Sunday, November 17, 2019
Home Authors Posts by Phann Ana

Phann Ana

34 POSTS 0 COMMENTS
Managing editor

លោក ស ខេង មាន​ប្រសាសន៍​ថា ការ​ដំឡើង​ប្រាក់ខែ​មន្ត្រី​រាជការ​​នាំ​ឲ្យ​មាន​​អតិផរណាខ្ពស់​

លោក​ ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួងមហា​ផ្ទៃ​បាន​មាន​ប្រសាសន៍កាល​ពីម្សិលមិញថា ការ​ដំឡើង​ប្រាក់​ខែ​សម្រាប់​​មន្ត្រី​រាជការ​ដែល​មាន​ប្រាក់ខែ​តិច​តួច​នោះ​នឹង​នាំ​ឲ្យមាន​ភាព​ចលា​ចល​នៅក្នុង​ប្រទេស ព្រោះ​វា​​ធ្វើ​ឲ្យអតិ​ផរ​ណា​​កើន​​ឡើង​ខ្លាំង​​។ ថ្លែង​ទៅកាន់​មន្ត្រី​ជាង​៥០០​នាក់​នៅ​ឯ​សន្និបាត​បូក​សរុប​ការ​ងារ​​ប្រចាំឆ្នាំ​របស់​សាលា​រាជ​ធានី​ លោក ស ខេង បាន​ក្រើន​រំឭក​​ថា ការ​ដំឡើង​ប្រាក់ខែ​មន្ត្រី​រាជការ​នឹង​នាំ​ឲ្យ​មាន​ការ​ដំឡើង​តម្លៃ​ម្ហូបអាហារ​នាំចូល​ ព្រោះ​​ត្រូវ​មាន​ការ​ដំឡើង​ពន្ធ​នាំ​ចូល​​​ថែម​ទៀ​ត​។ លោក ស ខេង បានមាន​ប្រសាសន៍ថា “យើង​ពិតជា​អាច​ដំឡើង​ប្រាក់ខែ​សម្រាប់​មន្ត្រី​រាជការ​យើង​បាន​ ប៉ុន្តែ អ្វីដែលជា​កង្វល​់​​នោះគឺថា​ តម្លៃ​ទំនិញក៏​នឹង​កើន​ឡើង​ដែរ​នៅពេល​​យើង​ដំឡើង​ពន្ធ​​”។លោក​បានមាន​ប្រសាសន៍ថា “ ដូច្នេះ​ការ​​ដំឡើង​ប្រាក់​ខែ​គ្មានន័យ​អ្វីទេ​។ ហេតុ​ដូច្នេះ​ហើយ​ទើប​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន”។ លោក ស ខេង​ បាន​បន្ថែមថា ប្រសិន​បើ​រដ្ឋាភិបាល​ត្រូវ​ដំឡើង​ពន្ធ​នាំចូល​ ប្រជា​ពល​រដ្ឋ​ក្រីក្រ​នឹង​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​បំផុត​ដោយ​សារ​តម្លៃ​ទំនិញ​ឡើង​ខ្ពស់​។ លោក​មាន​ប្រសាសន៍ថា “ សូម​កុំ​សប្បាយ​​​​ចិត្ត​នឹង​ប្រាក់​ចំណូល​ខ្ពស់​ពីការ​ដំឡើង​ពន្ធ​។ សូម​កុំ​ភ្លេច​ថា ប្រសិន​បើ​ពន្ធ​កើន​ឡើង​ តម្លៃ​ទំនិញ​ក៏​កើន​ឡើង​ដែរ​”៕​គឹមហឿន​

អភិ​បាល​រាជ​ធានី​ភ្នំពេញ​ប្រាប់​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ជួល​ជុល​កា​រ​ថ្នាំ​ង​ថ្នាក់​របស់​ប្រជា​ជន​

កាល​ពី​ម្សិល​មិញ​អភិបាល​រាជ​ធានី​ភ្នំពេញ​បាន​ប្រាប់​ឲ្យ​មន្ត្រី​សាលា​រាជ​ធានី​បញ្ឈប់​អំពើ​ពុក​រលួយ​​ ហើយ​ខិត​ខំ​ធ្វើ​ការ​ឲ្យ​បាន​ខ្លាំង​ជាង​មុន​ដើម្បី​ផ្តល់​សេវា​សាធារណៈ​ក្នុង​គោល​បំណង​​​ស្តារ​ទំនុក​ចិត្ត​ក្នុង​ចំណោម​ប្រជា​ពល​​​រដ្ឋ​ដែល​មាន​ការ​ថ្នាំង​ថ្នាក់​យ៉ាង​ខ្លាំង​ជាមួយ​គណបក្ស​កាន់​អំណាច​ ដោយ​ពួក​គាត់​បាន​នាំ​គ្នា​បោះ​ឆ្នោត​គាំទ្រ​​​គណបក្ស​សង្គ្រោះជាតិ​​​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​ជាតិ​កាល​ពី​ឆ្នាំ​មុ​ន​។ ថ្លែង​ទៅ​កាន់​មន្ត្រី​ជាង​៤០០​នាក់​រួម​មាន​នគរបាល​និង​កង​រាជ​អាវុធ​ហត្ថ​ដែល​បាន​ចូល​រួម​នៅក្នុង​សន្និសីទ​​ប្រចាំ​ឆ្នាំ​នៅ​ឯ​សាលា​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ​ លោក​ ប៉ា​ សុជាតិ​វង្ស​​​ អភិបាល​រាជ​ធានី​ភ្នំពេញ​ បាន​ស្តី​បន្ទោស​​អាជ្ញាធរ​មូល​ដ្ឋាន​ថា​ បាន​ធ្វើ​ឲ្យ​ពល​រដ្ឋ​បាត់​បង់​ជំនឿ​ចិត្ត​លើ​គណ​បក្ស​កាន់​អំណាច ​​ជា​ពិសេសលោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដោយ​បាន​ធ្វើ​ឲ្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាត់​បង់​ការ​គាំ​ទ្រ​យ៉ាង​ច្រើន​បំផុតចាប់​តាំង​​​ពី​ឆ្នាំ​១៩៩៨​មក​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ដែល​​ធ្វើ​ឡើង​អំឡុង​ខែ​កក្កដា​។ លោក​ ប៉ា​ សុជាតិ​វង្ស​ បាន​មាន​ប្រសា​សន៍​​ដោយ​ជំរុញ​ឲ្យ​មន្ត្រី​របស់​លោក​ខិត​ខំ​ធ្វើ​ការ​ឲ្យ​បាន​ខ្លាំងជាង​មុន​​​ និង​​ធ្វើ​ឲ្យ​កិច្ចការ​របស់​រដ្ឋាភិបាល​កាន់​តែ​មាន​​តម្លាភាព​​ថា “ ខ្ញុំ​ដឹង​ពី​អារម្មណ៍​របស់​មេ​ដឹក​នាំ​ ជា​ពិសេស​សម្តេច​ តេជោ ។ លោក​បាន​ខិតខំ​ធ្វើ​ការ​ដោយ​ហ៊ាន​ពលី​ជីវិត​របស់​លោក​ លោក​មិនដែល​ណែ​នាំ​ឲ្យ​យើង​ធ្វើ​អាក្រក់​ឬ​ប្រព្រឹត្ត​ខុស​ឡើយ​”។ លោក​ ប៉ា​ សុជាតិ​វង្ស​ បាន​គូស​បញ្ជាក់​ថា លោក​នាយ​ក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ជំរុញ​ឲ្យ​​លោក​ខិត​ខំ​ធ្វើ​ការ​ឲ្យ​បាន​ខ្លាំង​ជាង​មុន​និង​ប្រកប​ដោយ​ក្រម​សីលធម៌​ខ្ពស់​នៅ​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ដល់​ប្រជា​ជន​រស់​នៅ​ក្នុង​រាជ​ធានី​ ដើម្បី​ស្តារ​ការ​គាំ​ទ្រ​និង​កសាង​ទំនុក​ចិត្ត​ក្នុង​ចំណោម​ពល​រដ្ឋ​ដែលលោក​បាន​មាន​ប្រសាសន៍​ថា ​មិន​ពេញ​ចិត្ត​នឹ​ង​រដ្ឋា​ភិបាល​​សព្វ​ថ្ងៃ​។ លោក​ ប៉ា សុជាតិ​វង្ស​ បាន​រំឭក​ឡើង​វិញ​នូវការ​ណែ​នាំ​​ របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ដែល​បាន​ប្រើ​ឃ្លា​មួយ​ថា​“ ជួស​ជុល​​​​​ការ​ថ្នាំង​ថ្នាក់​របស់​ប្រជា​ជន​”។​ ដោយ​ប្រៀប​ធៀប​ការ​ធ្វើ​ខុស​របស់​មន្ត្រី​ទៅ​​​នឹង​រថយន្ត​​​ខុស​មួយ​គ្រឿង​ លោក​ ប៉ា​ សុជាតិ​វង្ស​ បាន​ដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ​កំណែ​ទម្រង់​​​មួយ​របស់​លោក​។ លោក​បាន​មាន​ប្រសាសន៍​ថា “  បានណែនាំ​ខ្ញុំ​ឲ្យ​ប្រាប់​មន្ត្រី​ឲ្យ​ខិតខំ​ធ្វើ​ការ​ឲ្យ​បាន​ខ្លាំង​ជាង​មុន​និង​ប្តូរ​អត្តចរិត​របស់​ខ្លួន​។ នៅពេល​យើង​ដឹង​ថា រថយន្ត​ខូច​ យើង​ត្រូវ​តែ​យក​វា​ចូល​យាន​ដ្ឋាន​ដើម្បី​ជួសជុល។យើងមាន​បេសកកម្ម​ពិសេស​​​ថ្មី​ដើម្បី​លុប​បំបាត់​ការ​ថ្នាំង​ថ្នាក់​ក្នុង​ចំណោម​ពល​រដ្ឋ​របស់​យើង”​។​ លោក​បាន​លើក​ឡើង​បន្ត​ថា ហេតុ​ដូច្នេះ​ហើយ​​​​ដាច់​ខាត​មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ឡើយ​ ត្រូវ​ទប់​ស្កាត់​សំណង់​ខុស​ច្បាប់​ ត្រូវ​កាត់​​បន្ថយ​ការ​គ្រោះ​ថ្នាក់​​​​ចរាចរណ៍​ហើយ​ត្រូវ​ចាត់​វិធានការ​ចំពោះ​បទ​ល្មើស​និង​បទ​ឧក្រិដ្ឋ​ដែល​កើត​ឡើងញឹក​ញាប់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ដូច​ជា​អំពើ​ប្លន់​ ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ និង​ការ​លេង​ល្បែង​ស៊ី​សង​ជាដើម​៕ ស៊ុយឈាង​

អភិបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​ដាក់ចេញ​នូវ​ចំណាត់ការ​ ដើម្បី​បិទ​ហាង​មានសកម្មភាព​ជក់បារី

លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​លើក​ឡើង ​កាលពី​ម្សិលមិញ​ថា លោកនឹង​បិទ​បារដែល​មានសកម្មភាព​ជក់​បារី  ​(បារស៊ីសា)ដែលមាន​អតិថិជនជក់​ថ្នាំ​ ដោយ​ប្រើខ្សៀ​តាម​របៀប​នៅ​ប្រទេស​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​ ដែល​បច្ចុប្បន្ន​នេះ​កំពុង​តែ​មាន​ភាពពេញ​និយម​នៅ​ទូទាំង​រាជធានី​ភ្នំពេញ។ ខណៈដែល​លោក​អភិបាលរាជធានី​បាន​កត់​សម្គាល់​ថា គ្មាន​អ្វី​ខុស​ច្បាប់​ទាក់ទង​នឹង​​ខ្សៀ​ ឬ​ថ្នាំ​ជក់​ លោក​បាន​ប្រាប់​ក្រុម​មន្ត្រី​ចំនួន​៤០០នាក់​នៅ​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​សាលា​រាជធានី​ភ្នំពេញថា ផលិតផលទាំងអស់​នេះ​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​រយៈ​ពេល​យូរ​ ដូច្នេះ​ហើយ លោកក៏ស្នើ​សុំការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​ ដើម្បី​បិទ​បារទាំង​នេះ។លោក​បាន​មាន​ប្រសាសន៍​ថា “ ថ្ងៃ​នេះ​ខ្ញុំ​នឹង​សរសេរ​លិខិត​ទៅ​រដ្ឋាភិបាល ​និង​សុំ​ឲ្យ​មាន​ការ​យល់​ព្រម​នឹង​សំណើ​នេះ​ដើម្បី​បិទ​ហាង​ដែលមាន​ការជក់​បារី​ទាំង​អស់​។ លោក​បានបន្ថែមថា ឆ្នាំ​មុន​ យុវជន​កាន់​តែ​ច្រើន​ឡើងៗបាន​​ជក់​ខ្សៀ​”។ លោក ប៉ា សុជាតិ​វង្ស បានមានប្រសាសន៍​បន្ថែម​ទៀត​ថា “ មិន​អាច​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​បារស៊ីសា​ទេ ព្រោះ​វា​មិន​ជា​ថ្នាំ​ញៀនទេ​​។ ប៉ុន្តែ យើង​ត្រូវ​តែ​បិទ​ហាង​ទាំង​នេះ ពីព្រោះ​​​ វា​មាន​ផល​អាក្រក់​ដល់​យុវជន​របស់​យើង”។ កាលពី​ឆ្នាំមុន​ បារស៊ីសាមាន​​ចំនួន​កាន់​តែ​ច្រើន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មាន​អតិ​ថិជន ម្ចាស់​ ដែល​បាននិយាយ​ថា​ ពីមុន​មាន​បារ​ស៊ីសា​ចំនួន​តិច​តួច​ប៉ុណ្ណោះ ប៉ុន្តែ ឥឡូវ​មាន​ប្រហែល​ជា​៣០​កន្លែង​នៅ​ទូទាំង​រាជ​ធានី។នៅ​ឯ​បារ Hookah Bar តាម​ផ្លូវ​លេខ​១១០​កាលពី​ម្សិលមិញ ម្ចាស់​បារ​ដែល​មាន​ឈ្មោះ​ហៅ​ក្រៅថា ដា បាន​និយាយ​ថា លោក​​បាន​ចំណាយ​​ប្រាក់​ច្រើន​ណាស់​ ដើម្បី​បង្កើត​បារ​ដែលចាប់​ផ្តើមបើក​ដំណើរការ​កាលពី​១០​ខែ​កន្លង​មក​នេះ​ មិន​មែន​ដើម្បី​ឃើញ​ឲ្យ​បិទ​​ទេ​។ លោក​បាន​សួរ​ថា “ ខ្ញុំ​បាន​ចំណាយ​ប្រាក់​ជាង​១០០.០០០​ដុល្លារ​នៅ​កន្លែង​នេះ ហើយ​​ខ្ញុំ​ធ្វើ​អ្វី​ៗ​ទៅ​តាម​ច្បាប់​ ដូច្នេះ តើ​ពួកគេ​​បិទ​ហាង​​របស់​ខ្ញុំ​ដូចម្តេច​ទៅ​?”។ បារ Hookah Bar ក៏​ដូចជា​ បា​រ​ស៊ីសា​បី​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​គេ​ចុះ​ទៅពិនិត្យ​កាល​ពី​ម្សិលមិញនោះ មាន​​ស្លាកប្រកាស​នៅ​ខាង​​ក្រៅថា សិស្ស​ ឬ​អ្នក​អាយុ​ក្រោម​អាយុ​ក្រោម​១៨​ឆ្នាំ​មិន​ត្រូវ​បាន​អនុញ្ញាតឲ្យចូល​​ក្នុង​បារ​នេះ​​ឡើយ​។ អ្នកស្រី​ ផុន សុខឃា អ្នក​គ្រប់គ្រងនៅ​បារ​ Harem ជាបារស៊ីសា ដែល​បង្កើត​ឡើង​យូ​រ​មក​ហើយ​នៅ​មាត់​ទន្លេ​បាន​ឲ្យ​ដឹង​ថា យុវជន​កាន់តែ​ចាប់​អារម្មណ៍​ខ្លាំង​ឡើង​ទៅលើការ​ជក់​ស៊ីសា ក៏​ប៉ុន្តែ ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​បារ​នេះ​ឡើយ​។ អ្នកស្រី​បាន​និយាយថា “ ក្នុង​ឆ្នាំ​២០១៣​មាន​អតិថិជន​កាន់​តែ​ច្រើន​ឡើងៗ​ចង់​ជក់​ស៊ីសា។ មាន​អតិថិជនសុទ្ធ​តែ​ក្មេង​ៗ​ ក៏​ប៉ុន្តែ​ប្រសិន​បើ​ពួកគេ​មើល​ទៅ​ដូច​ជា​សិស្ស​សា​លា​ ឬ​ស្លៀកពាក់​ឯកសណ្ឋាន​ ពួកគេ​មិន​អាច​ចូល​ក្នុង​បារ​បាន​ឡើយ”។​​ អ្នកស្រី​បាន​បន្ថែម​ថា បារ​ Harem មិន​បាន​ឆែក​ឆេរ​រក​​អត្ត​សញ្ញា​ណ​​ឡើយ​ប័ណ្ណ។ នៅ​បារ​ Hookah លោក ដា បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​សាលា​រាជធានី​ប៉ុន​ប៉ង​បិទ​បារ​របស់​លោក​ បារស៊ីសា​ នឹង​រួម​កម្លាំងគ្នា​ដើម្បី​ប្រឆាំង​ ​នឹង​រដ្ឋា​ភិបាល​។លោក​បាន​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​ពួកគេ​បិទ​បារ​របស់​ខ្ញុំ ខ្ញុំ​មិន​អាច​ឈប់​បាន​ឡើយ​។ ក៏​ប៉ុន្តែ មាន​បារស៊ីសា​ប្រហែល​ជា​៣០​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​នាពេល​នេះ ហើយ​យើងនឹង​រួម​គ្នា​បង្កើត​សហជីព​មួយ​ប្រឆាំង​នឹង​បទ​បញ្ជា​នេះ ពីព្រោះ​អ្វី​ៗ​ដែល​យើង​ធ្វើ​គឺ​ស្រប​ច្បាប់”។ ទោះ​បីជា​យ៉ាងណា យុវជន គង់ សុខន អាយុ​១៩ឆ្នាំ​ដែល​អង្គុយ​ជាមួយ​មិត្តភក្តិ​ពីរ​នាក់​ទៀត​នៅ​បារ​ Harem កាលពី​ម្សិលមិញ ទំនង​ជា​មិន​បារម្ភ​​ដោយ​សារ​ការ​គំរាម​របស់​លោក​អភិបាលនោះ​ទេ​​។ យុវជន​រូប​នេះ​បាន​និយាយ​ថា “ យើង​ឧស្សាហ៍​មក​ទីនេះ​ ក៏​ប៉ុន្តែ ប្រសិន​បើ​រដ្ឋាភិ​បាល​គិត​ថា វា​ជា​បញ្ហា​មួយ​ ហើយ​បិទ​បារ​នេះ វា​មិន​អាក្រក់​ពេក​ទេ។ ខ្ញុំ​អាច​ទៅ​ទិញ​អីវ៉ាន់​ឬដើរ​លេង​បាន។ វា​គ្រាន់​តែ​ជា​ទី​កន្លែង​មួយ​សម្រាប់កំសាន្ត​ចិត្ត​ប៉ុណ្ណោះ​” ៕ ​ប៊ុននី (រាយាការណ៍​បន្ថែម​ដោយ សេក ឧត្តម​)

ស្ថានទូត​វៀតណាម​លើក​ឡើង​ថា​ខ្លួន​កំពុង​តាមដាន​យ៉ា​ង​យក​ចិត្ត​ទុកដាក់​ចំពោះ​ករណី​ព្រួត​វាយ​សម្លាប់

