្ឍន៍អាស៊ី បានលើកឡើងថា ខ្លួនកំពុងពិនិត្យលើបញ្ហា ដែលបានលើកឡើងនៅក្នុងការតវ៉ានេះ ដោយបន្ថែមថា កម្មវិធីសម្រាប់បង្កើតឱកាសរកប្រាក់ចំណូលសម្រាប់អ្នកភូមិកំពុងតែដំណើរការហើយ។ សេចក្្តីប្រកាសនេះ បានលើកឡើងថា“ប្រជាពលរដ្ឋទាំងនេះនឹងទទួលបានការបណ្តុះបណ្តាលផ្នែកជំនាញ និងទទួលបានទុនសម្រាប់ចាប់ផ្តើមមុខរបរ ព្រមទាំងទទួលបានការធានាពីបេឡាមូលនិធិសុវត្ថិភាពសង្គម សម្រាប់ពេលមានវិបត្តិនេះ និងមានអាសន្នផងដែរ។ ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងតែពង្រឹងយន្តការ ដើម្បីជួយដោះស្រាយបញ្ហាដែលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ”។ លោកវុទ្ធី បានលើកឡើងថាក្នុងចំណោមប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគម្រោងស្តារផ្លូវដែក ជុំវិញរាជធានីភ្នំពេញ មានប្រជាពលរដ្ឋចំនួន៤.០០០នាក់ បានរើទៅកាន់ទីកន្លែងតាំងលំនៅថ្មីរួចហើយ៕ ប្រែសម្រួលដោយ ចេវប៊ុននី
អង្គការក្រៅរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ានអះអាងថា សិទ្ធិរបស់ខ្លួនត្រូវបានរំលោភ
សមាជិកនៃវេទិកាប្រជាពលរដ្ឋអាស៊ានជាសម្ពន្ធអង្គការក្រៅរដ្ឋាភិបាលដែលបានមកជួបជុំគ្នាក្នុងរាជធានីភ្នំពេញកាលពីសប្តាហ៍មុននោះ បានប្រកាសកាលពីម្សិលមិញថា សិទ្ធិរបស់ពួកគាត់ត្រូវបានរំលោភបំពានបន្ទាប់ពីសិក្ខាសាលាចំនួនបួនលើកស្តីអំពីបញ្ហារសើបនោះត្រូវបានលុបចោលដោយសារតែគ្មានទីកន្លែងប្រជុំ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់តំណាងឲ្យគណៈប្រតិភូជាង១.២០០នាក់មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន អង្គការនេះបានលើកឡើងថា រដ្ឋាភិបាលអាស៊ានបានរំលោភសិទ្ធិរបស់ខ្លួនពាក់ព័ន្ធសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពនៃការជួបជុំគ្នា ដោយការបដិសេធមិនព្រមអនុញ្ញាតឲ្យរៀបចំសិក្ខាសាលាចំនួនបួនលើក ផ្តោតលើបញ្ហាសិទ្ធិមនុស្ស ការបណ្តេញចេញជាទ្រង់ទ្រាយធំ បញ្ហាបរិស្ថាន និងបញ្ហានៅក្នុងប្រទេសភូមា ព្រមទាំងបានរារាំងគណៈប្រតិភូមកពីប្រទេសលាវមិនឲ្យចូលរួមវេទិកានេះទៀតផង។ សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងថា"យើងកត់សម្គាល់ឃើញថា មានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង ដែលកើតឡើងអំឡុង