កាល​ពី​ម្សិល​មិញ​ស្ថាន​ទូត​វៀត​ណាម​បាន​​​លើក​​ឡើង​ថា ខ្លួន​កំពុង​តែ​តាម​ដាន​យ៉ាង​យក​​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ស៊ើប​អង្កេត​លើ​ករណី​ព្រួត​វាយ​សម្លាប់​បុរស​​ជន​ជាតិ​វៀតណាម​ម្នាក់ឈ្មោះ​​ ង្វៀន វ៉ាន់​ជៀន កាល​ពី​ថ្ងៃ​សៅរ៍​ ហើយ​ឥឡូវ​នេះ​តំណាង​ស្ថានទូត​កំពុង​តែ​  ជួប​​ពិភាក្សា​​ជាមួយ​នគរ​បាល​កម្ពុជា​ដើម្បី​ឃ្លាំ​មើល​ការ​វិវឌ្ឍនៅ​ក្នុង​ការ​កំណត់​អត្ត សញ្ញាណ​ឃាតករ​។ លោក​ ត្រាន​ វ៉ាន់​ថុង​ អ្នកនាំ​ពាក្យ​ស្ថាន​ទូត​​​​វៀតណាម​បាន​មាន​ប្រសាសន៍​ថា​ “យើង​កំពុង​តែ​ជួប​ជាមួយ​មនុស្ស​នៅ​ក្នុ​ង​សហ​គមន៍​ដើម្បី​ស្វែង​រក​ឲ្យ​ឃើញ​មូលហេតុ​ពិត​។ ហើយ​ ​យើង​ក៏​កំពុង​ជួប​ពិភាក្សា​​ជាមួយ​នគរ​បាល​កម្ពុជា​ដែល​កំពុង​ស៊ើប​អង្កេត​ករណី​នេះ​ផង​ដែរ​”។ បុរស​ជន​ជាតិ​វៀត​ណាម​ ង្វៀន​ វ៉ាន់​ជៀន​ ហៅ​ ង៉ុក​ ត្រូវ​​មនុស្ស​ពោ​រពេញ​ដោយ​កំហឹង​មួយ​ក្រុម​ព្រួត​វាយ​សម្លាប់​ បន្ទាប់​ពី​មាន​គ្រោះ ​ថ្នាក់​ចរាចរណ៍​តូច​តាច​មួយ​​ នៅ​ក្នុង​ខណ្ឌមាន​ជ័យ​រាជធានី​ភ្នំពេញ​កាល​ពី​យប់​ថ្ងៃ​សៅរ៍។ ការ​ព្រួត​វាយ​នេះត្រូវ​បាន​គេ​ជឿ​ជាក់​ថា បាន​​កើត​ឡើង​នៅ​ពេល​បុរស​ម្នាក់​ដែល​​ឈរ​ក្បែរ​ជម្លោះ​រវាង​ជន​ជាតិ​វៀត​ណាម​​​​​មួយ​ក្រុម​ដែល​បាន​នាំ​គ្នា​មក​ជួយ​អន្តរាគមន៍​នៅ​ក្នុង​គ្រោះ​ថ្នាក់ចរាចរណ៍​ និង​ជន​ជាតិ​ខ្មែរ​មួយ​ក្រុម​ដែល​រស់​នៅ​ក្នុង​តំបន់​នោះ​បាន​ស្រែក​ថា “យួន​វ៉ៃខ្មែរ​” ។ លោក​ វ៉ាន់​ថុង​ ឲ្យ​ដឹង​ថា ស្ថាន​ទូត​វៀត​ណាម​ថ្កោ​ល​ទោស​ចំពោះ​ការ​រើស​អើង​ពូជ​សាសន៍​និង​ការ​ប្រើ​អំពើ​ហិង្សា​ ហើយ​ទាម​ទារ​ឲ្យ​ការ​ស៊ើប​អង្កេត​ហ្មត់​ចត់​មួយ​ ដើម្បី​ស្វែង​រក​ជន​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​របស់ជន​រង​គ្រោះ​ឈ្មោះ ង្វៀន​ វ៉ាន់​ជៀន នេះ​​។ សាក្សី​បាន​ឲ្យ​ដឹងថា​ ក្រុម​មនុស្ស​ដែល​​នាំ​គ្នា​ព្រួត​វាយ​ជន​រង​គ្រោះ​មាន​គ្នា​ប្រហែល​២០នាក់​។ លោក វ៉ាន់ថុង​ បាន​មានប្រសាសន៍​ថា  “ មិន​អាច​បណ្តោយ​ឲ្យ​អំពើ​ហិង្សា​បែប​នេះកើត​ឡើង​ម្តង​ទៀត​ឡើយ​​។ នគរបាល​កម្ពុជា​ត្រូវ​តែ​ស្វែង​រក​ជន​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ករណី​នេះ​”។ កាល​ពី​ម្សិល​មិញ​ គណបក្ស​ប្រជា​ជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​បាន​លើក​ឡើង​​ថា​ គួរ​តែ​បន្ទោស​គណបក្ស​សង្គ្រោះ​ជាតិ​ចំពោះ​ការ​ស្លាប់នេះ​ ព្រោះ​ជា​ញឹក​ញាប់​​​គណ​បក្ស​នេះ​តែង​​​​​តែ​ប្រើ​វោហាសាសន៍​ប្រឆាំង​វៀត​ណាម​​។ នៅ​ពេល​សាក​​សួរ​កាល​ពី​ម្សិលមិញ​ថា​ តើ​គួរ​តែ​មាន​ភាគី​ទី​៣ណាមួយ​ត្រូវ​ស្តី​បន្ទោស​ចំពោះ​ការ​ស្លាប់​នេះ​ដែរ​ឬ​ទេ លោក​​ វ៉ាន់​ថុង​ បាន​ឆ្លើយ​តាម​លក្ខណៈ​ការទូត​។ លោក​បាន​មាន​ប្រសាសន៍​ថា “មាន​ក្រុម​ជ្រុល​និយម​មួយ​ក្រុម ​ហើយ​ពលរដ្ឋ​ខ្មែរ​ដឹង​ហើយ​ថា​ក្រុម​នោះ​គឺ​ជា​នរណា​។ ខ្ញុំ​មិន​ចាំ​បាច់​និយាយ​ឲ្យ​ចំឈ្មោះ​ក្រុម​នយោបាយ​ទាំង​នោះ​ឡើយ​”។ លោក វ៉ុន​ ចាន់​វុត្ថា ​អាយុ​៥០​ឆ្នាំ​ដែល​គេ​​និយាយថា ​ជា​អ្នក​ញុះ​ញង់​​ឲ្យ​​មាន​ការ​សម្លាប់​យ៉ាង​ព្រៃ​ផ្សៃ​លើ​ជន​រង​គ្រោះ​ជន​ជាតិ​វៀត​ណាម​ ង្វៀន​ វ៉ាន់​ជៀន​ ដែល​កើត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ គឺ​ជា​បុរស​តែ​ម្នាក់គត់​ដែល​ត្រូវ​ចោទ​ប្រកាន់​ចំពោះ​ហេតុការណ៍​នេះ​ ហើយ​ត្រូវ​បាន​​​​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​ហើយ​។ លោក​ គង់​ សាម៉ន​ នាយ​នគរបាល​ព្រហ្ម​ទណ្ឌ​ខណ្ឌ​មាន​ជ័យ​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញថា ឥឡូវ​នេះមាន​សាក្សី​ចំនួន​ប្រាំ​នាក់​ហើយ​ដែល​ឃើញ​ហេតុ​ការ​ណ៍​ព្រួត​វា​យ​សម្លាប់​នេះ​ ប៉ុន្តែ​ពួកគេ​បាន​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​បន្ថែម​ឡើយ​៕ ស៊ុយ​ឈាង (រាយការណ៍បន្ថែម​ដោយ អ៊ាង​ ម៉េងឡេង)

អភិបាល​រាជធានី​ភ្នំពេញ​ប្រាប់​មន្ត្រី​ចុះ​​​ត្រួត​ពិនិត្យ​ផ្សារ​ទាំង​ឡាយ​តាម​បញ្ជា​របស់​លោក​ ហ៊ុន​ សែន