ប្រជុំតាមរយៈការដាក់កំហិតហួសហេតុមកលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងការជួបជុំរបស់អ្នកចូលរួមជាដើម"។ សេចក្តីថ្លែងការណ៍នេះបានបន្តទៀតថា"យើងជំរុញឲ្យរដ្ឋាភិបាលនៃបណ្តាប្រទេសជាសមាជិកអាស៊ាន សូមគោរពឯករាជភាពរបស់អាស៊ាន ជាជាងព្យាយាមប្រើអំណាចផ្តាច់ការមកលើការងារ តួនាទី និងអ្នកតំណាងរបស់ខ្លួន"។ សិក្ខាទាំងបួននេះត្រូវបានលុបចោលកាលពីថ្ងៃសុក្របន្ទាប់ពីម្ចាស់សណ្ឋាគារ ឡាក់គី ស្តារស្ថិតក្នុងខណ្ឌទួលគោក បានប្រាប់អ្នករៀបចំសិក្ខាសាលាថាបញ្ហាដែលគ្រោងនឹងលើកយកពិភាក្សានោះ គឺជាបញ្ហារសើបពាក់ព័ន្ធនឹងនយោបាយ។ បុគ្គលិកនៅសណ្ឋាគារនេះក៏បានប្រាប់វេទិកាប្រជាពលរដ្ឋអាស៊ានឲ្យដឹងផងដែរថា អាជ្ញាធរមូលដ្ឋានបានគាបសង្កត់ពួកគេកុំអនុញ្ញាតឲ្យរៀបចំវេទិកានេះឲ្យសោះ។ វេទិកានេះមិនត្រូវបានរៀបចំដោយរដ្ឋាភិបាលកម្ពុជាទេ ដែលផ្ទុយទៅវិញបានរៀបចំឡើងស្ទើរតែដូចគ្នាបេះបិទឈ្មោះ "វេទិកាប្រជាពលរដ្ឋអាស៊ាន" នៅសាលសន្និសីទចតុមុខ ដែលត្រូវបានឧបត្ថម្ភ និងចូលរួមដោយមន្ត្រីរដ្ឋាភិបាលនៅមុនកិច្ចប្រជុំកំពូលអាស៊ាននៅសប្តាហ៍ក្រោយនេះ។ រដ្ឋាភិបាលលាវបានរារាំងអង្គការក្រៅរដ្ឋាភិបាលនានាមិនឲ្យចូលរួមវេទិកាឯករាជ្យសម្រាប់ពលរដ្ឋអាស៊ាន ដោយបានបង្ខំពួកគេឲ្យទៅចូលរួមវេទិកា ដែលឧបត្ថម្ភដោយរដ្ឋាភិបាលវិញ។ មានតែអ្នកតំណាងមកពីវេទិកាដែលរៀបចំដោយរដ្ឋាភិបាលប៉ុណ្ណោះ នឹងត្រូវអញ្ជើញឲ្យទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរវាងថ្នាក់ដឹកនាំអាស៊ាននិងអង្គការសង្គមស៊ីវិល ដែលគ្រោងធ្វើនៅថ្ងៃអង្គារ។ លោកស្រីធីតាឃិះនាយិកាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកឈ្មោះ សីលការ និងជានាយិកានៃគណៈកម្មាធិការរៀបចផែនការសម្រាប់វេទិកានេះបានមានប្រសាសន៍ថា"រដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ានទាំងនេះគួរទទួលខុសត្រូវចំពោះ ដោយការជ្រើសតាំងអ្នកតំណាងពីរនាក់ ហើយលូកដៃក្នុងដំណើរការរបស់សង្គមស៊ីវិលទៀត។ នេះឆ្លុះបញ្ចាំងឲ្យឃើញពីភាពគ្មានហេតុផល និងអសន្តិសុខ វាជាការជួបជុំគ្នាដ៏ធំ ហើយព័ត៌មានត្រូវផ្សាយចេញពីវេទិកា គឺជាបញ្ហាដែលថ្នាក់ដឹកនាំអាស៊ានអាចត្រូវប្រឈម"។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី កាលពីម្សិលមិញបានបដិសេធជាថ្មីម្តងទៀតចំពោះការលើកឡើងថា