ដើម្បី​អនុវត្ត​តាម​បញ្ជា​ផ្ទាល់​ពី​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន លោក បា៉ា​ សុជាតិ​វង្ស អភិ​បាល​​​​​រាជធានី​ភ្នំពេញ បាន​អំពាវ​នាវ​ឲ្យ​មន្ត្រី​ក្រុង​ចុះ​ពិនិត្យ​ក្រុម​ហ៊ុន​នានា​ឲ្យ​បាន​តឹង​រឹង​ ពោល​គឺ ក្រុម​ហ៊ុន​ដែល​ប្រមូល​សេវា​ប្រចាំ​ថ្ងៃ​ពី​អាជីវករ​នៅ​តាម​ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ។ លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ​តាម​រយៈសុន្ទរកថា របស់​គាត់​កាលពី​ថ្ងៃ​ច័ន្ទ ហើយ​លោក​បាន​ត្អួញ​ត្អែរ​ថា អាជីវករ​បាន​បន្ទោស​លោក​ដោយ​សារតែ​អ្នក​ប្រមូល​ថ្លៃ​សេវា ចាប់​ផ្តើម​ប្រមូល​ប្រាក់​ពីពួក​គាត់​ជា​រៀង​រាល់​ព្រឹក​ មិន​មែន​ពេល​រសៀល​​​ដែល​ជា​ពេល​ពួកគាត់​មាន​ពេល​រក​ប្រាក់​ចំណូល​​​បាន​ទេ​។ ភ្លាម​ៗក្រោយ​មក​ លោក បា៉ សុជាតិ​វង្ស​ ក៏​​បាន​ចាប់​ផ្តើម​ធ្វើសកម្មភាព​កាលពី​ម្សិល​មិញ។ លោក​បាន​ប្រាប់​មន្ត្រី​នានា​ថា ​ក្រុម​ហ៊ុន​ ដែល​ភាគ​ច្រើន​ជា​ក្រុម​ហ៊ុន​ឯក​ជន​នោះ​ក៏​កំពុង​តែ​យក​ថ្លៃ​សេវា​ហួស​កំណត់​ពី​អាជីវករ​ផ​ង​ដែរ។ លោក​បាន​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​ក្រុម​ហ៊ុន​ណា​យក​ថ្លៃ​សេវា​ច្រើន​ជាង​ចំនួន​កំណត់​  កិច្ច​​សន្យា​របស់​ក្រុម​ហ៊ុន​ទំាង​នោះ​ត្រូវ​បាន​លុប​ចោល​”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ​​​“ខ្ញុំ​មិន​ខ្លាច​រក​ក្រុម​ហ៊ុន​ថ្មី​ទេ​ ពីព្រោះ​ប្រសិន​​ជា​យើង​មិន​គិត​គូរ​បញ្ហា​នេះ​ នោះ​ប្រជាជន​របស់​យើង​នឹង​ជួប​ការ​លំបាក​កាន់​តែ​ខ្លាំង​ៗឡើង”។ លោក​បាន​លើក​ឡើង​ថា ប្រធាន​ផ្សារ​ត្រូវ​ស៊ើប​អង្កេត​ករណី​ចោទ​ប្រកាន់​ធ្វើឡើ​ង​ជាដំបូង​ដោយ​លោក ហ៊ុន សែន។ លើស​ពី​នេះ​ទៅ​ទៀត​ មន្ត្រី​សាលា​រាជ​ធានី​​​ភ្នំពេញ​ក៏​ត្រូវ​ចាប់​ផ្តើម​ស៊ើប​អង្កេត​តាម​ផ្សារ​នានា​ ហើយ​ក្នុង​ករណី​ចាំ​បាច់​ត្រូវ​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​ក្រុម​ហ៊ុន​ដែល​មិន​អនុវត្ត​តាម​។ កាលពី​រសៀល​ម្សិលមិញ លោក គៀង លក្ខណ៍ ប្រធាន​ផ្សារ​អូរឫស្សី​ ខណ្ឌ​៧មករា បាន​លើក​ឡើង​​ថា លោក​បានចាប់​ផ្តើម​ស៊ើប​អង្កេត​ក្រុម​​ហ៊ុន​ឯក​ជន​ដែល​គ្រប់​គ្រង​ថ្លៃ​សេវា​ជួល​តូប​ និង​ចត​យាន​ជំនិះ​នៅ​ផ្សារ​របស់​​លោក​រួច​ហើយ​។ លោក លក្ខ បាន​ឲ្យ​ដឹង​ថា អ្នក​រត់​មូ៉តូ​ឌុប​ម្នាក់​ត្រូវ​បាន​គេ​គិត​ថ្លៃសេវា​១០០រៀល​សម្រាប់​ការ​​ចត​ម៉ូតូ​នៅ​ផ្សារ​ ខណៈដែល​ថ្លៃ​សេវា​ស្រប​​ច្បាប់​មាន​ត្រឹម​តែ​៥០០​រៀល​ប៉ុណ្ណោះ។ ក្រុម​ហ៊ុន​ដដែល​ ដែល​បានគិត​ថ្លៃ​សេវា​លើ​ស​កំណត់​លើ​អ្នក​រត់​ម៉ូតូ​ឌុប​នោះ​ក៏​បាន​គិតថ្លៃ​សេវា​លើស​កំណត់ លើ​អាជីវករ​ផង​ដែរ​  នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​ លក្ខ​ណ៍។ លោក​បាន​បន្ថែម​ទៀត​ថា អ្នកច​ុះ​កិច្ច​សន្យា​បន្ត​ដែល​គិត​អ្នក​បើក​បរ​ម៉ូតូ​ក្នុង​ថ្លៃ​សេវា​ហួស​កំណត់​៥០០​រៀល​ ឬ​ក៏​ប្រហែល​​​០,១២ដុល្លារ​ ត្រូវ​បាន​ដាក់​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន​៤២០.០០០​រៀល ឬក៏​ប្រហែល១០៥​ដុល្លារ​ ពី​បទ​រំលោភ​​លើ​បទ​បញ្ញត្តិរបស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវិត្ថុ​។ លោក លក្ខ បាន​មាន​ប្រសាសន៍​ថា “ ការ​ប្រមូល​ថ្លៃ​សេវា​ពី​អាជីវករ​គឺ​ជា​បញ្ហា​ដ៏​ធំមួយ​”។ លោក​បាន​ធ្វើការ​កត់​សម្គាល់​ផង​ដែរ​ថា​ អាជីវករ​ប្រហែល​ជា​ត្រូវ​បង់​ប្រាក់​បន្ថែម​ ប្រសិន​បើ​ពួកគាត់​ពេញ​ចិត្ត​សេវា​របស់​ក្រុម​ហ៊ុន​នោះ​ ក៏​ប៉ុន្តែ ពួកគាត់​មិន​បាន​បង្ខំ​ឲ្យ​ធ្វើ​ដូច្នេះ​ទេ។ លោកក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ថ្លៃ​សេវា​ប្រចាំ​ថ្ងៃ ដូចជា​សេវា​ថ្លៃ​សំរាម​​​អាស្រ័យ​​​​​ទំហំ​តូប​អាជីវករ​។ កាលពី​ម្សិលមិញ លោក ប៉ា សុជាតិ​វង្្ស​ក៏​បាន​លើកឡើង​អំពី​ការ​បង្កើត​ខណ្ឌ​បី​ទៀត​ គឺ ខណ្ឌ​ជ្រោយ​ចង្វា ច្បារ​អំពៅ និង​ខណ្ឌ​ព្រែក​ព្នៅ ដែល​មាន​មន្ត្រី​ជិត​១០០នាក់​មក​ពី​ស្ថាប័ន​​ផ្សេង​ៗ​ក្រៅ​ពី​សាលា​រាជធានី​ភ្នំពេញ​បាន​អនុវត្ត​ការងារ​ជា​អភិបាល​ និង​អភិបាល​រង​។ ក​បាន​មាន​ប្រសាសន៍​ថា “ក៏​ប៉ុន្តែ ខ្ញុំ​មិន​យល់​ស្រប​ជាមួយ​គេ​ទេ ពី​ព្រោះ​ខ្ញុំ​ចង់​បាន​អតីត​មន្ត្រី​សាលារាជធានី​មិន​មែន​អ្នក​ខាង​ក្រៅ​ទេ”៕ សុធា

សាលា​រាជ​ធានី​ភ្នំពេញ​នឹង​ពង្រីក​សេវា​រថយន្ត​ក្រុង​សាធារណៈ​ចំនួន​ពីរ​ខ្សែ​បន្ថែ​ម​ទៀត​ក្នុង​ពេល​ឆាប់ៗ​

លោក​ ប៉ា សុជាតិ​វង្ស បាន​ឲ្យដឹង​កាល​ពី​ម្សិល​មិញ​ថា សាលា​រាជ​ធានី​ភ្នំពេញ​មាន​គម្រោង​ពង្រីក​​​សេវា​រថយន្ត​ក្រុង​សាធារណៈ​បន្ទាប់​ពី​អ្នក​ដំណើរ​ជាង​២០.០០០​នាក់​បាន​ប្រើ​ប្រាស់​សេវា​រថយន្ត​ក្រុង​សាធារណៈ​នេះ​ដែល​រត់​នៅ​តាម​មហា​វិថី​ព្រះ​មុនីវង្ស​អំឡុង​ពីរ​សប្តាហ៍​ដំបូង​នៃ​រយៈ​ពេល​សាក​ល្បង​ចំនួន​មួយ​ខែ​។ ដោយ​ថ្លែង​ទៅ​កាន់​មន្ត្រី​សាលា​រាជ​ធានី​ប្រហែល​៥០​នាក់​ទាក់​ទិន​នឹង​គម្រោង​ធ្វើ​ឲ្យ​ស ណ្តាប់​ធ្នាប់​ក្នុង​រា​ជធានី​បាន​ប្រសើរ​ឡើង លោក​ ប៉ា​ សុជាតិ​វង្ស​ បាន​លើក​ឡើង​ថា ការ​ទទួល​យក​របស់​សាធារណជន​ចំពោះការ​សាក​ល្បង​នៃ​សេវា​រថយន្ត​ក្រុង​សាធារណៈ​នេះ​ គឺ​ជាភ័ស្តុតាង​មួយ​បង្ហាញ​ថា ពលរដ្ឋ​ចង់​ឲ្យ​មាន​ការ​ពង្រីក​​សេវា​នេះ​នៅ​ទូទាំង​រាជ​ធានី​ ហើយ​លោក​នឹង​ពង្រីក​សេវា​រថយន្ត​ក្រុង​ពីរ​បន្ថែម​ទៀត​ ដែល​រត់​នៅ​មហា​វិថី​ម៉ៅសេទុង​ ​និង​មហាវិថី​កម្ពុជាក្រោម​ក្នុង​ពេល​ឆាប់ៗ​។ លោក​បាន​ប្រសាសន៍​ថា “យើង​នឹង​នាំ​ចូល​រថយន្ត​ក្រុង​ថ្មីៗ​ដើម្បី​យកមក​​ប្រើ​ប្រាស់​សម្រាប់​សេវា​រថយន្ត​ក្រុង​នេះ ​ហើយ​យើង​នឹង​ធ្វើ​វា​ឲ្យ​បាន​ឆាប់​ដូច​ជា​​ប្រទេស​ដទៃ​ៗ​ទៀត ដោយ​ចាប់​ផ្តើម​ពី​ពេល​ឥឡូវ​នេះ​ទៅ​”។ តែ​ទោះ​ជា​យ៉ាង​ណា​ ក៏​ត្រូវ​តែ​មានការ​សិក្សា​​​​រួម​គ្នា​ស្តី​ពី​លទ្ធភាព​នៃ​ការ​ពង្រីក​សេវា​រថយន្ត​ក្រុង​សាធារណៈ​បន្ថែមនេះ ជាមួយ​ទី​ភ្នាក់​ងារ​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA)​ ដែល​បាន​អនុវត្ត​ការសាក​ល្បង​ក្នុង​ពេល​សព្វ​ថ្ងៃ​និង​ដែល​បាន​ជួយ​បង្កើត​ប្រព័ន្ធ​ដឹក​​​ជញ្ជូន​សាធារណៈ​នៅ​ទី​ក្រុង​ភ្នំពេញ​សម្រាប​​​​់​​​​​​​រយៈពេល​១៥​កន្លង​ទៅ​នេះ​ផង​ដែរ​ ។ លោក​ បា៉ សុជាតិ​វង្ស មាន​ប្រសាសន៍​ថា​សាលា​រាជ​ធានី​កំពុង​តែ​ពិចារណា​អំពី​ការ​ចេញ​ប័ណ្ណ​បញ្ចុះ​តម្លៃ​សម្រាប់​សិស្សា​នុ​សិស្ស​ដែល​ពេញ​ចិត្ត​យ៉ាង​ខ្លាំ​ចំពោះ​ការ​សាកល្បង​សេវា​រថយន្ត​សាធារណៈនេះ៕​ស៊ុយ​ឈាង

គ្រូបង្រៀន​​​ចង់​បាន​សេចក្តី​ថ្លៃ​ថ្នូរ​​​ ប្រសិន​បើ​​​​ទទួល​បាន​​​​ប្រាក់​ខែ​គ្រប់​គ្រាន់​​ពី​រាជរដ្ឋាភិបាល