រដ្ឋាភិបាលជាអ្នកទទួលខុសត្រូវក្នុងការបិទសិក្ខាសាលាទាំងនេះ ហើយបានបន្ទោសលោកស្រី ធីតាឃិះ ថាជា "អ្នកបង្កបញ្ហា"ដែលបានប្រមូលអង្គការសង្គមស៊ីវិលក្នុងតំបន់ឲ្យមានការប្រឆាំងគ្នាទៅវិញទៅមក។ លោកផៃស៊ីផានបានមានប្រសាសន៍ថា"ប្រសិនបើពួកគេគិតថារដ្ឋាភិបាលជាសត្រូវរបស់ពួកគេនោះអ៊ីចឹងពួកគេមិនគួររស់នៅទីនេះទេ។ពួគគេគ្មានសិទ្ធិធ្វើពហិការអ្វីទាំងអស់ ពួកគេមិនគួរធ្វើដើម្បីតែផលប្រយោជន៍សង្គមស៊ីវិលសោះឡើយ"។ លោកស្រីពង្សឈីវហ្គិចនាយិកាអង្គការសិទ្ធិមនុស្សលីកាដូដែលបានចូលរួមវេទិការបស់លោកស្រីធីតាឃិះដែរនោះបានមានប្រសាសន៍ថាការបដិសេធមិនព្រមចូលរួមរបស់រដ្ឋាភិបាលក្នុងបំណងបង្អាក់វេទិកានេះគឺ "ជាការគិតដោយគ្មានសមហេតុសមផលឡើយ"។ លោកស្រីធីតាឃិះបានមានប្រសាសន៍ថាលោកស្រីនឹងបញ្ជូនអនុសាសន៍របស់ក្រុមអង្គការក្រៅរដ្ឋាភិបាលរបស់លោកស្រីព្រមទាំងខិតខំជំរុញឲ្យបានខ្លាំងក្លាជាងនេះថែមទៀត ដើម្បីការពារសិទ្ធិពលករចំណាកស្រុកលុបបំបាត់ការទន្ទ្រានយកដីធ្លីនិងការបណ្តេញចេញដោយបង្ខំហើយបើកដំណើរការព្រាងសេចក្តីថ្លែងការណ៍ស្តីពីសិទ្ធិសមនុស្សនៅក្នុងសមាគមន៍អាស៊ានផ្ញើទៅលេខាធិការដ្ឋានអាស៊ាននិងស្ថានទូតនានាក្នុងរាជធានីភ្នំពេញនៅថ្ងៃនេះ។ “ខ្ញុំមិនយល់ថាតើនឹងមានបញ្ហាឬទេ។យើងនឹងចាំមើលថា តើនឹងមានអ្វីកើតឡើង"៕ ប្រែសម្រួលដោយសោមសារុន
លោក ជុត វុទ្ធី មិននៅក្នុងក្រុមល្បាតព្រៃដោយផ្ទាល់ទេ ដោយសារតែមានការគំរាមសម្លាប់
លោកជុតវុទ្ធី គឺជាអ្នកប្រកាន់ជំហរមិនងាករេ។ ជាស្ថាបនិកនៃអង្គការការពារធនធានធម្មជាតិ (NRPG) ក្នុងវ័យ៤៥ឆ្នាំ លោកធ្លាប់បានចំណាយពេលជាច្រើនយប់ទាំងមិនបានសម្រាន្តនៅក្នុងព្រៃ ដោយត្រូវទ្រាំទ្រនឹងភ្លៀងមូសុង ព្រមទាំងការបាក់ដី។ លោកធ្លាប់បានប្រឈមនឹងការគំរាមចាប់ខ្លួន ហើយមានម្តងនោះ លោកជឿថា ខ្លួនបានគេចផុតពីការប៉ុនប៉ងធ្វើឃាត នៅក្នុងតំបន់ជួរភ្នំក្រវាញទៀតផង។ ក៏ប៉ុន្តែលោក វុទ្ធី បានមានប្រសាសន៍ថា នោះគឺជាការងាររបស់គាត់។ លោក វុទ្ធី ដែលបានប្រែក្លាយជាអ្នកដឹកនាំប្រជាជនដើរល្បាតព្រៃក្នុងទ្រង់ទ្រាយធំដើម្បីប្រឆាំងនឹងការកាប់ឈើខុសច្បាប់និងការបំផ្លាញបរិស្ថាននោះ បានមានប្រសាសន៍ថា "នគរបាលដែលប្រដាប់ដោយអាវុធ អាកា AK-47 និងអាវុធស្វ័យប្រវតិ្ត M16 បានព្យាយាមទប់ស្កាត់ខ្ញុំ"។ លោកបានបន្តថា "ម្តាយរបស់ខ្ញុំតែងតែរអ៊ូរទាំ ដោយសួរខ្ញុំថា តើខ្ញុំដឹងថា ខ្លួនឯងកំពុងធ្វើអ្្វីឬអត់ ហើយនិយាយថា ខ្ញុំធ្វើការហត់នឿយជាងគេជាងឯង ក៏ប៉ុន្តែនៅតែក្រ។ ខ្ញុំមានការហត់នឿយ ហើយវាជាការងារដ៏លំបាក ប៉ុន្តែខ្ញុំគិតថា ប្រសិនបើខ្ញុំចង់ជួយប្រទេសរបស់ខ្ញុំ ខ្ញុំត្រូវតែជួយប្រជាជនក្រីក្រអ៊ីចឹងហើយ"។ លោក វុទ្ធី ដែលក៏ជាអតីតទាហានមួយរូបដែរនោះ បានមានប្រសាសន៍បែបនេះតាមទូរស័ព្ទកាលពីដើមសប្តាហ៍នេះពីទីតាំងដាច់ស្រយាលមួយនៅក្នុងខេត្តកំពង់ធំ ពេលកំពុងដឹកនាំក្រុមអ្នកភូមិក្នុងមូលដ្ឋានចំនួន៤០០នាក់ដើរល្បាតពាសពេញតំបន់ស្នូលព្រៃឡង់ ដែលមានទំហំ១៣៥.០០០ហិកតាដើម្បីស្វែងរកអ្នកកាប់ឈើខុសច្បាប់។ លោកទើបតែបានទទួលដំណឹងថា ក្រុមល្បាតបានរកឃើញ និងដុតបំផ្លាញឈើកាប់រួចខុសច្បាប់ចំនួន៣៧២ម៉ែត្រគូប។ បន្ទាប់មក លោកបានណែនាំ ក្រុមល្បាត ឲ្យបន្តដំណើរទៅរោងម៉ាស៊ីនអារឈើមួយកន្លែងនៅក្នុងស្រុកសណ្តាន់ ដែលជាប់សង្ស័យថាបានកាប់រំលំដើមជ័រទឹកការពារជាច្រើនដើមនៅក្នុងព្រៃឡង់។ អ្វីដែលពួកគាត់បានរកឃើញ គឺមានតែអាចម៍រណារនិងម៉ាស៊ីនមួយចំនួនប៉ុណ្ណោះ។ នេះគឺជាប្រតិបត្តិការលើកទីពីរហើយដែលរៀបចំឡើងដោយលោក វុទ្ធី ដោយមានការចូលរួមពីសំណាក់ប្រជាជនមូលដ្ឋានរាប់រយនាក់ដែលកំពុងតែចាត់វិធានការការពារបរិស្ថានដោយខ្លួនឯងតែម្តង។ កាលពីខែវិច្ឆិកាឆ្នាំមុន លោក វុទ្ធី បានរៀបចំក្រុមល្បាតទ្រង់ទ្រាយធំ ជាលើកទីមួយ ដោយប្រើឈ្មោះបណ្តាញប្រជាពលរដ្ឋព្រៃឡង់ ដែលមានសមាជិកជាជនជាតិដើមភាគតិចកួយរាប់រយនាក់ដើម្បីស្វែងរកគំនរឈើកាប់រួចខុសច្បាប់។ប្រតិបត្តិការល្បាតរបស់ប្រជាជនក្នុងមូលដ្ឋាននេះ បានឈានទៅដល់ការពពាក់ពពូនគ្នាចូលទៅក្នុងចម្ការកៅស៊ូ ដើម្បីស្វែងរកភស្តុតាងនៃការកាប់ឈើ ដោយបានរកឃើញរោងម៉ាស៊ីនអារឈើនិងឈើអារមួយចំនួន។ ជាបុរសដែលមានរូបរាងស្គមសម្បុរស្រអែម និងមានការប្រុងប្រយ័ត្នខ្ពស់នោះ លោកមានការចងចាំយា៉ងច្បាស់អំពីទីតាំងនៃ អូរ ព្រែក តំបន់ព្រៃ និងផ្លូវទាំងឡាយនៅក្នុងតំបន់ដែលលោកល្បាត ហើយប្រមូលបានព័ត៌មានសម្ងាត់អំពីក្រុមហ៊ុន ដែលជាគោលដៅជាច្រើនឆ្នាំមកហើយ។ លោកបានមានប្រសាសាន៍ថា ខ្លួនចូលចិត្តដើរល្បាតក្រៅក្រុម ហើយកម្រដើរជាមួយក្រុមល្បាតស្ម័គ្រចិត្តពេលចុះបំពេញបេសកកម្មណាស់ គឺលោកសុខចិត្តនៅក្បែរនោះចាំទទួលសេចក្តីរាយការណ៍តាមទូរស័ព្ទពីមនុស្សជំនិតរបស់ខ្លួនវិញ។ ពេលទទួលបានដំណឹងតាមទូរស័ព្ទអំពីបញ្ហាប្រឈមនានាដូចជាពេលខូចម៉ូតូ អ្នកល្បាតមានជំងឺ ត្រូវពស់ចឹក និង រន្ទះបាញ់នោះ លោក វុទ្ធី តែងបានឆ្លើយតបចំពោះស្ថានការណ៍លំបាកទាំងនោះយា៉ងប្រសប់។ លោកបានមានប្រសាសន៍ថា "ខ្ញុំនៅក្បែរពួកគាត់ណាស់ ហើយបើសិនជាមានបញ្ហាអ្វីកើតឡើងនោះ ខ្ញុំដឹងយា៉ងច្បាស់ថាពួកគាត់នៅទីណា។ខ្ញុំត្រូវតែធានាសុវត្ថិភាពរបស់ប្រជាជន ដែលចូលរួមល្បាតហើយក៏ត្រូវតែការពារខ្លួនឯងផ្ទាល់ផងដែរ។ អ្នករកស៊ី មានភាពរហ័សរហួនណាស់ ដូច្នេះប្រសិនបើមានអ្វីប្រែប្រួល យើងត្រូវតែបត់បែនឲ្យបានឆាប់រហ័សដែរ"។...
អ្នកភូមិមកពីខេត្តចំនួនបួន ចាប់ផ្តើមដើរល្បាតការពារព្រៃឡង់ ជាលើកទីពីរ
ក្រុមអ្នកភូមិបាននិយាយកាលពីម្សិលមិញថា អ្នកភូមិប្រហែល៤០០នាក់មកពីខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខេត្តព្រះវិហារកាលពីចុងសប្តាហ៍ បានដើរល្បាតចូលទៅក្នុងព្រៃឡង់រយៈពេលជាច្រើនថ្ងៃជាថ្មីម្តងទៀត ដើម្បីរកមើលសកម្មភាពកាប់ឈើ និងការរានដីខុសច្បាប់ ដែលពួកគាត់និយាយថា ធ្វើឲ្យប៉ះពាល់ដល់ការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកគាត់។ វាជាការល្បាតដ៏ធំលើកទីពីរ របស់បណ្តាញប្រជាពលរដ្ឋនៅក្នុងឆ្នាំនេះ។ កាលពីខែវិច្ឆិកាអ្នកភូមិប្រហែល៣០០នាក់ ដែលពួកគាត់ភាគច្រើនជាជនជាតិភាគតិចកួយ បានដើរល្បាត និងដើរក្បួនសំដៅទៅចម្ការកៅស៊ូរបស់ក្រុមហ៊ុន សុី.អ.សុី. ខេ (CRCK) ដើម្បីស្វែងរកឈើកាប់រួចដោយខុសច្បាប់។ លោកស៊ឹមសៀនអ្នកល្បាតម្នាក់មកពីខេត្តកំពង់ធំ បាននិយាយថា អំឡុងប្រតិបត្តិការនេះ បណ្តាញប្រជាពលរដ្ឋព្រៃឡង់នឹងល្បាតបួនផ្នែកដាច់ដោយឡែកពីគ្នា នៅក្នុងតំបន់ស្នូលដ៏សំខាន់នៃព្រៃទំហំ១៣៥.០០០ហិកតាមុនពេលជួបជុំគ្នានៅស្រុកសណ្តាន់ ខេត្តកំពង់ធំដើម្បីតវ៉ានឹងក្រុមហ៊ុន សេង សារ៉ាវុធ។ ក្រុមហ៊ុន សេង សារ៉ាវុធ បានបន្តកាប់ដើមឈើមានជ័រ ដែលអ្នកភូមិធ្លាប់អាស្រ័យផលរាប់សតវត្សរ៍មកហើយ សម្រាប់ចិញ្ចឹមជីវិតរបស់ពួកគាត់។ លោកសៀនបាននិយាយថា “ អ្នកភូមិជាង៤០០នាក់នឹងមកជួបជុំគ្នានៅក្នុងឃុំមានឫទ្ធិដើម្បីបិទផ្លូវ និងរឹបអូសយកឈើខុសច្បាប់ ពីព្រោះអ្នកកាប់ឈើទាំងនោះ ប្រើប្រាស់ផ្លូវនេះ ដើម្បីដឹកឈើទៅឲ្យក្រុមហ៊ុនេះ”។ លោកបានបន្ថែមថា