លោកគ្រូ​ ហង្ស ម៉ៅ ស្ថិ​ត​ក្នុង​ចំណោម​គ្រូបង្រៀន​​ជាង​១១.០០០នាក់​​នៅ​ក្នុង​ទីក្រុ​ង​​ភ្នំពេញ​ដែល​ត្រូវ​បាន​​ប្រាប់​​កាលពី​​​​ពី​រ​សប្តាហ៍​មុន​ថា ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ ក្នុង​ថ្នាក់​រៀន​នឹង​មិន​អត់​ឱន​ឲ្យទៀត​ទេ​។ សារនេះ​ចេញ​មក​ពី​មន្ត្រី​ក្រុង​ជាន់​ខ្ពស់​​រួម​ទាំង​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជ​ធានី​ភ្នំពេញ និង​លោក ជា ជាតិ ប្រធាន​មន្ទីរ​​​​អប់​រំ​រាជ​ធានីដែល​បាន​ថ្លែង​បែ​បនេះ​នៅ​ឯ​សន្និបាត​​​ប្រចាំឆ្នាំ​ស្តី​​ពីការ​អប់​រំ​។ លោកគ្រូ ហង្ស ម៉ៅ​ អាយុ​៤៤ឆ្នាំ​ជាគ្រូ​បង្រៀន​នៅ​សាលា​បឋ​ម​សិក្សា​​មួយ​នៅ​ក្នុង​ខណ្ឌ​ចំការ​មន ​​បាន​​​មាន​ប្រសាសន៍​ថា ការ​និយាយ​តែ​មាត់​នឹង​មិន​អាច​​លុប​បំបាត់​អំពើ​ពុក​រលួយ​ពី​សាលា​រៀន​នៅ​ក្នុង​ទីក្រុង​ដែល​គ្រូ​បង្រៀន​មាន​ប្រាក់​ខែ​ប្រហែល​១០០ ដុល្លារ​នោះ​បាន​ទេ​។ លោកនិយាយ​​​ថា “ប្រាក់​ខែ​គ្រូ​បង្រៀន​តិច​ណាស់​។ ដូច្នេះ​ខ្ញុំ​ត្រូ​វ​តែ​យក​លុយ​ ពី​សិស្ស​ដើម្បី​ផ្គត់​ផ្គង់​ប្រាក់​ចំណូល​របស់​ខ្ញុំ​”។ លោក​គ្រូ​បាន​បន្ថែម​ថា “សូម្បី​ព្រះ​សង្ឃ​​ក៏​មិន​អាច​ធ្វើ​សម្មា​ធិ​ដោយ​គ្មាន​ចង្ហាន់​បាន​ដែរ​។​ថ្នាក់​ដឹកនាំ​នៅក្នុង​វិស័យ​អប់​រំ​ដឹង​រឿ​ង​នេះ​ច្បាស់​ណាស់”។ លោក​ ម៉ៅ បាន​​មានប្រសាសន៍​ទៀត​ថា “ពួក​គេ​​មិន​អាច​​ធ្វើ​ឲ្យគ្រូ​បង្រៀន​កាន់​តែលំបាក​បាន​ទេ​ បើមិន​ដូច្នោះ​ទេ​នឹង​គ្មាន​គ្រូ​បង្រៀន​នៅក្នុងថ្នាក់​រៀនទៀត​ឡើយ​។​ពួក​គេ​នឹង​ចេញ​ទៅ​រត់​ម៉ូតូ​ឌុប​​អស់​”។ ប្រាក់​ខែ​តិច​តួច​​របស់​គ្រូ​បង្រៀន​ដែល​ជិត​ស្នើ​នឹង​ប្រាក់​ខែកម្មករ​រោង​ចក្រ​កាត់ដេរ​នោះ​ ត្រូវ​បាន​បង្ហញ​ឲ្យ​ឃើញ​នៅ​ពេល​ថ្មី​ៗ​នេះដោយ​ការ​ធ្វើ​កូដកម្ម​របស់​គ្រូបង្រៀន​កាល​ពីខែ​មករា​ដែល​រៀបចំ​ឡើង​ដោយ​​សមាគម​គ្រូបង្រៀនកម្ពុជា​ឯករាជ្យ​។ អាជ្ញាធរ​គំរាម​ដក​អាជ្ញាប័ណ្ណ​​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ ប្រសិន​បើ​កូដកម្ម​នៅ​តែ​បន្ត​ធ្វើ​ទៀត​នោះ​ ប៉ុន្តែ រដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​ខែ​គ្រូ​បង្រៀន​២០​ដុល្លារ​ក្នុង​មួយ​ខែ​ចាប់​តាំង​ពីពេល​នោះមក​​។ លោកគ្រូ ចាន់​ សុធី​ នាយក​សាលា​បឋម​សិក្សានរក្ស​ នៅក្នុង​សង្កាត់​កោះដាច់​ ខណ្ឌ​ប្ញស្សីកែវ​បាន​មាន​ប្រសាសន៍ថា គ្រូបង្រៀន​ត្រូវបាន​រិះគន់​ដោយមិន​ត្រឹម​ត្រូវ​ចំពោះ​ការ​ទារលុយ​ក្រៅផ្លូវ​ការ​ពីសិស្ស ដើម្បី​ផ្គត់​ផ្គង់​ប្រាក់ខែ​របស់ខ្លួន​។ លោកគ្រូ សុធី បានមាន​ប្រសាសន៍ថា “ប្រសិន​បើ​មាន​ប្រាក់​ខែ​គ្រប់​គ្រាន់​ ពួក​​គាត់​​នឹង​ធ្វើ​ការ​ដោយ​​សេចក្តី​ថ្លៃ​ថ្នូរ​ និង​កិត្តិយស​។ រដ្ឋាភិបាល​បានគិត​អំពី​រឿង​នេះ​ និង​បាន​ដំឡើង​ប្រាក់​ខែ​ឲ្យ​យើង​បន្ថែម​ទៀត​ ប៉ុន្តែ វា​នៅមិន​ទាន់​គ្រប់​គ្រាន់​ទេ​”។ អ្នកគ្រូ​ រស់ ទិត្យម៉ាល័យ ​អាយុ​៥៧​ឆ្នាំ​បាន​ចាប់​ផ្តើម​បង្រៀន​នៅ​សាលា​បឋម​សិក្សា​បឹង​ត្របែក​ខាង​ត្បូង​នៅ​ក្នុង​ខណ្ឌ​ចំការ​មន​ក្រុង​ភ្នំពេញ បន្ទាប់​ពីការ​ដួល​រលំ​របប​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៨១។ អ្នក​គ្រូ​បាន​មាន​​ប្រសាសន៍​ថា ប្រាក់​ខែ​អ្នក​គ្រូ​នៅពេល​នោះ​មាន​ចំនួន​៨៥រៀល​ក្នុង​មួយខែ​ល្មម​ផ្គត់​ផ្គង់​គ្រួសារ​​ដែលមាន​សមាជិក​ប្រាំនាក់​បាន​។ ឥឡូវ​នេះ​អ្នក​គ្រូ​ប្រមូល​លុយ​ពី​សិស្ស​ចន្លោះ​ពី​៥០០ទៅ​១.០០០រៀល​ក្នុង​មួយ​ថ្ងៃ​ដើម្បី​បន្ថែម​លើ​ប្រាក់​​៣២០.០០០​រៀល​។ អ្នក​គ្រូ​ ទិត្យ​ម៉ាល័យ បាន​មាន​ប្រសាសន៍​ថា សហការី​របស់​អ្នកគ្រូ​ម្នាក់​បាន​ចេញ​ពី​សាលា​ទៅ​រត់​រ៉ឺម៉ក​​ម៉ូតូ​កង់​បី​ដើម្បី​រក​លុយ​បន្ថែម​បន្ទាប់ពី​គ្រួសារ​របស់គាត់​មិន​អាច​សន្សំ​លុយ​ទិញ​រ៉ឺម៉ក​ថ្មីបាន​។ នៅពេល​ដែល​អតិផរណា​បាន​បន្ត​កើន​ឡើង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រាក់​ខែ​គ្រូបង្រៀន​នោះ រដ្ឋាភិបាល​ប៉ុនប៉ង​មិន​បាន​សម្រេច​ជា​ច្រើន​​លើក​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះដើម្បីទប់ស្កាត់​ការ​ទារលុយ​ពី​សិស្ស​នៅក្នុង​ថ្នាក់​រៀន​។ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​មួយ​កាល​ពីឆ្នាំ​២០០៨​ជំរុញ​ឲ្យ​អនុវត្ត​មាត្រា​៣១​នៃច្បាប់​ស្តីពីការ​អប់​រំ​ដែល​រដ្ឋសភា​បាន​អនុម័តកាល​ពីឆ្នាំ​២០០៧​ ដែល​ចែង​ថា “ប្រជាពល​រដ្ឋគ្រប់​រូប​មាន​សិទ្ធិ​ទទួល​ការ​អប់​រំ​ប្រកប​ដោយ​គុណភាព​​ដោយ​​ឥតគិតថ្លៃ​យ៉ាង​ហោច​ណាស់​ប្រាំបួន​ឆ្នាំ​នៅ​តាម​សាលា​រដ្ឋ​”។ កាល​ពីខែ​ធ្នូ​ឆ្នាំ​២០០៩​ គ្រូបង្រៀន​​បួន​​នាក់​នៅ​វិទ្យាល័យ​បាក់​ទូក​ក្នុង​ក្រុង​ភ្នំពេញ​ត្រូវ​បាន​ព្យួ​រការងារ​បណ្តោះ​អាសន្នចំពោះ​ការ​ចោទ​ថា បាន​ទារ​លុយ​ពីសិស្ស​របស់​ខ្លួន​​លើស​វិន័យ​ដែល​សាលា​បាន​កំណត់​។ នាយក​សាលា​នោះ​បាន​ចោទ​គ្រូបង្រៀន​​ទាំង​បួន​នាក់​ថា បាន​យកលុយ​ពីសិស្ស​​ម្នាក់​១.