ក្រុមអ្នកភូមិបានរកឃើញកាប់រួចដោយខុសច្បាប់ចំនួន៥០ម៉ែត្រគូបនៅក្នុងស្រុកសណ្តាន់កាលពីម្សិលមិញ។លោក សៀន បាននិយាយថា ប្រធានភូមិស្រែចង់ បានព្យាយាមរារាំងអ្នកភូមិមិនឲ្យបន្តដំណើរទៅកាន់ព្រៃឡង់។ លោក ជុត វុទ្ធី នាយកអង្គការការពារធនធានធម្មជាតិ ដែលបានជួយរៀបចំការល្បាតទាំងពីរលើកនេះ បានមានប្រសាសន៍ថា “ទីណាមានសកម្មភាពខុសច្បាប់ ពួកគាត់នឹងរឹបអូសឈើទាំងនោះហើយប្រសិនបើពួកគាត់មិនអាចធ្វើការទាក់ទងរដ្ឋបាលព្រៃឈើបានទេនោះ ពួកគាត់នឹងដុតឈើនោះចោលតែម្តង”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “ ប្រជាពលរដ្ឋក្នុងមូលដ្ឋានអស់ជំនឿ លើមន្ត្រីរដ្ឋាភិបាល ហើយពួកគាត់មិនអាចរង់ចាំបានទៀតទេ ដូច្នេះពួកគាត់ត្រូវចេញទៅការពារព្រៃតែម្តង”។ លោក ជុត វុទ្ធី បានមានប្រសាសន៍ថាក្រុមអ្នកភូមិក៏នឹងទាមទារសំណងពីក្រុមហ៊ុន សេងសារ៉ាវុធផងដែរ ពីបទកាប់ឈើខុសច្បាប់រាប់ម៉ឺនដើមចាប់តាំងពីឆ្នាំ២០១០មក។លោកបានមានប្រសាសន៍ថា“ ឈើមួយដើមមានតម្លៃ៦០០ដុល្លារហើយពួកគេកាប់ឈើអស់៣០.០០០ដើមដូច្នេះពួកគេគួរផ្តល់សំណងដល់ម្ចាស់ឈើវិញ”។ លោកទួតម៉ូរីអភិបាលរងស្រុកសណ្តាន់ បានមានប្រសាសន៍ថា បើទោះជាក្រុមហ៊ុនសេង សារ៉ាវុធទទួលបានអាជ្ញាប័ណ្ណឲ្យកាប់ឈើ និងសាងសង់រោងម៉ាស៊ីនអារឈើក្នុងស្រុកនេះក្តី តែវាអស់សុពលភាពទៅហើយ។ លោកបានមានប្រសាសន៍ថា “ វាគ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ”ដែលថាក្រុមហ៊ុននេះបានបន្តរានដីនៅទីនោះ។លោក ទួត ម៉ូរី បានមានប្រសាសន៍ថា“ នៅរោងម៉ាស៊ីនអារឈើនេះលែងមានសកម្មភាពទៀតហើយ” ប៉ុន្តែលោកមិនដឹងថា តើក្រុមហ៊ុនទទួលបានដីទំហំប៉ុន្មានឬកិច្ចសន្យានោះអស់សុពលភាពពេលណានោះទេ។ លោកក៏បានបដិសេធរាល់ការចោទប្រកាន់ថា អាជ្ញាធរមូលដ្ឋានបានព្យាយាមរារាំងក្រុមអ្នកភូមិមិនឲ្យចូលរួមការដើរល្បាតនោះ។លោកបានមានប្រសាន៍ថា “ យើងមិនបានហាមឃាត់ពួកគាត់មិនឲ្យចូលទៅក្នុងព្រៃឡង់ទេ។ ផ្ទុយទៅវិញ យើងអបអរសាទរចំពោះពួកគាត់ ដែលបានប្រឹងប្រែងការពារការកាប់បំផ្លាញឈើដោយខុសច្បាប់នោះ៕ ប្រែសម្រួលដោយ សោមសារុន
ធ្វើរោគវិនិច្ឆ័យប្រជាពលរដ្ឋជិត១០០នាក់រកឃើញថា មានឆ្លងមេរោគថ្មីកើតពីសត្វមូស