០០០ រៀល​ក្នុង​មួយថ្ងៃ​ បន្ទាប់​ពីលោក​បាន​ប្រាប់​គ្រូបង្រៀន​​ជាច្រើន​ដង​មិន​ឲ្យ​យក​លុយ​លើសពី​៥០០រៀល​ក្នុង​សិស្ស​ម្នាក់​។ហើ​យ​ថ្វី​បើ​​មានការ​ខំប្រឹង​ប្រែង​នៅពេល​ថ្មី​ៗ​នេះ​ពី​អាជ្ញាធរក្រុង​ដើម្បី​លុប​បំបាត់​ការ​ទារ​លុយ​ពី​សិស្ស​ក៏ដោយ​ ក៏គ្មាន​សញ្ញា​ណាមួយ​បង្ហាញ​ថា ការ​អនុវត្ត​បែប​នេះមាន​ការ​ប្រែ​ប្រួល​ដែរ​ក្នុង​រយៈពេល​មួយសប្តាហ៍​មក​នេះ​។ ​ពេល​រង់​ចាំទទួល​កូន​អាយុ​១៣​ឆ្នាំ​របស់​គាត់​នៅ​សាលា​អនុវិទ្យាល័យ​ចតុមុខ​ លោក មាង​ ទុង អាយុ​៥១​ឆ្នាំ​ជាមន្ត្រី​​នគរបាលជាតិ​បាន​មាន​ប្រសាសន៍ថា គ្រួសារ​របស់​លោក​បង់​លុយ​ប្រហែល​២០ដុល្លារ​ក្នុង​មួយ​ខែ​ទៅ​ឲ្យ​គ្រូបង្រៀន​សម្រាប់​​រៀន​គួ​ក្រៅម៉ោង​ជា​ការ​​អនុវត្ត​ជាទូទៅ​របស់​គ្រូបង្រៀន​​ដើម្បី​រក​ប្រាក់​ចំណូល​​បន្ថែម​។ លោក ទុង បានមាន​ប្រសាសន៍ថា “ខ្ញុំ​ធុញ​ទ្រាន់​នឹង​ការ​បង់​លុយ​​បែបនេះ​។ ប៉ុន្តែ យើង​អាណិត​គ្រូបង្រៀន​​ពីព្រោះ​ប្រាក់​ខែ​ពួកគាត់​តិចណាស់​។ យើង​មិន​អាច​បន្ទោស​ពួក​គាត់​បាន​ទេ​”។ លោក រ៉ុង​ ឈុន ប្រធាន​សមាគម​គ្រូ​​បង្រៀន​កម្ពុជា​ឯករាជ្យ​បានមាន​ប្រសាសន៍​ថា ប្រសិនបើ​រដ្ឋាភិបាល​ពិតជា​ចង់​ផ្លាស់​ប្តូរ​វប្បធម៌​អំពើ​ពុក​រលួយ​នៅក្នុង​ថ្នាក់​រៀន​មែន​នោះ​ គ្រូបង្រៀន​​ត្រូវមាន​ប្រាក់​ខែ​យ៉ាង​តិច​១​លានរៀល​។លោក​បាន​មាន​ប្រសាសន៍​ថា ​“ប្រាក់​ចំណូល​ពី​ធនធាន​ធម្មជាតិ​មិន​យក​មក​ប្រើ​​ប្រាស់​ដើម្បីបើក​ប្រាក់​ខែ​ឲ្យ​គ្រូ​បង្រៀន​​ និង​មន្ត្រី​តូច​តាច​ទេ​។ផ្ទុយ​ទៅវិញ​ធនធាន​ធម្មជាតិ​ជា​កម្មសិទ្ធិ​ផ្តាច់មុខ​សម្រាប់​តែ​អ្នក​​​មាន​អំណាច​មួយក្តាប់​តូច​”។ អ្នកគ្រូ ទិត្យ​ម៉ាល័យ បានមាន​ប្រសាសន៍​អំពី​ការ​ដែល​រដ្ឋាភិបាល​មិន​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​បាន​ទៅដល់​គ្រូ​បង្រៀន​ថា “សេដ្ឋ​កិច្ច​កំពុង​អភិវឌ្ឍទៅមុខ​ ប៉ុន្តែ យើង​មិន​​រីក​ចម្រើន​ទៅមុខ​ទេ​”។ លោក នា សុផាន ប្រធាន​នាយក​ដ្ឋាន​​បុគ្គលិក​​នៃក្រសួ​ងអប់​រំ​បាន​មាន​ប្រសាសន៍​ថា កាល​ពីឆ្នាំមុន​ប្រាក់​ខែ​​របស់​គ្រូ​បង្រៀន​ចំនួន​១១២.៧០៤​នាក់​នៅ​ទូ​ទាំ​ង​ប្រទេស​មាន​​ចំនួន​ស្មើនឹង​​​៧០​ភាគរយ​នៃ​ថវិកាអប់រំ​។ លោក សុផាន បានមាន​ប្រសាសន៍ថា នៅ​ខែ​មករា​ ឆ្នាំ​២០១៤​គ្រូ​បង្រៀន​ភាគ​ច្រើន​​ទទួល​បាន​ប្រាក់​ខែ​​​យ៉ាង​ហោច​ណាស់​៤៨០.០០០រៀល​ បន្ទាប់ពី​រដ្ឋាភិបាល​បាន​សម្រេច​កាល​ពីខែ​មុន​​ដំឡើង​ប្រាក់​ខែ​ឲ្យ​គ្រូ​បង្រៀន​។ ថវិកា​សម្រាប់​ឆ្នាំ​២០១៤ដែល​​ត្រូវ​បាន​លៃទុក​សម្រាប់​ក្រសួង​អប់​រំ​​គឺ​លើល​ឆ្នាំ​២០១៣​ចំនួន​២០ភាគ​រយ​​។ លោក​ សុផាន បានមាន​ប្រសាសន៍ថា “ខ្ញុំ​​សង្ឃឹមថា ពីមួយឆ្នាំ​ទៅ​មួយឆ្នាំ​និង​ផ្អែក​តាម​ស្ថានភាពជាក់ស្តែង​ រដ្ឋាភិបាល​នឹង​ដំឡើង​ប្រាក់​ខែ​គ្រូបង្រៀន​ដើម្បីលើក​ទឹក​ចិត្ត​ឲ្យ​​ពួក​គាត់​បង្រៀន​”។ លោក​បាន​ទទួល​ស្គាល់​ថា ប្រាក់ខែ​គ្រូបង្រៀន​តិច​ធ្វើ​ឲ្យមាន​ការ​ពិបាក​លុប​បំបាត់​ការ​ទារលុយ​ពីសិស្ស​​។​ លោ​​ក​បានមាន​ប្រសាសន៍ថា “អ្វី​ៗ​ទាំង​អស់​អាស្រ័យលើការ​ប្តេជ្ញា។ គ្រូបង្រៀន​​ភាគ​​ច្រើន​បំពេញ​តួនាទី​បាន​ល្អ​ណាស់​រីឯគ្រូ​បង្រៀន​មួយចំនួន​តូច​នៅ​តែ​ទារ​លុយ​ពី​សិស្ស​​​ដដែល​”។ ទោះ​ជា​យ៉ាង​ណា លោក ហង្ស​ ម៉ៅ គ្រូ​បង្រៀន​នៅ​ទីក្រុង​ភ្នំពេញ​បានមាន​ប្រសាសន៍ ថា គ្រូបង្រៀន​មិន​​មែន​យកលុយ​ពី​សិស្ស​ដោយ​សារ​ខ្វះ​ការ​ប្តេជ្ញា​ទេ ប៉ុន្តែ យក​ដើម្បី​ចិញ្ចឹម​គ្រួ​សារ​របស់​ខ្លួន​។ លោក ហង្ស ម៉ៅ ​បានសួរ​ថា ប្រសិនបើ​រដ្ឋា​​ភិបាល​ចាត់​វិធានការ​មិន​ឲ្យ​ទារ​​សំណូក​នៅ​ក្នុង​សាលារៀន “តើ​នរណា​នឹង​នៅ​បង្រៀន​​សិស្ស​? នាយក​សាលា? មិនមែន​ទេ​ គឺគ្មាន​នរណា​នៅបង្រៀន​ឡើយ​”៕​គឹម​ហឿន​

ប្រធាន​មន្ទីរ​អប់រំ​រាជធានី​ប្រាប់​​​​គ្រូ​បង្រៀន​​ឲ្យ​ឈប់​​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​​ក្នុង​ថ្នាក់់​រៀន

តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​ បន្ទាប់​ពី​សមា​គម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ដែល​មាន​តែ​មួយ​នៅកម្ពុជា​ បាន​​ធ្វើ​កូដកម្ម​​ទាម​ទារ​ដំឡើង​​ប្រាក់​​ខែនោះ​ ប្រធាន​មន្ទី​រ​អប់​រំ​រាជធានីភ្នំពេញ​បាន​ប្រាប់​​គ្រូបង្រៀន​នៅ​សប្តាហ៍​នេះថា ពួក​គេ​​ត្រូវ​តែ​ឈប់​ទទួល​សំណូក​ដើម្បី​​​អនុវត្ត​តាម​របៀប​វារៈកែ​ទម្រង់​ដែល​រដ្ឋាភិបាល​បាន​សន្យាធ្វើ​។ ថ្លែង​ទៅកាន់​គ្រូ​បង្រៀន​ប្រហែល​៥០០​នាក់​ដែល​ភាគ​ច្រើន​​ជា​នាយក​សាលា​មក​ពី​ទីក្រុង​ភ្នំពេញ​​កាល​ពីថ្ងៃ​ពុធ​ លោក​ ជា ជាតិ ប្រធាន​មន្ទីរ​អប់រំ​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍ថា ការ​​យក​លុយ​ពីសិស្ស​នឹង​មិន​អាច​អត់ឱន​ឲ្យ​បាន​ទៀត​ទេ​។ លោក ជា ជាតិ បាន​ប្រាប់​គ្រូ​បង្រៀន​ដែល​មក​ចូល​រួម​មហាសន្និបាត​ប្រចាំ​ឆ្នាំ​​រយៈ​ពេល​ពីរ​ថ្ងៃ​នៅសាលា​រាជធានី​ភ្នំពេញ​នេះ​​ថា ​“ ការ​កេង​ប្រវ័ញ្ច​កុមារ​គឺជា​បញ្ហា​។ ប្រសិន​​​បើ​មាន​​ពាក្យ​បណ្តឹង​ប្តឹង​បុគ្គល​  ពួក​គេ​ត្រូវ​តែ​ទទួល​ខុសត្រូវ​”។លោក​បាន​មាន​ប្រសាសន៍​ថា “ សូម​ពង្រឹង​​ការ​អនុវត្ត​ច្បាប់​ចាប់​ពី​ការ​លុប​បំបាត់​ការ​បង្ខំ​សិស្ស​ឲ្យ​បង់លុយ​ឲ្យ​គ្រូ​បង្រៀន​ទៅ​” ។ តាម​រដ្ឋធម្មនុញ្ញ​ការ​សិក្សា​នៅ​សាលា​បឋម​សិក្សា​ និង​មធ្យម​សិក្សា​គឺ​ឥតគិត​ថ្លៃ​។ ប៉ុន្តែ​ តាម​ការ​ជាក់ស្តែង​ រដ្ឋាភិបាល​​ធ្វើ​មិន​ដឹង​មិន​ឮចំពោះ​គ្រូបង្រៀន​នៅ​សាលា​រដ្ឋ​ដែល​បាន​ទទួល​សំណូក​​ដែល​សិស្ស​សូក​​​ដើម្បី​បាន​​ឡើង​ថ្នាក់​ និង​ដើម្បី​បំពេញ​បន្ថែម​ប្រាក់​ខែ​របស់​ខ្លួន​ ដែល​មាន​ចំនួន​ចាប់​ពី​៨០ដល់​១២០​ដុល្លារ​ក្នុង​មួយ​ខែ​។ កាល​ពីដើមខែ​នេះ​ សមាគមគ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ដែល​ដឹក​នាំដោយ​លោក រ៉ុង​ ឈុន ប៉ុន​ប៉ង​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស​ ដើម្បី​ទាម​ទារ​ប្រាក់​ខែគោល​២៥០​ដុល្លារ​ដែល​លោក​បាន​មាន​ប្រសាសន៍ថា អាចធ្វើ​ឲ្យជីវ​ភាព​គ្រូ​បង្រៀន​​​បាន​ល្អ​​ប្រសើរ​ និង​ជួយ​កាត់​បន្ថយ​អំពើ​ពុក​រលួយ​។ លោក ជា ជាតិ បាន​អរគុណគ្រូ​បង្រៀន​ដែល​មិន​ចូល​រួម​ធ្វើ​កូដកម្ម​ ដោយ​លោក​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​ខែ​គោល​ដល់​គ្រូ​ប​បឋម​សិក្សា​ចំនួន​២០​ដុល្លារ​ និង​គ្រូ​វិទ្យាល័យ​ចំនួន​​១០ដុល្លារ។លោក​បានមាន​ប្រសាសន៍ថា “ កូដកម្ម​មិន​មែន​​ជាការ​ល្អទេ​។ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម ​​ដូច្នេះ​សូមកុំ​លេង​ជាមួយ​វា​។ ទុក​ការ​ងារ​នេះ​ឲ្យរដ្ឋាភិបាល​រក​ដំណោះស្រាយ​”។ នៅក្នុង​សុន្ទរកថា​របស់​លោក​ថ្លែង​ទៅ​កាន់​គណៈរដ្ឋមន្ត្រី ដែល​ទើប​បង្កើត​ថ្មីកាល​ពី​ខែ​កញ្ញា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​​ប្រាប់​មន្ត្រី​​រដ្ឋាភិបាលឲ្យ​​សម្អាត​ខ្លួន​ពី​​អំពើ​ពុករលួយ​ គឺមាន​ន័យ​ដូច​ជា​លុប​បំបាត់​ជំងឺ​អ៊ីចឹង​។ លោក​ក៏បានមាន​ប្រសាសន៍​ដែរ​ថា នឹង​មាន​ការ​​រៀប​ចំ​វេទិកា​ប្រជាពល​រដ្ឋ​ដើម្បី​​ឲ្យ​មានការ​ត្រួត​ពិនិត្យលើ​មន្ត្រី​រដ្ឋាភិបាល​ជា​សាធារណៈ។ លោក​ ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំ​ពេញ​ដែល​បាន​ថ្លែង​នៅ​ថ្ងៃ​ដំបូង​នៃមហា​សន្និ​បាត​នេះ​បាន​ប្រាប់​នាយក​សាលា​ឲ្យ​ចាប់​ផ្តើម​​រៀប​ចំវេទិកា​នៅតាម​សាលា​របស់​ខ្លួន​នៅ​ខែ​ក្រោយ​​ដើម្បី​ឲ្យ​ឪពុក​ម្តាយ​បញ្ចេញ​យោ​​បល់​អំពី​គុណភាព​អប់រំ​​និង​ការ​ចំណាយ​​ទៅលើ​ការ​អប់​រំ​សម្រាប់​កូន​របស់​​ពួកគាត់​។ លោក​ ឌី ទេព​កុសល នាយក​វិទ្យាល័យ​សម្តេច ​ជា ស៊ីម​ ចំរើន​រដ្ឋ​​នៅក្នុង​ខណ្ឌ​ប្ញស្សី​កែវ​បាន​មាន​ប្រសាសន៍​អំឡុង​ពេល​ឈប់​សម្រាក ពីមហាសន្និបាត​នេះថា លោក​បាន​អនុវត្ត​គោល​នយោបាយ​យ៉ាង​តឹង​រ៉ឹង​មិន​ឲ្យ​មាន​ការ​ទារ​ប្រាក់​ពីសិស្ស​នៅក្នុង​សាលា​របស់​លោក​ជាច្រើន​ឆ្នាំមក​ហើយ​។លោក​បាន​មាន​ប្រសាសន៍ថា  បញ្ហា​ជា​មួយ​នឹង​គោល​នយោបាយ​​ជោគ​ជ័យ​នេះ​ត្រង់​ថា គ្មាន​គ្រូ​បង្រៀន​ណាម្នាក់​ចង់​ធ្វើ​ការ​ឲ្យលោក​ទេ​នៅពេល​នេះ។លោក​បាន​មាន​ប្រសាសន៍ថា “ គ្រូ​បង្រៀន​​​ភាគ​ច្រើននៅសាលា​កណ្តាល​​ទី​ក្រុង​ភ្នំពេញ​មិន​ចង់​បង្រៀន​នៅសាលា​ខ្ញុំ​ទេ​ពីព្រោះ​ខ្ញុំ​តឹង​រ៉ឹង​ណាស់​​​ក្នុង​ការ​រារាំង​មិន​ឲ្យមាន​ការ​ទារ​លុយ​ពីសិស្ស​”។ ការ​អំពាវនាវ​របស់​លោក ជា ជាតិ ចំពោះ​គ្រូ​បង្រៀន​នៅ​សប្តាហ៍​នេះ​​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​​ការ​ប៉ុន​ប៉ង​មិន​បាន​សម្រេច​ពីមុន​របស់​រដ្ឋាភិបាល​ដើម្បីកាត់​បន្ថយ​អំពើ​ពុក​រលួយ​​នៅក្នុង​ថ្នាក់​រៀន​។ មាត្រា៣១​នៃ​ច្បាប់​ស្តីពីការ​អប់​រំ​ដែល​រដ្ឋ​សភា​បាន​អនុម័ត​កាល​ពីឆ្នាំ​២០០៧​ចែង​ថា “ប្រជាពល​រដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ទទួល​ការ​អប់រំ​​​ដោយ​ឥតគិត​ថ្លៃ​យ៉ាង​ហោច​ណាស់​ប្រាំបួន​ឆ្នាំ​នៅ​​សាលារដ្ឋ​”។ដើម្បី​ជំរុញ​ឲ្យមាន​ការ​អនុវត្ត​ច្បាប់​នេះ​ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពីឆ្នាំ​២០០៨​បាន​ចុះ​ហត្ថ​លេខា​លើ​អនុក្រឹត្យ​មួយ​​​​ដើម្បី​រារាំង​គ្រូ​បង្រៀន​មិន​ឲ្យ​ទារ​លុយពី​សិស្ស​របស់ខ្លួន​។ មាត្រា​១៣​ស្តីពី​ក្រម​​សីលធម៌​វិជ្ជាជីវៈ​របស់​គ្រូ​បង្រៀន​ចែង​ថា “ គ្រូ​បង្រៀន​មិន​ត្រូវ​រៃ​អង្គាសប្រាក់​ ឬ​យក​តម្លៃ​ក្រៅ​ផ្លូវ​ការ​ ឬ​ធ្វើ​អាជីវកម្ម​នៅក្នុង​បន្ទប់​រៀន​ទេ​។ គ្រូ​បង្រៀន​មាន​កាតព្វកិច្ចបង្រៀន​ដោយ​គ្មាន​ការ​គាប​សង្កត់​ដើម្បី​ទទួល​ផល​ប្រយោជន៍​ពីសិស្ស​ ” នេះបើ​យោង​តាម​មាត្រា១៧។ លោក រ៉ុង​ ឈុន បានមាន​ប្រសាសន៍​កាល​​​ពី​ម្សិលមិញ​ថា ការ​​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ដើម្បី​ផ្លាស់​ប្តូ​រឥរិយាបថ​របស់​គ្រូ​បង្រៀន​ត្រូវ​តែធ្វើ​​រួមគ្នា​ជាមួយ​នឹង​វិធាន​ការ សម្រាប់​ធ្វើ​ឲ្យ​ស្ថានភាព​រស់​នៅ​របស់​គ្រូ​បង្រៀន​​បាន​ល្អប្រសើរ ​ព្រោះ​គ្រូ​បង្រៀន​អាច​រក​លុយ​បាន​ចន្លោះ​ពី​៧​ដុល្លារ​ទៅ​១៥​ដុល្លារ​ក្នុង​មួយថ្ងៃ​តាម​រយៈ​ការ​យក​លុយ​ពីសិស្ស​ក្រៅ​ផ្លូវ​ការ​។ លោក រ៉ុង​ ឈុន បាន​មាន​ប្រសាសន៍​ថា “គ្រូ​បង្រៀន​លក់​នំ និង​ក្រដាស​ក្នុង​បន្ទប់​រៀន​ពីព្រោះ​ពួកគេ​មិន​អាច​រស់​បាន​ជាមួយ​ប្រាក់​ខែ​របស់​ខ្លួន​។ ខ្ញុំ​គិត​ថា មិន​អាច​បិទ​ចំណូល​នេះ​ដោយ​​មិន​មាន​ការ​ដំឡើង​ប្រាក់ខែ​ឲ្យ​ពួកគាត់​បាន​ទេ​”។ លោក អ៊ុំ ឡាវីន ឪពុក​ដែល​មាន​កូន​ពីរ​នាក់​រស់​នៅក្នុង​ផ្ទះ​​របស់​គាត់​ក្នុង​ខណ្ឌ​ប្ញស្សី​កែវ​ដែលមាន​របង​ជាប់​សាលាបឋម​សិក្សា​បឹង​ឈូក​បាន​និយាយថា កូន​ប្រុស​អាយុ​៩​ឆ្នាំ​របស់​គាត់​​ត្រូវ​បង់​លុយ​ចំនួន​​៧០០រៀល​ក្នុង​មួយ​ថ្ងៃ​​ទៅ​ឲ្យ​គ្រូ​បង្រៀន​ រីឯកូនស្រី​អាយុ​១៣​​ឆ្នាំ​របស់​គាត់​បង់​លុយ​ជាប្រចាំ​ប្រហែល​៣.០០០រៀល​សម្រាប់​​ការ​ថតចម្លង​ក្រដាស​មេរៀន​របស់​គ្រូ​​នៅ​វិទ្យាល័យ​ប្ញស្សីកែវ​។ លោក ឡាវីន បាន​ព្យាករ​ថា ការ​ប្រឹង​ប្រែង​ ចុងក្រោយ​របស់​រដ្ឋាភិបាល​ដើម្បី​លុប​បំបាត់​អំពើ​ពុករលួយ​នៅក្នុង​​បន្ទប់​រៀន​​នឹង​មិន​មាន​​ប្រសិទ្ធភាព​ទេ​។ គាត់​បាន​និយាយ​ថា “ ខ្ញុំគិត​ថា វា​មិន​មាន​​ប្រសិទ្ធ​ភាព​ទាល់​តែសោះពីព្រោះ​ប្រាក់ខែ​គ្រូ​​បង្រៀន​តិច​ណាស់​។ បើ​មិន​មាន​ការ​ដំឡើង​​ប្រាក់ខែ​គ្រូ​បង្រៀន​ទេ​ អំពើ​ពុក​រលួយ​​នៅ​តាម​សាលារៀន​នឹង​នៅ​តែ​មាន​៕ ​គឹមហឿន

គ្រាប់​​​បែកកែច្នៃ​​​ត្រូវ​​​បានប្រទះ​​​ឃើញ​​​​​​លើ​​​​​​គំនរ​​​​​​សំរាម​​​ក្នុង​​​ខណ្ឌទួល​​​គោក​​​កាលពី​​​ម្សិលមិញ ​​​