មន្ត្រីក្រសួងសុខាភិបាលម្នាក់បាននិយាយកាលពីម្សិលមិញថា ការផ្ទុះឡើងនៃវីរុសកើតពីសត្វមូសដែលជាប្រភេទវីរុសថ្មីនៅក្នុងប្រទេសកម្ពុជាដោយមានរោគសញ្ញាស្រដៀងគ្នាទៅនឹងជំងឺគ្រុនឈាមនោះ ត្រូវបានគេរកឃើញកើតមាននៅក្នុងស្រុកគងពិសីខេត្តកំពង់ស្ពឺ។ លោកវេជ្ជបណ្ឌិត សុខ ទូច ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានមានប្រសាសន៍ថាប្រជាពលរដ្ឋ៩៨នាក់ត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញមានផ្ទុកវីរុស “ស៊ីឃុនគុនយ៉ា”បន្ទាប់ពីមានការឈឺសន្លាក់ គ្រុនក្តៅ និងជំងឺអស់កម្លាំងនៅក្នុងភូមិចំនួនប្រាំក្នុងឃុំពេជ្រមុនីក្នុងរយៈពេលបីសប្តាហ៍កន្លងមកនេះ។ លោកបានមានប្រសាសន៍ថាស្ត្រីម្នាក់ដែលមានរោគសញ្ញាស្រដៀងគ្នានេះបានស្លាប់កាលពីថ្ងៃទី៧ខែមីនាប៉ុន្តែមិនទំនងជាស្លាប់ដោយសារតែវីរុស ស៊ីឃុនគុនយ៉ានេះទេ។ លោកវេជ្ជបណ្ឌិត សុខទូច បានមានប្រសាសន៍ថាមនុស្សបួននាក់ក្នុងចំណោមមនុស្សប្រាំមួយនាក់ដែលត្រូវបានយកសំណាកឈាមទៅពិនិត្យ ដោយមិនរាប់បញ្ចូលស្ត្រីដែលបានស្លាប់នេះ បានរកឃើញមានផ្ទុកមេរោគនេះប៉ុន្តែមិនមានស្ថានភាពដល់ស្លាប់នោះទេ។ លោកបានបន្ថែមថាវីរុសនេះកើតឡើងដំបូងនៅក្នុងប្រទេសកម្ពុជាកាលពីចុងឆ្នាំ២០១១នៅក្នុងខេត្តព្រះវិហារ។ លោកវេជ្ជបណ្ឌិត សុខទូចបានមានប្រសាសន៍ថា“បើទោះជាជំងឺនេះជាប្រភេទជំងឺថ្មីនៅប្រទេសកម្ពុជាក៏ដោយក៏វាមិនមែនជាជំងឺថ្មីសម្រាប់ពិភពលោកដែរ ហើយការស្លាប់ដោយសារជំងឺនេះគឺកម្រកើតមានណាស់។ស្ត្រីម្នាក់ដែលបានស្លាប់នោះគឺមានជំងឺគ្រុនក្តៅកម្រិតខ្ពស់ ហើយរស់នៅក្នុងតំបន់តែមួយដែលមានការផ្ទុះឡើងនៃវីរុសនេះប៉ុន្តែយើងមិនទាន់អាចនិយាយថាមូលហេតុនៃការស្លាប់នេះគឺដោយសារវីរុស នោះទេ”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា មានករណីឆ្លងវីរុសនេះចំនួន២២.០០០ករណីកើតមាននៅប្រទេសថៃក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០០៩ប៉ុន្តែមិនបណ្តាលឲ្យមានមនុស្សស្លាប់ទេ។ លោក Steven Bjorge ប្រធានក្រុមការងារទទួលបន្ទុកផ្នែកជំងឺគ្រុនចាញ់និងជំងឺកើតពីសត្វមូសនៅអង្គការសុខភាពពិភពលោកបានមានប្រសាសន៍ថាតាមធម្មតាវីរុសស៊ីឃុនគុនយ៉ា ដែលមិនសូវធ្ងន់ធ្ងរនេះមានសភាពប្រែប្រួលក្នុងឆ្នាំ២០០៦នៅតាមឆ្នេរសមុទ្រប្រទេសម៉ូសាំប៊ិក ដែលស្ថានភាពប្រែប្រួលនេះ បានបង្កឲ្យមានមនុស្សស្លាប់។ លោកបានបន្ថែមថាស្ថានភាពដែលបណ្តាលឲ្យមានមនុស្សស្លាប់ ដោយសារមិនមានការព្យាបាលនេះបានរីករាលដាលមកដល់ភាគខាងកើតតាំងពីពេលនោះមក។ លោកវេជ្ជបណ្ឌិត Bjorge...