មន្ត្រី​​​នគរបាល​​​មួយ​​​រូប​​​​​​បាន​​​លើកឡើង​​​ថា មន្ត្រី​​​មូលដ្ឋាន​​​​​​ក្នុង​​​​​​ខណ្ឌ​​​ទួល​​​​​​គោក​​​រាជធានី​​​ភ្នំពេញ​​​​​​បាន​​​ប្រទះ​​​ឃើញ​​​គ្រាប់​​​បែក​​​​​​កែ​​​ច្នៃ​​​តូច​​​មួយ​​​កាលពីល្ងាច​​​ម្សិលមិញ​​​នៅ​​​កន្លែង​​​ចាក់​​​សំរាម​​​​​​មួយ​​​​​​ក្នុង​​​សង្កាត់​​​​​​បឹង​​​កក់​​​២។ អ្នក​​​រត់​​​ម៉ូតូឌុប​​​ម្នាក់​​​​​​បាន​​​ប្រទះ​​​ឃើញ​​​ស្បោង​​​​​​ខ្មៅ​​​​​​មួយ​​​​​​លើ​​​គំនរ​​​សំរាម​​​លើ​​​ផ្លូវ​​​ដែក​​​ក្នុង​​​តំបន់​​​នោះ​​​។ លោក​​​ ខាត់ ខុន​​​​​​ទិត្យ​​​​​​ នាយ​​​ប៉ុស្ដិ៍​​​សង្កាត់​​​បឹង​​​​​​កក់​​​២​​​បាន​​​មានប្រសាសន៍​​​ថា នៅ​​​ពេល​​​​​​គាត់​​​ឆែក​​​ឆេរ​​​​​​​​​មើល​​​​​​ស្បោង​​​​​​ប្លាស្ទិក​​​នោះ​​ដើម្បី រក​​​មើល​​​វត្ថុមាន​​​តម្លៃ​​ គាត់​​​ក៏​​​ប្រទះ​​​ឃើញ​​​​​​គ្រាប់​​​បែក​​​នេះ​​​តែ​​​ម្ដង​​​។ អ្នក​​​រត់​​​ម៉ូតូ​​​ឌុប​​​​​​រូប​​​នេះ​​​​​​​​​បាន​​​ប្ដឹង​​​សមត្ថកិច្ច​​​នៅ​​​ពេល​​​​​​ខ្លួន​​​ប្រទះ​​​ឃើញ​​​គ្រាប់បែក​​​នេះ​​​ ហើយ​​​​​​អ្នក​​​ជំនាញ​​​​​​ខាង​​​គ្រាប់បែក​​​ក៏​​​ត្រូវ​​​បាន​​​​​​ទូរស័ព្ទ​​​ហៅ​​​ទៅ​​​កន្លែង​​​​​​កើត​​​ហេតុ​​​ផង​​​ដែរ​​​។ លោក ខាត់​​​ ខុន​​​ទិត្យ​​​ បាន​​​មានប្រសាសន៍​​​ថា “អ្នក​​​រត់​​​ម៉ូតូឌុប​​​បាន​​​ប្រទះឃើញ​​​ស្បោង​​​ខ្មៅ​​​មួយ​​​នៅ​​​លើ​​​​​​ផ្លូវដែក​​​​​​ ហើយ​​​មាន​​​ការ​​​ងឿង​​​​​​ឆ្ងល់​​​​​​ថា តើ​​​នៅ​​​ក្នុង​​​នោះ​​​មានប្រាក់​​​ឬ​​​ក៏អត់​​​”។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា “ប៉ុន្តែ​​​នៅ​​​​​​ក្នុង​​​នោះ​​​ គឺ​​​​​​ជា​​​គ្រាប់​​​បែក​​​។ គ្រាប់បែក​​​ត្រូវ​​​បាន​​​មន្ត្រី​​​ស៊ីម៉ាក់​​​ ដោះចេញ។ ខ្ញុំ​​​មិន​​​អាច​​​​​​ធ្វើ​​ការ​​​​​​សន្និដ្ឋាន​​​ណាមួយ​​​បាន​​​ទេ​​​ ពីព្រោះ​​​​​​​​​ថ្នាក់​​​លើ​​​របស់​​​ខ្ញុំកំពុ​​​ង​​​​​​ដោះ​​​ស្រាយ​​​ករណី​​​នេះ​​​”៕ សុខុម

បុរសម្នាក់​ជាប់​ចោទ​ពី​បទ​ប៉ុន​ប៉ង​​មនុស្ស​ឃាត​ មាន​ទោស​ពីបទ​​បំផ្លាញ​​ទ្រព្យ​សម្បត្តិ​នៅ​​ប៉ៃលិន​

មេធាវី​មួយ​រូប​បាន​បញ្ជាក់​កាលពី​ម្សិល​មិញ​ថា សាលាដំបូង​ខេត្ត​ប៉ៃលិន​កាលពី​ថ្ងៃ​ទី​១៥ ខែមករា​ បាន​បន្ថយ​ស្ថាន​ទម្ងន់​ទោស​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ទៅ​លើ​បុរស​ម្នាក់​ដែល​ត្រូវបាន​ចាប់​ខ្លួន​កាលពី​ឆ្នាំ​មុន និង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប៉ុន​ប៉ង​មនុស្ស​ឃាត​ ដោយ​សារ​តែ​បាន​ប៉ុន​ប៉ងបើក​រថយន្ត​​បុក​មនុស្ស​បី​នាក់​។ ឈ្មោះ ពៅ ដាណា អាយុ​២៧ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្រុង​ប៉ៃលិន​ កាលពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១២ បន្ទាប់​ពី​ប៉ុនប៉ង​បើក​រថយន្ត​ អេស​​យូវី (SUV)​ របស់​ខ្លួនពីរលើក​​ទៅ​បុក​បុរស​បី​នាក់​ដែល​ជិះ​ម៉ូតូ​មួយគ្រឿង​ បន្ទាប់ពី​ពួកគេ​​មិនព្រម​បើក​ផ្លូវ​ឲ្យ​ជន​នេះ​ នៅ​លើ​កំណាត់​ផ្លូវ​ដ៏​ចង្អៀត​មួយ​ នេះ​បើ​យោង​តាម​ឯកសារ​តុលាការ​ដែល​ទទួល​បាន​កាលពី​សប្តាហ៍​មុន​។ ក្នុង​ការប៉ុន​ប៉ង​មួយ​ក្នុង​ចំណោម​ការ​ប៉ុន​ប៉ង​បើក​រថយន្ត​ទាំង​ពីរ​លើក​ទៅ​បុក​បុរស​ទាំង​បី​នាក់​នោះ​ ឈ្មោះ ដាណា ក៏​បាន​បើក​រថយន្ត​របស់​ខ្លួន​ទៅ​បុក​ទីស្នាក់​ការ​នគរបាល​ខេត្ត​ប៉ៃលិន​ផង​ដែរ ហើយ​នៅ​ទីនោះ​បុរស​ទាំង​បី​នាក់​ដែល​ភាគ​ច្រើន​មិន​មាន​ការ​រង​របួស​នោះ​បាន​ខិត​ខំ​គេច​ចេញ​ពី​សន្ទុះ​បើក​រថយន្ត​ អេស​យូវី ដ៏គួរ​ឲ្យ​ភ័យ​ខ្លាច​នេះ។ ឈ្មោះ ដាណា ត្រូវ​បាន​ចាប់​ខ្លួន​ និង​រយៈ​ពេល​ជាច្រើន​ម៉ោងក្រោយ​មក​ក៏ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប៉ុនប៉ង​មនុស្ស​ឃាត​ និង​ត្រូវ​បាន​ដាក់​ពន្ធនាគារ​រង់ចាំ​ការ​ផ្តន្ទាទោស​។ ទោះ​​ជាយ៉ាង​ណា លោក ណាច ទ្រី មេធាវី​​របស់​ជន​ជាប់​ចោទ​ បាន​លើក​ឡើង​ថា កាល​ពីថ្ងៃទី​១៥ ខែ​នេះ សាលាដំបូង​ខេត្ត​ប៉ៃលិន​បាន​រក​ឃើញ​ថា ឈ្មោះ ដាណា ជាប់​ទោស​ពី​បទ​បំផ្លាញ​ម៉ូតូ​របស់​បុរស​ទាំង​បី​ដោយ​ចេតនា​ប៉ុណ្ណោះ និង​ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​​១៦ខែ។លោក​បាន​មាន​ប្រសាសន៍​ថា  “តុលាការ​បាន​ផ្លាស់​ប្តូរ​បទ​ចោទ​ប្រកាន់​នេះ​ពី​កម្រិត​ព្រហ្មទណ្ឌ​មក​កម្រិត​មជ្ឈិម ដូច្នេះ គាត់​នឹង​ត្រូវ​បានដោះ​លែង​នាពេល​ឆាប់​ៗនេះ”។លោក​បាន​ពន្យល់​ថា កូនក្តី​របស់​លោក​នឹង​ត្រូវ​បាន​ដោះ​លែង​ពីពន្ធនាគារ​ក្នុង​ខែ​មីនា និង​សុខ​ចិត្ត​ទទួល​យក​សេចក្តី​សម្រេច​របស់​សាលាដំបូង​ខេត្ត​ប៉ៃលិន​។ មន្ត្រី​តុលាការ​នានា​ ដូចជា លោក ជុំ សែន​សទ្ធា ព្រះ​រាជអាជ្ញាអប​សាលា​ដំបូង​ខេត្ត​ប៉ៃលិន​ និង​លោក ហ៊ុន ចិត្រា ប្រធាន​ក្រឡា​បញ្ជី​បាន​បដិសេធមិន​ធ្វើ​អត្ថាធិប្បាយ​ដោយ​ឈរ​លើ​មូលហេតុ​ថា ទោស​របស់​ឈ្មោះ ដាណា មាន​ទំហំ​តូច​ជាង​មុន​។ លោកឧត្តម​សេនីយ៍​ត្រី ជា ច័ន្ទឌិន ស្នង​ការ​នគរបាល​ខេត្ត​ប៉ៃលិន​ បាន​លើក​ឡើង​ថា លោក​មិន​ទាន់​ទទួល​បាន​ដំណឹង​អំពី​សេចក្តី​សម្រេច​នោះ​ទេ​។ ជន​ដែល​បំផ្លាញ​ទ្រព្យ​សម្បត្តិ​បុគ្គល​ដោយ​​ចេតនា​មាន​ទោស​ជាប់ពន្ធនាគារ​រយៈពេល​ប្រាំមួយ​ខែ​ទៅ​ពីរឆ្នាំ​ និង​ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​ចំនួន​១.០០០ដុល្លារ​។ យោង​តាម​មាត្រា​១៩៩​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ឈ្មោះ ពៅ ដាណា ត្រូវ​​ជាប់​ពន្ធនាគារ​រយៈពេល​១០ឆ្នាំ​ទៅ​១៥ឆ្នាំ​ ប្រសិន​បើ​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទ​មនុស្ស​ឃាត​៕ សុធា