ថាក់សុីន ចេញពីកម្ពុជា បន្ទាប់ពីសួរសុខទុក្ខឪពុកលោក ហ៊ុន សែន
មន្ត្រីរដ្ឋាភិបាលមួយរូបបាននិយាយថាលោកថាក់ស៊ីនស៊ីណាវ៉ាត្រាអតីតនាយករដ្ឋមន្ត្រីថៃ បានធ្វើដំណើរទស្សនកិច្ចក្រៅផ្លូវការមកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ដើម្បីសួរសុខទុក្ខឪពុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោកព្រឹទ្ធាចារ្យហ៊ុន នាង ដែលកំពុងតែធ្លាក់ខ្លួនឈឺ។ លោកផៃស៊ីផានអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា លោក ថាក់ស៊ីនស៊ីណាវ៉ាត្រាដែលជាមិត្តភក្តិជិតស្និទ្ធរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែននិងធ្លាប់ជាទីប្រឹក្សាសេដ្ឋកិច្ច របស់រដ្ឋាភិបាលកម្ពុជា បានធ្វើដំណើរចាកចេញពីកម្ពុជា កាលពីថ្ងៃសុក្រ។ លោកផៃស៊ីផានបានមានប្រសាសន៍ថា “បើតាមខ្ញុំយល់ លោកបានមកប្រទេសកម្ពុជា ដើម្បីសួរសុខទុក្ខឪពុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនជាលក្ខណៈឯកជន ដោយសារតែលោកកំពុងតែមានជំងឺធ្ងន់ធ្ងរ ហើយខ្ញុំបានឮថាលោកថាក់ស៊ីនបានចាកចេញពីកម្ពុជា តាំងពីព្រឹកមិញម៉្លេះ”។ លោកបានមានប្រសាសន៍បន្ថែមទៀតថាលោកមិនបានដឹងថាតើមានមនុស្សប៉ុន្មាននាក់បានធ្វើដំណើរមកជាមួយលោក ថាក់ស៊ីនស៊ីណាវ៉ាត្រាទេឬក៏លោក ថាក់ស៊ីនបានធ្វើអ្វីផ្សេងទៀតនៅពេលលោកស្នាក់នៅក្នុងប្រទេសកម្ពុជានោះដែរ។លោកបានមានប្រសាសន៍ថា “ នោះគឺជាការធ្វើដំណើរក្រៅផ្លូវការ”។ លោក ផៃស៊ីផានបានមានប្រសាសន៍ថាលោកមិនអាចអះអាងបានទេ ចំពោះសេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍ ដែលថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក៏បានទៅសួរសុខទុក្ខសកម្មជនថៃ លោក វីរ៉ា ស៊ុមខ្វាមឃីតនិងជំនួយការរបស់គាត់ឈ្មោះរ៉ាទ្រី ពីប៉ាតាណាប៉ៃប៊ូនដែលកំពុងតែជាប់ពន្ធនាគាររយៈពេលវែងពីបទធ្វើចារកម្ម។ យោងតាមកាសែតបាងកកប៉ុស្តិ៍បានឲ្យដឹងថាអតីតនាយករដ្ឋមន្ត្រីថៃ ដែលបាននិរទេសខ្លួនឯង និងកំពុងរត់គេចខ្លួន បានមកដល់ប្រទេសកម្ពុជាដោយមានសមាជិកគណបក្សកាន់អំណាចភឿថៃនៅក្នុងប្រទេសថៃ បានមកចូលរួមដែរ៕ ប្រែសម្រួលដោយ ឌឿង សាវតា